២០១៦
តើ​យើង​ដឹង​អ្វី​ខ្លះ​អំពី​ជីវិត​បន្ទាប់​ពី​សេចក្តីស្លាប់ ?
June 2016


តើ​យើង​ដឹង​អ្វី​ខ្លះ​អំពី ជីវិត​បន្ទាប់​ពី​សេចក្តីស្លាប់ ?

« បើ​មនុស្ស​ស្លាប់​ទៅ តើ​នឹង​មាន​ជីវិត​រស់​ឡើង​ទៀត​ឬ ? » មែន​ហើយ​រស់ឡើង​វិញ ! ប៉ុន្តែ​រឿង​នោះ​វា​យ៉ាង​ដូចម្តេច​វិញ ?

រូបភាព
life after death

នៅ​ក្នុង​សម័យ​កាល​ទាំងអស់ មនុស្ស​រាប់​មិន​អស់​បាន​សួរ​សំណួរ​ដែល​ត្រូវបាន​ចោទ​សួរ​ដោយ​យ៉ូប ៖ « បើ​មនុស្ស​ស្លាប់​ទៅ តើ​នឹង​មាន​ជីវិត​រស់​ឡើង​ទៀត​ឬ ? » ( យ៉ូប ១៤:១៤ ) ។ ចម្លើយ​ឆ្លើយ​ថា « មែន​ហើយ​រស់ឡើង​វិញ ! » ចំពោះ​សំណួរ​នេះ​គឺ​ជា​ឯកសិទ្ធិ​ដ៏​អស្ចារ្យ​មួយ​នៃ​អស់​អ្នក​ដែល​មាន​ទីបន្ទាល់​អំពី​ព្រះយេស៊ូវគ្រីស្ទ និង ការមាន​ព្រះជន្ម​រស់​ឡើង​វិញ​របស់​ទ្រង់ ។

ប៉ុន្តែ​មនុស្ស​ជាច្រើន​នៅ​ជុំវិញ​ខ្លួន​យើង​ដែល​បាន​ចែកឋាន​ពី​ជីវិត​នេះ​ទៅ « ដោយ​គ្មាន​ព្រះ​ក្នុង​លោកីយ៍​នេះ​ដែរ » ( អេភេសូរ ២:១២ ) ហើយ​ត្រូវ​បង្ហាញ​នូវ​ភាពខុសគ្នា​រវាង​សេចក្តីពិត និង ជំនឿ​ផ្សេងៗ​ទាក់ទង​នឹង​សេចក្តីស្លាប់ ។ សម្រាប់​មូលហេតុ​មួយ​នោះ​គឺ​មាន​ភស្តុតាង​ដោយ​ផ្ទាល់​ភ្នែក ឬ មាន​« សេចក្តីពិត​ជា​អកុសល » ដែល​ថា​សេចក្តីស្លាប់​គឺ​រឿង​ទូទៅ និង ពិត​ប្រាកដ—នោះ​ពួកគេ​ពុំ​ធ្លាប់​ឃើញ​មាន​នរណា​ម្នាក់​បាន​រស់ឡើង​វិញ​ឡើយ ។ បន្ទាប់មក​មាន​របាយការណ៍​ជាច្រើន​អំពី​បទពិសោធន៍​ហៀប​នឹង​ស្លាប់​ជាមួយ​នឹង​អារម្មណ៍​ដ៏​អស្ចារ្យ​យ៉ាង​ជាក់ច្បាស់​រវាង​ពួកគេ ។ ហើយ​ក្រោយ​មក​មាន​សេចក្តីពិត​ដែល​ថា វប្បធម៌​របស់​មនុស្ស​ទូទាំង​ពិភពលោក​ទាំងមូល តែងតែ​មាន​ការយល់​ឃើញ​អំពី​លក្ខណៈ​មួយ​ចំនួន​អំពី​ជីវិត​បន្ទាប់​ពី​ជីវិត​នេះ ជា​អារម្មណ៍​មួយ​ដែល​តម្រូវ​ឲ្យ​មាន​ការពន្យល់​បកស្រាយ ។

