ការរស់នៅ ក្នុង ពិភពលោក ដែលពោរពេញដោយការផ្លាស់ប្ដូរ
ចេញមកពីសុន្ទរកថា ដែលបានផ្ដល់នៅក្នុងសន្និសីទទូទៅ ខែ តុលា ឆ្នាំ ២០១០ ។
ប្រសិនបើជីវិត និង ការផ្លាស់ប្ដូរដ៏លឿនរបស់វា និង ការថប់អារម្មណ៍ជាច្រើនធ្វើឲ្យពិបាកសម្រាប់អ្នកក្នុងការមានអារម្មណ៍អរសប្បាយ នោះប្រហែលឥឡូវនេះជាពេលដ៏ល្អដើម្បីផ្ដោតឡើងវិញលើអ្វីដែលសំខាន់បំផុត ។
តើអ្នកធ្លាប់នៅក្នុងយន្តហោះ ហើយជួបបទពិសោធន៍ខ្យល់គួចដែរឬទេ ? បុព្វហេតុដ៏ធម្មតាបំផុតមួយនៃខ្យល់គួច គឺជាការផ្លាស់ប្ដូរភ្លាមៗនៃចលនាកម្លាំងខ្យល់ ដែលបណ្ដាលឲ្យយន្តហោះគ្រវែងចុះឡើង រង្គោះរង្គើ និង រលាក់ ។ ទោះបីជាយន្តហោះត្រូវបានផលិតឡើងដើម្បីតទល់នឹងកម្លាំងខ្យល់គួចដ៏ខ្លាំងជាងខ្យល់ដែលអ្នកជួបប្រទះនៅក្នុងការជិះធម្មតាក្ដី ក៏វានៅតែធ្វើឲ្យអ្នកដំណើរភ័យដូចគ្នា ។
តើអ្នកស្មានថា អ្នកបើកយន្តហោះធ្វើដូចម្ដេចពេលជួបនឹងខ្យល់គួចនោះ ? កូនសិស្សដែលរៀនបើកយន្តហោះម្នាក់ប្រហែលជាគិតថា ការបន្ថែមល្បឿនគឺជាវិធីសាស្ត្រមួយយ៉ាងល្អ ពីព្រោះវានឹងជួយពួកគេឲ្យឆ្លងកាត់ខ្យល់គួចនោះបានកាន់តែលឿន ។ ប៉ុន្តែការធ្វើដូច្នោះប្រហែលជាខុសហើយ ។ អ្នកបើកយន្តហោះដែលមានវិជ្ជាជីវៈច្បាស់លាស់យល់ថា មានកម្រិតល្បឿនដ៏ល្អបំផុតមួយដើម្បីឆ្លងកាត់ខ្យល់គួច ដែលបង្រួមឥទ្ធិពលអវិជ្ជមាននៃខ្យល់គួចនោះ ។ ហើយស្ទើរតែគ្រប់ពេលគឺត្រូវបន្ថយល្បឿនវិញ ។ គោលការណ៍នេះអនុវត្តដូចគ្នាទៅនឹងកន្លែងផ្លូវរលាក់ដែលយើងត្រូវបន្ថយល្បឿន ។
ដូច្នេះ ដំបូន្មានដ៏ល្អមួយគឺថា ត្រូវបន្ថយល្បឿនបន្តិច ហើយត្រូវរក្សាលំនឹង ហើយយកចិត្តទុកដាក់តែទៅអ្វីដែលចាំបាច់ នៅពេលដែលជួបប្រទះនឹងគ្រោះអកុសល ។
ល្បឿននៃជីវិតសម័យទំនើប
លក្ខណៈមួយនៃជីវិតទាន់សម័យហាក់បីដូចជាយើងកំពុងធ្វើចលនាកាន់តែលឿនទៅមុខ ទោះជាស្ថិតនៅក្នុងភាពចលាចល ឬ ឧបសគ្គយ៉ាងណាក្ដី ។
សូមនិយាយត្រង់ វាស្រួលណាស់ក្នុងការជាប់រវល់ ។ យើងទាំងអស់គ្នាអាចគិតពីការធ្វើបញ្ជីកិច្ចការយ៉ាងវែង ដែលប៉ះពាល់ដល់កាលវិភាគរបស់យើង ។ មនុស្សមួយចំនួនប្រហែលជាគិតថា ខ្លួនគេមានតម្លៃគឺអាស្រ័យលើបញ្ជីកិច្ចការដែលពួកគេត្រូវធ្វើមានប្រវែងវែង ។
