២០១៥
ផ្លូវ​ទៅកាន់​ប៉ាលម៉ៃរ៉ា
June 2015


ផ្លូវ​ទៅកាន់ ប៉ាលម៉ៃរ៉ា

ចេញពី​ការប្រជុំធម្មនិដ្ឋាន « ការបង្កើត​ព្រះគម្ពីរ​មរមន យ៉ូសែប ស្ម៊ីធ និង អ្នក » ដែល​ត្រូវបាន​ផ្ដល់​នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​អ្នក​ផ្សព្វផ្សាយ​សាសនា ទីក្រុង ប្រូវ៉ូ រដ្ឋ យូថាហ៍ នៅ​ថ្ងៃ​ទី ១៥ ខែ កុម្ភៈ ឆ្នាំ ២០១៤ ។ ម៉ាថាយ អេស ហូឡិន ជា​នាយក​សាកលលវិទ្យាល័យ​យូថាហ៍​វែលលី ។

ផ្លូវ​ទៅ​កាន់​ប៉ាលម៉ៃរ៉ា — ជាកន្លែង​នៃទស្សននិមិត្ត​ដំបូង និង ជា​កន្លែង​ដែល​ផ្ទាំង​មាស​ត្រូវបាន​លាក់​ទុក — ជា​ផ្លូវ​នៃ​សេចក្ដី​ផ្អែមល្ហែម និង ពន្លឺ​សម្រាប់​យ៉ូសែប ស្ម៊ីធ និង ក្រុម​គ្រួសារ​លោក ។

រូបភាព
Sacred Grove

រូបថត​ដោយ ចច អែនឌើរសិន ដោយ​បាន​ការអុនញ្ញាតជា​ផ្លូវការ​ពី​សារមន្ទី​ប្រវត្តិសាស្ត្រ​សាសនាចក្រ

សូម​កុំ​យល់​ច្រឡំ​ឲ្យ​សោះ ។ ទោះបីជា​អ្នក​មិនមែន​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ពេញ​ម៉ោង​ក៏​ដោយ ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ទាំងអស់​ត្រូវ​បាន​ហៅ​ឲ្យ​ទទួល​យក​សារលិខិត​នៃ​ដំណឹង​ល្អ​របស់​ព្រះអម្ចាស់​ព្រះយេស៊ូវគ្រីស្ទ​ទៅ​កាន់ « គ្រប់ក្នុង​លោកីយ៍ » ( ម៉ាថាយ ២៤:១៤ ) ។ យើង​ត្រូវ​បាន​ហៅ​ឲ្យចែក​ចាយ​គោលការណ៍​បរិសុទ្ធ ហើយ​រៀបចំ​អនុវត្ត​ដំណឹងល្អ របស់ទ្រង់ នៅក្នុងព្រះនាម របស់​ទ្រង់ ។ ដើម្បី​ធ្វើ​ដូច្នេះ​បាន អ្នក​ត្រូវតែ​ចាំ​ផងដែរ​ថា វា​ជា​ការចាំបាច់​ដើម្បី​បង្រៀន និង ថ្លែង​ទីបន្ទាល់​ថា យ៉ូសែប ស្ម៊ីធ ជា​ឧបករណ៍​របស់​ទ្រង់​នៅក្នុង​ការ​ស្ដារ​ឡើង​វិញ​នូវ​គោលការណ៍​ដ៏​បរិសុទ្ធ​ទាំងនោះ និង រៀបចំ​​នូវ​ការអនុវត្តន៍​ទាំងឡាយ​ចំពោះផែនដី​នេះ ។

ដោយ​ព្រោះ​តែ​មាន​នូវ​អ្វីៗ​ជា​ច្រើន​ស្ថិត​នៅក្នុង​ភាពប្រថុយប្រថាន នោះ​អ្នក​អាច​ឆ្លាត​វៃ​ដើម្បី សួរខ្លួន​ឯង​ថា តើ​អ្នក​ត្រៀម​រួច​រាល់​ហើយ​ឬ​នៅ ដើម្បី​ឈាន​ទៅមុខ ហើយ​ប្រកាស​ដោយ​ការ​ជឿជាក់​ច្បាស់ និង​ម៉ឺងម៉ាត់​ថា « នៅព្រឹក​ព្រលឹម​នៃ​ថ្ងៃ​ដ៏​ល្អ​ភ្លឺស្វាង គឺ​នៅ​ដើម​និទារឃរដូវ​ក្នុង​ឆ្នាំ​មួយពាន់​ប្រាំបីរយ​ម្ភៃ » យ៉ូសែប ស្ម៊ីធ បាន​ដើរ​ចូល​ទៅ​ក្នុង​ព្រៃ​ដាច់ស្រយាលមួយ ​លុតជង្គង់ចុះ​អធិស្ឋាន នោះ​ពិភពលោក​នេះ បានផ្លាស់​​មិនដូច​មុន​ទៀត​ឡើយ ។ ប្រសិន​បើ​អ្នក​ចង់​ធ្វើ​ជា​អ្នក​បម្រើ​របស់​ព្រះ នោះ​អ្នក​ត្រូវបាន​ហៅ​ឲ្យ​ធ្វើ​ដូច្នោះ នោះ​អ្នក​ត្រូវតែ​រៀបចំ​រួច​ជា​ស្រេច​ដើម្បី​ធ្វើ​ដូច្នោះ ។

សូម​សម្រេច​ចិត្ត​ពី​ឥឡូវ​នេះ ដើម្បី​សិក្សា​ដោយ​យក​ចិត្ត​ទុកដាក់​អំពី​ជីវិត​របស់​ព្យាការី យ៉ូសែប ស្ម៊ីធ ។ មាន​នូវ​អំណាច និង ប្រាជ្ញា​ក្នុង​ជីវិត​របស់​លោក ដែលមនុស្ស​ផ្សេង​ទៀត​គ្មាន​ឡើយ លើកលែង​តែ​ព្រះជន្ម របស់​ព្រះអង្គ​សង្គ្រោះ​ផ្ទាល់​ប៉ុណ្ណោះ ។ នៅពេល​ដែល​អ្នក​រៀន​ដោយ​ស្មោះ​អស់ពី​ចិត្ត និង ប្រកប​ដោយ​ការអធិស្ឋាន អំពី​ព័ត៌មាន​ពិស្ដារ​អំពី​ជីវិត​យ៉ូសែប នោះ​ខ្ញុំ​សន្យា​ថា អ្នក​នឹង​ឃើញ​ថា សេចក្ដី​ស្រឡាញ់ និង ការកោត​សរសើរ​របស់​អ្នក​ចំពោះ​លោក​រីក​លូតលាស់​ឡើង អ្នក​នឹង​ទទួល​បាន​ការលួងលោម និង ការលើក​ទឹកចិត្ត ជាពិសេស​គឺ​សម្រាប់​ថ្ងៃ និង ការបម្រើ​ដ៏​លំបាក​ទាំងឡាយ ហើយ​អ្នក​នឹង​បង្កើន​ការយល់​ដឹង​របស់​អ្នក ​ជំទាស់​នឹង​អ្នក​រិះគន់​មើល​ងាយ​ក្នុង​សម័យ​ទំនើប​នេះ ដែល​ពួកគេ​ប្រាកដ​ណាស់​ថា ភស្ដុតាង​ខាង​លោកិយ​បង្ហាញ​ថា យ៉ូសែប​មិន​អាច​ជា​អ្វី​ដែល​លោក​បាន​ប្រកាស​អះអាង​នោះ​ទេ ។ ដើម្បី​សម្រេច​វា​បាន សូម​ពិចារណា​លើ​ព័ត៌មាន​សង្ខេប​មួយ​ចំនួន​អំពី​បុរស​ដ៏​ឆ្នើម​អស្ចារ្យបំផុត​នេះ ។

