២០១៥
ការទុកចិត្ត​លើ​ការអះអាង​ទាំងឡាយ​របស់​ព្រះអម្ចាស់
June 2015


ការទុកចិត្ត​លើ ការអះអាង​ទាំងឡាយ របស់​ព្រះអម្ចាស់

យើង​អាច​នឹង​មិន​តែងតែ​ត្រូវបាន​ដោះលែង​ចេញ​ពី​ការសាកល្បង​របស់​យើង​នោះ​ទេ ប៉ុន្តែ​ពេល​យើង​ស្វែងរក​ការអះអាង​ទាំងឡាយ​របស់​ព្រះអម្ចាស់ នោះ​យើង​អាច​ដឹង​ថា អ្វីៗ​ទាំងអស់​នឹង​បាន​ស្រួល សូម្បី​តែ​នៅក្នុង​គ្រា​សាកល្បង​ទាំងឡាយ ។

រូបភាព
Mongolian young woman standing by a curtained window looking out.

ខ្ញុំ​បាន​អង្គុយ​នៅក្នុង​បន្ទប់​សេឡេស្ទាល​នៃ​ព្រះវិហារ​បរិសុទ្ធ សញ្ជឹង​គិត​ពី​ទិសដៅ​នៃ​ជីវិត​ខ្ញុំ — គឺ​ពិត​ជា​ចេញ​ពី​ផ្លូវ​ដែល​ខ្ញុំ​បាន​ដាក់​ផែនការ ។ ដូច​ជា​មជ្ឈិមវ័យ​វ័យ​ក្មេង​ជា​ច្រើន​ទៀត​ដែរ អ្វី​ដែល​ខ្ញុំ​ឮ​ក្នុង​គំនិត​ខ្ញុំ​គឺ​ការព្រួយ​បារម្ភ​របស់​ខ្ញុំ ៖ តើ​ខ្ញុំ​អាច​ធ្វើ​ឲ្យ​មាន​តុល្យភាព​រវាង​ពិន្ទុ​ល្អ​ក្នុង​ថ្នាក់ និង មាន​ជីវិត​មួយ​ល្អ​ខាង​សង្គម​យ៉ាង​ដូច​ម្ដេច​ទៅ ? តើ​ខ្ញុំ​គួរ​តែ​ឈប់​ពី​ការងារ​របស់​ខ្ញុំ ? ស្វែង​រក​ការងាមួយ​ផ្សេង​ទៀត ? តើ​ខ្ញុំ​អាច​សន្សំ​លុយ​យ៉ាង​ណា​ទៅ បើ​ខ្ញុំ​អត់​មាន​លុយ​ផង ? ហេតុ​អ្វី​ខ្ញុំ​មិន​ទាន់​រៀបការ ? បញ្ជី​នៃ​ការគិត​នោះ​ចេះ​តែ​បន្ត​ដោយ​ការព្រួយបារម្ភ ។ ខ្ញុំ​បាន​ទៅ​ព្រះវិហារ​បរិសុទ្ធ​ដើម្បី​ស្វែងរក​ការលួងលោម ដោយ​អធិស្ឋាន​ដើម្បី​បាន​ការអះអាង​ថា ជីវិត​របស់​ខ្ញុំ​គឺ​ស្ថិត​ក្នុ​ងព្រះហស្ត​ព្រះវរបិតាសួគ៌ ។ « តើ​អ្វីៗ​គ្រប់​យ៉ាង​នឹង​បាន​រៀបរយ​នៅ​ក្នុង​ជីវិត​ខ្ញុំ​ឬ​ទេ ? » ខ្ញុំ​បាន​សួរ ។ ចម្លើយ​បាន​ចូល​មក​ក្នុង​គំនិត​ខ្ញុំ​យ៉ាង​រហ័ស និង ប្រាកដ​ប្រជា​ថា ៖ « អ្វីៗ​ទាំងអស់ នឹង​បាន ស្រួល » ។

