២០១៦
ការដក​បទពិសោធន៍​នៃ​ការផ្លាស់ប្ដូរ​ដួងចិត្ត
June 2016


ការដក​បទពិសោធន៍​នៃ ការផ្លាស់ប្ដូរ​ ដួងចិត្ត

យើង​ឃើញ​ក្តី​អំណរ​ក្នុង​កិច្ចខិតខំ​ដោយ​ខ្ជាប់ខ្ជួន​នៃ​បទពិសោធន៍​ផ្លាស់ប្តូរ​ដួងចិត្ត នៅពេល​យើង​ឱបក្រសោប​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ​ក្នុង​ជីវិត​របស់​យើង ។

រូបភាព
father holding infant daughter

រូបគំនូរ​ដោយ រ៉ូបឺត ហាន់ គំនូរ​សាច់ក្រណាត់ © iStock/Thinkstock

រ៉ូសម៉ារី កូន​ច្បង​របស់​យើង គឺ​ជា​ទារក​ដ៏​ស្រស់​ស្អាត​ម្នាក់ ពេល​ម្តាយ​របស់​ខ្ញុំ​បាន​សួរសុខទុក្ខ​ពួក​យើង ដែល​គាត់​មក​ពី​ភូមិ​របស់​គាត់​នៅភាគ​កណ្តាល​នៃ​ប្រទេស ស៊ីមបាបវ៉េ ។ ក្នុងនាម​ជា​ឪពុកម្តាយ​ថ្មីថ្មោង ភរិយា​របស់​ខ្ញុំ ណាអ៊ូមី និង រូបខ្ញុំ​មាន​ក្តី​រំភើប​ជា​ខ្លាំង​ចំពោះ​ការសួរសុខ​ទុក្ខ​របស់​ម្តាយ​ខ្ញុំ ។ យើង​មាន​ចិត្ត​ចង់​រៀន​អ្វីៗ​គ្រប់​យ៉ាង​ខ្លាំង ដែល​យើង​ចាំបាច់​ត្រូវដឹង​អំពី​ការចិញ្ចឹម​បីបាច់​កូន ។

ពេល​មក​ដល់​ផ្ទះ ​ម្តាយ​របស់​ខ្ញុំ​បាន​បង្ហាញ​ខ្សែ​ក​ក្រណាត់​មួយ​ជុំ ។ គាត់​បាន​ពន្យល់​ថា ក្រណាត់​រុំ​នេះ​គឺ​ជា​វត្ថុមន្ត​គាថា​ស័ក្ដិសិទ្ធិ ។ គាត់​បាន​ហុច​ខ្សែ​ក​នោះ​ឲ្យ​ទៅ ណាអ៊ូមី ដើម្បី​ពាក់​ឲ្យ​រ៉ូសម៉ារី ។ ដោយ​យល់​ពី​អារម្មណ៍​ស្ទាក់ស្ទើរ​របស់ ណាអ៊ូមី ភ្លាម​នោះ​ម្តាយ​របស់​ខ្ញុំ​និយាយ​ថា ៖ « តាំង​ពី​ម៉ែ​នៅ​ក្មេង ម្តាយ​របស់​ម៉ែ និង ជីដូនម៉ែ​បាន​ឲ្យ​វត្ថុ​មន្ត​គាថា​ស័ក្ដិសិទ្ធិនេះ​ដល់​ម៉ែ វា​បាន​ការពារ​ម៉ែ និង កូនៗ​ព្រម​ទាំង​ស្វាមី​របស់​ឯង​ផងដែរ ។ វត្ថុ​ស័ក្ដិសិទ្ធិ​នេះ​នឹង​ការពារ​កូន​ស្រី​របស់​ឯង​ពី​ជំងឺ និង ពី​ការធ្វើ​អំពើ​ផ្សេងៗ​ដែល​អាច​ធ្លាក់​មក​លើ​វា ហើយវា​នឹង​ឈ្នះ​លើ​បញ្ហា​លំបាកនានា​ក្នុង​ជីវិត ។ វា​នឹង​ត្រូវ​ពាក់​ខ្សែក​នេះ​រហូត​ដល់​វា​អាយុ​ប្រាំ​ឆ្នាំ » ។

