២០១៦
ចូរ​មក​តាម​ខ្ញុំ ៖ ការ​បង្រៀន​មូលដ្ឋាន​គ្រឹះ​នៅក្នុង​គេហដ្ឋាន
June 2016


ចូរ​មក​តាម​ខ្ញុំ ៖ ការ​បង្រៀន មូលដ្ឋាន​គ្រឹះ​នៅក្នុង​គេហដ្ឋាន

ផ្នែក​ទី ២

អ្នក​និពន្ធ​រស់​នៅ​រដ្ឋ យូថាហ៍ ស.រ.អា. ។

តាមរយៈ​គំរូ​នានា​នៃ​សមាជិក​ទាំង​នេះ អ្នក​ក៏​អាច​យក​គោលការណ៍​នានា​មក​ពី​កម្មវិធី​សិក្សា​របស់​យុវវ័យ​ទៅ​ក្នុង​គេហដ្ឋាន​របស់​ខ្លួន​បាន ។

រូបភាព
family on a walk

ដូច​ដែល​សាវក​បាន​បង្រៀន​ម្តង​ហើយ​ម្តង​ទៀត​ថា « ភាព​ជោគជ័យ​របស់​យើង​ម្នាក់ៗ និង សាសនាចក្រ​ទាំងមូល​នឹង​ត្រូវបាន​កំណត់​យ៉ាង​ខ្លាំង​ទៅលើ​របៀប​ដែល​យើង​ផ្តោត​ចិត្ត​ទុក​ដាក់​យ៉ាង​ស្មោះត្រង់​លើ​ការរស់ នៅ​តាម​ដំណឹង​ល្អ​នៅ​គេហដ្ឋាន » ។

ការរស់នៅ​តាម​ដំណឹង​ល្អ​គឺ​ជា​របៀប​ដ៏​ល្អបំផុត​ដើម្បី​រៀន និង បង្រៀន​ដំណឹង​ល្អ ។ នៅពេល​យើង​រស់នៅ​តាម​គោលការណ៍​នៃ​គោលលទ្ធិ​ទាំងនេះ នោះ​យើង​នឹង​នាំ​គ្រួសារ និង ខ្លួន​យើង​ឲ្យ​ខិត​កាន់តែ​ជិត​នឹង​ព្រះវិញ្ញាណ ។ ដោយ​មាន​ជំនួយ​ពី​ព្រះវិញ្ញាណ នោះ​យើង​អាច​រៀន និង បង្រៀន​គោលការណ៍​ទាំង​នេះ​បាន​យ៉ាង​ល្អ​បំផុត ។ យើង​នឹង​ត្រូវបាន​ដឹកនាំ​ទៅ​រក​វិធីសាស្ត្រ​រៀនសូត្រ​ដែល​ប្រកប​ដោយ​ប្រសិទ្ធភាព​បំផុត​សម្រាប់​សេចក្តីត្រូវការ និង កាលៈទេសៈ​របស់​យើង ព្រមទាំង​គ្រួសារ​យើង ឲ្យ​រីកចម្រើន​កាន់តែ​ខិតជិត​នឹង​ព្រះអង្គសង្គ្រោះ ។

កក្កដា ៖ ពិធី​បរិសុទ្ធ និង​សេចក្ដី​សញ្ញា

រូបភាព
taking the sacrament

ខាងលើ ៖​រចនាលម្អ​រូបថត​ដោយ ដាវីឌ ស្តូឃឺ

ពិធីបរិសុទ្ធ និង សេចក្តីសញ្ញា​ពិសិដ្ឋ​នៃ​បព្វជិតភាព—ការសន្យា​នានា​ដែល​យើង​បាន​ធ្វើ​ជាមួយ​ព្រះវរបិតាសួគ៌—នាំ​មក​នូវ​ពរជ័យ​ដ៏​ខ្លាំងក្លា​ក្នុង​ជីវិត​របស់​យើង ។ របៀប​មួយ​ដើម្បី​មើល​ឃើញ​ពី​គោលបំណង​នៃ​ពិធីបរិសុទ្ធ​នោះ​គឺ ការគិត​ពី​ពិធី​ទាំងនោះ​ថា​ ជា​ពិធី​សំខាន់​នៅលើ​ផ្លូវ​ដែល​នាំ​ត្រឡប់​ទៅ​កាន់​វត្តមាន​របស់​ព្រះ​វរបិតា​សួគ៌​វិញ—គឺ​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។ យើង​បន្ត​នៅលើ​ផ្លូវ​នោះ​តាមរយៈ​ការគោរព​សេចក្តីសញ្ញា​នានា ​ដែល​យើង​បាន​ធ្វើ ។

