ទីបន្ទាល់ របស់ម៉ៃ
អ្នកនិពន្ធរស់នៅក្នុងរដ្ឋ មិសសួរី ស.រ.អា ។
« ព្រះវិញ្ញាណបរិសុទ្ធខ្សឹបជាសំឡេងរហៀង ។ ទ្រង់ថ្លែងពីព្រះអង្គ និង ព្រះគ្រីស្ទ ធ្វើឲ្យចិត្តយើងត្រេកអរ » ( សៀវភៅចម្រៀងកុមារ ទំព័រ ១០៥ ) ។
វាហួសពេលចូលគេងរបស់នាងហើយ តែម៉ៃមិនទាន់ចូលគេងទៀត ។ នាងអង្គុយនៅលើឥដ្ឋក្នុងបន្ទប់នាង កំពុងគិតអំពីអ្វីដែលបងស្រី ឌូវេលបានអាននៅក្នុងថ្នាក់កុមារ ៖ « ពេលវេលានឹងមកដល់ ពេលដែលគ្មានបុរស ឬ ស្ត្រីណាម្នាក់នឹងអាចឈរនៅលើពន្លឺដែលខ្ចីពីគេបានឡើយ » ។១
បងស្រី ឌូវេលបានពន្យល់ថា « ទីបន្ទាល់មួយគឺដូចជាពន្លឺដែលនៅខាងក្នុងខ្លួនយើង » ។ « ហើយយើងម្នាក់ៗត្រូវការពន្លឺនោះមួយសម្រាប់ខ្លួនយើងផ្ទាល់ ។ បន្ទាប់មកយើងអាចរឹងមាំ ពេលជីវិតជួបការលំបាក និង ពេលសាតាំងល្បួងយើង » ។
ម៉ៃឱនក្បាលនាងទៅនឹងគ្រែ ។ នាងបានគិតថា « ខ្ញុំចង់បានទីបន្ទាល់មួយដែលថា ដំណឹងល្អគឺពិត » ។ ប៉ុន្តែ តើអ្នកអាច ទទួល បានទីបន្ទាល់មួយដោយរបៀបណាឲ្យប្រាកដទៅ ? នាងបានដឹងថា ការអធិស្ឋានគឺជាផ្នែកមួយ ។
នាងសម្រេចថា « ខ្ញុំនឹងអធិស្ឋាន » ។ នាងអធិស្ឋាន ហើយមិនឈប់ឡើយ រហូតទាល់តែមានអ្វីមួយបានកើតឡើងដែលនឹងធ្វើឲ្យនាងដឹងថាសាសនាចក្រគឺពិត ។ នាងបានត្រៀមខ្លួនរួចជាស្រេចហើយដើម្បីអធិស្ឋានអស់ពេញមួយយប់ ប្រសិនបើនាងត្រូវតែធ្វើដូចនោះ ។
នាងបានលុតជង្គង់ចុះ ។ នាងអធិស្ឋានខ្សឹបៗថា « ព្រះវរបិតាសួគ៌ជាទីស្រឡាញ់អើយ កូនចង់ដឹងថាបើសាសនាចក្រពិតឬទេ ។ កូនចង់ដឹងនៅក្នុងចិត្តកូន » ។
ម៉ៃបានរង់ចាំ ។ នាងពុំបានទទួលអារម្មណ៍អ្វីឡើយ លើកលែងតែអារម្មណ៍ទន់ភ្លន់ដែលនាងតែងតែទទួលពេលនាងអធិស្ឋាន ។ តើនាងបានធ្វើអ្វីខុសទៅ ? តើទីបន្ទាល់របស់នាងនៅឯណា ?
