២០១៦
មនុស្ស​ម្នាក់​ដែល​ស្រែក​អំពាវនាវ
June 2016


ចេញ​មក​ពី​តំបន់​បេសកកម្ម

មនុស្ស​ម្នាក់​ដែ​លស្រែក​ អំពាវនាវ

អ្នក​និពន្ធ​រស់​នៅ​ក្នុង​រដ្ឋ មិសសួរី ស.រ.អា. ។

គាត់​មើល​ទៅ​ដូច​ជា​មនុស្ស​ម្នាក់​ដែល​មិន​គួរ​ឲ្យ​ចង់​និយាយ​ជាមួយ​ឡើយ ។ ថ្វីបើ​ខ្ញុំ​មាន​អារម្មណ៍​មួយ​ភ័យខ្លាច​ក្តី ប៉ុន្តែអារម្មណ៍​មួយ​ទៀត​គឺ​ពិត​ជាចង់​និយាយ​ជាមួយ​គាត់​ណាស់ ។

រូបភាព
man in hooded jacket

រចនា​លម្អ​រូបថត​ដោយ ដេវីត ស្តូកឃើរ

ខ្ញុំ​មាន​ឱកាស​បម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​នៅក្នុង​ទីក្រុង កាតានៀ ប្រទេស អ៊ីតាលី ។ មាន​គ្រា​មួយ​នោះ​ក្នុង​បេសកកម្ម យើង​មាន​ការលំបាក​ក្នុង​ការផ្សព្វផ្សាយ​ណាស់ ។ យើង​បរាជ័យ​ពេញ​មួយ​សប្តាហ៍ ហើយ​រាល់​ថ្ងៃ​វា​គឺ​ជា​ការសាកល្បងដល់​យើង​ថា​ប្រសិនបើ​យើង​នឹង​បន្ត​មាន​ឥរិយាបថ​វិជ្ជមាន បន្ត​ញញឹម ហើយ​បន្ត​ព្យាយាម​ខំ​ធ្វើ​ការ​ដែរ​ឬ​អត់ ។

នា​ល្ងាច​មួយ​យើង​បានប្តេជ្ញា​ចិត្ត​ដើម្បី​ផ្លាស់ប្តូរ​លទ្ធផល​នៃ​កិច្ចការ​របស់​យើង ។ យើង​បាន​ទៅ​តំបន់​ជុំ​វិញ​នោះ ហើយ​និយាយ​ជាមួយ​មនុស្ស​នៅក្នុង​សួន​ឧទ្យាន​ក្បែរ​ផ្ទះ​របស់​យើង ហើយ​យើង​បាន​ជួប​បុរស​ម្នាក់​អង្គុយ​នៅ​លើ​កៅអី​វែង ឈ្ងោក​មុខ​ចុះ ហើយ​កំពុង​ជក់បារី ។ គាត់​ស្លៀកពាក់​ខោ​អាវ​ខ្មៅ​ពី​ក្បាល​រហូត​ដល់​ចុងជើង ហើយ​ពាក់​មួក​ដែល​ជាប់​នឹង​អាវ​នោះ ។ គាត់​មើល​ទៅ​ដូច​ជា​មនុស្ស​ម្នាក់​ដែល​មិន​គួរ​ឲ្យ​ចង់​និយាយ​ជាមួយ​ឡើយ ។ ខ្ញុំ​បាន​មើល​គាត់ ដៃ​គូខ្ញុំ​បាន​មើល​គាត់ យើង​បាន​មើល​គ្នា​ទៅវិញ​ទៅមក ហើយ​បាន​មើល​ត្រឡប់​ទៅ​គាត់​វិញ ។

អែលឌើរ ហ្វាលី​ បាន​សួរខ្ញុំ​ថា « តើ​យើង​ធ្លាប់​និយាយ​ជាមួយ​គាត់​ពី​មុន​ដែរឬ​ទេ ? »