ឧទាហរណ៍ យុវនារី​ម្នាក់​បាន​ពិពណ៌នា​ ពី​របៀប​ដែល​នាង​បាន​បន្ត​នៅលើ​ផ្លូវ​នៃ​សេចក្តីសញ្ញា​នេះ ៖ « មាន​គ្រា​មួយ​នោះ​មិត្ត​រួម​ថ្នាក់​របស់​ខ្ញុំ​បាន​សុំ​ឲ្យ​ខ្ញុំ​ជួយ ។ ខ្ញុំ​ពុំ​បាន​គិត​ច្រើន​ពី​ការសុំ​ជំនួយ​នោះ​ទេ គឺ​គ្រាន់តែ​ផ្តល់​នូវ​ជំនួយ​ដែល​នាង​ត្រូវការ​ប៉ុណ្ណោះ ។ ប៉ុន្តែ​ក្រោយ​មក ព្រះវិញ្ញាណ​បាន​រំឭក​ខ្ញុំ​ថា តាមរយៈ​ការជួយ​ទទួល​បន្ទុក​របស់​នាង នោះ​ខ្ញុំ​កំពុង​រក្សា​សេចក្តី​សញ្ញា​ដែល​ខ្ញុំ​បាន​ធ្វើ នៅពេល​ខ្ញុំ​ជ្រមុជទឹក ( សូមមើល ម៉ូសាយ ១៨:៨–១០ ) ។ ខ្ញុំ​មាន​អំណរគុណ​ចំពោះ​ឱកាស​នានា​ ដែល​ព្រះវរបិតាសួគ៌​បាន​ប្រទាន​ដល់​ខ្ញុំ​រាល់​ថ្ងៃ ឲ្យ​ជ្រើសរើស​ដើរ​តាម​ផ្លូវ​នៃ​សេចក្តីសញ្ញា » ។

ជា​គ្រួសារ អ្នក​អាច​ស្វែងរក​ពិធី​បរិសុទ្ធ​នានា​ដែល​សមាជិក​ម្នាក់ៗ​នៅតែ​ត្រូវការ​ទទួល ហើយ​ក្រោយ​មក​វាយ​តម្លៃ​ថា ​តើ​អ្នក​កំពុង​រក្សា​សេចក្តីសញ្ញា​ដែល​ខ្លួន​បាន​ធ្វើ​នោះ​ខ្លាំង​ប៉ុណ្ណា ។ ឧទាហរណ៍ តើ​ការរៀបចំ​របស់​អ្នក​ដើម្បី​ទទួល​ពិធីបរិសុទ្ធ​សាក្រាម៉ង់​ប្រចាំ​សប្តាហ៍​ឆ្លុះ​បញ្ចាំង​ពី​ការតាំងចិត្ត​របស់​អ្នក​ដូចម្តេចខ្លះ​ចំពោះ​សេចក្តីសញ្ញា​នានា​នោះ ? ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​បង្រៀន​អ្នក​ពី​របៀប​ដើម្បី​កែលម្អ ។

សីហា ៖ អាពាហ៍ពិពាហ៍ និង គ្រួសារ

រូបភាព
temple wedding

អាពាហ៍ពិពាហ៍ និង គ្រួសារ​គឺ​ជា​ផ្នែក​សំខាន់​ចំពោះ​សុភមង្គល​របស់​យើង និង ចំពោះ​ផែនការ​របស់​ព្រះវរបិតាសួគ៌​ សម្រាប់​សេចក្តីសង្គ្រោះ​របស់​យើង ។ គ្រួសារ​គឺជា​អង្គភាព​ដ៏​សំខាន់​ក្នុង​កាល​វេលា​នេះ និង​ក្នុង​ភាព​ដ៏​នៅ​​អស់​កល្ប​ជានិច្ច ។

