២០១៥
ថ្ងៃ​ដ៏​រុងរឿង​នៃ​ការស្ដារ​ឡើងវិញ​នៃ​បព្វជិតភាព
June 2015


ថ្ងៃ​ដ៏​រុងរឿង​នៃ ការស្ដារ​ឡើងវិញ​នៃ​បព្វជិតភាព

យើង​គួរ​តែ​មាន​អំណរគុណយ៉ាងខ្លាំង ដែល​ព្រះអម្ចាស់​បាន​ស្ដារ​សាសនាចក្រ និង​​អំណាច​បព្វជិត​ភាព​របស់​ទ្រង់​នៅ​លើ​ផែនដី​ឡើង​វិញ។

រូបភាព
Joseph Smith, Jr. and Oliver Cowdery kneeling before John the Baptist. John the Baptist has his hands placed on the head of Joseph Smith, Jr. as he restores the Aaronic Priesthood. John is depicted wearing white. There are trees and a river in the background.

សេចក្ដី​ពិស្ដារ​ពី ការស្ដារ​ឡើង​វិញ​នៃ​បព្វជិតភាព​អើរ៉ុន ដោយ ឌែល ផារសិន

ពេល​ដែល​ព្រះអង្គ​សង្គ្រោះ​ព្រះយេស៊ូវគ្រីស្ទ​បាន​យាង​មក​ផែនដី កិច្ចការ​ដំបូង​បំផុត​មួយ​ដែល​ទ្រង់​បាន​ធ្វើ គឺ​ស្ថាបនា​សាសនាចក្រ​របស់​ទ្រង់ ។ ព្រះគម្ពីរ​សញ្ញា​ថ្មី​ប្រាប់​យើង​ថា ទ្រង់ « ចេញ​ទៅ​ឯ​ភ្នំ​ដើម្បី​នឹង​អធិស្ឋាន រួច​ទ្រង់​អធិស្ឋាន​ដល់​ព្រះ​ដរាប​ទាល់​ភ្លឺ » ។ ពេល​ទ្រង់​យាង​ចុះ​មក​នៅ​ថ្ងៃ​បន្ទាប់ ទ្រង់​បាន​ហៅ​ពួក​សិស្ស​មក​ជុំ​គ្នា ។ « ក៏​រើស​យក ១២ នាក់ ដែល​ទ្រង់​ហៅ​ថា​សាវក » ( លូកា ៦:១២–១៣ ) ។

ក្រោយ​មក​ទៀត​ទ្រង់​បាន​យក​ពេត្រុស យ៉ាកុប និង យូហាន ទៅ​លើ​ភ្នំ ហើយ​នៅ​ទី​នោះ ពេត្រុស​បាន​ទទួល​កូនសោ​ទាំងឡាយ​នៃ​បព្វជិតភាព ( សូមមើល ម៉ាថាយ ១៧:១–៩; សូមមើល​ផងដែរ ១៦:១៨–១៩ ) ។ ពេត្រុស​បាន​ក្លាយ​ទៅ​ជា​សាវក​ម្នាក់​ដែល​ទទួល​ខុសត្រូវ​ក្នុង​ការ​កាន់​កូនសោ​ទាំង​អស់​នៅ​លើ​ផែនដី ដើម្បី​ដឹកនាំ​សាសនាចក្រ​បន្ទាប់​ពី​ការយាង​ចេញ​របស់​ព្រះអង្គ​សង្គ្រោះ ។