ខ្ញុំ​បាន​ឆ្លើយ​ថា « ខ្ញុំ​គិត​ថា យើង​ធ្លាប់​បាន​និយាយ​ជាមួយ​គាត់​ហើយ ដោយសារ​ខ្ញុំ​គិត​ថា ខ្ញុំ​ពិត​ជា​ស្គាល់​គាត់ » ។

អែលឌើរ ហ្វាលី បាន​និយាយ​ថា « មែនហើយ ខ្ញុំ​ក៏​គិត​អញ្ចឹង​ដែរ » ។

ដូច្នេះ​យើង​ក៏​ចាប់ផ្ដើម​ដើរ​ទៅ​រក​គាត់ ។ ខ្ញុំ​មាន​អារម្មណ៍​មួយ​ភ័យខ្លាច ដោយសារ​ថា តាមធម្មតា​គាត់​មិនមែន​ជា​មនុស្ស​ម្នាក់​ដែល​ខ្ញុំ​នឹង​និយាយ​ជាមួយ​ឡើយ ប៉ុន្តែ​អារម្មណ៍​មួយ​ទៀត​គឺ​ថា​ខ្ញុំ​ពិត​ជា​ចង់​និយាយ​ជាមួយ​គាត់​ណាស់ ។

យើង​បាន​សួរ​គាត់ « សាយ័ន្ត​សួស្តី តើ​អ្នក​សុខ​សប្បាយ​ទេ ? » ។

គាត់​បាន​ងើយ​មើល​យើង​ដោយ​រង្វង់​ភែ្នកពណ៌​ខ្មៅ ហាក់​ដូច​ជា​ការនិយាយ​ថា « នរណា​គេ​រំខាន​ការដេក​ពួន​របស់​ខ្ញុំ ! ? » ក្រោយ​មក​គាត់​បាន​និយាយ​ដ៏​ស្រទន់​ថា « សាយ័ន្ត​សួស្តី » ។ យើង​បាន​ណែនាំ​ខ្លួន​យើង​ថា​ជា​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា ហើយ​គាត់​បាន​ប្រាប់​យើង​ភ្លាម​ថា គាត់​ជា​អ្នក​បដិសេធ​ព្រះ ហើយ​ពុំ​ជឿ​លើ​អ្វី​ទាំងអស់ ។ យើង​បាន​សួរ​គាត់​អំពី​មូលហេតុ ដែល​ខ្ញុំ​គិត​ថា​បានធ្វើឲ្យ​គាត់​ភ្ញាក់ផ្អើល ។

« មែនហើយ ដោយសារ ម្តាយ ឪពុក បងស្រី និង ក្អួយស្រី​ខ្ញុំ​ស្លាប់​ក្នុង​រយៈពេលតែ​មួយ​ខែ ហើយ​ខ្ញុំ​រស់នៅ​ក្នុង​ក្តីរន្ធត់​យ៉ាង​ខ្លាំង​ក្នុង​ជីវិត​ឯកោ​បែប​នេះ​ដោយ​សារ​តែ​រឿង​នោះ ។ សាសនា​មិន​បាន​ជួយ​អ្វី​ដល់​ខ្ញុំ​ឡើយ តែ​ធ្វើ​ឲ្យ​មាន​រឿង​កាន់តែ​អាក្រក់​ចំពោះ​ខ្ញុំ » ។

យើង​បាន​សួរ​គាត់ ថា​តើ​គាត់​ដឹង​ថា​មនុស្ស​ជាទីស្រឡាញ់​របស់​គាត់​ទាំងនោះ​នៅ​ទីណា​ទេ ។

គាត់​និយាយ​ថា « សព​របស់​ពួកគេ ត្រូវបាន​បញ្ចុះ​ក្នុង​ទីបញ្ចុះ​សព​ទីក្រុង កាតានៀ ពួកគេ​នៅ​ទីនោះ​យូរ​ហើយ » ។