កាល​នោះ​ខ្ញុំ​កំពុង​បម្រើ​ជា​ប្រធាន​សាខា ហើយ​ភ្លាម​នោះ​ខ្ញុំ​បាន​គិត​ថា « តើ​សមាជិក​ក្នុង​វួដ​របស់​ខ្ញុំនឹង​គិត​យ៉ាង​ដូចម្តេច នៅពេល​ពួកគេ​ឃើញ​ខ្សែ​ក​ ‹ មន្ត​គាថា › នេះ​ពាក់​នៅ​លើ-ក​របស់​កូនយើង​នោះ » ? ក្រោយ​មក​ខ្ញុំ​បាន​គិត​ថា « ប្រហែល​ជា​យើង​អាចគ្រប​បាំង​វា ដូច្នេះ​គេ​នឹង​មិន​អាច​ឃើញ​ឡើយ » ។ ខ្ញុំ​បាន​ក្រឡេក​មើល​ណាអ៊ូមី នាង​បាន​បង្ហាញ​អាការៈ​ដល់​ខ្ញុំ​ថា យើង​មិន​គួរទទួល​យក​អំណោយ​នេះ​ឡើយ ។ ខ្ញុំ​បាន​សុំ​ឲ្យ​ម្តាយ​ខ្ញុំ ថា​ប្រសិនបើ​គាត់​អាច​ធ្វើខ្សែ​ក​នោះ​ឲ្យ​តូច​ជាង គឺ​ស្តើង​ជាង​នេះ ដែល​វា​មិនសូវ​ជា​អាច​មើល​ឃើញ ។ គាត់​បាន​ឆ្លើយ​ថា ខ្សែក​នេះ​ពុំ​អាច​ធ្វើ​វា​តូច​ជាង​នេះ​បាន​ឡើយ ហើយ​ថា​វត្ថុ​ស័ក្តិសិទ្ធ​នេះ នឹង​ស័ក្តិសិទ្ធ​ខ្លាំង​បំផុត​តាម​ទំហំ​ដែល​គាត់​បាន​ធ្វើ​នោះ ។

ជា​ថ្មី​ម្តង​ទៀត ណាអ៊ូមី​បាន​មើល​មក​ខ្ញុំ​ដោយ​បង្ហាញ​យ៉ាង​ជាក់​ច្បាស់​ពី​ការពុំ​យល់​ព្រម​របស់​នាង ។ ខ្ញុំ​បាន​បែរ​ទៅ​ម្តាយ​របស់​ខ្ញុំ ហើយ​បាន​ពន្យល់​គាត់​ថា ក្នុង​នាម​ជា​ប្រធាន​សាខា​នៅក្នុង​ក្រុម​ជំនុំ​ក្នុង​តំបន់​របស់​ពួកយើង ខ្ញុំ​ពុំ​មាន​អារម្មណ៍​ល្អ​ដើម្បី​ពាក់ខ្សែក​នេះ​ឲ្យ​កូន​របស់​យើង​ឡើយ ។ ម្តាយ​របស់​ខ្ញុំ​បាន​ឆ្លើយ​ដោយ​ការព្រមាន​ថា ៖ គាត់​បាន​ប្រាប់​យើង​ថា ប្រសិន​បើ​គ្មាន​ខ្សែក​នោះ​ទេ កូន​របស់​យើង​នឹង​ស្លាប់ ។

