ថ្ងៃបុណ្យអនាគតឪពុក លើកទីមួយរបស់ស្ទីវិន
អ្នកនិពន្ធរស់នៅក្នុងរដ្ឋ ឃ្វីនស៍ឡិន ប្រទេស អូស្ត្រាលី ។
ស្ទីវិនបានមូរក្រវាត់ករបស់គាត់ឡើងរហូតដល់ក្រោមចង្កា ពេលដែលកុមារផ្សេងទៀតនៅក្នុងថ្នាក់កុមារហាត់បទចម្រៀងថ្មី ។ ទេ គ្មានផ្លូវទេដែលគាត់នឹងច្រៀងបទនេះនោះ ។
ឪពុកក្នុងផ្ទះយើងដឹកនាំគ្រួសារយើង …
ស្ទីវិនបានមើលទៅក្រៅបង្អួច ហើយមើលទៅពិដាន ។ គាត់កម្រើកចុះឡើងរហូតនៅលើកៅអីគាត់ ដែលគាត់ស្ទើរតែដូចជាកំពុងរាំ ។ គាត់មិនអាចច្រៀងទេ សូម្បីតែគាត់ចង់ច្រៀងក៏ដោយ ។ មានអ្វីម្យ៉ាងយ៉ាងធំ និង ដែលធ្វើឲ្យគាត់អួលដើមក ។ កុមារផ្សេងទៀតក្នុងថ្នាក់កុមារចេះតែបន្តច្រៀងទៅមុខ រៀនពាក្យថ្មីៗមួយបន្ទាត់ម្ដងៗ ។
ដោយពន្លឺប្រាជ្ញាគ្រប់អ្វីដែលត្រូវ
ឪពុកខ្ញុំល្អចំពោះខ្ញុំ ( “Fathers,” Children’s Songbook, ទំព័រ ២០៩ ) ។
ស្ទីវិនមានអារម្មណ៍ថាមានគេទះដៃគាត់តិចៗ ។ ម្ដាយគាត់ដែលបានមើលតាមទ្វារថ្នាក់កុមារដោយស្ងៀមស្ងាត់ បានទាញដៃគាត់ថ្នមៗ ។ នាងបាននាំគាត់ទៅផ្លូវដើរ ។ ពេលចេញឆ្ងាយពីមិត្តភក្ដិរបស់គាត់ដែលនៅក្នុងថ្នាក់កុមារ ស្ទីវិនមិនអាចទប់ទឹកភ្នែកកុំឲ្យហូរបានឡើយ ។ ម្ដាយបានទាញគាត់មកឱបយ៉ាងណែន ។
ម្ដាយបាននិយាយថា « វាមិនអីទេដែលកូនមិនសប្បាយចិត្ត » ទាំងអង្អែលខ្នងគាត់ផង ។ « ម៉ាក់ដឹងថា ការឮ និង ច្រៀងបទនោះគឺពិបាកណាស់ » ។
ស្ទីវិនងក់ក្បាល បន្ទាប់មកជូតទឹកភ្នែក ។ « ខ្ញុំមិនចង់ច្រៀងនៅថ្ងៃបុណ្យឪពុកទេ ព្រោះខ្ញុំអត់មានប៉ាផង » ។ ភ្នែកស្ទីវិនឡើងក្រហម ហើយគាត់ខាំបបូរមាត់គាត់ ។ « ខ្ញុំមិនចង់ហៅគាត់ថា ប៉ាទៀតទេ ។ ខ្ញុំមិនបានឃើញគាត់ជាច្រើនឆ្នាំហើយ គាត់ក៍មិន ចង់ ធ្វើជាប៉ារបស់ខ្ញុំដែរ » ។
