២០១៦
ការតស៊ូ​ស្វិតស្វាញ និង ភាព​ជាសិស្ស
June 2016


ការតស៊ូ​ស្វិតស្វាញ និង ភាព​ជាសិស្ស

ដក​ស្រង់​ចេញ​ពី​សុន្ទរកថា « Tenacity » ដែល​បាន​ផ្តល់​នៅក្នុង​នៅ​សាកលវិទ្យា​ល័យ ព្រិកហាំ យ៉ង់ ថ្ងៃ​ទី ៤ ខែ វិច្ឆិកា ឆ្នាំ ២០១៤ ។ ដើម្បី​ទទួល​បាន​សុន្ទរកថា​ទាំងស្រុង ជា​ភាសា​អង់គ្លេស សូម​ចូល​ទៅ speeches.byu.edu

ចូរ​មាន​សេចក្តីជំនឿ​លើ​ព្រះ និង ការសន្យា​របស់​ទ្រង់ ហើយ​ធ្វើ​អ្វី​ដែល​ត្រឹមត្រូវ​គ្រប់​ពេលវេលា ដោយ​ពុំ​គិត​ថា​មាន​អ្នក​ដឹង ឬ មិន​ដឹង​ក៏​ដោយ ។

រូបភាព
tencious plant

រូបភាព © iStock/Thinkstock

វចនានុចក្រម​តាម​អ៊ិនធើរណែត​មួយ​បាន​ឲ្យ​និយមន័យ​នៃ​ពាក្យ ការតស៊ូ​ស្វិតស្វាញ ថា « ការតស៊ូ ស្មារតី​លះបង់ និង ការប្តេជ្ញា​ចិត្ត​ដ៏​ស្វិតស្វាញ » ។ វា​ក៏​បាន​ថ្លែង​ថា « ការតស៊ូ​ស្វិតស្វាញ​គឺ​ជា​គុណ​សម្បត្តិ​ដែល​បាន​បង្ហាញ​ឡើង​ដោយ​នរណា​ម្នាក់​ដែល​ពុំ​ព្រម​ចុះ​ចាញ់—គឺ​ជា​អ្នក​ដែល​រក្សា​ការឧស្សាហ៍​ព្យាយាម​រហូត​ដល់​ពួកគេ​បាន​ឈាន​ដល់​គោលដៅ​ខ្លួន » ។

យើង​ត្រូវ​មាន​ការតស៊ូ​ស្វិតស្វាញ ដើម្បី​ក្លាយ​ទៅជា​កូនសិស្ស​ពិត​របស់​ព្រះអង្គ​សង្គ្រោះ ហើយ​សម្រេច​បាន​នូវ​គោលដៅ​ល្អ​ពិតៗ—​ដោយ​ក្លាយ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ដ៏​អស្ចារ្យ បញ្ចប់​ការអប់រំ​របស់​យើង ស្វែងរក​ដៃគូ​អស់​កល្ប​ជានិច្ច ហើយ​ចាប់ផ្តើម​គ្រួសារ—ដែល​ព្រះវរបិតាសួគ៌​របស់​យើង​ជ្រាប​ថា យើង​ត្រូវការ​សម្រេច​ឲ្យ​បាន​ដើម្បី​រៀបចំ​សម្រាប់​ភាពអស់កល្ប​ជានិច្ច ។ សមត្ថភាព​របស់​យើង​ដើម្បី​តស៊ូ​ស្វិតស្វាញ​នៅក្នុង​គ្រប់​កិច្ចការ​ល្អ​ទាំងអស់ នឹង​កំណត់​ថា​តើ​យើង​ប្រែ​ក្លាយ​ជា​បុត្រា និង បុត្រី​របស់​ព្រះ ដែល​ទ្រង់​ជ្រាប​ដឹង​ថា​យើង​អាច ហើយ​ត្រូវតែ​ប្រែក្លាយ​ខ្លួន​ទៅ​ជា​បុត្រ​ទ្រង់​បាន​ដែរ​ឬ​ទេ ។

ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ពេញ​ម៉ោង​ជំនាន់​សព្វថ្ងៃ​នេះ​ត្រូវបាន​ហៅ​ថាជា « អ្នកផ្សព្វ​ផ្សាយសាសនា​នៃ​ជំនាន់​ដ៏​អស្ចារ្យ​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ​សាសនាចក្រ » ហើយ​ប្រៀប​បាន​ទៅ​នឹង​កងទ័ព​កំឡោះ​ទាំង ២០០០ នាក់​របស់​ហេលេមិន ។​២​ ម្យ៉ាង​វិញ​ទៀត ដោយ​លក្ខណៈ និង សេចក្ដី​ជំនឿ​នៃ​ការតស៊ូ​ដ៏​ស្វិតស្វាញ​អស្ចារ្យ និង កិច្ចខិតខំ​របស់​យុវជន​ទាំង​នេះ នោះ​ហេលេមិន​ជា​អ្នក​ដឹកនាំ​ពួកគេ​ថ្លែង ៖ « មាន​ចំនួន​ពីររយ​នាក់​នៅក្នុង​ចំណោម​ពីរពាន់​ហុកសិប​នាក់​របស់​ខ្ញុំ ដែល​ត្រូវ​សន្លប់​ដោយ​សារ​អស់​ឈាម ទោះជា​យ៉ាង​ណា​ក៏​ដោយ គង់តែ​ស្រប​តាម​សេចក្តី​ល្អ​សប្បុរស​នៃ​ព្រះ និង​ចំពោះ​សេចក្តី​អស្ចារ្យ​របស់​យើង​ជា​ខ្លាំង និង ចំពោះសេចក្តីអំណរ​របស់​កងទ័ព​យើង​ទាំង​មូល​ផង នោះ​គ្មាន​អ្នក​ណា​ម្នាក់ នៅក្នុង​ចំណោម​ពួកគេ​ត្រូវ​វិនាស​ឡើយ » ( អាលម៉ា ៥៧:២៥ ) ។

ពួកគេ​ត្រូវបាន​រំដោះ​ឲ្យ​រួច « ដោយសារតែ​សេចក្តី​ជំនឿ​ដ៏​លើសលប់​របស់​គេ​នៅក្នុង​អ្វីៗ​ដែល​ពួកគេ​ត្រូវ​បាន​បង្រៀន​ឲ្យ​ជឿ—ថា​មាន​ព្រះ​ដ៏​យុត្តិធម៌​មួយ​អង្គ ហើយ​អស់​អ្នក​ណា​ដែល​មិន​សង្ស័យ អ្នក​នោះ​នឹង​ត្រូវ​បាន​រក្សា​ទុក​ឲ្យ​គង់វង្ស​ដោយ​ព្រះចេស្តា​ដ៏​អស្ចារ្យ​របស់​ទ្រង់ » ( អាលម៉ា ៥៧:២៦ ) ។

ហេលេមិន​និយាយ​ពី​ពួកគេ ៖ « ពួកគេ​នៅ​ក្មេង ហើយ​គំនិត​គេ​រឹងប៉ឹង ហើយ​ពួកគេ​ដាក់​ទី​ទុក​ចិត្ត​របស់​គេ​ទៅ​លើ​ព្រះ​រហូត » ( អាលម៉ា ៥៧:២៧​ ) ។

ដូច្នេះ​យើង​ក៏​ដូចគ្នា​ផងដែរ ។ នៅក្នុង​ជីវិត​នេះ នៅពេល​មាន​ភ្លៀង​ធ្លាក់​មក ហើយ​ទឹក​ជន់​ឡើង និង ខ្យល់​បក់​បោក​មក​ប៉ះ​យើង និង ផ្ទះ​របស់​យើង នោះ​យើង​កំណត់​ថា​តើ​សេចក្តី​ជំនឿ​របស់​យើង​រឹងមាំ ហើយ​ថាតើ​យើង​ដាក់​ទីទុកចិត្ត​របស់​យើង​លើ​ព្រះ​រហូត​ឬ​អត់​ទេ ។ ជាទូទៅ​គ្មាន​ការសាកល្បង​ឡើយ លុះត្រាតែ​មាន​សេចក្តីវេទនា ។

កុំ​រសាយ​ចិត្ត​ឡើយ

ច្រើន​ឆ្នាំ​មក​ហើយ ភរិយា​របស់​ខ្ញុំ ម៉ារី និង ខ្ញុំ​បាន​ធ្វើ​ជា​អធិបតី​លើ​បេសកកម្ម ណាហ្គោយ៉ា ប្រទេស ជប៉ុន ។ ពាក្យ អង់អាច, ក្លាហាន, មាន​កម្លាំង, សកម្ម និង ស្មោះត្រង់ ដែល​ពិពណ៌នា​ពី​ទ័ព​កំឡោះ ២០០០​នាក់ ( សូម​មើល អាលម៉ា ៥៣:២០ ) ក៏​បាន​ពិពណ៌នា​ពី​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ដែល​យើង​បម្រើ​ជាមួយ​នេះ​ផងដែរ ។ ការពិពណ៌​មួយ​ផ្សេង​ទៀត​នៃ​ទ័ព​កំឡោះ ២០០០ នាក់​នោះ—មាន​អ្នក​ខ្លះ បាន​សន្លប់ ( សូមមើល អាលម៉ា ៥៧:២៥ )—ក៏​ពិពណ៌នា​ពី​អ្នក​ផ្សព្វផ្សាយ​សាសនា​មួយ​ចំនួន​របស់​យើង​ដែរ ។

