២០១៦
ជយោ !
June 2016


កាគិត​ពិចារណា

ជយោ !

អ្នក​និពន្ធ​រស់​នៅ​ក្នុង​រដ្ឋ អូរីហ្គិន ស.រ.អា. ។

ក្មេង​អាយុ​បួន​ឆ្នាំ​ម្នាក់​បាន​ជួយ​ខ្ញុំ​ឲ្យ​មាន​អំណរគុណ​ពិធី​សាក្រាម៉ង់ ​ក្នុង​របៀប​មួយ ថ្មី​ស្រឡាង ។

រូបភាព
hooray

រូប​គំនូរ ដោយ ខារ៉ូលីន វីបប៊ើត

ចិត្ត​របស់​ខ្ញុំ​បាន​ផ្តោត​ចិត្ត​ទុក​ដាក់​លើ​ព្រះអង្គសង្គ្រោះ នៅពេល​ក្រុម​ជំនុំ​បាន​ច្រៀង​ទំនុក​តម្កើង​សាក្រាម៉ង់​ចប់ ប៉ុន្តែ​នៅពេល​ខ្ញុំ​បាន​ចាប់​ផ្តើម​បិទ​សៀវភៅ​ទំនុក​តម្កើង នោះ​តន្ត្រី​នៅតែ​បន្ត​លេង​ទៅមុខ ។ ក្រុមជំនុំ​នៅ​ថ្ងៃ​នោះ​មាន​មនុស្ស​ចូលរួម​ច្រើន​ដែល​ធ្វើ​ឲ្យ​អ្នក​លេង​ព្យាណូ​លេង​ទំនុក​តម្កើង​បន្ថែម​ពីរ​វគ្គ​ទៀត ដើម្បី​ឲ្យ​ពួក​សង្ឃ​បញ្ចប់​ការកាច់​នំបុ័ង ។ ខ្ញុំ​មាន​អំណរគុណ​ចំពោះ​ម៉ោង​បន្ថែម​នោះ ។ វា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ពេល​បន្ថែម​ទៀត ដើម្បី​ស្មឹងស្មាត​ដោយ​គារវភាព​ពីមុន​ការអធិស្ឋាន​សាក្រាម៉ង់ ។

អំឡុង​ពេល​អធិស្ឋាន ខ្ញុំ​ផ្ទៀង​តាម​ពាក្យ​ដែល​ពួក​សង្ឃ​សូត្រ​យ៉ាង​យក​ចិត្ត​ទុកដាក់ នៅពេល​ពួកគេ​ប្រសិទ្ធិពរ​នូវ​បដិរូប​នៃ​ការពលិកម្ម​របស់​ព្រះគ្រីស្ទ​សម្រាប់​ពួក​យើង ។ នៅពេល​ការអធិស្ឋាន​ត្រូវបាន​បញ្ចប់ ហើយ​នាគ្រាដែល​ក្រុម​ជំនុំ​បាន​បន្លឺសម្លេង​ថា​អាម៉ែន នោះ​ក្មេងប្រុស​អាយុ​បួន​ឆ្នាំ​ម្នាក់​ដែល​អង្គុយ​នៅ​ពី​ក្រោយ​ខ្ញុំ​ពីរជួរ បាន​ស្រែក​​បន្ទរ​ពេល​ក្រុម​ជំនុំ​ស្រែក « អាម៉ែន » នោះ ។

វា​បាន​បន្លឺ​ឡើង​ថា « ជយោ ! » ។

សំឡេង​ស្រែក​របស់​ក្មេង​ប្រុស​នោះ​បាន​ឮ​ខ្លាំង​ល្មម ដែល​ធ្វើ​ឲ្យ​ក្មេងៗ​មួយ​ចំនួន​នៅ​ជិត​នេះ​សើច​កក្អើក ។ ខ្ញុំ​សារភាព​ថា សំឡេងនោះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ញញឹម​ទាំង​មាន​ចម្ងល់ ។