ការបង្រៀន​កូនចៅ​របស់​អ្នក​អំពី​អាពាហ៍ពិពាហ៍ និង គ្រួសារ​ អាច​មាន​ភាពងាយ​ស្រួល ​ដូច​ជា​ការចែកចាយ​បទពិសោធន៍​ផ្ទាល់​ខ្លួន ។ យុវមជ្ឈិមវ័យ​ម្នាក់​បាន​ចែកចាយ​ពី​របៀប​ ដែល​នាង​បាន​កើន​អំណរគុណ​ចំពោះ​ការផ្សារភ្ជាប់​របស់​នាង​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ៖

« ខ្ញុំ​បាន​ចាំ​ពី​ការអង្គុយ​ម្នាក់​ឯង​នៅក្នុង​បន្ទប់​សេឡេស្ទាល​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។ ខ្ញុំ​មាន​ការភិតភ័យ ដោយ​ពុំ​ដឹង​ថា​តើ​ខ្ញុំ​នឹង​ត្រូវបាន​ផ្សារភ្ជាប់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ​នៅ​ថ្ងៃ​នោះ​ដែរ​ឬ​ទេ ដោយសារ​តែ​ទំនាក់ទំនង​មិន​ច្បាស់លាស់​អំពី​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​របស់​គូ​ដណ្តឹង​របស់​ខ្ញុំ ។

« ខ្ញុំ​បាន​អធិស្ឋាន​យ៉ាង​ខ្លាំង​ថា ព្រះអម្ចាស់​នឹង​អនុញ្ញាត​ឲ្យ​យើង​បាន​ផ្សារភ្ជាប់​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​នៅ​ថ្ងៃ​នោះ ។ នៅពេល​ខ្ញុំ​បាន​អធិស្ឋាន នោះ​មាន​គំនិត​មួយ​បាន​ផុស​ក្នុង​ដួងចិត្ត​ខ្ញុំ ៖ ទោះបី​អ្នក​នៅតែ​ឯង​នៅក្នុង​បន្ទប់​សេឡេស្ទាល​នេះ​ក្តី នគរ​សេឡេស្ទាល​គឺ​ជា​ពិភព​សេឡេស្ទាល​ព្រោះថា​អ្នក​ពុំ​នៅ​ទីនោះ​តែ​ឯង​ឡើយ ។ អ្នក​នឹង​នៅ​ជាមួយ​គ្រួសារ​អស់កល្ប​ជានិច្ច​របស់​អ្នក និង គ្រួសារ​សួគ៌ា​របស់​អ្នក ។ ហើយ​នោះ​ជា​មូលហេតុ​ដែល​អ្នក​ត្រូវបាន​ផ្សារភ្ជាប់ ។

« សែសិប​នាទី និង បន្ទាប់​ពី​បាន​ទូរសព្ទ​ពីរ​បី​ដង​ក្រោយ​មក ស្វាមី​របស់​ខ្ញុំ ហើយ​នឹង​ខ្ញុំ​អាច​ផ្សារភ្ជាប់​បាន ។ ខ្ញុំ​មាន​អំណរគុណ និង មាន​អារម្មណ៍​ធូរស្បើយ​យ៉ាង​ខ្លាំង​ក្រៃលែង ។ ពិធីបរិសុទ្ធ​នោះ​បាន​ប្រែកាន់តែ​មាន​ន័យ​ចំពោះ​ខ្ញុំ ដោយសារ​យើង​អាច​បង្កើត​ជីវិត​សេឡេស្ទាល​ជាមួយ​ព្រះ ជា​ទីកន្លែង​ដែល​យើង​នឹង​មិន​នៅ​តែ​ម្នាក់​ឯង​នោះ​ទេ » ។

តើ​បទពិសោធន៍​អ្វី​ខ្លះ ដែល​បាន​បង្រៀន​អ្នក​អំពី​តួនាទី​នៃ​អាពាហ៍ពិពាហ៍ និង គ្រួសារ​នៅក្នុង​ផែនការ​របស់​ព្រះវរបិតាសួគ៌ ? ព្រះវិញ្ញាណបរិសុទ្ធ​អាច​ជួយ​អ្នក​ឲ្យ​ចាំ ហើយ​ចែកចាយ​បទពិសោធន៍​សមរម្យ ។ ដោយ​មិន​គិត​ពី​ស្ថានភាព​គ្រួសារ​របស់​អ្នក ព្រះ​វិញ្ញាណ​បរិសុទ្ធ​អាច​បង្រៀន​អ្នក​ពី​របៀប ដើម្បី​អនុវត្ត​គោលការណ៍​នៃ​អាពាហ៍​ពិពាហ៍ និង គ្រួសារ​នៅក្នុង​ជីវិត​អ្នក ។

