សន្និសីទទូទៅ
ព្រះយេស៊ូវគ្រីស្ទ​ជាចំនុចចម្បង​ក្នុង​ជីវិត​យើង
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២៤


ព្រះយេស៊ូវគ្រីស្ទ​ជាចំនុចចម្បង​ក្នុង​ជីវិត​យើង

សំណួរ​ដ៏​មាន​អត្ថន័យ​នៃ​ព្រលឹង គឺជា​សំណួរ​ដែល​លេចឡើង​នៅ​គ្រា​ដ៏​ងងឹត​បំផុត និង​ការសាកល្បង​ខ្ពស់​បំផុត​របស់​យើង ដែលត្រូវ​បាន​ដោះស្រាយ​តាមរយៈ​សេចក្ដី​ស្រឡាញ់​មិន​ងាករេ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

កាល​យើង​ធ្វើ​ដំណើរ​ក្នុង​ជីវិត​រមែង​ស្លាប់ ជួនកាល​យើង​ត្រូវ​ហ៊ុមព័ទ្ធ​ដោយ​ការសាកល្បង ៖ ការឈឺចាប់​ដ៏​ធ្ងន់ធ្ងរ​នៃ​ការបាត់បង់​មនុស្ស​ជា​ទីស្រឡាញ់ ការតយុទ្ធ​នឹង​ជំងឺ ការឈឺផ្សា​ដោយ​ភាពអយុត្តិធម៌ បទពិសោធន៍​ដ៏​ចុកចាប់នៃ​ការបៀតបៀន ឬ​ការរំលោភ​បំពាន ភាពសោកសៅព្រោះអត់​ការងារ​ធ្វើ ទុក្ខលំបាក​ក្នុង​គ្រួសារ ការឈឺ​ចុកចាប់​មកពី​ភាពឯកោ ឬ​ផលវិបាក​ដ៏​សោកសៅ​នៃ​ជម្លោះ​ប្រដាប់​អាវុធ ។ ក្នុង​គ្រា​បែប​នេះ ព្រលឹង​យើង​ចង់បាន​ទីពឹងជ្រក​ ។ យើង​ស្វែង​រក​ដោយ​ស្មោះ​ដើម្បី​ដឹង​ថា ៖ តើ​យើង​អាច​រកបាន​ប្រទាលមុខសៈ​នៃភាព​សុខសាន្ត​នៅ​កន្លែង​ណា ? តើ​យើង​អាច​ដាក់​ការទុកចិត្ត​លើ​នរណា ដើម្បី​ជួយ​យើង​ឲ្យ​មាន​ទំនុកចិត្ត និង​កម្លាំង​ដើម្បី​ឈ្នះ​លើ​ឧបសគ្គ​ទាំងនេះ​បាន ? តើ​នរណា​មាន​ភាព​អត់ធ្មត់ សេចក្តី​ស្រឡាញ់​ដ៏ឱបក្រសោប និង​ព្រះហស្ត​ដ៏​សុចរិត​ដ៏​អស្ចារ្យ ដើម្បី​លើកស្ទួយ និង​គាំទ្រ​យើង ?

សំណួរ​ដ៏​មាន​អត្ថន័យ​នៃ​ព្រលឹង គឺជា​សំណួរ​ដែល​លេចឡើង​នៅ​គ្រា​ដ៏​ងងឹត​បំផុត និង​ការសាកល្បង​ខ្ពស់​បំផុត​របស់​យើង ដែលត្រូវ​បាន​ដោះស្រាយ​តាមរយៈ​សេចក្ដី​ស្រឡាញ់​មិន​ងាករេ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ ក្នុង​ទ្រង់ ហើយ​តាមរយៈ​ពរជ័យ​ដែល​បាន​សន្យា​នៃ​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ​របស់​ទ្រង់ យើង​រកឃើញ​ចម្លើយ​ដែល​យើង​ស្វែងរក ។ គឺ​តាមរយៈ​ដង្វាយធួន​ដ៏​និរន្តរ​របស់​ទ្រង់ ដែល​ផ្ដល់​ដល់​យើង​នូវ​អំណោយទាន​ហួស​ពី​ការកាត់ថ្លៃ​បាន—គឺជា​សេចក្ដី​សង្ឃឹម ការព្យាបាល និង​ការធានា​នូវ​វត្តមាន​ដ៏​ខ្ជាប់ខ្ជួន​របស់​ទ្រង់​នៅ​ក្នុង​ជីវិត​យើង ។ អំណោយទាន​នេះ​មាន​ដល់​អស់​អ្នក​ដែល​ឈោង​ទៅ​ដោយ​សេចក្ដី​ជំនឿ ឱបក្រសោប​ភាពសុខសាន្ត និង​ការប្រោសលោះ​ដែល​ទ្រង់​ប្រទាន​ឲ្យ​ដោយ​សេរី ។