គ្រា​មួយ​នៃ​វិបត្តិដ៏​គួរឲ្យ​ភ័យ​ខ្លាច

ពីរបី​សប្តាហ៍​បន្ទាប់​ពី​ព្រឹត្តិការណ៍​នេះ កូនស្រី រ៉ូសម៉ារី​របស់​យើង​បាន​ឈឺ​យ៉ាង​ធ្ងន់។ យើង​គ្មាន​ប្រាក់​យក​នាង​ទៅ​ជួប​វេជ្ជបណ្ឌិត​ឡើយ ។ វា​គឺ​ជា​ពេល​យប់ ហើយ​នៅ​គ្រា​នោះ​ខ្ញុំ​បាន​ចាប់​ផ្តើម​គិត​អំពី​អ្វី​ដែល​ម្តាយ​របស់​ខ្ញុំ​បាន​មាន​ប្រសាសន៍​នៅក្នុង​ការប្រមាន​របស់​គាត់ ។ ខ្ញុំ​បាន​ចាប់​ផ្ដើម​ប្រាថ្នា​ថា​ខ្ញុំ​គួរ​ទទួល​យក​ខ្សែក​នោះ ។ ខ្ញុំ​ចង់​យក​វា​មក​ពាក់​លើ-ក​របស់​រ៉ូសម៉ារី ។ នៅក្នុង​គ្រា​ដ៏​ភ័យ​រន្ធត់​នោះ ខ្ញុំ​បាន​ឮ​សំឡេង​តូច​រហៀង​ជំរុញ​ខ្ញុំ​ឲ្យ​អនុវត្ត​សេចក្តី​ជំនឿ​របស់​ខ្លួន​លើ​ព្រះអម្ចាស់​ព្រះយេស៊ូវគ្រីស្ទ ។ ភ្លាម​នោះ​ខ្ញុំ​បាន​ស្លៀកពាក់សម្លៀកបំពាក់​ថ្ងៃ​អាទិត្យ​របស់​ខ្ញុំ​យ៉ាង​ស្អាត ។ ខ្ញុំ​បាន​បី​កូន​តូច​របស់​ខ្ញុំ ហើយ​បានប្រសិទ្ធិពរ​បព្វជិតភាព​ដល់​នាង ។ ខ្ញុំ​មាន​អារម្មណ៍​សុខសាន្ត និង លួងលោមចិត្ត ហើយ​ខ្ញុំ​មាន​អារម្មណ៍​ថា ភរិយា​របស់​ខ្ញុំ​ក៏​មាន​អារម្មណ៍​ដូច​នេះ​ផងដែរ ។ មួយ​រំពេច​នោះ ទាំង​ណាអ៊ូមី និង កូន​តូច រ៉ូស​ម៉ារី​បាន​គេង​លង់លក់​យ៉ាង​ស្រួល ។ កូនស្រី​រ៉ូសម៉ារី​របស់​យើង​បាន​ជាសះស្បើយ ។ នៅថ្ងៃ​បន្ទាប់​មក​នាង​បាន​ជា​បន្តិចម្តងៗ និង មាន​សុខភាព​ល្អ​ឡើង​វិញ​សន្សឹមៗ ។ នេះ​ពិតជា​អព្ភូតហេតុ​ដ៏​អស្ចារ្យអ្វី​ម៉្លេះ ! ព្រះអម្ចាស់​បាន​ឈោង​ព្រះហស្ត​មក​ជួយ​ខ្ញុំ ហើយ​ពង្រឹង​សេចក្តីជំនឿ​របស់​ខ្ញុំ​លើ​ទ្រង់ ដោយ​សេចក្តីមេត្តា​ករុណា​ដ៏​ទន់ភ្លន់​របស់​ទ្រង់ ។

រូបភាព
father blessing infant daughter

ខ្ញុំមាន​អំណរគុណ ប៉ុន្តែ​ក៏​មាន​អារម្មណ៍​អៀនខ្មាស​ផងដែរ ។ កាលនោះ​ខ្ញុំ​គឺ​ជា​អ្នកត្រឡប់​ពីផ្សព្វផ្សាយ​សាសនា ហើយ​កំពុង​បម្រើ​ជា​ប្រធាន​សាខា ប៉ុន្តែ​ខ្ញុំ​មាន​ការខ្វាយខ្វល់​ពី​អ្វីដែល​មនុស្ស​នឹង​និយាយ​ជាជាង​ជឿ​លើ​ព្រះ ( សូម​មើល ម៉ូសាយ ៤:៩ ) ។ មែន​ហើយ ទោះបី​ជា​ម្តាយ​របស់​ខ្ញុំ ដែល​ខ្ញុំ​ស្រឡាញ់ និង កោត​សរសើរ​គាត់​ជា​ខ្លាំង ក៏​គាត់​ពុំ​អាច​ដឹង​កិច្ចការ​គ្រប់យ៉ាង​ឡើយ ។ ខ្ញុំ​ចាំបាច់​ក្លាយ​ជា​មនុស្ស​ម្នាក់​ដែល​មិនមែន​គ្រាន់តែ​ជា​អ្នក​ត្រឡប់​ពី​បេសកកម្ម​ទេ មិនមែន​គ្រាន់តែ​ជា​ប្រធាន​សាខា​ទេ ខ្ញុំ​ត្រូវតែ​ផ្លាស់ប្តូរ ៖ ដើម្បី​ដក​ពិសោធន៍​អ្វី​ដែល​អាលម៉ា​បាន​មាន ។