កញ្ញា ៖ បទបញ្ញត្តិ

រូបភាព
mother teaching son

បទបញ្ញត្តិ​ទាំងឡាយ​គឺ​ជា​ក្រឹត្យវិន័យ និង​ជា​តម្រូវការ​ដែល​ព្រះវរបិតាសួគ៌​ជាទី​ស្រឡាញ់​បាន​ប្រទាន​ឲ្យ​ដើម្បី​ប្រទាន​ពរ​ដល់​ជីវិត​របស់​យើង ។

របៀប​មួយ​ដ៏​មាន​ឥទ្ធិពល​ដើម្បី​សិក្សា​ពី​បទបញ្ញត្តិ​នោះ​គឺ ការស្រាវជ្រាវ​ខគម្ពីរ​ដើម្បី​រៀន​អំពី​ពរជ័យ​នានា​ដែល​កើត​ឡើង​មក​ពី​ការគោរព​ប្រតិបត្តិ ដូច​ដែល​យុវមជ្ឈិម​វ័យ​ម្នាក់​នេះ​បាន​ធ្វើ ៖

« នៅពេល​ខ្ញុំ​សិក្សា​អំពី​បទបញ្ញត្តិ នោះ​ខ្ញុំ​ចង់​អាន​ខគម្ពីរ​ទាំងអស់​ដើម្បី​ខ្ញុំ​អាច​រក​វា​ឃើញ ហើយ​ធ្វើ​បញ្ជី​មួយ​នៃ​ពរជ័យ​នានា​ដែល​ព្រះវរបិតាសួគ៌​សន្យា​ដោយ​សារ​​ការគោរព​ប្រតិបត្តិ​របស់​ខ្ញុំ ។ ការរៀន​បន្ថែម​ទៀត​អំពី​ពរជ័យ​ ដែល​បាន​សន្យា​បាន​ពង្រឹង​ដល់​ទីបន្ទាល់​របស់​ខ្ញុំ​ថា ព្រះវរបិតា​សួគ៌​ស្រឡាញ់​ខ្ញុំ ហើយ​មាន​ព្រះទ័យ​ចង់​ប្រទាន​ពរ​ដល់​ខ្ញុំ » ។

ដើម្បី​រៀន ឬ បង្រៀន​អំពី​បទបញ្ញត្តិ​នានា អ្នក​អាច​អាន​មេរៀន​ទី ៤ ជំពូក​ទី ៣ នៃ ប្រកាស​ដំណឹង​ល្អ​របស់​យើង ជាមួយ​កូនៗ​របស់​អ្នក សិក្សា​ខ​គម្ពីរ​ដែល​ទាក់ទង​គ្នា​ទាំង​នោះ ហើយ​ធ្វើ​បញ្ជី​នៃ​ពរជ័យ​ដែល​បាន​សន្យា​ផ្ទាល់​ខ្លួន​របស់​អ្នក ។ អ្នក​អាច​ប្រើ​វិធីសាស្ត្រ​នេះ​ដើម្បី​រៀន​អំពី​ពរជ័យ​នានា​ដែល​ទាក់ទង​ជាមួយ​នឹង​គោលការណ៍​នានា​នៃ​ដំណឹង​ល្អ ។