ក្នុង​គ្រា​នោះ ខ្ញុំ​បាន​យល់​ថា ទោះ​បី​ជា​ជីវិត​របស់​ខ្ញុំ​ពុំ​បាន​ដូច​ជា​អ្វី​ដែល​ខ្ញុំ​បាន​ដាក់​ផែនការ ក៏​វា​កំពុង​តែ​ស្រប​ទៅ​តាម​ផែនការ របស់​ទ្រង់ ហើយ​ទ្រង់​ជា​អ្នក​គ្រប់គ្រង ។ ការអះអាង​ដ៏​ផ្អែមល្ហែម​នោះ ដែល​ថា ទ្រង់​ស្គាល់ និង ថែ​រក្សា​ខ្ញុំ សូម្បី​បើ​ទ្រង់​មិន​តែងតែ​ដក​យក​ចេញ​នូវ​ការសាកល្បង​របស់​ខ្ញុំ​ក៏​ដោយ ក៏​ទ្រង់​បាន​បីត្រកង​ខ្ញុំ​ឆ្លង​កាត់​ការលំបាក​ទាំងឡាយ​ដែរ ។ ពេល​យើង​បាន​យល់ ស្វែងរក និង រង់ចាំ​ដើម្បី​បាន​ការអះអាង​ទាំងនេះ នោះ​យើង​អាច​ដឹង​ថា ព្រះអម្ចាស់​គាំទ្រ​យើង​ឆ្លង​កាត់​បន្ទុក​ដែល​ត្រូវបាន​ដាក់​លើ​យើង ។

ការអះអាង​ជាជាង​ការដោះលែង

ច្បាស់​ណាស់ ការដោះលែង​ភ្លាមៗ​ចេញ​ពី​ការសាកល្បង​របស់​យើង​មិនមែន​តែងតែ​ជា​ចម្លើយ​របស់​ព្រះអម្ចាស់​ចំពោះ​ការអង្វរ​របស់​យើង​នោះ​ទេ ។ ផ្ទុយ​ពី​នោះ ទ្រង់​អាច​នឹង​ប្រទាន​ពរ​យើង​ជាមួយ​នឹង​ការអះអាង​ទាំងឡាយ​ដែល​មាន​តម្លៃ​ឥត​គណនា តាម​រយៈ​វិវរណៈ​ផ្ទាល់​ខ្លួន — ជា​ការអះអាង​ដែល​ថា​ទ្រង់​ដឹកនាំ​ជីវិត​យើង ហើយ​ទ្រង់​នឹង​ដោះលែង​យើង​ចេញ​ពី​ការសាកល្បង​របស់​យើង ។ ការអះអាង​ទាំង​នេះ​អាច​នឹង​មិន​ដោះលែង​យើង​ចេញ​ពី​ការសាកល្បង​របស់​យើង​នោះ​ទេ ប៉ុន្តែ​ប្រហែល​នឹង​ផ្ដល់​ដល់​យើង​នូវ​កម្លាំង​ដែល​យើង​ត្រូវការ​ដើម្បី​ដោះលែង​ខ្លួន​យើង សូម្បី​បើ​ការដោះលែង​នោះ​គ្រាន់តែ​ជា​ការលួងលោម​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ក៏​ដោយ ។ ជា​ញឹកញាប់ ខ្ញុំ​បាន​កត់សម្គាល់​គំរូ​ជា​ច្រើន​នៅ​ក្នុង​ព្រះគម្ពីរ ពី​របៀប​ដែល​ព្រះអម្ចាស់​បាន​បញ្ជូន​ការអះអាង​មក​មុន​ការដោះលែង ។