ព្រះអម្ចាស់​លាត​ព្រះពាហុ​មកកាន់​យើង​ម្នាក់ៗ ជា​កាយវិការដ៏​សំខាន់​​នៃ​សេចក្ដី​ស្រឡាញ់ និង​សេចក្ដី​សប្បុរស​ដ៏​ទេវភាព​របស់​ទ្រង់ ។ ការអញ្ជើញ​របស់​ទ្រង់​ចំពោះ​យើង​គឺ​លើស​ពី​ការហៅ​ដ៏​សាមញ្ញ​មួយ វា​គឺ​ជា​ការសន្យា​ដ៏​ទេវភាព​មួយ ដែល​ពង្រឹង​ដោយ​ព្រះចេស្តា​ដ៏​យូរអង្វែង​នៃ​ព្រះគុណ​របស់​ទ្រង់ ។ នៅ​ក្នុង​បទគម្ពីរ ទ្រង់​បាន​អះអាង​នឹង​យើង​ដោយ​ក្ដីស្រឡាញ់​ថា ៖

« អស់​អ្នក​ដែល​នឿយ​ព្រួយ ហើយ​ផ្ទុក​ធ្ងន់​អើយ ចូរ​មក​ឯ​ខ្ញុំ ខ្ញុំ​នឹង​ឲ្យ​អ្នករាល់គ្នា​ឈប់​សម្រាក ។

« ចូរ​ទទួល​នឹម​ខ្ញុំ ហើយ​រៀន​នឹង​ខ្ញុំ​ចុះ ដ្បិត​ខ្ញុំ​ស្លូត ហើយ​មាន​ចិត្ត​សុភាព នោះ​អ្នក​រាល់​គ្នា​នឹង​បាន​សេចក្តី​សម្រាក​ដល់​ព្រលឹង ។

« ពី​ព្រោះ​នឹម​ខ្ញុំ​ងាយ​ទេ ហើយ​បន្ទុក​ខ្ញុំ​ក៏​ស្រាល » ។

ការអញ្ជើញ​ដ៏សាមញ្ញ​របស់​ទ្រង់ « ចូរ​មក​ឯ​ខ្ញុំ » ហើយ « ចូរ​ទទួល​នឹម​ខ្ញុំ » បញ្ជាក់​នូវ​​ការសន្យា​ដ៏​ជ្រាលជ្រៅ​របស់​ទ្រង់—ជា​ការសន្យា​ដ៏​ធំ និង​ពេញលេញ វា​តំណាង​ឲ្យ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់ ដែល​ផ្ដល់​នូវ​ការធានា​ដ៏​ម៉ឺងម៉ាត់​ដល់​យើង​ថា ៖ « អ្នក​រាល់​គ្នា​នឹង​បាន​សេចក្តី​សម្រាក » ។

ពេល​យើង​ស្វែងរក​ការណែនាំ​ខាង​វិញ្ញាណ​ដោយ​ឧស្សាហ៍​ នោះ​យើង​ចាប់​ផ្ដើមរីកចម្រើន ដែល​ពង្រឹង​ទីបន្ទាល់​យើង ។ ពេល​យល់​ដឹង​ពី​ភាពធំធេង​នៃ​សេចក្ដី​ស្រឡាញ់​ដ៏​ឥតខ្ចោះ​របស់​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​១០ នោះ​ដួងចិត្ត​យើង​បាន​ពោរពេញ​ទៅ​ដោយ​ការដឹងគុណ ភាពរាបសា១១ និង​រំឭក​បំណង​ប្រាថ្នាដើម្បី​ស្វែងរក​ផ្លូវ​នៃ​ភាពជា​សិស្ស ។១២

ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន​ថា « នៅ​ពេល​ជីវិត​របស់​យើង​ផ្តោត​លើ​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ​របស់​ព្រះ … ព្រមទាំង​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​​ទ្រង់ នោះ​យើង​អាច​មាន​អំណរ មិន​ថា​មាន​អ្វី​កំពុង​កើត​ឡើង—ឬ​មិន​កើត​ឡើង—នៅ​ក្នុង​ជីវិត​យើង​នោះ​ទេ ។ អំណរ​កើត​មាន​ឡើង ដោយសារ​តែ​ទ្រង់ » ។១៣

អាលម៉ា​ថ្លែងទៅ​កាន់​កូន​ប្រុស​លោក ហេលេមិន ដោយ​ប្រកាស​ថា ៖ « ហើយ​ឥឡូវ​នេះ ឱ​ហេលេមិន កូន​ប្រុស​របស់​ឪពុក​អើយ មើល​ចុះ កូន​នៅ​វ័យក្មេង ហេតុ​ដូច្នេះ​ហើយ ឪពុក​សង្ឃឹម​ថា កូន​នឹង​ស្ដាប់​តាម​ពាក្យ​សម្ដី​របស់​ឪពុក ហើយ​រៀន​អំពី​ឪពុក ព្រោះ​ឪពុក​ដឹង​ថា នរណា​ដែល​ដាក់​ទី​ទុក​ចិត្ត​របស់​ខ្លួន​ទៅ​លើ​ព្រះ អ្នក​នោះ​ហើយ ដែល​នឹង​បាន​គាំទ្រ​នៅ​ក្នុង​ការពិសោធ​របស់​គេ និង​វិបត្តិ​របស់​គេ និង​សេចក្ដី​ទុក្ខ​វេទនា​របស់​គេ ហើយ​នឹង​ត្រូវ​បាន​លើក​ឡើង​នៅ​ថ្ងៃ​ចុង​ក្រោយ​បង្អស់ » ។១៤

ហេលេមិន​បានថ្លែងទៅ​កាន់​ពួកកូនប្រុស​លោក ដោយ​បាន​បង្រៀន​អំពី​គោលការណ៍​ដ៏​អស់កល្ប​នេះ​ក្នុង​ការដាក់​ព្រះអង្គ​សង្គ្រោះ​ជាចម្បង​ក្នុង​ជីវិត​​យើង​ថា ៖ « ចូរ​ចងចាំ​ចុះ ចូរ​ចងចាំ​ចុះ​ថា គឺ​នៅ​លើ​សិលា​នៃ​ព្រះ​ដ៏​ប្រោសលោះ​នៃ​យើង គឺ​ព្រះគ្រីស្ទ​ជា​ព្រះរាជ​បុត្រា​នៃ​ព្រះ ដែល​កូន​ត្រូវ​សង់​គ្រឹះ​របស់​កូន »។១៥

នៅ​ក្នុង ម៉ាថាយ ១៤ យើង​បានដឹង​ថា ក្រោយ​ពី​បាន​ឮ​អំពី​សេចក្ដី​ស្លាប់​របស់​យ៉ូហាន​បាទីស្ទ នោះ​ព្រះយេស៊ូវ​បាន​ស្វែងរក​ភាពស្ងប់ស្ងៀម ។ ទោះ​ជា​យ៉ាង​ណា ហ្វូង​មនុស្ស​ដ៏​ធំ​មួយ​បាន​ដើរ​តាម​ទ្រង់ ។ ដោយ​មាន​ព្រះហឫទ័យ​ក្តួល​អាណិត និង​ស្រឡាញ់ តែ​មិន​អនុញ្ញាត​ឲ្យ​ទុក្ខសោក​របស់​ទ្រង់​រំខាន​ដល់​បេសកកម្ម​របស់​ទ្រង់ នោះ​ព្រះយេស៊ូវ​បាន​ស្វាគមន៍​ពួកគេ ព្យាបាល​អ្នកឈឺ​ក្នុង​ចំណោម​ពួកគេ ។ លុះ​ល្ងាច​ជិត​មក​ដល់ ពួកសិស្ស​ប្រឈម​នឹង​ឧបសគ្គ​ដ៏​គួរ​ឲ្យ​ខ្លាច​មួយ ៖ គឺ​មនុស្ស​មាន​ច្រើន​នាក់ តែ​មាន​អាហារ​តិចតួច ។ ពួកសិស្ស​បាន​ទូល​សូម​ឲ្យ​ព្រះយេស៊ូវ​បញ្ជូន​ហ្វូង​មនុស្ស​ទៅ​រក​អាហារ ប៉ុន្តែ​ព្រះយេស៊ូវ​ស្រឡាញ់ និង​​អាណិត​អាសូរពួកគេជា​ខ្លាំង​ បាន​សុំ​ឲ្យ​ពួកសិស្ស​ផ្ដល់​អាហារ​ដល់​ពួកគេ​ជំនួស​វិញ ។