អ្នកឆ្លាតវៃទប់ទល់នឹងការល្បួង ដើម្បីជាប់ទាក់ទិនក្នុងជីវិតសែនរវល់ប្រញាប់ប្រញាល់ប្រចាំថ្ងៃ ។ ពួកគេធ្វើតាមដំបូន្មាននេះថា « មានអ្វីច្រើនក្នុងជីវិតជាងភាពតក់ក្រហល់ » ។១ សរុបសេចក្ដីមក គឺគេយកចិត្តទុកដាក់ទៅលើបញ្ហាអ្វីដែលសំខាន់ជាងគេ ។
អែលឌើរ ដាល្លិន អេក អូក នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានបង្រៀនថា « យើងត្រូវតែលះបង់ការដែលល្អ ដើម្បីជ្រើសរើសអ្វីដែលប្រសើរជាង ឬ ប្រសើរលើសគេ ពីព្រោះការណ៍ទាំងនោះអភិវឌ្ឍជំនឿលើព្រះអម្ចាស់យេស៊ូវគ្រីស្ទ និង ពង្រឹងក្រុមគ្រួសាររបស់យើង » ។២
ការស្រាវជ្រាវរកការណ៍ដែលល្អបំផុតនោះគឺតែងតែដឹកនាំទៅរកគោលការណ៍គ្រឹះនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ — គឺជាសេចក្ដីពិតដ៏សាមញ្ញ និង អស្ចារ្យដែលត្រូវបានបើកសម្ដែងមកកាន់យើងដោយព្រះវរបិតាសួគ៌អស់កល្ប ដែលយកព្រះទ័យទុកដាក់ និង មានការចេះដឹងទាំងអស់ ។
តើខ្ញុំអាចរៀនពីអ្វីដែលសំខាន់បំផុតបានតាមរបៀបណា ?
ខ្ញុំគិតថា យើងទាំងអស់គ្នាភាគច្រើនមានសភាវគតិយល់ពីសារៈសំខាន់នៃគោលការណ៍គ្រឹះ ។ គ្រាន់តែពេលខ្លះ យើងត្រូវបានរំខានដោយកិច្ចការជាច្រើនដែលហាក់ដូចជាមានការទាក់ទាញជាង ។
ឯកសារដែលបោះពុម្ព ប្រភពព័ត៌មានផ្សេងៗទៀត ឧបករណ៍អេឡិចត្រូនិច និង គ្រឿងម៉ាស៊ីនផ្សេងៗ — ទាំងអស់នេះវាជាជំនួយ ប្រសិនបើប្រើដោយត្រឹមត្រូវ — ប៉ុន្តែវាអាចប្រែក្លាយជាខូចទំនាក់ទំនង ឬ ធ្វើឲ្យមនុស្សឯកោក៏បានដែរ ។
ក៏ប៉ុន្តែនៅក្នុងចំណោមសំឡេង និង ជម្រើសច្រើនក្រៃលែង បុរសនៃស្រុកកាលីឡេដ៏រាបសាបានក្រោកឈរឡើង លាតព្រះហស្តរបស់ទ្រង់ ។ សារលិខិតដ៏សាមញ្ញរបស់ទ្រង់គឺថា ៖ « ចូរមកតាមខ្ញុំចុះ » ( លូកា ១៨:២២ ) ។ ហើយទ្រង់ពុំបានមានព្រះបន្ទូលដោយប្រើប្រដាប់បំពងសម្លេងនោះទេ ប៉ុន្តែគឺដោយសំឡេងតូចរហៀងៗ ( សូមមើល ពង្សាវតារក្សត្រ ទី១ ១៩:១២ ) ។ វាជាការងាយណាស់សម្រាប់សារលិខិតគ្រឹះនៃដំណឹងល្អ ក្នុងការបាត់បង់នៅកណ្ដាលទឹកជំនន់នៃព័ត៌មានដែលវាយប៉ះត្រូវយើងពីគ្រប់ផ្នែក ។