ប៉ុន្តែ​ការធានា​អះអាង​ថា​ជីវិត​របស់​យើង​នឹង​ពុំ​បញ្ចប់​ត្រឹម​សេចក្តីស្លាប់​នេះ​គឺ​មក​ពី​ព្រះ ដែល​បាន​បើក​សម្តែង​តាំង​ពី​ដើម​ដំបូង​មក​តាមរយៈ​សាក្សី​ជា​ច្រើន​រូប រួម​មាន​ទាំង​ព្យាការី សាវក និង សំខាន់​បំផុត​នោះ​គឺ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

តាំង​ពី​ដំបូង​ឡើយ

ផែនការ​នៃ​សេចក្តីសង្គ្រោះ​បាន​បង្រៀន​លើក​ដំបូង​គេ​នៅលើ​ផែនដី​នេះ​ដល់​អ័ដាម និង អេវ៉ា ដែល​ជា​ឪពុក​ម្តាយ​ដើម​របស់​យើង ។ ពួកគេ​បាន​រៀន​អំពី​ដំណឹង​ល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ និង របៀប​ដើម្បី​ត្រឡប់​ទៅ​វត្តមាន​របស់​ព្រះ​វរបិតាសួគ៌​វិញ—ហើយ​ពួកគេ​បាន​យល់​ថា ការត្រឡប់​ទៅវិញ មាន​ន័យ​ថា​យើង​ធ្លាប់​រស់នៅ​ជាមួយ​នឹង​ទ្រង់​កាល​ពី​មុន ។ ដូច្នេះ តាំង​ពី​ដំបូង​ឡើយ អ័ដាម និង អេវ៉ា​បាន​ដឹង​យ៉ាង​ជាក់ច្បាស់​ថា​ជីវិត​នេះ​ពុំមែន​បញ្ចប់​ត្រឹម​នេះ​ឡើយ ។ ពួកគេ​បាន​ដឹង—ហើយ​បាន​បង្រៀន​កូនៗ​របស់​ខ្លួន—ដោយសារ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ នោះ​ពួកគេ​ត្រូវបាន​រស់​ឡើង​វិញ​បន្ទាប់​ពី​ជីវិត​នេះ ហើយ​ប្រសិនបើ​ពួកគេ​គោរព​ប្រតិបត្តិ​តាម នោះ​ពួកគេ​ទទួល​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ( សូមមើល ម៉ូសេ ៥:១០–១២ ) ។

ទ្រឹស្តីក្នុង​លោក​នេះ​ផ្តល់​យោបល់​ថា ជំនឿ​លើ​ជីវិត​បន្ទាប់​ពី​ជីវិត​នេះ​គឺ​ជា​ជំនឿ​ឯករាជ្យ ដែល​មាន​ទំហំ​លើស​ពី​តម្រូវការ​ផ្នែក​ចិត្តសាស្ត្រ​ទូទៅ​មួយ​ចំនួន ។ ប៉ុន្តែ​គំនិត​ដែល​ដឹង​ឮ​ពី​ជីវិត​បន្ទាប់​ពី​សេចក្តី​ស្លាប់ ដោយ​ផ្ទុយទៅវិញ បង្កើត​ជា​ការចងចាំ​អំពី​បុព្វការីជន ឬ ការចងចាំជា​សង្គម ( ប្រសិន​បើ​មិនមែន​ជា​ការចងចាំ​នៃ​ជីវិត​មុន​ឆាក​ជីវិត​នេះ ) អំពី​អ្វី​ដែល​ទាក់ទង​នឹង​ការចាប់​ផ្តើម​ពី​ដំបូង ហើយ​បន្ត​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​ទៀត ។ មាន​គ្រា​មួយ​នោះ​ប្រធាន យ៉ូសែប អេហ្វ ស៊្មីធ ( ឆ្នាំ ១៨៣៨–១៩១៨ ) បាន​មាន​ប្រសាសន៍​អំពី​សណ្តាប់​នៃ​ប្រពៃណី​សាសនា​ទូទៅ​ដែល​អនុវត្ត​លើ​ជំនឿ​ទូទៅ​ដូចជា​ជីវិត​បន្ទាប់​ពី​សេចក្តីស្លាប់​នេះ​ផងដែរ ៖ « ដោយ​ពុំ​សង្ស័យ​អ្វី​ពី​ចំណេះ​ដឹង [ នេះ ] … ដែល​មាន​តាំងពី​ពូជពង្ស​របស់​អ័ដាម​ទៅដល់​គ្រប់ដែនដី​ទាំងអស់ ហើយ​បន្ត … រហូត​ដល់​ណូអេ … ទៅ​ដល់​អ្នក​ដែល​ស្នង​តំណែង​ពី​លោក ដោយ​ផ្សព្វផ្សាយ​គ្រប់​ប្រជាជាតិ និង ប្រទេស​ទាំងអស់ » ( « Discourse » Deseret News​ ថ្ងៃ​ទី ១៩ កុម្ភៈ ឆ្នាំ ១៨៧៣ ទំព័រ ៣៦ ) ។

