២០១៦
យើង​ជឿ​លើ​ការធ្វើ​តាម​ព្យាការី
June 2016


អ្វី​ដែល​យើង​ជឿ

យើង​ជឿ​លើ​ការធ្វើ​តាម​ព្យាការី

ដូច​ជា​សាសនាចក្រ​កាល​ពី​ជំនាន់​ដើម​ដែល ព្រះយេស៊ូវ​គ្រីស្ទ​បាន​ស្ថាបនា​ឡើង​អំឡុង​ពេល​បម្រើ​នៃ​ជីវិត​រមែង​ស្លាប់​របស់​ទ្រង់ នោះ​សាសនាចក្រ​សព្វថ្ងៃ​នេះ « ត្រូវបាន​ស្អាង​ឡើង​លើ​ជើង​ជញ្ជាំង​នៃ​ពួកសាវក និង​ពួកហោរា ហើយ​ព្រះយេស៊ូវគ្រីស្ទ​នោះ​ឯង ទ្រង់​ជា​ថ្ម​ជ្រុង​យ៉ាង​ឯក » ( អេភេសូរ ២:២០ ) ។ យើង​មាន​ពួក​សាវក​ដប់​ពីរនាក់ ព្រម​ទាំង​ប្រធាន​សាសនាចក្រ និង ទីប្រឹក្សា​របស់​លោក ដែល​ជា​ព្យាការី អ្នក​មើលឆុត និង​អ្នក​ទទួល​វិវរណៈ ។ ពួកលោក​ត្រូវបាន​ហៅ​ដើម្បី​ថ្លែង​ទីបន្ទាល់​អំពី​ព្រះ​យេស៊ូវគ្រីស្ទ និង បង្រៀន​ដំណឹង​ល្អ​របស់​ទ្រង់​នៅទូទាំង​ពិភពលោក ។

ព្រះអង្គសង្គ្រោះ​ជ្រើសរើស​ពួក​ព្យាការី​របស់​ទ្រង់ ហើយ​រៀបចំ​ពួកលោក​ឲ្យ​មាន​បទពិសោធន៍​ជា​ច្រើន​ដើម្បី​ដឹកនាំ​សាសនាចក្រ​នេះ ។ នៅពេល​សមាជិក​សាសនាចក្រ​និយាយ​ពាក្យ​ថា​ព្យាការី គឺ​ពួកគេ​កំពុង​និយាយ​សំដៅ​ដល់​ប្រធាន​សាសនាចក្រ ដែល​ជា​បុគ្គល​តែ​ម្នាក់​គត់​នៅលើ​ផែនដី​នេះ ដែល​អាច​ទទួល​វិវរណៈ​សម្រាប់​សាសនាចក្រ​ទាំង​មូល ។

ដោយសារ​តែ​ប្រធាន​សាសនាចក្រ​និយាយ​ជំនួស​ព្រះអម្ចាស់ ( សូមមើល គ. និង ស. ១:៣៨ ) វា​ពុំ​មែន​ជា​រឿង​ឆ្លៀសវៃ​ដើម្បី​គ្រាន់​តែ​រើសយក​ផ្នែក​នានា​ដែល​យើង​ចង់​ធ្វើ​តាម​ពី​ការទូន្មាន​របស់​លោក​ឡើយ ។ ផ្ទុយ​ទៅវិញ យើង​ត្រូវ​ធ្វើ​តាម​ការទូន្មាន និង ការអញ្ជើញ​ដូច​ដែល​យើង​បាន​ទទួល​ឱវាទ​ទាំង​នោះ​ផ្ទាល់​ពី​ព្រះយេស៊ូវគ្រីស្ទ « ដោយ​សេចក្តី​អត់ធន់ និង សេចក្តីជំនឿ​គ្រប់​យ៉ាង » ( គ. និង ស. ២១:៥ ) ។

