២០១៦
ព្រះវរបិតា​របស់​យើង អ្នក​ប្រៀនប្រដៅ​របស់​យើង
June 2016


សារលិខិត​គណៈប្រធាន​ទី​មួយ

ព្រះវរបិតា​របស់​យើង អ្នក​ប្រៀនប្រដៅ​របស់​យើង

រូបភាព
man with a map

រូប​គំនូរ ដោយ អូហ្គើស្តូ ស្សាំប៊ូណាតូ

តើ​អ្នក​ធ្លាប់​បើក​ប្រអប់​មួយ ហើយ​ទាញ​យក​សេចក្តីណែនាំ​ដំឡើង​ឧបករណ៍​នោះ ហើយ​គិត​ថា « សេចក្តី​ណែនាំ​នេះ​មើល​មិន​យល់​ទាល់​តែសោះ ? »

ពេលខ្លះ ទោះបី​ជា​យើង​មាន​ចេតនា និង មាន​ទំនុក​ចិត្ត​ក្នុង​ខ្លួន​យ៉ាង​ល្អបំផុត​ក្តី យើង​បាន​ដក​ផ្នែក​មួយ​ចេញ​មក ហើយ​សួរ​ថា « តើ​ផ្នែក​នេះ​សម្រាប់​ធ្វើ​អ្វី ? » ឬ « តើ​ដាក់​យ៉ាង​ដូចម្តេច​ទើប​ត្រឹមត្រូវ ? »

យើង​ខកចិត្ត​ខ្លាំង​ឡើងៗ នៅពេល​យើង​មើល​ប្រអប់​នោះ ហើយ​ឃើញ​ថា មាន​ក្រដាស​ព្រមាន​មួយ​ដែល​និយាយ​ថា « ការដំឡើង​នេះ​តម្រូវ​ឲ្យ​មនុស្ស​—អាយុ​ចាប់​ពី ៨​ឆ្នាំ​ឡើង​ទៅ » ។ ដោយសារ​យើង​នៅតែ​គ្មាន​តម្រុយ នោះ​សេចក្តីណែនាំ​នេះ​ពុំ​បាន​បង្កើន​ទំនុកចិត្ត​របស់​យើង ឬ ការផ្តល់​តម្លៃ​ដល់​ខ្លួន​ឯង​ឡើយ ។

ពេលខ្លះ​យើង​មាន​បទពិសោធន៍​ស្រដៀង​គ្នា​នេះ​ជាមួយ​ដំណឹង​ល្អ ។ នៅពេល​យើង​ក្រឡេក​មើល​ទៅ​ផ្នែក​មួយ​ចំនួន​នៃ​ដំណឹង​ល្អ យើង​ប្រហែលជា​យក​ដៃ​អេះ​ក្បាល​ខ្លួន ហើយ​ឆ្ងល់​ថា​តើ​ផ្នែក​នោះ​សម្រាប់​អ្វី ។ ឬ នៅពេល​យើង​ពិនិត្យ​មើល​ផ្នែក​ផ្សេង​ទៀត យើង​អាច​ដឹង​ថា ទោះបី​ជា​បន្ទាប់​ពី​ការខំព្យាយាម​យល់​ពេញលេញ​ពី​វា​ក្តី យើង​នៅតែ​ពុំ​យល់​ពី​មូលហេតុ​ដែល​ផ្នែក​នោះ​ត្រូវបាន​ដាក់​បញ្ចូល​មក​ឡើយ ។

ព្រះវរបិតាសួគ៌​របស់​យើង​គឺ​ជា​អ្នក​ប្រៀនប្រដៅ​យើង

សំណាង​ល្អ ព្រះវរបិតាសួគ៌​របស់​យើង​បាន​ប្រទាន​នូវ​សេចក្តីណែនាំ​ដ៏​អស្ចារ្យ សម្រាប់​ការរៀបចំ​ជីវិត​របស់​យើង ហើយ​អាច​ប្រែ​កាន់តែ​ល្អ​បំផុត ។ សេចក្តីណែនាំ​ទាំង​នោះ​ដំណើរការ​ទៅ​បាន​ដោយ​គ្មាន​គិត​ពី​អាយុ ឬ កាលៈទេសៈ​អ្វី​ឡើយ ។ ទ្រង់​បាន​ប្រទាន​ដំណឹង​ល្អ និង សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ដល់​ពួកយើង ។ ទ្រង់​បាន​ប្រទាន​ផែនការ​ប្រោស​លោះ ផែនការ​នៃ​សេចក្តី​សង្គ្រោះ ដែល​ជា​ផែនការ​នៃ​សុភមង្គល ។ ទ្រង់​ពុំ​ទុក​យើង​ឲ្យ​នៅ​ឯកោ​ជាមួយ​នឹង​ភាព​មិន​ប្រាកដប្រជា ឬ ឧបសគ្គ​នានា​នៃ​ជីវិត​នេះ​ដោយ​មាន​បន្ទូល​ថា « ចូរ​ឯង​ទៅ​ចុះ ។ ចូរ​ឲ្យ​មាន​សំណាង​ល្អ ។ ដោះស្រាយ​ខ្លួន​ឯង​ចុះ » ។