ហេតុដូច្នោះ​ហើយ គំនិត​អំពី​ជីវិត​បន្ទាប់​ពី​ជីវិត​នេះ​គឺ​ជា​រឿង​ទូទៅ​មួយ ដោយសារ​ប្រភព​ដើម​របស់​វា​កើត​ឡើង​តំណាល​គ្នា​នឹង​ប្រភព​នៃ​ពូជមនុស្ស ។

សេចក្ដី​ដ៏​ច្បាស់ និង ពិសេសៗ

ក្នុង​នាម​ជា​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ យើង​អាច​ជួយ​នាំ​មកនូវ​សេចក្តី​សង្ឃឹម​ដល់​អស់​ទាំង​មនុស្ស​ ដែល​រស់នៅ​ដោយ​គ្មាន​ព្រះ​នៅក្នុង​លោកិយ៍​នេះ ដោយ​ថ្លែង​ទី​បន្ទាល់​ដ៏​មាន​ទំនុក​ចិត្ត​របស់​អ្នក​អំពី​សេចក្តីពិត​នៃ​ជីវិត​របស់​យើង ៖ សេចក្តីស្លាប់​ពុំ​មែន​ជា​ទីបញ្ចប់​ទេ ។ ក្រៅ​ពី​នោះ យើង​អាច​ឆ្លើយ​នឹង​សំណួរ​ជាច្រើន​អំពី​ជីវិត​បន្ទាប់​ពី​សេចក្តីស្លាប់ ដោយសារ​សេចក្ដីពិត​ដ៏​ច្បាស់ និង ពិសេសៗ​នៃ​ដំណឹង​ល្អ​ដែល​បាន​ស្តារ​ឡើង​វិញ​បាន​បើក​សម្តែង​ហើយ ។ នេះ​គឺ​ជា​ចម្លើយ​ខ្លីៗ​ចំពោះ​សំណួរ​មួយ​ចំនួន​បែប​នោះ ។

តើ​មាន​អ្វី​នឹង​កើត​ឡើង​ចំពោះ​យើង​បន្ទាប់​ពី​យើង​ស្លាប់ ?

នៅពេល​ស្លាប់ វិញ្ញាណ​របស់​យើង​នឹង​បែក​ចេញ​ពី​រូបកាយ​របស់​យើង ហើយ​ចូល​ទៅក្នុង​ពិភព​វិញ្ញាណ ( សូមមើល យ៉ាកុប ២:២៦; អាលម៉ា ៤០:១១ ) ។

តើ​វិញ្ញាណ​របស់​យើង​នឹង​ទៅ​ជា​យ៉ាង​ណា ?

តួ​វិញ្ញាណ​របស់​យើង​មាន​លក្ខណៈ​ដូច​ជា​វិញ្ញាណ​ដែល​យើង​មាន​មុន​ឆាក​ជីវិត​នេះ ៖ រូបកាយ​មនុស្ស​ពេញ​វ័យ​ក្នុង​សភាព​ដ៏​ល្អ​ឥតខ្ចោះ ( សូមមើល អេធើរ ៣:១៦; Teachings of Presidents of the Church: Joseph F. Smith [ ឆ្នាំ ១៩៩៨ ] ទំព័រ ១៣១–៣២ ) ។ បន្ទាប់​ពី​ស្លាប់ វិញ្ញាណ​របស់​យើង​នឹង​មាន​លក្ខណៈ ចំណង់ និង ក្តី​ប្រាថ្នា​ដូច​រូបកាយ​រមែង​ស្លាប់​របស់​យើង​នៅលើ​ផែនដី​នេះដែរ ( សូមមើល អាលម៉ា ៣៤:៣៤ ) ។

តើ​វិញ្ញាណ​គឺ​ជា​អ្វី ?