ដោយ​គោរព​តាម​ព្រះបង្គាប់​របស់​ព្រះអង្គ​សង្គ្រោះ ( សូមមើល ម៉ាកុស ១៦:១៥ ) នោះ​ពួក​សាវក​បាន​ផ្សព្វផ្សាយ​ដំណឹងល្អ ហើយ​បាន​ស្ថាបនា​សាខា​ទាំងឡាយ​នៃ​សាសនាចក្រ ។ ក្នុង​ករណី​ជា​ច្រើន ពួកលោក​បាន​មាន​ឱកាស​សួរ​សុខទុក្ខ​ដល់​សាខា​ទាំងឡាយ​បាន​តែ​ម្ដង​ប៉ុណ្ណោះ ដែល​វា​ផ្ដល់​ឱកាស​តិចតួច​ណាស់​សម្រាប់​ឲ្យ​ពួកលោក​បង្រៀន និង ហ្វឹកហ្វឺន ។ គំនិត​របស់​អ្នក​មិនជឿ​លើ​ព្រះគ្រីស្ទ​ក៏​ជ្រៀត​ចូល​មក​យ៉ាង​ឆាប់​រហ័ស ហើយ​គំនិត​ផ្សេងៗ​នៃ​គោលលទ្ធិ​របស់​ព្រះអង្គ​សង្គ្រោះ​ត្រូវបាន​ផ្លាស់​ប្ដូរ ឬ កែសម្រួល ( សូមមើល អេសាយ ២៤:៥ ) ។ ពេល​ដែល​ការក្បត់​សាសនា​បាន​រីក​រាលដាល នោះ​វា​ចាំបាច់​ដែល​ព្រះអម្ចាស់​ត្រូវ​ដក​យក​បព្វជិតភាព​ពី​ផែនដី​ទៅ ។ ជា​លទ្ធផល ផែនដី​ពុំបាន​មាន​ពរជ័យ​នៃ​បព្វជិតភាព​អស់​មួយ​រយៈ​វែង ។

ដើម្បី​ស្ថាបនា​នគរ​របស់​ទ្រង់​នៅ​លើ​ផែនដី​ម្ដង​ទៀត ជាមួយ​នឹង​អំណាច​ទាំងឡាយ​នៃ​បព្វជិតភាព នោះ​ព្រះអម្ចាស់​បាន​ស្ដារ​ដំណឹងល្អ​ឡើង​វិញ ។

សូម​ចងចាំ​ពី​ការស្ដារ​ឡើង​វិញ

ពេល​យ៉ូសែប ស្ម៊ីធ កំពុង​បកប្រែ​ព្រះគម្ពីរ​មរមន ហើយ​អូលីវើរ ខៅឌើរី បាន​បម្រើ​ជា​ស្មៀន​របស់​លោក នោះ​ពួក​លោក​បាន​ប្រទះ​នឹង​រឿង​មួយ​ក្នុង នីហ្វៃទី៣ អំពី​ព្រះអង្គ​សង្គ្រោះ​ដែល​មាន​ព្រះជន្ម​រស់​ឡើង​វិញ បាន​យាង​មក​ឯ​អឌ្ឈគោល​ប៉ែក​ខាង​លិច ។ ពេល​ពួកលោក​បាន​រៀន​អំពី​ការបង្រៀន​របស់​ទ្រង់​ពី​បុណ្យ​ជ្រមុជ​ទឹក ( សូមមើល នីហ្វៃទី៣ ១១:២៣–២៨ ) ពួកលោក​បាន​ឆ្ងល់​អំពី​ទម្រង់​ជាច្រើន​នៃ​បុណ្យ​ជ្រមុជ​ទឹក ដែល​កំពុង​ត្រូវបាន​ធ្វើ​ឡើង​ក្នុង​ជំនាន់​របស់​ពួកលោក និង អំពី​ថា​នរណា​ដែល​មាន​សិទ្ធិ​អំណាច​ដើម្បី​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក ។

