បងប្អូនស្រី ក្នុង ដំណឹងល្អ
អ្នកនិពន្ធរស់នៅក្នុងទីក្រុង ម៉ិកស៊ីកូ ប្រទេសម៉ិកស៊ីកូ ។
ដោយសារខ្ញុំអាចមើលឃើញពរជ័យទាំងឡាយនៃដំណឹងល្អនៅក្នុងជីវិតខ្ញុំ នោះខ្ញុំចង់ចែកចាយវាជាមួយមិត្តខ្ញុំ ។
ខ្ញុំស្រឡាញ់មិត្តខ្ញុំ ឡូភីតា ដូចជាប្អូនស្រីម្នាក់អញ្ចឹង ។ យើងបានជួបគ្នានៅថ្នាក់ទីប្រាំមួយ ហើយយើងទាំងពីរនាក់នៅក្នុងក្រុមដើរព្យុះហយាត្រារបស់សាលា ។ នៅឆ្នាំសិក្សាបន្ទាប់ យើងកាន់តែជិតស្និតនឹងគ្នា ហើយបានចាប់ផ្ដើមពឹងពាក់គ្នាទៅវិញទៅមក ។ នាងបានប្រាប់ខ្ញុំអំពីឧបសគ្គទាំងឡាយដែលនាងមាននៅផ្ទះ ព្រោះឪពុករបស់នាងមិនបាននៅទីនោះ ហើយម្ដាយនាងពុំអាចផ្ដល់ការយកចិត្តទុកដាក់ដែលនាងត្រូវការ ។ ខ្ញុំបានដឹងថា នាងមិនសប្បាយចិត្តដែលឪពុកម្ដាយរបស់នាងពុំមែនជាផ្នែកដ៏ធំនៅក្នុងជីវិតនាង ។ នាងឯកា ប៉ុន្តែនាងមានខ្ញុំនៅជាមួយនាងជានិច្ច ។
ខ្ញុំមានពរជ័យដែលបានកើតមកនៅក្នុងផ្ទះមួយដែលមានដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ។ វាបាននាំមកក្នុងជីវិតខ្ញុំនូវសេចក្ដីសុខសាន្ត ដែលមិត្តភក្ដិខ្ញុំជាច្រើនពុំមាន ។ ដោយសារខ្ញុំអាចមើលឃើញពរជ័យទាំងឡាយដែលដំណឹងល្អបានផ្ដល់ដល់ខ្ញុំ នោះខ្ញុំចង់ចែកចាយវាជាមួយឡូភីតា ។
ខ្ញុំបាននិយាយជាមួយនាងអំពីសាសនាចក្រ ហើយបានអញ្ជើញនាងឲ្យទៅការប្រជុំរួមយុវជនយុវនារីជាមួយខ្ញុំ ។ នាងបានទទួលការអញ្ជើញ ហើយបានចាប់ផ្ដើមមកព្រះវិហារ និង សកម្មភាពវួដជាមួយខ្ញុំ និង ក្រុមគ្រួសារខ្ញុំ ។ ខ្ញុំបានណែនាំនាងទៅពួកអ្នកផ្សព្វផ្សាយសាសនា ដែលបានបង្រៀននាងអំពីដំណឹងល្អ ហើយបានអញ្ជើញនាងឲ្យទទួលបុណ្យជ្រមុជទឹក ។ នាងទទួលបានទីបន្ទាល់មួយ ហើយពេលនាងសុំម្ដាយនាងថាបើនាងអាចទទួលបុណ្យជ្រមុជទឹកបានឬទេ នោះម្ដាយនាងបានយល់ព្រម ។
បុណ្យជ្រមុជទឹករបស់នាងពិសេសខ្លាំងណាស់ ពីព្រោះនាងបានធ្វើសេចក្ដីសញ្ញាជាមួយព្រះវរបិតាសួគ៌របស់យើង ដើម្បីចងចាំទ្រង់ និង រក្សាព្រះបញ្ញត្តិទាំងឡាយរបស់ទ្រង់ ។ ខ្ញុំបានថ្លែងទីបន្ទាល់របស់ខ្ញុំទៅកាន់នាងនៅថ្ងៃនោះ ហើយបានប្រាប់នាងថា នាងស្ថិតនៅក្នុងកន្លែងដ៏ត្រឹមត្រូវ ហើយថាព្រះវរបិតាសួគ៌ទ្រង់មានមោទនភាពចំពោះនាងណាស់ ។ ខ្ញុំស្រឡាញ់ឡូភីតា ហើយខ្ញុំសប្បាយចិត្តណាស់ ដែលនាងជាមិត្តខ្ញុំ ហើយឥឡូវនេះជាបងប្អូនស្រីក្នុងដំណឹងល្អ ។ ខ្ញុំដឹងថា ជីវិតរបស់នាងនឹងបានរីករាយជាងមុន ព្រោះនាង និង អនាគតក្រុមគ្រួសារនាងនឹងបានរីករាយជាមួយនឹងពរជ័យនៃដំណឹងល្អ ។
ឡូភីតាបានប្រាប់ខ្ញុំថា នាងមានអំណរគុណ ដែលខ្ញុំបានសម្រេចចិត្តចែកចាយដំណឹងល្អជាមួយនាង ។ នាងនិយាយថា តាំងពីនាងចាប់ផ្ដើមចូលរួមក្នុងសាសនាចក្រ ជីវិតរបស់នាងកាន់តែប្រសើរឡើង ហើយនាងមានអារម្មណ៍នៃសេចក្ដីសុខសាន្ត ។ ខ្ញុំដឹងថា នេះជាការបញ្ជាក់សេចក្តីពិតពីព្រះវិញ្ញាណចំពោះនាង ។ នាងក៏និយាយផងដែរថា ថ្ងៃមួយ នាងនឹងរៀបការនៅក្នុងព្រះវិហារបរិសុទ្ធ ។ ខ្ញុំមានសេចក្ដីអំណរគុណចំពោះព្រះវរបិតាសួគ៌របស់ខ្ញុំ ព្រោះខ្ញុំបានរកឃើញមិត្តរបស់ខ្ញុំ និង ពីព្រោះតែសេចក្ដីអំណរដែលខ្ញុំមានពេលខ្ញុំចែកចាយអ្វីមួយដែលមានតម្លៃបំផុតសម្រាប់រូបខ្ញុំ ។