វិញ្ញាណ​គឺ​ជា​ធាតុ​ម្យ៉ាង​ដែល « ហ្មត់ ឬ​សុទ្ធសាធ​ជាង » ( គ. និង ស. ១៣១:៧ ) ។

តើ​ពិភព​វិញ្ញាណ​មាន​លក្ខណៈ​បែប​ណា ?

មាន​ស្ថានភាព ឬ ការបែងចែក​ដ៏​ធំ​ពីរ​នៅក្នុង​ចំណោម​វិញ្ញាណ ដែល​នៅក្នុង​ពិភព​វិញ្ញាណ ៖ ស្ថានបរមសុខ និង ស្ថាន​ឃុំ​ព្រលឹង ។ វិញ្ញាណ​នៃ​ពួក​សុចរិត​នឹង​ទៅ​ស្ថាន​បរមសុខ ដែល​ជា « ស្ថានភាព​ឈប់​សម្រាក ស្ថានភាព​សុខសាន្ត ជា​កន្លែង​ដែល​គេ​នឹង​បាន​សម្រាក​ពី​អស់​ទាំង​កង្វល់​ពី​អស់​ទាំង​ការបារម្ភ និង ពី​ទុក្ខព្រួយ » ( អាលម៉ា ៤០:១២ ) ។ វិញ្ញាណ​នៃ​អស់​អ្នក​ដែល​ពុំ​ទាន់​ទទួល​យក​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ​នៅ​ឡើយ គឺ​ត្រូវបាន​និយាយ​ថា​រស់នៅ​ក្នុង​ស្ថាន​ឃុំ​ព្រលឹង ។ ( សូមមើល ពេត្រុសទី ១ ៣:១៨–២០ ) ។ ពួកគេ​នៅតែ​អាច​ជ្រើសរើស​ដើម្បី​ធ្វើ​ល្អ ឬ អាក្រក់ និង ទទួលយក ឬ បដិសេធ​ដំណឹង​ល្អ ។ វិញ្ញាណ​នានា​នៅក្នុង​ស្ថានបរមសុខ​អាច​ផ្សាយ​ដំណឹង​ល្អ ដល់​ពួកគេ ( សូមមើល គ. និង ស. ១៣៨ ) ។ អស់​ទាំង​អ្នក​ណា​ដែល​មាន​វិញ្ញាណ​បែក​ពី​រូបកាយ​អស់​ពេល​យ៉ាង​យូរ​បាន​ចាត់​ទុក​ការបែក​នេះ​ថា​ជា « ការជាប់​ឃុំឃាំង » ( គ. និង ស. ៤៥:១៧; ១៣៨:៥០ ) ។

តើ​ស្ថានសួគ៌​ជា​អ្វី ?

ជាទូទៅ​ស្ថានសួគ៌​ត្រូវបាន​ពន្យល់​ថា ជា​កន្លែង​ដែល​ព្រះ​គង់​នៅ និង មនុស្ស​សុចរិត​អាច​នៅ​ទីនោះ​ផងដែរ ។ នៅក្នុង​ន័យ​នេះ គឺ​វា​ខុស​ពី​ស្ថានបរមសុខ​នៃ​ពិភពវិញ្ញាណ ។

តើ​ស្ថាននរក​ជា​អ្វី ?