ខណៈដែល​ពួកសិស្ស​ខ្វល់ខ្វាយ​នឹង​ឧបសគ្គ​ដែល​នៅ​នឹង​មុខ ​នោះ​ព្រះយេស៊ូវ​បាន​បង្ហាញ​ពី​ការទុកចិត្ត និង​​ក្ដី​ស្រឡាញ់​របស់​ទ្រង់​ចំពោះ​ព្រះវរបិតា​ទ្រង់ រួម​ទាំង​ក្ដី​ស្រឡាញ់​មិន​ងាករេ​ទៅកាន់​ប្រជាជន ។ ទ្រង់​បាន​ដឹកនាំ​ហ្វូង​មនុស្ស​ឲ្យ​អង្គុយ​លើ​ស្មៅ ហើយ​យក​នំប៉័ង​តែ​ប្រាំ​ដើម និង​ត្រី​ពីរ​កន្ទុយ​មក ទ្រង់​បាន​ជ្រើសរើស​ថ្លែង​អំណរគុណ​ដល់​ព្រះវរបិតា​ ដោយ​ទទួល​ស្គាល់​ការប្រទានមកពី​ព្រះ​នូវ​សិទ្ធិ​អំណាច និង​ព្រះចេស្ដា​របស់​ទ្រង់ ។

បន្ទាប់ពី​ទ្រង់​បាន​ថ្លែង​អំណរគុណ​ហើយ ព្រះយេស៊ូវ​បាន​កាច់​នំប៉័ង ហើយ​ពួកសិស្ស​បាន​ចែក​វា​ទៅ​ឲ្យ​ប្រជាជន ។ ដោយ​អព្ភូតហេតុ អាហារ​នោះ​មិន​ត្រឹម​តែ​គ្រប់គ្រាន់​ប៉ុណ្ណោះ​ទេ តែ​ក៏​សម្បូរ​ហូរហៀរ នៅសល់​ដល់ ១២ កញ្ជើ​ទៀត ។ ក្រុម​ដែល​បាន​ទទួល​អាហារ​រួមមាន​បុរស ប្រាំពាន់នាក់ ព្រមទាំង​ស្ត្រី និង​កុមារ​ផង ។១៦

អព្ភូតហេតុ​នេះ​បង្រៀន​នូវ​មេរៀន​ដ៏​ស៊ីជម្រៅ​មួយ ៖ នៅ​ពេល​ប្រឈម​មុខ​នឹង​ឧបសគ្គ វា​ងាយ​នឹង​ស្លុង​ទៅក្នុង​ការលំបាក​របស់​យើង ។ ទោះ​ជា​យ៉ាង​ណា ព្រះយេស៊ូវ​គ្រីស្ទ​បាន​បង្ហាញ​គំរូ​ពី​អំណាច​នៃ​ការផ្ដោត​ទៅលើ​ព្រះវរបិតា​ទ្រង់ ដោយ​ថ្លែង​នូវ​ការដឹងគុណ និង​ការទទួល​ស្គាល់​ថា ដំណោះស្រាយ​ចំពោះ​ការសាកល្បង​របស់​យើង​ ពុំមកពី​ខ្លួន​យើង​នោះ​ទេ ប៉ុន្តែ​មកពីព្រះ​វិញ​ទេតើ ។១៧

