២០១៦
ភ្នែក​របស់​មនុស្ស​ខ្វាក់​នឹង​មើល​ឃើញ
June 2016


ភ្នែក​របស់​មនុស្ស​ខ្វាក់ នឹង​មើល​ឃើញ

យើង​អាច​ពិចារណា​ពី​ការចេញ​មក​នៃ​ព្រះគម្ពីរ​មរមន ទុកជា​ការស្តារ​ឡើង​វិញ​ដ៏​អស្ចារ្យ​នៃ​ចក្ខុវិស័យ​ខាង​វិញ្ញាណ ។

រូបភាព
Isaiah writing

ខាង​លើ​បំផុត ៖ រូបភាព​ដកស្រង់​មក​ពី ព្យាការី​អេសាយ​ព្យាករ​ពី​ការប្រសូត​របស់​ព្រះគ្រីស្ទ ដោយ ហារី អែលឌើរសុន

អេសាយ​បាន​ព្យាករ​ថា នៅ​ថ្ងៃ​ចុងក្រោយ ព្រះអម្ចាស់​នឹង​បន្ត​ធ្វើ « ការណ៍ យ៉ាង​អស្ចារ្យ ហើយ​ចំឡែក » ហើយ​លោក​បាន​ព្យាករ​ពី​ការចេញ​មក​នៃ​ព្រះគម្ពីរ​មរមន​ដោយ​ថ្លែង​ថា « ភ្នែក​របស់​មនុស្ស​ខ្វាក់​នឹង​មើល​ឃើញ ពី​ក្នុង​សភាព​ជា​ងងឹត ហើយ​សូន្យសុង » ( អេសាយ ២៩:១៤, ១៨ ) ។

« សភាពល្ងិតល្ងង់ »

នៅ​ក្នុង​សម័យ​ពីមុន​ការនិមិត្ត​ដំបូង​ដ៏​រុងរឿង ការរំជើបរំជួល​ខាង​សាសនា​នៅ​ភូមិ ម៉ែនឆែសស្ទើរ រដ្ឋ ញូវ យ៉ក ស.រ.អា. មាន​ភាពច្របូកច្របល់​យ៉ាង​ខ្លាំង ។ យ៉ូសែប ស៊្មីធ​បាន​ថ្លែង​ថា « ការរំជួល និង ការឈ្លោះ​ប្រកែក​គ្នា​ជា​ខ្លាំង​ក្នុង​ចំណោម​បក្សពួក​ផ្សេងៗ ដល់ម៉្លេះ​បាន​ជា​ពិបាក​ដល់​ជន​ដូច​រូប​ខ្ញុំ … ឲ្យ​ចេះ សម្រេច​ចិត្ត​ថា​នរណា​មួយ​ត្រូវ ហើយ​នរណា​មួយ​ខុស​នោះ​ឡើយ » ( យ៉ូសែប ស្ម៊ីធ–ប្រវត្តិ ១:៨ ) ។

ព្រះគម្ពីរ​មរមន​និយាយ​សំដៅ​លើ​ការរំជើបរំជួល​ពី​មុន​ការស្តារ​ឡើង​វិញ​នេះ​ថា​ជា «សភាពល្ងិតល្ងង់ … ដោយ​មក​ពី​ភាគ​ដ៏​ច្បាស់ និង ពិសេស​ទាំងប៉ុន្មាន​នៃ​ដំណឹង​ល្អ​របស់​កូន​ចៀម ត្រូវបាន​យក​ចេញ​ដោយ​សាសនា​ចក្រ​ដ៏​គួរ​ខ្ពើមឆ្អើម » ( នីហ្វៃទី ១ ១៣:៣២ការសង្កត់ធ្ងន់​ត្រូវបាន​បន្ថែម ) ។

ជាច្រើន​សតវត្សរ៍​មក​ហើយ ចក្ខុវិស័យ​ខាង​វិញ្ញាណ​ដ៏​ច្បាស់​បាន​ត្រូវ​ផ្តល់​ឲ្យ​តាមរយៈ ភាពស្រពិចស្រពិល នៃ​ព្រះគម្ពីរ​ប៊ីប ដោយសារ​ភាគ​ដ៏​ច្បាស់ និង ពិសេសៗ​ទាំង​ប៉ុន្មាន​បាន​បាត់បង់ ពេលខ្លះ​បាត់បង់​ដោយ​អចេតនា​តាមរយៈ​ការបកប្រែ​ដោយ​ខុសឆ្គង ហើយ​ពេលខ្លះ​បាត់បង់​ដោយ​ចេតនា​តាមរយៈ​ការកែប្រែ​ដ៏​ពុករលួយ « ដែល​ពួកគេ​អាច​ធ្វើ​ដើម្បី​បង្ខូច​ផ្លូវ​ដ៏​ត្រឹមត្រូវ​ទាំងឡាយ​នៃ​ព្រះអម្ចាស់ ដើម្បី​ឲ្យ​ពួកគេ​អាច ធ្វើ​ឲ្យ​ភ្នែក​ទាំងឡាយ​ខ្វាក់ ហើយ​ធ្វើ​ឲ្យ​ចិត្ត​ទាំងឡាយ​នៃ​កូនចៅ​មនុស្ស​រឹងរូស » ( នីហ្វៃទី ១ ១៣:២៧ការសង្កត់ធ្ងន់​ត្រូវបាន​បន្ថែម ) ។

« ពី​ដើម​ខ្ញុំ​ខ្វាក់ តែ​ឥឡូវ​នេះ​ខ្ញុំ​មើល​ឃើញ » ( យ៉ូហាន ៩:២៥ )

រូបភាព
Christ healing a blind man

ការណ៍​ដ៏​អស្ចារ្យ​បំផុត​មួយ​របស់​ព្រះអង្គ​សង្គ្រោះ គឺ​ការស្តារ​ឡើង​វិញ​នូវ​ចក្ខុវិស័យ​ដល់​ភ្នែក​ដែល​ខ្វាក់​នោះ ។ ប៉ុន្តែ​បេសកកម្ម និង អព្ភូតហេតុ​ដ៏​សំខាន់​ជាង​នេះ​ទៀត​របស់​ព្រះអង្គសង្គ្រោះ​នោះ​គឺ​ការព្យាបាល​ភាព​ខ្វាក់​ខាង​វិញ្ញាណ ។ ទ្រង់​បាន​បន្ទូល​ថា « ខ្ញុំ​បាន​មក​ក្នុង​លោកីយ៍​នេះ ឲ្យ​ពួក​អ្នក​ដែល​មើល​មិន​ឃើញ​បាន​ភ្លឺ​ឡើង » ( យ៉ូហាន ៩:៣៩ ) ។