យ៉ូសែប និង អូលីវើរ បាន​សម្រេច​ចិត្ត​អំពាវនាវ​ដល់​ព្រះអម្ចាស់ ដោយ​អធិស្ឋាន​នៅក្នុង​ព្រៃ​ជិត​ផ្ទះ​របស់​យ៉ូសែប និង អិមម៉ា ។ នៅ​ទី​នោះ វិវរណៈ​ដ៏​អស្ចារ្យ​បំផុត​បាន​កើតឡើង កាល​ដែល​យ៉ូហាន បាទីស្ទ បាន​លេច​ចេញ​មក បាន​ដាក់​ដៃ​លើ​ក្បាល​ពួកលោក ហើយ​បាន​មាន​ប្រសាសន៍​ថា ៖ « នៅ​លើ​អ្នក ជា​ពួក​អ្នក​បម្រើ​ដូច​រូប​ខ្ញុំ​អើយ ដោយ​នូវ​ព្រះនាម​នៃ​ព្រះមែស៊ី ខ្ញុំ​សូម​ប្រគល់​បព្វជិតភាព​អើរ៉ុន​ដែល​កាន់​កូនសោ​ទាំងឡាយ​អំពី​ការបម្រើ​នៃ​ពួក​ទេវតា និង អំពី​ដំណឹងល្អ​នៃ​ការប្រែ​ចិត្ត និង អំពី​បុណ្យ​ជ្រមុជ​ទឹក​ដោយ​ការ​ពន្លិច​សម្រាប់​ការ​ផ្ដាច់​បាប ហើយ​បព្វជិតភាព​នេះ​នឹង​មិន​ត្រូវ​បាន​ដក​ចេញ​ពី​ផែនដី​ទៀត​ឡើយ រហូត​ដល់​ពេល​កូន​ប្រុស​ទាំងឡាយ​នៃ​លោក​លេវី​ថ្វាយ​ដង្វាយ​ម្ដង​ទៀត​ដល់​ព្រះអម្ចាស់​ដោយ​សេចក្ដី​សុចរិត » ( គ. និង ស. ១៣:១ ) ។

នោះ​គឺ​ជា​ព្រឹត្តិការណ៍​ដ៏​រុងរឿង ។ ខ្ញុំ​សង្ឃឹម​ថា អ្នក​កាន់​បព្វជិត​ទាំងអស់​ចងចាំ​ថ្ងៃ​ទី ១៥ ខែ ឧសភា ឆ្នាំ ១៨២៩ ទុក​ជា​ព្រឹត្តិការណ៍​ដ៏​ពិសិដ្ឋ​មួយ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​សាសនាចក្រ និង ជា​ព្រឹត្តិការណ៍​ពិសេស​នៅក្នុង​ប្រវត្តិសាស្ត្រ​ពិភពលោក ។

មាត្រា​នៃ​សេចក្ដី​ជំនឿ ប្រាប់​យើង​ថា « យើង​ខ្ញុំ​ជឿ​ថា មនុស្ស​ត្រូវ​តែ​បាន​ហៅ​ពី​ព្រះ ដោយ​ការព្យាករណ៍ និង ដោយ​ការដាក់​ដៃ​លើ ដោយ​អស់​អ្នក​ណា​ដែល​មាន​សិទ្ធិ​អំណាច ដើម្បី​នឹង​ផ្សាយ​ដំណឹងល្អ ហើយ​ប្រព្រឹត្ត​ពិធីការ​ទាំងឡាយ​នៃ​ដំណឹងល្អ » ( មាត្រា​នៃ​សេចក្ដី​ជំនឿ ១:៥ ) ។

មនុស្ស​ទាំងឡាយ​មិន​មែន​ត្រូវ​បាន​ហៅ​ដោយ​ព្រៀវៗ​នោះ​ទេ ពួក​គេ​ត្រូវ​បាន​ហៅ​ដោយ​ការបំផុស​គំនិត និង ការព្យាករណ៍ ។ មាន​នូវ​ខ្សែ​រយៈ​នៃ​ការបំផុត​គំនិត​ដោយ​ផ្ទាល់​ពី​ព្រះអម្ចាស់ ដល់​ពួក​អ្នក​ដែល​ត្រូវ​បាន​ហៅ​ឲ្យ​កាន់​បព្វជិតភាព ។ នោះ​គឺ​ជា​របៀប​ដែល​ព្រះអម្ចាស់​គ្រប់គ្រង​សាសនាចក្រ​របស់​ទ្រង់ ហើយ​នោះ​គឺ​ជា​របៀប​ដែល​ទ្រង់​បាន​ហៅ​ព្យាការី យ៉ូសែប ស្ម៊ីធ ។