បេសកកម្ម​ពុំ​ងាយស្រួល​ឡើយ ។ ជីវិត​ក៏​មិន​ងាយ​ស្រួល​ដែរ ។ មនុស្ស​គ្រប់​គ្នា​នឹង​មាន​គ្រោះថ្នាក់​នៅតាម​ផ្លូវ​នេះ ។ ការឈឺចាប់​មួយ​ចំនួន​កើត​ឡើង​ពី​ការពុំ​ដោះស្រាយ​នូវ​ការរំលង​នានា ។ ការឈឺចាប់​ផ្សេង​ទៀត​កើត​ឡើង​ដោយ​ចៃដន្យ ឬ ជំងឺ​ដង្កាត់ ។ ការឈឺចាប់​ខ្លះ​ទៀត​កើត​ឡើង នៅពេល​យើង​ឃើញ​អស់​អ្នក​ដែល​យើង​ស្រឡាញ់​បដិសេធ​ដំណឹង​ល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ឬ ប្រែជា​ពុំ​ស្មោះត្រង់​ចំពោះ​អ្វី​ដែល​ពួកគេ​បាន​ដឹង​ថា​ជា​ការពិត ។ ប៉ុន្តែ​តាមរយៈ​ការណ៍​ទាំងនេះ យើង​ប្រែ​ជា​ស្គាល់​ព្រះ ហើយ​យើង​រីកចម្រើន​ប្រែក្លាយ​ជា​សិស្ស​របស់​ព្រះអង្គ​សង្គ្រោះ ។ ដួងចិត្ត​របស់​យើង​ផ្លាស់ប្តូរ ហើយ​ការផ្លាស់ប្តូរ​នោះ​ក្លាយ​ជា​អចិន្ត្រៃយ៍ នៅពេល​យើង​បន្ត​ជ្រើសរើស​សេចក្តី​សុចរិត​ជាជាង​អំពើ​បាប និង ការសង្ស័យ ។

កងទ័ព​កំឡោះ ២០០០ នាក់​នោះ​បាន​តស៊ូ​យ៉ាង​ស្វិតស្វាញ​តាម​បំណង​ប្រាថ្នា​របស់​ខ្លួន ។ ពួកគេ​ពុំ​បោះបង់​ដោយ​ងាយៗ​ឡើយ ទោះ​ជា​នៅពេល​ផ្លូវ​របស់​ពួកគេ​មាន​ការលំបាក​ក្តី ។ អាំម៉ូន​បាន​បង្រៀន​មនុស្ស​ជំនាន់​មុន​ដែល​ជា​ឪពុក​ម្តាយ​របស់​ពួកគេ និង បងប្អូន​របស់​គេ ។ ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​ទាំង​នោះ មាន​ជោគជ័យ​ដ៏​មហិមា ប៉ុន្តែ​ពួកគេ​ក៏​បាន​ស៊ូទ្រាំ ហើយ​មិន​បោះបង់​ឡើយ នៅពេល​បេសកកម្ម​របស់​ពួកគេ​បាន​ប្រែ​ជា​ពិបាក ហើយ​បាក់​ទឹក​ចិត្ត​នោះ ។

អាំម៉ូន​ពិពណ៌នា​ពី​គ្រា​ទាំង​នោះ ៖ « ឥឡូវ​នេះ កាល​ណា​យើង​នឿយ​ណាយ​ក្នុង​ចិត្ត ហើយ​យើង​សឹង​តែ​ត្រលប់​ទៅ​វិញ មើល​ចុះ ព្រះអម្ចាស់ ទ្រង់​បាន​កម្សាន្ត​ចិត្ត​យើង ហើយ​មាន​ព្រះបន្ទូល​ថា ៖ ចូរ​ទៅ​ក្នុង​ចំណោម​បង​ប្អូនអ្នក គឺ​ពួក​សាសន៍​លេមិន ហើយ​ចូរ​ទ្រាំ​ដោយ​សេចក្ដី​អត់ធ្មត់​នូវ​ការ​ទុក្ខ​វេទនា​ទាំងឡាយ​របស់​អ្នក​ចុះ ហើយ​យើង​នឹង​ប្រទាន​ដល់​អ្នក​នូវ​ជ័យ​ជំនះ » ( អាលម៉ា ២៦:២៧ ) ។