ដោយ​ប្រើ​ការប្រៀបប្រដូច​របស់​អេសាយ និង ការនិមិត្ត​នៃ​ភាពខ្វាក់​ខាង​វិញ្ញាណ​របស់​នីហ្វៃ​នៅក្នុង​សម័យ​ចុងក្រោយ​នេះ យើង​អាច​ពិចារណា​ពី​ការចេញ​មក​នៃ​ព្រះគម្ពីរ​មរមន ថា​ជា​ការស្តារ​ឡើង​វិញ​ដ៏​អស្ចារ្យ​នៃ​ចក្ខុវិស័យ​ខាង​វិញ្ញាណ ។

« ហើយ​ព្រះអម្ចាស់​ដ៏​ជា​ព្រះ ទ្រង់​ក៏​មិន​ព្រម​ឲ្យ​ពួក​សាសន៏​ដទៃ​បន្ត​ស្ថិត​នៅក្នុង​សភាព ល្ងិតល្ងង់​តទៅ​ទៀត​ឡើយ ។ …

« … យើង​នឹង​មេត្តា​ដល់​ពួក​សាសន៍​ដទៃ​នៅ​ថ្ងៃ​នោះ គឺ​ដរាប​ដល់​យើង​នឹង​នាំ​ចេញ​មក​ដល់​ពួកគេ ដោយ​អំណាច​យើង​ផ្ទាល់ នូវ​ភាគ​ច្រើន​នៃ​ដំណឹង​ល្អ​របស់​យើង ។ …

« ដ្បិត​មើល​ចុះ​កូនចៀម​មាន​ព្រះបន្ទូល​ថា ៖ យើង​នឹង​សម្តែង​ខ្លួន​ឲ្យ​ពូជ​អ្នក​ឃើញ ដើម្បី​ឲ្យ​ពួកគេ​សរសេរ​អំពី​អ្វីៗ​ជាច្រើន ដែល​យើង​នឹង​ធ្វើ​ការងារបម្រើ​ដល់​ពួកគេ … [ ហើយ ] សេចក្តី​ទាំងនេះ​នឹង​ត្រូវបាន​លាក់​ទុក ដើម្បី​ឲ្យ​បាន​ចេញ​មក​ដល់​ពួកសាសន៍​ដទៃ​ដោយ​អំណោយ​ទាន និង ព្រះចេស្តា​នៃ​កូនចៀម ។

« កូន​ចៀម​មានព្រះ​បន្ទូល​ថា ទាំង​ដំណឹង​ល្អ និង ថ្ម ហើយ​នឹង​សេចក្តីសង្គ្រោះ​របស់​យើង នឹង​ត្រូវ​បាន​សរសេរ​ទុក​នៅក្នុង​គម្ពីរ​ទាំង​នេះ ។

« … បញ្ជី​ចុងក្រោយ​ទាំងឡាយ​នេះ … នឹង​តាំង​នូវ​សេចក្តីពិត​អំពី​គម្ពីរ​មុន ។ … បញ្ជី​ទាំង​ពីរ​នឹង​ត្រូវបាន​តាំង​ឡើង​ជា​របស់​តែ​មួយ » ( នីហ្វៃទី ១ ១៣:៣២, ៣៤–៣៦, ៤០–៤១ការសង្កត់ធ្ងន់​ត្រូវបាន​បន្ថែម )—ចេញ​មក​រួម​គ្នា​ដើម្បី​ជួយ​អ្នក​ឲ្យ​ឃើញ​ពី​សេចក្តីពិត ។

រូបភាព
Bible and Book of Mormon

បញ្ជី​ទាំង​ពីរ « នឹង​ត្រូវបាន​តាំង​ឡើង​ជា​របស់​តែ​មួយ » គឺ​ជា​របៀប​មួយ​ដែល​ភ្នែក​ទាំងពីរ​មើល​ឃើញ ឬ ដំណើរការ ។ ដោយសារ​ខ្ញុំ​មាន​ជំងឺ​ទឹកដក់​ក្នុង​ភ្នែក នោះ​ខ្ញុំ​ត្រូវតែ​បន្តក់​ថ្នាំ​ដាក់​ភ្នែក​ខ្ញុំ​ទាំង​សងខាង​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ​ដើម្បី​ការពារ​កុំ​ឲ្យ​ខ្វាក់​ភ្នែក ។ ពីមុន​វេជ្ជបណ្ឌិត​បាន​រកឃើញ​ថា​ខ្ញុំ​មាន​ជំងឺ​ទឹកដក់​ក្នុង​ភ្នែក នោះ​ភ្នែក​ម្ខាង​របស់​ខ្ញុំ​បាន​មើល​ឃើញ​ដោយ​ស្រវាំង​ទៅ​ហើយ ។ ខ្ញុំ​មាន​អំណរគុណ​យ៉ាង​ខ្លាំង​ចំពោះ​ថ្នាំ​សម័យ​ទំនើប​នេះ ដែល​ធ្វើ​ឲ្យ​ភ្នែក​ខ្ញុំ​មិន​ខ្វក់ ។ ខ្ញុំ​មាន​អំណរគុណ​ផងដែរ​ចំពោះ​ភ្នែក​ទី​ពីរ​ដ៏​ល្អ​របស់​ខ្ញុំ ដែល​វា​ជួយ​រក្សា​តុល្យភាព​នៃ​ភ្នែក​ម្ខាង​ទៀត​កុំ​ឲ្យ​ចុះ​អន់​ខ្សោយ ។ រឿង​ប្រដូច​នៃ​ភ្នែក​ទាំង​ពីរ​នេះ​មាន​ទំនាក់ទំនង​យ៉ាង​ជ្រាលជ្រៅ និង ផ្ទាល់​ខ្លួន​ចំពោះ​ខ្ញុំ ។

ការវិភាគ​ជាច្រើន​នៃ​វិទ្យាសាស្ត្រ បង្ហាញ​ពី​គុណសម្បត្តិ​នៃ​ការមាន​ភ្នែក​ពីរ​ជាជាង​មាន​ភ្នែក​តែ​មួយ ។ ខ្ញុំ​នឹង​បង្ហាញ​គុណសម្បត្តិ​ទាំង​ប្រាំមួយ​នេះ និង រឿង​ប្រៀបប្រដូច​ខាង​វិញ្ញាណ​នៃ​គុណ​សម្បត្តិ​ទាំង​នោះ ជាមួយ​នឹង​ព្រះគម្ពីរ​មរមន​ដែល​ជា សាក្សី​ជាក់​នឹង​ភ្នែក ទី​ពីរ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៅក្នុង ការស្តារ​ឡើង​វិញ នៃ​ចក្ខុវិស័យ​ខាង​វិញ្ញាណ​ដល់​ពិភពលោក​នេះ ។