ផ្លូវ​ដ៏​ឈឺចាប់មួយ

មាន​មូលហេតុ​ដ៏​ជាក់​មួយ ដើម្បី​ជឿ​ថា ព្រឹក​ព្រលឹម​នៃ​ការនិមិត្ត​ដំបូង​គឺ​រុងរឿង ហើយ​ក៏​ស្ងប់ស្ងាត់​ដូច​ជា​ទំនុក​តម្កើង « ការអធិស្ឋាន​ដំបូង​របស់​យ៉ូសែប ស្ម៊ីធ » បាន​ប្រាប់ ។ ប៉ុន្តែ ខណៈ​ដែល​យើង​កំពុង​រីករាយ​នឹង​រូបភាព​ដ៏​ស្រស់​ស្អាត​នេះ​នៅក្នុង​គំនិត នោះ​យើង​មិន​ត្រូវ​ភ្លេច​ពី​ព្រឹត្តិការណ៍​ទាំងឡាយ​ដែល​នាំ​ទៅ​ដល់​ព្រឹក​នោះ​ឡើយ ។ ផ្លូវ​ទៅ​កាន់​ប៉ាលម៉ៃរ៉ា — ជាកន្លែង​សាមញ្ញ​នៃ​គ្រា​ដ៏​ពិសិដ្ឋ និង គ្មាន​ពីរ — ជា​ផ្លូវ​នៃ​ភាពដ៏ផ្អែម​ល្ហែម និង ពន្លឺ​សម្រាប់​ក្មេង​ប្រុស​ជា​ព្យាការី​នេះ និង ក្រុមគ្រួសារ​លោក ។

ឪពុក​ម្ដាយ​របស់​ព្យាការី យ៉ូសែប ស្ម៊ីធ ស៊ីញ្ញ័រ និង លូស៊ី ម៉ាក ស្ម៊ីធ បាន​រៀបការ​ក្នុង​ភូមិ ថុនប្រ៊ីដច៍ រដ្ឋ វ័រម៉ន្ត ស.រ.អា ក្នុង​ឆ្នាំ ១៧៩៦ ។ ប្រាំមួយ​ឆ្នាំ​ក្រោយ​ពី​ការធ្វើ​ចម្ការ​មិន​សូវ​ទទួល​បាន​ផល នោះ​ក្រុមគ្រួសារ​ស្ម៊ីធ បាន​ប្ដូរ​មក​នៅ​ជិត​ភូមិ​រេនដូល ដើម្បី​សាក​បើក​ហាង​រកស៊ីវិញ ។

ទំនិញ​ដែល​យ៉ូសែប ស៊ីញ្ញ័រ បាន​ទទួល ដោយ​មកពី​ជំនួយ​របស់​អ្នក​ឲ្យ​ខ្ចី​ប្រាក់​នៅ​ទីក្រុង​បោស្តុន លក់​ដាច់​យ៉ាង​ខ្លាំង​ទៅ​ដល់​អតិថិជន​ថ្មីថ្មោង​ដែល​ចង់បាន — មិន​បាន​ជា​លុយ​ទេ តែ​បាន​ជា​ការសន្យា​ថា​នឹង​សង​វិញ​ពេល​ប្រមូល​ផល​នៅ​ចុង​រដូវ ។ ខណៈ​ដែល​លោក​រង់ចាំ​ការសង​មក​វិញ​ដែល​គេ​សន្យា ដើម្បី​លោក​អាច​យក​ទៅ​សង​ម្ចាស់​បំណុល​វិញ នោះ​លោក​បាន​ឈោង​ចាប់​យក​ឱកាស​បណ្ដាក់​ទុន​ថ្មី​មួយ​ទៀត ។

នៅ​សម័យ​នោះ ទីផ្សារ​ចិន​កំពុង​ត្រូវ​ការ​រក​ទិញ​ឫស​យិនសិន ។ ថ្វី​បើ​ឈ្នួញ​កណ្ដាល​បាន​សុខចិត្ត​ផ្ដល់​លុយ ៣០០០ ដុល្លារ ដល់​យ៉ូសែប ស៊ីញ្ញ័រ សម្រាប់​ឫស​យិនសិន​ដែល​លោក​បាន​ប្រមូល​បាន និង បាន​រៀបចំ​បញ្ជូន​ទៅ​ក្ដី ក៏​លោក​បាន​សម្រេច​ចិត្ត​ប្រើ​យុទ្ធសាស្ត្រ​ដែល​មាន​ហានិភ័យ​ខ្ពស់​ជាង ប៉ុន្តែ​អាច​ជា​យុទ្ធសាស្ត្រ​ដែល​ផ្ដល់​កម្រៃ​ចំណេញ​ច្រើន​ជាង ដោយ​លោក​បាន​យក​ទំនិញ​ទៅ​នូវយ៉ោក​ដោយ​ខ្លួន​ឯង ហើយ​ចុះកិច្ចសន្យា​ជាមួយ​មេ​កប៉ាល់ ដើម្បី​ឲ្យ​មេ​កប៉ាល់​នោះ​លក់​ទំនិញ​នៅ​ស្រុក​ចិន​ជំនួស​លោក ។ ដោយ​ការ​កាត់​ចោល​ឈ្នួញ​កណ្ដាល នោះ​លោក​អាច​នឹង​ទទួល​កម្រៃ​បាន ៤៥០០ ដុល្លារ — ជា​ចំនួន​ដ៏​ច្រើន​ក្រៃលែង​នៅ​ជំនាន់​នោះ ។

ដោយ​សំណាង​អាក្រក់ ឬ​ក៏​ជា​ផែនការ​កំណាច​អប្រីយ នោះ​ទំនិញ​របស់​យ៉ូសែប ស៊ីញ្ញ័រ បាន​ស្ថិត​នៅ​លើ​កប៉ាល់​ដែល​កូន​ប្រុស​របស់​ឈ្នួញ​កណ្ដាល​ដែល​លោក​បាន​បដិសេធ​មិន​ធ្វើ​ជំនួញ​ជាមួយ​នោះ ។ ដោយ​ឆ្លៀត​យក​ប្រៀប​លើ​ស្ថានការណ៍​នេះ កូន​ប្រុស​នោះ​បាន​លក់​យិនសិន​របស់​គ្រួសារ​ស្ម៊ីធ ក្នុង​ប្រទេស​ចិន « ក្នុង​តម្លៃ​យ៉ាង​ខ្ពស់ » ហើយ​ទុក​ប្រាក់​ចំណេញ​សម្រាប់​ខ្លួនឯង ហើយ​បាន​កុហកថា ការ​ខិតខំ​លក់​ជិនសិន​នោះ​មិន​បាន​ជោគជ័យ​ទេ តែទទួល​បាន​មក​វិញ​ត្រឹម​តែ​ស្លឹកតែ​មួយ​ហិបប៉ុណ្ណោះ។