ដោយ​មាន​ការអត់ធ្មត់ និង ការតស៊ូ​ស្វិតស្វាញ អាំម៉ូន និង ដៃ​គូ​របស់​លោក​បាន​ធ្វើ​ការ​ប្រឡូក​ឆ្លង​កាត់​ទុក្ខ​លំបាក ហើយ​នៅទីបំផុត​បាន​សម្រេច​នូវ​ជោគជ័យ​ដ៏​អស្ចារ្យ ។

ការតស៊ូ​ដ៏​ស្វិតស្វាញ​នៅក្នុង​ដំណឹង​ល្អ

នៅក្នុង​ឆ្នាំ ១៩៩៩ ស៊ិស្ទើរ ម៉ាស៊ី បា មក​ពី​កូឡុំប៊ើស អូហៃអូ ស.រ.អា.​បាន​មក​បេសកកម្ម ណាហ្គោយ៉ា ប្រទេស ជប៉ុន ។ នាង​មាន​ការលំបាក​និយាយ​ភាសា​ជប៉ុន ប៉ុន្តែ​នាង​បាន​តស៊ូ​យ៉ាង​ស្វិតស្វាញ ។ នៅពេល​នាង​បាន​រៀន​ចេះ​និយាយ​ហើយ នាង​ពុំ​អាច​ឈប់​និយាយ​ជាមួយ​មនុស្ស​អំពី​ដំណឹង​ល្អ​ឡើយ ។

ការសន្យា​ដ៏​អស្ចារ្យ​បាន​ប្រទាន​ដល់​អ្នកផ្សព្វផ្សាយ​ទាំង​អស់​ណា​ដែល​ស្មោះត្រង់ ស៊ូទ្រាំ និង តស៊ូ​យ៉ាង​ស្វិតស្វាញ ដែល​បើក​មាត់​របស់​ខ្លួន​ដោយ​ក្លាហាន និង ក្តីស្រឡាញ់ ព្រម​ទាំង​អស់​អ្នក​ដែល​ធ្វើការ​ដោយ​អស់​ពី​ចិត្ត​ខ្លួន​ តាម​របៀប​ដែល​ព្រះអម្ចាស់​បាន​រៀបចំ ( សូមមើល គ. និង ស. ៣១:៧ ) ។ ប៉ុន្តែ​មាន​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​មួយ​ចំនួន​បាន​ប្រែ​ទៅជា​ញញើត​ចំពោះ​ការបដិសេធ ហើយ​ធ្វើ​ឲ្យ​ការភ័យ​ខ្លាច​របស់​ពួកគេ​ឈ្នះ​លើ​សេចក្តីស្រឡាញ់​ដ៏​អង់អាច​របស់​ខ្លួន ។

ប៉ុន្តែ ស៊ិស្ទើរ បា ពុំ​ធ្វើ​បែប​នេះ​ឡើយ ! គាត់​បានស្វែងរក ហើយ​បង្រៀន ហើយ​គាត់​បាន​បង្រៀន ហើយ​ស្វែងរក​មនុស្ស​ទាំងអស់​នៅក្នុង​បេសកកម្ម​របស់​ខ្លួន ។

នៅថ្ងៃ​បញ្ចប់​បេសកកម្ម​របស់​គាត់ ស៊ិស្ទើរ បា បាន​ធ្វើ​ដំណើរ​ទៅ​ផ្ទះ​បេសកកម្ម​នៅ​ទីក្រុង ណាហ្គោយ៉ា ។ នៅ​យប់​នោះ​ខ្ញុំ​បាន​សម្ភាស​គាត់ ហើយ​ប្រាប់​គាត់​ថា គាត់​បាន​ធ្វើ​កិច្ចការ​យ៉ាង​ល្អ​អស្ចារ្យ ។ ថ្ងៃ​ស្អែក​គាត់​នឹង​ទៅផ្ទះ​ហើយ ។