ខណៈ​ដែល​ហេលេមិន​កំពុង​ដឹកនាំ​កងពល​កំលោះ​ទាំង ២០៦០ នាក់ និង កងទ័ព​សាសន៍​នីហ្វៃ​ផ្សេង​ទៀត​របស់​លោក ពួកគេ​បាន​ទទួល​ការអះអាង​ពី​ព្រះអម្ចាស់ ។ បន្ទាប់​ពី​ការរង់ចាំ​អស់​ជាច្រើន​ខែ​ដើម្បី​ទទួល​បាន​ស្បៀង និង កងទ័ព​ជំនួយ​បន្ថែម នោះ​ពួកគេ​ស្ថិត​ក្នុង​ដំណាក់​កាល​នៃ​ការអត់ឃ្លាន​យ៉ាង​ខ្លាំង ពេល​ដែល​ស្បៀង​អាហារ​មក​ដល់​ជាមួយ​នឹង​ពលទ័ព​មួយ​ក្រុម​តូច ។ ដោយ​ខ្លាច​ថា​ពលទ័ព​បន្ថែម​ដ៏​តិចតួច​នេះ​មិន​គ្រប់គ្រាន់ នោះ​នៅ​ទីបំផុត​ពួកគេ​បាន​បែរ​ទៅ​រក​ព្រះអម្ចាស់ ហើយ « បាន​ខិតខំ​អស់​ពី​ដួងចិត្ត​នៅក្នុង​ការអធិស្ឋាន​ដល់​ព្រះ សូម​ឲ្យ​ទ្រង់​ចម្រើន​កម្លាំង​ដល់ [ ពួកគេ ] » ។ បន្ទាប់​ពី​ពួកគេ​អធិស្ឋាន​ហើយ ហេលេមិន​បាន​រៀបរាប់​ថា « ព្រះអម្ចាស់​ជា​ព្រះ​របស់​យើង ទ្រង់​បាន​យាង​មក​ជួប​យើង ដោយ​នូវ​ការអះអាង​ទាំងឡាយ​ថា ទ្រង់​នឹង​ដោះលែង​ពួក​យើង​ឲ្យ​រួច មែនហើយ ដរាប​ដល់​ទ្រង់​មាន​ព្រះបន្ទូល​នូវ​សេចក្ដី​សុខសាន្ត​ដល់​ព្រលឹង​ពួកយើង ហើយ​បាន​ប្រទាន​ដល់​យើង​នូវ​សេចក្ដី​ជំនឿ​ដ៏​ធំ ហើយ​បាន​ធ្វើ​ឲ្យ​យើង​មាន​សេចក្ដី​សង្ឃឹម​ដល់​ការដោះលែង​ពួក​យើង​ក្នុង​ទ្រង់ » ( អាលម៉ា ៥៨:១០–១១ ) ។ ការអះអាង​ទាំងនេះ​បាន​ផ្ដល់​ដល់​ហេលេមិន និង កងពល​របស់​លោក​នូវ​កម្លាំង​ដើម្បី​មាន​សេចក្ដី​ខ្ជាប់ខ្ជួន និង យក​ជ័យ​ជំនះ​លើ​សត្រូវ​របស់​ពួកគេ ។

យ៉ូសែប ស្ម៊ីធ ក៏​បាន​ទទួល​ការអះអាង​មួយ​ផង​ដែរ​ពី​ព្រះអម្ចាស់ ពេល​ជាប់​នៅ​ក្នុង​គុគ​លីប៊ើធី ។ កាលដែល​លោក​បានអធិស្ឋាន​ដោយ​ក្លៀវក្លា នោះ​លោក​ត្រូវបាន​ប្រាប់​ថា ៖

« បុត្រ​យើង​អើយ ចូរ​មាន​សេចក្ដី​សុខសាន្ត​ដល់​ព្រលឹង​បុត្រ​ចុះ សេចក្ដី​ទំនាស់ និង​សេច​ក្ដី​លំបាក​របស់​អ្នក​នោះ​គ្រាន់​តែ​មួយ​ភ្លែត​ប៉ុណ្ណោះ​ទេ

« ហើយ​ខណៈ​នោះ បើសិនជា​អ្នក​ស៊ូទ្រាំ​ការណ៍​នោះ​ដោយ​ហ្មត់ចត់ នោះ​ព្រះ​ទ្រង់​នឹង​តម្កើង​អ្នក​ឡើង​នៅ​ស្ថាន​ខ្ពស់ » ( គ. និង ស. ១២១:៧–៨ ) ។