ព្រះគម្ពីរដ៏បរិសុទ្ធ និង ពាក្យសម្ដីរបស់ព្យាការីដែលនៅរស់ បានសង្កត់ធ្ងន់ទៅលើគោលការណ៍ និង គោលលទ្ធិនៃដំណឹងល្អដែលជាមូលដ្ឋានគ្រឹះ ។ មូលហេតុដែលយើងត្រឡប់ទៅរកគោលការណ៍គ្រឹះទាំងនេះ គឺត្រឡប់ទៅរកគោលការណ៍ដ៏បរិសុទ្ធ ពីព្រោះវាជាផ្លូវចូលទៅរកសេចក្ដីពិតនៃអត្ថន័យដ៏ជ្រាលជ្រៅ ។
មូលដ្ឋានគ្រឹះ ៖ ទំនាក់ទំនងដ៏សំខាន់ទាំងបួន
នៅពេលយើងងាកទៅរកព្រះវរបិតាសួគ៌ និង ស្វែងរកប្រាជ្ញារបស់ទ្រង់ស្ដីអំពីការណ៍ដែលចាំបាច់បំផុត យើងរៀនម្ដងហើយម្ដងទៀតអំពីសារៈសំខាន់នៃទំនាក់ទំនងដ៏សំខាន់ទាំងបួន ៖ ជាមួយព្រះរបស់យើង ជាមួយគ្រួសាររបស់យើង ជាមួយមនុស្សជាតិរបស់យើង និង ជាមួយខ្លួនឯង ។ នៅពេលយើងវាយតម្លៃជីវិតរបស់យើងដោយមានឆន្ទៈ យើងនឹងឃើញកន្លែងណាដែលយើងរសាត់អណ្ដែតចេញពីផ្លូវដែលប្រសើរលើសលប់ ។ កែវភ្នែកនៃការយល់របស់យើងនឹងបើកឡើង ហើយយើងនឹងដឹងពីអ្វីដែលត្រូវធ្វើ ដើម្បីធ្វើឲ្យបេះដូងយើងបានបរិសុទ្ធ និង យកចិត្តទុកដាក់លើជីវិតរបស់យើងម្ដងទៀត ។
ទីមួយ ទំនាក់ទំនងរបស់យើង ជាមួយព្រះ គឺពិសិដ្ឋ និង សំខាន់បំផុត ។ យើងគឺជាបុត្រខាងវិញ្ញាណរបស់ទ្រង់ ។ ទ្រង់គឺជាព្រះវរបិតារបស់យើង ។ ទ្រង់សព្វព្រះទ័យឲ្យយើងមានសុភមង្គល ។ នៅពេលយើងស្វែងរកទ្រង់ រៀនពីបុត្រារបស់ទ្រង់ គឺព្រះយេស៊ូវគ្រីស្ទ នៅពេលយើងបើកដួងចិត្តទទួលឥទ្ធិពលពីព្រះវិញ្ញាណបរិសុទ្ធ នោះជីវិតយើងនឹងកាន់តែមានលំនឹង និង សុវត្ថិភាព ។ យើងនឹងទទួលបទពិសោធន៍នៃភាពសុខសាន្ត សេចក្ដីអំណរ និង ជោគជ័យដ៏អស្ចារ្យ នៅពេលយើងធ្វើអ្វីដែលប្រសើរបំផុត ដើម្បីរស់នៅតាមផែនការដ៏អស់កល្បជានិច្ចរបស់ព្រះ ហើយរក្សាព្រះបញ្ញត្តិរបស់ទ្រង់ ។