ពេល​យើង​ឆ្លងកាត់​ការលំបាក ជា​ធម្មតា​យើង​មាន​ទំនោរ​ផ្តោត​ទៅ​លើ​ឧបសគ្គ​ដែល​យើង​ប្រឈម​មុខ ។ ឧបសគ្គ​របស់​យើង​គឺ​រូបីយ និង​តម្រូវ​ឲ្យ​មាន​ការយកចិត្ត​ទុកដាក់ ប៉ុន្តែ​គោលការណ៍​នៃ​ការឈ្នះ​លើ​ឧបសគ្គ​ទាំងនោះ​គឺអាស្រ័យទៅលើ​ការ​ផ្តោតរបស់​យើង ។ ដោយ​ដាក់​ព្រះគ្រីស្ទ​ជា​ស្នូល​នៃ​គំនិត និង​ទង្វើ​របស់​យើង នោះ​យើង​សម្រប​ខ្លួន​យើង​តាម​ទស្សនៈ និង​កម្លាំង​របស់​ទ្រង់ ។១៨ ការកែ​តម្រូវ​នេះ​ពុំ​កាត់​បន្ថយ​ការលំបាក​របស់​យើង​ទេ ផ្ទុយ​ទៅ​វិញ វា​ជួយ​យើង​ឲ្យ​រុករក​តាមរយៈ​ការកែ​តម្រូវ​ទាំងនេះ​ក្រោម​ការណែនាំ​ពី​ព្រះ ។​១៩ ជា​លទ្ធផល យើង​រក​ឃើញ​ដំណោះស្រាយ និង​ការគាំទ្រ​ដែល​កើត​មកពី​ប្រាជ្ញា​ដែល​ខ្ពស់​ជាង ។ ការទទួល​យក​ទស្សនៈ​ផ្ដោតលើ​ព្រះគ្រីស្ទ​នេះ ផ្ដល់​អំណាច​ដល់​យើង​ឲ្យ​មាន​កម្លាំង​អត់ធ្មត់ និង​ការយល់ដឹង​ដើម្បី​បង្វែរ​ការសាកល្បង​ទៅជា​ជ័យជំនះ​វិញ២០ ទាំងរំឭក​យើង​ថា ជាមួយ​នឹង​ព្រះអង្គ​សង្គ្រោះ អ្វី​ដែល​ហាក់​ដូច​ជា​បញ្ហា​ធំ​អាច​ក្លាយ​ជា​ផ្លូវ​មួយ​ទៅកាន់​ភាពរីក​ចម្រើន​ខាង​វិញ្ញាណ​កាន់តែ​ប្រសើរ​ឡើង ។

ដំណើររឿង​របស់​អាលម៉ា​ជា​កូន​នៅ​ក្នុង​ព្រះគម្ពីរ​មរមន​បង្ហាញ​ពី​ការរៀបរាប់​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​អំពី​ការប្រោសលោះ និង​ផលប៉ះពាល់​ដ៏​ជ្រាលជ្រៅ​នៃ​ការផ្តោត​ជីវិត​របស់​មនុស្ស​ម្នាក់​នៅ​ជុំវិញ​ព្រះគ្រីស្ទ ។ ដំបូង អាលម៉ា​ឈរ​ជា​គូ​ប្រឆាំង​នឹង​សាសនាចក្រ​នៃ​ព្រះអម្ចាស់ ដោយ​បាន​នាំ​មនុស្ស​ជា​ច្រើន​ឲ្យ​វង្វេង​ចេញ​ពី​ផ្លូវ​នៃ​សេចក្ដី​សុចរិត ។ យ៉ាង​ណាក្តី មាន​អន្តរាគមន៍​ដ៏​ទេវភាព​មួយ ដែល​បង្ហាញ​ដោយ​ការយាង​មកជួប​របស់​ទេវតា ដែល​បាន​ធ្វើ​ឲ្យ​លោក​ភ្ញាក់​ពី​អំពើ​ខុសឆ្គង ។