សូម​មាន​ភាពសក្ដិសម​ដើម្បី​កាន់​បព្វជិតភាព

ការទទួល​បព្វជិតភាព​ពុំ​មែន​ជា​ទង្វើ​ដែល​ជា​និមិត្តរូប​អំពី​ការផ្លាស់​ប្ដូរ​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ជីវិត ដែល​បាន​មក​ដោយ​ស្វ័យ​ប្រវត្តិ​ស្រប​ទៅ​តាម​អាយុ​នោះ​ទេ ។ យើង​ត្រូវ​តែ​មាន​ភាពសក្ដិសម ហើយ « ស្មោះ​ត្រង់​ក្នុង​កាល​បាន​បព្វជិតភាព​ទាំង​ពីរ​នេះ » ( គ. និង ស. ៨៤:៣៣ ) ។ យើង​គប្បី​អាន​ដោយ​ប្រុង​ប្រយ័ត្ន​នូវ​ពាក្យ​សម្បថ និង សេចក្ដី​សញ្ញា​នៃ​បព្វជិតភាព​មិលគីស្សាដែក ដែល​ចង្អុល​បង្ហាញ​យ៉ាង​ពិសេសេ​ពី​លក្ខខណ្ឌ​ដែល​យើង​ត្រូវតែ​យល់ និង យល់​ព្រម ដើម្បី​ទទួល​យក​បព្វជិតភាព​នេះ ៖

« ប៉ុន្តែ​អស់​អ្នក​ទាំង​នោះ​ដែល​ទទួល​បព្វជិតភាព ឈ្មោះ​ថា​ទទួល​សម្បថ និង សេចក្ដី​សញ្ញា​នេះ​ពី​ព្រះវរបិតា​យើង ដែល​ទ្រង់​ពុំ​អាច​បណ្ដាច់ ឬ អាច​រើ​បាន​ឡើយ ។

« ប៉ុន្តែ​អស់​អ្នក​ណា​ដែល​បណ្ដាច់​សេចក្ដី​សញ្ញា​នេះ បន្ទាប់​ពី​អ្នក​នោះ​បាន​ទទួល​រួច​ស្រេច ហើយ​បែរ​ចេញ​ព្រងើយ នោះ​នឹង​មិន​ត្រូវ​បាន​អត់ទោស​ឲ្យ​ឡើយ ទោះ​ជា​នៅ​លោកិយ​នេះ ឬ​ក៏​នៅ​បរលោក​ក្ដី » ( គ. និង ស. ៨៤:៤០–៤១ ) ។

វា​មធ្យ័ត​ណាស់ ។ អ្នក​អាច​នឹង​គិត​ថា បុរស​ទាំងឡាយ​នឹង​ព្យាយាម​ចៀសវាង​ពី​ការទទួល​បព្វជិតភាព​អើរ៉ុន និង មិលគីស្សាដែក ប៉ុន្តែ​ខ​បន្ទាប់ទៀត​ចែង​ថា « វេទនា​ដល់​អស់​អ្នក​ណា ដែល ពុំ ចូល​មក​ក្នុង​បព្វជិតភាព​នេះ ( គ. និង ស. ៨៤:៤២; ការសង្កត់​ន័យ​ត្រូវ​បាន​បន្ថែម ) ។

ប្រសិនបើ​យើង​ទទួល​បព្វជិតភាព ហើយ​រស់​នៅ​ឲ្យ​សក្ដិសម​នឹង​វា នោះ​យើង​ទទួល​បាន​នូវ​ពរជ័យ​ពី​ព្រះអម្ចាស់ ។ ប៉ុន្តែ​បើ​យើង​បំបាក់​សេចក្ដី​សញ្ញា​របស់​យើង ហើយ​បែរ​ចេញ​ពី​បព្វជិតភាព​របស់​យើង នោះ​យើង​នឹង​មិន​ទទួល​ពរជ័យ​របស់​ព្រះអម្ចាស់ ឬ ក្លាយ​ជា « ពួក​រើស​តាំង​នៃ​ព្រះ » ឡើយ ( គ. និង ស. ៨៤:៣៤ ) ។

