២០១៦
អព្ភូតហេតុ​ទាំង​ប្រាំពីរ​នៅក្នុង​ដំណើរ​ជីវិត
June 2016


អព្ភូតហេតុ ទាំង​ប្រាំពីរ​នៅក្នុង​ដំណើរ​ជីវិត

អ្នកនិពន្ធ​រស់​នៅ​ក្នុង​រដ្ឋ ណាវ៉ាដា ស.រ.អា. ។

ព្រះអម្ចាស់​បាន​ប្រទាន​ពរ​ដល់​ជីវិត​របស់​ខ្ញុំ​ជា​ច្រើន ដែល​បាន​ជួយ​ខ្ញុំ​ឲ្យ​ដើរ​តាម​ផ្លូវ​ដែល​ទ្រង់​មាន​សម្រាប់​ខ្ញុំ ។

រូបភាព
seven tender miracles along the way

រូប​គំនូរ ដោយ រ៉ែត ហានសិន

អំឡុង​ពេល​បម្រើ និង បង្រៀន​មនុស្ស​ដ៏​ល្អ​ជាច្រើន​រូប​នៅ​ក្នុង​បេសកកម្ម រដ្ឋ តិចសាស ហ៊្វដ វើដ ជាញយៗ​ខ្ញុំ​បាន​គិត​ពី​ពរជ័យ​នានា​នៅក្នុង​ជីវិត​ខ្ញុំ ។ ខ្ញុំ​មាន​ការអស្ចារ្យ​យ៉ាង​ខ្លាំង​ចំពោះ​បទពិសោធន៍​ទាំងប្រាំពីរ ដែល​ខ្ញុំ​បាន​ចាត់ទុក​ថា​ជា​អព្ភូតហេតុ ។

ដំបូង ខ្ញុំ​បាន​រស់នៅក្នុង​ជីវិត​ពីដើម​របស់​ខ្ញុំ ដែល​បាន​ចាប់ផ្តើម​នៅ​ក្នុង​កាលៈទេសៈ​ដ៏​ក្រីក្រ​បំផុត ។ ខ្ញុំ​បាន​កើត​មក​ក្នុង​ខ្ទម​របស់​ម្តាយ​ខ្ញុំ​នៅក្នុង​ដេស៊ី ប្រទេស អេត្យូពី ។ ម្តាយ​របស់​ខ្ញុំ​គឺជា​សាច់ញាតិ​តែ​ម្នាក់​គត់​ដែល​ខ្ញុំ​ស្គាល់ ហើយ​គាត់​បាន​សង់​ខ្ទម​មួយ​រាង​ពោង​ដែល​មាន​កំពស់​ប្រហែល ២.៤​ម៉ែត្រ​ដោយ​ខ្លួន​គាត់​ផ្ទាល់ ដោយ​ប្រើ​ឈើ និង ភក់​ដែល​គាត់​ប្រក​ជា​ដំបូល​ដោយ​ស្មៅ និង ស្លឹក​ឈើ ។ សហគមន៍​របស់​យើង​គ្មាន​ទឹក​ម៉ាស៊ីន និង បន្ទប់​ទឹក​ប្រើ​ឡើយ ។ ជំងឺ និង មរណភាព​កើត​ឡើង​រាលដាល​នៅក្នុង​ភូមិ កេបេឡេ ឬ ភូមិ​របស់​យើង ។ យើង​ពិបាក​រក​អាហារ និង ទិញ​អាហារ​បាន​ណាស់ ។ ម្តាយ​ខ្ញុំ និង ខ្ញុំ​មាន​ការស្រេកឃ្លាន​រាល់ថ្ងៃ ។