ការអះអាង​នេះ​បាន​ផ្ដល់​ដល់​យ៉ូសែប​នូវ​សេចក្ដី​ក្លាហាន និង កម្លាំង​ចិត្ត​ដើម្បី​បន្ត​ស៊ូទ្រាំ​ចំពោះ​ការលំបាក​ទាំងឡាយ​ដែល​ស្ទើរ​តែ​យក​ឈ្នះ​លើ​លោក​នោះ ។

ក្នុង​គំរូ​ទាំងនេះ និង ជា​ច្រើន​ផ្សេង​ទៀត ( ជា​ឧទាហរណ៍៍ សូមមើល ម៉ូសាយ ២៤:៨–១៦ ) ព្រះអម្ចាស់​ពុំ​គ្រាន់តែ​ដោះលែង​ពួក​អ្នក​ស្មោះត្រង់​ចេញ​ពី​ការសាកល្បង​របស់​ពួកគេ​ភ្លាម​នោះ​ទេ ។ ប៉ុន្តែ ទ្រង់​បាន​យាង​មក​ជួប​ពួកគេ​ជាមួយ​នឹង ការអះអាង ថា ទ្រង់ នឹង ដោះលែង​ពួកគេ​នៅក្នុង​ពេល​វេលា​របស់​ទ្រង់ ។ ដោយ​ខ្ចី​ពាក្យ​សម្ដី​ពី​អែលឌើរ រីឆាដ ជី ស្កត នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ នោះ​ការអះអាង​ទាំងនេះ​គឺ​ដូច​ជា « សំណុំ​នៃ​ពន្លឺ​ព្រះអាទិត្យ​ខាង​វិញ្ញាណ » ដែល​ព្រះវរបិតាសួគ៌​ដាក់​នៅ​តាម​ផ្លូវ​របស់​យើង « ដើម្បី​បំភ្លឺ​ផ្លូវ [ របស់​យើង ] » ។ ជួនកាល​ការអះអាង​នោះ​គឺជា​អ្វីៗ​ទាំងអស់​ដែល​យើង​ត្រូវការ ដើម្បី​ខំព្យាយាម​ឆ្លង​កាត់​ការសាកល្បង​របស់​យើង ដោយ​ដឹង​ថា នឹង​មាន​ការដោះលែង​នៅ​ទី​បំផុត ។

ស្វែងរក​ការអះអាង

ជីវិត​គឺ​លំបាក ។ មាន​ពេល​វេលា​ទាំងឡាយ ពេល​ដែល​យើង​សង្ស័យ ពេល​ដែល​យើង​ខ្វះ​ទំនុកចិត្ត​លើ​ខ្លួន​យើង និង លើ​សមត្ថិភាព​របស់​យើង​ក្នុង​ការយក​ជ័យ​ជំនះ​លើ​មាសត្រូវ ពេល​យើង​បាត់បង់​សេចក្ដី​សង្ឃឹម ។ ជា​ញឹកញាប់ វា​អាច​មាន​អារម្មណ៍​ដូចជា​ការសាកល្បង​របស់​យើង​មិន​ចេះ​ចប់​សោះ ។ ហើយ​ទោះបី​ការអះអាង​មួយ​ចំនួន​បាន​មក​ដោយ​ពុំ​មាន​ការខិតខំ​លើ​ផ្នែក​របស់​អ្នក​ក្ដី ក៏ភាគ​ច្រើន​យើង​ត្រូវការ​ស្វែងរក​ការអះអាង​ទាំងនោះ ដែល​ប្រាប់​យើង​ថា នឹង​មាន​ការលើកលែង​ចេញ​ពី​ការសាកល្បង​របស់​យើង ។

