២០១៦
ផ្នែក​ដ៏​លំបាក​បំផុត​នៃ​ការធ្វើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា
June 2016


ផ្នែក​ដ៏​លំបាក​បំផុត​ នៃ​ការធ្វើ​ជា អ្នក​ផ្សព្វផ្សាយ​សាសនា

អ្នក​និពន្ធ​រស់​នៅ​រដ្ឋ យូថាហ៍ ស.រ.អា. ។

ពេល​ខ្លះ ឧបសគ្គ​ដ៏​ធំ​បំផុត​នៅក្នុង​កិច្ចការ​អ្នក​ផ្សព្វផ្សាយ​សាសនា​គឺ​ពុំ​មែន​ជា​កិច្ចការផ្សព្វផ្សាយ​សាសនា​ឡើយ ។

រូបភាព
young man and school images

រូប​គំនូរ​ដោយ ហ៊ីឌើរ ឡែនឌីស

មាន​គ្រា​មួយ​នោះ​អ្នក​ផ្សព្វផ្សាយ​សាសនា​បាន​ប្រាប់​ខ្ញុំ​ថា « នៅពេល​មនុស្ស​បាន​និយាយ​ថា​បេសកកម្ម​ប្រហែល​ជា​លំបាក នោះ​ខ្ញុំ​បាន​សន្មត់​ថា ខ្ញុំ​នឹង​មាន​ការលំបាក ឬ ជួប​ប្រទះ​នឹង​ស្ថានភាព​រស់នៅ​ដ៏​លំបាកលំបិន ឬ មាន​ការលំបាក​ជាមួយ​នឹង​ភាសា ។ ប៉ុន្តែ​សម្រាប់​ខ្ញុំ​វិញ ផ្នែក​ដ៏​លំបាក​បំផុត​នោះ​គឺ​ជា​អ្វី​ដែល​នៅក្នុង​ខួរ​ក្បាល​ខ្ញុំ​ជាប់​ជានិច្ច—ដូច​ជា​អារម្មណ៍​បាក់​ទឹកចិត្ត ឬ មាន​ភាពស្មុគ​ស្មាញ​ជាមួយ​ដៃគូ ឬ ពុំ​ចូលចិត្ត​និយាយ​ជាមួយ​មនុស្ស​ប្លែក​មុខ—គឺ​ទាក់ទង​ជាមួយ​នឹង​ភាព​មួយ​ថ្ងៃ​កាត់​មួយ​ថ្ងៃ​កោរ ការបដិសេធ ការផ្លាស់ប្តូរ » ។

រូបភាព
young man ironing

ដើម្បី​រៀបចំ​ខ្លួន​ទៅ​បម្រើ​បេសកកម្ម អ្នក​អាច ហើយ​គប្បី​ អាន ប្រកាស​ដំណឹង​ល្អ​របស់​យើង​ សិក្សា​ព្រះគម្ពីរ និង រៀន​ពី​របៀប​ចម្អិន​អាហារ ព្រម​ទាំង​ការបោកគក់ ។ ប៉ុន្តែ​អ្នក​គួរតែ​ស្វែងរក​នូវ​បទពិសោធន៍​នៃ​ជំនាញ ផ្លូវ​ចិត្ត សង្គម និង ជំនាញ​ផ្សេងៗ​ទៀត ក្នុង​ពេល​ឥឡូវ​នេះ​ផងដែរ ដែល​អ្នក​នឹង​ត្រូវការ​ក្នុង​នាម​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា ។ នេះ​គឺ​ជា​បញ្ជី​មួយ​ចំនួន​នៃ​ជំនាញ​ទាំង​នេះ ។ អ្នក​អាច​គូស​ជំនាញ​នេះ មួយ ឬ ពីរ​ដើម្បី​ចាប់ផ្តើម​អនុវត្ត​វា​ចាប់​ពី​ឥឡូវ​នេះ ។

