២០១៦
ឪពុក​ម្ដាយ​របស់​ខ្ញុំ​ប្រើពាក្យ​ជេរ ស្ដាប់​ចម្រៀង​ឮ​ខ្លាំងៗ និង មើល​កម្មវិធី​ទូរទស្សន៍​ដែល​មិន​សមរម្យ ។ តើ​ខ្ញុំ​អាច​ធ្វើ​អ្វី​ដើម្បី​មាន​អារម្មណ៍​ពី​ព្រះវិញ្ញាណ​នៅ​ផ្ទះ ជា​ពិសេស​នៅ​ថ្ងៃ​អាទិត្យ ?
June 2016


សំណួរ និង ចម្លើយ

« ឪពុក​ម្ដាយ​របស់​ខ្ញុំ​ប្រើពាក្យ​ជេរ ស្ដាប់​ចម្រៀង​ឮ​ខ្លាំងៗ និង មើល​កម្មវិធី​ទូរទស្សន៍​ដែល​មិន​សមរម្យ ។ តើ​ខ្ញុំ​អាច​ធ្វើ​អ្វី​ដើម្បី​មាន​អារម្មណ៍​ពី​ព្រះវិញ្ញាណ​នៅ​ផ្ទះ ជា​ពិសេស​នៅ​ថ្ងៃ​អាទិត្យ ? »

ពេល​អ្នក​ជ្រមុជទឹក អ្នក​បាន​ទទួល​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ នេះ​មាន​ន័យ​ថា មិន​ថា​នៅក្នុង​កាលៈទេសៈ​បែប​ណា​នោះ​ទេ អ្នក​អាច​មាន​ភាព​ជាដៃ​គូ​នៃ​ព្រះវិញ្ញាណ​ប្រសិនបើ​ខ្លួន​អ្នក​ផ្ទាល់​មាន​ភាព​សក្តិសម ហើយ​ធ្វើ​ការសម្រេចចិត្ត​ផ្ទាល់​ខ្លួន​ល្អ​ត្រឹមត្រូវ​នោះ ។

នៅពេល​អ្នក​ទទួលទាន​សាក្រាម៉ង់​រាល់​សប្តាហ៍ អ្នក​នឹង​ត្រូវបាន​រំឭក​ពី​សេចក្តីសញ្ញា​របស់​អ្នក​ជាមួយ​ព្រះវរបិតាសួគ៌​ថា « លើក​ដាក់​មក​លើ​ខ្លួន [ អ្នក ] នូវ​ព្រះនាម​នៃ​ព្រះរាជបុត្រា​របស់ [ ទ្រង់ ] … ប្រយោជន៍​ឲ្យ [ អ្នក ] អាច​បាន​ព្រះវិញ្ញាណ​របស់​ទ្រង់​គង់​នៅ​ជាមួយ​នឹង [ អ្នក ] ជា​ដរាប » ( គ. និង ស. ២០:៧៧ ) ។ តាមរយៈ​ការរក្សា​សេចក្តីសញ្ញា​របស់​អ្នក នោះ​អ្នក​អាច​បន្ត​មាន​ភាពសក្តិសម​ធ្វើ​ជា​ដៃគូ​នៃ​ព្រះវិញ្ញាណ ។

ការចូលរួម​ការប្រជុំសាក្រាម៉ង់ និង ការប្រជុំ​ផ្សេងៗ​ទៀត​នៃ​ព្រះវិហារ​គឺ​ពុំ​មែន​ជា​របៀបតែ​មួយ​ដែល​ផ្តោត​លើ​ការរក្សា​សេចក្តីសញ្ញា​របស់​អ្នក​នៅ​ថ្ងៃ​អាទិត្យ​ឡើយ ។ ដោយ​ពុំ​គិត​ពី​កាលៈទេសៈ​ក្នុង​ផ្ទះ​របស់​អ្នក​បែប​ណា​ឡើយ អ្នក​អាច​បង្ហាញ​ព្រះវរបិតាសួគ៌​នូវ​ការប្តេជ្ញាចិត្ត​របស់​ខ្លួន ចំពោះ​សេចក្តីសញ្ញា​របស់​អ្នក តាមរយៈ​ការធ្វើ​ពង្សប្រវត្តិ ការសិក្សា​ដំណឹង​ល្អ ហើយ​បម្រើ​អ្នក​ដទៃ ជាពិសេស​អស់​អ្នក​ដែល​ឯកោ ឬ ឈឺ​ស្កាត់ ។ ដោយ​ការជ្រើសធ្វើ​កិច្ចការ​ទាំង​នេះ ទោះបី​ជា​គ្រួសារ​របស់​អ្នក​ពុំ​ធ្វើ​ក៏​ដោយ នោះ​អ្នក​នឹង​មាន​អំណរ និង ក្តី​រីករាយ ។ ( សូមមើល រ័សុល អិម ណិលសុន « The Sabbath Is a Delight » Liahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ១២៩–៣២ ) ។