អំឡុង​ពេល​ធ្វើ​ដំណើរ គាត់​បាន​ឃើញ​សិស្ស​វិទ្យាល័យ​មួយ​ក្រុម–ជា​សិស្ស​ស្រី​កំពុង​ជជែក​គ្នា​នៅ​តាម​ផ្លូវ ។ គាត់​បាន​ទៅ​ជួប​ពួកគេ ហើយ​សុំ​ទៅ​សួរសុខទុក្ខ​ពួកគេ​នៅ​ពេល​ក្រោយ ។ គាត់​បាន​និយាយ​ពី​ដំណឹង​ល្អ និង ការស្ដារ​ឡើង​វិញ​នៃ​ដំណឹង​ល្អ ។ ក្រោយ​មក​គាត់​បាន​ឲ្យ​កូន​សៀវភៅ​អ្នក​ផ្សព្វផ្សាយ​សាសនា​ដល់​សិស្ស​ម្នាក់​ដែល​ហាក់បី​ដូច​ជា​ចាប់​អារម្មណ៍ ហើយ​បាន​ប្រាប់​នាង​ពី​អ្នក​ផ្សព្វផ្សាយ​សាសនា​ស៊ិស្ទើរ​ដែល​អាច​បង្រៀន​ដំណឹង​ល្អ​ដល់​នាង ។

រូបភាព
sister missionary on the bus

ក្រោយ​មក ស៊ិស្ទើរ បា​បាន​មក​ផ្ទះ​បេសកកម្ម ហើយ​បាន​សម្ភាស ដោយ​ពុំ​បាន​ប្រាប់​ខ្ញុំ​ពី​រឿង​ដែល​គាត់​បាន​មាន​នៅ​តាម​ផ្លូវ​នោះ​ឲ្យ​ខ្ញុំ​ដឹង​ឡើយ ។ ចំពោះ​គាត់​នេះ​គឺ​ជា​រឿង​សាមញ្ញ ។ គាត់​បាន​ធ្វើ​អ្វី​ដែល​គាត់​បានដឹង​ថា​ត្រឹមត្រូវ តាំង​ពី​ដើម​រហូត​ដល់​ចប់ ។ ប្រហែល​នោះ​ជា​និយមន័យ​ដ៏​ល្អ​បំផុត​នៃ ការតស៊ូ​ស្វិតស្វាញ នៅក្នុង​ដំណឹង​ល្អ ខ្ញុំ​ដឹង ៖ មិន​ថា​មាន​អ្វី​កើត​ឡើង​ឡើយ ចូរ​បន្ត​សេចក្តីជំនឿ​លើ​ព្រះ និង ការសន្យា​របស់​ទ្រង់ ហើយ​ធ្វើ​អ្វី​ ដែល​ត្រឹមត្រូវ​គ្រប់​ពេលវេលា ដោយ​ពុំ​គិត​ថា​មាន​អ្នក​ដឹង ឬ មិន​ដឹង​នោះ​ទេ ។

ស៊ិស្ទើរ បា​បាន​ត្រឡប់​ទៅ​ផ្ទះ​នៅ កូឡុំប៊ី​វិញ ។ នៅ​ក្នុង​វួដ​និស្សិត​នោះ​នាង​បាន​ជួប​នឹង​អនាគត​ស្វាមី​របស់​ខ្លួន ហើយ​ពួកគេ​កំពុង​ចិញ្ចឹម​គ្រួសារ​ខ្លួន​នៅក្នុង​ដំណឹង​ល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ។

សិស្ស​ស្រី​នៅ​តាម​ផ្លូវ​នោះ—ហ៊ីតូមី គីតាយ៉ាម៉ា—បាន​រៀន​ជាមួយ​ស៊ីស្ទើរ​អ្នក​ផ្សព្វ​ផ្សាយ​សាសនា ។ ហ៊ីតូមី​បាន​រក្សា និង បង្ហាញ​នូវ​ការតស៊ូ​ស្វិតស្វាញ​របស់​ខ្លួន​នាង​ផ្ទាល់ នៅពេល​នាង​បាន​ចាប់​យក​សេចក្តី​ពិត​នៃ​ដំណឹង​ល្អ យកឈ្នះ​លើ​ការប្រឆាំង​របស់​សមាជិក និង ចម្ងល់​ផ្ទាល់​ខ្លួន​របស់​នាង ។