ប្រសិនបើ​យើង​គ្រាន់តែ​អត់ធ្មត់ ហើយ​មើល​ដោយ​មាន​ចិត្ត​បន្ទាប​ខ្លួន ព្រមទាំង​បើក​គំនិត នោះ​យើង​នឹង​រកឃើញ​ថា​ព្រះ​បាន​ប្រទាន​ឧបករណ៍​ជាច្រើន​ដល់​យើង ដើម្បី​យល់​បាន​កាន់តែ​ប្រសើរ​ឡើង អំពី​សេចក្តីណែនាំ​ដ៏​ធំ​ធេង​របស់​ទ្រង់​សម្រាប់​សុភមង្គល​របស់​យើង​នៅក្នុង​ជីវិត ៖

  • ទ្រង់​បាន​ប្រទាន​ដល់​យើង​នូវ​អំណោយ​ទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ដែល​ពុំ​អាច​កាត់​ថ្លៃ​បាន ដែល​មាន​សក្តានុពល​ក្លាយ​ជា​របស់​ផង​យើង អ្នក​ណែនាំ​បង្រៀន​ពី​សួគ៌ា​នៅពេល​យើង​សិក្សា​ព្រះបន្ទូល​របស់​ព្រះ ហើយ​ព្យាយាម​ពាំនាំ​គំនិត និង ទង្វើ​នានា​របស់​យើង​ឲ្យ​ស្រប​ទៅនឹង​ព្រះបន្ទូល​របស់​ទ្រង់ ។

  • ទ្រង់​បាន​ប្រទាន​ឱកាស​និយាយ​ជាមួយ​ទ្រង់​២៤​ម៉ោង​ក្នុង​មួយ​ថ្ងៃ ៧ ថ្ងៃ​ក្នុង​មួយ​សប្តាហ៍ តាមរយៈ​ការអធិស្ឋាន​ដោយ​សេចក្តី​ជំនឿ និង ការទូល​អង្វរ​ដោយ​ស្មោះសរ ។

  • ទ្រង់​បាន​ប្រទានពួក​សាវក និង ព្យាការី​សម័យ​ទំនើប​នេះ​ដល់​ពួក​យើង ដែល​ជា​អ្នក​បើក​សម្តែង​នូវ​ព្រះបន្ទូល​របស់​ព្រះ​នៅក្នុង​សម័យ​យើង​នេះ ហើយ​មាន​សិទ្ធិ​អំណាច​ចង​ភ្ជាប់ ឬ ផ្សារភ្ជាប់​នៅលើ​ផែនដី និង លើ​ឋានសួគ៌ ។

  • ទ្រង់​បាន​ស្តារ​សាសនាចក្រ​របស់​ទ្រង់​ឡើង​វិញ—ដែល​ជា​អង្គការ​មួយ​នៃ​ពួក​អ្នក​ជឿ ដែល​ធ្វើ​ការរួម​គ្នា​ដើម្បី​ជួយ​គ្នា​ទៅវិញ​ទៅមក នៅពេល​ពួកគេ​ធ្វើ​ការ​សម្រាប់​សេចក្តី​សង្គ្រោះ​របស់​ខ្លួន​ដោយ​សេចក្តី​ភ័យ​ខ្លាច ញាប់ញ័រ និង ដោយ​គ្មាន​ក្តី​អំណរ ។

  • ទ្រង់​បាន​ប្រទាន​ព្រះគម្ពីរ​ដ៏​បរិសុទ្ធ​ដល់​យើង—ជា​ព្រះបន្ទូល​របស់​ទ្រង់​ដែល​បាន​សរសេរ​ទុក​សម្រាប់​យើង ។

  • ទ្រង់​បាន​ប្រទាន​ធនធាន​ជាច្រើន​នៃ​បច្ចេកវិទ្យា​សម័យ​ទំនើប​នេះ ដើម្បី​ជួយ​យើង​នៅក្នុង​ដំណើរ​នៃ​ភាពជាសិស្ស​នេះ ។ ធនធាន​ដ៏​អស្ចារ្យ​ជាច្រើន​ទាំង​នេះ​អាច​ស្វែងរក​បាន​នៅ​ក្នុង​គេហទំព័រ LDS.org ។