គ្រា​មួយ​នៃ​ការផ្លាស់ប្តូរ​ដ៏​ធំ

អាលម៉ា​ជា​សង្ឃ​របស់​ស្តេច​ទុច្ចរិត ណូអេ ទំនង​ជា​បាន​ពិនិត្យ​មើល​ខ្លួន​លោក​យ៉ាង​ហ្មត់ចត់ នៅពេល​ព្យាការី អ័ប៊ីណាដៃ បាន​សួរ​សំណួរ​ស្រាវជ្រាវ​នេះ ៖ « អ្នក​រាល់​គ្នា​ពុំ​បាន​តាំងចិត្ត​រៀន​ឲ្យ​យល់ ហេតុដូច្នេះ​ហើយ​អ្នក​រាល់​គ្នា​ពុំ​មាន​ប្រាជ្ញា​ទេ ។ ហេតុដូច្នេះហើយ តើ​អ្នក​រាល់​គ្នា​បង្រៀន​អ្វី​ដល់​ប្រជាជន​នេះ ? » ( ម៉ូសាយ ១២:២៧ ) ។ ដូច​ជា​អាលម៉ា​ដែល ខ្ញុំ​ត្រូវតែ​មាន « ការផ្លាស់ប្តូរ​ដ៏​ធំ​នៅក្នុង​ដួងចិត្ត [ របស់​ខ្ញុំ ] ( អាលម៉ា ៥:១២ ) ។

ក្នុង​នាម​ជា​សង្ឃ​នៅក្នុង​ដំណាក់​ស្តេច​ណូអេ នោះ​អាលម៉ា​បាន​ទម្លាប់​ខ្លួន​រស់នៅ​ក្នុង​ជីវិត​ដែល​មាន​អភ័យ​ឯកសិទ្ធិ ។ លោក​បាន​ទទួល​ជំនួយ​សម្រាប់​ការចិញ្ចឹម​ជីវិត​ខ្លួន​តាមរយៈ​ពន្ធ​របស់​ប្រជាជន ។ លោក​រីករាយ​នឹង​តំណែង​​ដែល​មានអំណាច និង មាន​មុខមាត់ ។ លោក​គឺជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​អស់​អ្នក​ដែល « លើក​ខ្លួនឡើង​ក្នុង​ការឆ្មើងឆ្មៃ​នៃ​ចិត្ត​របស់​ខ្លួន » ( ម៉ូសាយ ១១:៥ ) ។ ប៉ុន្តែ​នៅពេល​អាលម៉ា​បាន​រៀន​អំពី​ការយាង​មក​របស់​ព្រះអង្កសង្គ្រោះ​មក​កាន់​ពិភពលោក —អំពី​ការបង្រៀន​ ការរងទុក្ខ ការសុគត និង ការមាន​ព្រះជន្មរស់​ឡើង​វិញ​របស់​ទ្រង់ ហើយ​ថា ព្រះយេស៊ូវគ្រីស្ទ​​គឺ​ជា « ពន្លឺ ហើយ​ជា​ជីវិត​នៃ​ពិភពលោក មែន​ហើយ ជា​ពន្លឺ​មួយ​ដែល​មិន​ចេះចប់​មិន​ចេះ​ហើយ គឺ​ពុំ​អាច​មាន​សេចក្តី​ស្លាប់​ទៀត​ឡើយ » ( ម៉ូសាយ ១៦:៩ )—លោក​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ផ្លាស់ប្តូរ​ ។ លោក​ថែម​ទាំង​បាន​ត្រៀម​ខ្លួន​ជាស្រេច​ដើម្បី​ស្លាប់ ប្រសិន​បើចាំបាច់ ។

រូបភាព
Abinadi and King Noah

រូប​គំនូរ​ដកស្រង់​មក​ពី អ័ប៊ីណាដៃ​បាន​ថ្លែង​ទីបន្ទាល់ ដោយ វ៉លធើរ រេណ ទទួល​បាន​សិទ្ធិ​អនុញ្ញាត​ជា​ផ្លូវ​ការ​ដោយ សារមន្ទី​ប្រវត្តិសាស្រ្ត​របស់​សាសនាចក្រ