ជិត​ប្រាំមួយ​ឆ្នាំ​ក្រោយមក​យើង​បាន​ជួប ហ៊ីតូមី​នៅ​សន្និសីទ​បេសកកម្ម​ទីក្រុង តូក្យូ ដែល​នាង​កំពុង​បម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា ។ នាង​បាន​ប្រាប់​យើង​អំពី​ការជួប​ជាមួយ ស៊ិស្ទើរ បា នៅ​តាម​ផ្លូវ​នោះ និង ពី​ការប្រែ​ចិត្ត​ជឿ​របស់​នាង​លើ​ដំណឹង​ល្អ​នា​ពេល​ក្រោយ​មក ។

បន្ទាប់​ពី​បេសកកម្ម នាង​បាន​ជួប និង រៀបការ​ជាមួយ​អ្នក​ត្រឡប់​ពី​បេសកកម្ម​​ម្នាក់​ឈ្មោះ ស្ស៊ីប៉ី យ៉ាម៉ាស្ស៊ីតា ។ គួរ​ឲ្យ​ចាប់​អារម្មណ៍​ណាស់ ស្ស៊ីប៉ី គឺ​ជា​កូនប្រុស​របស់​បុរស​ម្នាក់​ដែល​អែលឌើរ រ៉ាឌី ឆែកឃិត និង ខ្ញុំ​បាន​បង្រៀន​គាត់​កាលពី​រដូវ​ក្តៅ​ឆ្នាំ ១៩៧១ ខណៈ​ខ្ញុំ​បម្រើ​បេសកកម្ម​ដំបូង​របស់​ខ្ញុំ​នៅ​ប្រទេស​ជប៉ុន ។

វា​មិនគ្រាន់តែ​ជា​ការផ្សាយ​ដំណឹង​ល្អ​ប៉ុណ្ណោះ​ទេ ដែល​យើង​ត្រូវតែ​មាន​ការតស៊ូវ​ស្វិត​ស្វាញ​ដើម្បី​ធ្វើ​អ្វី​ដែល​ត្រឹមត្រូវ​នោះ ។ យើង​ត្រូវការ​ការតស៊ូ​ស្វិតស្វាញ​ដ៏​សុចរិត​ដូចគ្នា​នេះ នៅពេល​យើង​ព្យាយាម​យក​ឈ្នះ​​លើ​អំពើ​បាប និង ការល្បួង​ផ្ទាល់​ខ្លួន ចូរ​បញ្ចប់​ការអប់រំ​របស់​យើង ហើយ​ស្វែង​រក​ការរៀប​អាពាហ៍ពិពាហ៍​ នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ព្រមទាំង​មាន​គ្រួសារ​អស់កល្ប​មួយ ។ យើង​នឹង​ត្រូវការ​ការតស៊ូ​ស្វិតស្វាញ សេចក្តីស្រឡាញ់ និង ភាពរឹងមាំ នៅពេល​យើង​ស៊ូទ្រាំ​ចំពោះ​ស្វាមី ឬ ភរិយា និង កូនៗ ព្រមទាំង​ការងារ​របស់​យើង ឆ្លង​កាត់​ឧបសគ្គ​នានា ​ដែល​កើត​មាន​ឡើង​នៅក្នុង​គ្រប់​អាពាហ៍ពិពាហ៍ និង គ្រួសារ ។ ហើយ​យើង​នឹង​ត្រូវការ​ការតស៊ូ​ស្វិតស្វាញ ការប្តេជ្ញាចិត្ត និង ការអត់ធ្មត់ នៅពេល​ពរជ័យ​ដែល​យើង​ចង់​បាន ពុំ​ទាន់​បាន​កើត​ឡើង​នៅក្នុង​កាល​កំណត់​ដែល​យើង​រំពឹងទុក​ជាមុន ។

គ្រប់​កិច្ចការ​ទាំងនេះ និង គ្រប់​កិច្ចការ​សុចរិត​ផ្សេង​ទៀត នោះ​ការប្តេជ្ញាចិត្ត​របស់​យើង ដើម្បី​ធ្វើ​កិច្ចការ​ត្រឹមត្រូវ និង ធ្វើ​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ​នឹង​ជួប​នូវ​ឧបសគ្គ​ដោយ​សារតែ​លោកិយ ។ ប៉ុន្តែ​យើង​មិន​ត្រូវ​ឈប់​ឡើយ ។ យើង​ចាំបាច់​ត្រូវ​បន្ដ​ព្យាយាម​រហូត​ដល់​យើង​សម្រេច​បាន​នូវ​គោលដៅ​របស់​យើង ។ គោលដៅ​ធំបំផុត​របស់​យើង គឺ​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​ជាមួយ​ស្វាមី ឬ ភរិយា ជាមួយ​កូនៗ​របស់​យើង ព្រមទាំង​ជាមួយ​កូនៗ​របស់​ពួកគេ​ជា​ច្រើន​ជំនាន់​ក្រោយៗ​ទៀត ។