លើក​រឿង​នោះ​មក​និយាយ

ទោះបី​ជា​ឪពុក​ម្តាយ​របស់​អ្នក​ជា​សមាជិក ឬ មិនមែន​សមាជិក​សាសនាចក្រ​ក្តី សូម​ជជែក​វែកញែក​ជាមួយ​ពួកគេ​ថា​តើ​វា​សំខាន់​ខ្លាំង​ប៉ុណ្ណា​ចំពោះ​អ្នក ដើម្បី​មាន​ព្រះវិញ្ញាណ​គង់​ជាប់​ជា​ដរាប​នៅក្នុង​ផ្ទះ​របស់​អ្នក ជាពិសេស​នៅ​ថ្ងៃ​អាទិត្យ ។ ចំពោះ​ករណី​នេះ អ្នក​អាច​ជ្រើស​យក​កន្លែង​ដែល​ស្ងប់ស្ងាត់​បំផុត​នៅក្នុង​ផ្ទះ ហើយ​អញ្ជើញ​សមាជិក​ផ្សេង​ទៀត​នៃ​សាសនាចក្រ​ឲ្យ​មក​ជាមួយ​អ្នក ហើយ​ពួកគេ​ទាំង​អស់​គ្នា​អញ្ជើញ​ព្រះវិញ្ញាណ​ឲ្យ​គង់​នៅទីនោះ ។ ខ្ញុំ​ដឹង​ថា ប្រសិនបើ​អ្នក​រក្សា​ថ្ងៃ​ឈប់​សម្រាក​ឲ្យ​បាន​បរិសុទ្ធ នោះ​ព្រះអម្ចាស់​នឹង​ប្រទាន​ពរ​ដល់​អ្នក​យ៉ាង​ច្រើន​ក្រាស់ក្រែល ។

ចូសការែស ស៊ី អាយុ ១៦ ឆ្នាំ ទីក្រុង សាន់ឌីអាហ្គូ ដូមីនហ្កូ សាធារណៈរដ្ឋ ដូមីនីហ្គែន

អធិស្ឋាន​ឲ្យ​ឪពុក​ម្ដាយ​អ្នក

អ្នក​អាច​អធិស្ឋាន​សម្រាប់​ឪពុក​ម្ដាយ​អ្នក ។ ដូច​មរមន​បាន​សរសេរ​ថា « ព្រះអម្ចាស់​នឹង​នឹក​ចាំ​ដល់​សេចក្តី​អធិស្ឋាន​ទាំងឡាយ​នៃ​ពួក​សុចរិត​ដែល​ត្រូវ​បាន​ថ្វាយ​ដល់​ទ្រង់​ដើម្បី​ពួកគេ » ( មរមន ៥:២១ ) ។ ឪពុក​ម្ដាយ​របស់​អ្នក​ប្រហែល​ជា​ពុំ​ឈប់​ធ្វើ​បែប​នោះ​ភ្លាម​ទេ ប៉ុន្តែ​ព្រះអម្ចាស់​នឹង​ជួយ​អ្នក ។

ខូល អិម អាយុ ១៧ ឆ្នាំ រដ្ឋ អារីហ្សូណា ស.រ.អា.