ជាញឹកញាប់ ការអះអាង​ទាំងឡាយ​របស់​ព្រះអម្ចាស់​បាន​មក​តាម​រយៈ​សំឡេង​នៃ​ពួក​អ្នក​បម្រើ​របស់​ទ្រង់ ៖ អ្នក​ដឹកនាំ​តាម​តំបន់ គ្រូ​ថ្នាក់​សិក្ខាសាលា និង គ្រូ​សាលា​ថ្ងៃ​អាទិត្យ និង ជា​ពិសេស​គឺ​ពួក​ព្យាការី និង សាវក​របស់ទ្រង់ ។ ខារ៉ូល អេហ្វ ម៉ាក់ខន់ឃី ជា​ទីប្រឹក្សា​ទីមួយ​ក្នុង​គណៈប្រធាន​យុវនារី​ទូទៅ បាន​រំឭក​យើង​ថា « នៅក្នុង​ពាក្យ​សម្ដី​របស់​ពួក​អ្នក​ដឹកនាំ យើង​ឮ​សំឡេង​នៃ​ព្រះអម្ចាស់ ហើយ​យើង​ទទួល​អារម្មណ៍​ពី​សេចក្ដី​ស្រឡាញ់​នៃ​ព្រះអង្គ​សង្គ្រោះ » ។

ការអះអាង​ទាំង​នេះ​ក៏​មក​តាម​សំឡេង​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ផងដែរ ពេល​ដែល​យើង​ទូល​ទៅ​ព្រះវរបិតា​ដោយ​ស្មោះ​អស់​ពី​ចិត្ត​តាម​រយៈ​ការអធិស្ឋាន​ដ៏​ក្លៀវក្លា ពេល​យើង​អាន និង ពិចារណា​ព្រះគម្ពីរ ពេល​យើង​ចូល​រួម​ក្នុង​ព្រះវិហារ​បរិសុទ្ធ ពេល​យើង​បម្រើ​អ្នក​ដទៃ និង ព្យាយាម​ធ្វើ​អ្វី​ដែល​ត្រឹមត្រូវ ។ និយាយ​ឲ្យ​ខ្លី​ទៅ ការអះអាង​របស់​ព្រះអម្ចាស់​មក នៅពេល​យើង « រក​ទ្រង់​អស់​ពី​ចិត្ត [ របស់​យើង ] ហើយ​អស់​ពី​ព្រលឹង [ របស់​យើង ] » ( ចោទិយកថា ៤:២៩ ) និង គោរព​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់ ។

ហេលេមិន និង ពលទ័ព​របស់​លោក​បាន​ទទួល​ការអះអាង​មួយ បន្ទាប់​ពី​មាន​ការអធិស្ឋាន​ដោយ​ស្មោះ​អស់​ពី​ចិត្ត​ជា​ច្រើន យ៉ូសែប ស្ម៊ីធ បាន​ទទួល​ការអះអាង​មួយ​បន្ទាប់​ពី​បាន​អធិស្ឋាន និង សញ្ជឹង​គិត ។ ក្នុង​ស្ថានភាព​ទាំងពីរ ព្រះអម្ចាស់​បាន​សាកល្បង​ការអត់ធ្មត់ និង សេចក្ដី​ជំនឿ​របស់​ពួកគេ ពីមុន​ផ្ដល់​ការអះអាង​មួយ — ជា​ការរំឭក​ដ៏​ល្អ​មួយ​ថា អំឡុង​ពេល​នៃ​ការសាកល្បង​ទាំងឡាយ យើង​គប្បី​តោង​ជាប់​នឹង​សេចក្ដី​ជំនឿ​របស់​យើង ហើយ​អនុវត្ត​ការអត់ធ្មត់ ។

ការ​រង់ចាំ​ការអះអាង

រូបភាព
Mongolian young woman standing by a window looking out.