ទោះ​មាន​ការប្រឆាំង និង ការគំរាមកំហែង​ដល់​អាយុ​ជីវិត​យ៉ាង​គ្រោះ​ថ្នាក់​នៅជុំ​វិញ​លោក​ក្តី អាលម៉ា​បាន​ទូល​អង្វរស្តេច ណូអេ​ដោយ​ក្លាហាន​​ឲ្យ​ដោះលែង​អ័ប៊ីណាដៃ​ឲ្យ​ចាកចេញ​ដោយ​សុខសាន្ត ។ ទង្វើ​របស់​អាលម៉ា​កើត​ចេញ​​ពី​ដួងចិត្ត​របស់​លោក លោក​បាន​ទទួល​អារម្មណ៍​ពី​ក្តីស្រឡាញ់​របស់​ព្រះអង្គ​សង្គ្រោះ​ មាន​ចំពោះ​លោកតាមរយៈ អ័ប៊ីណាដៃ​ដែល​ជា​ព្យាការី​របស់​ព្រះអម្ចាស់ ។

នៅពេល​ម្តាយ​របស់​ខ្ញុំ​បាន​ឲ្យខ្សែ​ក​ការពារ​មក​ខ្ញុំ​ដើម្បី​ពាក់​ឲ្យ​កូន​​របស់​ខ្ញុំ នោះ​ខ្ញុំ​ផ្តោត​កង្វល់​របស់​ខ្ញុំ​ទៅលើ​រូបរាង​ខាង​ក្រៅ​ខ្លួន​ទៅ​វិញ ។ ខ្ញុំ​បាន​ព្រួយ​បារម្ភ​ថា​តើ​សមាជិក​នៅ​សាខា​ខ្ញុំ​នឹង​គិត​យ៉ាង​ណា​ចំពោះ​ខ្ញុំ ។ ច្បាស់ណាស់​ខ្ញុំ​ពុំ​ទាន់​មាន​បទពិសោធន៍​នៃ « ការផ្លាស់ប្តូរ​ចិត្ត​ដ៏​ធំ » ពេញ​លេញ​នោះនៅឡើយ​ ។ ចាប់​តាំងពីពេលនោះ​មក ខ្ញុំ​បាន​ដឹង​ថា ភាពជោគជ័យ និង សុភមង្គល​របស់​យើង​គឺ​ផ្អែក​លើ​ថា​តើ​យើង​មាន​ឆន្ទៈ​ខ្លាំង​ប៉ុណ្ណា​ដើម្បី​ទទួល​យក​ដំណឹង​ល្អ​មក​ក្នុង​ដួងចិត្ត​របស់​ខ្ញុំ ។ ដើម្បី​ឲ្យ​យើង​ស្វែងរក​សុភមង្គល ក្តី​អំណរ និង ភាពសុខសាន្ត​ពិត « ដំណឹងល្អ​ដ៏​បរិសុទ្ធ​របស់​ព្រះយេស៊ូវគ្រីស្ទ​ត្រូវ​តែ​ចូល​ជ្រៅទៅ​ក្នុង​ដួងចិត្ត [ របស់​យើង ] … ដោយ​ព្រះចេស្តា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ » ។

ឱកាសដើម្បីថ្លែងទីបន្ទាល់

ជាមួយ​នឹង​ការផ្លាស់ប្តូរ​នេះ ដោយ​សម្លឹង​ឆ្ពោះ​ទៅរក​ព្រះអង្កសង្គ្រោះ​នៅក្នុង​គ្រប់​កិច្ចការ និង ទីកន្លែង​ទាំងអស់​ធ្វើ​ឲ្យ​យើង​អាច​ឈោង​ទៅ​ជួយ​ដល់​មនុស្ស​ដទៃ ។ អាលម៉ា​បាន​ក្លាយ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ដ៏​អស្ចារ្យ បាន​ជួយ​ដល់​មនុស្ស​ជាច្រើន ហើយ​រៀបចំ​សាសនាចក្រ​នៃ​ព្រះគ្រីស្ទ​នៅក្នុង​ចំណោម​ប្រជាជន​របស់​លោក ដែល​បាន​រត់គេច​ពី​ស្តេច​ណូអេ ។