យើងអភិវឌ្ឈទំនាក់ទំនងជាមួយព្រះវរបិតាសួគ៌ តាមរយៈការរៀនសូត្រអំពីទ្រង់ សន្ទនាជាមួយទ្រង់ ដោយប្រែចិត្តពីអំពើបាបរបស់យើង និង ដើរតាមព្រះយេស៊ូវគ្រីស្ទដោយសកម្ម ដ្បិត « បើមិនមកតាម [ ព្រះគ្រីស្ទ ] នោះគ្មានអ្នកណាអាចទៅឯព្រះវរបិតាបានឡើយ » ( យ៉ូហាន ១៤:៦ ) ។ ដើម្បីពង្រឹងទំនាក់ទំនងរបស់យើងជាមួយព្រះ យើងត្រូវការពេលវេលាដ៏មានអត្ថន័យជាមួយទ្រង់ដោយឡែកតែឯង ។ ការយកចិត្តទុកដាក់ដោយស្ងាត់ៗលើការអធិស្ឋានផ្ទាល់ខ្លួន និង ការសិក្សាព្រះគម្ពីរប្រចាំថ្ងៃ តែងតែប្រឹងប្រែងឲ្យមានភាពសក្តិសមនៃបណ្ណចូលព្រះវិហារបរិសុទ្ធបច្ចុប្បន្នជានិច្ច — នេះហើយគឺជាការវិនិយោគដ៏ឆ្លាតវៃចំពោះពេលវេលារបស់យើង និង ការខិតខំរបស់យើង ដើម្បីខិតចូលកាន់តែជិតព្រះវរបិតាសួគ៌ ។ ចូរស្ដាប់តាមការអញ្ជើញរបស់ទំនុកដំកើងថា « ចូរបង្អង់សិន ឲ្យបានដឹងថាអញជាព្រះ » ( ទំនុកដំកើង ៤៦:១០ ) ។
ទំនាក់ទំនងសំខាន់ ទីពីរ គឺទំនាក់ទំនង ជាមួយក្រុមគ្រួសារយើង ។ ពីព្រោះ « គ្មានជោគជ័យណាអាចតបស្នងនឹងបរាជ័យនៅក្នុងផ្ទះបានឡើយ »៣ នោះយើងត្រូវតែផ្ដល់អាទិភាពដល់ក្រុមគ្រួសារយើង ។ យើងកសាងគ្រួសារដោយមានទំនាក់ទំនងស្រឡាញ់ និង ជ្រាលជ្រៅ តាមរយៈការធ្វើការសាមញ្ញជាមួយគ្នា ដូចជាការបរិភោគអាហារពេលល្ងាចជាគ្រួសារ រាត្រីជួបជុំគ្រួសារ និង លេងល្បែងរីករាយជាមួយគ្នា ។ នៅក្នុងទំនាក់ទំនងគ្រួសារ សេចក្ដីស្រឡាញ់ ត្រូវប្រកបអក្សរថា ព-េ-ល-វ-េ-ល-ា គឺពេលវេលា ។ ការឆ្លៀតពេលដើម្បីគ្នានឹងគ្នាទៅវិញទៅមកគឺជាគន្លឹះសម្រាប់ភាពសុខដុមនៅក្នុងគេហដ្ឋាន ។ យើងនិយាយជាមួយគ្នាប្រសើរជាងគ្រាន់តែនិយាយអំពីគ្នាទៅវិញទៅមក ។ យើងរៀនពីគ្នាទៅវិញទៅមក និង អបអរចំពោះភាពខុសគ្នារបស់យើង ក៏ដូចជាភាពដូចគ្នារបស់យើងផងដែរ ។ យើងកសាងចំណងដ៏ទេវភាពជាមួយគ្នា នៅពេលយើងចូលទៅរកព្រះជាមួយគ្នា តាមរយៈការអធិស្ឋានជាគ្រួសារ ការសិក្សាដំណឹងល្អ និង ការថ្វាយបង្គំនៅថ្ងៃអាទិត្យ ។
ទំនាក់ទំនងសំខាន់ ទីបី ដែលយើងមាន គឺទំនាក់ទំនង ជាមួយមនុស្សជាតិ ។ យើងកសាងទំនាក់ទំនងនេះម្នាក់ម្ដងៗ — តាមរយៈការយល់ដឹងពីសេចក្ដីត្រូវការរបស់អ្នកដទៃ បម្រើគេ និង ផ្ដល់ពេលវេលា និង ទេពកោសល្យរបស់យើង ។ ខ្ញុំមានការកោតសរសើរចំពោះបងស្រីម្នាក់ដែលមានបន្ទុកដោយសារបញ្ហាជរា និង ជំងឺ ប៉ុន្តែគាត់បានសម្រេចចិត្តថា ទោះបីគាត់មិនអាចធ្វើអ្វីបានច្រើនក្ដី គាត់នៅតែស្ដាប់បាន ។ ដូច្នេះ រាល់សប្ដាហ៍គាត់រកមនុស្សដែលហាក់បីដូចជាមានបញ្ហា ឬ បាក់ទឹកចិត្ត ហើយគាត់ចំណាយពេលជាមួយពួកគេ ស្ដាប់រឿងរ៉ាវរបស់ពួកគេ ។ វាជាពរជ័យខ្លាំងណាស់នៅក្នុងជីវិតមនុស្សជាច្រើនដោយសារគាត់ ។
ទំនាក់ទំនងសំខាន់ ទីបួន គឺទំនាក់ទំនង ជាមួយខ្លួនឯង ។ វាហាក់បីដូចជាប្លែកក្នុងការគិតពីការមានទំនាក់ទំនងជាមួយខ្លួនឯង ប៉ុន្តែយើងពិតជាមាន ។ មនុស្សមួយចំនួនមិនសូវជាមានភាពស្រុះស្រួលជាមួយខ្លួនឯងប៉ុន្មានទេ ។ ពួកគេរិះគន់ និង មានភាពល្វីងជូរចត់ជាមួយនឹងខ្លួនឯងពេញមួយថ្ងៃ រហូតដល់គេចាប់ផ្ដើមស្អប់ខ្លួនឯង ។ ខ្ញុំសូមផ្ដល់យោបល់ថា សូមកាត់បន្ថយភាពប្រញាប់ប្រញាល់ ហើយឆ្លៀតពេលបន្តិចបន្តួចបន្ថែមដើម្បីរៀនស្គាល់ខ្លួនអ្នកឲ្យបានកាន់តែប្រសើរ ។ សូមដើរគយគន់ធម្មជាតិ មើលព្រះអាទិត្យរះ រីករាយជាមួយនឹងស្នាព្រហស្តនៃការបង្កបង្កើតរបស់ព្រះ ពិចារណាសេចក្ដីពិតនៃដំណឹងល្អដែលបានស្ដារឡើងវិញ និង ស្វែងរកថាតើវាមានអត្ថន័យចំពោះអ្នកផ្ទាល់យ៉ាងដូចម្ដេច ។ សូមរៀនមើលខ្លួនអ្នកដូចព្រះវរបិតាសួគ៌មើលអ្នក — គឺជាបុត្រី ឬ បុត្រាដ៏មានតម្លៃជាមួយនឹងសក្ដានុពលភាពដ៏ទេវភាព ។
កម្លាំងនៅក្នុងភាពសាមញ្ញ
ភាពរឹងមាំបានមក មិនមែនតាមរយៈសកម្មភាពដ៏វីវក់ទេ ប៉ុន្តែតាមរយៈការចាក់គ្រឹះដ៏រឹងមាំនៃសេចក្ដីពិត និង ពន្លឺ ។ វាបានមកពីការដាក់ការយកចិត្តទុកដាក់ និង ការខិតខំរបស់យើងទៅលើមូលដ្ឋាននៃដំណឹងល្អដែលបានស្ដារឡើងវិញនៃព្រះយេស៊ូវគ្រីស្ទ ។ វាបានមកពីការផ្តោតយកចិត្តទុកដាក់ទៅលើអ្វីៗដ៏ទេវភាពដែលមានសារៈសំខាន់បំផុត ។
សូមយើងធ្វើឲ្យជីវិតយើងមានភាពសាមញ្ញបន្តិច ។ ចូរយើងធ្វើការផ្លាស់ប្ដូរដែលចាំបាច់ដើម្បីយកចិត្តទុកដាក់លើជីវិតរបស់យើងសារជាថ្មី ទៅលើភាពស្រស់ស្អាតយ៉ាងវិសេសនៃផ្លូវនៃភាពជាសិស្សជាពួកគ្រីស្ទានដ៏រាបទាប សាមញ្ញ — ជាផ្លូវដែលតែងតែដឹកនាំឆ្ពោះទៅជីវិតមានន័យ សេចក្ដីរីករាយ និង សេចក្ដីសុខសាន្ត ។