១. ភ្នែក​ទាំង​សងខាង​បង្កើន​ដែន​នៃ​គំហើញ និង ភាព​ឃើញ​ច្បាស់

រូបភាព
horizontal field of view

មនុស្ស​មាន​ដែន​គំហើញ​ជា​អតិបរមា​ប្រមាណ​ជា ១៩០ ដឺក្រេ​ដោយ​ប្រើ​ភ្នែក​ទាំង​គូ ប្រហែល​ជា ១២០ ដឺក្រេ​នៅពេល​ដែន​គំហើញ​នៃ​ភ្នែក​ទាំងពីរ​ត្រួត​ស៊ី​គ្នា ឬ ឃើញ​ដោយ​ភ្នែក​ទាំង​ពីរ ។ លើស​ពី​ដែន​គំហើញ​ដែល​ប្រសព្វ​គ្នា ភ្នែក​ម្ខាងៗ​ក៏​អាច​មាន​ដែន​គំហើញ​នឹង​កន្ទុយ​ភ្នែក​យ៉ាង​ពិសេស​របស់​វា​ដែរ ។

បន្ទាប់​ពី​ច្រើន​សតវត្សរ៍​នៃ​ការបាត់បង់​នូវ​ភាព​ច្បាស់ និង ពិសេសៗ​មក ព្រះគម្ពីរ​ប៊ីប​បាន​រីករាយ​នឹង​ចក្ខុវិស័យ​ដ៏​ល្អ​ឥតខ្ចោះ​តិចតួច​ណាស់ ។ ការចេញ​មក​នៃ​ព្រះគម្ពីរ​មរមន​ជាមួយ​នឹង​ចក្ខុវិស័យ​ដ៏​ល្អ​ឥតខ្ចោះ​របស់​វា ពុំ​គ្រាន់តែ​បង្កើន​នូវ​ដែន​គំហើញ​ខាង​វិញ្ញាណ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បាន​ផ្តល់​នូវ​ភាពច្បាស់​លាស់​ដ៏​ចាំបាច់​ជាច្រើន ទៅលើ​ផ្នែក​ត្រួតស៊ី​គ្នា​នៃ​ភ្នែក​ខាង​វិញ្ញាណ​ទាំងពីរ ឬ ដែន​គំហើញ​នៃ​ភ្នែក​ទាំងគូ ( សូមមើល​រូបភាព​ទី ១ )—ដែល​យើង​ហៅ​តាម​ព្រះគម្ពីរ​ថា​ជា​ច្បាប់​នៃ​ស្មរបន្ទាល់​ពីរ​នាក់ ( សូមមើល ម៉ាថាយ ១៨:១៦; អេធើរ ៥:៤; គ. និង ស. ៦:២៨ ) ។

ដែន​គំហើញ​ត្រួត​ស៊ី​គ្នា ឬ គំហើញ​ត្រួត​ស៊ី​គ្នា​ដោយ​ភ្នែក​ទាំង​ពីរ​ បង្កើន​លទ្ធភាព​ដើម្បី​មើល​ឃើញ​វត្ថុ​ដែល​ព្រាលៗ​នោះ​បាន​ច្បាស់ ។ យើង​មើល​ឃើញ​ច្បាស់​ជាង​នៅពេល​រូបភាព​ផ្សេងៗ​ដែល​ភ្នែក​និមួយៗ​នោះ​មើល​ឃើញ ផ្គុំ​គ្នា​ទៅ​ជា​រូបភាព​តែ​មួយ ដោយ​ផ្តល់​នូវ​ចំណុច​រួម​មួយ​នៃ អ័ក្ស​គំហើញ ហេតុដូច្នោះ​ហើយ​វា​លុប​បំបាត់​ចោល​នូវ « ការរំជួល និង ការឈ្លោះ​ប្រកែក​គ្នា » ដែល​ធ្វើ​ឲ្យ​យ៉ូសែប​វ័យ​ក្មេង​សុញ​គំនិត​នោះ ( សូមមើល យ៉ូសែប ស្ម៊ីធ–ប្រវត្តិ ១:៨ ) ។

ការពិត​នោះ​គឺ​ថា មាន​ភ្នែក​ទាំង​គូ​គឺ​ប្រសើរ​ជាង​មាន​ភ្នែក​តែ​ម្ខាង ដែល​ជា​ការពិត​ដ៏​សាកល និង ជាក់ស្តែង ដែល​ព្យាការី​អេសាយ​ប្រហែល​ជា​ពុំ​អាច​រើស​យក​ការប្រៀបប្រដូច​ណា​ទៀត​បាន​សម្រាប់​ការ​ទទួល​ស្គាល់​ទូទាំង​ពិភពលោក ដែល​ថា ៖ « ភ្នែក​របស់​មនុស្ស​ខ្វាក់​នឹង​មើល​ឃើញ »( អេសាយ ២៩:១៨) ។ យើង​សង្ឃឹម​ថា​បច្ចុប្បន្ន​នេះ​អស់​អ្នក​ដែល​មើល​ឃើញ​ដោយ​ភ្នែក​ខាង​វិញ្ញាណ​តែ​ម្ខាង គឺ​ព្រះគម្ពីរ​ប៊ីប នោះ​នឹង​ទទួល​ស្គាល់​ពី​ប្រាជ្ញា​នៃ​ការពុំ​បដិសេធ​ព្រះគម្ពីរ​មរមន​ដែល​ជា​សាក្សី​ជាក់​នឹង​ភ្នែក​ទីពីរ​នៃ​ព្រះយេស៊ូវគ្រីស្ទ ពីមុន​ពួកគេ​សាកល្បង​វា​សិន ។ ពួកគេ​នឹង​ដឹង​ថា « បន្ទះ​ឈើ​របស់​ពួក​យូដា » និង « បន្ទះ​ឈើ​របស់​ពួក​យ៉ូសែប » ( អេសេគាល ៣៧:១៩ ) ផ្គុំ​គ្នា​ជា​ភ្នែក​ទាំង​គូ​ដែល​បញ្ចូល​គ្នា​យ៉ាង​ល្អ​ឥតខ្ចោះ ហើយ​មាន​ភាព​ច្បាស់​រួម​គ្នា—ជា បទពិសោធន៍ គួរ​ឲ្យ​អស្ចារ្យ​ពេក​ក្រៃ !