បព្វជិតភាព​អើរ៉ុន ដែល​ត្រូវ​ទទួល​ដោយ​សេចក្ដី​សញ្ញា ជួយ​រៀបចំ​ពួក​យុវជន​ឲ្យ​ទទួល​បព្វជិតភាព​មិលគីស្សាដែក ដែល​ជា​បព្វជិតភាព​ខ្ពស់​ជាង ដែល​ត្រូវ​ទទួល​ដោយ​សម្បថ និង សេចក្ដី​សញ្ញា ។

ស្វែងរក​ឱកាស​បម្រើ

បព្វជិតភាព​គឺ​ជា​អង្គភាព​នៃ​បងប្អូន​ប្រុស​ដ៏​ធំ​អស្ចារ្យ — ប្រហែល​ជា​អង្គភាព​នៃ​បងប្អូន​ប្រុស​ដ៏​ធំ​អស្ចារ្យ​បំផុត​នៅ​លើ​ផែនដី ។ ទំនាក់ទំនង​ក្នុង​ចំណោម​បងប្អូន​ប្រុស​អ្នក​កាន់បព្វជិតភាព​របស់​យើង គប្បី​ជា​ទំនាក់ទំនង​ដែល​ធំធេង​ជាង​ទំនាក់ទំនង​ណាណា​ផ្សេងទៀត លើកលែង​តែ​ទំនាក់ទំនង​ក្រុមគ្រួសារ​យើង​ប៉ុណ្ណោះ ។ បន្ថែម​លើ​ការ​ដែល​ជា​អង្គភាព​នៃ​បងប្អូន​ប្រុស បព្វជិតភាព​គឺជា​អង្គភាព​បម្រើ​មួយ ដែល​យើង​លះបង់​ខ្លួន​យើង​ដើម្បី​ជួយ​អ្នក​ដទៃ​ទៀត និង ធ្វើ​ឲ្យ​អ្វីៗ​បាន​ប្រសើរ​ឡើង ។

តាំង​ពី​ពេល​ដែល​យុវជន​ម្នាក់​ទទួល​បព្វជិតភាព​អើរ៉ុន ហើយ​ត្រូវបាន​តែងតាំង​ជា​ឌីកុន ឬ គ្រូ ឬ សង្ឃ នោះ​គាត់​ជា​កម្មសិទ្ធិ​របស់​កូរ៉ុម​មួយ ។ ភាពជា​បងប្អូន​ប្រុស​ក្នុង​កូរ៉ុម​នោះ​បន្ត ពេល​ដែល​គាត់​ទទួល​បព្វជិតភាព​មិលគីស្សាដែក ហើយ​ត្រូវបាន​តែងតាំង​ជា​អែលឌើរ​ម្នាក់ ។ កូរ៉ុម​ទាំងឡាយ​នៅក្នុង​បព្វជិតភាព​គឺ​សំខាន់​ខ្លាំង​ណាស់ ។

ថ្មីៗ​នេះ មាន​យុវជន​ម្នាក់​ដែល​នឹង​ទៅ​បម្រើ​បេសកកម្ម បាន​និយាយ​ក្នុង​ការប្រជុំ​សាក្រាម៉ង់ ។ ក្នុង​ការនិយាយ​របស់​គាត់ គាត់​បាន​ពន្យល់​ថា គាត់ និង មិត្តភក្ដិ​បួន​នាក់​បាន​ចាប់​ផ្ដើម​ជាមួយ​គ្នា​នៅក្នុង​កូរ៉ុម​ឌីកុន ។ គាត់​បាន​និយាយ​ថា មិត្តភាព និង ការគាំទ្រ​ដែល​ពួកគេ​បាន​ផ្ដល់​ដល់​គ្នា​ទៅវិញ​ទៅ​មក ពេល​ដែល​ពួកគេ​ប្រឈម​នឹង​ឧបសគ្គ​នានា និង ពេល​ឆ្លង​កាត់​ពី​មុខ​តំណែង​ទាំងឡាយ​ក្នុង​បព្វជិតភាព​អើរ៉ុន បាន​ជួយ​ពួកគេ​ឲ្យ​ទៅ​ដល់​គោលដៅ​របស់​ពួកគេ​គឺ​បម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ពេញ​ម៉ោង ។

