គ្មាន ការប្ដូរតំបន់ទេ
អ្នកនិពន្ធរស់នៅរដ្ឋ យូថាហ៍ ស.រ.អា. ។
ប្រធានបេសកកម្មរបស់ខ្ញុំច្បាស់ជាបានធ្វើកំហុសមួយហើយ — តើខ្ញុំអាចរៀនអ្វីពីការនៅក្នុងតំបន់នេះកាន់តែយូរនោះ ?
ខ្ញុំបានចាកចេញពីផ្ទះរបស់ខ្ញុំនៅភូមិនេនត្សេ ប្រទេស តៃវ៉ាន់ ដើម្បីទៅបម្រើបេសកកម្មជាអ្នកផ្សព្វផ្សាយសាសនាពេញម៉ោងនៅប៉ែកខាងជើងរដ្ឋ កាលីហ្វូញ៉ា ក្នុងឆ្នាំ ២០០៥ ។ តំបន់ដែលដៃគូខ្ញុំ និង ខ្ញុំត្រូវបានចាត់ឲ្យបម្រើនោះ ជាតំបន់តូចល្មមដែលក្នុងរយៈពេលបួនខែកន្លះ យើងបានគោះទ្វារនៅគ្រប់ផ្លូវទាំងអស់ដែលនៅក្នុងតំបន់ក្រុងនោះ ។ កិច្ចការផ្សព្វផ្សាយមានការលំបាក ហើយជាញឹកញាប់មនុស្សស្រែកឲ្យយើង ។ យើងមានសាសនាគន់ការីពីរបីនាក់ ។ ចំពោះខ្ញុំ កិច្ចការហាក់ដូចជាពុំទៅមុខសោះ ។ បន្ទាប់ពីនៅទីនោះជិតបួនខែ ខ្ញុំចង់ចាកចេញរួចទៅហើយ ។ ខ្ញុំជឿថា ខ្ញុំនឹងត្រូវប្ដូរតំបន់ ។
យប់ថ្ងៃអាទិត្យ ខ្ញុំបានរង់ចាំទទួលទូរស័ព្ទរហូតដល់ប្រធានហ្សូនរបស់ខ្ញុំបានទូរស័ព្ទមក ។ ពេលគាត់បានប្រាប់ថា ខ្ញុំត្រូវចាត់ឲ្យនៅក្នុងតំបន់ដដែលប្រាំមួយសប្ដាហ៍ទៀត ខ្ញុំមិនអាចជឿត្រចៀករបស់ខ្ញុំទេ ។ ខ្ញុំបានគិតថា ពិតជាមានកំហុសអ្វីមួយហើយ !
សប្ដាហ៍បន្ទាប់នោះខ្ញុំពុំបានធ្វើអ្វីជាប្រយោជន៍សោះឡើយ ហើយប្រហែលជាដៃគូខ្ញុំក៏ដូច្នោះដែរ ព្រមទាំងមនុស្សដែលនៅក្រោមការដឹកនាំរបស់យើងផងដែរ ។ ខ្ញុំបដិសេធនឹងជឿថា នេះគឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ។ ទោះយ៉ាងណា ខ្ញុំនៅតែញញឹមពព្រាយពេលយើងជួប ឬ និយាយជាមួយមនុស្សផ្សេងៗ ប៉ុន្តែកប់ជ្រៅនៅក្នុងចិត្ត ខ្ញុំមិនសប្បាយចិត្តទេ ។ ដោយការអួតអាងរបស់ខ្ញុំ ខ្ញុំបន្តប្រាប់ខ្លួនឯងថា ខ្ញុំមិនបាននៅកន្លែងដែលខ្ញុំសមនឹងនៅទេ ។ ខ្ញុំនៅតែសង្ឃឹមថា ប្រធានបេសកកម្មរបស់ខ្ញុំនឹងទូរស័ព្ទ ហើយប្រាប់ខ្ញុំថា ខ្ញុំត្រូវប្ដូរទៅតំបន់ផ្សេង ។
របៀបដែលការអះអាងឡើងវិញបានមក