២. ការចាប់​យក​គំហើញ—ការចៀសវាង​ពី​ការឆបោក

« គំហើញ​នៃ​ភ្នែក​ទាំង​ពីរ… ធ្វើ​ឲ្យ​មនុស្ស​ដើរ​ឆ្លង​កាត់ ឬ ដើរ​ជុំវិញ​ឧបសគ្គ​នានា​ដោយ​ល្បឿន​កាន់តែ​លឿន និង កាន់តែ​មាន​ទំនុកចិត្ត » ដោយសារ​ការចាប់​យក​គំហើញ​មាន​សភាព​កាន់តែ​ច្បាស់ ។ ឧទាហរណ៍​មួយ​អំពី​ការចាប់​យក​គំហើញ​យ៉ាង​ច្បាស់​នៃ​ផ្ទៃ​សើរៗ គឺ​ត្រូវបាន​បង្ហាញ​នៅក្នុង​រូបភាព 3-D នៃ​កែវ​យឹត​លើ​រូបភាព​សាមញ្ញ​មួយ ( សូមមើល​រូបភាព​ទី ២ ក ) ។

រូបភាព
stereoscope

ចំពោះ​សត្វ ភ្នែក​ទាំង​ពីរ​របស់​វា​ផ្តល់​នូវ​សក្តានុពល​នៃ ការចាប់​យក​គំហើញ នៃ​អាហារ ឬ ចាប់​យក​គំហើញ​យ៉ាង​ច្បាស់ ហើយ​មាន​លទ្ធភាព​ដូច​ជា​3-D ហេតុដូច្នោះ​ហើយ​វា « ដឹង​ពី​ការលាក់​ខ្លួន​នៃ [ ពួក​សត្វ​កាចសាហាវ ] » ( សូមមើល​រូបភាព ២ ខ ) ។

រូបភាព
disguised snake

រូបថត​សត្វ​ពស់ © iStock/Thinkstock

ព្រះគម្ពីរ​មរមន​បាន​ផ្តល់​ការការពារ​ដល់​ពិភពលោក​នេះ​ស្រដៀង​នឹង​ការណ៍​នេះ​ផងដែរ ដោយ​ការស្តារ​ឡើង​វិញ​នូវ​ភាព​ច្បាស់លាស់ និង ការញ្ញាណដឹង​យ៉ាង​ជ្រាលជ្រៅ​ពី​ព្រះ​តាមរយៈ​ដែន​គំហើញ​ដ៏​ច្បាស់​នៃ​កែវយឹត​ខាង​វិញ្ញាណ ដោយ​ធ្វើ​ឲ្យ​យើង​អាច​ចៀសផុត​ពី​ការបន្លំ និង ការឆបោក​របស់​សាតាំង ។ លោក​បាន​ណែនាំ​ពី​ការភាន់ច្រឡំ​នោះ​បាន​យ៉ាង​ឈ្លាសវៃ តាមរយៈ​ការបកស្រាយ​ផ្ទុយ​ពី​អត្ថន័យ​ជាច្រើន​នៃ​វគ្គ​បទគម្ពីរ​នៃ​ព្រះគម្ពីរ​ប៊ីប ។ ព្រះគម្ពីរ​មរមន​បាន​បំបែក​ភាពស្រពិចស្រពិល​របស់​គម្ពីរ​ប៊ីប ដោយ​ការបញ្ជាក់​យ៉ាង​ច្បាស់​ដូច​កែវ​ចរណៃ « ចំពោះ​ការផ្ចាញ់ផ្ចាល់​នូវ​គោលលទ្ធិ​ក្លែងក្លាយ​ទាំងឡាយ » ( នីហ្វៃទី ២ ៣:១២ ) និង « ផ្តាច់​អស់​ទាំង​កលល្បិច និង អន្ទាក់ និង ឧបាយ​របស់​អារក្ស​ឲ្យ​ដាច់​ពី​គ្នា » ( ហេលេមិន ៣:២៩ ) ។

ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ( ឆ្នាំ ១៨៩៩–១៩៩៤ ) បាន​ចែកចាយ​ការសន្យា​ដ៏​ទុក​ចិត្ត​អំពី​ព្រះគម្ពីរ​មរមន ៖ « នៅ​ក្នុង​ព្រះគម្ពីរ​មរមន​មាន​នូវ​អំណាច​មួយ ដែល​នឹង​ចាប់​ផ្ដើម​ចូល​ទៅ​ក្នុង​ជីវិត​អ្នក នៅ​ខណៈ​ដែល​អ្នក​ចាប់ផ្តើម​សិក្សា​ព្រះគម្ពីរ​នេះ​ដោយ​ហ្មត់ចត់ ។ អ្នក​នឹង​រកឃើញ​អំណាច​ដែល​កាន់តែ​មហិមា ដើម្បី​ទប់ទល់​នឹង​ការល្បួង ។ អ្នក​នឹង​រក​ឃើញ​នូវ​អំណាច​ដើម្បី ចៀស​ផុត​ពី​ការបោក​បញ្ឆោត ។ អ្នក​នឹង​រក​ឃើញ​អំណាច ដើម្បី​ឈរ​នៅ​លើ​ផ្លូវ​តូច និង ចង្អៀត » ។

៣. ការមើល​ឃើញ​ឧបសគ្គ​នានា​ដែល​នៅ​ជុំ​វិញ

ការមើល​ឃើញ​ដោយ​ភ្នែក​ទាំងពីរ​ជួយ​មនុស្ស​ម្នាក់​មើល​ឃើញ​កាន់តែ​ច្បាស់ ឬ ឃើញ​ទាំងស្រុង​នូវ​វត្ថុ​ដែល​លាក់​កំបាំង ។ គុណសម្បត្តិ​នេះ​ត្រូវបាន​ពន្យល់​ប្រាប់​ដោយ ឡេអូណាដូ ដា វីនឈឺ ដែល​កត់​សម្គាល់​ឃើញ​ថា ភាពស្រអាប់​នៃ​វត្ថុ​មួយ​អាច​បិទបាំង​វត្ថុ​មួយ​ចំនួន ឬ ទាំងអស់​ពី​ភ្នែក​ខាង​ឆ្វេង ប៉ុន្តែ​វត្ថុ​នោះ​អាច​មើល​ឃើញ​ដោយ​ភ្នែក​ស្តាំ ។ ( សូមមើល​រូបភាព​ទី ៣ ) ។

