២០១៦
មនុស្ស​គ្រប់​គ្នា​អាច​រៀន​ពី​ព្យាការី
June 2016


មនុស្ស​គ្រប់​គ្នា​អាច​រៀន​ពី​ព្យាការី

ហែនរី ស៊ីរ៉ន ស៊ីញ័រ រដ្ឋ ហាវ៉ៃ ស.រ.អា.

រូបភាព
learning from President George Albert Smith

រូប​គំនូរ​ដោយ អេលែន ហ្គានស៍

កាល​ខ្ញុំ​មាន​អាយុ ១៧ ឆ្នាំ ខ្ញុំ​បាន​ធ្វើកា​រ​នៅ​សណ្ឋាគារ​មួយ​នៅទីក្រុង កៃលូ កូណា ហាវ៉ៃ ស.រ.អា. ។ ដោយ​ធ្វើ​ជា​អ្នក​ជញ្ជូន​ឥវ៉ាន់​ពី​ឡាន នោះ​ខ្ញុំ​បាន​ជួប​មនុស្ស​ល្បីៗ​ជា​ច្រើននាក់​ដែល​ជា​ភ្ញៀវ​នៃ​សណ្ឋាគារ រួមមាន ចន វែនី ដូរូធី ឡាម័រ និង អេសធើរ វិល្លាម ។

នា​ល្ងាច​មួយ បន្ទាប់​ពី​ភ្ញៀវ​ជាច្រើន​បាន​មក​ដល់ ខ្ញុំ​បាន​ឆ្លៀត​ពេលសម្រាក​បន្តិច​នៅ​ខាង​មុខ​សណ្ឋាគារ​នោះ នៅពេល​ឡាន​ពណ៌​ខ្មៅ​ដ៏ប្រណិត​មួយ​បាន​ឈប់​លើ​ចិញ្ចើម​ថ្នល់ ហើយ​មា​ន​មនុស្ស​ប្រាំពីរ​នាក់​បានចុះ​ពី​ឡាន ដោយ​ស្លៀក​ខោ​ខ្មៅ អាវ-ស និង ក្រវ៉ាត់​ក ។ មាន​បុរស​ម្នាក់​ទៀត​ពាក់​ខោអាវ​ធំ​ពណ៌ខ្មៅ​បាន​ដើរ​ចេញ​មក​ជាមួយ​ពួកគេ ។ បន្ទាប់​ពី​តៃកុង​ឡាន​បាន​ចត​ឡាន​រួច ពួកគេ​ទាំងអស់​គ្នា​បាន​ចូល​ទៅ​បន្ទប់​អាហារ​ដើម្បី​បរិភោគ​អាហារ​ពេល​ល្ងាច ។ ខ្ញុំ​បាន​គិត​ថា ពួកគេ​ដូច​ជា​ពួក អ្វែហ ប៊ី​ អាយ នៅពេល​ខ្ញុំ​បាន​ត្រឡប់​ទៅ​ក្នុង​សណ្ឋាគារ​វិញ ដើម្បី​បន្ត​ភារៈកិច្ច​ខ្ញុំ ដោយ​បម្រើ​សេវ៉ា​តាម​បន្ទប់ ។​

មួយ​ម៉ោង​ក្រោយ​មក ខ្ញុំ​បាន​ចេញ​មក​ក្រៅ​សណ្ឋាគារ​ម្តង​ទៀត​ជក់​បារី ខ្ញុំ​បាន​ឃើញ​មនុស្ស​មួយ​ក្រុម​ដដែល​នោះ ដែល​ខ្ញុំ​បាន​ឃើញ​ពី​មុន​បាន​ត្រឡប់​មក​ឡាន​របស់​ពួកគេ​វិញ ហើយ​រង់ចាំ​នៅ​ចិញ្ចឹម​ថ្នល់ ។ ពួកគេ​បាន​ដើរទៅ​កាន់​ឡាន​របស់​ខ្លួន ហើយ​បាន​បើក​ទ្វារ​ឡានខាង​ក្រោយ ឲ្យ​បុរស​ពាក់​ខោអាវ​ធំ​ខ្មៅ​នោះ​ចូល ។ ផ្ទុយ​ទៅវិញ​បុរស​ពាក់​ខោអាវ​ធំ​ខ្មៅ​នោះ​ពុំ​ចូល​ឡាន​ទេ លោកបាន​ឈប់ បែរ​មក​ក្រោយ​ហើយ​ងាក​មើល​ខ្ញុំ ហើយ​ដើរ​សំដៅ​មក​ខ្ញុំ​ដែល​កំពុង​ផ្អែក​ខ្នង​ទៅ​នឹង​ជញ្ជាំង​អគារ ។