នៅ​គ្រា​ដ៏​ងងឹត​បំផុត​របស់​លោក ដែល​បានរង​ទារុណ​ដោយសារ​កំហុស និង​ភាពអស់​សង្ឃឹម​ដើម្បី​ស្វែងរក​ផ្លូវ​ចេញ​ពី​ការឈឺចាប់​ខាង​វិញ្ញាណ​អាលម៉ា​បាន​ចងចាំ​ពី​ការបង្រៀន​របស់​ឪពុក​លោក​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង​អំណាច​នៃ​ដង្វាយធួន​របស់​ទ្រង់ ។ ដោយ​មាន​ចិត្ត​ចង់បាន​ការប្រោសលោះ​យ៉ាង​ខ្លាំង នោះ​លោក​បាន​ប្រែចិត្ត​ដោយ​ស្មោះ ហើយ​បាន​ទូល​អង្វរ​យ៉ាង​ខ្លាំង​ដើម្បី​បាន​សេចក្ដី​មេត្តា​ករុណា​ពី​ព្រះអម្ចាស់ ។ នៅ​គ្រា​ដ៏​សំខាន់​នៃ​ការចុះចាញ់​​នេះ ដែល​នាំ​ឲ្យ​អាលម៉ា​ផ្ដោត​លើ​ព្រះគ្រីស្ទ ហើយ​ស្វែងរក​ក្ដី​មេត្តា​ករុណា​របស់​ទ្រង់​យ៉ាង​ស្មោះ​អស់​ពី​ចិត្ត ជាហេតុបណ្ដាល​ឲ្យ​មាន​ការផ្លាស់ប្ដូរ​ដ៏​អស្ចារ្យ​មួយ ។ ច្រវ៉ាក់​ដ៏​ធ្ងន់​នៃ​កំហុស និង​ភាពអស់​សង្ឃឹម​បាន​បាត់បង់​ទៅ ហើយ​ត្រូវ​បាន​ជំនួស​ដោយ​អារម្មណ៍​នៃ​អំណរ និង​ភាពសុខសាន្ត​ដ៏​លើសលប់​វិញ ។២១

ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ជា​សេចក្ដី​សង្ឃឹម និង​ជា​ចម្លើយ​ចំពោះ​ការឈឺចាប់​ដ៏​ធំ​បំផុត​ក្នុង​ជីវិត​យើង ។ តាមរយៈ​ពលិកម្ម​ទ្រង់ ទ្រង់​បាន​បង់​ថ្លៃ​ចំពោះ​អំពើ​បាប​យើង ហើយ​បាន​យក​ដាក់​លើ​អង្គទ្រង់​នូវ​ការរងទុក្ខ​ទាំងអស់​របស់​យើង—គឺ​ការឈឺចាប់ ភាពអយុត្តិធម៌ ទុក្ខសោក និង​ការភ័យខ្លាច—ហើយ​ទ្រង់​បាន​អភ័យទោស និង​ព្យាបាល​យើង នៅ​ពេល​យើង​ទុកចិត្ត​លើ​ទ្រង់ ហើយ​ព្យាយាម​ផ្លាស់ប្ដូរ​ជីវិត​យើង​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង ។ ទ្រង់​ជា​អង្គ​ព្យាបាល​របស់​យើង២២ ដោយ​លួងលោម និង​កែខៃ​ដួងចិត្ត​យើង តាមរយៈ​សេចក្ដី​ស្រឡាញ់ និង​ព្រះចេស្តា​ទ្រង់ ដូច​ដែល​ទ្រង់​បាន​ព្យាបាល​មនុស្ស​ជា​ច្រើន អំឡុង​ពេល​ទ្រង់​នៅ​លើ​ផែនដី​ផង​ដែរ ។២៣ ទ្រង់​ជា​ទឹករស់ ដែល​បំពេញ​សេចក្តី​ត្រូវការ​ដ៏​ជ្រាលជ្រៅ​បំផុត​នៃ​ព្រលឹង​យើង ដោយ​សេចក្ដី​ស្រឡាញ់ និង​សេចក្ដី​សប្បុរស​ដ៏​ខ្ជាប់ខ្ជួន​របស់​ទ្រង់ ។ នេះ​គឺ​ដូច​ជា​ការសន្យា​ដែល​ទ្រង់​បាន​ធ្វើ​ចំពោះ​ស្ត្រី​សាសន៍​សាម៉ារី​នៅ​អណ្តូង​ទឹក ដោយ​ផ្តល់​នូវ « រន្ធ​ទឹក​ដែល​ផុស​ឡើង​ទៅ​ដល់​ជីវិត​អស់កល្ប​ជានិច្ច » ។២៤