តុលា ៖ ការប្រែក្លាយ​ឲ្យ​កាន់តែ​ដូច​ជា​ព្រះគ្រីស្ទ

រូបភាព
woman with Christ

រូបភាព​ដកស្រង់​ចេញ​ពី ស្ត្រី​បាន​ជាសះ​ស្បើយ ដោយ ជេ ឃើក រីឆាដ

អំឡុងពេល​ការបម្រើ​របស់​ព្រះគ្រីស្ទ ទ្រង់​បាន​ត្រាស់​បង្គាប់​យើង​ថា « ចូរ​ឲ្យ​អ្នក​រាល់​គ្នា​បាន​គ្រប់​លក្ខណ៍​ដូច​ព្រះវរបិតា​នៃ​អ្នក​ដែល​គង់​នៅ​ស្ថានសួគ៌​ទ្រង់​គ្រប់​លក្ខណ៍​ដែរ » ( ម៉ាថាយ ៥:៤៨ ) ។ យើង​ព្យាយាម​ឈាន​ទៅ​រក​ភាពគ្រប់​លក្ខណ៍ នៅពេល​យើង​ធ្វើការ​អភិវឌ្ឍ​យ៉ាង​សាមញ្ញ​នូវ​លក្ខណៈ​មួយ​របស់​ព្រះគ្រីស្ទ មួយ​ម្តងៗ ហើយ​ព្យាយាម​កែលម្អ​ក្នុង​បុគ្គលិក​លក្ខណៈ​នោះ​ដោយ​មាន​ជំនួយ​ពី​ទ្រង់ ។ យុវជន​ម្នាក់​បាន​ចាប់ផ្តើម​ដោយ​ធ្វើ​ការកែលម្អ​លើ​​ឧស្សាហ៍​ព្យាយាម ។

« ខ្ញុំ​ចង់​អភិវឌ្ឍ​លក្ខណៈ​ឲ្យ​កាន់តែ​ដូច​ជា​ព្រះគ្រីស្ទ ដូច្នោះ​ខ្ញុំ​បាន​សិក្សា​ព្រះគម្ពីរ​របស់​ខ្ញុំ និង ប្រកាស​ដំណឹង​ល្អ​របស់​យើង។ នៅក្នុង​ជំពូក​ទី ៦​នៃ ប្រកាស​ដំណឹង​ល្អ​របស់​យើង ខ្ញុំ​បាន​រក​ឃើញ​គំរូ​មួយ​ដែល​បាន​ផ្តល់​ជា​យោបល់ ​ដើម្បី​អភិវឌ្ឍ​លក្ខណៈ​ដូច​ជា​ព្រះគ្រីស្ទ ហើយ​បាន​សម្រេច​ចិត្ត​ព្យាយាម​ធ្វើ​វា​ជា​មួយ​នឹង​លក្ខណៈ​មួយ​នៃ​ភាព​ឧស្សាហ៍​ព្យាយាម ។ ដំបូង​ខ្ញុំ​បាន​សរសេរ​និយមន័យ​នៃ​​ឧស្សាហ៍​ព្យាយាម និង សំណួរ​នានា​ដែល​ខ្ញុំ​មាន​អំពី​វា ។ ក្រោយមក​ខ្ញុំ​បាន​អាន​ខគម្ពីរ​ដែល​បាន​ផ្តល់​ឲ្យ​នោះ​ ដែល​ស្តី​អំពី​ភាព​ឧស្សាហ៍​ព្យាយាម ហើយ​បាន​កត់ត្រា​នូវ​ការបំផុស​គំនិត និង ចម្លើយ​របស់​ខ្ញុំ​ដែល​ខ្ញុំ​បាន​រកឃើញ ពេល​ខ្ញុំ​អាន ។ បន្ទាប់មក ខ្ញុំ​បាន​ដាក់​គោលដៅ​ដើម្បី​ប្រែកាន់តែ​ខំប្រឹង​ឧស្សាហ៍​ព្យាយាម​ដោយ​ធ្វើ​កិច្ចការសាលា​របស់​ខ្ញុំ ហើយ​នៅពេល​អធិស្ឋាន​រាល់​យប់​ខ្ញុំ​បាន​មាន​អារម្មណ៍​ជំរុញ​ចិត្ត​កាន់តែ​ខ្លាំង និង ខ្ជាប់ខ្ជួន​ចំពោះ​ភាព​ឧស្សាហ៍​ព្យាយាម »។