ជំនាញ​នៃ​ការបន្ទាបខ្លួន​ដោយ​គ្មាន​អារម្មណ៍​អៀនខ្មាស

ស៊ិស្ទើរ ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ម្នាក់​នៅ​ក្នុង​រដ្ឋ អាឡាបាម៉ា ស.រ.អា. បាន​ប្រាប់​ខ្ញុំ​ថា « ខ្ញុំ​បាន​គិត​ថា នៅពេល​ពួកគេ​បាន​ញែក​ខ្ញុំ​ចេញ នោះ​ខ្ញុំ​នឹង​ទទួល​អំណាច​ដ៏​អស្ចារ្យ ។ ដូច្នេះ ខ្ញុំ​មាន​ការភ្ញាក់ផ្អើល​ណាស់ ដែល​ឃើញ​ថា នៅពេល​ខ្ញុំ​ទៅ​តំបន់​បេសកកម្ម នោះ​ខ្ញុំ​នៅតែ​ជា​រូប​ខ្ញុំ​ដដែល ។​ ខ្ញុំ​នៅ​តែ​មាន​អារម្មណ៍​ទន់ខ្សោយ ភ័យខ្លាច និង គ្មាន​សមត្ថភាព ។ ហើយ​អារម្មណ៍​ទាំង​នោះ​ពិត​ជា​មិន​រសាយ​បាត់​ទៅ​ឡើយ ។ ខ្ញុំ​បាន​រៀន​ពី​របៀប​ដើម្បី​ទប់ទល់​ជាមួយ​អារម្មណ៍​នៃ​ការខ្វះ​សមត្ថភាព​ក្នុង​ការ​ធ្វើ​ការ​របស់​ព្រះអម្ចាស់ » ។

មិន​ថា​អ្នក​មកក្នុង​បេសកកម្ម​ដោយ​មាន​ជោគជ័យពីមុនៗ​ច្រើន​ប៉ុណ្ណា​នោះ​ទេ ប្រសិនបើ​អ្នក​បន្ទាបខ្លួន ងាយ​នឹងប្រដៅ និង មាន​ឆន្ទៈព្យាយាម និង ធ្វើការ នោះ​ព្រះអម្ចាស់​អាច​ជួយ​អ្នក​បាន ។ ប៉ុន្តែ ជំនាញ​ក្នុងនាម​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​របស់​អ្នក​នឹង​រីកចម្រើន​បាន​នៅពេល​អ្នក​អនុវត្ត សួរសំណួរ ទទួល​ជំនួយ និង បន្ត​ព្យាយាម​តែ​ប៉ុណ្ណោះ ។ ប្រសិនបើ​អ្នក​ជឿ​ថា​មនុស្ស​​ទូទៅ​​ជា​មនុស្ស​ពូកែ ( ឬ អន់ ) ចំពោះ​កិច្ចការ​ផ្សព្វផ្សាយ​សាសនា ភាសា ទីបន្ទាល់ ឬ ការទាក់ទង នោះ​អ្ន​ក​នឹង​មាន​ការលំបាក​ហើយ ។

មាន​គ្រា​មួយ​អ្នក​ផ្សព្វផ្សាយ​សាសនា​ម្នាក់​បាន​និយាយ​ប្រាប់​ខ្ញុំ​ថា « ខ្ញុំ​បាន​រៀន​ថា វា​គឺ​ជាកិច្ចការ​របស់​ព្រះអម្ចាស់ មិន​មែន​ជា​កិច្ចការ​ខ្ញុំ​ទេ ។ ហើយ​វា​មិន​ជា​ថ្វី​ទេ ប្រសិន​បើ​ខ្ញុំ​មាន​អារម្មណ៍​ខ្វះ​សមត្ថភាព​ចំពោះ​កិច្ចការ​នេះ ដោយ​សារ​ខ្ញុំ គឺ មាន​ភាព​ខ្វះសមត្ថភាព ។ ខ្ញុំ​នឹង​គ្មាន​សមត្ថភាព​ដើម្បី​ធ្វើ​នូវ​អ្វី​ដែល​ព្រះ​អាច​ធ្វើ​បាន​ឡើយ ។ មាន​កិច្ចការ​ជា​ច្រើន​ដែល​ខ្ញុំ​អាច​ធ្វើ​ដើម្បីកែលម្អ ប៉ុន្តែ​ខ្ញុំ​ពុំ​​ចាំបាច់​ត្រូវ​ស្វែងរក​វា​ទាំងអស់​ដោយ​ខ្លួន​ឯង​ឡើយ ។ ខ្ញុំ​អាច​ទុកចិត្ត​លើ​ទ្រង់​បាន » ។

ចូរ​ព្យាយាម​ធ្វើ​កិច្ចការ​ថ្មីៗ និង លំបាកៗ ។ នោះ​អ្នក​នឹង​គ្មាន​អារម្មណ៍​ថា​ខ្វះ​សមត្ថភាព​ទៀត​ឡើយ ។ ឧទាហរណ៍ ៖