ដាក់​គោលដៅ​ឲ្យ​មាន​ភាពសក្តិសម

តើ​យើង​អាច​បង្កើន​ការប្តេជ្ញា​ចិត្ត​របស់​យើង​ធ្វើ​អ្វី​ដែល​ត្រឹមត្រូវ​យ៉ាង​ដូចម្តេច ហើយ​តើ​យើង​ទទួល​បាន​កម្លាំង​ដើម្បី​បន្ត​រក្សា​វា​យ៉ាង​ដូចម្តេច ?

ទីមួយ យើង​ដាក់​គោលដៅ​ឲ្យ​មាន​ភាពសក្តិសម ដើម្បី​សម្រេច​ឲ្យ​បាន និង ស្រប​គ្នា​ទៅនឹង​គោលដៅ​ចុង​បង្អស់​របស់​យើង​គឺ​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។ គោលដៅ​នោះ​រួម​មាន ការអប់រំ និង ការងារ ដែល​វា​នឹង​ដឹកនាំ ព្រមទាំង​ស្រប​គ្នា​ជាមួយ​នឹង​គ្រួសារ ការរីកចម្រើន​ផ្ទាល់​ខ្លួន ការបម្រើ សកម្មភាព​នៅក្នុង​សាសនាចក្រ និង សុភមង្គល​ផ្ទាល់​ខ្លួន ។ ជម្រើស​ផ្ទាល់​ខ្លួន​របស់​យើង​នឹង​ក្លាយ​ជា​ផ្នែក​មួយ​នៃ​ការដាក់​គោលដៅ​ទាំង​នេះ ប៉ុន្តែ​ផ្នែក​មួយ​ទៀត​ត្រូវ​រួម​បញ្ចូល​នូវ ការអធិស្ឋាន និង វិវរណៈ​ផ្ទាល់​ខ្លួន ។ ប្រសិនបើ​យើង​យក​ចិត្ត​ទុក​គ្រប់គ្រាន់​ដើម្បី​ស្វែងរក​ព្រះឆន្ទៈ​របស់​ព្រះ នោះ​ទ្រង់​នឹង​ឆ្លើយ​តប ។

ក្នុង​ចំណោម​អ្វីៗ​ជា​ច្រើន ​ដែល​អ្នក​គប្បី​អធិស្ឋាន​ទូល​សុំ​នោះ​គឺ ការស្វែងរក​ដៃគូ​ដ៏​សក្តិសម ដែល​ជា​បុគ្គល​ម្នាក់​ដែល​អ្នក​អាច​ទៅ​ព្រះវិហារ​បរិសុទ្ធ ហើយ​ចុះ​សេចក្តី​សញ្ញា​​ពិសិដ្ឋ​ជាមួយ​គ្នា ។ ប្រសិនបើ​អ្នក​ចង់​ចុះ និង រក្សា​សេចក្តីសញ្ញា​ពិសិដ្ឋ ហើយ​មានកម្លាំងចិត្ត​ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​គោលដៅ​ដ៏​សុចរិត​បំផុត​របស់​អ្នក នោះ​សូម​ស្វែងរក​ពរជ័យ និង ការទទួល​ខុសត្រូវ​នៃ​អាពាហ៍ពិពាហ៍​ដោយ​ការគិតគូរ​បំផុត ។

ចំពោះ​រឿង​នេះ និង កិច្ចការ​ផ្សេង​ទៀត​នៅក្នុង​ជីវិត​អ្នក សូម​ស្វែងយល់​ពី​អ្វី​ដែល​ព្រះ​មាន​ព្រះទ័យ​ចង់​ឲ្យ​អ្នក​ធ្វើ ។ ចូរ​សិក្សា​វា​ចុះ ។ ធ្វើ​ការសម្រេច​ចិត្ត ចូរ​ថ្វាយ​ការសម្រេច​ចិត្ត​នោះ​ទៅ​ព្រះអម្ចាស់ ហើយ​ស្វែង​យល់​ពី​វា ។ បន្ទាប់មក​បន្ត​ឆ្ពោះ​ទៅមុខ​ដោយ​សម្រេច​បាន​នូវ​គោលដៅ​របស់​អ្នក ។

