២០១៦
របៀប​ជួយ​អ្នក​ផ្សព្វផ្សាយ​សាសនា
June 2016


ចម្លើយ​មក​ពី​ថ្នាក់​ដឹកនាំ​សាសនាចក្រ

របៀប ជួយ​អ្នក​ផ្សព្វផ្សាយ​សាសនា

ដកស្រង់​ចេញ​ពី​សុន្ទរកថា​នៅក្នុង​សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០០៨ ។

រូបភាព
prayer

យើង​អធិស្ឋាន​យ៉ាង​ត្រឹមត្រូវ​សម្រាប់​សុវត្ថិភាព និង​ភាព​ជោគជ័យ​របស់​អ្នក​ផ្សព្វផ្សាយ​សាសនា​នៅទូទាំង​ពិភព​លោក ។ ហើយ​រឿង​ធម្មតា​នៅ​ក្នុង​ការ​អធិស្ឋានរបស់​យើង គឺ​ជា​សំណូមពរ​ឲ្យ​អ្នក​ផ្សព្វផ្សាយ​សាសនា​ត្រូវ​បាន​ដឹកនាំ​ទៅ​រក​មនុស្ស និង​ក្រុមគ្រួសារ​ដែល ត្រូវ​បាន​រៀបចំ​ឲ្យ​ទទួល​សារលិខិត​នៃ​ការស្ដាឡើងវិញ ។ ប៉ុន្តែ នៅទីបំផុត វា​គឺ​ជា​ទំនួល​ខុសត្រូវ​របស់​ខ្ញុំ និង​ទំនួល​ខុសត្រូវ​របស់​អ្នក​ដើម្បី​ស្វែងរក​មនុស្ស​សម្រាប់​ឲ្យ​អ្នក​ផ្សព្វផ្សាយ​សាសនា​បង្រៀន ។ ពួកអ្នក​ផ្សព្វផ្សាយ​សាសនា គឺ​ជា​គ្រូបង្រៀន​ពេញម៉ោង អ្នក និង​ខ្ញុំ​គឺ​ជា​អ្នក​ស្វែងរក​ពេញម៉ោង ។ ហើយ​អ្នក និង​ខ្ញុំ​ក្នុង​នាម​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ពេញ​មួយ​ជីវិត ពុំគួរ​ធ្វើការ​អធិស្ឋានសុំ​ពួកឲ្យ​អ្នក​ផ្សព្វផ្សាយ​សាសនា​ធ្វើ​កិច្ចការ​ឲ្យ​យើង​នោះទេ !

ប្រសិនបើ​អ្នក និង​ខ្ញុំ​អធិស្ឋាន​ដោយ​អស់ពី​ចិត្ត ហើយ​សុំ​ដោយ​សេចក្ដី​ជំនឿ ដូច​ជា យ៉ូសែប ស្ម៊ីធ—បើ​យើង​អធិស្ឋាន​ដោយ​មាន​ការ​រំពឹង​ទុក​ថា​នឹង​ធ្វើ មិន​ត្រឹម​តែ​និយាយ—នោះ​កិច្ចការ​ប្រកាស​ដំណឹងល្អ​នឹង​ដំណើរ​ការ​ទៅមុខ គួរ​ឲ្យ​កត់​សម្គាល់ ។ ការអធិស្ឋាន​ដោយ​សេចក្ដី​ជំនឿ អាច​រួមបញ្ចូល​ចំណុច​សំខាន់​មួយ​ចំនួន​ដូច​ខាង​ក្រោម ៖

  • ថ្លែង​អំណរ​គុណ​ដល់​ព្រះវរបិតាសួគ៌ សម្រាប់​គោលលទ្ធិ និង​ពិធី​បរិសុទ្ធ​ទាំង​ឡាយ នៃ​ការ​ស្ដារ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​ឡើងវិញ ដែល​នឹង​នាំ​មក​នូវ​សេចក្ដីសង្ឃឹម និង​សុភមង្គល​នៅ​ក្នុង​ជីវិត​របស់​ពួកយើង ។

  • ចូរ​សុំ​ភាព​ក្លាហាន និង​ភាព​មោះមុត ដើម្បី​បើក​មាត់​របស់​យើង និង​ចែកចាយ​ដំណឹងល្អ​ជាមួយ​នឹង​ក្រុមគ្រួសារ និង​មិត្តភក្ដិ​របស់​យើង ។