គាត់​ខ្ពស់ ហើយ​ស្គម ដោយ​ពាក់​វ៉ែនតា​តូចស្តើង ព្រមទាំង​មាន​ពុក​ចង្កា​ស្តើង​ជុំវិញ​មាត់ ។ គាត់​បាន​លូក​ដៃ​មក​ចាប់​ដៃ​ខ្ញុំ ហើយ​ដាក់​ដៃ​ម្ខាង​ទៀត​លើ​ស្មា​ខ្ញុំ ។ ខ្ញុំ​មាន​ការ​ភ្ញាក់ផ្អើល​ថា បុរស​ដែល​មើល​ទៅ​មាន​ភាពថ្លៃថ្នូរ​បានមក ហើយ​និយាយ​ជាមួយ​ខ្ញុំ ដែល​ជា​យុវជន​ម្នាក់​ដែល​គាត់​មិន​ស្គាល់​សោះ ។

ខ្ញុំ​ពុំ​អាច​ចាំ​អស់​ពី​ពាក្យ​ដែល​គាត់​និយាយ​មក​កាន់​ខ្ញុំ​ឡើយ ក្រៅ​ពី​ពាក្យ​ថា « សារ​ធាតុ​ទាំងនោះ​មិន​ល្អ​សម្រាប់​អ្នក​ឡើយ » គាត់​កំពុង​តែ​និយាយ​អំពី​ការជក់​បារី​របស់​ខ្ញុំ ។ ចិត្ត​សប្បុរស និង អត្តចរិត​របស់​គាត់​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង ។

មួយ​ឆ្នាំ​ជាង​ក្រោយ​មក ខ្ញុំ​បាន​រៀន​ជាមួយនឹង​ពួក​អ្នកផ្សព្វផ្សាយ​សាសនា ហើយ​បាន​ជ្រមុជ​ទឹក ។

ខណៈ​កំពុង​មើល​រូបភាព​របស់​ថ្នាក់​ដឹកនាំ​សាសនាចក្រ នោះ​ខ្ញុំ​បាន​កត់សម្គាល់​ឃើញ​រូបភាព​មួយ​របស់​ប្រធាន ចច អ័លប៊ើត ស៊្មីធ ( ឆ្នាំ ១៨៧០–១៩៥១ ) ហើយ​បាន​ស្គាល់​លោក​ភ្លាម​ថា​ជា​បុរស​ម្នាក់ដែល​មាន​ចិត្ត​សប្បុរស និង មាន​ភាពថ្លៃថ្នូរ​នោះ ដែល​ខ្ញុំ​បាន​ជួប​នៅ​មុខ​សណ្ឋាគារ ។ ខ្ញុំ​មាន​អារម្មណ៍​កោតសរសើរ​កាន់តែ​ខ្លាំង​ថា ប្រធាននៃសាសនាចក្រ​ធ្វើ​នូវ​កិច្ចការ​បែប​នោះ​ចំពោះ​មនុស្ស​ដូច​ជា​ខ្ញុំ ដែល​ជា​ក្មេង​ម្នាក់​មិនមែន​ជា​សមាជិក​សាសនាចក្រ ហើយ​មិនទាំង​សំខាន់​ផង​នោះ ។

លោក​ជា​បុរស​ម្នាក់​អស្ចារ្យ​អ្វី​ម៉្លេះ ដែល​បាន​បង្ហាញ​សេចក្តី​ស្រឡាញ់​និង កង្វល់​បែប​នោះ​ចំពោះក្មេង​ម្នាក់​ដែល​ធ្វើ​ការ​នៅក្នុង​តំណែង​មួយ​ដែល​មិន​សំខាន់ ហើយ​គ្មាន​ការយល់ដឹង​ពី​ដំណឹង​ល្អ ឬ សេចក្តីស្រឡាញ់​របស់​ព្រះវរបិតាសួគ៌ចំពោះ​យើង ។

ហុកសិប​ប្រាំ​ឆ្នាំ​ក្រោយ​មក ខ្ញុំ​មាន​ការយល់ដឹង​កាន់តែ​ច្បាស់​អំពី​ការយកចិត្ត​ទុកដាក់ និង សេចក្តី​ស្រឡាញ់​នោះ ហើយ​ខ្ញុំ​ព្យាយាម​មើល​មនុស្ស​ដែល​នៅជុំ​វិញ​ខ្លួន​ខ្ញុំ​ដូច​ជា​ប្រធាន​ស្ម៊ីធ​បាន​មើល​មក​ខ្ញុំដែរ ។