  • ចូរព្យាយាម​ធ្វើ​កិច្ចការ​ដែល​លើស​ពី​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន ដូច​ជា​ការងារ​ថ្មី កម្មវិធី​សិក្សា​បន្ថែម ឬ ចូល​រៀន​ថ្នាក់ថ្មី​ផ្សេង​ទៀត ។ សួរសំណួរ ទទួល​ជំនួយ វិភាគ​កំហុស​ឆ្គង ហើយ​បន្ត​ព្យាយាម ។ ចូរ​យក​កិច្ចការ​ដែល​អ្នក​ត្រូវតែ​អនុវត្ត ហើយ​ធ្វើ​កិច្ចការ​នោះ ដូច្នេះ​អ្នក​រៀន​ទុក​ចិត្ត​ខ្លួន​​ឯង​ថា​អ្នក និង ពង្រីក​​នូវ​កិច្ចការ​នោះ ។

  • ចូរ​ឆ្លើយ​តប​ទៅនឹង​គំនិត​ដែល​ផុស​ចេញ​មក​នៅក្នុង​គំនិត​អ្នក ដែល​វា​ប្រាប់​អ្នក​ថា មនុស្ស​ទូទៅ​កើត​មក​មាន​ទេពកោសល្យ​ប្រាជ្ញា ឬ ជំនាញ​សង្គម​ស្រាប់ ឬ ថា​ពួកគេ​គ្មាន​អ្វីៗ​ទាំង​នេះ​ឡើយ ។ អត្តពលករ តន្ត្រីករ អ្នកប្រាជ្ញ ដ៏​អស្ចារ្យ​បំផុត​នៅ​លើ​ពិភពលោកនេះ—និង អ្នកផ្សព្វផ្សាយសាសនា—ធ្លាប់​មាន​បទពិសោធន៍​បរាជ័យ​ជា​ច្រើន​លើក​ច្រើន​គ្រា ហើយ​បាន​ហាត់​សម​អស់​ពេល​ជា​ច្រើន​ម៉ោង​ នៅក្នុង​ជីវិត​ពួកគេ​ដើម្បី​ទទួល​បាន​ជោគជ័យ ។

ជំនាញ​នៃ​ការប្រឈម​មុខ​នឹង​ការបដិសេធ ( និង ការពិត​ជាក់ស្តែង ) ដែល​អាច​សម្រេច​បាន

ការបដិសេធ និង ការខកចិត្ត​គឺ​ជា​បទពិសោធន៍​ដែល​មាន​រាល់​ថ្ងៃ​នៅ​ក្នុង​បេសកកម្ម ។ ចូ​រអនុវត្ត​ទទួល និង ប្រឈមមុខ​នឹង​ការបដិសេធ​នានា ដូច្នោះ​អ្នក​ត្រៀម​ខ្លួន​បាន​កាន់តែ​ប្រសើរ​ចំពោះ​អារម្មណ៍​បែប​នោះ ។

  • ដាក់​ពាក្យ​ធ្វើ​ការងារ ធ្វើ​ការសម្ភាស​ការងារ ហើយ​ធ្វើ​ការ​ក្រៅ​ម៉ោង ឬ ពេញម៉ោង ។

  • ចូរសាកល្បងធ្វើ​ការ​ ឬ លេង​ជាក្រុម ។​

  • ចូរ​សុំ​គេ​ដើម្បី​ណាត់​ដើរ​លេង​ជា​គូ ឬ ទៅ​សកម្មភាព​នានា ។

  • ប្រសិន​បើ​កិច្ចការ​នានា​មិន​រលូន​ទៅមុខ​ទេ ចូរ​កត់​ចំណាំ​ពី​គំនិត និង ទង្វើ​នានា​ដែល​ជួយ​អ្នក​ដោះស្រាយ​បញ្ហា​ទាំង​នោះ និង មាន​អារម្មណ៍​ប្រសើរ​ឡើង ។

