២០១៦
តើ​អ្វី​ដែល​សំខាន់​បំផុត​ចំពោះ​ខ្ញុំ ?
June 2016


តើ​អ្វី​ដែល​សំខាន់​បំផុត​ចំពោះ​ខ្ញុំ ?

អ៊ីឡេអូណូរ៉ា សុនណេលីនី ទីក្រុង ទ្រីស ប្រទេស អ៊ីតាលី

រូបភាព
woman rushing to church

រូបគំនូរ​ដោយ ស្ទេន ហ្វែឡូ

ប្រហែល​ជា​ពាក់​កណ្តាល​ឆ្នាំ​ទី​បី​នៃ​មហា​វិទ្យាល័យ​របស់​ខ្ញុំ នោះ​ខ្ញុំ​បាន​ដឹង​ថា​ប្រាក់​ដែល​ខ្ញុំ​បាន​សន្សំ​សម្រាប់​បង់​ថ្លៃ​ជួល​ផ្ទះ និង ថ្លៃ ទឹក​ភ្លើង​នឹង​មិន​គ្រប់គ្រាន់​រហូត​ដល់​រដូវ​ក្តៅ​នេះ​ឡើយ ។ នៅ​គ្រា​នោះ ជា​ពេល​ដែល​ខ្ញុំ​អាច​ធ្វើ​ការ ដើម្បី​បង់​ថ្ងៃ​សិក្សា​សម្រាប់​ឆមាស​បន្ទាប់ ។ ខ្ញុំ​បាន​ធ្វើការ​ក្រៅ​ម៉ោង​ជា​ជំនួយការ​ហាង​លក់​ទំនិញ ។

កិច្ចការ​នោះ​បាន​ដំណើរការ​បាន​យ៉ាង​ល្អ រហូត​ដល់​កាល​វិភាគ​ធ្វើការ​របស់​ខ្ញុំ​បាន​ផ្លាស់ប្តូរ​ទៅ​ធ្វើ​នៅ​ថ្ងៃ​អាទិត្យ​វិញ ។ អំឡុង​ពេល​សម្ភាស​ការងារ​នោះ ខ្ញុំ​ពុំ​បាន​និយាយ​អ្វី​អំពី​ការពុំ​ធ្វើការ​នៅ​ថ្ងៃ​អាទិត្យ​ឡើយ ដោយសារ​ពេល​នោះ​ហាង​បិទ​នៅ​ថ្ងៃ​អាទិត្យ ។ ទោះបី​ជា​យ៉ាង​ណា​ក៏​ដោយ ការងារ​នោះ​សំខាន់​ចំពោះ​ខ្ញុំ​ណាស់ ហើយ​ខ្ញុំ​ចូលចិត្ត​អ្វី​ដែល​ខ្ញុំ​កំពុង​ធ្វើ ។ ខ្ញុំ​បាន​ធ្វើការ​ជាមួយ​មិត្ត​ម្នាក់ ហើយ​យើង​ទាំងពីរ​នាក់​សម្រាក​ថ្ងៃ​អាទិត្យ​ពីរដង និង ធ្វើការ​ថ្ងៃ​អាទិត្យ​ពីរ​ដង​ក្នុង​មួយខែ ។ ការណ៍​នេះ​អាច​ឲ្យ​ខ្ញុំ​ចូលរួម​ការប្រជុំ​នៅ​ព្រះវិហារ និង ចូលរួម​ការហៅ​បម្រើ​របស់​ខ្ញុំ​បាន​មួយ​ចំនួន ។

ប៉ុន្តែ មិន​យូរ​ក្រោយមក ខ្ញុំ​បាន​ឃើញ​ថា ខ្ញុំ​ពុំ​អាច​ធ្វើ​តាម​កាលវិភាគ​នេះ​ទៀត​ឡើយ ។ ខ្ញុំពិត​ជា​មាន​អារម្មណ៍​ថា ខ្ញុំ​ពុំ​អាច​បំពេញ​ការទទួលខុសត្រូវ​របស់​ខ្ញុំ​នៅ​ថ្ងៃ​អាទិត្យ ទោះបី​ជា​ខ្ញុំ​ពុំ​ធ្វើការ​រាល់​ថ្ងៃ​អាទិត្យ​ក្តី ។ ខ្ញុំ​បាន​ចាប់ផ្តើម​សួរ​ខ្លួន​ឯង​ថា តើ​ខ្ញុំ​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ផ្លាស់ប្តូរ​ស្ថានភាព​នេះ ។ បន្ទាប់​ពី​ខ្ញុំ​បាន​អធិស្ឋាន​ទូលសួរ​សុំ​នូវ​ផ្លូវ​មួយ ដើម្បី​បន្ទន់​ចិត្ត​របស់​អ្នក​គ្រប់គ្រង​ខ្ញុំ នោះ​ខ្ញុំ​បាន​អាន នីហ្វៃទី ១ ៧។ ខ្ញុំ​បាន​ចាំ​ថា​អាន​ខទី ១៩ កន្លែង​ដែល​នីហ្វៃ​បាន​អធិស្ឋាន ហើយ​ចិត្ត​របស់​បងប្អូន​លោក​ត្រូវបាន​បន្ទន់ ។ ទីបំផុត​ខ្ញុំ​អាច​និយាយ​ជាមួយ​និយោជក​របស់​ខ្ញុំ​អំពី​ការមិន​ធ្វើ​ការ​នៅ​ថ្ងៃ​អាទិត្យ ។