ខណៈ​ដែល​លោក​ត្រូវ​បាន​គេ​បោក នោះ​ក៏​ត្រូវ​ដល់​ពេល​សង​លុយ​សម្រាប់​ទំនិញ​ក្នុង​ហាង​ស្ម៊ីធ​ទៀត ។ ដោយ​ត្រូវ​ប្រឈម​នឹង​ម្ចាស់​បំណុល​ដែល​តម្រូវ​ឲ្យ​សង​លុយ នោះ​ក្រុមគ្រួសារ​ស្ម៊ីធ​បាន​ធ្លាក់​ក្នុង​ស្ថានភាព​ដ៏​អស់​សង្ឃឹម ។ ដើម្បី​សង​បំណុល លូស៊ី​បាន​លះបង់​អំណោយ​អាពាហ៍ពិពាហ៍​ដែល​នាង​បាន​រក្សា​ទុក​មក​ជា​យូរ ដោយ​បាន​លុយ​មក​វិញ​ចំនួន ១០០០ ដុល្លារ ចំណែក​យ៉ូសែប​សុខ​ចិត្ត​លក់​ចម្ការ​របស់​ក្រុមគ្រួសារ​នៅ​ភូមិ​ថុនប្រ៊ិជន៍ ក្នុង​តម្លៃ ៨០០ ដុល្លារ ។ ចម្ការ​គឺ​ជា​របស់​តែ​មួយ​គត់​ដែល​យ៉ាង​ហោច​ណាស់​អាច​ធានា​បាន​នូវ​ស្ថេរភាព​សេដ្ឋកិច្ច​បន្តិច​បន្តួច និង ផ្ដល់​ជា​សន្តិសុខ​ខាង​រាងកាយ​បាន​យូរ​អង្វែង ក្នុង​ពិភព​ដ៏ឃោរឃៅ​នៃ​ដែនដី​អាមេរិក​ដែល​មិន​ទាន់​មាន​ស្ថេរភាព​នោះ ។ ឥឡូវ​នេះ ដោយ​គ្មាន​ប្រាក់ ហើយ​គ្មាន​ដី នោះ​ក្រុមគ្រួសារ​ស្ម៊ីធ​ត្រូវ​បង្ខំ​ឲ្យ​ផ្លាស់​ប្ដូរ​ទីលំនៅ ៨ ដង ក្នុង​រយៈ​ពេល ១៤ ឆ្នាំ ដោយ​តែងតែ​ព្យាយាម​រក​មធ្យោបាយ​នានា​ដើម្បី​ផ្គត់​ផ្គង់​គ្រួសារ ។

យ៉ាង​ហោច​ណាស់​មាន​ការផ្លាស់​ប្ដូរ​ទីលំនៅ​មួយ​ក្នុង​ចំណោម​ការ​ផ្លាស់​ប្ដូរ​ទាំងនោះ ដែល​បណ្តុះបណ្ដាល​មក​ពី​ការ​លំបាក​ផ្នែក​ហិរញ្ញវត្ថុ ដោយ​ត្រូវ​បង់​ថ្លៃ​ថ្នាំ​ដោយសារ​តែ​ជំងឺ​គ្រុន​សណ្ដំ​ដែល​រាតត្បាត​យ៉ាង​ខ្លាំង​ក្នុង​ឆ្នាំ ១៨១៣ ដែល​បាន​ឆ្លង​យ៉ាង​ធ្ងន់ធ្ងរ​ដល់​កូនៗ​ទាំងអស់​របស់​ក្រុមគ្រួសារ​ស្ម៊ីធ ។ ពីរ​បី​សប្ដាហ៍​បន្ទាប់​ពី​បានជា​ពី​ជំងឺ​គ្រុន​សណ្ដំ យ៉ូសែប​បាន​មាន​ការឈឺចាប់​យ៉ាង​ក្រៃលែង​នៅ​ត្រង់​ស្មា​របស់​លោក ។ គ្រូពេទ្យ​ក្នុង​ភូមិ​បាន​ធ្វើ​រោគ​វិនិច្ឆ័យ​ខុស ដោយ​ថា​ការឈឺ​ចាប់​នោះ​គឺ​ដោយសារ​ការគ្រេច ។ ពីរ​សប្ដាហ៍​ក្រោយ​មក ពេល​ដែល​ការឈឺចាប់​នោះ​រឹតតែ​ឈឺ​ខ្លាំង​ឡើង​ហួស​ប្រមាណ នោះ​គ្រូពេទ្យ​បាន​ត្រឡប់​មក​វិញ ហើយ​បាន​រកឃើញ​ថា មេរោគ​ឆ្លង​នោះ​គឺ​ជាប់​ទាក់ទង​នឹង​គ្រុន​សណ្ដំ​ដែល​ស​អូសបន្លាយរបស់ យ៉ូសែបប​ ។

គេ​វះ​បង្ហូរ​យក​បាន​នូវ​ខ្ទុះ​មេរោគ​នោះ​ប្រហែល​មួយ​លីត្រ ប៉ុន្តែ​ទម្រង់​ការ​នោះ​មិន​បាន​សម្រេច​ឡើយ ហើយ​មេរោគ​ថ្មី​បាន​ឆ្លង​ទៅ​ដល់​ផ្នែក​ខាង​ក្រោម​នៃ​ជើង​ឆ្វេង​របស់​យ៉ូសែប ។ ដូច្នេះ គេ​ក៏​បាន​ហៅ​គ្រូពេទ្យ​វះកាត់​មក ។ គ្រូពេទ្យ​បាន​វះ អស់​ប្រវែង​ ២០ សង់ទីម៉ែត្រ គឺ​ចាប់​ពី​ក្បាល​ជង្គង់​ដល់​កែង​ជើង ដែល​ជួយ​សម្រាល​នូវ​ការឈឺចាប់ ។ ជា​អកុសល មេរោគ​នោះ​បាន​ចូល​ទៅ​ក្នុង​ឆ្អឹង ។

មក​ដល់​ត្រឹម​នេះ ក្រុមគ្រួសារ​បាន​ស្វែង​រក​ដំបូន្មាន​ពី​ផ្នែក​វេជ្ជសាស្ត្រ​ចុង​ក្រោយ​បំផុត​ពី​អ្នក​ជំនាញ​ខាង​វេជ្ជសាស្ត្រ​នៅ​មហា​វិទ្យាល័យ​វេជ្ជសាស្ត្រ​ដាតម៉ៅស៍ ។ លូស៊ី​បាន​ទទូច កុំ ឲ្យ​គេ​ប្រើ​ទម្រង់ការ​ព្យាបាល​ដោយ​កាត់​ជើង​តាម​បែប​បុរាណ និង ដែល​គេ​ធ្វើ​ច្រើន​បំផុត​នា​ពេល​នោះ ។ ផ្ទុយ​ទៅ​វិញ ក្រុមគ្រួសារ​ស្ម៊ីធ នឹង​សាកល្បង​ទម្រង់ការ​ថ្មី និង ដ៏​ឈឺចាប់​មួយ — ជា​ទម្រង់​ការ​មួយ​ដែល​គេ​ពុំ​បាន​សន្យា​ថា​នឹង​មាន​ជោគជ័យ​នោះ​ទេ ។ គ្រូពេទ្យ​នឹង​កាត់​បើក​ជើង​របស់​យ៉ូសែប ហើយ​ចោះរន្ធ​ពីរ​នៅ​សងខាង​ឆ្អឹង ។ បន្ទាប់​មក គេ​នឹង​ច្រឹប​ឆ្អឹង​បី​កន្លែង​ដើម្បី​យក​មេរោគ​ចេញ​ឲ្យ​អស់ ។