យើង​បាន​ពន្យល់​គាត់​ពី​ពិភព​វិញ្ញាណ និង ដំណើរ​រស់​ឡើង​វិញ ។ យើង​បាន​ប្រាប់​គាត់​ថា សព្វថ្ងៃ​នេះ យើង​ម្នាក់ៗ​មាន​វិញ្ញាណ និង រូបកាយ ហើយ​ថា​សេចក្តីស្លាប់​គឺ​ជា​ការបែកចេញ​បណ្ដោះ​អាសន្ន​រវាង​វិញ្ញាណ និង រូបកាយ ។ យើង​បាន​ប្រាប់​គាត់​ថា សមាជិក​គ្រួសារ​គាត់​កំពុង​រង់ចាំ​គាត់ រហូត​ដល់​ពួកគេ​គ្រប់រូប​អាច​ត្រូវបាន​រួម​គ្នា​ជា​ថ្មី​ឡើង​វិញ​ជាមួយ​រូបកាយ​ពួកគេ ហើយ​រស់នៅ​ជាមួយ​គ្នា​ជា​រៀង​រហូត​អស់កល្ប​ជានិច្ច ។

គាត់​បាន​មើល​មុខ​ពួក​យើង ដោយ​ស្រឡាំងកាំង ហើយ​បាន​និយាយ​ថា « ខ្ញុំ​ពុំ​ដែល​យល់​ពី​រឿង​ទាំង​នេះ​ទេ ។ តើ​អ្នក​អាច​និយាយ​រឿង​ទាំង​នោះ​ម្តង​ទៀត​បាន​ទេ ? »

ដូច្នេះ​យើង​បាន​និយាយ​រឿង​គ្រប់​យ៉ាង​ម្តង​ទៀត ។ ក្រោយ​មក​គាត់​បាន​ញាក់​ចិញ្ចើម​ដោយ​ងឿងឆ្ងល់​ហើយ​និយាយ​ថា « ឈប់​សិន តើ​ខ្ញុំ​មាន​វិញ្ញាណ និង រូបកាយ​ឬ ? ហើយ​គ្រួសារ​របស់​ខ្ញុំ​កំពុង​តែ​រង់ចាំ​ខ្ញុំ ហើយ​កំពុង​រៀន​ឥឡូវ​នេះ​ឬ ? »

យើង​អាន​ខគម្ពីរ​មួយ​ចំនួន​ចេញ​ពី អាលម៉ា ៤០ ឲ្យ​គាត់​ស្តាប់ ព្រមទាំង​ជំពូក​ផ្សេង​ទៀតៗ ហើយ​គាត់​បាន​មើល​មុខ​យើង ហើយ​សួរ​ថា « បើ​អញ្ចឹង​មែន ហេតុអ្វី​បាន​ជា​ខ្ញុំ​ពុំ​ដែល​ធ្លាប់​ឮ​រឿង​នេះ​ពីមុន ? »

ខ្ញុំ​ពុំ​ដែល​គិត​សោះ​ថា​ខ្ញុំ​ជួប​មនុស្ស​ដែល​ពិត​ជា​បន្ទាបខ្លួន​នៅក្នុង​ជីវិត​របស់​ខ្ញុំ​ឡើយ ។ បុរស​ម្នាក់​នេះ​បាន​រង្វេង​ផ្លូវ ភ័ន្ត​ច្រឡំ​យ៉ាង​ខ្លាំង ឯកោ​អស់​ពេល​ជា​យូរយារ​ណាស់​មក​ហើយ ។ គាត់​បាន​ស្តាប់​អ្វី​គ្រប់​យ៉ាង​ដែល​យើង​បាន​និយាយ ដោយ​ប្រាប់​ពួក​យើង​ថា​គាត់​បាន​យល់​តិចតួច​ពី​រឿង​នោះ ដោយសារ​រឿង​ទាំង​នោះ​គាត់​ពុំ​ធ្លាប់​ឮ​ពីមុន​ឡើយ ប៉ុន្តែ​គាត់​ចូលចិត្ត​រឿង​ទាំង​នោះ ។

