២០១៦
អារម្មណ៍​សុខសាន្ត​នៃ​ព្រះវិហារ​បរិសុទ្ធ
June 2016


អារម្មណ៍​សុខសាន្ត​នៃ​ព្រះវិហារ​បរិសុទ្ធ

ខាធី រូសើរ រដ្ឋ​កាលីហ្វូញ៉ា ស.រ.អា.

រូបភាព
taking pictures at the temple

រូប​គំនូរ​ដោយ អេលែន ហ្គានស៍

ខ្ញុំ​មាន​ឱកាស​ទៅ​សួរសុខទុក្ខ​កូនស្រី​ខ្ញុំ ខាលី នៅ​ទីក្រុង ឡាស វ៉េហ្គាស រដ្ឋ ណាវ៉ាដា ស.រ.អា. ដែល​នាង​ទើប​តែ​បាន​ប្តូរ​ទៅ​នៅ​ទីនោះ​ជាមួយ​ស្វាមី និង កូន​ពីរនាក់​របស់​នាង ។ វួដ​របស់​ខាលី​ជួប​ប្រជុំ​នៅ​ពេល​ថ្ងៃត្រង់ ដូច្នោះ​នៅពេល​ព្រឹក​យើង​មាន​ពេលវេលា​ដ៏​រីករាយ​ដើម្បី​រៀបចំ​ខ្លួន ហើយ​ពិភាក្សា​ពី​កិច្ចការ​នានា​បន្ទាប់​ពី​ព្រះវិហារ ។ ដោយសារ​ខាលី​គ្មាន​ឱកាស​ទៅ​លេង​ព្រះវិហារ​បរិសុទ្ធ​នៅ​ឡើយ នោះ​យើង​បាន​សម្រេច​ចិត្ត​ទៅ ហើយ​ថតរូប​មួយ​ចំនួន​របស់​កូន​យើង​លេង​នៅ​បរិវេណ​ព្រះវិហារ​បរិសុទ្ធ ។

នៅពេល​យើង​ទាំងអស់​គ្នា​នៅ​ព្រះវិហារ​បរិសុទ្ធ បរិវេណ​ព្រះវិហារ​បរិសុទ្ធ ឡាស វ៉េហ្គាស ណាវ៉ាដា​មាន​ភាពស្រស់ស្អាត ហើយ​មាន​ការររក្សា​សណ្តាប់ធ្នាប់​ដោយ​មាន​ប្រភពទឹក និង ផ្កា​ដ៏​ស្រស់​ស្អាត ។

បន្ទាប់​ពី​អាន​រឿង​មួយ​ដែល​ប្រធាន ថូម៉ាស អេស ម៉នសុន​បាន​ប្រាប់ ខាលី​មាន​ចិត្ត​អន្ទះសារ​ចង់​យក​កូន​របស់​នាង​ទៅ​ព្រះវិហារ​បរិសុទ្ធ ប្រយោជន៍​ឲ្យ​ពួកគេ​អាច​ស្ទាប​វា ( សូមមើល « Finding Peace » Liahona ខែ មិនា ឆ្នាំ ២០០៤ ទំព័រ ៥–៦ ) ។ ចំណុច​ដំបូង​ដែល​នាង​បាន​ពន្យល់​ដល់​កូន​ស្រី​របស់​នាង ស្តេឡា​នោះ​គឺ​អំពី​ភាពពិសិដ្ឋ និង សារៈសំខាន់​នៃ​ព្រះវិហារ​បរិសុទ្ធ ។

ស្តេឡា​បាន​យល់​ស្មើ​នឹង​កុមារ​អាយុ​បី​ឆ្នាំ​អាច​យល់​អំពី​ការណ៍​នោះ ហើយ​យើង​បាន​ជំរុញ​ចិត្ត​ឲ្យ​នាង​ស្ទាប​ព្រះវិហារ​បរិសុទ្ធ ។ យើង​បាន​ថត​រូប​ជាច្រើន​របស់​ស្តេឡា និង ប្អូន​ប្រុស​អាយុ​បីខែ​របស់​នាង​ស្ទាប​ព្រះវិហារ​បរិសុទ្ធ ។

ដល់​ពេល​ត្រូវ​ត្រឡប់​ទៅវិញ ស្តេឡា​មាន​ចិត្ត​ស្ទាក់ស្ទើរ​មិន​ចង់​ទៅ ។ យើង​គិត​ថា យើង​បាន​យល់​ពី​មូលហេតុ​នោះ នាង​បាន​មាន​ពេល​ដ៏​រីករាយ​នៅក្នុង​បរិវេណ​ដ៏​ស្រស់ត្រកាល​នោះ និង គ្មាន​អារម្មណ៍​សង្ស័យ​ដែល​ជា​អារម្មណ៍​ដូច​ដែល​យើង​មាន​ដែរ ។