ខ្ញុំ​ជា​កម្មសិទ្ធិ​របស់​កូរ៉ុម​មួយ ។ វា​ជា​កូរ៉ុម​ដ៏​ពិសេស​មួយ ។ វា​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​បុរស​ទាំងឡាយ​ចេញពី​គ្រប់​ប្រភេទ​អាជីព និង វិជ្ជាជីវៈ​ទាំងអស់ ។ ប៉ុន្តែ​ពេល​យើង​ប្រព្រឹត្តិ​ក្នុង​នាម​ជា​កូរ៉ុម យើង​រួបរួម​គ្នា​ក្នុង​គោលបំណង​មួយ ។

ពេល​សមាជិក​កូរ៉ុម​យល់​ស្រប​ជា​ឯកច្ឆន្ទ​ទៅ​លើ​ដំណើរការ​មួយ​ថា​ត្រូវ​ធ្វើ​តាម ហើយ​ធ្វើ​ជាមួយ​គ្នា​ក្រោម​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​ពួក​លោក​ប្រព្រឹត្ត​ស្រប​នឹង​ព្រះឆន្ទៈ​របស់​ព្រះ ។ លើកលែង​តែ​អ្នក​មាន​ការយល់​ស្រប​ទាំងស្រុង​ពី​សមាជិក​នៃ​កូរ៉ុម បើ​មិន​ដូច្នោះ​អ្នក​មិន​ប្រព្រឹត្ត​ឡើយ ។ សូម​គិត​ថា​តើ​ការណ៍​នោះ​អាច​ការពារ​អ្នក​អស់​មួយ​ជីវិត​អ្នក​យ៉ាង​ណា​ដែរ ។

គ្រប់​អ្នក​ដឹកនាំ​កូរ៉ុម​គួរ​តែ​មាន​បញ្ជី​សមាជិក​ក្នុង​កូរ៉ុម ហើយ​គាត់​គួរ​តែ​មាន​ស្មារតី​ដឹង​អំពី​ពួក​អ្នក​ដែល​មាន​បញ្ហា​ក្នុង​ការ​កំណត់​ពី​របៀប​ដែល​ពួកគេ​គួរ​រស់​នៅ ។ ប្រសិន​បើ​មាន​យុវជន​មួយ​ចំនួន​បែបនោះ​ជា​សមាជិក​របស់​កូរ៉ុម នោះ​អ្នក​ដឹកនាំ​ត្រូវ​ដាក់​អាទិភាព​ក្នុង​បញ្ជី​របស់​គាត់ ដោយ​ផ្ដល់​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ពួក​អ្នក​ដែល​ត្រូវការ​ការ​បីបាច់​ជា​បន្ទាន់ ។ ហើយ​គាត់ និង សមាជិក​កូរ៉ុម​ដទៃ​ទៀត​ត្រូវ​ចាប់​ផ្ដើម​សួរ​សុខ​ទុក្ខ​ពួកគេ ដោយ​បង្កើត​មិត្តភាព និង ទំនាក់​ទំនង​ជាមួយ​នឹង​កូរ៉ុម ក្នុង​របៀប​មួយ​ដែល​នាំ​ពួកគេ​ត្រឡប់​មក​មាន​មិត្តភាព​វិញ ។