យើង​បាន​បង្រៀន​គាត់​អំពី​របៀប​ដែល​យើង​អាច​ទទួល​ចម្លើយ​តាមរយៈ​ការអធិស្ឋាន ។ គាត់​ពុំ​បាន​អធិស្ឋាន​អស់​ជាង ៣០ ឆ្នាំ​ហើយ ហើយ​ពេល​ចុងក្រោយ​គេ​ដែល​គាត់​បាន​សូត្រ​ការ​អធិស្ឋាន​នៅក្នុង​ព្រះវិហារ​នោះ​គឺ​តាំង​ពី​គាត់​នៅក្មេង​ម៉្លេះ ។ បន្ទាប់មក​យើង​បាន​និយាយ​គ្នា​អំពី​ចម្លើយ​មក​ពី​ព្រះវិញ្ញាណ គាត់​បាន​សួរ​យើង​ថា​តើ​អារម្មណ៍​ពី​ព្រះវិញ្ញាណ​ជា​អារម្មណ៍​បែប​ណា ។ ដោយសារ​អារម្មណ៍​នោះ​វា​ផ្សេងៗ​ពី​គ្នា​ចំពោះ​មនុស្ស​ម្នាក់ៗ នោះ​យើង​ទាំង​ពីរ​នាក់​បាន​ចែកចាយ​ពី​អារម្មណ៍​នោះ​ដែល​ពួក​យើង​មាន​រៀងៗ​ខ្លួន ។ ខ្ញុំ​បាន​ប្រាប់​គាត់​ថា ចំពោះ​ខ្ញុំ​អារម្មណ៍​នោះ​គឺ​ដូច​ជា​ការឱប​ពី​ម្តាយ​របស់​អ្នក ក្រោយពី​អ្នក​មិន​ដែល​ជួប​គាត់​អស់​កាល​ដ៏​យូរ ។ ខ្ញុំ​ទទួល​អារម្មណ៍​បំផុស​គំនិត​ឲ្យ​សន្យា​នឹង​គាត់​ថា គាត់​អាច ហើយ​នឹង​មាន​អារម្មណ៍​ដូច​គ្នា​នេះ ជា​អារម្មណ៍​ដូច​ម្តាយ​គាត់​ឱប​គាត់​ដែល​ម្តាយ​គាត់​បាន​ចាកចេញ​ពី​ជីវិត​គាត់​អស់​ពេល​ជា​យូរ​មក​ហើយ ។

យើង​បាន​សុំ​អធិស្ឋាន​ជាមួយ​គាត់ ។ គាត់​ពិត​ជា​ច្របូកច្របល់ ហើយ​បាន​សួរថា « អធិស្ឋាន​ឥឡូវ​នេះ​មែន​ទេ ? នៅ​ក្នុង​សួន​ឧទ្យាន​នេះ​ឬ ? »

ខ្ញុំ​បាន​ប្រាប់​គាត់​ថា « យើង​អាច​អធិស្ឋាន​នៅ​គ្រប់​ពេល គ្រប់​ទីកន្លែង​ដែល​យើង​ចង់ ។ ព្រះ​ចង់​ស្តាប់​យើង ហើយ​ជាពិសេស​ទ្រង់​ពិតជា​ចង់​ស្តាប់​អ្នក ដោយ​សារ​ទ្រង់​ពុំ​ដែល​ឮ​អ្នក​អធិស្ឋាន​យូរ​មក​ហើយ » ។

គាត់​ពុំ​ធ្លាប់​ឮ​ការអធិស្ឋាន​ពី​មុន​ឡើយ ដែល​ពុំ​មែនជា​ការអធិស្ឋាន​សូត្រ​ចាំ​នោះ​ទេ ដូច្នេះ​គាត់​មាន​ចិត្ត​អន្ទះសារ​ចង់​អធិស្ឋាន​ជា​ខ្លាំង ។ យើង​បាន​ឱន​ក្បាល ហើយ​ដៃគូ​របស់​ខ្ញុំ​បាន​អធិស្ឋាន​សម្រាប់​មិត្តភក្តិ​ថ្មី​របស់​យើង អាលហ្វីអូ ហើយ​បាន​ទូលសុំ​ពរជ័យ ជំនួយ និង ការលួងលោម​ចិត្ត​ដល់​គាត់ ។ គាត់​បាន​សុំ​ឲ្យ​អាលហ្វីអូ​ទទួល​ចម្លើយ​ដែល​ថា​គ្រួសារ​របស់​គាត់​មាន​សុខសុវត្ថិភាព ហើយ​ថា​ពិត​ជា​មាន​ព្រះ​មែន ។ យើង​បាន​អធិស្ឋាន​ចប់ ហើយ​អាលហ្វីអូ​បាន​មើល​មុខ​ពួក​យើង​ដោយ​បើក​ភ្នែក​ធំៗ ។