ទម្រង់ការ​ទាំងអស់​នេះ​ធ្វើ​ឡើង​ដោយ​គ្មាន​ថ្នាំ​ស្ពឹក​ដូច​យើង​សព្វ​ថ្ងៃ​នេះ​ទេ ។ ជា​លទ្ធផល ក្រុមគ្រួសារ​ត្រូវបាន​គេ​ជម្រុញ​ឲ្យ​ផ្ដល់​ស្រា​ដល់​យ៉ូសែប ឬ ចង​លោក​ទៅ​នឹង​គ្រែ ដើម្បី​កុំ​ឲ្យ​លោក​កន្ត្រាក់​ដោយ​ឈឺចាប់​ក្នុង​អំឡុង​ពេល​នៃ​ការធ្វើ​ទម្រង់ការ​ដ៏​ឈឺចាប់​នោះ ។ ទើប​នឹង​មាន​អាយុ​ប្រាំពីរ​ឆ្នាំ​ប៉ុណ្ណោះ តែ​យ៉ូសែប​បាន​បដិសេធ​ជម្រើស​ទាំង​ពីរ​នោះ ។ តែ​លោក​បាន​ដាក់​សំណើរ​ពីរ​វិញ—គឺ​ថា សូម​ឲ្យ​ឪពុក​លោក​ត្រកង​បី​លោក និង សូម​ឲ្យ​ម្ដាយ​លោក​ចេញ​ពី​បន្ទប់ ។១០

រូបភាព
Joseph Smith, Jr. depicted as a young boy held in the arms of his father. Joseph Smith, Sr. is holding the young Joseph just before or after surgery was performed on the boy's leg.

ព័ត៌មាន​ពិស្ដារ​ចេញ​ពី ប្រសិន​បើ​ប៉ា​នឹង​បី​ខ្ញុំ ដោយ លីហ្ស លេមិន ស្វីនដល រូបថត​ដោយ អាឡិន ដេ ដោយ​បាន​ការអុនញ្ញាត្ត​ជា​ផ្លូវការ​ពី​សារមន្ទី​ប្រវត្តិសាស្ត្រ​សាសនាចក្រ

ពេល​យ៉ូសែប​យំ​ស្រែក​ខ្លាំង​ពេក​រហូត​ឮ​ដល់​ម្ដាយ​លោក ធ្វើ​ឲ្យ​គាត់​ពុំ​អាច​ឈរ​នៅ​ឆ្ងាយ​ពី​បន្ទប់​បាន នោះ​គាត់​បាន​ចូល​មក​ក្នុង​បន្ទប់​ពីរ​ដង ទោះ​មាន​ការប្រកែក​អង្វរ​របស់​លោក​ក្ដី ។ អ្វី​ដែល​គាត់​បាន​ឃើញ​នោះ​ធ្វើ​ឲ្យ​ដក់ជាប់​នូវ​អនុស្សាវរី​ដែល​មិន​អាច​រលុប​បាន​ឡើយ ។ គឺ​ឃើញ​យ៉ូសែប​ដេក​ស្ដូក​ស្ដឹង​នៅ​ក្នុង​ថ្លុក​ឈាម​លើ​គ្រែ « ស្លាំង​ដូច​សាកសព [ ដោយ​មាន ] តំណក់​ញើស​ធំៗ … ហូរ​ចុះ​លើ​មុខ​គាត់ ខណៈ​ដែល​ទឹក​មុខ​គាត់​បង្ហាញ​ពី​ការ​ឈឺចាប់​វេទនា​ខ្លាំង​បំផុត » ។១១ សំណាង​ល្អ ​ការវះកាត់​នោះ​បាន​ទទួល​ជោគជ័យ ប៉ុន្តែ យ៉ូសែប​បាន​ប្រើ​ឈើ​ច្រត់​រយៈពេល​បី​ឆ្នាំ​ក្រោយ​ពី​ការ​វះកាត់​នោះ​ ។

បន្ទាប់​ពី​បទពិសោធន៍​ដ៏​លំបាក​នេះ ក្រុមគ្រួសារ​បាន​សង្ឃឹម​ថា ការ​ចាប់​ផ្ដើម​ជា​ថ្មី​នៅ​ភូមិ ណូវិច រដ្ឋ វ័រម៉ុន្ត នឹង​នាំ​មក​នូវ​ស្ថេរភាព​និង ភាព​ចំរុង​ចម្រើន​ដែល​ពួកគេ​ខំ​ស្វែង​រក​ជា​បន្ទាន់​នោះ ។ ប៉ុន្តែ​ជា​ថ្មី​ម្ដង​ទៀត​ក្ដី​សង្ឃឹម​របស់​ពួកគេ​ត្រូវ​រលាយ​សាបសូន្យ ។ នៅ​ឆ្នាំ​ដំបូង​ដែល​ពួកគេ​បាន​ព្យាយាម​ធ្វើ​ស្រែ​ចម្ការ​នៅ​លើ​ដី​ជួយ នោះ​ដំណាំ​របស់​ពួកគេ​មិន​បាន​ផល​ទេ ។ នៅ​ឆ្នាំ​ទីពីរ​ក៏​មិន​បាន​ផល​ទៀត ។ ក្នុង​ឆ្នាំ​ទីបី គឺ​ឆ្នាំ ១៨១៦ យ៉ូសែប ស្ម៊ីធ ស៊ីញ្ញ័រ បាន​តាំង​ចិត្ត​សាកល្បង​ម្ដង​ទៀត ដោយ​ជឿថា អ្វីៗ​នឹង​ប្រសើរ​ឡើង ។១២

នៅ​ឯ​ម្ខាង​ទៀត​នៃ​ផែនដី ក្នុង​ឆ្នាំ ១៨១៥ នោះ​ភ្នំ​ថេមបូរ៉ា​ក្នុង​ប្រទេស ឥណ្ឌូនេស៊ី បាន​ផ្ទុះ ហើយ​បាន​ព្រួស​ចេញ​នូវ​ផេះ​ជា​ច្រើន​ទៅ​ក្នុង​បរិយាកាស​ផែនដី ដែល​បាន​ធ្វើ​ឲ្យ​បង្អាក់​ដល់​ដំណើរ​វិវឌ្ឍន៍​ជា​ធម្មតា​របស់​អាកាសធាតុ ។ តាំង​ពី​ខែ មិថុនា រហូត​ដល់​ខែ សីហា ឆ្នាំ ១៨១៦ — ត្រូវបាន​គេ​ហៅ​ថា « ឆ្នាំ​ដែល​គ្មាន​រដូវ​ក្ដៅ » — នោះ​មាន​កំណក​ទឹកកក​កក​ឡើង​នៅ​តំបន់ នូវ អង់គ្លេស បំផ្លាញ​អស់​ដំណាំ​ដែល​ដាំ​នៅ​រដូវ​ក្ដៅ​នោះ​ទៀត ។១៣