តើ​អ្នក​អាច​ឃើញ​ពី​ឱកាស​ដែល​ខ្ញុំ​បាន​ខកខាន ដោយ​ពុំ​បាន​ចែកចាយ​ដំណឹង​ល្អ​ជាមួយ​ម្តាយ​របស់​ខ្ញុំ ពេល​គាត់​បាន​ឲ្យ​វត្ថុស័ក្តិសិទ្ធិ​នោះ​ដល់​យើង ដែល​គាត់​បាន​ជឿ​ថា​វា​ការពារ​ខ្លួន​គាត់ និង កូនៗ​របស់​គាត់​ជានិច្ច​មក​នោះ​ដែរ​ឬ​ទេ ? ខ្ញុំ​អាច​ក្លាយ​ជា​ឧបករណ៍​នៅក្នុង​ព្រះហស្ត​របស់​ព្រះអម្ចាស់—គឺ​ធ្វើ​ដូច​ជា​អាលម៉ា​—​ដែល​បានផ្សាយ​ដំណឹង​ល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ហើយ « កែប្រែចិត្ត​របស់​គេ មែន​ហើយ​លោក​បាន​ដាស់​ពួកគេ ឲ្យ​ភ្ញាក់​ពី​ដំណេក​ដ៏​លង់លក់ ហើយ​គេ​ក៏​បាន​ភ្ញាក់​ឡើង​ចំពោះ​ព្រះ » ( អាលម៉ា ៥:៧ ) ។

នៅពេល​ខ្ញុំ​បាន​គិត​ពី​គ្រា​ជាមួយ​ម្តាយ​របស់​ខ្ញុំ​នោះ ខ្ញុំ​ឆ្ងល់​ថា តើ​អាច​មាន​ហេតុការណ៍​អ្វី​កើត​ឡើង ប្រសិនបើ​ខ្ញុំ​បាន​ឆ្លើយតប​ឲ្យ​កាន់តែ​ដូច​អាលម៉ា​នោះ ។ ម្តាយ​របស់​ខ្ញុំ​អាច​ភ្ញាក់​ឡើង​ចំពោះ​ព្រះ ហើយ​ការផ្លាស់ប្តូរ​របស់​គាត់​អាចជះឥទ្ធិពល​វិជ្ជមាន​លើ​បងប្អូន​បង្កើត​របស់​ខ្ញុំ ។ ការផ្លាស់ប្តូរនេះ អាច​ជះឥទ្ធិពល​ដ៏​ធំធេង​នៅក្នុង​ជីវិត​កូនៗ​របស់​បងប្អូន​បង្កើត​របស់​ខ្ញុំ ហើយ​ពូជពង្ស​របស់​ពួកគេ​ផងដែរ ។​

ការផ្លាស់ប្តូរ​ដ៏​ធំ​របស់​អាលម៉ា ពុំ​គ្រាន់តែ​បាន​ទទួល​ដោយ​អស់​អ្នក​ដែល​លោក​បាន​បង្រៀន និង អ្នក​ដែល​លោក​បានថ្លែង​ទីបន្ទាល់​ប្រាប់​ឡើយ ប៉ុន្តែ​ថែម​ទាំង​មាន​ដល់​កូន​របស់​លោក ព្រមទាំង​ពូជពង្ស​របស់​លោក​ផងដែរ ។ កូន​របស់​លោក គឺអាលម៉ា នៅពេល​បង្រៀន​ប្រជាជន​នៅក្នុង និង ជុំវិញ​ដែនដី សារ៉ាហិមឡា បាន​រំឭក​ប្រាប់​អំពី​ទីបន្ទាល់​របស់​ឪពុក​លោក​អំពី​ព្រះអង្គ​សង្គ្រោះ​ព្រះយេស៊ូវគ្រីស្ទ ៖

« មើល​ចុះ​ខ្ញុំ​អាច​ប្រាប់​អ្នក​ថា—តើ​ពុំមែន​ឪពុក​ខ្ញុំ​អាលម៉ា​បាន​ជឿ​ដល់ពាក្យ​សម្តី​ដែ​ល​បាន​ប្រកាស​ចេញពី​មាត់​របស់​អ័ប៊ីណាដៃ​ទេ​ឬ​អី ? …

« ហើយ​ដោយសារ​សេចក្តី​ជំនឿ​របស់​លោក ទើប​មាន​ការផ្លាស់ប្តូរ​ដ៏​ធំ​នៅក្នុង​ចិត្ត​លោក » ( អាលម៉ា ៥:១១–១២ ) ។