នៅពេល​អ្នក​ព្យាយាម​អភិវឌ្ឍ ហើយ​បង្រៀន​កូនៗ​របស់​អ្នក​ពី​របៀប​អភិវឌ្ឍ​លក្ខណៈ​ដូច​ជា​ព្រះគ្រីស្ទ នោះ​ធនធាន​នានា​របស់​សាសនាចក្រ​អាច​ជួយ​អ្នក​ឲ្យ​ដឹង​ពី​កន្លែង​ដែល​អ្នក​ចាប់ផ្តើម ។ ព្រះគម្ពីរ​ផ្តល់​នូវ​គំរូ​របស់​ព្រះគ្រីស្ទ​ជានិច្ច ហើយ​ធនធាន​នានា​ដូច​ជា ប្រកាស​ដំណឹង​ល្អ​របស់​យើង ផ្តល់​នូវ​គំរូ​ដែល​ជួយ​យើង​ឲ្យ​បង្កើត​នូវ​ទម្លាប់​នៃ​ការសិក្សា និង ការដាក់​គោលដៅ ។ នៅពេល​យើង​ប្រើ​ព្រះគម្ពីរ និង ធនធាន​ដទៃ​ទៀត​ជាមួយ​គ្នា នោះ​វា​ជួយ​យើង​ឲ្យ​អនុវត្ត​អ្វី​ដែល​យើង​រៀន ប្រយោជន៍​ឲ្យ​យើង​អាច​ប្រែ​កាន់តែ​ដូច​ជា​ព្រះគ្រីស្ទ ។

វិច្ឆិកា ៖ ភាពខ្លួន​ទីពឹង​ខ្លួន​ខាង​វិញ្ញាណ និង ខាងសាច់​ឈាម

រូបភាព
mother and daughter in the kitchen

ការអភិវឌ្ឍន៍​ភាពខ្លួន​ទីពឹងខ្លួន មាន​ន័យ​ថា ការអនុវត្ត​នូវ​សិទ្ធិ​ជ្រើសរើស​របស់​យើង​ដើម្បី​ខ្វល់ខ្វាយ​សម្រាប់​ខ្លួន​យើង និង គ្រួសារ​យើង ព្រមទាំង​ការធ្វើ​កិច្ចការ​ឲ្យ​អស់​ពី​សមត្ថភាព​របស់​យើង ដើម្បី​ស្វែងរក​ដំណោះស្រាយ​ចំពោះ​បញ្ហា​ផ្ទាល់​ខ្លួន​របស់​យើង ។ ការប្រែ​កាន់តែ​មាន​ភាពខ្លួន​ទីពឹងខ្លួន ​ផ្តល់​ការបង្កើន​នូវ​សមត្ថភាព​របស់​យើង ដើម្បី​បម្រើ​នៅក្នុង​ផ្ទះ សាសនាចក្រ និង សហគមន៍​របស់​យើង ។ វិធី​មួយ​ដ៏​ល្អ​បំផុត​ដើម្បី​បង្រៀន​មនោគតិ​ទាំងនេះ​គឺ​តាមរយៈ​គំរូ ដូច​ដែល​សមាជិក​​រូប​នេះ​បាន​ពិពណ៌នា ៖

« តាម​ខ្ញុំ​នៅ​ចាំ​បាន ម្តាយ​របស់​ខ្ញុំ​បាន​ក្រោក​ពី​ព្រលឹម​រាល់​ថ្ងៃ​ដើម្បី​សិក្សា​ព្រះគម្ពីរ ។ ខ្ញុំ​បាន​ឃើញ​របៀប​ដែល​គាត់​បាន​អភិវឌ្ឍ​កម្លាំង​ខាង​វិញ្ញាណ​ដែល​នាំ​គាត់​ឲ្យ​ឆ្លង​កាត់​គ្រា​លំបាក​នានា ។ គាត់​បាន​ពឹងផ្អែក​លើ​ទំនាក់ទំនង​ផ្ទាល់​របស់​គាត់​ជាមួយ​ព្រះវរបិតាសួគ៌​ ដើម្បី​ធ្វើ​ជា​អ្នក​គាំទ្រ​ដល់​គាត់ ។ ជាមួយ​នឹង​កម្លាំង​ខាង​វិញ្ញាណ​របស់​គាត់ នោះ​ខ្ញុំ​មាន​ចិត្តអស្ចារ្យ​យ៉ាង​ខ្លាំង​ចំពោះ​លទ្ធភាព​របស់​គាត់ ដើម្បី​មើល​ថែទាំ​ដល់​គ្រួសារ​របស់​យើង ។ ខ្ញុំ​បាន​ឃើញ​ពី​ថវិកា​របស់​គាត់ ការលះបង់​ចំណង់ចំណូល​ចិត្ត​ផ្ទាល់​ខ្លួន​របស់​គាត់ ព្យាយាម​សិក្សា​អប់រំ ហើយ​បង្ហាញ​ពី​ការបន្ទាបខ្លួន​ជា​ច្រើន​ក្នុង​របៀប​មួយ​ដែល​ធ្វើ​ឲ្យ​គាត់​បំពេញ​នូវ​សេចក្តីត្រូវការ​ខាង​ហិរញ្ញវត្ថុ​គ្រួសារ​របស់​យើង ហើយ​នៅតែ​នៅ​ផ្ទះ​ជាមួយ​កូនៗ​របស់​គាត់​បន្ទាប់​មក​ពី​សាលា​រៀន ។ ខ្ញុំ​ចង់​បាន​នូវ​កម្លាំង​ដែល​គាត់​មាន ហើយ​ខ្ញុំ​មាន​អំណរគុណ​យ៉ាង​ខ្លាំង​ចំពោះ​គំរូ​របស់​គាត់​ដែល​បង្រៀន​ខ្ញុំ​ពី​របៀប​ដើម្បី​ទទួល​បាន​គំរូ​នោះ » ។