រូបភាព
binocular vision

ឧទាហរណ៍​ខាង​វិញ្ញាណ​នៃ​ការណ៍​នេះ គឺ មាន​នៅក្នុង​ព្រះបន្ទូល​របស់​ព្រះអង្គ​សង្គ្រោះ​ដល់​ពួកសាសន៍​យូដា ៖ « ខ្ញុំ​ក៏​មាន​ចៀម​ឯ​ទៀត ដែល​មិន​ទាន់​នៅ​ក្នុង​ក្រោល​នេះ​នៅ​ឡើយ ត្រូវ​តែ​ខ្ញុំ​នាំ​ចៀម​ទាំង​នោះ​មក​ដែរ វា​នឹង​ស្តាប់​តាម​សំឡេង​ខ្ញុំ នោះ​នឹង​មាន​ហ្វូង​តែ​១ និង​អ្នក​គង្វាល​តែ​១​វិញ » ( យ៉ូហាន ១០:១៦ ) ។

ដោយសារ​ព្រះយេស៊ូវ​ពុំ​បាន​ប្រាប់​អំពី​អត្តសញ្ញាណ​នៃ​ចៀម​ទាំង​នោះ នោះ​ពួក​សាសន៍​យូដា​ពុំ​យល់​ពី​ព្រះបន្ទូល​របស់​ទ្រង់​ឡើយ ។ ប៉ុន្តែ​ជាមួយ​នឹង ទស្សនវិស័យ​បន្ថែម ចេញ​ពី​ព្រះគម្ពីរ​មរមន ដែល​ថា​វា​ត្រូវបាន​លាក់​កំបាំង​បាន​ប្រែជា​មើល​ឃើញ ៖ « យើង​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​រាល់គ្នា​គឺ​ជា​ពួកអ្នក​ដែល​យើង​បាន​និយាយ​ថា ៖ យើង​ក៏​មាន​ចៀម​ឯ​ទៀត​ដែល​មិន​នៅ​ក្នុង​ក្រោល​នេះ​នៅ​ឡើយ ត្រូវតែ​យើង​នាំ​ចៀម​ទាំងនោះ​មក​ដែរ ហើយ​វា​នឹង​ស្ដាប់​តាម​សំឡេង​យើង នោះ​នឹងមាន​ក្រោល​តែមួយ និង​អ្នក​គង្វាល​តែ​មួយ​វិញ » ( នីហ្វៃទី ៣ ១៥:២១ ) ។ លទ្ធផល​នោះ គឺ​ជា​ដែន​គំហើញ​យ៉ាង​ច្បាស់​ដោយ​គ្មាន​ការយល់​ច្រឡំ​ពី​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​ចង់​មាន​ព្រះបន្ទូល—ដែល​គ្មាន ឧបសគ្គ នៃ​ការយល់​ខុស​ទៀត​ឡើយ ។

៤. គុណសម្បត្តិ​នៃ​ការមើល​ឃើញ​នឹង​កន្ទុយ​ភ្នែក​របស់​ភ្នែក​នីមួយៗ

« គំហើញ​នឹង​កន្ទុយ​ភ្នែក​គឺ​ជា​ផ្នែក​មួយ​នៃ​គំហើញ​ដែល កើត​ឡើង​ក្រៅ​ពី​ការមើល​ដោយ​ប្រើ​ចំណុច​កណ្តាល​នៃ​ភ្នែក » ។ ឬ​ពាក្យ​ម្យ៉ាង​ទៀត​ថា យើង​មើល​ឃើញ​វត្ថុ​នានា​នៅក្នុង​ដែន​គំហើញ​ដែល​យើង​ពុំ​ផ្ចង់​មើល​វា ។ ផ្នែក​នៃ​ដែន​គំហើញ​នោះ—គឺ​ក្រៅ​ពី​រង្វង់​នៃ​ដែន​គំហើញ​ត្រួតស៊ី​គ្នា ឬ ការចាប់​យក​គំហើញ—គឺ​ជា​លក្ខណៈ​ពិសេស​របស់​ភ្នែក​ម្ខាងៗ ( សូមមើល​រូបភាព​ទី ១ ) ។

យើង​មាន​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ព្រះគម្ពីរ​ប៊ីប និង​អ្វីៗ​ដ៏​ពិសេស និង អស្ចារ្យ​ដែល​បាន​ផ្តល់​យើង—សំខាន់​បំផុត​នោះ​គឺ​ប្រវត្តិ​នៃ​ព្រះជន្ម និង ការងារ​បម្រើ​របស់​ព្រះយេស៊ូវគ្រីស្ទ ។

យើង​ក៏​មាន​អំណរគុណ​យ៉ាង​ខ្លាំង​ចំពោះ​ព្រះគម្ពីរ​មរមន និង គំហើញ​យ៉ាង​ល្អ​ឥតខ្ចោះ​ដែល​គម្ពីរ​នេះ​ផ្តល់​ដល់​យើង ដែល​បញ្ជាក់​យ៉ាង​ច្បាស់​ពី​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ ហើយ​បើក​សម្តែង​នូវ​ការបង្រៀន​របស់​ទ្រង់​តាមរយៈ​ព្យាការី​ពី​ជំនាន់​បុរាណ​នៅ​អាមេរិក ព្រមទាំង​ការយាង​មក​ជួប​ផ្ទាល់ និង ការបម្រើ​របស់​ទ្រង់​ចំពោះ​សាសន៍​នីហ្វៃ ។

ដូច​ជា​ភ្នែក​ទាំង​គូ​ដ៏​ល្អ​ឥតខ្ចោះ​ដែរ ព្រះគម្ពីរ​ប៊ីប និង ព្រះគម្ពីរ​មរមន​គាំទ្រ​គ្នា​ទៅវិញ​ទៅមក ដែល​ឆ្លុះ​បញ្ចាំង​ពី​ផ្ទាំង​ទស្សនីយភាព​ត្រួតស៊ី​គ្នា​ដ៏​អស្ចារ្យ ព្រមទាំង​ទិដ្ឋភាព​យ៉ាង​ពិសេស​ចំពោះ​គ្នា​ទៅវិញ​ទៅមក ។