ចំពោះ​យុវជន​ដូ​ច​ជា​អាលម៉ា នេះ​គឺ​ជា​ការផ្លាស់ប្តូរ​ដ៏​ធំនៃ​ដួងចិត្ត ដែល​បាន​ចាប់ផ្តើម​ដោយ​ការអញ្ជើញ​របស់​អ័ប៊ីណាដៃ ឲ្យ​អនុវត្តដួងចិត្ត​របស់​មនុស្ស​ម្នាក់​ ឲ្យ​យល់​ពី​ព្រះបន្ទូល​របស់​ព្រះ គឺ​ជា​គន្លឺះ​ឆ្ពោះ​ទៅ​រក​សុភមង្គល និង ជោគជ័យ​នៅក្នុង​ការឈោង​ទៅជួយអ្នក​ដទៃ ៖ « ហើយ​មើល​ចុះ គាត់​បាន​ផ្សាយ​ព្រះបន្ទូល​ទាំង​នោះ​ដល់​ពួក​អយ្យកោ​របស់​អ្នក ហើយ​ការផ្លាស់ប្តូរ​ដ៏ធំមួយ​បាន​កើត​ឡើង​នៅក្នុង​ដួងចិត្ត​របស់​ពួកគេ ហើយ​ពួកគេ​បាន​បន្ទាប​ខ្លួន ហើយ​បាន​ដាក់​ទីទុកចិត្ត​របស់​គេ​ទៅលើ​ព្រះ​ដ៏ពិត ហើយ​មាន​ព្រះជន្ម​រស់នៅ ។ ហើយ​មើល​ចុះ​ពួកគេមាន​ចិត្ត​ស្មោះត្រង់​រហូត​ដល់​ទីបំផុត ហេតុដូច្នេះ​ហើយ​ទើប​ពួកគេ​បាន​សង្គ្រោះ » ( អាលម៉ា ៥:១៣ ) ។

បន្ត​ធ្វើ​ការផ្លាស់ប្តូរ​ជាប់​ជានិច្ច

យុវវ័យ​មួយ​ចំនួន​សព្វថ្ងៃ​នេះត្រូវបាន​ជាប់​ជំពាក់​រវាង​ការជ្រើសរើស​អ្វី​ដែល​ត្រឹមត្រូវ​នៅក្នុង​ព្រះនេត្រ​របស់​ព្រះ ឬ ផ្គាប់​ចិត្ត​ឪពុក​ម្តាយ ឬ អាណាព្យាបាល​ខ្លួន ដែល​ប្រហែលជា​គ្មាន​អារម្មណ៍​ស្រដៀង​នឹង​ពួកគេ​អំពី​ភាពពិត​ពេញលេញនៃ​ដំណឹង​ល្អ ។ នៅពេល​ប្រឈម​មុខ​នឹង​ជម្រើស​បែប​នោះ សូម​សួរ​ខ្លួនឯង​ថា « តើ​ការសម្រេច​ចិត្ត​នេះ​ជួយ​ខ្ញុំ​ឲ្យទទួល​អារម្មណ៍​ថា ‹ កិច្ចការ​របស់​ខ្ញុំ​សុទ្ធសឹង​ជា​កិច្ចការ​សុចរិត​ឬទេ › ( អាលម៉ា ៥:១៦ ) ហើយ​ថាតើ​ការសម្រេចចិត្ត​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​ទទួល​អារម្មណ៍ ‹ ច្រៀង​នូវចម្រៀង​នៃ​សេចក្តីស្រឡាញ់​ដែល​ប្រោសលោះ​ឬ​ទេ ? › » ( អាលម៉ា ៥:២៦ ) ។

