២០១៥
ក្រុមគ្រួសារ​អាច​រស់នៅ​ជាមួយ​គ្នា​ជា​និរន្ដរ៍
June 2015


សារលិខិត​គណៈ​ប្រធាន​ទី​មួយ

ក្រុមគ្រួសារអាចរស់នៅជាមួយគ្នាជា​និរន្តរ៍

រូបភាព
An elderly man and woman holding hands as they walk down a road to the Cochabamba Bolivia Temple in the distance.

អំណាច​បព្វជិតភាព​ដែល​ចង​ភ្ជាប់​ក្រុមគ្រួសារ​អស់កល្ប​ជានិច្ច​នោះ គឺជា​អំណោយទាន​មួយ​ក្នុង​ចំណោម​អំណោយទាន​ដ៏​មហិមា​បំផុត​នានា​របស់​ព្រះ ។ មនុស្ស​គ្រប់​គ្នា​ដែល​យល់​ពី​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ ចង់​បាន​យ៉ាង​ខ្លាំង​នូវ​ពរជ័យ​ដ៏​និរន្តរ៍​នោះ ។ មាន​តែ​នៅ​ក្នុង​ពិធី​ផ្សារ​ភ្ជាប់ ដែល​ធ្វើឡើង​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ដែល​បាន​ឧទ្ទិស​ហើយ​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ប៉ុណ្ណោះ ទើប​ព្រះ​ប្រទាន​នូវ​ការសន្យា​ថា ក្រុមគ្រួសារ​អាច​ត្រូវ​បាន​ចង​ភ្ជាប់​ជាមួយ​គ្នា​ជា​និរន្តរ៍ ។

កូនសោ​បព្វជិតភាព​ដែល​ធ្វើ​ឲ្យ​ការណ៍​នោះ​អាច​កើត​ឡើង​បាន ត្រូវបាន​ស្ដារ​ឡើង​វិញ​ដល់​ផែនដី ដោយ​ព្យាការី អេលីយ៉ា ដល់ យ៉ូសែប ស្ម៊ីធ នៅក្នុង​ព្រះវិហារ​បរិសុទ្ធខឺតឡង់ ។ កូនសោ​បព្វជិតភាព​ទាំងនោះ ត្រូវបាន​ប្រគល់​បន្តមក​តាម​ខ្សែ​បន្ទាត់​ដ៏​ឥត​ដាច់​មួយ តាម​រយៈ​ពួក​ព្យាការី​នៅ​រស់​ក្នុង​សាសនាចក្រ​នៃ​ព្រះ​យេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ រហូត​ដល់​ថ្ងៃ​បច្ចុប្បន្ន ។

ក្នុង​ការបម្រើ​ក្នុង​ជីវិត​រមែង​ស្លាប់​របស់​ទ្រង់ ព្រះអង្គ​សង្គ្រោះ​បាន​មាន​ព្រះបន្ទូល​ទៅ​កាន់​ពេត្រុស ជា​ប្រធាន​សាវក​របស់​ទ្រង់ អំពី​អំណាច​នៃ​ការផ្សារ​ភ្ជាប់​ក្រុម​គ្រួសារ ទ្រង់​បាន​មាន​បន្ទូល​ថា « ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា បើ​អ្នក​រាល់​គ្នា​ចង​ទុក​អ្វីៗ​នៅ​ផែនដី នោះ​នឹង​ត្រូវ​ចង​ទុក​នៅ​ស្ថានសួគ៌​ដែរ ហើយ​បើ​ស្រាយ​អ្វីៗ​នៅ​ផែនដី នោះ​ក៏​នឹង​ត្រូវ​ស្រាយ​នៅ​ស្ថានសួគ៌​ដែរ » ( ម៉ាថាយ ១៨:១៨ ) ។