ផ្តោត​ចិត្ត​ធ្វើ​កិច្ចការ​ល្អៗ

ថ្ងៃ​អាទិត្យ​ជា​ថ្ងៃ​មួយ​លំបាក​ជានិច្ច​ចំពោះ​ខ្ញុំ​ពេល​នៅ​ផ្ទះ ។ ខ្ញុំ​ជា​សមាជិក​នៃ​សាសនាចក្រ​តែ​ម្នាក់​ឯង​នៅ​ក្នុង​គ្រួសារ​របស់​ខ្ញុំ ហើយ​ឪពុក​ម្តាយ និង បងប្អូន​របស់​ខ្ញុំ​មើល​ទូរទស្សន៍ ហើយ​ស្តាប់​តន្ត្រី​ផ្សេងៗ​នៅ​ថ្ងៃ​អាទិត្យ ។ ខ្ញុំ​ចង់​បង្ហាញ​សេចក្តីស្រឡាញ់​របស់​ខ្ញុំ​ចំពោះ​ព្រះវរបិតាសួគ៌​របស់​ខ្ញុំ តាមរយៈ​ការរក្សា​ថ្ងៃ​ឈប់​សម្រាក​ឲ្យ​បរិសុទ្ធ ។ ខ្ញុំ​អាច​ទៅ​បន្ទប់​ដេក​របស់​ខ្ញុំ​ហើយ​អាន​ព្រះគម្ពីរ ស្តាប់​តន្ត្រី​សាសនាចក្រ ព្រមទាំង​ទៅ​សួរសុខទុក្ខ​មិត្តភក្តិ​របស់​ខ្ញុំ ឬ ទៅ​ជាមួយ​អ្នក​ផ្សព្វផ្សាយ​សាសនា ។ ខ្ញុំ​មាន​អំណរ​គុណ​ជា​ខ្លាំង​ចំពោះ​ជំនួយ​របស់​ព្រះអម្ចាស់ ដើម្បី​គោរព​ថ្ងៃ​ឈប់​សម្រាក​ដោយ​ឧស្សាហ៍​ព្យាយាម និង កម្លាំង​ដែល​ទ្រង់​ប្រទាន​ដល់​ខ្ញុំ​ជានិច្ច ។

ឡេស ឌឺ ហូសឹ អិម អាយុ ១៩ ឆ្នាំ ទីក្រុង សើហ្គីប ប្រទេស ប្រេស៊ីល

ប្រើ​ធនធាន​នានា​របស់​សាសនាចក្រ

ប្រសិនបើ​អ្នក​មាន​ទូរសព្ទ​ដៃ​ស្មាតហ្វូន ឬ tablet នោះ​អ្នក​អាច​ទាញ​យក​កម្មវិធី Mormon Channel និង LDS Youth ។ កម្មវិធី​នេះ​មាន​ពេញ​ដោយ​ចម្រៀង វីដេអូ និង សុន្ទរកថា​ដ៏​អស្ចារ្យ ដែល​យាង​ព្រះវិញ្ញាណ​ឲ្យ​មក​ជានិច្ច​នៅពេល​យើង​ស្តាប់​វា ! វា​ជា​អ្វី​ដែល​សាមញ្ញ ប៉ុន្តែ​វា​ពិត​ជា​ជួយ​ខ្ញុំ​មាន​ព្រះវិញ្ញាណ ទោះបី​ជា​មាន​សំឡេង​អ៊ូអរ​ហ៊ុំ​ព័ទ្ធ​ជុំ​វិញ​ខ្ញុំ​ក្តី ។ វា​មាន​ការផ្លាស់ប្តូរ ហើយ​នាំ​ក្តីសុខសាន្ត​ចូល​មក​ក្នុង​ផ្ទះ​ទាំង​មូល ។

ហាន់ធើរអ៊ីវ វី អាយុ ១៦ ឆ្នាំ រដ្ឋ តិចសាស ស. រ. អា.

បែរ​ទៅ​រក​ព្រះគម្ពីរ

សូម​និយាយ​ជាមួយ​ឪពុក​ម្តាយ​របស់​អ្នក​អំពី​សកម្មភាព​ដែល​ពួកគាត់​ធ្វើ ប៉ុន្តែ​ប្រសិនបើ​ពួកគាត់​ពុំ​ស្តាប់​ទេ អ្នក​អាច​អធិស្ឋាន​ទូលសុំ​ការណែនាំ​អំពី​របៀប​ដែល​ជួយ​អ្នក​ឲ្យ​មាន​អារម្មណ៍​ពី​ព្រះវិញ្ញាណ​នៅក្នុង​ផ្ទះ​របស់​អ្នក ។ ដើម្បី​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ​នៅ​ក្នុង​ផ្ទះ​របស់​ខ្ញុំ ខ្ញុំ​អាន​ព្រះគម្ពីរ ហើយ​ការណ៍​នេះ​បាន​យាង​ព្រះវិញ្ញាណ​មក​ក្នុង​បន្ទប់​របស់​ខ្ញុំ​ជានិច្ច ។

ប្លែក អ៊ី អាយុ ១៤ ឆ្នាំ រដ្ឋ យូថាហ៍ ស.រ.អា.