កូរ៉ុម​បព្វជិត​មាន​កាតព្វកិច្ច និង ការទទួល​ខុសត្រូវ​ក្នុង​ការ « ព្រមាន ពន្យល់ ទូន្មាន និង បង្រៀន ហើយ​អញ្ជើញ​មនុស្ស​ទាំង​អស់​ឲ្យ​មក​រក​ព្រះគ្រីស្ទ » ( គ. និង ស. ២០:៥៩ ) ។ ការបម្រើ​ក្នុង​កូរ៉ុម​បព្វជិតភាព​គឺ​ចាំបាច់​ដល់​ការអភិវឌ្ឍន៍​របស់​យើង​នៅលើ​ផែនដី​នេះ ។ ហេតុ​ដូច្នោះហើយ សមាជិក​កូរ៉ុម​ទាំងអស់​គួរតែ​ពិចារណា​ពី​កាតព្វកិច្ច​ទាំងនេះ​ទុកជា​ផ្នែក​នៃ​កាតព្វកិច្ច​នៃ​ការបម្រើ​របស់​ពួកគេ នៅ​ក្នុង​នគរ​របស់​ព្រះវរបិតា​របស់​យើង​ដែល​គង់​នៅ​ស្ថានសួគ៌ ។

យើង​ទាំងអស់​គ្នា​ដឹង​ថា យើង​ប្រឈម​នឹង​ឧបសគ្គ​ទាំងឡាយ​ក្នុង​ជីវិត​សាកល្បង​របស់​យើង ។ លើកលែង​តែ​យើង​មាន​នូវ​ការគាំទ្រ​ដើម្បី​ជួយ​យើង​ឆ្លង​កាត់​ជីវិត​នេះ បើ​មិន​ដូច្នោះ​ទេ យើង​នឹង​ឃើញ​ថា ខ្លួន​យើង​ពុំ​មាន​នូវ​ផែនការ​រឹងមាំ សេចក្ដី​ណែនាំ​រឹងមាំ ឬ ផែនទី​បង្ហាញ​ផ្លូវ ដើម្បី​ដឹកនាំ​យើង​នោះ​ទេ ។ កូរ៉ុម​ដែល​ដំណើរ​ការ​ត្រឹមត្រូវ ជួយ​យើង​បង្កើត​ផែនការ និង ផែនទី​បង្ហាញ​ផ្លូវ​ដែល​នឹង​ដឹកនាំ​យើង​ត្រឡប់​ទៅ​កាន់​វត្តមាន​របស់​ព្រះវរបិតា​របស់​យើង​ដែល​គង់​នៅ​ស្ថានសួគ៌​វិញ ។

សូម​មាន​អំណរ​គុណ

ប៊ីស្សព​កាន់​កូនសោ​បព្វជិតភាព​ទាំងឡាយ ដើម្បី​ធ្វើ​ជា​អធិបតី​ក្នុង​វួដ​របស់​ពួកគាត់ រួម​ទាំង​ពួក​យុវជន​នៃ​បព្វជិតភាព​អើរ៉ុន​ផងដែរ ។ តាម​ពិត ប៊ីស្សព​គឺជា​ប្រធាន​នៃ​កូរ៉ុម​សង្ឃ​ក្នុង​វួដ​របស់​គាត់ ។ គាត់​ជួយ​ដល់​ពួក​យុវជន​ឲ្យ​មាន​ភាព​សក្ដិសម ដើម្បី​ទទួល និង ចម្រើន​ឡើង​ក្នុង​បព្វជិតភាព​អើរ៉ុន ហើយ​រៀបចំ​ពួកគេ​ដើម្បី​ទទួល​បព្វជិតភាព​មិលគីស្សាដែក ។ គាត់​ជួយ​ពួកគេ​ឲ្យយល់​ពី​កាតព្វកិច្ច និង ពរជ័យ​ទាំងឡាយ​ដែល​មាន​ដល់​ពួក​អ្នក​កាន់​បព្វជិតភាព ។ គាត់​ជួយ​ពួកគេ​ឲ្យ​រៀន​លើក​តម្កើង​បព្វជិតភាព ដោយ​ផ្ដល់​ការចាត់តាំង​ទាំងឡាយ​ដល់​ពួកគេ ដែល​នឹង​ជួយ​ពួកគេ​ឲ្យ​បម្រើ​ដល់​អ្នក​ដទៃ ។