បន្ទាប់​ពីយក​នាង​ដាក់​ក្នុង​ឡាន ហើយ​ពាក់​ខ្សែ​ក្រវ៉ាត់​សុវត្ថិភាព​ហើយ យើង​បាន​ចាប់​ផ្តើម​ចេញ​ដំណើរ ។ ខ្ញុំ​បាន​ងាក​ក្រោយ ហើយ​លើក​ដៃ​គ្រវី ហើយ​និយាយ​ដាក់​ស្តេឡា ថា « ចូរ​លា​ព្រះវិហារ​បរិសុទ្ធ » ទៅ​កូន ។ នាង​បាន​ក្រឡេក​មើល​ព្រះវិហារ​បរិសុទ្ធ ហើយ​លើក​ដៃ​គ្រវី ហើយ​និយាយ​ថា « លា​ហើយ​ព្រះវិហារ​បរិសុទ្ធ ។ លា​ហើយ​លោក​តា » ។ ខ្ញុំ​ពុំ​បាន​ដឹង​ច្បាស់​ទេ ថា​ខ្ញុំ​បាន​ឮ​ត្រឹមត្រូវ​ពី​អ្វី​ដែល​នាង​និយាយ ប៉ុន្តែ​នៅពេល​ខ្ញុំ​បាន​ងាក​មើល​ខាលី ហើយ​បាន​ឃើញ​នាង​យំ ខ្ញុំ​បាន​ដឹង​ថា​យើង​ទាំងពីរ​នាក់​បាន​ឮ​ដូចគ្នា​នូវ​អ្វី​ដែល​នាង​បាន​និយាយ ។

ជីតា​របស់​ស្តេឡា—គឺ​ស្វាមី​របស់​ខ្ញុំ ធីម—បាន​ចែកឋាន​ទៅ​បួន​ឆ្នាំ​មុន​ស្តេឡា​កើត ។ នាង​បាន​ឃើញ​រូបថត​របស់​គាត់ ហើយ​បាន​ស្តាប់​ឮ​គ្រួសារ​យើង​និយាយ​អំពី​គាត់ ប៉ុន្តែ​យើង​ពុំ​បាន​និយាយ​អ្វី​ពី​គាត់​នៅ​ថ្ងៃ​នោះ​ទេ ។

កាល​ធីម​បាន​ចែកឋាន​ទៅ យើង​មាន​តែ​ចៅ​ម្នាក់​គត់ ។ ឥឡូវ​យើង​មាន​ចៅ ១២​នាក់ ហើយ​នៅពេល​ណា​ខ្ញុំ​បី​ចៅ​តូច​ដ៏​មាន​តម្លៃ​ទាំង​នោះ​ដែល​ទើប​នឹង​ចាកចេញ​មក​ពី​វត្តមាន​របស់​ព្រះវរបិតាសួគ៌​របស់​យើង នោះ​ខ្ញុំ​ចង់​សួរ​ថា « តើ​ចៅៗ​បាន​ជួប​ជីតា​របស់​ចៅ​ទេ ? តើ​លោក​តា​បាន​ផ្តល់​ដំបូន្មាន​អ្វី​ខ្លះ​មក​ជាមួយ​ចៅ ? »

ទីបន្ទាល់​របស់​ខ្ញុំ​អំពី ភាពពិសិដ្ឋ​នៃ​ព្រះវិហារ​បរិសុទ្ធ​មាន​ភាពរឹងមាំ​នៅ​ថ្ងៃ​នោះ ។ យើង​ពុំ​អាច​នាំ​កូន​តូច​របស់​យើង​ទៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ជាមួយ​យើង​ឡើយ ប៉ុន្តែ​យើង​អាច​យក​ពួកគេ​ទៅ​កាន់​ទ្វារ​ព្រះវិហារ ហើយ​ឲ្យ​ពួកគេ​ដាក់​ដៃ​ខ្លួន​លើ​ទ្វារ​នោះ ដែល​មាន​សមាជិក​សក្តិសម​ជា​ច្រើន​រាប់​មិន​អស់​បាន​ធ្លាប់​ចូលរួម​ក្នុង​ដំណាក់​របស់​ព្រះអម្ចាស់ ។