នាងបានលុតជង្គង់យ៉ាងយូរ ពេលដែលទ្វារបន្ទប់នាងរបើកបន្តិច ហើយឪពុកនាងបានចូលទៅ ។
គាត់បាននិយាយថា « ប៉ាបានឃើញពន្លឺតាមក្រោមទ្វារ » ។ « តើកូននៅមិនទាន់គេងដើម្បីអានសៀវភៅទៀតហើយមែនទេ ? » បន្ទាប់មកគាត់បានឃើញទឹកភ្នែកលើផ្ពាល់របស់ម៉ៃ ។ គាត់បានលុតជង្គង់ចុះ ហើយឱបនាង ។ « មានរឿងអីកូន ? »
នាងស្ងៀមស្ងាត់មួយស្របក់ ។ បន្ទាប់មកនាងបានសួរថា « ប៉ា តើប៉ាបានទទួលទីបន្ទាល់មួយដោយរបៀបណាទៅ ? »
ឪពុកបានឱបនាងយ៉ាងណែន ។ « វាជាសំណួរដ៏ល្អមួយ ។ ការចង់បាន ទីបន្ទាល់មួយគឺជាជំហានទីមួយ » ។
ការអួលដើមករបស់ម៉ៃ ហាក់ដូចជាបាត់ទៅវិញ ។
« ការទទួលបានទីបន្ទាល់មួយពុំតែងតែកើតឡើងជាមួយនឹងការអធិស្ឋានម្ដងនោះទេ ។ ហើយសូម្បីតែនៅពេលកូនមានទីបន្ទាល់មួយហើយក្ដី ក៏កូនត្រូវការបន្តពង្រឹងវាផងដែរ » ។
« ប៉ុន្តែ តើទីបន្ទាល់បានមកពីណាទៅ ? » ម៉ៃបានសួរ ។
ឪពុកបាននិយាយថា « ទីបន្ទាល់មួយបានមកពីព្រះវិញ្ញាណបរិសុទ្ធ » ។ « តើកូនធ្លាប់មានអារម្មណ៍កក់ក្ដៅ និង ល្អក្នុងអំឡុងពេលរាត្រីជួបជុំគ្រួសារ ឬ នៅព្រះវិហារទេ ? »
ម៉ៃបានគិត ។ « ពេលប៉ាបានផ្ដល់ពរជ័យពិសេសដល់កូន មុនពេលសាលាបើកបវេសនកាល កូនមានអារម្មណ៍ល្អ » ។ នាងបានគិតបន្ថែមទៀត ។ « ហើយកូនតែងតែមានអារម្មណ៍កក់ក្ដៅនៅខាងក្នុង ពេលកូនឮប្រធាន ម៉នសុន មានប្រសាសន៍នៅក្នុងសន្និសីទទូទៅ ។ ហើយពេលកូនធ្វើល្អចំពោះមិត្តភក្ដិកូន ឬ ពេលកូនអានព្រះគម្ពីររបស់កូន កូនមានអារម្មណ៍ល្អនៅពេលនោះផងដែរ » ។
ឪពុកញញឹម ។ « អារម្មណ៍ទាំងនោះគឺជាព្រះវិញ្ញាណបរិសុទ្ធមានបន្ទូលទៅកាន់កូន ។ ទ្រង់ប្រទានអារម្មណ៍ទាំងនោះដល់កូន ពេលកូនធ្វើអ្វីដែលត្រឹមត្រូវ ឬ ពេលកូនឮអ្វីដែលពិត » ។
ម៉ៃបាននិយាយថា « ឥឡូវនេះកូនមានអារម្មណ៍កក់ក្ដៅ និង សប្បាយចិត្ត » ។ « តើនេះគឺជាព្រះវិញ្ញាណបរិសុទ្ធមែនទេ ? »
ឪពុកបានឱបនាងម្ដងទៀត ។ « បាទ ។ ទ្រង់កំពុងតែប្រាប់កូនថា អ្វីៗដែលយើងកំពុងតែនិយាយគឺពិត ។ ហើយ នោះគឺជា របៀបដែលកូនទទួលនូវទីបន្ទាល់មួយ » ។
ពេលម៉ៃចូលគេងក្រោយពីនោះ នាងមិនបានគិតថា នាងមានទីបន្ទាល់ពេញលេញនៅឡើយទេ ប៉ុន្តែនាងបានមានអារម្មណ៍ដ៏ល្អ ដ៏កក់ក្ដៅនោះ ដែលឪពុកនាងបានប្រាប់នាងថាពិត ។ នាងបានដឹងថា អារម្មណ៍គឺគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះ ។
ម៉ៃចូលទៅក្នុងភួយដ៏កក់ក្ដៅរបស់នាង ហើយបិទភ្នែក ។ មុនពេលដែលនាងហៀបនឹងគេងលក់ នាងបានខ្សឹបថា « អរព្រះគុណព្រះវរបិតាសួគ៌ ដែលបានជួយកូនឲ្យមានទីបន្ទាល់មួយ ។ ហើយសូមអរព្រះគុណទ្រង់សម្រាប់ប៉ារបស់កូន » ។