២០១៥
សេចក្ដី​សុខសាន្ត​នៅក្នុង​សេចក្ដី​បៀតបៀន
June 2015


សេចក្ដី​សុខសាន្ត​នៅក្នុង​សេចក្ដី​បៀតបៀន

បេកា អេហ្វ រដ្ឋ ម៉ុនតាណា ស.រ.អា

រូបភាព
Young woman working on a laptop comoputer.

រូបភាពលំអរ​ដោយ ប៊ែន ស៊ីម៉ុនសិន

ខ្ញុំ​តម្រង់​ខ្លួន​ឡើង​នៅ​លើ​កៅអី​ខ្ញុំ ពេល​ខ្ញុំ​បាន​ឮ​ប្រធានបទ​របស់​អ្នក​ឡើង​និយាយ​បន្ទាប់ ៖ មូលហេតុ​ដែល​សាសនាចក្រ​មរមន​គឺ​ជា​សាសនាចក្រ​ខុស​ឆ្គង និង មូលហេតុ​ដែល​ពួក​មរមន​ជា​អ្នក​ស្អប់​ខ្ពើម​ដ៏​លាក់​ពុត ។ ក្នុង​អំឡុង​នៃ​សន្ទុរកថា​នោះ ខ្ញុំ​បាន​មាន​អារម្មណ៍​ថា ថ្ពាល់​ខ្ញុំ​ឡើង​ក្រហម ហើយ​តក់ស្លុត និង ការក្បត់ ធ្វើ​ឲ្យ​ដួង​ចិត្ត​ខ្ញុំ​ឈឺចាប់ ។ តើ​មិត្តភក្ដិ​របស់​ខ្ញុំ ដែល​ដឹង​ថា​ខ្ញុំ​ជា​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ហើយ​នោះ បែរ​ជា​ជ្រើសរើស​និយាយ​មួល​បង្កាច់​នៅ​នឹង​មុខ​សិស្ស​ក្នុង​ថ្នាក់​អង់គ្លេស​ទាំងមូល​របស់​ខ្ញុំ​បាន​ដោយ​របៀប​ណា ?

បន្ទាប់​ពី​កណ្ដឹង​បាន​រោទ៍​បញ្ចប់​ថ្នាក់ អ្នក​និយាយ និង មិត្តភក្ដិ​មួយ​ចំនួន​ផ្សេងទៀត​បាន​មក​រក​ខ្ញុំ ។ ដោយ​វិញ្ញាណ​កំពុង​ឆេះ​សន្ធោរសន្ធៅ​នៅក្នុង​ខ្លួន​ខ្ញុំ ខ្ញុំ​បាន​ប្រាប់​ពួកគេ​ថា អ្វី​ដែល​ពួកគេ​បាន​និយាយ​គឺ​មិន​ពិត ហើយ​ថា​សមាជិក​សាសនាចក្រ​ពុំ​ស្អប់​មនុស្ស​ដែល​ពុំ​រស់នៅ​តាម​ជំនឿ​របស់​យើង​នោះ​ទេ ។ តបត​ត្រឡប់​មក​វិញ ពួកគេ​បាន​បាញ់​មក​វិញ​ជាមួយ​នឹង​សេចក្ដី​ថ្លែង និង ការចោទ​ប្រកាន់​ខុស​ឆ្គង​ទាំងឡាយ ។ ខ្ញុំ​បាន​មាន​អារម្មណ៍​ឯកោ ។ ខ្ញុំ​បាន​គិត​ថា « តើ​វា​យុត្តិធម៌​យ៉ាង​ដូច​ម្ដេច​ទៅ នៅ​ពេល​ដែល​ខ្ញុំ​រស់នៅ​តាម​អ្វី​ដែល​ខ្ញុំ​ដឹង​ថា​ពិត តែ​ខ្ញុំ​បែរ​ជា​ត្រូវ​បៀតបៀន​ទៅ​វិញ ? »

ពេល​ខ្ញុំ​ត្រឡប់​ពី​សាលា​មក​ដល់​ផ្ទះ​វិញ​នៅ​ថ្ងៃ​នោះ ខ្ញុំ​បាន​ឃើញ​អ៊ីមែល​មួយ​ពី​លោក​យាយ​ខ្ញុំ ។ ក្នុង​អ៊ីមែល​នោះ គាត់​បាន​ប្រាប់​ខ្ញុំ​ឲ្យ​មើល ម៉ាថាយ ៥:១១–១៤ ។ ខ្ញុំ​បាន​អាន​វា​ទាំង​ទឹក​ភ្នែក ៖ « អ្នក​រាល់​គ្នា​មាន​ពរ​ក្នុង​កាល​ដែល​គេ​ជេរ បៀតបៀន ហើយ​និយាយ​បង្ខុស​គ្រប់​ទាំង​សេចក្ដី​អាក្រក់​ពី​អ្នក​រាល់​គ្នា ដោយ​ព្រោះ​ខ្ញុំ ។ ចូរ​មាន​ចិត្ត​អំណរ ហើយ​រីករាយ​ជា​ខ្លាំង​ចុះ ដ្បិត​អ្នក​រាល់​គ្នា​មាន​រង្វាន់​ជា​ធំ​នៅ​ឯ​ស្ថានសួគ៌ ពី​ព្រោះ​គេ​ក៏​បាន​ធ្វើ​ទុក្ខ​ដល់​ពួក​ហោរា ដែល​នៅ​មុន​អ្នក​រាល់​គ្នា បែប​ដូច្នេះ​ដែរ ។ … អ្នក​រាល់​គ្នា​ជា​ពន្លឺ​នៃ​លោកិយ ។ ឯ​ទីក្រុង​ណា​ដែល​នៅ​លើ​ភ្នំ នោះ​លាក់​មិន​កំបាំង​ទេ » ។

ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​បំពេញ​ក្នុង​ដួងចិត្ត​ខ្ញុំ ពេល​ខ្ញុំ​អាន​ពាក្យ​ទាំងនោះ ។ ខ្ញុំ​ដឹង​ថា ការបៀតបៀន​នឹង​ពង្រឹង​សក្ខីភាព​របស់​យើង ហើយ​ខ្ញុំ​ដឹង​ថា ពរជ័យ​ទាំងឡាយ​នៅ​ក្នុង​ស្ថានសួគ៌​នឹង​សក្ដិសម​នឹង​តម្លៃ​នៃ​ការឈឺចាប់​ដែល​យើង​ឆ្លង​កាត់​នៅ​លើ​ផែនដី​នេះ ។ ព្រះអង្គ​សង្គ្រោះ​បាន​ធ្វើ​ឲ្យ​មាន​ឡើង​ចំពោះ​យើង ដើម្បី​ស្វែង​រក​សេចក្ដី​សុខសាន្ត នៅ​ពេល​យើង​កំពុង​ត្រូវ​គេ​បៀតបៀន ដោយសារ​រស់នៅ​តាម​ដំណឹងល្អ​របស់​ទ្រង់ ហើយ​ខ្ញុំ​ពិត​ជា​មាន​សេចក្ដី​អំណរគុណ​ចំពោះ​ការណ៍​នោះ ។