៥. ការកម្ចាត់​ចោល​នូវ​ផ្នែក​មួយ​នៃ​ភាព​ខ្វាក់​របស់​យើង

យើង​ទាំងអស់​គ្នា​មាន​ផ្នែក​មួយ​នៃ​ភាពខ្វាក់​នៃ​ដែន​គំហើញ​របស់​យើង​ដែល​វា​ងាយ​ស្រួល​ក្នុង​ការរក​ឃើញ​វា ។ សូម​កាន់​រូប​រង្វង់ និង រូប​ផ្កាយ ( រូបភាព​ទី ៤ ) ដាក់​ចំ​ពី​មុខ​អ្នក​ចម្ងាយ​មួយ​បោះដៃ ។ សូម​បិទ​ភ្នែក​ខាង​ឆ្វេង​របស់​អ្នក ហើយ​ប្រើ​ភ្នែក​ស្តាំ​របស់​អ្នក​មើល​ឲ្យ​ចំ​រង្វង់​តូច​នោះ ។ ដោយ​ប្រើ​ភ្នែក​ស្តាំ​របស់​អ្នក​សម្លឹង​មើល​រង្វង់​នោះ សូម​ចាប់​ផ្តើម​រំកិល​រូបភាព​នោះ​ចូល​មក​ជិត​អ្នក​យឺតៗ ។ នៅពេល​រំកិល​រូបភាព​នោះ​បាន​ប្រហែល​ជា​ពាក់​កណ្តាល ផ្កាយ​នោះ នឹង​បាត់​ពី​គំហើញ នៃ​កន្ទុយ​ភ្នែក

រូបភាព
blind spot demonstration

តើ​គួរ​ឲ្យ​អស្ចារ្យ​ទេ ? អ្នក​ពុំ​ដឹង​សោះ​ថា​អ្នក​មាន​ផ្នែក​មួយ​នៃ​ភាព​ខ្វាក់​ដែរ ? ដោយ​សារ​ភ្នែក​ទីពីរ​របស់​អ្នក​ធ្វើ​ឲ្យ​មាន​តុល្យភាព​ចំពោះ​ផ្នែក​មួយ​នៃ​ភាព​ខ្វាក់​នេះ នោះ​ព្រះគម្ពីរ​មរមន​ផ្តល់​នូវ​អត្ថប្រយោជន៍​ដូច​គ្នា​នេះ​ចំពោះ​ព្រះគម្ពីរ​ប៊ីប ។

ហើយ​ដូច​ជា​ផ្កាយ​នោះ​បាន​បាត់​ចេញ​ពី​ភ្នែក​របស់​អ្នក នោះ​ហេរ៉ូឌ​ដែល​ពុំ​បាន​ឃើញ​ផ្កាយ​នៅ​បេថ្លេហិម ហើយ​បាន​សួរ​ដល់​ពួក​ហោរា​ថា « តើ​ផ្កាយ​នោះ​បាន​លេច​មក​ពី​កាល​ណា » ( ម៉ាថាយ ២:៧ ) ។ វា​គឺ​ជា ផ្នែក​មួយ​នៃ​ភាពខ្វាក់​នឹង​កន្ទុយភ្នែកនៃ​វិញ្ញាណ​របស់​ទ្រង់ ។ មានតែ​អស់​អ្នក​ដែល សម្លឹង រកមើល​ផ្កាយ​តែ​ប៉ុណ្ណោះ​ទើប​អាច​ឃើញ​វា ។

សព្វ​ថ្ងៃ​នេះ​មាន​មនុស្ស​ជាច្រើន​ដូច​ជា​ស្តេច​ហេរ៉ូឌ ដែល​បដិសេធ​ពុំ​ស្វែងរក និង មើល​ការណ៍​នានា​នៃ​ព្រះវិញ្ញាណ ។ « វេទនា​ដល់​ពួក​ខ្វាក់ ដែល​មិន​ព្រម​មើល » ( នីហ្វៃទី ២ ៩:៣២ ) ។ ភាពឆ្មើងឆ្មៃ​ក៏​បាន​បណ្តាល​ឲ្យ​ពួក​សាសន៍​យូដា « [ មើល​ងាយ ] ដល់​ព្រះបន្ទូល​ដ៏​ច្បាស់លាស់​ទាំង​នេះ ហើយ… មក​ពី​ការខ្វាក់ [ ចំពោះ​ពួកគេ ] ដោយ​មើល​ហួស​ទីដៅ » ( យ៉ាកុប ៤:១៤ ) ។

ភាព​ច្បាស់លាស់​មួយ​នៅក្នុង-ការយល់ដឹង​ជ្រៅជ្រះ នៃ​ព្រះគម្ពីរ​មរមន​គឺ​ជា​ពាក្យ​ព្រមាន​អំពី​ផ្នែក​មួយ​នៃ​ភាព​ខ្វាក់​ជាសកល​នៃ អំនួត « ជា​អំពើ​បាប​ដែល​ងាយ ឃើញ នៅក្នុង​ខ្លួន​មនុស្ស​ដទៃ ប៉ុន្តែ​កម្រ​ឃើញ​នៅក្នុង​ខ្លួន​ឯង​ឡើយ » ។១០ វា​គឺ​ដូច​ជា​ការមាន​ក្លិន​ខ្យល់​ដង្ហើម​អាក្រក់—ដែល​មនុស្ស​គ្រប់​គ្នា​អាច​ដឹង លើកលែង​តែ​សាម៉ី​ខ្លួន​ប៉ុណ្ណោះ​ដែល​ពុំ​ដឹង​ខ្លួន ។

« នៅក្នុង​ក្រុមប្រឹក្សា​នៃ​ជីវិត​មុន​ជីវិត​លើ​ផែនដី​នេះ វា​ជា​ភាពឆ្មើងឆ្មៃ​ដែល​លូស៊ីហ្វើរ​បាន​មាន » ។១១ វា​គឺ​ជា « ភាពឆ្មើងឆ្មៃ … នៃ​សាសន៍​នីហ្វៃ [ ដែល ] បាន​បញ្ជាក់​ឲ្យ​ឃើញ​នូវ​សេចក្តី​បំផ្លិចបំផ្លាញ » ( មរ៉ូណៃ ៨:២៧ ) ។ អ្នក​មាន​ភាពឆ្មើងឆ្មៃ​នឹង​ត្រូវ​ឆេះ​ដូច​ជា​ជញ្ជ្រាំង​នៅពេល​ព្រះ​យាង​មក​បោស​សំអាត​ផែនដី​នេះ​ដោយ​ភ្លើង ( សូមមើល ម៉ាឡាគី ៤:១; នីហ្វៃទី ៣ ២៥:១ ) ។