កាល​ខ្ញុំ​អាយុ​បួន​ឆ្នាំ ម្តាយ​របស់​ខ្ញុំ​បាន​ឈឺ​យ៉ាង​ធ្ងន់ធ្ងរ ដោយ​ប្រឹង​អស់​ពី​លទ្ធភាព​សេសសល់​របស់​គាត់ យើង​បាន​ធ្វើ​ដំណើរ​យ៉ាង​ត្រដាបត្រដួស​ទៅ​មន្ទីរពេទ្យ ដែល​ជា​ទី​កន្លែង​ដែល​ម្តាយ​ដ៏​ជា​ទីស្រឡាញ់ និង ហេវហត់​របស់​ខ្ញុំ​បាន​ចែកឋាន​ទៅ ។ បុគ្គលិក​នៅ​មន្ទីរពេទ្យ​នោះ​បាន​ជួយ​សង្គ្រោះ​ជីវិត​របស់​ខ្ញុំ ពី​ចិញ្ចើម​ថ្នល់ និង ពី​ភាព​មរណា​ដោយ​គ្រោះ​ទុរភិក្ស ដោយ​រៀបចំ​ខ្ញុំ​ឲ្យ​រស់នៅ​ក្នុង​មជ្ឈមណ្ឌល​កុមារ​កំព្រា​នៅក្នុង​ទីក្រុង អាឌីស អាបាបា ដែល​ជា​រាជធានី​នៃ​ប្រទេស អេត្យូពី ។

អព្ភូតហេតុ​ទី​ពីរ​បាន​កើត​មាន នៅពេល​មាន​ការផ្លាស់ប្តូរ​មួយ​យ៉ាង​ធំ​នៅក្នុង​ជីវិត​របស់​ខ្ញុំ ។ ខ្ញុំ​បាន​រស់នៅ​ក្នុង​អគារ​ដ៏​មាន​អនាម័យ​នៅក្នុង​មជ្ឈមណ្ឌល​កុមារ​កំព្រា ដេក​នៅលើ​គ្រែ ហើយ​បរិភោគ​អាហារ​គ្រប់​យ៉ាង​ដែល​ខ្ញុំ​ចង់ ។ ក្មេង​កំព្រា​ផ្សេង​ទៀត​ក៏​មាន​បទពិសោធន៍​បាត់បង់​មនុស្ស​ជាទីស្រឡាញ់​របស់​ខ្លួន​ផងដែរ ហើយ​ពួកគេ​បាន​បង្រៀន​ខ្ញុំ ពី​របៀប​ដើម្បី​កាត់ចិត្ត​ពី​ការបាត់បង់​ម្តាយ​របស់​ខ្ញុំ ។ នៅ​ពេល​ល្ងាច​យើង​ជួបជុំ​គ្នា​ច្រៀង​ចម្រៀង​ជា​ភាសា​អង់គ្លេស ហើយ​អធិស្ឋាន​ជា​ភាសា​អាមហារី​ដែល​ជា​ភាសា​កំណើត​របស់​យើង ។ យើង​បាន​អធិស្ឋាន​សម្រាប់​គ្នា​ទៅវិញ​ទៅមក ហើយ​ទូលសុំ​ដល់​ព្រះ​ឲ្យ​ប្រទាន​ពរ​ដល់​យើង​ ដើម្បី​ត្រូវបាន​គេ​យក​ទៅ​ចិញ្ចឹម​នៅក្នុង​ផ្ទះ​ដែល « ស្អាត មាន​ចិត្ត​ទូលាយ និង ពេញ​ដោយ​ក្តី​ស្រឡាញ់ » ។ ទាំង​តន្ត្រី និង ការអធិស្ឋាន​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​នៅក្នុង​ជីវិត​របស់​ខ្ញុំ ។ ខ្ញុំ​ពុំ​ដែល​ឈប់​អធិស្ឋាន​ឡើយ ។