កូនសោ​ទាំងឡាយ​ដែល​ជា​របស់​បព្វជិត​អើរ៉ុន​រំឭក​យើង​ថា យើង​គប្បី​មាន​អំណរគុណ​ជានិច្ច​សម្រាប់​បព្វជិតភាព​ដែល​បាន​ស្ដារ​ឡើង​វិញ ជាមួយ​នឹង​អំណាច សិទ្ធិ​អំណាច និង ទំនួល​ខុស​ត្រូវ​ទាំងឡាយ​របស់​វា ៖ « អំណាច និង សិទ្ធិ​អំណាច​នៃ​របស់​តូច​ជាង ឬ បព្វជិតភាព​អើរ៉ុន គឺ​ត្រូវ​កាន់​កូនសោ​ទាំងឡាយ​នៃ​ការងារ​បម្រើ​របស់​ពួក​ទេវតា ហើយ​ដើម្បី​ចាត់ចែង​ការប្រព្រឹត្ត​ខាង​ក្រៅ​ទាំងឡាយ​នៃ​ពាក្យ​ខាង​ដំណឹងល្អ បុណ្យ​ជ្រមុជ​ទឹក​ខាង​ការ​ប្រែ​ចិត្ត សម្រាប់​ការ​ផ្ដាច់​បាប​ទាំងឡាយ យល់​ព្រម​តាម​សេចក្ដី​សញ្ញា និង ព្រះបញ្ញត្តិ​ទាំងឡាយ » ( គ. និង ស. ១០៧:២០ ) ។

ខ្ញុំ​សូម​អញ្ជើញ​ពួក​យុវជន​ឲ្យ​លើក​តម្កើង​ដល់​បព្វជិតភាព​ដែល​ពួកគេ​កាន់ និង ឲ្យ​រៀបចំ​ខ្លួន​ដើម្បី​បាន​តំណែង​ដែល​ខ្ពស់​ជាង​ក្នុង​បព្វជិតភាព​អើរ៉ុន កាលដែល​ពួកគេ​រៀបចំ​ខ្លួន​ដើម្បី​ទទួល​បាន​ពរជ័យ​បន្ថែម​ទៀត​ក្នុង​ការទទួល​បព្វជិតភាព​មិលគីស្សាដែក ដោយ​ការបម្រើ​ព្រះអម្ចាស់​ក្នុង​នាម​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ពេញ​ម៉ោង និង ទីបំផុត​រៀបការ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​របស់​ទ្រង់ ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ពុំ​មាន​បុរស​រមែង​ស្លាប់​ណា​ម្នាក់​ដឹកនាំ​សាសនាចក្រ​នេះ​ឡើយ ។ វា​គឺ​ជា​សាសនាចក្រ​របស់​ព្រះអង្គ​សង្គ្រោះ ហើយ​ទ្រង់​ដឹកនាំ​វា​តាមរយៈ​បព្វជិតភាព ដែល​ទ្រង់​ប្រគល់​ដល់​បុរស​ទាំងឡាយ​នៅ​លើ​ផែនដី ដើម្បី​ពួកគេ​អាច​ធ្វើ​ជា​ភ្នាក់ងារ​របស់​ទ្រង់​នៅក្នុង​ការ​ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់ និង ក្នុង​ការ​ធ្វើ​ពិធីការ​បរិសុទ្ធ​ដ៏​ពិសិដ្ឋ​ទាំងឡាយ ។ យើង​គួរ​មាន​អំណរគុណ​ខ្លាំង​យ៉ាង​ណា​ទៅ ដែល​ព្រះអម្ចាស់​បាន​ស្ដារ​ឡើង​វិញ​នូវ​សាសនាចក្រ និង បព្វជិតភាព​របស់​ទ្រង់​ដល់​ផែនដី​នេះ ។