ការចាប់ផ្តើម​នៃ​ផ្លូវ​តូច ហើយ​ចង្អៀត​ត្រូវបាន​ដាក់​បង្ហាញ​យ៉ាង​ច្បាស់​ដោយ​ស្លាក « ព្រមាន » ៖ « ចូរ​ប្រយ័ត្ន​ពី​សេចក្តី​ឆ្មើងឆ្មៃ ក្រែង​អ្នក​រាល់​គ្នា​ក្លាយ​ទៅ​ដូច​ជា​ពួក​សាសន៍​នីហ្វៃ​ពី​បុរាណ » ( គ. និង ស. ៣៨:៣៩ការសង្កត់​ធ្ងន់​ត្រូវបាន​បន្ថែម ) ។ ការចំអក​ដ៏​ឈឺចាប់​នោះ​គឺ​ថា​ស្លាក​សញ្ញា​នៃ « ការចូរ​ប្រយ័ត្ន » នោះ គឺ​មាន​នៅក្នុង​ផ្នែក​មួយ​នៃ​ភាពខ្វាក់​របស់​មនុស្ស​ឆ្មើងឆ្មៃ​ជានិច្ច ។ ហេតុដូច្នោះ​ហើយ « ចូរ​ឲ្យ​អ្នក​ណា​ដែល [ ឆ្មើងឆ្មៃ ] ចេះ​មាន​ប្រាជ្ញា ដោយ​ការបន្ទាប​ខ្លួន និង​ដោយ​ការអំពាវនាវ​ដល់​ព្រះអម្ចាស់​ដ៏​ជា​ព្រះ​របស់​ខ្លួន ប្រយោជន៍​ឲ្យ​ភ្នែក​គេ​អាច​បាន​បើក​ឡើង ដើម្បី​ឲ្យ​គេ​អាច​មើល​ឃើញ » ( គ. និង ស. ១៣៦:៣២ ) ។

៦. ទំនាក់ទំនង​រវាង​ខួរក្បាល និង ភ្នែក

រូបភាព
anagram

សមីការ​នេះ ( សូមមើល​រូបភាព​ទី ៥ ) បង្ហាញ​ពី​ភាពត្រឹមត្រូវ ប៉ុន្តែ​វា​ពុំមែន​ត្រូវ​ទាំងស្រុង​នោះ​ទេ ។ តាមពិត​ទៅ​ប្រព័ន្ធ​រូបភាព​នៃ​ខួរក្បាល​ទេ ដែល​ប្រាប់​យើង​ពី​អ្វី​ដែល​ភ្នែក​របស់​យើង​មើល​ឃើញ ។ ខួរក្បាល​បង្កើត​ក្តីសុបិន​របស់​យើង​នៅពេល​យប់ ហើយ​បកស្រាយ​នូវ​អ្វី​ដែល​យើង​មើល​ឃើញ​នៅពេល​ថ្ងៃ ។ ការមើល​គឺ​ពុំ​ចាំបាច់​ថា​ជា​ការជឿ ឬ ការមើល​ឃើញ​ត្រឹមត្រូវ​ឡើយ ។ ឧទាហរណ៍ « ប៉ុន្តែ ទោះ​បើ​[ ព្រះយេស៊ូវ ] បាន​ធ្វើ​ទី​សម្គាល់ នៅ​មុខ​គេ​ជា​ច្រើន​ទាំង​ម៉្លេះ​ក៏​ដោយ គង់​តែ​គេ​មិន​បាន​ជឿ​ដល់​ទ្រង់​ដែរ » ( យ៉ូហាន ១២:៣៧ )។ ភ្នែក​តែ​ឯង​ពុំ​អាច​ជំរុញ​ឲ្យ​មាន​សេចក្តី​ជំនឿ ឬ មើល​ឃើញ​ការពិត​គ្រប់គ្រាន់​ឡើយ ។

ដូច​ដែល​ខួរ​ក្បាល​ធ្វើការ​ជាមួយ​ភ្នែក​ដែរ នោះ​ព្រះវិញ្ញាណ​ធ្វើ​ការ​ជាមួយ​ព្រះគម្ពីរ ដែល​ជួយ​យើង​ឲ្យ​មើល​ឃើញ​ខាង​វិញ្ញាណ ។ ដោយ​ការគ្រាន់តែ​អាន​ព្រះគម្ពីរ​គឺ​វា​មិន​គ្រាន់ ដើម្បី​បង្កើត​គំហើញ​ខាង​វិញ្ញាណ​ឡើយ ព្រោះថា « មនុស្ស​ខាង​សាច់​ឈាម​គេ​មិន​ទទួល​សេចក្ដីខាង​ឯ​ព្រះវិញ្ញាណ​នៃ​ព្រះ​ទេ ពីព្រោះ​ជា​សេចក្ដី​ល្ងង់ល្ងើ​ដល់​គេ​ក៏​រក​ស្គាល់​មិន​បាន​ដែរ ដ្បិត​ត្រង់​ឯសេចក្ដី​ទាំង​នោះ​ត្រូវ​ពិចារណា​យល់​ខាង​វិញ្ញាណ​វិញ » ( កូរិនថូស​ទី ១ ២:១៤ ) ។

ចំពោះ​ព្រះគម្ពីរ​មរមន​ដើម្បី​មាន​ដំណើរការ​ដូច​ភ្នែក​ខាង​វិញ្ញាណ នោះ​យើង​ត្រូវតែ​ទទួល និង ធ្វើ​តាម​ការអញ្ជើញ​របស់​មរ៉ូណៃ​ដោយ​ស្មោះសរ​នៅក្នុង មរ៉ូណៃ ១០:៣–៥។ វា​គឺ​ជា​ការអញ្ជើញ​ដោយ​មាន​ការ​សន្យា​ថា​ព្រះ «នឹង បង្ហាញ​សេចក្តី​ពិត​ដល់​អ្នក ដោយ​ព្រះចេស្តា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ » ( ខ​ទី ៤ការសង្កត់ធ្ងន់​ត្រូវបាន​បន្ថែម ) ។