ដូច​នឹង​ការសាកល្បង​នៃ​ការអត់ធ្មត់​ផ្សេង​ទៀត​ដែរ ការអះអាង​របស់​ព្រះអម្ចាស់​អាច​នឹង​មិន​បាន​មក​តាម​របៀប និង ពេល​ដែល​យើង​រំពឹង​ចង់​បាន​នោះ​ទេ ។ យើង​អាច​ត្រូវការ​អធិស្ឋាន​ដើម្បី​មាន « ភ្នែក​សម្រាប់​មើល » ( អេសេគាល ១២:២ ) ព្រះហស្ត​នៃ​ព្រះអម្ចាស់ និង ការអះអាង​របស់​ទ្រង់​នៅ​ក្នុង​ជីវិត​យើង ។ អែលឌើរ ដេវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​មាន​ប្រសាសន៍​អំពី​របៀប​ដែល​សេចក្ដី​មេត្តា​ករុណា​ដ៏​ទន់ភ្លន់​របស់​ព្រះអម្ចាស់​អាច​រួម​បញ្ចូល​ទាំង​ការអះអាង​ទាំងនេះ ហើយ​លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា ការអះអាង​ទាំង​នេះ « ពុំ​កើតឡើង​ព្រៀវៗ ឬ គ្រាន់តែ​ដោយ​ចៃដន្យ​នោះ​ទេ ។ ភាព​ស្មោះត្រង់ និង ការគោរព​ប្រតិបត្តិ ជួយ​យើង​ឲ្យ​ទទួល​បាន​នូវ​អំណោយទាន​ដ៏​សំខាន់​ទាំងនេះ ហើយ​ជាញឹកញាប់ ពេលវេលា​របស់​ព្រះអម្ចាស់​នឹង​ជួយ​យើង​ឲ្យ​ស្គាល់​អំណោយទាន​ទាំងនោះ » ។

ជា​ញឹកញាប់ ការរង់ចាំ​ដើម្បី​បាន​ការដោះលែង ឬ ការអះអាង​មួយ​អំពី​ការដោះលែង ត្រូវ​ការ​នូវ​ភាពអត់ធ្មត់​ច្រើន​ជាង​ដែល​យើង​គិត​ថា​យើង​មាន ។ យើង​អាច​នឹង​ត្រូវតែ​ប្រឈម​នឹង​ការសាកល្បង​ដ៏​ធ្ងន់ធ្ងរ ពីមុន​ទទួល​បាន​ការធានា​ណា​មួយ​នោះ ។ ដូច​ដែល អែលឌើរ ស្កត បាន​ពន្យល់​ថា « សំណុំ​នៃ​ពន្លឺ​ព្រះអាទិត្យ​ខាង​វិញ្ញាណ » ដែល​ព្រះអម្ចាស់​ប្រទាន « ជា​ញឹកញាប់​បាន​មក បន្ទាប់​ពី​ការសាកល្បង​បាន​ក្លាយ​ជា​ការសាកល្បង​ដ៏​ធំ​មហិមា​បំផុត ជា​ភស្ដុតាង​នៃ​សេចក្ដី​អាណិត​ស្រឡាញ់​របស់​ព្រះវរបិតា​ដែល​ត្រាស់​ដឹង​ពី​អ្វីៗ​គ្រប់​យ៉ាង ។ ការសាកល្បង​ទាំងនោះ​តម្រង់​ផ្លូវ​ទៅ​កាន់​សុភមង្គល​ដែល​កាន់តែ​មហិមា ទៅ​កាន់​ការយល់​ដឹង​កាន់តែ​ច្រើន និង ពង្រឹង​ការប្ដេជ្ញា​ចិត្ត [ របស់​យើង ] ឲ្យ​ទទួល​យក និង គោរព​ប្រតិបត្តិ​ដល់​ព្រះឆន្ទៈ​របស់​ទ្រង់ » ។ ពេល​យើង​បន្ត​ស្មោះត្រង់ និង គោរព​ប្រតិបត្តិ​ឆ្លង​កាត់​ការសាកល្បង​របស់​យើង នោះ​ការអះអាង​របស់​ព្រះអម្ចាស់​នឹង​មក​ដើម្បី​ជួយ​យើង​ឲ្យ​បន្ត​ធ្វើ​ដូច្នោះ ។