ស្ទីវិនបានព្យាយាមយ៉ាងខ្លាំងដើម្បីកុំឲ្យយំ — ប៉ុន្តែ គាត់នៅតែអាចឮពួកគេកំពុងច្រៀង ។ បទចម្រៀងនោះបានធ្វើឲ្យគាត់ឈឺចាប់យ៉ាងខ្លាំងនៅក្នុងចិត្ត ។ គឺដូចជាពេលដែលឪពុកគាត់បានសរសេរសំបុត្រប្រាប់ថា គាត់ និង ភរិយាថ្មីរបស់គាត់បានសម្រេចចិត្តថាគាត់នឹងមិនជួបស្ទីវិន និង ប្អូនប្រុសរបស់ស្ទីវិនទៀតឡើយ ។
ម្ដាយបានទាញគាត់មកឱបម្ដងទៀត ហើយស្ទីវិនបានយំទៀតទាល់តែទឹកភ្នែកជោកអាវម្ដាយគាត់ ។ « ម៉ាក់នឹងនិយាយជាមួយប្រធានថ្នាក់កុមារ ។ កូនមិនបាច់ចាំច្រៀងទេ បើកូនមិនចង់ ។ ប៉ុន្តែ ម៉ាក់មានគំនិតមួយ » ។ ម្ដាយបានសំឡឹងទៅក្នុងភ្នែករបស់គាត់ ។ « ឆ្នាំនេះយើងនឹងមិនប្រារព្ធថ្ងៃបុណ្យឪពុកទេ — តែយើងនឹងប្រារព្ធថ្ងៃបុណ្យ អនាគត ឪពុកវិញ ! » នាងញញឹម ហើយគាត់សំឡឹងទៅវិញ ។
« ថាម៉េច ? ប្រារព្ធ អីគេ? »«
ថ្ងៃបុណ្យអនាគតឪពុក — យើងនឹងប្រារព្ធអបអរថា កូន និង ប្អូនប្រុសកូននឹងក្លាយជាឪពុកដ៏អស្ចារ្យនៅថ្ងៃមួយ ។ យើងនឹងមានអំណោយ ហើយនំខេក និង ភេសជ្ជៈដែលកូនចូលចិត្ត ! »
ម្ដាយបានថើបថ្មាសគាត់ ហើយព្យាយាមរៀបរយក្រវាត់កដែលខ្ទេចខ្ទីរបស់គាត់ ។ « ស្ទីវិន កូននឹងក្លាយជាឪពុក ដ៏អស្ចារ្យ — ម៉ាក់អាចមើលដឹង ។ ព្រោះកូនកំពុងគិតរួចទៅហើយនូវអ្វីដែលកូននឹងធ្វើជាមួយកូនៗរបស់កូន ហើយដាក់ផែនការថាកូនចង់ក្លាយជាឪពុករបៀបណា » ។
ស្ទីវិនកាន់តែគិតអំពីរឿងនោះ គាត់កាន់តែមានស្នាមញញឹមកាន់តែធំ ។ គាត់បានឱបម្ដាយគាត់ ហើយបានចូលទៅក្នុងថ្នាក់កុមារវិញ ដោយមានអារម្មណ៍ល្អជាងមុនច្រើនណាស់ ។
ពីរសប្ដាហ៍ក្រោយមក ស្ទីវិនបានឈរនៅមុខកញ្ចក់ រៀបរយបូអាវថ្មីដ៏ឡូយរបស់គាត់ ។ ម្ដាយបានឲ្យវាទៅគាត់នៅព្រឹកនោះ សម្រាប់ថ្ងៃបុណ្យអនាគតឪពុកលើកដំបូងបំផុតរបស់គាត់ ! ស្ទីវិនបានយកព្រះគម្ពីររបស់គាត់ ហើយបានដើរទៅទ្វារខាងមុខដើម្បីទៅកាន់ព្រះវិហារ ។
គាត់ញញឹមដាក់ម្ដាយគាត់ ។
« រីករាយថ្ងៃបុណ្យឪពុក ម៉ាក់ » ។
ម្ដាយញញឹមពព្រាយ ។ « រីករាយថ្ងៃបុណ្យអនាគតឪពុក ស្ទីវិន » ។