សាក្សី និង អំណរគុណ

ដើម្បី​ចៀសវាង​ពី​ភាព​ខ្វាក់​ខាង​វិញ្ញាណ នោះ​កូនប្រុស​របស់​លីហៃ​បាន​ប្រថុយ​ជីវិត​របស់​ខ្លួន ទៅ​យក​ផ្ទាំង​លង្ហិន ( សូមមើល នីហ្វៃទី ១ ៣–៤​ ) ។ ប្រសិនបើ​គ្មាន​ផ្ទាំង​នោះ​ទេ​ពួកគេ « ច្បាស់​ជា​ចុះ​អន់​ថយ​ក្នុង​ការ​ឥត​ជំនឿ » ( ម៉ូសាយ ១:៥ ) ។ សព្វ​ថ្ងៃ​នេះ យើង​មាន​អំណរគុណ​ដល់​កិច្ចការ​បោះពុម្ព និង ឧបករណ៍​ឌីជីថល​នានា ដែល​យើង​អាច​ទទួល​បាន​ព្រះគម្ពីរ​កាន់តែ​ងាយស្រួល និង កាន់តែ​ឆាប់​រហ័ស ។ ប៉ុន្តែ​វា​មាន​ភាពខុស​ប្លែក​បន្តិច​ចំពោះ​សាតាំង វា​រារាំង​មនុស្ស​ពុំ​ឲ្យ​ទទួល​បាន​ព្រះគម្ពីរ—ដែល​ជា​យុទ្ធសាស្ត្រ​របស់​វា​នៅក្នុង​យុគសម័យ​ដ៏​ខ្មៅ​ងងឹត—ឬ​ល្បួង​មនុស្ស​កុំ​ឲ្យ​អាន​ព្រះគម្ពីរ—ដែល​ជា​យុទ្ធសាស្ត្រ​របស់​វា​នៅក្នុង​សម័យ​ចុង​ក្រោយ​នេះ ។ ទោះជា​តាម​របៀប​ណា​មួយ​ក្តី « អ័ព្ទ​នៃ​សេចក្តី​ងងឹត… ធ្វើ​ឲ្យ​ភ្នែក​ទាំងឡាយ​នៃ​កូន​ចៅ​មនុស្ស​ខ្វាក់ … [ ដោយ​ជោគជ័យ ] … ដើម្បី​ឲ្យ​ពួកគេ​វិនាស និង វង្វេង​បាត់​ទៅ » ( នីហ្វៃទី ១ ១២:១៧ការសង្កត់ធ្ងន់​ត្រូវបាន​បន្ថែម ) ។

គឺ​ដូច​ជា​ថ្នាំ​បន្តក់​ភ្នែក​របស់​ខ្ញុំ រៀងរាល់​ថ្ងៃ​ដែរ វា​មាន​តែ​តាម​រយៈការ «បន្ត កាន់​ដំបង​ដែក​យ៉ាង​ខ្ជាប់ខ្ជួន​ជានិច្ច » ( នីហ្វៃទី ១ ៨:៣០ការសង្កត់ធ្ងន់​ត្រូវបាន​បន្ថែម ) ដែល​យើង​អាច​ចៀសវាង​ពី​ការធ្វើ​ឲ្យ​ខ្វាក់​ដោយ​អ័ព្ទ​នៃ​សម័យ​ចុងក្រោយ​នេះ​ដែល​មាន​ល្បិច​យ៉ាង​ប៉ិនប្រសប់ និង ខ្លាំងក្លា ។ នៅពេល​ណា​ដែល​បុគ្គល​ម្នាក់​ប្រែ​ជា​ពុំ​សូវ​សកម្ម ឬ ចាកចេញ​ពី​សាសនាចក្រ វា​បង្ហាញ​ស្ទើរតែ​ច្បាស់​ថា បុគ្គល​នោះ​បាន​ឈប់​អាន​ព្រះគម្ពីរ​មរមន ។

ព្រះគម្ពីរ​មរមន​ជា ៖​សក្ខីបទ​មួយ​ទៀត​អំពី​ព្រះយេស៊ូវគ្រីស្ទ គឺ​ពិតជា​កិច្ចការ​ចម្លែក ហើយ​អស្ចារ្យ ។ វា​គឺ​ជា សាក្សី​ជាក់​នឹង​ភ្នែក ទី​ពីរ​នៃ​ព្រះយេស៊ូវគ្រីស្ទ និង ដំណឹង​ល្អ​ដ៏​រុងរឿង​របស់​ទ្រង់ ដោយ​ផ្តល់​នូវ​គុណសម្បត្តិ​ទាំងអស់​នៃ​ភ្នែក​ទី​ពីរ ។

សូម​ឲ្យ​យើង​កាន់​ខ្ជាប់​ជានិច្ច​នឹង​ដំបង​ដែក ដើម្បី​យើង​អាច​នឹង​សម​ទៅ​នឹង​ពាក្យ​សរសើរ​របស់​ព្រះអង្គសង្គ្រោះ​មាន​បន្ទូល​ទៅ​កាន់​ពួក​សិស្ស​របស់​ទ្រង់ ៖ « អ្នក​រាល់​គ្នា​វិញ ភ្នែក​អ្នក​មាន​ពរ​ហើយ ដ្បិត​មើល​ឃើញ » ( ម៉ាថាយ ១៣:១៦ ) ។

កំណត់​ចំណាំ

  1. សូមមើល ម៉ាថាយ ៩:២៧–៣១; ១២:២២–២៣; ១៥:៣០–៣១; ២១:១៤; ម៉ាកុស ៨:២២–២៦; ១០:៤៦–៥២; លូកា ៧:២១–២២; យ៉ូហាន ៩; នីហ្វៃទី៣ ១៧:៧–៩; ២៦:១៥

  2. សូមមើល « Binocular Vision » Wikipedia, en.wikipedia.org ។

  3. សូមមើល រ៉ានដុហ្វ ប្លេក និង រ៉ូបឺត ហ្វុក « The Psychophysical Inquiry into Binocular Summation » Perception & Psychophysics ភាគ​ទី ១៤ លេខ ១ ( ឆ្នាំ ១៩៧៣ ) ទំព័រ ១៦១–៦៨ សូមមើល​ផងដែរ « Binocular vision » ។

  4. សូមមើល « Vergence » Wikipedia, en.wikipedia.org ។

  5. « Binocular Vision » ។

  6. « Binocular Vision » ។

  7. Teachings of Presidents of the Church: Ezra Taft Benson ( ឆ្នាំ ២០១៤ ) ទំព័រ ១៤១ ។

  8. សូមមើល « Binocular Vision » ។

  9. « Peripheral Vision » Wikipedia, en.wikipedia.org ។

  10. Teachings: Ezra Taft Benson, ទំព័រ ១៨ ការសង្កត់ធ្ងន់​ត្រូវបាន​បន្ថែម ។

  11. Teachings: Ezra Taft Benson ទំព័រ ២៣១ ។