ដោយ​មាន​គ្រោះ​មហន្តរាយ ហើយ​ប្រជាជន​រាប់​ពាន់​នាក់​បាន​នាំ​ក្រុមគ្រួសារ​ចាកចេញ​ពី​រដ្ឋ វ័រម៉ុន្ត នោះ​យ៉ូសែប ស៊ីញ្ញ័រ បាន​ធ្វើ​អ្វី​ដែល​ចាំបាច់​បំផុត​ដែល​លោក​អាច​ធ្វើ​បាន ។ លោក​បាន​សម្រេច​ចិត្ត​ចាកចេញ​ពី​ទឹកដី​ដែល​មាន​ប្រវែង​ប្រមាណ ៣២ គីឡូម៉ែត្រ ជា​ទឹកដី​ដែល​មាន​ក្រុមគ្រួសារ មិត្តភក្ដិ និង ដី​ចម្ការ​ដែល​លោក​បាន​ស្គាល់​អស់​មួយ​ជីវិត​មជ្ឈិមវ័យ​របស់​លោក ហើយ​បាន​ធ្វើ​ដំណើរ ៤៨២ គីឡូម៉ែត្រ ទៅ​ទិស​និរតី ទៅ​កាន់​ទីក្រុង​ប៉ាលម៉ៃរ៉ា​នៅ​ប៉ែក​ខាង​លើ​នៃ​រដ្ឋ នូវ យ៉ោក ។ នៅ​ទី​នោះ ត្រូវបាន​គេ​ផ្ដល់​ដំណឹង​ថា ដី​មាន​ជីជាតិ ហើយ​ក៏​មាន​ការផ្ដល់​ឥណទាន​ក្នុង​រយៈ​ពេល​យូរ​អង្វែង​ផងដែរ ។ ដោយ​មាន​ភាព​ចាំបាច់ នោះ​យ៉ូសែប ស៊ីញ្ញ័រ បាន​ចាកចេញ​ទៅ​មុន ដោយ​ទុក​លូស៊ី និង កូនៗ​ទាំង​ប្រាំបី​នាក់ ឲ្យ​រៀបចំ​ឥវ៉ាន់ និង ផ្ទះ​សម្បែង ហើយ​ទៅ​តាម​លោក ។១៤

វា​ជា​រដូវ​រងា នៅពេល​លូស៊ី និង កូនៗ​ដ៏​ក្លាហាន​របស់​នាង​បាន​ដាក់​របស់របរគ្រប់​យ៉ាង​ដែល​ពួកគេ​មាន​ទៅ​លើ​គាវ​ទឹកកក ហើយ​បន្ទាប់​មក​ទៅក្នុង​រទេះ ។ បន្ទាប់​ពី​បាន​សង​លុយ​ទៅកាន់​ម្ចាស់​បំណុល​មួយ​ចំនួន​ហើយ លូស៊ី​មាន​លុយ​តែ​បន្តិច​បន្តួច​ប៉ុណ្ណោះ​សម្រាប់​ការធ្វើ​ដំណើរ ។ ទម្រាំ​ការធ្វើ​ដំណើរ​ចប់ នាង​បាន​ឲ្យ​សំលៀក​បំពាក់ និង ថ្នាំ​សង្កូវ​ជា​ថ្នូរ​នឹង​ថ្លៃ​ឈ្នួល​ផ្ទះ​សំណាក់ ។ នាង​បាន​រំឭក​ពី​ការមក​ដល់​ប៉ាលម៉ៃរ៉ា ដោយ​មាន​សល់ « លុយ​តែ​ពីរ​សេន​ប៉ុណ្ណោះ » ។១៥

នៅ​តាម​ផ្លូវ បុរស​ដែល​ត្រូវបាន​ជួល​ឲ្យ​បរ​គាវ​ទឹកកក បាន​បង្ខំ​ឲ្យ​យ៉ូសែប​ដ៏​ក្មេង​ខ្ចី​ចុះ ដើម្បី​ទុក​កន្លែង​ឲ្យ​កូនស្រី​ស្រស់​ស្អាត​របស់​ក្រុមគ្រួសារ​ហ្គេត ដែល​ពួកគេ​បាន​ជួប​ក្នុង​ការធ្វើ​ដំណើរ​ទៅ​តាម​ផ្លូវ​ដូច​គ្នា ។ យ៉ូសែប — មិន​ទាន់​ទាំង​បាន​ជា​ស្រួល​បួល​ផង — ត្រូវបាន​បង្ខំ​ឲ្យ​ដើរ​ខ្ចើចៗ « កាត់​ព្រឹល ៦៤ គីឡូម៉ែត្រ ក្នុង​មួយ​ថ្ងៃ អស់​រយៈ​ពេល​បួន​ប្រាំ​ថ្ងៃ » ជា​បទពិសោធន៍​ដែល​លោក​ហៅ​ថា « ការអស់កម្លាំង និង ការឈឺចាប់​ដ៏​ទារុណ​បំផុត » ។១៦

ពេល​បង​ប្រុស​ដ៏​មាន​ភក្ដីភាព​របស់​យ៉ូសែប គឺ​ហៃរុម និង អាលវិន បាន​អង្វរ​ដល់​បុរស​នោះ​ឲ្យ​បន្ទន់​ចិត្ត នោះ​គាត់​បាន​វាយ​ពួកលោក​ដោយ​ហឹង្សា​ដួល​ទៅ​លើ​ដី ។ ពេល​ទៅ​ដល់​ទីក្រុង​យូធីកា ពេល​ដែល​មើល​ទៅ​ឃើញ​ថា លូស៊ី​មិន​មាន​ប្រាក់​ទៀត បុរស​នោះ​បាន​បោះបង់​ចោល​គ្រួសារ​ស្មីធ — ប៉ុន្តែ​មិន​ចាកចេញ​ភ្លាម​ទេ វា​បាន​ព្យាយាម​លួច​រទេះ​របស់​ពួកគាត់ ប៉ុន្តែ​ត្រូវ​ពួកគាត់​តាម​ទាន់​ពេល​កំពុង​បោះ​ឥវ៉ាន់​ចោល​ទៅ​លើ​ដី ។១៧ ទោះ​យ៉ាង​ណា ពួកគាត់​បាន​បន្ត​ទៅ​មុខ​រហូត​មក​ដល់​ប៉ាលម៉ៃរ៉ា​ដោយ​សុវត្ថិភាព ដោយ​រត់​ទៅ​ក្នុង​រង្វង់​ដៃ​យ៉ូសែប ស៊ីញ្ញ័រ ទាំង​ទឹក​ភ្នែក​រហាម ។