នៅក្នុង​ព្រះគម្ពីរ ស្ថាននរក អាច​សំដៅ​លើ​កន្លែង​ពីរ​យ៉ាង (១) « ជា​ទី​បណ្តោះអាសន្ត​នៅ​ពិភពវិញ្ញាណ​ សម្រាប់​ពួក​អ្នក​ដែល​មិន​បាន​គោរព​តាម​កាល​រស់នៅ​លើ​ផែនដី ឬ (២) ជា​កន្លែង​ដ៏​អចិន្ត្រៃ​ដល់​អស់​អ្នក​ណា​ដែល​មិន​ត្រូវ​បាន​ប្រោសលោះ​ដោយសារ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ » ( សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « ស្ថាននរក » scriptures.lds.org ) ។ ការយល់​ដឹង​ជា​ទូទៅ វា​គឺ​ជា​លក្ខខណ្ឌ​ខាង​វិញ្ញាណ​មួយ​ដែល​រងការឈឺចាប់​ដោយ​អស់​អ្នក​ដែល​បាន​បដិសេធ​ដំណឹង​ល្អ ។ យ៉ូសែប ស៊្មីធ​បាន​បង្រៀន ៖ « ទុក្ខលំបាក​ដ៏​ធំ​នៃ​វិញ្ញាណ​ដែល​បាន​ចាកចេញ​ទៅ… គឺ​ការដឹង​ថា ពួកគេ​ពុំ​ទទួល​បាន​សិរីរុងរឿង ដែល​មនុស្ស​ដទៃ​រីករាយ ហើយ​ថា​ពួកគេ​អាច​មាន​ក្តី​រីករាយ​ចំពោះ​ខ្លួន​ពួកគេ ហើយ​ពួកគេ​គឺ​ជា​អ្នក​ចោទប្រកាន់​ខ្លួន​ឯង » ( Teachings of Presidents of the Church: Joseph Smith​ [ ឆ្នាំ ២០០៧ ] ទំព័រ ២២៤ ) ។

តើ​អ្វី​ទៅ​ជា​ដំណើរ​រស់​ឡើង​វិញ ?

ដំណើររស់​ឡើង​វិញ​គឺ​ជា​ការផ្គុំ​គ្នា​ជា​ថ្មី​នៃ​វិញ្ញាណ និង រូបកាយ​ដ៏​ល្អ​ឥតខ្ចោះ ក្នុង​ស្ថានភាព​អមតៈ ( សូមមើល អាលម៉ា ១១:៤៣ ) ។

តើ​នរណា​នឹង​បាន​រស់​ឡើង​វិញ ?

មនុស្ស​ទាំងអស់​ដែល​បាន​រស់នៅ​លើ​ផែនដី​នឹង​បាន​រស់ឡើង​វិញ ( សូមមើល កូរិនថូសទី ១ ១៥:២២; អាលម៉ា ១១:៤៤ ) ។

តើ​យើង​នឹង​រស់​ឡើង​វិញ​នៅពេល​ណា ?

មនុស្ស​នឹង​រស់ឡើង​វិញ​នៅ​ក្នុង​ពេល​ផ្សេងៗ​គ្នា ។ ការរស់ឡើងវិញ​របស់​ព្រះយេស៊ូវគ្រីស្ទ​នាំ​ឲ្យ​មាន​ដំណើរ​រស់ឡើងវិញ​ទីមួយ ឬ ដំណើរ​រស់​ឡើង​វិញ​នៃ​មនុស្ស​សុចរិត ។ មនុស្ស​សុចរិត​មួយ​ចំនួន​បាន​រស់ឡើង​វិញ​ហើយ​ចាប់​តាំង​ពី​គ្រា​នោះ​មក ។ បន្ទាប់​ពី​ការយាង​មក​ជា​លើក​ទីពីរ​របស់​ព្រះយេស៊ូវគ្រីស្ទ នោះ​មនុស្ស​សុចរិត​ជា​ច្រើន​​ទៀត​នឹង​រស់​ឡើង​វិញ ។ ក្នុង​អំឡុង​សហស្សវត្សរ៍ នោះ​មនុស្ស​ល្អ​ដទៃ​ទៀត​នឹង​រស់​ឡើង​វិញ ។ បន្ទាប់​ពី​សហស្សវត្សរ៍ នោះ​មនុស្ស​ទុចរិត​នឹង​រស់​ឡើង​វិញ ។ ( សូមមើល គ. និង ស. ៧៦:៣២–១១២; ៨៨:៩៧–១០១ ) ។

តើ​រូបកាយ​ដែល​បាន​រស់ឡើង​វិញ​មាន​សភាព​យ៉ាង​ណា ?