មាន​តែនៅក្នុង​នគរ​សេឡេស្ទាល​ប៉ុណ្ណោះ ទើប​យើង​អាច​រស់នៅ​ជា​ក្រុមគ្រួសារ​ជា​និរន្តរ៍ ។ នៅ​ទី​នោះ យើង​អាច​នៅ​ជា​ក្រុមគ្រួសារ​ក្នុង​វត្តមាន​នៃ​ព្រះវរបិតាសួគ៌ និង ព្រះអង្គ​សង្គ្រោះ​របស់​យើង ។ ព្យាការី យ៉ូសែប ស្ម៊ីធ បាន​ពិពណ៌នា​ពី​បទពិសោធន៍​ដ៏​ប្រពៃ​នោះ​នៅក្នុង​គោលលទ្ធិ និង សេចក្ដី​សញ្ញា តាម​របៀប​នេះ​ថា ៖

« កាល​ព្រះអង្គ​សង្គ្រោះ​ទ្រង់​លេច​មក នោះ​យើង​នឹង​ឃើញ​ទ្រង់​ដូច​ជា​ទ្រង់​យ៉ាង​នេះឯង ។ យើង​នឹង​ឃើញ​ថា ព្រះអង្គ​ជា​មនុស្ស​ដូច​រូបយើង​រាល់​គ្នា ។

« ហើយ​ទំនាក់​ទំនង​ដែល​មាន​នៅ​ក្នុង​ចំណោម​ពួកយើង​នៅ​ទី​នេះ​យ៉ាងណា នោះ​ក៏​នឹង​មាន​នៅក្នុង​ចំណោម​យើង​នៅ​ទី​នោះ​យ៉ាង​នោះ​ដែរ គ្រាន់តែ​រួបរួម​ដោយ​សិរីល្អ​ដ៏​នៅ​អស់កល្ប​ជានិច្ច គឺជា​សិរី​ល្អ​ដែល​យើង​ពុំ​មាន​ការពិសោធន៍​នៅ​ពេល​ឥឡូវ​នេះ​ប៉ុណ្ណោះ ។ » ( គ. និង ស. ១៣០:១–២ ) ។

បទគម្ពីរ​នេះ​ប្រាប់​ថា យើង​អាច​សម្រេច​បាន​ដោយ​មាន​ទំនុក​ចិត្ត​នូវ​បទដ្ឋាន​ស្ថានសួគ៌​នៅក្នុង​ទំនាក់​ទំនង​ក្នុង​ក្រុមគ្រួសារ​របស់​យើង ។ យើង​អាច​ខ្វល់ខ្វាយ​ពី​សមាជិក​គ្រួសារ​យើង ទាំង​នៅរស់ និង ស្លាប់​ទៅ​ហើយ ខ្លាំង​រហូត​ដល់​ធ្វើ​អ្វីៗ​ទាំងអស់​ដែល​យើង​អាច​ធ្វើ​បាន ដើម្បី​ផ្ដល់​ដល់​ពួកគេ​នូវ​ពិធី​បរិសុទ្ធ​នៃ​បព្វជិតភាព ដែល​នឹង​ចង​ភ្ជាប់​យើង​នៅ​ស្ថានសួគ៌ ។

អ្នក​រាល់​គ្នា​ជា​ច្រើន ទាំង​ក្មេង ទាំងចាស់ កំពុង​តែ​ធ្វើ​ការណ៍​នោះ ។ អ្នក​បាន​រកមើល​ឈ្មោះ​របស់​បុព្វការីជន​ដែល​ពុំ​ទាន់​បាន​ទទួល​ពិធី​បរិសុទ្ធ​ដែល​អាច​ផ្សារ​ភ្ជាប់​អ្នក​ជាមួយ​គ្នា ។