ប្រហែល​រឿង​ពិស្ដារ​នៃ​ការ​ធ្វើ​ដំណើរ​ដ៏​រន្ធត់​ចិត្ត​បំផុត​នេះ គឺ​មាន​នៅ​ក្នុង​បច្ឆាលិខិត​ដែល​មិន​ត្រូវ​បាន​ឲ្យ​តម្លៃ ដែល​ក្រោយ​មក​យ៉ូសែប​បាន​បន្ថែម​ទៅ​ក្នុង​ដំណើរ​រឿង​ដើម​នៃ​ការធ្វើ​ដំណើរ​របស់​ក្រុមគ្រួសារ​លោក ៖ « នៅ​តាម​ផ្លូវ​ពី​ទីក្រុង​យូធីកា ខ្ញុំ​ត្រូវ​បាន​ទុក​ឲ្យ​នៅ​ជិះ​លើ​គាវ​ទឹកកក​ក្រោយ​គេ​បំផុត​ក្នុង​ក្រុម ប៉ុន្តែ​ពេល​គាវ​នោះ​មកដល់ អ្នក​បរ​ដែល​ជា​កូនប្រុស​ម្នាក់​របស់​ក្រុមគ្រួសារ​ហ្គេត បាន​វាយ​ខ្ញុំ ហើយ​ទុក​ឲ្យ​ខ្ញុំ​ដេក​ស្ដូកស្ដឹង​ក្នុង​ថ្លុក​ឈាម​របស់​ខ្ញុំ រហូត​ទាល់តែ​មាន​មនុស្ស​មិន​ស្គាល់​គ្នា​ម្នាក់​បាន​មក​ត្រកង​ខ្ញុំ​ឡើង ហើយ​លី​ខ្ញុំ​ទៅ​កាន់​ទីក្រុង​ប៉ាលម៉ៃរ៉ា » ។១៨ សារៈសំខាន់​នៃ​រឿង​នេះ​មិន​គួរ​ត្រូវបាន​មើល​រំលង​នោះ​ទេ ។

រតនៈ​សម្បត្តិ​ដែល​មាន​តម្លៃ​លើសលុប​មិន​អាច​កាត់ថ្លៃ​បាន

រូបភាព
This photograph is from the trail to the Sacred Grove on the Joseph Smith farm near Palmyra, New York.

ព័ត៌មាន​ពិស្ដារ​ចេញ​ពី ប្រសិន​បើ​ប៉ា​នឹង​បី​ខ្ញុំ ដោយ លីហ្ស លេមិន ស្វីនដល រូបថត​ដោយ អាឡិន ដេ ដោយ​បាន​ការអុនញ្ញាត្ត​ជា​ផ្លូវការ​ពី​សារមន្ទី​ប្រវត្តិសាស្ត្រ​សាសនាចក្រ

តែ​បី​គីឡូម៉ែត្រ​នៅ​ខាង​ត្បូង​ពី​កណ្ដាល​ក្រុង​ប៉ាលម៉ៃរ៉ា​ប៉ុណ្ណោះ មាន​ព្រៃ​មួយ​ដែល​នឹង​ក្លាយ​ជា​ទីកន្លែង​នៃ​ទស្សននិមិត្ត​ដ៏​អស្ចារ្យ​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​មនុស្ស​លោក ។ ប្រាំ​គីឡូម៉ែត្រ​ពី​កន្លែង​នោះ គឺ​ភ្នំ​គូម៉ូរ៉ា ជា​កន្លែង​ទុក​ផ្ទាំង​ចំណារ​មាស​ដែល​ពុំ​មាន​នរណា​ដឹង​នៅ​ពេល​នោះ​ទេ ។

ពេល​យ៉ូសែប​បាន​មក​ដល់​ប៉ាលម៉ៃរ៉ា ព្រះអម្ចាស់​បាន​នាំ​មក​នូវ​ព្យាការី​របស់​ទ្រង់​ដែល​ត្រូវបាន​តែងតាំង​តាំង​ពី​មុន​កំណើត​ផែនដី​មក មក​ដល់​កន្លែង​ដែល​លាក់​ទុក​រតនៈ​សម្បត្តិ​ដែល​មាន​តម្លៃ​ឥត​គណនា ។ រតនៈ​សម្បត្តិ​នេះ​នឹង​ផ្តល់ជា​សញ្ញា​ថា បន្ទាប់​ពី​ភាពងងឹង និង ការភ័ន្ត​ច្រឡំ​ខាង​វិញ្ញាណ​ជា​ទូទៅ​អស់​ជា​ច្រើន​សតវត្ស​មក នោះ​ស្ថានសួគ៌​បាន​បើក​ទ្វារ​ម្ដង​ទៀត ។ រតនៈ​សម្បត្តិ​នេះ​នឹង​បង្ហាញ​ថា ការបម្រើ​របស់​ព្រះយេស៊ូវ​គឺ​មាន​ភាព​ទូលំទូលាយ​ទាំង​ខាង​គោលលទ្ធិ និង ខាង​ភូមិសាស្ត្រ​ជាង​ដែល​សាសនាចក្រ​គ្រីស្ទាន​ទាំងឡាយ​នៅ​ជំនាន់​នោះ​អាច​ដឹង ។ រតនៈ​សម្បត្តិ​នេះ​នឹង​បញ្ជាក់​នៅក្នុង​របៀប​ដ៏​អស្ចារ្យ​ក្រៃលែង​ថា ព្រះ​ពិត​ជា​សកម្ម​ពេញលេញ​ឥត​ចន្លោះ​ក្នុង​កិច្ចការ​របស់​មនុស្ស​គ្រប់ពេល​វេលា ភាសា និង ទ្វីប ។ ហើយ​រតនៈ​សម្បត្តិ​នេះ​នឹង​សន្យា​នូវ​ការបង្រៀន​ដ៏​សច្ចៈ និង ពោរពេញ​ដោយ​ព្រះចេស្ដា ដែល​ថាបើសិន​ជា​អ្នក​ដាំ​វា​ចូល​យ៉ាង​ជ្រៅ​ទៅ​ក្នុង​ព្រលឹង​អ្នក នោះ​អ្នក​អាច​ត្រូវ​បាន​ប្រែរូប បាន​ភ្លក់​នូវ​អ្វី​ដែល​ឆ្ងាញ់​បំផុត ដូច​ជា​មាន​នូវ​ពិធី​ជប់លៀង​មួយ​ដែល​មិន​អាច​ប្រៀបផ្ទឹម​បាន និង ដ៏​ខ្ពង់ខ្ពស់​បំផុត​តាមការ​​ប្រាថ្នា​​ចង់​បាន​របស់​អ្នក ។

ជាមួយ​នឹង​ភ្នែក​ខាង​ជីវិត​រមែង​ស្លាប់ យើង​អាច​នឹង​ត្រូវ​បាន​ល្បួង​ឲ្យ​ស្រមៃ​ឃើញ​ថា មាន​ផ្លូវ​ដ៏​សក្ដិសម​សម្រាប់​បុរស​ម្នាក់​ដូច​នេះ និង សម្រាប់​គ្រា​បែបនេះ​គួរ​ជា​ផ្លូវ​មួយ​ដែល​ងាយ​ស្រួល​ជាង ល្អជាង និង រីករាយ​សាទរ​ជាង​នេះ ។ ក្នុង​ការទទួល​ស្គាល់​នូវ​ព្រឹត្តិការណ៍​ដែល​រន្ទឺ​ដល់​ផែនដី ដែល​ហៀប​នឹង​កើតឡើង ដែល​ជា​លទ្ធផល​នៃ​ការចូល​មក​ដល់​ក្នុង​ទីក្រុង​នេះ​របស់​ក្មេង​ប្រុស​នេះ​នៅ​ពេល​នេះ តើ​ព្រះអម្ចាស់ ជា​អង្គ​ដែល​បាន​រៀប​គម្រោង​ដ៏​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ដាក់​ទុក​នូវ​ផ្ទាំង​ចំណារ​មាស អស់​ជាង​មួយ​ពាន់​ឆ្នាំ​មក​ហើយ​នោះ មិន​អាច​ផ្ដល់​នូវ​ផ្លូវ​ដែល​ត្រង់​ជាង ងាយ​ស្រួល​ជាង និង ឲ្យ​បាន​ដឹង​ជា​មុន​ទេឬ​អី ?