ចំពោះ​កិច្ចការ​ទាំងនេះ ប្រសិនបើ​យើង​មាន​ការតស៊ូ​ស្វិតស្វាញ​នៅក្នុង​កិច្ចការ​សុចរិត នោះ​យើង​ត្រូវ​បន្ត​នៅ​ក្បែរ​ព្រះអម្ចាស់ តាមរយៈ​ការរស់នៅ​ដោយ​សុចរិត ។ មាន​កិច្ចការ​មួយ​ចំនួន​ដែល​នឹង​បង្វែរ​យើង​ចេញ​ឆ្ងាយ​ពី​ការសម្រេច​​នូវ​គោលដៅ​សុចរិត​របស់​យើង ដែល​ធ្វើ​ឲ្យ​យើង​គ្មាន​ភាពសក្តិសម​ចំពោះ​ពរជ័យ​នៃ​ព្រះ​វិញ្ញាណ​នៅក្នុង​ជីវិត​របស់​យើង ។

ចូរ​ដាក់​គោលដៅ​ធ្វើ​កិច្ចការ​សុចរិត ។ ចូរ​អធិស្ឋាន និង ស្វែងរក​ការដឹកនាំ​ពី​ព្រះអម្ចាស់​ជានិច្ច ។ ចូរ​មាន​ភាពសក្តិសម ហើយ​ចៀសវាង​ពី​កិច្ចការ​ណា​ដែល​នឹង​បង្វែរ​អ្នក ឬ បង្អាក់​អ្នក​ពី​ភាពរីកចម្រើន ។ ចូរ​មាន​បណ្ណ័​ចូល​ព្រះវិហារ​បរិសុទ្ធ ហើយ​ប្រើប្រាស់​វា ។ ចូរ​រក្សា​សេចក្តីសញ្ញា​របស់​អ្នក ជាពិសេស​នៅពេល​ជីវិត​ជួប​នូវ​ការលំបាក ។ ចូរ​ស្វែងរក​ពរជ័យ​នៃ​អាពាហ៍ពិពាហ៍ និង​គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច ។ បន្ទាប់​មក​ប្រកាន់​វា​ឲ្យ​ខ្ជាប់ខ្ជួន ។ ចូរ​កុំ​ចុះ​ចាញ់​ឡើយ ។ ចូរ​កុំ​ឈប់​ឡើយ ។

ចូរ​មាន​ការតស៊ូ​ស្វិតស្វាញ ​នៅក្នុង​គ្រប់​កិច្ចការ​សុចរិត​ទាំង​អស់ ។ អ្នក​នឹង​ឃើញ​ថា​សេចក្តីជំនឿ​របស់​អ្នក​នឹង​រឹងមាំ ហើយ​អ្នក​នឹង​ឃើញ​ថា​កម្លាំង និង ទេពកោសល្យ​របស់​អ្នក​កាន់តែ​មាន​ច្រើន ហើយ​កើន​ឡើន នៅពេល​សេចក្តីជំនឿ​របស់​អ្នក​រីកចម្រើន ។ ហើយ​ចូរ​ចាំ​នូវ​អ្វី​ដែល​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​សន្យា ៖ « ពរជ័យ​ខ្លះ​កើត​ឡើង​ភ្លាមៗ ខ្លះ​ទៀត​កើត​ឡើង​ពេល​ក្រោយ ហើយ​ខ្លះ​ទៀត​មិន​កើត​ឡើង​ឡើយ លុះត្រា​នៅ​ស្ថានសួគ៌​ទើប​វា​កើត​ឡើង ប៉ុន្ដែ​អស់​អ្នក​ដែល​ឱបក្រសោប​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នោះ ពរជ័យ​ទាំងនោះ​នឹង​កើត​មាន​ឡើង » ។

កំណត់​ចំណាំ

  1. Vocabulary.com/dictionary/tenacity ។

  2. សូមមើល អិម រ័សុល បាឡឺដ « The Greatest Generation of Missionaries » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០២ ទំព័រ ៤៧, ៤៨ ចំពោះ​ព្រះគម្ពីរ​មរមន​ពិពណ៌នា​ពី​ពួកគេ​នោះ សូមមើល អាលម៉ា ៥៣:១៧–២១; ៥៦:១៧, ៤៥–៤៨; ៥៧:២០–២១

  3. ជែហ្វ្រី អ័រ ហូឡិន « An High Priest of Good Things to Come » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៩ ទំព័រ ៣៨ ។