អ្នក​ទាំងអស់​គ្នា​ស្ទើរ​តែ​ទាំងអស់ មាន​សាច់ញាតិ​ដែល​នៅ​រស់​ដែល​ពុំ​ទាន់​បាន​ផ្សារ​ភ្ជាប់​ក្នុង​ក្រុមគ្រួសារ​ដោយ​អំណាច​បព្វជិតភាព ។ មនុស្ស​ជា​ច្រើន​មាន​សាច់ញាតិ​ដែល​នៅរស់​ដែល​បាន​ទទួល​ពិធី​បរិសុទ្ធ​នៃ​បព្វជិតភាព​ហើយ ប៉ុន្តែ​ពុំ​រក្សា​សេចក្ដី​សញ្ញា​ដែល​ពួកគេ​បាន​ធ្វើ​នឹង​ព្រះ ។ ព្រះ​នឹង​ប្រទាន​ពរ​អ្នក ថា​អ្នក​នឹង​អាច​ឈោង​ជួយ​ដល់​សាច់ញាតិ​ទាំងអស់​នោះ នៅក្នុង​សេចក្ដី​ជំនឿ ។ អ្នក​មាន​នូវ​ការសន្យា​មួយ ដែល​ព្រះអម្ចាស់​សន្យា​ដល់​ពួក​សិស្ស​ទ្រង់​ដែល​នាំ​អ្នក​ផ្សេងទៀត​មក​រកទ្រង់ ៖

« ហើយ​អស់​អ្នក​ណា​ដែល​ទទួល​អ្នក នោះ​យើង​ក៏​នឹង​នៅ​ទី​នោះ​ដែរ ដ្បិត​យើង​នឹង​ទៅ​ពី​មុខ​អ្នក ។ យើង​នឹង​នៅ​ខាង​ស្ដាំ​ដៃ​អ្នក ហើយ​ខាង​ឆ្វេង​ដៃ​អ្នក ហើយ​ព្រះវិញ្ញាណ​របស់​យើងនឹង​សណ្ឋិត​នៅក្នុង​ដួងចិត្ត​របស់​អ្នក ហើយ​ពួក​ទេវតារបស់​យើង​នៅ​ព័ទ្ធ​ជុំ​វិញ​អ្នក ដើម្បី​ទ្រ​អ្នក​ឡើង » ( គ. និង ស. ៨៤:៨៨ ) ។

ពី​បង្អួច​បន្ទប់​ការិយាល័យ​របស់​ខ្ញុំ ខ្ញុំ​មើល​ឃើញ​កូន​ក្រមុំ និង កូនកំឡោះ​ទាំងឡាយ​ជា​រៀង​រាល់​ថ្ងៃ ថតរូប​ជាមួយ​ផ្កា​ដ៏​ស្រស់​ស្អាត និង ទឹក​ដែល​បាញ់​ឡើង ។ ជាញឹកញាប់ កូន​កំឡោះ​បី​កូន​ក្រមុំ​ក្នុង​ដៃ​គាត់ យ៉ាង​ហោច​ណាស់​ក៏​ដើរ​ពីរ​បី​ជំហាន​ដែរ ពេល​ដែល​ជាង​ថតរូប​អាពាហ៍ពិពាហ៍ ។ រាល់ពេល​ខ្ញុំ​ឃើញ​បែបនោះ ខ្ញុំ​នឹក​ឃើញ​ពី​គូ​ស្វាមី​ភរិយា​មួយ​គូ​ដែល​ខ្ញុំ​បាន​ស្គាល់ ដែល​ត្រូវ​តែ​បី​ត្រកង​គ្នា​ទៅវិញ​ទៅមក​ក្នុង​របៀប​ផ្សេង​ទៀត ពេល​ជីវិត​ជួប​ការលំបាក — ជួនកាល គឺ​នៅ​មិន​យូរ​ប៉ុន្មាន​សោះ​ពី​ថ្ងៃ​រៀប​អាពាហ៍ពិពាហ៍ ។ ការងារ​អាច​បាត់បង់ ។ កូនៗ​អាច​កើតមក​ជាមួយ​នឹង​ឧបសគ្គ​យ៉ាង​ធំ ។ អាច​កើត​មាន​ជំងឺ ។ បន្ទាប់​មក ទម្លាប់​នៃ​ការប្រព្រឹត្ត​ចំពោះ​អ្នក​ដទៃ ដូច​ដែល​យើង​ចង់​ឲ្យ​គេ​ប្រព្រឹត្ត​ចំពោះ​យើង — វា​ងាយ​ស្រួល​នឹង​ធ្វើ​ដូច្នោះ — នឹង​ធ្វើ​ឲ្យ​យើង​ក្លាយ​ជា​វីរបុរស និង វីរនារី​ក្នុង​អំឡុង​ពេល​ដ៏​លំបាក​ទាំងនោះ ​ដែល​ការប្រព្រឹត្ត​ល្អ​ចំពោះ​អ្នក​ដទៃ​តម្រូវ​ឲ្យ​មាន​ការខិតខំ​ខ្លាំង​ជាង​ដែល​យើង​គិតថា​យើង​មាន​ក្នុង​ខ្លួន​យើង ។

