២០១៦
គ្មាន​រឿង​បែប​នោះ​កើត​ឡើង​ឡើយ !
June 2016


ការបម្រើ​នៅក្នុង​សាសនាចក្រ

គ្មាន​រឿង​បែប​នោះ​កើត​ឡើង​ឡើយ !

អ្នក​និពន្ធ​រស់​នៅ​រដ្ឋ កាលីហ្វូញ៉ា ស.រ.អា. ។

គន្លឹះ​នៃ​ភាពជោគជ័យ​របស់​យើង​នោះ​គឺត្រូវ​ស្រឡាញ់​យុវជន​ទាំងនោះ ពេល​យើង​បម្រើ​ពួកគេ ។

រូបភាព
leader with young men

ខ្ញុំ​មាន​ភាពស្និទ្ធិស្នាល​ជាមួយ​គ្រួសារ​មួយ ​ដែល​មាន​កូន​ប្រុស​ម្នាក់​នៅ​ក្នុង​ថ្នាក់​យុវជន ។ អំឡុង​ពេល​សកម្មភាព​មួយ កាល​គាត់​នៅ​ជាឌីកុន អ្នក​ដឹកនាំ​ម្នាក់​បាន​ដាក់​វិន័យ​ដល់​គាត់ ហើយ​ធ្វើ​ឲ្យ​គាត់​អាម៉ាស់​នៅមុខ​ក្រុម​យុវជន​គាត់ ។ ក្រោយៗ​មក គាត់​មាន​អារម្មណ៍​អៀនខ្មាស មិន​ចូលរួម​សកម្មភាព​នានា ហើយ​ស្វែងរក​មិត្តភក្តិ​ក្រៅ​ពីវួដ​របស់​ខ្លួន ។

រឿង​នោះ​មាន​ឥទ្ធិពល​យ៉ាងធំធេង​ចំពោះ​ខ្ញុំ ។ ខ្ញុំ​បាន​ប្តេជ្ញា​ចិត្ត​ថា នឹង​​គ្មាន​រឿង​បែប​នោះ​កើត​ឡើង​ឡើយ ប្រសិនបើ​ខ្ញុំ​ត្រូវ​បាន​ហៅ​ឲ្យ​បម្រើ​ជាមួយ​ក្រុមយុវជន ។ ពីរឆ្នាំ​ក្រោយ​មក ខ្ញុំ​ត្រូវបាន​ហៅ​ឲ្យ​បម្រើ​ជា​មួយពួក​ឌីកុន ។

អំឡុង​ពេល​ពីរបី​ខែ ខ្ញុំ​បាន​ឃើញ​ថា ខ្ញុំ​កំពុង​ធ្វើការ​ជាមួយ​យុវជន​ម្នាក់​ដែល​មាន​អត្តចរិត​ព្រហើន​ជាញយៗ ។

ទីបំផុត​​ដោយសារ​ទង្វើ​របស់​គាត់ ខ្ញុំ​បាន​និយាយ​ថា « នេះ​គឺ​ជាដែនកំណត់ » ។ ចូរ​កុំ​ធ្វើ​ល្មើស​នឹង​ច្បាប់​កំណត់​នេះ​ឡើយ ។

គាត់​បាន​ល្មើស​លើ​ដែនកំណត់​នោះ ហើយ​យើង​បានទាស់​សម្តី​គ្នា ហើយ​គាត់​ក៏​បាន​ដើរចេញ​ទៅ ។

ក្រោយ​មក ខ្ញុំ​បាន​ជជែក​ជាមួយ​គាត់​ដើម្បី​ដោះស្រាយ​ការខ្វែង​គំនិត​របស់​យើង​ទាំងពីរនាក់ ។ ខ្ញុំ​បាន​និយាយ​ថា « ដាវីឌ ខ្ញុំ​ស្រឡាញ់​ប្អូន ហើយ​ប្អូន​គឺ​ជា​យុវជន​​ល្អ ប៉ុន្តែ​ខ្ញុំ​មិន​រីករាយ​នឹង​ទង្វើ​មួយ​ចំនួន​របស់​ប្អូន​ទេ ។ យុវជន​ផ្សេង​ទៀត​មើល​មក​ប្អូន ថា​ជា​អ្នក​ដឹកនាំម្នាក់ ហើយ​ប្រសិនបើ​ពួកគេ​ឃើញ​ប្អូន​ធ្វើ​អ្វី​មួយ​ដែល​មិន​សមរម្យ នោះ​ពួកគេ​ប្រហែល​នឹង​សាកល្បង​ធ្វើ​វា​ផងដែរ » ។