ដោយសារ​យើង​គប្បីស្រឡាញ់ និង កោតសរសើរ​ឪពុក​ម្តាយ​របស់​យើង នោះ​យើង​ត្រូវតែ​ដឹង​ថា ជម្រើស​របស់​យើង​នឹង​មាន​ឥទ្ធិពល​ផ្ទាល់​លើ​កូនៗ និង ពូជពង្ស​របស់​យើង ។ ចំពោះ​ពួក​យើង​វា​ប្រហែល​ជា​ចាំបាច់​ត្រូវ​ងាក​ចេញ​ពី​ស្ថានភាព​សុខស្រួល​របស់​ខ្លួន ដូចជា​អាលម៉ា​បាន​ធ្វើ ដែល​បាន​រត់​ភៀសខ្លួន​ពី​អ្នក​បម្រើ​របស់​ស្តេច​ណូអេ ហើយ​បាន​បង្រៀន​ដំណឹង​ល្អនៅក្នុង​ស្ថានភាព​មួយ​ដ៏​យ៉ាប់​យឺន ។ លោកពុំ​គ្រាន់តែ​នាំ​ឲ្យ​មាន​ការផ្លាស់ប្តូរ​នៅក្នុង​គ្រួសារ​របស់​លោក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ដល់​គ្រួសារ​ដទៃ​ទៀតផងដែរ ។ ដើម្បី​ដក​បទពិសោធន៍​នៃ​ការផ្លាស់ប្តូរ​ចិត្ត វា​សំខាន់​ថា​យើង​គិត​អំពី​អ្នក​ដទៃ ហើយ « រួមគ្នា​តម​អាហារ ហើយ​អធិស្ឋាន​ឲ្យ​អស់​ពី​ចិត្ត​ដែរ ដើម្បី​សុខុមាលភាព​ដល់​ព្រលឹង​នៃ​ពួក​អ្នក​ដែល​ពុំ [ ស្គាល់ ] ព្រះ » ( អាលម៉ា ៦:៦ ) ។

តើ​មាន​អ្វី​កើត​ឡើង​ប្រសិន​បើ​កូន​តូចរ៉ូសម៉ារី​របស់​យើង​ពុំ​មាន​ជីវិត​រស់​ពី​ជំងឺ​របស់​នាង​នោះ—​បើ​ទោះបី​ជា​បន្ទាប់​ពី​ខ្ញុំ​បាន​ផ្តល់​ការប្រសិទ្ធពរ​បព្វជិតភាព​ដល់​នាង​ហើយ​នោះ ? ការក្រឿន​រំឭក​របស់​ព្រះអម្ចាស់ គឺ​ជា​កម្លាំង​មួយ​ដ៏​អស្ចារ្យ​ដល់​ខ្ញុំ ៖ « អ្នក​ណា​ដែល​រក​បាន​ជីវិត​ខ្លួន នោះ​នឹង​ត្រូវបាត់​ជីវិត​ទៅ តែ​អ្នក​ណា​ដែល​បាត់​ជីវិត ដោយ​យល់​ដល់​ខ្ញុំ អ្នក​នោះ​នឹង​បាន​ជីវិត​វិញ » ។ ( ម៉ាថាយ ១០:៣៩ ) ។

យើង​រកឃើញ​ក្តី​អំណរ​ក្នុង​កិច្ចខិតខំ​ដោយ​ខ្ជាប់ខ្ជួន​នៃ​បទពិសោធន៍​ផ្លាស់ប្តូរ​ដួងចិត្ត នៅពេល​យើង​ឱបក្រសោប​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ​ក្នុង​ជីវិត​របស់​យើង ។ ខ្ញុំ​មាន​អំណរគុណ​ចំពោះ​ចំណេះដឹង​នេះ ហើយ​ខ្ញុំ​ស្គាល់​ដួងចិត្ត​ខ្ញុំ​ថា ព្រះអង្គសង្គ្រោះ​របស់​យើង​បាន​យាង​ទៅ​ដោយ « រង​ការឈឺចាប់ និង ទុក្ខវេទនា និង ការល្បួង​គ្រប់​បែប​យ៉ាង ហើយ​ទ្រង់​ធ្វើ​យ៉ាង​នេះ​ គឺ​ដើម្បី​ឲ្យ​បាន​បំពេញ​នូវ​ពាក្យ​ទាំងឡាយ ដែល​បាន​ចែង​មក​ថា ទ្រង់​នឹង​លើក​ដាក់​លើ​ខ្លួន​ទ្រង់​នូវ​ការឈឺចាប់ និង​ជំងឺ​ទាំងឡាយ​របស់​រាស្ត្រ​ទ្រង់ » ( អាលម៉ា ៧:១១ ) ។ ខ្ញុំ​ដឹង​ថា មាន​នូវ​សុវត្ថិភាព និង ការ​ការពារ​នៅក្នុង​ការសម្លឹង​មើល​ឆ្ពោះ​ទៅ​កាន់​ព្រះអម្ចាស់ ហើយ​ធ្វើ​តាម​ព្រះឱវាទ​របស់​ទ្រង់ ។

កំណត់​ចំណាំ

  1. ហិនរី ប៊ី អាវរិង « We Must Raise Our Sights » Ensign ខែ កញ្ញា ឆ្នាំ ២០១៤​ ទំព័រ ១៦ ។