ធ្វើ​តាម​គំរូ​របស់​ព្រះអង្គសង្គ្រោះ

វា​សំខាន់​ថា​ផ្ទះ​ត្រូវ​មាន​ព្រះវិញ្ញាណ​គង់​នៅ ប៉ុន្តែ​អ្វី​ដែល​សំខាន់​ជាង​នេះ​ទៅ​ទៀត​នោះ​គឺ​ថា​បុគ្គល​ម្នាក់​នោះ​ត្រូវ​មាន​ព្រះវិញ្ញាណ​បរិសុទ្ធ​គង់​នៅ​ជាមួយ ។ ព្រះគ្រីស្ទ​គឺ​ជា​គំរូ​ល្អ​អំពី​ការមាន​ព្រះវិញ្ញាណ​គង់​នៅ​ជាមួយ​ទ្រង់​គ្រប់​ពេល​វេលា​ទាំងអស់ ។ ចូរ​ព្យាយាម​រស់នៅ​ឲ្យ​កាន់តែ​ដូច​ជា​ព្រះគ្រីស្ទ មាន​ចិត្ត​សប្បុរស​ចំពោះ​មនុស្ស​ដទៃ ហើយ​មើល​ពិភពលោក​នេះ​តាម​របៀប​ដែល​ទ្រង់​ទត​មើល នោះ​ប្រហែល​ជា​វិធី​មួយ​ល្អ​បំផុត ដើម្បី​រក្សា​ព្រះវិញ្ញាណ​ឲ្យ​គង់​នៅ​ជាមួយ​អ្នក​មិន​ថា​អ្នក​នៅ​ទីណា​ឡើយ ។

អ៊ីសាប៉ែត ដ័បុលយូ អាយុ ១៦ ឆ្នាំ រដ្ឋ អូរ៉េហ្គិន ស.រ.អា.

ផ្តល់​យោបល់​សម្រាប់​សកម្មភាព​គ្រួសារ

នៅ​ថ្ងៃ​អាទិត្យ អាច​មាន​សកម្មភាព​នានា​ដែល​អ្នក​អាច​ធ្វើ​ជាមួយ​គ្រួសារ​បាន ។ សូម​ផ្តល់​យោបល់​មួយ​ចំនួន​ដែល​គ្រួសារ​អាច​ធ្វើ​កិច្ចការ​ជាមួយ​គ្នា ដោយ​កុំ​ឲ្យ​អ្វីៗ​ដែល​មិន​សមរម្យ​នោះ​កើត​ឡើង​ឡើយ ។ ប្រសិនបើ​អ្នក​កំពុង​ធ្វើ​កិច្ចការ​អ្វី​មួយ​ជាគ្រួសារ នោះ​វា​នឹង​នាំ​ឲ្យ​អ្នក​មាន​ភាពស្និទ្ធស្នាល​នឹង​គ្នា ។ ហើយ​យោបល់​នោះ​ផ្តល់​គំនិត​ផ្សេងៗ​ដល់​សមាជិក​គ្រួសារ​អំពី​អ្វី​ដែល​អ្នក​អាច​ធ្វើ​នៅ​ថ្ងៃ​អាទិត្យ ។ ប្រហែល​ជា​សប្តាហ៍​ក្រោយ​ពួកគេ​និយាយ​ថា « ហេ៎ អ្វី​ដែល​យើង​បាន​ធ្វើ​កាល​ពី​សប្តាហ៍​មុន​នោះ​សប្បាយ​ណាស់—តោះ​យើង​ធ្វើ​វា​ម្តង​ទៀត » ។

រាយអែន ប៊ី អាយុ ១៩ ឆ្នាំ រដ្ឋ អៃដាហូ ស.រ.អា.