  • រៀន​ពី​ឧបសគ្គ និង​ព្យាយាម​ម្ដង​ទៀត ។

រូបភាព
sister missionaries

ជំនាញ​គ្រប់គ្រង​ការជំរុញ​ទឹកចិត្ត

យើង​ទាំងអស់​គ្នា​ត្រូវ​ស្វែងយល់​ពី​របៀប​លើក​ទឹកចិត្ត​ខ្លួន​ឯង នៅពេល​យើង​ធុញ​ទ្រាន់ ហើយ​រម្ងាប់​អារម្មណ៍​ខ្លួន​នៅពេល​យើងមាន​អារម្មណ៍​តានតឹង​ចិត្ត​ជា​ខ្លាំង​នោះ ។

  • ប្រសិនបើ មាន​​ស្ថានភាព​ធុញ​ទ្រាន់ ឬ គ្មាន​ភាពរីកចម្រើន ចូរ​ព្យាយាម​ស្វែងរក​អ្វី​ដែល​ធ្វើ​ឲ្យ​កើត​មាន​អារម្មណ៍​នោះ និង របៀប​ដោះស្រាយ​វា ធ្វើ​វា​ទៅ​ជា​ល្បែង​កម្សាន្ត ដោយ​មិន​ចាំបាច់​ព្រួយបារម្ភ​យ៉ាងហួសហេតុ ឬ ដោយ​ស្វែងយល់​ពី​អ្វី​ដែល​អ្នក​អាច​រៀន​ឡើយ ។

  • ចូរ​កត់ចំណាំ​នៅពេល​អ្នក​មាន​ភាព​តានតឹង​ចិត្ត​ខ្លាំង ហើយ​រៀន​ពី​កិច្ចការ​នានា​ដែល​អ្នក​នៅតែ​អាច​ធ្វើ​នៅក្នុង​បេសកកម្ម ដើម្បី​រម្ងាប់​អារម្មណ៍ ( ជជែក​វែក​ញែក​ជាមួយ​នរណា​ម្នាក់ សម្រាក សរសេរ​សំបុត្រ ច្រៀង ដើរកម្សាន្ត ) ។ ចូរ​ពិចារណា​ពី​ស្ថានភាព​នោះ វិភាគ​បែងចែក​បញ្ហា​ជា​ផ្នែក​តូចៗ រក​ជំនួយ​ពីមនុស្ស​ដទៃ បោះ​ជំហាន​ទៅមុខ​បន្តិចម្តងៗ អធិស្ឋាន និង និយាយ​លួងលោមពី​អារម្មណ៍​អវិជ្ជាមាន​អំពី​ខ្លួន​ឯង​នោះ ។​

រូបភាព
missionaries

ជំនាញគ្រប់គ្រងភាពខុសប្លែក​គ្នា

ដៃគូ ថ្នាក់​ដឹកនាំ សមាជិក និង សាសនាគន់ការី នឹង​ក្លាយ​ជា​មនុស្ស​អស្ចារ្យ ប៉ុន្តែ​ក៏​នឹង​តម្រូវ​ឲ្យ​អ្នក​មាន​ការអត់ធ្មត់​​​ជាច្រើន​ផងដែរ ។

ចូរ​អនុវត្ត​ជាមួយ​បងប្អូន​បង្កើត និង មិត្តភក្ដិ​ដើម្បី ៖

  • រៀន​ថ្លែង​អំណរគុណ​ដល់​មនុស្ស​ដទៃ ដោយសួរ​រក​មូលហេតុ​ដែល​ពួកគេ​ធ្វើ​នូវ​កិច្ចការរបស់​ខ្លួន ។

  • ទទួល​យក​ការទទួល​ខុសត្រូវ និង ការសុំអភ័យ​ទោស​ដោយ​ស្មោះសរ នៅពេល​អ្នក​ធ្វើ​ឲ្យ​នរណា​ម្នាក់​មាន​ការឈឺ​ចាប់ បើទោះបី​ជា​អ្នក​គ្មាន​ចេតនា​ធ្វើ​ទុក្ខទោស​ដល់​គេ​ក៏​ដោយ ។

  • ចូរ​រកមើល​ហេតុផលនៃ​ចិត្ត​មេត្តា​ចំពោះ​អាកប្បកិរិយា​របស់​មនុស្ស​ម្នាក់​ទៀត ។ សូម​កុំ​ចង​គំនុំ​នឹង​នរណា​ម្នាក់​ឡើយ ។

  • ចូរ​លើក​យក​បញ្ហា​នោះ​មក​ជជែក​វែកញែក ហើយ​សុំ​ជំនួយ​ដោះស្រាយ ជាជាង​ត្អូញត្អែរ ឬ រញុំាំរញ៉ូវ​ក្នុង​ចិត្ត ។