គាត់​បាន​និយាយ​ថា « ខ្ញុំ​ត្រូវតែ​ប្រាប់​អ្នក​នូវ​អ្វី​មួយ ។ ខ្ញុំ​ពុំ​មែន​ជា​មនុស្ស​ម្នាក់​ដែល​កុហក​ឡើយ ជាពិសេស​ចំពោះ​រឿង​បែប​នេះ ។ ខ្ញុំ​មាន​អារម្មណ៍​ថា ម្តាយ​ខ្ញុំ​ទើប​តែ​ឱប​ខ្ញុំ​យ៉ាង​ណែន ។ ខ្ញុំ​ពុំ​ធ្លាប់​មាន​អារម្មណ៍​ថា​នរណា​ម្នាក់​ឱប​ខ្ញុំ​ជា​យូរយារ​ណាស់​មក​ហើយ ។ វា​ជា​អារម្មណ៍​ល្អ​ណាស់ ។ ខ្ញុំ​ចង់​ដឹង​ថាតើ​ខ្ញុំ​អាច​មាន​អារម្មណ៍​បែប​នេះ​ម្តង​ទៀត​យ៉ាង​ដូចម្តេច ដោយសារ​ខ្ញុំ​ចង់​មាន​អារម្មណ៍​បែប​នេះ​ទៀត » ។

រូបភាព
man looking up

ថ្ងៃ​ស្អែក​ឡើង​យើង​ជួប​គ្នា​ម្តង​ទៀត ។ អាលហ្វីអូ បាន​អង្គុយ​នៅក្បែរ​យើង​នៅ​លើ​កៅអី​ដដែល​នោះ ហើយ​បាន​និយាយ​ថា « អែលឌើរ ពេញ​មួយ​ជីវិត​ហើយ​ដែល​ខ្ញុំ​បាន​ដើរ​ដោយ​ពាក់​មួក​ជាប់​អាវ​នេះ ហើយ​ឈ្ងោក​មុខ​សម្លឹង​មើល​តែ​ដី​ទេ ។ ខ្ញុំ​មិន​ធ្លាប់​ដើរ​ងើយ​មុខ​ទាល់តែ​សោះ ។ ចាប់តាំង​ពី​ការអធិស្ឋាន​នោះ​មក ខ្ញុំ​បាន​ដើរ​ដោយ​ងើយ​មុខ​ឡើង ហើយ​ខ្ញុំ​អាច​មើល​អ្វីៗ​គ្រប់​យ៉ាង ។ ពិភពលោក​នេះ​ស្រស់​ត្រកាល​ណាស់ » ។

វា​មិនមែន​ជា​រឿង​ភ្ញាក់ផ្អើល​ឡើយ យើង​បាន​បន្ត​ជួយ​អាលហ្វីអូ ឲ្យ​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ ទទួល​ពន្លឺ​បន្ថែម ព្រមទាំង​មាន​ជីវិត​កាន់តែ​ប្រសើរ​ឡើង ។ បុរស​ម្នាក់​មើល​ទៅ​គួរ​ឲ្យ​ខ្លាច អង្គុយ​លើ​កៅអី ដែល​ទំនង​ថា​គាត់​ស្អប់​យើង​គឺ​ពិត​ជា​មនុស្ស​ម្នាក់​ដែល​ស្រែក​អំពាវនាវ សុំ​នូវ​សេចក្តីស្រឡាញ់​ពី​ព្រះវរបិតាសួគ៌​ម្តង​ទៀត ។