ខ្ញុំ​បាន​ប្រាប់​អ្នក​គ្រប់គ្រង​ខ្ញុំ​ថា ខ្ញុំ​គឺ​ជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ហើយ​ពួកគាត់​បាន​សួរ​ខ្ញុំ​អំពី​សេចក្តី​ជំនឿ​របស់​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។ នៅពេល​ខ្ញុំ​បាន​សុំ​ពួកគេ​ដើម្បី​ឈប់​សម្រាក​នៅ​ថ្ងៃ​អាទិត្យ ចម្លើយ​ពួកគេ​គឺ​ពុំ​អាច​ឈប់​បាន​ឡើយ ។ ពួកគេ​បាន​លើក​បង្ហាញ​ថា អំឡុង​ពេល​សម្ភាស​លើក​ដំបូង​របស់​ខ្ញុំ ខ្ញុំ​បាន​និយាយ​ថា​ខ្ញុំ​អាច​ធ្វើ​ការ​ថ្ងៃ​ណា​ក៏​បាន​នៅក្នុង​មួយ​សប្តាហ៍ ហើយ​ពុំ​ធ្លាប់​បាន​និយាយ​អ្វី​ពី​តម្រូវការ​នៃ​សាសនា​ឡើយ ។

អស់​ពេល​ជាច្រើន​ខែ​បាន​កន្លង​ផុត​ទៅ​ដោយ​គ្មាន​ការផ្លាស់ប្តូរ​អ្វី​ឡើយ រហូត​ដល់​ថ្ងៃ​អាទិត្យ​មួយ ខ្ញុំ​បាន​ប្រញាប់​ប្រញាល់​ចេញ​ពី​ការប្រជុំ​នៅ​ព្រះវិហារ​ដើម្បី​ទៅ​ធ្វើ​ការ ។ ខ្ញុំ​បាន​សួរ​ខ្លួន​ឯង​ថា « តើ​អ្វី​ដែល​សំខាន់​បំផុត​ចំពោះ​អ្នក ? » ចម្លើយ​បាន​មក​ភ្លាមៗ ហើយ​ពុំ​អាច​ប្រកែក​បាន ៖ គឺ​ព្រះវិហារ ដំណឹង​ល្អ ការបម្រើ​ក្នុង​ការហៅ​របស់​ខ្ញុំ ការចូលរួម​ការប្រជុំ​នៅ​ថ្ងៃ​អាទិត្យ​ដោយ​អស់​ពី​ដួងចិត្ត​ខ្ញុំ និង ភាពជាសិស្ស​ទាំង​ពាក្យ​សម្តី និង ទង្វើ ។

ខ្ញុំ​បាន​សម្រេច​ចិត្ត​ថា ខ្ញុំ​នឹង​សុំ​មិន​ធ្វើ​ការ​នៅ​ថ្ងៃ​អាទិត្យ​សារ​ជា​ថ្មី​ម្តង​ទៀត ប៉ុន្តែ​លើក​នេះ ខ្ញុំ​នឹង​សុំ​ដោយ​មាន​សរសេរ​លិខិត​លា​ឈប់​ពី​ការងារ​ផងដែរ ក្នុង​ករណី​ដែល​ពួកគាត់​ប្រាប់​ខ្ញុំ​ថា​ពុំ​អាច​ឈប់​បាន​នោះ​ជា​លើក​ទីពីរ ។

ខ្ញុំ​បាន​អធិស្ឋាន តមអាហារ ហើយ​បាន​ទទួល​សារ​គាំទ្រ​ពី​មិត្តភក្តិ ។

ដល់​ពេល​សម្ភាស​នោះ ទោះបី​ជា​ចិត្ត​ខ្ញុំ​ភ័យ​ញាប់ញ័រ​ក្តី ក៏​ខ្ញុំ​មាន​ភាពសុខសាន្ត ដោយសារ​ខ្ញុំ​ដឹង​ថា​ខ្ញុំ​កំពុង​ធ្វើ​អ្វី​ដែល​ត្រឹមត្រូវ ។ ម្តង​នេះ អ្នក​គ្រប់គ្រង​របស់​ខ្ញុំ​បាន​ឆ្លើយ​ថា ខ្ញុំ​អាច​ឈប់​បាន ។ ខ្ញុំ​បាន​ទទួល​ចម្លើយ​ចំពោះ​ការអធិស្ឋាន​ខ្ញុំ ។ ខ្ញុំ​បាន​ហែក​លិខិត​លា​ឈប់​ពី​ការងារ​ខ្ញុំ​ចោល​ភ្លាម​ពេល​ខ្ញុំ​ទៅ​ដល់​ផ្ទះ ។

ខ្ញុំ​បាន​ទទួល​ពរជ័យ​ជា​ច្រើន​មក​ពី​បទពិសោធន៍​នេះ ប៉ុន្តែ​ពរជ័យ​ភ្លាមៗ និង ជាក់​ស្តែង​បំផុត​នោះ គឺ​ថា​ខ្ញុំ​អាច​រក្សា​ការងារ​ខ្លួន ហើយ​នៅតែ​អាច​រក្សា​ថ្ងៃ​ឈប់សម្រាក​ឲ្យ​បរិសុទ្ធ ។ ចំពោះ​ការណ៍​នេះ​ខ្ញុំ​ពិតជា​មាន​អំណរគុណ​ចំពោះ​ព្រះអម្ចាស់​ណាស់ ។