ទីបី ខ្ញុំ​ត្រូវបាន​ណែនាំ​ឲ្យ​ជួប​អ្នក​ផ្សព្វផ្សាយ​សាសនា និង សាសនាចក្រ​កាល​ខ្ញុំ​អាយុ ៨ ឆ្នាំ ។ ខ្ញុំ​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​ពិធី​ឧទ្ធិស​ឆ្លង​អគារ​សាសនាចក្រ ​អិល. ឌី. អេស. ​ដំបូង​គេ​នៅក្នុង​ប្រទេស​អេត្យូពី​នៅ​ថ្ងៃ​អាទិត្យ ទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០០៣ ។ នៅ​ក្នុង​ពិធី​ឧទ្ទិស​ឆ្លង​នោះ ខ្ញុំ​មាន​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​ព្រះចេស្តា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​អ្នក​ផ្សព្វផ្សាយ​សាសនា​ដែល​បាន​ចូលរួម​នោះ​បាន​ចែកចាយ​នូវ​ក្តី​អំណរ សុភមង្គល និង អំណាច​នៃ​ព្រះវិញ្ញាណ​ដូច​គ្នា​នឹង​ខ្ញុំ​ដែរ ។ ខ្ញុំ​បាន​ចាំ​ថា ខ្ញុំ​ចង់​ធ្វើ​ដូច​ពួកគេ ។ ប៉ុន្តែ​ខ្ញុំ​ពុំ​ដឹង​សោះ​ឡើយ​ថា តើ​ខ្ញុំ​អាច​សម្រេច​បាន​គោលដៅ​នេះ​ដោយ​របៀប​ណា ។

មិន​យូរ​ប៉ុន្មាន​អព្ភូតហេតុ​ទី​បួន​បាន​កើត​ឡើង ។ មាន​គ្រួសារ​មួយ​នៅ​សហរដ្ឋ​បាន​សុំ​ខ្ញុំ​យក​ទៅ​ចិញ្ចឹម ។ ឪពុក​ថ្មី​របស់​ខ្ញុំ​បាន​មក​ទទួល​ខ្ញុំ​ពី​មជ្ឈមណ្ឌល​កុមារ​កំព្រា ហើយ​បាន​យក​ខ្ញុំ​ទៅ​ផ្ទះ ។ យើង​បាន​ចាប់ផ្តើម​ស្គាល់​គ្នា ហើយ​ខ្ញុំ​បាន​ចាប់ផ្តើម​សាំ​នឹង​បរិយាកាស​ថ្មី​របស់​ខ្ញុំ ។

មាន​ឧបសគ្គ​រាប់​មិន​អស់​បាន​កើត​ឡើង​ភ្លាម​ពេល​ខ្ញុំ​ទៅ​ដល់​ទីនោះ ។ មនុស្ស​ជាច្រើន​បាន​សើច​ចំអក​ចំពោះ​ភាសា​អង់គ្លេស​របស់​ខ្ញុំ​គ្រប់​កន្លែង​ដែល​ខ្ញុំ​ទៅ ។ ការ​អប់រំ​តិចតួច​របស់​ខ្ញុំ​ធ្វើ​ឲ្យ​មាន​បញ្ហា​នានា​នៅ​សាលា​រៀន ។ ខ្ញុំ​បាន​អធិស្ឋាន​សុំ​ជំនួយ ហើយ​ក្រោយ​មក​ខ្ញុំ​បាន​ខិតខំ​កាន់តែខ្លាំង​ឡើង និង កាន់តែ​ឈ្លាសវៃ​ដើម្បី​បង្កើន​ចំណេះដឹង​របស់​ខ្ញុំ ជា​ពិសេស​ភាសា​អង់គ្លេស ។ ជា​ថ្មី​ម្តង​ទៀត​ព្រះវរបិតាសួគ៌​បាន​ឆ្លើយតប​ការអធិស្ឋាន​របស់​ខ្ញុំ ។ ពីរ​ឆ្នាំ​ក្រោយ​មក ខ្ញុំ​បាន​ផ្លោះ​ថ្នាក់​ដោយ​មាន​មោទភាព ។

ក្រោយ​មក​ជីវិត​ខ្ញុំ​នៅ​ផ្ទះ​នោះ​មាន​ការប្រេះឆា ។ ការអធិស្ឋាន​ដល់​ព្រះអម្ចាស់ ដាក់​គោលដៅ​ផ្ទាល់​ខ្លួន​យ៉ាង​ខ្ពស់ និង មាន​បំណង​ប្រាថ្នា​យ៉ាង​ខ្លាំង​ដើម្បី​មាន​ជោគជ័យ​បាន​ជួយ​ខ្ញុំ​ឲ្យ​ហែល​ឆ្លង​កាត់​គ្រា​ដ៏​លំបាក​នោះ ។ ទីបំផុត ដោយ​មាន​ជំនួយ​ពី​អ្នក​ធ្វើ​ការ​ខាង​សង្គម ឪពុក​របស់​ខ្ញុំ និង ខ្ញុំ​បាន​យល់​ព្រម​បញ្ចប់​ការសុំ​មក​ចិញ្ចឹម ។ នេះ​គឺ​ជា​គ្រា​មួយ​នៃ​ការអធិស្ឋាន ការអត់ធ្មត់ សេចក្តីជំនឿ និង ជំនួយ​មក​ពី​ព្រះវរបិតាសួគ៌ ។