  • សូម​ទទូច​អង្វរ​ដល់​ព្រះវរបិតាសួគ៌​ឲ្យ​ជួយ​យើង សម្គាល់​ឃើញ​បុគ្គល និង​ក្រុម​គ្រួសារ​ដែល​នឹង​ទទួល​យក​ការ​អញ្ជើញ​របស់​យើង ដើម្បី​រៀន​ជាមួយ​អ្នក​ផ្សព្វផ្សាយ​សាសនា​នៅ​ក្នុង​ផ្ទះ​របស់​យើង ។

  • សូម​ប្ដេជ្ញា​ធ្វើ​ផ្នែក​របស់​យើង ក្នុង​ថ្ងៃ​នេះ និង​សប្ដាហ៍​នេះ ហើយ​សូម​ជំនួយ​ដើម្បី​យក​ឈ្នះ​ភាព​អន្ទះសា ការភ័យខ្លាច និង​ការ​ស្ទាក់ស្ទើរ ។

  • សូមស្វែងរក​អំណោយទាន​នៃ​ការ​វិនិច្ឆ័យ—ឲ្យ​ភ្នែក​មើល​ឃើញ និង​ត្រចៀក​ស្ដាប់​ឮ​នៅ​ពេល​ដែល​មាន​ឱកាស​ផ្សព្វផ្សាយ​សាសនា ។

  • អធិស្ឋាន​យ៉ាង​ក្លៀវក្លា​សុំ​កម្លាំង ដើម្បី​ធ្វើ​អ្វី​ដែល​យើង​គួរធ្វើ ។

អំណរគុណ​នឹង​ត្រូវ​បាន​ធ្វើ​ឡើង ហើយ​ពរជ័យ​ផ្សេង​ទៀត​អាច​ត្រូវបាន​សុំ នៅក្នុង​ការអធិស្ឋាន​បែប​នេះ ដែល​នឹង​ត្រូវ​បាន​បញ្ចប់​ទៅក្នុង​ព្រះនាម​នៃ​ព្រះអង្គ​សង្គ្រោះ ។ ហើយ​បន្ទាប់​មក​កិច្ចការ​ដែល​បាន​តែងតាំង​នៃ​ការអធិស្ឋាន​នោះ​នឹង​បន្ត ហើយ​ចម្រើន​ឡើង ។

គំរូ​ដូចគ្នា​នៃ​ការប្រាស្រ័យទាក់ទង​បរិសុទ្ធ និង កិច្ចការ​ដែលបាន​តែងតាំង អាច​ត្រូវបាន​អនុវត្ត​នៅក្នុង​ការអធិស្ឋាន​របស់​យើង​សម្រាប់​អ្នក​ក្រីក្រ និង អ្នក​កំសត់​ទុគត៌ អ្នក​ឈឺ និង​អ្នក​ដែល​រងទុក្ខ​វេទនា សម្រាប់​សមាជិក​គ្រួសារ និង មិត្តិភក្តិ​ដែល​កំពុង​មាន​វិបត្តិ និង សម្រាប់​អ្នក​ទាំងឡាយ​ណា​ដែល​ពុំ​បាន​ចូលរួម​ក្នុង​ការប្រជុំ​សាសនាចក្រ ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ការអធិស្ឋាន​កាន់តែ​មាន​អត្ថន័យ នៅពេល​ដែល​យើង​សុំ​ដោយ​ចិត្ត​ជឿ ហើយ​ធ្វើ​តាម ។ ខ្ញុំ​សូម​អញ្ជើញ​យើង​ទាំងអស់​គ្នា​ឲ្យ​អធិស្ឋាន​ដោយ​សេចក្តី​ជំនឿ អំពី​បទបញ្ញត្តិ​មក​ពី​ព្រះ​មក​កាន់​យើង​ទាំង​អស់​គ្នា​ថា​យើង​គប្បី​ចែកចាយ​ដំណឹង​ល្អ ។ នៅពេល​ដែល​យើង​ធ្វើ​ដូច្នេះ ខ្ញុំ​សូម​សន្យា​ថា​ទ្វារ​ទាំងឡាយ​នឹង​បើក​ឡើង ហើយ​យើង​នឹង​ត្រូវ​បាន​ប្រទានពរ​ដើម្បី​យល់ និង ធ្វើ​តាម​ឱកាស​នានា​ដែល​នឹង​ត្រូវបាន​ផ្តល់​ឲ្យ ។