២០១៥
សំណួរ​សម្ភាសន៍​ដែល​មិន​បាន​រំពឹង​ទុក
June 2015


សំណួរ​សម្ភាសន៍​ដែល​មិន​បាន​រំពឹង​ទុក

អាលវិន អេ ប្រទេស ហ្វីលីពីន

បន្ទាប់​ពី​បេសកកម្ម​របស់​ខ្ញុំ ខ្ញុំ​បាន​មាន​ការលំបាក​ក្នុង​ការស្វែង​រក​ការងារ​ធ្វើ ។ នៅ​ទីបំផុត ខ្ញុំ​បាន​ទទួល​ការសម្ភាសន៍​មួយ ។ មុខ​តំណែង​នោះ​គឺ​ជា​ឱកាស​ដ៏​អស្ចារ្យ​មួយ ប៉ុន្តែ​ខ្ញុំ​បាន​ព្រួយ​បារម្ភ​ថា​ខ្ញុំ​ពុំ​មាន​ជំនាញ​គ្រប់គ្រាន់ ។ ដល់​វេន​ខ្ញុំ​ត្រូវ​សម្ភាសន៍ ហើយ​ខ្ញុំ​បាន​អង្គុយ​ទាំង​ភ័យ​នៅ​មុខ​អ្នក​គ្រប់គ្រង ។ ពេល​ខ្ញុំ​ក្រឡេក​ទៅ​តុ​របស់​គាត់ ខ្ញុំ​បាន​ឃើញ​ក្រដាស​សំណួរ​ដែល​គាត់​នឹង​សួរ​ដល់​បេក្ខជន ។ បេះដូង​ខ្ញុំ​លោត​ក្ដុកក្ដាក់ៗ ។ សំណួរ​ទាំងនោះ​ប្រើ​នូវ​ពាក្យ​ពិបាកៗ ។

អ្នក​គ្រប់គ្រង​បាន​រកឃើញ​ប្រវត្តិរូប​របស់​ខ្ញុំ ហើយ​បាន​ចាប់​ផ្ដើម​សួរ​អំពី​បទពិសោធន៍​ការងារ​របស់​ខ្ញុំ ។ ពេល​គាត់​អាន​ថា « អ្នក​ផ្សព្វផ្សាយ​សាសនា​ពេញ​ម៉ោង » គាត់​បាន​សួរ​បើ​ខ្ញុំ​អាច​ប្រាប់​គាត់​ពី​អ្វី​ដែល​ខ្ញុំ​បាន​បង្រៀន​នៅក្នុង​បេសកកម្ម ។

ខ្ញុំ​បាន​និយាយ​ជាមួយ​គាត់​អំពី​ពួក​ព្យាការី ផែនការ​នៃ​សេចក្ដី​សង្គ្រោះ និង ក្រុមគ្រួសារ​ដ៏​អស់កល្ប​ជានិច្ច ។ គាត់​ញញឹម ហើយ​និយាយ​ថា « ខ្ញុំ​ចង់​ឲ្យ​ប្អូន​មក​ជួប​ក្រុមគ្រួសារ​ខ្ញុំ » ។

ជា​ថ្មី​ម្ដង​ទៀត គាត់​បាន​ទាញ​យក​ក្រដាស​ដែល​មាន​សំណួរ​សម្រាប់​សម្ភាសន៍ ។ អារម្មណ៍​ភ័យ​ខ្លាច​របស់​ខ្ញុំ​បាន​ត្រឡប់​មក​វិញ ។ គាត់​បាន​សួរ​ថា « តើ​ប្អូន​មាន​កន្លែង​ស្នាក់​នៅ​នៅ​ទីក្រុង​ម៉ានីល​នេះ​ទេ ? » គាត់​មិន​បាន​រងចាំ​ចម្លើយ​របស់​ខ្ញុំ​នោះ​ទេ ហើយ​បាន​និយាយ​ថា « មែនហើយ ប្អូន​ត្រូវការ​រក​កន្លែង​ស្នាក់នៅ ។ ប្អូន​នឹង​ត្រូវ​ចាប់​ផ្ដើម​ការងារ​នៅ​ថ្ងៃ​ស្អែក » ។

វា​ជា​អព្ភូតហេតុ​មួយ ។ ខ្ញុំ​មិន​ដែល​ភ្លេច​ទេ ពី​របៀប​ដែល​ការបម្រើ​បេសកកម្ម​បាន​ជួយ​ខ្ញុំ​នៅក្នុង​ការសម្ភាសន៍​ការងារ​របស់​ខ្ញុំ ។