  • នៅពេល​មានជម្លោះ​កើត​ឡើង ចូរ​ប្រើ​សំឡេងស្រទន់ ហើយ​បង្ហាញការគោរពរបស់​យើងចំពោះអារម្មណ៍​របស់​អ្នកដទៃ ។

  • ធ្វើ​ជា​មិត្តជាមួយ​នឹង​អ្នក​ដែល​មាន​ចរិតលក្ខណៈ​ខុស​ពី​អ្នក ។ ចូរ​មាន​ភាព​វិជ្ជមាន ហើយ​ចង់​ដឹង​ចង់​យល់​ពី​ចំណូល​ចិត្ត​របស់​ពួកគេ ។

ជំនាញ​នៃ​ការសន្ទនា

ទោះបី​ជា​អ្នក​មិន​សូវ​ចេះ​មាត់​ក ( អឹមអៀន ) ឬ រាក់ទាក់ ( រួសរាយ ) ក្តី នោះ​អ្នក​អាច​រៀន​ជំនាញ​ទំនាក់ទំនង​ល្អ ដែល​អ្នក​នឹង​ត្រូវការ​នៅក្នុង​បេសកកម្ម និង ពេញ​មួយ​ជីវិត​​អ្នក ។

ប្រសិន​បើ​អ្នក​ជា​មនុស្ស​អៀនខ្មាស​ខ្លាំង ៖

  • ដាក់​គោលដៅ​ជជែក​ជាមួយ​មនុស្ស​ថ្មីៗ ( ជាពិសេស​មនុស្ស​ដែល​ពុំ​ធ្លាប់​ស្គាល់ ) រយៈពេល​ប្រាំ​នាទី​រៀងរាល់​សប្តាហ៍ ។

  • ញញឹម ចូរ​មាន​ចិត្ត​ចង់​ដឹង​ចង់​យល់​ពី​មនុស្ស​ទូទៅ ហើយ​រៀន​សួរ​សំណួរ​ល្អៗ​ដែល​ជួយ​ឲ្យ​មនុស្ស​ផ្សេង​ទៀត​ចង់​និយាយ ។

  • ស្វែងរក​វិធី​នានា​ចាប់ផ្តើម​ការសន្ទនា​មួយ ហើយ​បញ្ចប់​ការ​សន្ទនា​ដោយ​សមរម្យ ។

  • កត់សម្គាល់​ពី​ពេល​ដែល​មនុស្ស​ដទៃ​កំពុង​ព្យាយាម​ចាប់ផ្តើម​ការសន្ទនា ដូច្នេះ​អ្នក​អាច​បើក​ការសន្ទនា ហើយ​ឆ្លើយ​តប ។

ប្រសិន​បើ​អ្នក​ជា​មនុស្ស​រួសរាយ​រាក់ទាក់ ៖

  • ចូរ​ធ្វើ​ឲ្យ​មនុស្ស​ដទៃ​ទៀត​និយាយ​ដោយ​សេរី តាមរយៈ​ការសួរ​សំណួរ ។

  • អនុវត្ត​ធ្វើ​ជា​អ្នក​ពូកែ​ស្តាប់ ។

  • រក​មើល​សញ្ញា​ដែល​អ្នក​ស្តាប់​របស់​អ្នក​ធុញទ្រាន់ ។ ផ្តល់​ឱកាស​ដល់​មនុស្ស​ដទៃ​ទៀត​និយាយ ។

រូបភាព
missionary and Book of Mormon

ជំនាញដែល​ធ្វើ​ឲ្យ​រូបរាងកាយ​មាន​សុខភាព​ល្អ

ក្នុង​នាម​ជា​ប្រធាន​បេសកកម្ម ស្វាមី​របស់​ខ្ញុំ​បាន​និយាយ​ជាមួយ​អ្នក​ផ្សាយ​សាសនា​ម្នាក់​ដែល​ក្រៀមក្រំ​ចិត្ត និង មាន​ការលំបាក ។ ស្វាមី​របស់​ខ្ញុំ​បាន​មាន​អារម្មណ៍​បំផុស​គំនិត​ឲ្យ​សួរ​គាត់​ថា « អែលឌើរ តើ​អ្នក​បរិភោគ​អ្វី​សម្រាប់​ជា​អាហារ​ពេលព្រឹក ?