យើង​ជំពាក់​ក្រុមគ្រួសារ​យើង​នូវ​ទំនាក់​ទំនង​បែប​នោះ ជា​ទំនាក់​ទំនង​ដែល​យើង​អាច​យក​ទៅក្នុង​វត្តមាន​នៃ​ព្រះ ។ យើង​ត្រូវតែ​ព្យាយាម កុំ​ធ្វើ​ឲ្យ​មាន​ការអាក់អន់​ចិត្ត ឬ កុំ​អាក់អន់​ចិត្ត ។ យើង​អាច​ប្ដេជ្ញា​អត់ទោស​ឆាប់ៗ និង ទាំងស្រុង ។ យើង​អាច​ព្យាយាម​ស្វែងរក​សុភមង្គល​របស់​អ្នក​ដទៃ​ពីមុន​សុភមង្គល​ផ្ទាល់​ខ្លួន​យើង ។ យើង​អាច​មានចិត្តល្អ ក្នុង​ការនិយាយ​របស់​យើង ។ នៅពេល​យើង​ព្យាយាម​ធ្វើ​ការណ៍​ទាំងអស់​នេះ យើង​នឹង​អញ្ជើញ​ព្រះវិញ្ញាណ​បរិសុទ្ធ​ឲ្យ​ចូល​ក្នុង​ក្រុម​គ្រួសារ និង ជីវិត​របស់​យើង ។

ការ​អះអាង​របស់​ខ្ញុំ​ចំពោះ​អ្នក​គឺថា ដោយ​មាន​ជំនួយ​ពី​ព្រះអម្ចាស់ និង ដួង​ចិត្ត​ដែល​មាន​ការកែប្រែ នោះ​យើង​អាច​ស្រម៉ៃ​ឃើញ​ពី​ជីវិត​បែបនេះ ជា​ជីវិត​ដែល​យើង​ចង់​បាន​ជា​រៀង​រហូត ។ ព្រះវរបិតាសួគ៌​ស្រឡាញ់​យើង ។ ទ្រង់​ចង់​ឲ្យ​យើង​ត្រឡប់​ទៅ​នៅ​ជាមួយ​ទ្រង់​វិញ ។ តាម​រយៈ​ដង្វាយ​ធួន​របស់​ទ្រង់ ព្រះអង្គ​សង្គ្រោះ​ធ្វើ​ឲ្យ​មាន​ឡើង​នូវ​ការ​ផ្លាស់​ប្ដូរ​ក្នុង​ដួង​ចិត្ត​យើង ជា​ការផ្លាស់​ប្ដូរ​ដែល​យើង​ត្រូវការ​ធ្វើ ដើម្បី​បាន​ចូល​ក្នុង​ព្រះវិហារ​បរិសុទ្ធ ធ្វើ​សេចក្ដី​សញ្ញា​ដែល​យើង​អាច​រក្សា​បាន​ក្រោយពី​នោះ ហើយ​នៅ​ទី​បំផុត បាន​រស់នៅ​ជា​ក្រុមគ្រួសារ​ជា​និរន្តរ៍​ក្នុង​សិរីល្អ​សេឡេស្ទាល — ជា​គេហដ្ឋាន​នោះ​ម្ដង​ទៀត ។

រូបភាព
Product Shot from June 2015 Liahona

រូបថត​នៃ​ព្រះវិហារ​បរិសុទ្ធ សាន់ឌីអាហ្គូ កាលីហ្វូញ៉ា