ឥឡូវ​អាយុ ១៥ ឆ្នាំ​ខ្ញុំ​បាន​ទៅ​រស់នៅ​ជាមួយ​គ្រួសារ​ចិញ្ចឹម​មួយ​ប្រមាណ​ជា​មួយ​ឆ្នាំ ។ នោះ​គឺ​ជា​គ្រា​ដែល​អព្ភូតហេតុ​ទី​ប្រាំ​បាន​កើត​ឡើង ។ ខណៈ​កំពុង​ជិះ​គាវ​ទឹកកក​ជាមួយ​មិត្តភក្តិ​ពីរ​នាក់ នោះ​ខ្ញុំ​បាន​ជួប​គ្រួសារ​អិល. ឌី. អេស. មួយ​ ដែល​មាន​កូនស្រី​រួសរាយ​ពីរ​នាក់ ។ អំឡុង​ពេល​ធ្វើ​ដំណើរ​មក​ផ្ទះ​វិញ មាន​កូន​ស្រី​ម្នាក់​បាន​និយាយ​ថា « ខ្ញុំ​គិត​ថា ព្រះ​អម្ចាស់​មាន​ព្រះទ័យ​ឲ្យ​យើង​យក​អេហ្វ្រេម ស្ម៊ីធ​ ទៅ​ចិញ្ចឹម » ។ វា​អស្ចារ្យ​ណាស់ សមាជិក​បី​នាក់​ទៀត​ក្នុង​គ្រួសារ​នោះ​ក៏​បាន​ទទួល​អារម្មណ៍​នៃ​ការបំផុស​គំនិត​នោះ​ដូច​គ្នា​ផងដែរ ។ ឪពុក​នៃ​គ្រួសារ​នោះ​បាន​ធ្វើ​ការ​ជាមួយ​នាយកដ្ឋាន​សេវកម្ម​សង្គម ហើយ​មិន​យូរ​ប៉ុន្មាន​ខ្ញុំ​បាន​ប្តូរ​ទៅ​រស់​នៅ​ផ្ទះ​ថ្មី​របស់​ខ្ញុំ ។ ចាប់​តាំង​ពី​ពេល​ដំបូង​មក​ឪពុក​ថ្មី​ដ៏​អស្ចារ្យ​របស់​ខ្ញុំ​បាន​ផ្តល់​សិទ្ធិ​ជ្រើសរើស​ដល់​ខ្ញុំ ។ ឧទាហរណ៍ គាត់​បាន​ពន្យល់​ថា​គ្រួសារ​របស់​គាត់​ទៅ​ព្រះវិហារ​នៅ​រៀងរាល់​ថ្ងៃ​អាទិត្យ ។ គាត់​បាន​ទុក​សិទ្ធិ​ឲ្យ​ខ្ញុំ​ជ្រើសរើស​ចូលរួម​ជាមួយ​ពួកគេ ឬ នៅ​ផ្ទះ គាត់​បាន​និយាយ​ថា ពួកគេ​នៅតែ​ស្រឡាញ់​ខ្ញុំ បើទោះបី​ជា​ខ្ញុំ​ជ្រើសរើស​ពុំ​ចូលរួម​ព្រះវិហារ​ក្តី ។ ខ្ញុំ​បាន​ជ្រើសរើស​ចូលរួម​ព្រះវិហារ ហើយ​ចាប់​ពី​ពេល​នោះ​មក ខ្ញុំ​បាន​ធ្វើ​ការសម្រេច​ចិត្ត​នានា​ដោយ​សុចរិត ។