ការ៉េម ។

តើ​អ្នក​បរិភោគ​អ្វី​សម្រាប់​ជា​អាហារ​ពេលថ្ងៃ​ត្រង់ ?

ដំឡូង​ចៀន ។

តើ​អ្នក​បរិភោគ​អ្វី​សម្រាប់​ជា​អាហារ​ពេលល្ងាច ?

ដំឡូង​ចៀន និង ការ៉េម ។

តើ​អ្នក​បរិភោគតែ​ដំឡូងចៀន និង ការ៉េម​នេះ​អស់​រយៈពេល​ប៉ុន្មាន​ហើយ ?

ប្រហែល​ជា​មួយ​ខែ ។

នេះ​ជា​ការចាត់តាំង​មួយ​សម្រាប់​អ្នក ៖ ទៅ​ផ្ទះ ហើយ​បរិភោគ​អាហារ​ដែល​មាន​ពណ៌​បៃតង—ប៉ុន្តែ​មិនមែន​ជា​ការ៉េម​រសជាតិ​ម៉ុងតុល​ឡើយ ។

របប​អាហារ និង ការហាត់​ប្រាណ​ពិត​ជា​ជះ​ឥទ្ធិពល​លើ​អារម្មណ៍​របស់​យើង​អំពី​ជីវិត​ខ្លួន ។ ចូរ​ចាប់ផ្ដើម​ឥឡូវ​នេះ​ដើម្បី ៖

  • រៀន​អំពី​អាហារ​ដែល​មាន​ជីវជាតិ​ល្អ ។ បរិភោគ​អាហារ​ដែល​ធ្វើ​ឲ្យ​មាន​សុខភាព​ល្អ ។ ប្រសិនបើ​អ្នក​ហូប​រើស​បន្តិច ចូរ​សាកល្បង​អាហារ​ថ្មីៗ ។

  • ហាត់​ប្រាណ ។ ការហាត់​ប្រាណ​ទៀងទាត់​ជួយ​ឲ្យ​មនុស្ស​គ្រប់​គ្នា​គ្រប់គ្រង​លើ​ភាព​តានតឹង​ផ្លូវ​ចិត្ត និង ការបាក់ទឹក​ចិត្ត​បាន​កាន់តែ​ប្រសើរ ។ ចូរ​ចាប់ផ្តើម​ការធ្វើ​លំហាត់​ប្រាណ​បន្តិច​ម្ដងៗ ហើយ​បង្កើន​វា​ឡើង​ដោយ​សន្សឹមៗ ដូច​ជា​ការដើរ​ពេល​យប់ ( ប្រហែល​ជាដើរ​ជាមួយ​មិត្តភក្តិ ឬ ហាត់​ដោយ​ស្តាប់​តន្ត្រី ) រត់​នៅ មួយ​កន្លែង​ពេល​កំពុង​មើល​ការផ្សាយ​ពាណិជ្ជកម្ម​តាម​ទូរទស្សន៍ ឬ ការអង្គុយ​ងើប​ចុះ​ឡើង និង អាវ៉ង់​ជា​ដើម ។

  • រៀន​ថែទាំ​របស់​ទ្រព្យ សម្លៀកបំពាក់ ប្រាក់កាក់ និង ពេលវេលា​របស់​អ្នក​ឲ្យ​បាន​ល្អ ។

  • ចូរ​គ្រប់គ្រង​ការដេក​ពួន ។ ប្រសិន​បើ​អ្នក​មាន​ការពិបាក​ដេក ឬ ភ្ញាក់​ពី​ដេក ចូរ​សុំ​ឲ្យ​គេ​ផ្តល់​យោបល់​ដល់​អ្នក ។ ចូរ​ចូល​ដេក និង ភ្ញាក់​ពី​ដេក ឲ្យ​ទៀង​ម៉ោង​ដែល​អ្នក​អាច​ប្រើ​វា​បាន​ក្នុង​នាម​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា ។

ជំនាញ​នៃ​ការមាន​ភាព​វិជ្ជមាន

  • បង្កើន​ភាព​សប្បាយ​រីករាយ ។ សើច​ចំអន់​ឲ្យ​ខ្លួន​ឯង ប៉ុន្តែ​កុំ​សើច​ចំអន់​ដាក់​គេ​ឡើយ ។ កុំ​ហ្មត់ចត់​ពេក​ដែល​ធ្វើ​ឲ្យ​អ្នក​មាន​ការតានតឹង​ចិត្ត ។

