២០១៥
ទីបន្ទាល់​របស់​ម៉ៃ
June 2015


ទីបន្ទាល់ របស់​ម៉ៃ

អ្នក​និពន្ធ​រស់​នៅ​ក្នុង​រដ្ឋ មិសសួរី ស.រ.អា ។

« ព្រះវិញ្ញាណ​បរិសុទ្ធ​ខ្សឹប​ជា​សំឡេង​រហៀង ។ ទ្រង់​ថ្លែង​ពី​ព្រះអង្គ និង ព្រះគ្រីស្ទ ធ្វើ​ឲ្យ​ចិត្ត​យើង​ត្រេកអរ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ១០៥ ) ។

វា​ហួស​ពេល​ចូល​គេង​របស់​នាង​ហើយ តែ​ម៉ៃ​មិន​ទាន់​ចូល​គេង​ទៀត ។ នាង​អង្គុយ​នៅ​លើ​ឥដ្ឋ​ក្នុង​បន្ទប់​នាង កំពុង​គិត​អំពី​អ្វី​ដែល​បងស្រី ឌូវេល​បាន​អាន​នៅ​ក្នុង​ថ្នាក់​កុមារ ៖ « ពេល​វេលា​នឹង​មក​ដល់ ពេល​ដែល​គ្មាន​បុរស ឬ ស្ត្រី​ណា​ម្នាក់​នឹង​អាច​ឈរ​នៅលើ​ពន្លឺ​ដែល​ខ្ចី​ពី​គេ​បាន​ឡើយ » ។

បងស្រី ឌូវេល​បាន​ពន្យល់​ថា « ទីបន្ទាល់​មួយ​គឺ​ដូច​ជា​ពន្លឺ​ដែល​នៅ​ខាង​ក្នុង​ខ្លួន​យើង » ។ « ហើយ​យើង​ម្នាក់ៗ​ត្រូវការ​ពន្លឺ​នោះ​មួយ​សម្រាប់​ខ្លួន​យើង​ផ្ទាល់ ។ បន្ទាប់​មក​យើង​អាច​រឹងមាំ ពេល​ជីវិត​ជួប​ការលំបាក និង ពេល​សាតាំង​ល្បួង​យើង » ។

ម៉ៃ​ឱន​ក្បាល​នាង​ទៅ​នឹង​គ្រែ ។ នាង​បាន​គិត​ថា « ខ្ញុំ​ចង់​បាន​ទីបន្ទាល់​មួយ​ដែល​ថា ដំណឹងល្អ​គឺ​ពិត » ។ ប៉ុន្តែ តើ​អ្នក​អាច ទទួល បាន​ទីបន្ទាល់​មួយ​ដោយ​របៀប​ណា​ឲ្យ​ប្រាកដ​ទៅ ? នាង​បាន​ដឹង​ថា ការអធិស្ឋាន​គឺ​ជា​ផ្នែក​មួយ ។

នាង​សម្រេច​ថា « ខ្ញុំ​នឹង​អធិស្ឋាន » ។ នាង​អធិស្ឋាន ហើយ​មិន​ឈប់​ឡើយ រហូត​ទាល់​តែ​មាន​អ្វី​មួយ​បាន​កើត​ឡើង​ដែល​នឹង​ធ្វើ​ឲ្យ​នាង​ដឹង​ថា​សាសនាចក្រ​គឺ​ពិត ។ នាង​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ហើយ​ដើម្បី​អធិស្ឋាន​អស់​ពេញ​មួយ​យប់ ប្រសិន​បើ​នាង​ត្រូវតែ​ធ្វើ​ដូច​នោះ ។

នាង​បាន​លុត​ជង្គង់​ចុះ ។ នាង​អធិស្ឋាន​ខ្សឹបៗ​ថា « ព្រះវរបិតាសួគ៌​ជា​ទី​ស្រឡាញ់​អើយ កូន​ចង់​ដឹង​ថា​បើ​សាសនាចក្រ​ពិត​ឬ​ទេ ។ កូន​ចង់​ដឹង​នៅ​ក្នុង​ចិត្ត​កូន » ។

ម៉ៃ​បាន​រង់ចាំ ។ នាង​ពុំ​បាន​ទទួល​អារម្មណ៍​អ្វី​ឡើយ លើកលែង​តែ​អារម្មណ៍​ទន់ភ្លន់​ដែល​នាង​តែងតែ​ទទួល​ពេល​នាង​អធិស្ឋាន ។ តើ​នាង​បាន​ធ្វើ​អ្វី​ខុស​ទៅ ? តើ​ទីបន្ទាល់​របស់​នាង​នៅឯ​ណា ?

នាង​បាន​លុត​ជង្គង់​យ៉ាង​យូរ ពេល​ដែល​ទ្វារ​បន្ទប់​នាង​របើក​បន្តិច ហើយ​ឪពុក​នាង​បាន​ចូល​ទៅ ។

គាត់​បាន​និយាយ​ថា « ប៉ា​បាន​ឃើញ​ពន្លឺ​តាម​ក្រោម​ទ្វារ » ។ « តើ​កូន​នៅ​មិន​ទាន់​គេង​ដើម្បី​អាន​សៀវភៅ​ទៀត​ហើយ​មែន​ទេ ? » បន្ទាប់​មក​គាត់​បាន​ឃើញ​ទឹក​ភ្នែក​លើ​ផ្ពាល់​របស់​ម៉ៃ ។ គាត់​បាន​លុត​ជង្គង់​ចុះ ហើយ​ឱប​នាង ។ « មាន​រឿង​អី​កូន ? »