ខ្ញុំ​សូម​ថ្លែង​ជា​សាក្សី​ដ៏​ម៉ឺងម៉ាត់​ថា ព្រះយេស៊ូវ​គ្រីស្ទ​មាន​ព្រះជន្ម​រស់ ដែល​ទ្រង់​ជា​អធិបតី​លើ​សាសនាចក្រ​ដ៏​ពិសិដ្ឋ​របស់​ទ្រង់ គឺ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។២៥ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ទ្រង់​ជា​ព្រះអង្គ​សង្រ្គោះ​នៃ​ពិភពលោក ជា​ម្ចាស់​នៃ​មេត្រីភាព២៦ ជា​ស្តេច​លើ​អស់​ទាំង​ស្តេច ហើយ​ជា​ព្រះអម្ចាស់​លើ​អស់​ទាំង​ព្រះអម្ចាស់២៧ ជា​ព្រះប្រោសលោះ​នៃ​ពិភពលោក ។ ខ្ញុំ​សូម​បញ្ជាក់​យ៉ាងច្បាស់​ថា យើង​មាន​វត្តមាន​នៅ​ក្នុង​ព្រះតម្រិះ និង​ព្រះហឫទ័យ​របស់​ទ្រង់​ជានិច្ច ។ ជា​សក្ខីបទ​មួយ​ចំពោះ​រឿង​នេះ ទ្រង់​បាន​ស្ដារ​សាសនាចក្រ​របស់​ទ្រង់​ឡើង​វិញ​នៅ​ថ្ងៃ​ចុង​ក្រោយ​នេះ ហើយ​បាន​ហៅ​ប្រធាន រ័សុល អិម ណិលសុន ជា​ព្យាការី​របស់​ទ្រង់ និង​ជា​ប្រធាន​សាសនាចក្រ​នៅ​ពេល​នេះ ។២៨ ខ្ញុំ​ដឹង​ថា ព្រះយេស៊ូវគ្រីស្ទ​បាន​ប្រទាន​ជីវិត​របស់​ទ្រង់ ដើម្បី​យើង​អាច​មាន​ជីវិត​ដ៏​អស់កល្ប​ជានិច្ច ។

ពេល​យើង​ខិតខំ​ដាក់​ទ្រង់​ជា​ចំណុច​ចម្បង​ក្នុង​ជីវិត​យើង នោះ​វិវរណៈ​នឹងលាត​ត្រដាង​ដល់​យើង ភាពសុខសាន្ត​ដ៏​ជ្រាលជ្រៅ​របស់​ទ្រង់​ឱប​ក្រសោប​យើង ហើយ​ដង្វាយធួន​ដ៏​និរន្តរ​របស់​ទ្រង់​នាំ​មក​នូវ​ការអភ័យទោស និង​ការព្យាបាល​ដល់​យើង ។២៩ គឺ​នៅ​ក្នុង​ទ្រង់​យើង​រក​ឃើញ​កម្លាំង​ដើម្បី​យក​ឈ្នះ មាន​ភាពក្លាហាន​ដើម្បី​ស៊ូទ្រាំ ហើយ​មាន​ភាពសុខសាន្ត​ហួស​ពី​ការយល់ដឹង​ទាំង​អស់ ។ សូម​ឲ្យ​យើង​ខិតខំ​ជា​រៀងរាល់​ថ្ងៃ ដើម្បី​ខិត​ទៅកាន់តែ​ជិត​ទ្រង់ដែល​ជា​ប្រភព​នៃ​សេចក្ដី​ល្អ៣០ ជា​បង្គោលភ្លើង​នៃ​សេចក្តីសង្ឃឹម នៅ​ក្នុង​ដំណើរ​ត្រឡប់​ទៅ​កាន់​ទីវត្តមាន​នៃ​ព្រះវរបិតាសួគ៌យើង​វិញ ។ នៅក្នុង​ព្រះនាម​ដ៏​ពិសិដ្ឋ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​អាម៉ែន ៕