មែនហើយ ទ្រង់​ពិត​ជា​អាច​ធ្វើ​បាន ប៉ុន្តែ​ទ្រង់​មិន​បាន​ធ្វើ​ដូច្នោះ​ទេ ។

ពុំ​មាន​នូវ​ការ​ចាក់​ប្រេង​តាំង​ពេល​លោក​នៅ​វ័យ​ក្មេង​នោះ​ទេ ( សាំយូអែល ទី១ ១៦:១១–១៣ ) ។ ពុំ​មាន​នូវ​ការសុបិន្ត​ចំៗ ចង្អុល​គាត់​ឲ្យ​ទៅ​ដែនដី​សន្យា​នោះ​ទេ ។ ( សូមមើល នីហ្វៃទី ១ ១ ៥:៤–៥ ) ។ ពុំ​មាន​លីអាហូណា​ដើម្បី​ជួយ​ក្រុមគ្រួសារ​លោក​ឲ្យ​ចៀស​ផុត​ពី​ការដើរ​ខុស​នៅ​តាម​ផ្លូវ​នោះ​ដែរ ( សូមមើល នីហ្វៃទី១ ១៦:១០; អាលម៉ា ៣៧:៣៨ ) ។ ហើយ​ប្រាកដ​ណាស់​ថា​គ្មាន​យានយន្ត​បើក​ដំបូលទំនើប​ដឹក​លោក​កាត់​ក្បួន​ព្យុះហយាត្រា​ក្រោម​ថ្ងៃ​ចែង​ចាំង ដែល​មាន​ហ្វូង​មនុស្ស​កុះករ​អបអរ​សាទរ​នោះ​ដែរ ។

ផ្ទុយ​ពី​នោះ សម្រាប់​យ៉ូសែប និង ក្រុមគ្រួសារ មាន​នូវ​ការសាកល្បង​ទុក្ខ​វេទនា​ដ៏​ជូរចត់ ដែល​មាន​ដូច​ជា​សំណាង​អាក្រក់ ជំងឺ ការវិនិច្ឆ័យ​ខុស គ្រោះ​ធម្មជាតិ ការឈឺចាប់​ហួស​ប្រមាណ ភាពអយុត្តិធម៌​ឥត​មេត្តា ភាពងងឹត​ជា​បន្ត​បន្ទាប់ និង ភាពក្រីក្រឥត​ស្រាកស្រាន្ត ។ ការណ៍​នេះ​មិន​បាន​និយាយ​ថា ក្រុមគ្រួសារ​ស្ម៊ីធ​បាន​រស់​នៅ​ក្នុង​វដ្ដ​នៃ​សេចក្ដី​វេទនា​តែ​មួយ​រហូត​នោះ​ទេ ។ ប៉ុន្តែ​ផ្លូវ​ទៅ​កាន់​ប៉ាលម៉ៃរ៉ា​ពុំ​មែន​ជា​ផ្លូវ​ត្រង់ ចម្រុង​ចម្រើន និង ដែល​គួរ​ឲ្យ​កត់​សម្គាល់​ជា​សារធាណៈ​នោះ​ទេ ។ ដោយ​ដើរ​ខ្ចើចៗ យឺតៗ និង ដោយ​ហូរចេញ​ឈាម នោះ​ព្យាការី​ត្រូវបាន​លីសែង​ដោយ​មនុស្ស​មិន​ស្គាល់​ឈ្នោះ​ម្នាក់ ទៅកាន់​ជោគ​វាសនា​មួយ​ដែល​ពិសេស​គ្មាន​ពីរ ។

សូម​ចង​ចាំ​ថា នោះ​ប្រហែល​ជា​មេរៀន​ដំបូង​បំផុត​នៃ​ជីវិត​របស់​យ៉ូសែប និង ការលេច​ចេញ​មក​នៃ​ព្រះគម្ពីរ​មរមន ។ ថ្វីបើ​មាន​ការ​បរាជ័យ គ្រោះ​អកុសល និង ស្ថានភាព​ល្វីង​ជូរចត់​ក្ដី — ហើយ​ក្នុង​ករណី​ជា​ច្រើន​គឺ​ប្រាកដ​ជា ដោយ​សារ រឿង​អាក្រក់​ទាំងនោះ — ក៏​យ៉ូសែប ស្ម៊ីធ បាន​ទៅ​ដល់​កន្លែង​ដែល​លោក​ត្រូវការ​ដើម្បី​បំពេញ​បេសកកម្ម​របស់​លោក ។ ដូច្នេះ បើ​ឥឡូវ​នេះ ឬ ក្នុង​ថ្ងៃ​អនាគត​ណា​មួយ អ្នក​មើល​ជុំ​វិញ​ខ្លួន​អ្នក ហើយ​ឃើញ​ថា មនុស្ស​ដទៃ​ទៀត​ហាក់​ដូច​ជា​ពុំ​សូវ​លះបង់​កំពុង​ជោគជ័យ​ក្នុង​ការងារ​ខ្លួន ខណៈ​ដែល​អ្នក​បរាជ័យ​បើសិន​ជា​អ្នក​មាន​ជំងឺ​កាចសាហាវ​មាន​លើ​រូប​អ្នក​នៅ​ចំពេល​ដែល​មាន​ការហៅ​បម្រើ​សំខាន់​បាន​មក​ដល់​ឬ បើ​សិន​ជា​អ្នក​ត្រូវ​បាន​ហៅ​បម្រើ​ក្នុង​តំណែង​ដែល​មាន​ឋានៈ​មុខ​មាត់​ខ្ពស់ ត្រូវ​ផ្តល់​ទៅ​ឲ្យ​នរណា​ម្នាក់​ផ្សេង​ទៀត បើសិន​ដៃគូ​ផ្សព្វផ្សាយ​សាសនា​​របស់​អ្នក​ហាក់បី​ដូច​ជា​រៀន​ភាសា​បានលឿន​ជាង​អ្នក​បើសិន​សកម្មភាព​ដោយ​ចេតនា​នានា​នាំ​ទៅ​រក​ភាព​មហន្តរាយ​ជាមួយ​នឹង​ដៃគូ សមាជិក​វួដ អ្នក​ជិតខាង ឬ​សាសនាគន់ការី បើសិន​មាន​ដំណឹង​ពី​ផ្ទះ​ពី​ការលំបាក​ផ្នែក​ហិរញ្ញវត្ថុ ឬ សោកនាដកម្ម​ខាង​ជីវិត​រមែង​ស្លាប់​ដែល​អ្នក​ពុំ​អាច​ធ្វើ​អ្វី​បាន ឬ ប្រសិនបើ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ អ្នក​មាន​អារម្មណ៍​ដូច​ជា​មនុស្ស​ធម្មតា និង គ្រាន់តែ​ជា​អ្នក​សម្ដែង​ដំណឹង​ល្អ​នៅ​ក្នុង​រឿង​ល្ខោន​បេសកកម្ម​មួយ​ដែល​គ្រាន់តែ​សម្រាប់​ភាពសប្បាយ​របស់​អ្នក​ដទៃ នោះ​សូម​ដឹង​ដូច​នេះ​ថា ៖ មាន​រឿង​រ៉ាវ​ជា​ច្រើន ដែល​យ៉ូសែប ស្ម៊ីធ បាន​ទ្រាំ​ទ្រ​ដោយ​ខ្លួន​លោក​ផ្ទាល់ គឺ​នៅ​គ្រា​នោះ​តែ​ម្ដង ជា​គ្រា​ដែល​លោក​ត្រូវ​បាន​ដឹកនាំ​ទៅកាន់​ឆាក​នៃ​រឿង​មួយ​ដែល​វិសេស​វិសាល​បំផុត ដែល​នឹង​កើត​ឡើង​នៅលើ​ផែន​ដី​នេះ តាំងពី​ព្រឹត្តិការណ៍​នៅ​គាល់កូថា​ដែល​ស្រាយ​ថា​ភ្នំ​រលាក្បាល និង សួន​ផ្នូរ ជិត ២០០០ ឆ្នាំ​មុន ។