រូបកាយ​ដែល​រស់ឡើង​វិញ​មាន​សភាព​ជា​សាច់ និង ឆ្អឹង ( សូមមើល លូកា ២៤:៣៩ ) អមតៈ ( សូមមើល អាលម៉ា ១១:៤៥ ) ល្អ​ឥតខ្ចោះ ( សូមមើល អាលម៉ា ១១:៤៣ ) មាន​សិរីរុងរឿង និង ស្រស់​ស្អាត ។ « គ្មាន​អ្វី​ដែល​ស្រស់ស្អាត​ជាង​ពេល​មើល​ទៅ​បុរស ឬ​ស្ត្រី​ដែល​បាន​រស់​ឡើងវិញ​នោះ​ទេ » ( ប្រធាន ឡូរែនសូ ស្នូ [ ឆ្នាំ ១៨១៤–១៩០១ ] The Teachings of Lorenzo Snow បាន​រៀបចំ​​បោះពុម្ព​ដោយ ស៊ីនឌី ជេ វិល្លាម [ ឆ្នាំ ១៩៩៦ ] ទំព័រ ៩៩ ) ។

តើ​អ្វីខ្លះ​កើត​ឡើង បន្ទាប់ពី​យើង​បាន​រស់ឡើង​វិញ ?

បន្ទាប់​ពី​មនុស្ស​ទាំងអស់​បាន​រស់ឡើង​វិញ និង ពេល​សហស្សវត្សរ៍​បាន​បញ្ចប់ នោះ​យើង​នឹង​ត្រូវបាន​នាំ​ទៅ​ក្នុង​វត្តមាន​នៃ​ព្រះ​ដើម្បី​ជំនុំជំរះ​ស្របតាម​ពាក្យ​សម្តី ទង្វើ គំនិត និង បំណងប្រាថ្នា ( សូមមើល វិវរណៈ ២០:១២; អាលម៉ា ១២:១៤; គ. និង ស. ១៣៧:៩​ ) ។ ព្រះយេស៊ូវគ្រីស្ទ​នឹង​ធ្វើ​ជា​ចៅក្រម​របស់​យើង ( សូមមើល យ៉ូហាន ៥:២២, ២៧–២៩; រ៉ូម ១៤:១០ ) ។

តើ​មាន​អ្វីខ្លះ​កើត​ឡើង បន្ទាប់ពី​សេចក្តី​ជំនុំជំរះ​ចុង​ក្រោយ ?

បន្ទាប់​ពី​សេចក្តី​ជំនុំជំរះ​ចុង​ក្រោយ យើង​នឹង​ទទួល​នូវ​រង្វាន់​ដ៏​អស់កល្ប​មួយ​ដូចតទៅ ៖

នគរសេឡេស្ទាល ៖ ដំណាក់​នៃ​ព្រះវរបិតាសួគ៌ ព្រះយេស៊ូវ​គ្រីស្ទ និង អស់​អ្នក​ដែល​សក្តិសម​នឹង​ទទួល​បាន​ជីវិត​អស់កល្ប​ជានិច្ច ដោយ​ការធ្វើ និង រក្សា​គ្រប់​សេចក្តីសញ្ញា​ទាំងអស់​នៃ​ដំណឹងល្អ ( សូមមើល គ. និង ស. ៧៦:៥០–៧០ ) ។

នគរទេរេសស្ទ្រាល ៖ ជា​ផ្ទះ​នៃ​អស់​ទាំង​មនុស្ស​ល្អ​ដែល​ពុំ​ទទួល​យក​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ប៉ុន្តែ​បាន​ទទួល​វា​នៅក្នុង​ពិភពវិញ្ញាណ ឬ អស់​អ្នក​ដែល​គ្មាន​ក្តីក្លាហាន​នៅក្នុង​ទីបន្ទាល់​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៅក្នុង​ជីវិត ( សូមមើល គ. និង ស. ៧៦:៧១–៨០ ) ។

នគរទេឡេស្ទាល ៖ ជា​ផ្ទះ​នៃ​អស់​ទាំង​មនុស្ស​ដែល​ទុច្ចរិត និង ពុំ​ទទួល​ដំណឹង​ល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ជា​អស់​អ្នក​ដែល​ពុំ​ទាន់​រស់ឡើង​វិញ​ឡើយ​រហូត​ក្រោយ​ពី​សហស្សវត្សរ៍ ( សូមមើល គ. និង ស. ៧៦:៨១-៨៩​ ) ។

ការដាក់​ទោស​មិនចេះ​ចប់​មិនចេះហើយ ៖ ជា​ស្ថានភាព​ចុង​ក្រោយ​នៃ​កូន​ហិនវិនាស ព្រម​ទាំង​សាតាំង និង ពួក​ទេវតា​របស់​វា ( សូមមើល គ. និង ស. ៧៦:៣១–៤៩ ) ។

តើ​មនុស្ស​នឹង​ធ្វើ​អ្វីខ្លះ​នៅក្នុង​នគរ​សេឡេស្ទាល ?