អព្ភូតហេតុ​ទី​ប្រាំមួយ​បាន​កើត​ឡើង​ នៅពេល​ខ្ញុំ​បាន​ទទួល​ទីបន្ទាល់​មួយ​អំពីដំណឹងល្អ ។ នា​ថ្ងៃ​អាទិត្យ​មួយ​ខ្ញុំ​បាន​អង្គុយ​នៅក្នុង​ម៉ោង​ប្រជុំ​សាក្រាម៉ង់​ដោយ​ច្រៀង​បទ « ខ្ញុំ​ឆ្ងល់​យ៉ាង​អស្ចារ្យ » (ទំនុកតម្កើង លេខ ១១៥ ) ។ ខ្ញុំ​បាន​ចាប់​ផ្តើម​យំ​យ៉ាង​ខ្លាំង នៅពេល​ខ្ញុំ​បាន​ទទួល​ទីបន្ទាល់​ផ្ទាល់​ខ្លួន​ថា ព្រះយេស៊ូវ​គឺ​ជា​ព្រះគ្រីស្ទ ហើយ​ថា​សាសនាចក្រ​នេះ​គឺ​ជា​សាសនាចក្រ​ទ្រង់ ។

ទីបំផុត ប្រាំបួន​ឆ្នាំ​ក្រោយមក ខ្ញុំ​បាន​ដឹង​ពី​របៀប​ដែល​ខ្ញុំ​ចង់​ក្លាយ​ដូច​ជា​អ្នក​ផ្សព្វ​ផ្សាយ​សាសនា​ទាំង​នោះ ! ឥឡូវ​នេះ​អាយុ​អ្នក​ផ្សព្វផ្សាយ​សាសនា​គឺ ១៨ ឆ្នាំ ប៉ុន្តែ​ការសុំ​ខ្ញុំ​មក​ចិញ្ចឹម​ពុំ​ទាន់​បំពេញ​សព្វគ្រប់​នៅ​ឡើយ​ទេ ។ ខ្ញុំ​បាន​រង់ចាំ​រយៈពេល​ប្រាំពីរ​ខែ​ទៀត​រហូត​ដល់​ការសុំ​ខ្ញុំ​មក​ចិញ្ចឹម​បាន​បំពេញ​សព្វគ្រប់ ។ ទីបំផុត ទម្រង់​បែបបទ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​របស់​ខ្ញុំ​អាច​ដាក់​ស្នើសុំ​បាន​ហើយ ។ បួន​ថ្ងៃ​ក្រោយ​មក​ខ្ញុំ​បាន​ទទួល​ការហៅ​បម្រើ​បេសកកម្ម​របស់​ខ្លួន ។ គ្រាន់តែ​មួយ​សប្តាហ៍​ប៉ុណ្ណោះ ព្រះអម្ចាស់​បាន​ប្រទាន​ពរ​ដល់​ខ្ញុំ​នូវ​ឯកសារ​សម្រេច​សុំខ្ញុំ​មក​ចិញ្ចឹម និង ការហៅ​បម្រើ​បេសកកម្ម​របស់​ខ្ញុំ ។ ខ្ញុំ​បាន​ឲ្យ​តម្លៃ​យ៉ាង​ខ្ពស់​ដល់​ឯកសារ​ទាំង​ពីរ​នេះ​យ៉ាង​ខ្លាំង ! ឯកសារ​នេះ​គឺ​ជា​អព្ភូតហេតុ​ទី​ប្រាំពីរ​របស់​ខ្ញុំ ។ មែន​ហើយ តាមពិត​ទៅ មាន​អព្ភូតហេតុ​ច្រើន​បាន​កើត​ឡើង​ក្នុង​ដំណើរ​ជីវិត​នេះ​ចាប់តាំង​ពី​ខ្ទម​ធ្វើពី​ភក់​នៅក្នុង​ប្រទេស​អេត្យូពី​រហូត​មក​ដល់​បេសកកម្ម​ដ៏​មាន​តម្លៃ​របស់​ខ្ញុំ ។