« ប៉ុន្តែ » អ្នក​អាច​និយាយ​ថា « ជីវិត និង ជោគវាសនា​ខាង​លោកិយ​របស់​ខ្ញុំ នឹង​មិន​ដូច​ជា​ឆាក​ជីវិត​របស់​ព្យាការី យ៉ូសែប ឡើយ » ។

នោះ​ប្រហែល​ជា​ការពិត ។ ប៉ុន្តែ វា​ជា​ការពិត​ថា ជីវិត​របស់​អ្នក​ពិត​ជា​សំខាន់​ណាស់​ចំពោះ​ព្រះ ហើយ​សក្ដានុពលភាព​ដ៏​អស់កល្ប​របស់អ្នក និង គ្រប់​ព្រលឹង​ទាំងអស់​ដែល​អ្នក​នឹង​ជួប គឺ​ពុំមែន​មាន​ភាពសំខាន់​តិច​ជាង​ព្យាការី យ៉ូសែប នោះ​ឡើយ ។ ហេតុ​ដូច្នេះ​ហើយ គឺ​ដូច​ជា​យ៉ូសែប ជា​ទី​ស្រឡាញ់​របស់​យើង​ដែរ អ្នក​មិន​ត្រូវ​បោះបង់​ចោល មិន​ត្រូវ​ចុះចាញ់​ឡើយ នៅ​ក្នុង​ជីវិត​ទូទៅ ឬ ជាពិសេស​កិច្ចការ​ផ្សព្វផ្សាយ​សាសនា​ទទួល​ការឈឺចាប់ ការ​ភ័ន្ត​ច្រឡំ ឬ ធុញ​ទ្រាន់​ពេញ​ទំហឹង​នោះ ។ ផ្ទុយ​ទៅ​វិញ ដូចជា​ប៉ុល​បង្រៀន អ្នក​ត្រូវតែ​ឃើញ​ថា « គ្រប់ ការណ៍​ទាំងអស់​ផ្សំគ្នា​សម្រាប់​សេចក្ដី​ល្អ​ដល់​ពួក​អ្នក​ដែល​ស្រឡាញ់​ព្រះ គឺ​ដល់​ពួក​អ្នក​ដែល​ទ្រង់​ហៅ​មក​តាម​ព្រះតំរិះ​ទ្រង់ » ( រ៉ូម ៨:២៨ ការ​សង្កត់​ន័យ​ត្រូវ​បាន​បន្ថែម ) ។

ដូច​ជា​ទ្រង់​បាន​ធ្វើ​ជាមួយ​នឹង​យ៉ូសែប ស្ម៊ីធ ​ក្មេង​ខ្ចី​ដែរ ព្រះ​កំពុង​តែ​ដុស​ខាត់ និង តម្រែ​តម្រង់​អ្នក​ជា​រៀង​រាល់​ថ្ងៃ​សម្រាប់​គោលបំណង​ទាំងឡាយ​ដែល​រុងរឿង​ជាង​ដែល​អ្នក​អាច​ដឹង !

កំណត់​ចំណាំ

  1. យ៉ូសែប ស្ម៊ីធ — ប្រវត្តិ ១:១៤ ។

  2. ទំនុកតម្កើង លេខ ២៦ ។

  3. សូមមើល Lucy Mack Smith, Biographical Sketches of Joseph Smith, the Prophet, and His Progenitors for Many Generations ( ឆ្នាំ ១៨៥៣ ) ទំព័រ ៣៧, ៤៥ ។ សម្រាប់​ការ​សង្ខេប​ខ្លី​នៃ​ព្រឹត្តិការណ៍​ទាក់ទង​នឹង​ការ​ផ្លាស់​ប្ដូរ​ទីលំនៅ​របស់​ក្រុមគ្រួសារ​ស្ម៊ីធ​ទៅ​កាន់​ប៉ាលម៉ៃរ៉ា សូមមើ Richard Lyman Bushman, Joseph Smith: Rough Stone Rolling ( ឆ្នាំ ២០០៥ ) ទំព័រ ១៧–២៩ ។

  4. សូមមើល Lucy Mack Smith, Biographical Sketches, ទំព័រ ៤៩ ។

  5. សូមមើល Lucy Mack Smith, Biographical Sketches, ទំព័រ ៤៩–៥០ ។

  6. សូមមើល Lucy Mack Smith, Biographical Sketches, ទំព័រ ៥១ ។

  7. សូមមើល Lucy Mack Smith, Biographical Sketches, ទំព័រ ៦០, ៦២ ។

  8. សូមមើល Lucy Mack Smith, Biographical Sketches, ទំព័រ ៦២–៦៣ ។

  9. សូមមើល LeRoy S. Wirthlin, “Joseph Smith’s Boyhood Operation: An 1813 Surgical Success,” BYU Studies ២១, លេខ ២ ( ឆ្នាំ ១៩៨១ ): ១៤៦–៥៤ ។

  10. សូមមើល Lucy Mack Smith, Biographical Sketches, ទំព័រ ៦៤ ។

  11. សូមមើល Lucy Mack Smith, Biographical Sketches, ទំព័រ ៦៥ ។

  12. សូមមើល Lucy Mack Smith, Biographical Sketches, ទំព័រ ៦៦ ។

  13. សូមមើល Church History in the Fulness of Times, 2nd ed. ( ឆ្នាំ ២០០៣ ) ទំព័រ ២៤ ។

  14. សូមមើល Lucy Mack Smith, Biographical Sketches, ទំព័រ 67 ។

  15. Lucy Mack Smith, Biographical Sketches, ទំព័រ ៦៨, ៧០ ។

  16. Joseph Smith, នៅក្នុង The Papers of Joseph Smith, ed. Dean C. Jessee, វ៉ុល ២ ( ឆ្នាំ ១៩៨៩ ), ១:២៦៨ ។

  17. សូមមើល The Papers of Joseph Smith, ១:២៦៨ ។

  18. Joseph Smith, នៅក្នុង The Papers of Joseph Smith, ១:២៦៨–៦៩ ។