ការអះអាង​ដ៏​ធំ​បំផុត​របស់​យើង

នៅ​ទីបំផុត មិន​ថា​យើង​បាន​ទទួល​ការអះអាង​ច្រើន​ប៉ុណ្ណា​ដែល​ថា ព្រះវរបិតាសួគ៌​ទ្រង់​ត្រាស់​ដឹង​ពី​យើង និង ស្ថានភាព​របស់​យើង​នោះទេ វា​នឹង​មិន​គ្រប់គ្រាន់​ដើម្បី​ជួយ​យើង​ឲ្យ​ស៊ូទ្រាំ​ដល់​ទីបំផុត​ឡើយ បើ​យើង​មិន​មាន​សេចក្ដី​ជំនឿ និង សេចក្ដី​សង្ឃឹម​ក្នុង​ព្រះយេស៊ូវគ្រីស្ទ​នោះ ។ តាម​រយៈដង្វាយ​ធួន​របស់​ទ្រង់ យើង​អាច​មាន​សេចក្ដី​សង្ឃឹម​ទាំងស្រុង​ថា យើង​នឹង​ត្រូវ​បាន​ដោះលែង​ឲ្យ​រួច​ពី​ការសាកល្បង​ទាំង​អស់​របស់​យើង​នៅ​ថ្ងៃ​មួយ ។ យើង​ក៏​អាច​ដឹង​ផងដែរ​ថា ព្រះអង្គ​សង្គ្រោះ​របស់​យើង​ទ្រង់​គង់​នៅ​ទីនោះ យល់​ចិត្ត​យើង​ឥត​ចន្លោះ ដ្បិត​ទ្រង់ « បាន​យាង​ចុះ​ក្រោម​គ្រប់​ទាំងអស់ ដោយ​ហេតុ​នោះ​ទើប​ទ្រង់​យល់​គ្រប់​ទាំងអស់ » ( គ. និង ស. ៨៨:៦ ) ។ ទ្រង់​យល់​ពី​ការសាកល្បង និង ទុក្ខ​ព្រួយ​របស់​យើង ព្រោះ​ទ្រង់ « រង​ការ​ឈឺចាប់ និង ទុក្ខ​វេទនា និង ការល្បួង​គ្រប់​បែប​យ៉ាង … ដើម្បី​ទ្រង់​អាច​ដឹង … តើ​ត្រូវ​ជួយ​រាស្ត្រ​ទ្រង់​បែបណា តាម​ជំងឺ​របស់​គេ » ( អាលម៉ា ៧:១១–១២ ) ។

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​មាន​ប្រសាសន៍​ថា ៖ « អ្វី​ដែល​ជា​ការអះអាង​ដ៏​មហិមា​បំផុត​នៅក្នុង​ផែនការ​របស់​ព្រះ​គឺ​ថា ព្រះ​បាន​សន្យា​ថា​នឹង​ប្រទាន​ព្រះអង្គ​សង្គ្រោះ​មួយ​អង្គ ជា​ព្រះអង្គ​ប្រោសលោះ ដែល​តាម​រយៈ​សេចក្ដី​ជំនឿ​របស់​យើង​នៅ​ក្នុង​ទ្រង់ នោះ​ទ្រង់​នឹង​លើក​យើង​ឡើង​ដោយ​ជោគជ័យ ឈ្នះ​ទៅ​លើ​ការសាកល្បង និង ការលំបាក​ទាំង​នោះ ។ … វា​ជាការ​ដឹងគុណ​ចំពោះ​ក្ដី​ស្រឡាញ់​ដ៏​​ទេវភាព​នេះ​តែ​មួយ​គត់ ដែល​នឹង​ធ្វើ​ឲ្យ​ការរងទុក្ខ​តិចតួច​របស់​យើង ដំបូង អាច​ទ្រាំទ្រ​បាន រួចហើយ​អាច​យល់ និង ចុងក្រោយ​អាច​សង្គ្រោះ​បាន » ។ ការរៀន​អំពី​ទ្រង់ និង ដង្វាយធួន​របស់​ទ្រង់ គឺជា​ការអះអាង​មួយ​អំពី​វា​ផ្ទាល់ ។