នាង​ស្ងៀមស្ងាត់​មួយ​ស្របក់ ។ បន្ទាប់​មក​នាង​បាន​សួរ​ថា « ប៉ា តើ​ប៉ា​បាន​ទទួល​ទីបន្ទាល់​មួយ​ដោយ​របៀប​ណា​ទៅ ? »

ឪពុក​បាន​ឱប​នាង​យ៉ាង​ណែន ។ « វា​ជា​សំណួរ​ដ៏​ល្អ​មួយ ។ ការ​ចង់​បាន ទីបន្ទាល់​មួយ​គឺ​ជា​ជំហាន​ទីមួយ » ។

ការអួល​ដើម​ក​របស់​ម៉ៃ ហាក់​ដូច​ជា​បាត់​ទៅ​វិញ ។

« ការ​ទទួល​បាន​ទីបន្ទាល់​មួយ​ពុំ​តែងតែ​កើត​ឡើង​ជាមួយ​នឹង​ការអធិស្ឋាន​ម្ដង​នោះ​ទេ ។ ហើយ​សូម្បី​តែ​នៅ​ពេល​កូន​មាន​ទីបន្ទាល់​មួយ​ហើយ​ក្ដី ក៏​កូន​ត្រូវការ​បន្ត​ពង្រឹង​វា​ផងដែរ » ។

« ប៉ុន្តែ តើ​ទី​បន្ទាល់​បាន​មក​ពី​ណា​ទៅ ? » ម៉ៃ​បាន​សួរ ។

ឪពុក​បាន​និយាយ​ថា « ទីបន្ទាល់​មួយ​បាន​មក​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ » ។ « តើ​កូន​ធ្លាប់​មាន​អារម្មណ៍​កក់ក្ដៅ និង ល្អ​ក្នុង​អំឡុង​ពេល​រាត្រី​ជួបជុំ​គ្រួសារ ឬ នៅ​ព្រះវិហារ​ទេ ? »

ម៉ៃ​បាន​គិត ។ « ពេល​ប៉ា​បាន​ផ្ដល់​ពរជ័យ​ពិសេស​ដល់​កូន មុន​ពេល​សាលា​បើក​បវេសនកាល កូន​មាន​អារម្មណ៍​ល្អ » ។ នាង​បាន​គិត​បន្ថែម​ទៀត ។ « ហើយ​កូន​តែងតែ​មាន​អារម្មណ៍​កក់ក្ដៅ​នៅ​ខាង​ក្នុង ពេល​កូន​ឮ​ប្រធាន ម៉នសុន មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​ទូទៅ ។ ហើយ​ពេល​កូន​ធ្វើ​ល្អ​ចំពោះ​មិត្តភក្ដិ​កូន ឬ ពេល​កូន​អាន​ព្រះគម្ពីរ​របស់​កូន កូន​មាន​អារម្មណ៍​ល្អ​នៅ​ពេល​នោះ​ផង​ដែរ » ។

ឪពុក​ញញឹម ។ « អារម្មណ៍​ទាំង​នោះ​គឺ​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ​មាន​បន្ទូល​ទៅ​កាន់​កូន ។ ទ្រង់​ប្រទាន​អារម្មណ៍​ទាំងនោះ​ដល់​កូន ពេល​កូន​ធ្វើ​អ្វី​ដែល​ត្រឹមត្រូវ ឬ ពេល​កូន​ឮ​អ្វី​ដែល​ពិត » ។

ម៉ៃ​បាន​និយាយ​ថា « ឥឡូវ​នេះ​កូន​មាន​អារម្មណ៍​កក់ក្ដៅ និង សប្បាយ​ចិត្ត » ។ « តើ​នេះ​គឺ​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ​មែន​ទេ ? »

ឪពុក​បាន​ឱប​នាង​ម្ដង​ទៀត ។ « បាទ ។ ទ្រង់​កំពុង​តែ​ប្រាប់​កូន​ថា អ្វីៗ​ដែល​យើង​កំពុង​តែ​និយាយ​គឺ​ពិត ។ ហើយ នោះ​គឺ​ជា របៀប​ដែល​កូន​ទទួល​នូវ​ទីបន្ទាល់​មួយ » ។

ពេល​ម៉ៃ​ចូល​គេង​ក្រោយ​ពី​នោះ នាង​មិន​បាន​គិត​ថា នាង​មាន​ទីបន្ទាល់​ពេញលេញ​នៅ​ឡើយ​ទេ ប៉ុន្តែ​នាង​បាន​មាន​អារម្មណ៍​ដ៏​ល្អ ដ៏​កក់ក្ដៅ​នោះ ដែល​ឪពុក​នាង​បាន​ប្រាប់​នាង​ថា​ពិត ។ នាង​បាន​ដឹង​ថា អារម្មណ៍​គឺ​គ្រាន់តែ​ជា​ការចាប់​ផ្ដើម​ប៉ុណ្ណោះ ។

ម៉ៃ​ចូល​ទៅ​ក្នុង​ភួយ​ដ៏​កក់ក្ដៅ​របស់​នាង ហើយ​បិទ​ភ្នែក ។ មុនពេល​ដែល​នាង​ហៀប​នឹង​គេង​លក់ នាង​បាន​ខ្សឹប​ថា « អរព្រះគុណ​ព្រះវរបិតាសួគ៌ ដែល​បាន​ជួយ​កូន​ឲ្យ​មាន​ទីបន្ទាល់​មួយ ។ ហើយ​សូម​អរព្រះគុណ​ទ្រង់​សម្រាប់​ប៉ា​របស់​កូន » ។

កំណត់​ចំណាំ

  1. Orson F. Whitney, Life of Heber C. Kimball ( ឆ្នាំ ១៩៦៧ ) ទំព័រ ៤៥០ ។