តើ​អ្នក​អាច​កាន់តែ​ក្លាយ​ជា​គំរូ​នៃ​ការរស់នៅ​ដោយ​មាន​ការបម្រុង​ទុក​ឲ្យ​កាន់តែ​ប្រសើរ​ឡើង ​ចំពោះ​កូនៗ​របស់​អ្នក​បាន​យ៉ាង​ដូចម្ដេច ? ប្រសិនបើ​អ្នក​ពុំ​ចេះ​ច្រើន​ពី​កត្តា​ជាក់លាក់​នានា​នៃ​ភាពខ្លួន​ទីពឹងខ្លួន​នោះ​នៅ​ឡើយ នោះ​អ្នក​អាច​អញ្ជើញ​កូនៗ​របស់​អ្នក​ឲ្យ​រៀន​ជាមួយ​អ្នក ហើយ​ថា​វា​នឹង​ក្លាយ​ជា​គំរូ​មួយ​ដ៏​អស្ចារ្យ​នៅក្នុង​រឿង​នោះ ។

ធ្នូ ៖ ស្ថាបនា​នគរ​ព្រះ​នៅ​ថ្ងៃ​ចុងក្រោយ​នេះ

រូបភាព
man teaching

« ប្រហែល​ជាព្រះនាងបាន​តាំង​ឡើង​ក្នុង​រាជ្យ​សម្រាប់​ពេល​នេះឯង​ទេដឹង ? » ( នាងអេសធើរ ៤:១៤ ) ។ នេះ​គឺ​ជា​សំណួរ​មួយ ដែល​អ្នក​អាច​សួរ​ខ្លួន​អ្នក ឬ កូនៗ​របស់​អ្នក​នៅពេល​អ្នក​រក​ឃើញ​តួនាទី​របស់​អ្នក​នៅក្នុង​ការស្ថាបនា​នគរ​ព្រះ ។

សមាជិក​រូប​នេះ​បាន​រៀន​ទុក​ចិត្ត​លើ​ព្រះអម្ចាស់ ដើម្បី​ជួយ​គាត់​ស្ថាបនា​នគរ​ព្រះ ៖ « ខ្ញុំ​ចាំ​ពី​ការបង្រៀន​របស់​ឪពុក​ម្តាយ​របស់​ខ្ញុំ តាំងពី​ខ្ញុំ​នៅ​ក្មេង ថា​យើង​តែង​តែ​ទទួល​ការហៅ​បម្រើ​របស់​យើង​ជានិច្ច ដោយសារ​ការហៅបម្រើ​នោះ​គឺ​ត្រូវបាន​ប្រទាន​មក​ពី​ព្រះ ។ អំឡុងពេល​រៀន​នៅ​មហាវិទ្យាល័យ ខ្ញុំ​ត្រូវបាន​ហៅ​ឲ្យ​បម្រើ​ជា​ប្រធាន​សមាគម​សង្គ្រោះ ។ ខ្ញុំ​មាន​អារម្មណ៍​ភិតភ័យ ប៉ុន្តែ​ការណ៍​នេះ​ពុំ​ធ្វើ​ឲ្យ​ខ្ញុំ​និយាយ​បដិសេធ​ពុំ​ទទួល​វា​ឡើយ ។ ដូច្នេះ​ខ្ញុំ​បាន​ចាប់ផ្តើម​ក្នុង​ឆ្នាំ​នោះ​ជាមួយ​នឹង​ការមើលថែទាំ​ដល់​ស្ត្រី​ជាង ១០០​ នាក់ ដោយ​ខ្ញុំ​មាន​បទពិសោធន៍​យ៉ាង​តិចតួច ហើយ​មាន​ជំនឿ​ថា​ព្រះអម្ចាស់​នឹង​ប៉ះប៉ូវ​នូវ​ការផ្លាស់ប្តូរ ។ មួយ​ឆ្នាំ​ក្រោយ​មក ខ្ញុំ​ត្រូវបាន​ដោះ​លែង ។ នៅពេល​ខ្ញុំ​បាន​គិត​ត្រឡប់​ទៅមើល​ពី​គ្រា​នានា​នៃ​វិវរណៈ នៅពេល​ខ្ញុំ​ដឹង​យ៉ាង​ច្បាស់​ពី​មេរៀន​ដែល​ខ្ញុំ​ត្រូវ​បង្រៀន ឬ យោបល់​ដើម្បី​ចែកចាយ ឬ មាន​គ្រា​ជាច្រើន​នៅពេល​ដែល​មាន​នរណា​ម្នាក់​បាន​ចំអិន​អាហារ​ឲ្យ​ខ្ញុំ ដោយសារ​ខ្ញុំ​រវល់​ពេក​ពុំ​បាន​ចំអិន​អាហារ ឬ ពេលមាន​លិខិត​លើក​ទឹកចិត្ត​ខ្លី​ជាច្រើន​ដែល​ខ្ញុំ​បាន​ទទួល នោះ​ខ្ញុំ​បានដឹង​យ៉ាង​ច្បាស់​ថា ព្រះអម្ចាស់​បាន​តម្កើង​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ខ្ញុំ​ នៅក្នុង​ការស្ថាបនា​នគរ​នេះ » ។

នៅពេល​អ្នក និង កូនៗ​របស់​អ្នក​គិត​ពី​របៀប​នានា ដើម្បី​ស្ថាបនា​នគរ​ព្រះ នោះ​ចូរចងចាំ​ថា សុំ​លើក​ទឹកចិត្ត​ពួកគ និង ផ្តល់​ឱកាស​នានា​ដល់​ពួកគេ​ឲ្យ​បម្រើ ។ អ្នក​អាច​គិត​ពី​ការ​ពិភាក្សា​ពី​របៀប​នានា​ ដើម្បី​បម្រើ​ដល់​មនុស្ស​ដទៃ​នៅក្នុង​ការហៅបម្រើ​ដែល​អ្នក​មាន ។ តើ​មាន​វិធី​ណា​ខ្លះ​ទៀត ដែល​អ្នក​អាច​ជួយ​ឲ្យ​កិច្ចការ​នេះ​បន្ត​ឆ្ពោះ​ទៅមុខ ? មិន​ថា​អ្នក​បម្រើ​នៅ​ទីណា​ទេ កិច្ចខិតខំ​ប្រឹងប្រែង​របស់​អ្នក​គឺ​មាន​តម្លៃ​ណាស់ ។ ដូច​ប្រធាន ឌីថើរ អេហ្វ អុជដុហ្វ ទីប្រឹក្សា​ទី​ពីរ​ក្នុង​គណៈប្រធាន​ទី​មួយ​បាន​មាន​ប្រសាសន៍​ថា « ចូរ​ឈរ​នៅ​ក្បែរ​គ្នា ហើយ​លើក​នៅ​កន្លែង​ដែល [ អ្នក ] ឈរ » ។​

កំណត់​ចំណាំ

  1. ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល « Living the Gospel in the Home » Ensign ខែ ឧសភា ឆ្នាំ ១៩៧៨ ទំព័រ ១០១ សូមមើល​ផងដែរ អិល ថម ភែរី « Discipleship » Liahona ខែ មករា ឆ្នាំ ២០០១ ទំព័រ ៧២ ។

  2. ឌៀថើរ អេហ្វ អុជដូហ្វ « Lift Where You Stand » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៨ ទំព័រ ៥៦ ។