« ជយោ ? » ខ្ញុំ​បាន​គិត ។ វា​ជា​ការឆ្លើយតប​យ៉ាង​ចម្លែក​ចំពោះ​ការអធិស្ឋាន​សាក្រាម៉ង់ ។ វា​ពិតជា​ការឆ្លើយតប​មួយ​ដែល​ខ្ញុំ​ពុំ​ធ្លាប់​ឮ​ពី​មុន​សោះ ហើយ​ទំនង​ជា​នឹង​ពុំ​ឮ​ម្តង​ទៀត​ឡើយ ។ បន្ទាប់​មក​យើង​បាន​បញ្ចប់​ការអធិស្ឋាន​របស់​យើង​ដោយ​ពោលថា « អាម៉ែន » ។

ប្រហែល​ជា​ក្មេង​ប្រុស​នោះ​មាន​អារម្មណ៍​នៃ​សេចក្តីពិត​ជាជាង​រូប​ខ្ញុំ ។

ជយោ គឺ​ជា​ពាក្យ​ដែល​បង្ហាញ​ពី​ក្តី​រំភើប​ចិត្ត ។ វា​ជា​ការស្រែកប្រកាស​ចំពោះ​ក្តី​អំណរ ជាទូទៅ​គឺ​សម្រាប់​ជ័យជំនះ ។ ពេល​ខ្លះ​ ពាក្យ​នេះ​គេ​ស្រែក ដើម្បី​បង្ហាញ​ពី​ការយល់ព្រម​ចំពោះ​នរណា​ម្នាក់​ដែល​បាន​បញ្ចប់​កិច្ចការ​លំបាក​បាន​យ៉ាង​ល្អ ។

រំពេច​នោះ ខ្ញុំ​ចូលចិត្ត​​​គំនិត​នោះ ។ មែនហើយ ខ្ញុំ​បាន​គិត​ថា ជយោ ដែល​ព្រះយេស៊ូវគ្រីស្ទ​បាន​ឈ្នះ​លើ​សេចក្តី​ស្លាប់ ប្រយោជន៍​ឲ្យ​យើង​ទាំងអស់​គ្នា​អាច​រស់ឡើង​វិញ ! ជយោ ដោយសារ​ដង្វាយធួន​របស់​ទ្រង់ នោះ​ទ្រង់​អាច​អភ័យទោស​ចំពោះ​អំពើ​បាប​របស់​យើង ! កាន់តែ​ពិសេស​ជាង​នេះ​ទៀត​នោះ ទ្រង់​​អាច​អភ័យ​ទោស​ដល់​អំពើ​បាប របស់​ខ្ញុំ ! ជយោ ដោយសារ​តាមរយៈ​ព្រះគុណ​ទ្រង់​ នោះ​ខ្ញុំ​អាច​ត្រឡប់​ទៅ​កាន់​ព្រះវរបិតាសួគ៌​របស់​ខ្ញុំ ហើយ​រីករាយ​នឹង​សេចក្តី​សង្ឃឹម​នៃ​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ! មែនហើយ ! ជយោ !

នៅពេល​ខ្ញុំ​បាន​ស្រែក​នូវ​ពាក្យ​សរសើរនៃ​ការថ្លែង​អំណរគុណ​ទាំង​នេះ​ចំពោះ​ព្រះ​វបិតាសួគ៌​របស់​ខ្ញុំ នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ចូល​មក​យ៉ាង​ពេញក្នុង​ដួងចិត្ត​ខ្ញុំ ដោយ​ក្តី​អំណរ​ដែល​ស្ទើរ​តែ​ធ្វើ​ឲ្យ​ខ្ញុំ​យំ ។​ ក្មេង​តូច​នោះ​បាន​ដឹកនាំ​ខ្ញុំ​នៅ​ថ្ងៃ​នោះ ( សូមមើល អេសាយ ១១:៦​ ) ហើយ​ខ្ញុំ​បាន​ត្រេកអរ​ដោយទស្សនវិស័យ​ដ៏​ស្រស់​ត្រកាល ចំពោះ​ពរជ័យ​នៃ​ដង្វាយធួន​របស់​ព្រះអង្គសង្គ្រោះ​នៅក្នុង​ជីវិត​របស់​ខ្ញុំ ។

កំណត់​ចំណាំ

  1. សូមមើល Merriam Webster’s Collegiate Dictionary ការបោះ​ពុម្ព ( ឆ្នាំ ២០០៣ ) « hooray » សូមមើល​ផងដែរ en.wiktionary.org/wiki/hooray ។