ហេតុអ្វី​ព្រះវរបិតាសួគ៌​ប្រទាន​ជំនួយ​យ៉ាង​ច្រើន​ដល់​យើង ? ដោយ​សារ​ទ្រង់​ស្រឡាញ់​ពួក​យើង ។ ហើយ​ដោយសារ​ដូចដែល​ទ្រង់បាន​មាន​ព្រះបន្ទូល​ដោយ​ព្រះអង្គ​ទ្រង់​ថា « នេះហើយ​ជា​កិច្ចការ​របស់​យើងនិង សិរី​ល្អ​របស់​យើង—គឺ​ដើម្បី​នាំ​ឲ្យ​មាន​អមតភាព និង ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​ដល់​មនុស្ស » ។

និយាយ​ម្យ៉ាង​ទៀត​ថា​ព្រះវរបិតា​សួគ៌​គឺ​ជា​ព្រះ​របស់​យើង ហើយ​ព្រះ​គឺ​ជា​អ្នក​ប្រៀនប្រដៅ​យើង ។

ព្រះវរបិតា​គង់​នៅ​ស្ថានសួគ៌​ជ្រាប​ពី​សេចក្តីត្រូវការ​របស់​កូនចៅ​ទ្រង់​ជាង​អ្នក​ណាៗ​ទាំងអស់ ។ វា​គឺ​ជា​កិច្ចការ និង ជា​សិរីល្អ​របស់​ទ្រង់ ដើម្បី​ជួយ​យើង​ជានិច្ច ដោយ​ប្រទាន​នូវ​ធនធាន​ខាង​សាច់ឈាម និង ខាង​វិញ្ញាណ​ដ៏​អស្ចារ្យ​ដល់​ពួកយើង ដើម្បី​ជួយ​យើង​នៅ​លើ​មាគ៌ា​ឆ្ពោះ​ទៅ​កាន់​ទ្រង់​វិញ ។

ឪពុក​គ្រប់​រូប​គឺ​ជា​អ្នក​ប្រៀនប្រដៅ

នៅ​ប្រទេស​មួយ​ចំនួនទៀត​លើ​ពិភពលោក ឪពុក​ត្រូវ​បាន​គោរព​ពី​សមាជិក​គ្រួសារ និង សង្គម​នៅក្នុង​ខែ​មិថុនា ។ វា​តែងតែ​ល្អ​ជានិច្ច​ដើម្បី​គោរព​ឪពុក​ម្តាយ​របស់​យើង ។ ឪពុក​ធ្វើ​កិច្ចការ​ល្អ​ជាច្រើន​សម្រាប់​គ្រួសារ​ខ្លួន ហើយ​មាន​បុគ្គលិក​លក្ខណៈ​គួរ​ឲ្យ​កោត​សរសើរ​ជាច្រើន ។ តួនាទី​សំខាន់​បំផុត​ចំនួន​ពីរ​ដែល​ឪពុក​មាន​នៅក្នុង​ជីវិត​របស់​កូនៗ​ខ្លួន​នោះ​គឺ​ធ្វើ​ជា​គំរូ​ល្អ និង ជា​អ្នក​ប្រៀនប្រដៅ​កូន​ដ៏​ល្អ​ម្នាក់ ។ ឪពុក​ធ្វើ​កិច្ចការ​នានា​លើស​ពី​ការគ្រាន់តែ​ប្រាប់​ដល់​កូនៗ​ខ្លួន​អំពី​អ្វី​ដែល​ត្រឹមត្រូវ ឬ ខុសឆ្គង​ទៅ​ទៀត ពួកគាត់​ធ្វើ​កិច្ចការ​លើស​ពី​ការគ្រាន់តែ​បោះ​ក្បួនសៀវភៅ​ឲ្យ​កូន ហើយ​រំពឹង​ឲ្យ​ពួកគេ​ដោះស្រាយ​ជីវិត​ដោយ​ខ្លួន​ឯង​ទៅ​ទៀត ។

ឪពុក​ប្រៀនប្រដៅ​កូនៗ​ដ៏​មាន​តម្លៃ​របស់​ខ្លួន ហើយ​បង្ហាញ​គំរូ​ល្អ​របស់​ពួកគាត់​តាមរយៈ​ការរស់នៅ​ដោយ​ស្មោះត្រង់​ក្នុង​ជីវិត ។ ឪពុក​ពុំ​ចាកចេញ​ពី​កូនៗ​របស់​ខ្លួន​ឲ្យ​នៅ​ឯកោ​ឡើយ ប៉ុន្តែ​រហ័ស​នឹង​ជួយ​កូនៗ ជួយ​លើក​កូនៗ​របស់​ខ្លួន​ឡើង​ភ្លាម​នៅពេល​ណា​ពួកគេ​ជំពប់ជើងដួល ។ ហើយ​កិច្ចការ​ឆ្លៀសវៃ​ដែល​ត្រូវធ្វើ​នោះ គឺ​ឪពុក​អនុញ្ញត​ឲ្យ​កូន​​ជួប​នូវ​ការលំបាក ដោយ​ដឹង​ថា​នេះ​អាច​ជា​វិធី​មួយ​ដ៏​ល្អបំផុត ​សម្រាប់​ឲ្យពួកគេ​រៀន ។