  • សួរ​អ្នកផ្សព្វផ្សាយ​សាសនា​ពីមុនៗ​ឲ្យ​ប្រាប់​អ្នក​នូវ​អ្វី​ដែល​ពិបាក​សម្រាប់​ពួកគេ និង របៀប​ដើម្បី​ដោះ​ស្រាយ​វា ។ ចូរ​ស្វែងរក​យោបល់​នានា​ដែល​អ្នក​អាច​ប្រើ​បាន ។

  • ចូរ​សរសេរ​ខគម្ពីរ និង ទំនុកតម្កើង​ដែល​លើក​ស្ទួយ​អ្នក ហើយ​ធ្វើ​ឲ្យ​អ្នក​មាន​ជំនឿ ។

  • និយាយ​ប្រាប់​ទៅ​កាន់​គំនិត​អវិជ្ជមាន​ដែល​មាន​នៅក្នុង​ចិត្ត​អ្នក ជាមួយ​នឹង​អ្វី​ដែល​វិជ្ជមាន ។ ប្រសិនបើ​គំនិត​នោះ​ ជាការចំអកបញ្ឈឺ​ចិត្ត រិះគន់​ចំអក អាម៉ាស់ កំហឹង ឃោរឃៅ ឬ ធ្វើ​ឲ្យ​អ្នក​អស់សង្ឃឹម ឬ គ្មាន​ប្រយោជន៍ វាមិន​មែន​មក​ពី​ព្រះ​អម្ចាស់​ឡើយ ។ ព្រះសូរសៀង​របស់​ទ្រង់​នឹង​ធ្វើ​ឲ្យ​មាន​សង្ឃឹម ជាការលើក​ទឹកចិត្ត និង មាន​ក្តី​អាណិតអាសូរ​ជានិច្ច ជាពិសេស​នៅពេល​អ្នក​កំពុង​ខិតខំ​ព្យាយាម ។

ជំនាញដែល​ធ្វើ​ឲ្យ​វិញ្ញាណ​ល្អ

  • អធិស្ឋាន​ដោយ​ស្មោះ ។ យាង​ព្រះវរបិតាសួគ៌​មក​គង់​ក្បែរ​អ្នក ហើយ​ទូល​ទៅ​កាន់​ទ្រង់​ដោយ​បើក​ចំហ​អំពី​បញ្ហា​បំណង​ប្រាថ្នា និង អំណរគុណ​របស់​អ្នក ។ ចូរសាកល្បង​អធិស្ឋាន​ឲ្យ​ឮៗ អធិស្ឋាន​ដោយ​មាន​ក្រដាស និង ខ្មៅដៃ​កត់​នូវ​ការបំផុស​គំនិត​នានា ឬ គ្រាន់តែ​អធិស្ឋាន​ដើម្បី​ថ្លែង​អំណរគុណ ។

  • ចូរ​សិក្សា​ព្រះគម្ពីរ ។ ចូរស្វែង​រក និង រំពឹង​រង់ចាំ​ចម្លើយ​ចំពោះ​កង្វល់​របស់​អ្នក ។

  • ចូរធ្វើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា​ក្នុង​ពេល​ឥឡូវ​នេះ ! ទៅ ហើយ​បម្រើ​ជាមួយ​អ្នកផ្សព្វផ្សាយ​សាសនា​ពេញម៉ោង សូម​ជជែក​គ្នា​អំពី​ប្រធានបទ​នៃ​ដំណឹង​ល្អរៀងរាល់​ថ្ងៃ​ជាមួយមិត្តភក្តិ​របស់​អ្នក ។ ជជែក​ជាមួយ​មិត្តភក្តិ​របស់​អ្នក ចាត់​ទុក​ពួកគេ​ដូច​ជា​សមាជិក ហើយ​ថ្លែង​ទីបន្ទាល់​យ៉ាងស្មោះត្រង់​នៅ​ព្រះវិហារ ។ អ្នក​នឹង​ទទួល​បាន​នូវ​ក្តីរំភើប​កាន់តែ​ខ្លាំង ​អំពី​កិច្ចការ​ផ្សព្វផ្សាយ​សាសនា នៅ​ពេល​អ្នក​បាន​ធ្វើ​នូវ​កិច្ចការ​នេះ ។