យើង​បាន​ដោះស្រាយ​នូវ​បញ្ហា​នោះ ហើយ​គាត់​បាន​ទទួល​យក​វា ហើ​យ​យើង​ជា​អ្នក​ដឹកនាំ​បាន​ជួយ​កាត់បន្ថយ​នូវ​ឧបសគ្គ​ផ្ទាល់ខ្លួន​មួយ​ចំនួន​របស់​គាត់ ។ ពេល​គាត់​មាន​អាយុ ១៤​ឆ្នាំ គាត់​បាន​សុំ​ខ្ញុំឲ្យ​តែងតាំង​គាត់​ក្នុង​តំណែងជា​គ្រូ ។ ជាច្រើន​ឆ្នាំ​ក្រោយ​មក ​ដែល​ជា​ពេល​បច្ចុប្បន្ន​នេះ គាត់​បាន​ឱប​ខ្ញុំ​យ៉ាង​ខ្លាំង​រាល់​ពេល​គាត់​ឃើញ​ខ្ញុំ ហើយ​គាត់​និយាយ​ស្តី​ដោយ​សរសើរ​អំពី​កាល​គាត់​នៅក្នុង​ក្រុមយុវជន ។

នៅពេល​យើង​ស្រឡាញ់​ក្រុមយុវជន ហើយ​នៅ​ជាមួយ​ពួកគេ​ដោយ​រីករាយ នោះ​ពួកគេ​ដឹង​ពីក្តីស្រឡាញ់​នោះ ។ នោះ​ជាហេតុផល​ដែល​ទីប្រឹក្សា​របស់​ខ្ញុំ និង រូប​ខ្ញុំ​បាន​យក​ចិត្ត​ទុកដាក់​អស់​ពី​ចិត្ត​លើ​​យុវជន​របស់​យើង ។ យើង​ពុំ​បាន​ធ្វើ​សកម្មភាព​ដោយសារ​វា​មាន​នៅក្នុង​កាលវិភាគ​នោះ​ទេ យើង​ធ្វើ​សកម្មភាព​ដោយសារ​យើង​បាន​ដឹង​ថា​ យុវជន​​នឹង​រៀន​ជំនាញ ហើយ​រីកចម្រើន ព្រម​ទាំង​រីករាយ​ទៀតផង ។

មាន​គ្រា​មួយ​នោះ យើង​មាន​យុវជន​ម្នាក់​ដែល​ឪពុក​ម្តាយ​របស់​គាត់​ពុំ​ចាប់​អារម្មណ៍​ពី​កម្មវិធី​របស់​យើង​ឡើយ ។

ខ្ញុំ​បាន​ប្រាប់​ពួកគាត់ថា « មិនជា​ថ្វី​ទេ ប៉ុន្តែតើ​អ្នកមីង​ និង លោក​ពូ​មិនប្រកាន់​ទេឬ ប្រសិនបើ​កូន​របស់​អ្នកទាំងពីរ​នៅតែ​បន្ន្ត​មក​ចូលរួម រៀន ហើយ​នឹង​រីករាយ​នោះ ? »

យើង​បាន​ដាក់​គាត់​ឲ្យ​ចូលរួម​ក្នុង​កម្មវិធី​យើង ហើយ​មិន​យូរ​ប៉ុន្មាន​ឪពុក​ម្តាយ​របស់​គាត់​បាន​យល់​ព្រម​ឲ្យ​គាត់​ចូលរួម​ជាមួយ​យើង​យ៉ាង​ពេញ​ទំហឹង ។ ពួកគាត់​បាន​ឃើញ​ថា​កូន​គាត់​បាន​រៀន ហើយ​មាន​ភាព​សប្បាយ​រីករាយ ។ ក្រោយមក​គាត់​បាន​បម្រើ​បេសកកម្ម​ពេញ​ម៉ោង ។ ប្អូនប្រុស​​របស់​គាត់​មាន​ចិត្ត​ពុះ​កញ្ជ្រោល​បម្រើ​បេសកកម្ម​ផងដែរ ។

យើង​បាន​ឃើញ​ពី​ទំនាក់ទំនង​ដ៏​ល្អ​រវាង​ថ្នាក់​ដឹកនាំ​ ដោយ​ចាប់​អារម្មណ៍​លើ​យុវជន​ម្នាក់ ហើយ​ថា​យុវជន​បាន​រៀន រីកចម្រើន ហើយ​ទីបំផុត​បម្រើ​បេសកកម្ម ។ វា​ជា​ការគាប់​ចិត្ត​យ៉ាង​ខ្លាំង ដែល​មើលឃើញ​យុវជន​រីកចម្រើន ហើយ​វា​ជា​ក្តីរីករាយ​ណាស់​ដើម្បី​រៀន​ជាមួយ​ពួកគេ ។ គន្លឹះ​នៃ​ភាពជោគជ័យ​របស់​យើង​នោះ​គឺត្រូវ​ស្រឡាញ់​ពួកគេ ពេល​យើង​បម្រើ​ពួកគេ ។