នៅពេល​យើង​ជ្រើសរើស​ស្តាប់ និង ធ្វើ​តាម​ព្យាការី និង សាវក​ដទៃ​ផ្សេង​ទៀត នោះ​យើង​នឹង​ទទួល​ពរ​នៅក្នុង​ការខិតខំ​របស់​យើង​ដើម្បី​ប្រែក្លាយ​ឲ្យ​កាន់តែ​ដូច​ជា​ព្រះយេស៊ូវគ្រីស្ទ ហើយ​យើង​ត្រូវបាន​ការពារ​ពី​អសន្តិសុខ ព្រមទាំង​សេចក្តី​ឆបោក​របស់​ផង​មនុស្ស ( សូម​មើល អេភេសូ ៤:១១–១៤ ) ។

ឧទាហរណ៍ យើង​រក​ឃើញ​សុវត្ថិភាព​ខាង​វិញ្ញាណ ​នៅក្នុង​ពិភពលោក​ដែល​មាន​ការផ្លាស់ប្តូរ​សីលធម៌ និង គុណតម្លៃ តាមរយៈ​ការរស់នៅ​តាម​បែបផែន​ជីវិត​ដែល​ពុំ​អាច​ផ្លាស់ប្តូរ​បាន ដែល​ព្យាការី​និង ពួក​សាវក​បង្រៀន ។ យើង​ក៏​រកឃើញ​សុវត្ថិភាព​ខាង​សាច់ឈាម​នៅក្នុង​ការធ្វើ​តាម​ដំបូន្មាន​របស់​ព្យាការី ឲ្យ​ចៀសវាង​ពី​បំណុល ចេះ​សន្សំ​ប្រាក់ និង ស្តុក​អាហារ​ទុក ។

ដោយសារ​ប្រធាន​សាសនាចក្រ និង ពួកសាវក​បាន​ថ្វាយ​ពេលវេលា​នៃ​ជីវិត​របស់​ពួកលោក​ចំពោះ​កិច្ចការ​របស់​ព្រះអម្ចាស់—ដោយ​ធ្វើ​ដំណើរ​ជុំវិញ​ពិភព​លោក​ដើម្បី​ថ្លែង​ទីបន្ទាល់​អំពី​ព្រះគ្រីស្ទ បង្រៀន​ពួកបរិសុទ្ធ ហើយ​គ្រប់គ្រង​លើ​កិច្ចការ​រដ្ឋបាល​នៃ​សាសនាចក្រ​ទូទាំង​ពិភពលោក—នោះ​ទ្រង់​គាំទ្រ និង ប្រទាន​ពរ​ដល់​ពួកលោក និង ក្រុមគ្រួសារ​របស់​ខ្លួន ។ យើង​ក៏​គាំទ្រ​ដល់​ពួកលោក នៅពេល​យើង​អធិស្ឋាន​សម្រាប់​ពួកលោក ធ្វើ​តាម​ដំបូន្មាន​របស់​ពួកលោក ហើយ​ព្យាយាម​ទទួល​បាន​ព្រះវិញ្ញាណ​បរិសុទ្ធ​បញ្ជាក់​ដល់​ពួកយើង​អំពី​សេចក្តីពិត​ដែល​ពួកលោក​បង្រៀន ។

នៅពេល​យើង​គាំទ្រ​ដល់​ព្យាការី និង ពួក​សាវក នោះ​យើង​ទទួល​បាន​ទីបន្ទាល់​មួយ​អំពី​ពួកលោក​ថា​ជា​អ្នក​បម្រើ​របស់​ព្រះ ។ ទោះបី​ជា​ពួកលោក​មិន​ល្អ​ឥតខ្ចោះ​ក្តី ព្រះវរបិតាសួគ៌​នឹង​មិន​អនុញ្ញាត​ឲ្យ​ពួក លោក​ដឹកនាំ​យើង​ឲ្យ​វង្វេង​ឡើយ ( សូមមើល ចោទិយកថា ១៨:១៨–២០ ) ។

រូបភាព
we believe in following the prophet

រូប​គំនូរ​ដោយ ជេ ប៊េត ចិបសុន