អ្វីៗ​ទាំងអស់​នឹង​បាន​ស្រួល

ពេល​យើង​យល់ តាម​ស្វែង​រក និង រង់ចាំ​ដើម្បី​បាន​ការអះអាង​ពី​ព្រះអម្ចាស់ នោះ​ការអះអាង​ទាំង​នោះ​នឹង​មក​ពិត​មែន ។ យើង​គប្បី​ចងចាំ​គ្រា​ដែល​មិន​អាច​កាត់​ថ្លៃ​បាន​ទាំងនោះ សរសេរ​វា​ទុក និង គិត​អំពី​វា​ជា​ញឹកញាប់ ។ សំខាន់​បំផុត យើង​ត្រូវ​ទុកចិត្តលើ​ការអះអាង​ទាំង​នោះ ហើយ​ជឿ ដូច​ជា​ហេលេមិន និង ពួក​ពលទ័ព​របស់​លោក និង ព្យាការី យ៉ូសែប ជឿ​ដែរ ថា​ព្រះអម្ចាស់​នឹង​បំពេញ​ការសន្យា​ដែល​ទ្រង់​បាន​សន្យា​ដល់​យើង ។ ទ្រង់​រំឭក​យើង​អំពី​ការសន្យា​ទាំងនោះ​តាម​រយៈ​ការអះអាង​ទាំងឡាយ​របស់​ទ្រង់ ហើយ​ទោះបី​ជា​ការអះអាង​ទាំងនោះ​អាច​នឹង​ពុំ​ធ្វើ​ឲ្យ​ការសាកល្បង​របស់​យើង​ចប់​ទៅ​មែន ក៏​យើង​អាច​ដឹង​ថា ព្រះវរបិតាសួគ៌​ទ្រង់​គង់​នៅ​ទី​នោះ​ជាមួយ​យើង ដើម្បី​គាំទ្រ និង ទ្រទ្រង់​យើង​ឲ្យ​ឆ្លង​កាត់​អ្វីៗ​គ្រប់​យ៉ាង ។

បន្ទាប់​ពី​បទពិសោធន៍​របស់​ខ្ញុំ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​នៅ​ថ្ងៃ​នោះ ការសាកល្បង​របស់​ខ្ញុំ​មិន​បាន​មាន​តិច​ជាង​មុន​ទេ ។ ខ្ញុំ​ពុំ​បាន​ពិន្ទុ​ល្អ​ភ្លាមៗ ឬ មាន​លុយ​ច្រើន​ជាង​មុន ឬ មាន​ការណាត់​ជួប​ជា​គូ​ច្រើន​នោះ​ទេ ។ ប៉ុន្តែ អ្វី​ដែល​ខ្ញុំ​មាន គឺ​ការអះអាង​ដ៏​ស្រទន់​ថា ទោះ​ខ្ញុំ​មាន​ការសាកល្បង​ក្ដី ក៏​ខ្ញុំ​មិន​អី​ដែរ ពីព្រោះ​ព្រះអម្ចាស់​នៅតែ​មាន​ព្រះបំណង​រក្សា​ការសន្យា​របស់​ទ្រង់​ដែល​ថា​នឹង​ដោះលែង​ខ្ញុំ ។ ជាមួយ​នឹង​ការអះអាង​នោះ ខ្ញុំ​ដឹង​ថា អ្វីៗ​ទាំងអស់ នឹង​បាន ស្រួល ។

កំណត់​ចំណាំ

  1. រីឆាដ ជី. ស្កត “Trust in the Lord,” Ensign, ខែ វិច្ឆិកា ឆ្នាំ ១៩៩៥ ទំព័រ ១៧ ។

  2. ខារ៉ូល អេហ្វ ម៉ាក់ខន់ឃី “Live according to the Words of the Prophets,” លីអាហូណា, ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ៧៧ ។

  3. ដេវីឌ អេ បែដណា “The Tender Mercies of the Lord,” លីអាហូណា, ខែ ឧសភា ឆ្នាំ ២០០៥ ទំព័រ ១០០ ។

  4. រីឆាដ ជី. ស្កត “Trust in the Lord,” ទំព័រ ១៧ ។

  5. ជែហ្វ្រី អ័រ ហូឡិន “Like a Broken Vessel,” លីអាហូណា, ខែ វិច្ឆិកា ឆ្នាំ ២០១៣ ទំព័រ ៤០ ។