យើង​ទាំងអស់​គ្នា​គឺ​ជា​អ្នក​ប្រៀនប្រដៅ

អំឡុង​ពេល​ដែល​ឪពុក​នៅ​លើ​ផែនដី​នេះ​ធ្វើ​កិច្ចការ​ទាំង​នេះ​ចំពោះ​កូនៗ​របស់​ខ្លួន ស្មារតី​នៃ​ការប្រៀនប្រដៅ​ គឺ​ជា​អ្វី​មួយ​ដែល​យើង​ចាំបាច់​ត្រូវ​ផ្តល់​ឲ្យ​ដល់​កូនចៅ​ទាំងអស់​របស់​ព្រះ ដោយ​មិន​គិត​ពី​អាយុ ទីកន្លែង ឬ កាលៈទេសៈ​ណា​ឡើយ ។ ចូរ​ចងចាំ​ថា កូនចៅ​របស់​ព្រះ​គឺ​ជា​បងប្អូន​ប្រុសស្រី​របស់​យើង យើង​ទាំងអស់​គ្នា​គឺ​ជា​គ្រួសារ​អស់កល្ប​ជានិច្ច​តែ​មួយ​ជាមួយ​គ្នា ។

នៅក្នុង​ស្មារតី​នេះ ចូរ​ឲ្យ​យើង​ទាំងអស់​គ្នា​ក្លាយ​ជា​អ្នក​ប្រៀនប្រដៅ—ដោយ​មាន​ឆន្ទៈ​ខ្នះខ្នែង​ជួយ និង ជួយ​គ្នា​ទៅវិញ​ទៅមក​ដើម្បី​បាន​ខ្លាំង​ពូកែ ។ ដោយសារ​យើង​គឺ​ជា​ពូជពង្ស​របស់​ព្រះ នោះ​យើង​មាន​សក្ដានុពល​ដើម្បី​ប្រែក្លាយ​ដូចជា​ទ្រង់ ។ ការស្រឡាញ់​ព្រះ និង បងប្អូន​របស់​យើង ការគោរព​ព្រះបញ្ញត្តិ​របស់​ព្រះ និង ការធ្វើ​តាម​គំរូ​របស់​ព្រះគ្រីស្ទ​គឺ​ជា​ផ្លូវ​តូច ហើយ​ចង្អៀត ព្រម​ទាំង​ជា​ផ្លូវ​ដែល​ពោរពេញ​ដោយ​ក្តី​អំណរ​ត្រឡប់​ទៅកាន់​វត្តមាន​របស់​ព្រះមាតាបិតាសួគ៌​របស់​យើង​វិញ ។

ប្រសិនបើ​ព្រះ​នៃ​សកល​លោក​នេះ​ខ្វល់ខ្វាយ​ជា​ខ្លាំង​អំពី​យើង​នោះ ទ្រង់​គឺ​ជា​អ្នក​ប្រៀនប្រដៅ​យើង ប្រហែល​ជា​យើង​អាច​ឈោង​ដៃទៅជួយ​​បងប្អូន​របស់​យើង ដោយ​មិន​គិត​អំពី​ពណ៌​សំបុរ ពូជសាសន៍ ស្ថានភាព​សង្គម​សេដ្ឋកិច្ច ភាសា ឬ សាសនា​ឡើយ ។ ចូរ​ឲ្យ​យើង​ក្លាយ​ជា​អ្នក​ប្រៀន​ប្រដៅ​ដ៏​បំផុស​គំនិត ហើយ​ប្រទាន​ពរ​ដល់​ជីវិត​នៃ​មនុស្ស​ដទៃ​ទៀត—ពុំ​មែន​គ្រាន់តែ​ដល់​កូនចៅ​របស់​យើង​ផ្ទាល់​ប៉ុណ្ណោះ​នោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ប្រទាន​ពរ​ដល់​កូនចៅ​ទាំងអស់​របស់​ព្រះ​នៅទូទាំង​ពិភពលោក​ផងដែរ ។

រូបភាព
children sidebar

រូប​គំនូរ​ដោយ ឡរ៉ា ស្សារីន