អស់​អ្នក​ដែល​គ្រង​មរតក​កម្រិត​ខ្ពស់​បំផុត​នៃ​នគរសេឡេស្ទាល នឹង​ត្រូវបាន​តម្កើង​ឡើង ដែល​មាន​ន័យថា​ពួកគេ​នឹង​មាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ប្រែក្លាយ​ដូចជា​ព្រះវរបិតាសួគ៌ ហើយ​ទទួល​នូវ​អ្វីៗ​ទាំងអស់​ដែល​ព្រះវរបិតា​មាន ។ ដើម្បី​ប្រែក្លាយ​ដូច​ជា​ព្រះវរបិតាសួគ៌​មាន​ន័យ​ថា តម្រូវ​ឲ្យ​មាន​លក្ខណៈ​គ្រប់​លក្ខណ៍​របស់​ទ្រង់ រួម​មាន​សេចក្តីស្រឡាញ់ និង ការបម្រើ ។ វា​ក៏​មាន​ន័យ​ថា ចែក​រំលែក​កិច្ចការ និង សិរីល្អ​របស់​ទ្រង់​ដែល « ដើម្បី​នាំ​ឲ្យ​មាន​អមតភាព និង ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​ដល់​មនុស្ស » ( ម៉ូសេ ១:៣៩ ) ។ ភាពតម្កើងឡើង​រួម​មាន​ការផ្សារភ្ជាប់​នៅក្នុង​អាពាហ៍ពិពាហ៍​សម្រាប់​ភាពអស់​កល្ប​ជានិច្ច រស់នៅ​ក្នុង​គ្រួសារ​អស់កល្ប និង មាន​កូនចៅ​ខាង​វិញ្ញាណ​អស់កល្ប ។ ( សូមមើល គ. និង ស. ៧៦:៥៩, ៦២; ១៣០:២; ១៣២:១៩–២៣ ) ។

តើ​មនុស្ស​នឹង​ធ្វើ​អ្វី​នៅក្នុង​នគរ​ផ្សេង​ទៀត ?

អស់​អ្នក​នៅក្នុង​នគរ​ផ្សេង​ទៀត​នឹង​ក្លាយ​ជា​ពួក​ទេវតា​ដែល « ជា​អ្នក​បម្រើ​ខាង​ការបម្រើ ដើម្បី​បម្រើ​ដល់​អស់​អ្នក​ណា​ដែល​សំណំ នឹង​ទម្ងន់​នៃ​សិរីល្អ​ដ៏​ធំ​ជាង និង ដ៏​លើសលប់ និង ដ៏​នៅ​អស់​កល្ប​ជានិច្ច » ( គ. និង ស. ១៣២:១៦ ) ។ ពួកគេ​នឹង​ពុំ​រៀប​អាពាហ៍ពិពាហ៍ ឬ មានកូន​ខាង​វិញ្ញាណ​ឡើយ ( សូមមើល គ. និង ស. ១៣១:១–៤; ១៣២:១៦–១៧ ) ។

កំណត់​ចំណាំ

  1. « ការបម្រើ​គឺ​ពុំមែន​ជា​អ្វី​ដែល​យើង​ស៊ូទ្រាំ​នៅលើ​ផែនដី​នេះ​ឡើយ ដូច្នោះ​យើង​អាច​ទទួល​នូវ​ឯកសិទ្ធិ​រស់នៅ​ក្នុង​នគរ​សេឡេស្ទាល ។ ការបម្រើ​គឺ​ជា​រចនាសម្ព័ន្ធ​ដ៏​សំខាន់​ដែល​បង្តើត​ឲ្យ​មាន​ជីវិត​តម្កើង​ឡើង​នៅក្នុង​នគរសេឡេស្ទាល » ( ប្រធាន ម៉ារ៉ុន ជី រ៉មនី [ ឆ្នាំ ១៨៩៧–១៩៨៨ ] ទីប្រឹក្សា​ទី​ពីរ​នៅក្នុង​គណៈប្រធាន​ទីមួយ « The Celestial Nature of Self-Reliance » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៨២ ទំព័រ ៩៣ ) ។