នៅព្រឹកថ្ងៃអាទិត្យបន្ទាប់ ពេលខ្ញុំកំពុងរៀបចំខ្លួនទាំងទើសទាល់ ដើម្បីទៅព្រះវិហារ នោះទូរស័ព្ទបានរោទ៍ឡើង ។ គឺប្រធានបេសកកម្ម ។ គាត់សួរសុខទុក្ខខ្ញុំដូចសព្វដង ដោយសំឡេងដ៏ស្មោះត្រង់ នោះគាត់បានមានប្រសាសន៍ថា « ស៊ីស្ទើរ ឆូ កាលពីម្សិលម៉ិញនៅពេលអាហារថ្ងៃត្រង់ ខ្ញុំបានគិតអំពីស៊ីស្ទើរ ហើយមានអារម្មណ៍ថាខ្ញុំត្រូវទូរស័ព្ទទៅស៊ីស្ទើរ ដើម្បីប្រាប់ឲ្យស៊ីស្ទើរដឹងថា ស៊ីស្ទើរនៅក្នុងតំបន់ដ៏ត្រឹមត្រូវហើយ ។ ស៊ីស្ទើរកំពុងនៅកន្លែងដែលស៊ីស្ទើរសមនឹងនៅ » ។ ខ្ញុំបានចាប់ផ្ដើមយំពេលខ្ញុំបានឮពាក្យសម្ដីរបស់គាត់ ។
ខ្ញុំបានអរគុណគាត់ ហើយបានដាក់ទូរស័ព្ទចុះ ។ ពេលខ្ញុំចាប់ផ្ដើមយំ អារម្មណ៍ដ៏ថ្លាដូចគ្រីស្ទាល់បានចូលមកក្នុងដួងចិត្តរបស់ខ្ញុំយ៉ាងខ្លាំងថា មាន កិច្ចការដែលមិនទាន់ធ្វើចប់កំពុងរង់ចាំខ្ញុំនៅក្នុងតំបន់នេះ ។ ខ្ញុំក៏បានដឹងផងដែរថា ព្រះវរបិតាសួគ៌របស់ខ្ញុំទ្រង់ត្រាស់ដឹងពីគំនិត និង ការថប់បារម្ភរបស់ខ្ញុំ ។ ទ្រង់យល់ពីភាពទន់ខ្សោយរបស់ខ្ញុំ ហើយទ្រង់បានបញ្ជូនអ្នកបម្រើរបស់ទ្រង់ឲ្យមកធ្វើការអះអាងឡើងវិញដល់ខ្ញុំ ។
បន្ទាប់ពីនិយាយតាមទូរស័ព្ទហើយ ខ្ញុំចាប់ផ្ដើមទទួលស្គាល់ពីកន្លែងដែលខ្ញុំបម្រើ ហើយធ្វើការកាន់តែខ្លាំងជាងមុន ។ ខ្ញុំបានអធិស្ឋានសូមកម្លាំងជារៀងរាល់ថ្ងៃ សូមឲ្យមើលឃើញកាន់តែច្បាស់ពីរបៀបដែលខ្ញុំអាចធ្វើនូវអ្វីដែលព្រះអម្ចាស់រំពឹងចង់ឲ្យខ្ញុំធ្វើ ។ អស់ពេញប្រាំសប្ដាហ៍បន្ទាប់នោះ ដៃគូខ្ញុំ និង ខ្ញុំបានឃើញអព្ភូតហេតុជាច្រើន កាលដែលយើងបានអនុវត្តសេចក្ដីជំនឿគ្រប់គ្រាន់ដើម្បីខិតខំធ្វើការ ។ សាសនាគន់ការីដែលបានរៀបចំយ៉ាងល្អម្នាក់ បានប្ដូរមកនៅក្នុងតំបន់យើង ហើយបានទទួលបុណ្យជ្រមុជទឹកមុនពេលខ្ញុំប្ដូរតំបន់ ។
យើងក៏ត្រូវបានអញ្ជើញឲ្យចូលក្នុងផ្ទះដែលពីមុនមកគេមិនស្វាគមន៍យើង ។ យើងបានជួបមនុស្សថ្មីៗជាច្រើន ដែលកំពុងជួបការពិបាក ហើយយើងមានពរជ័យដែលបានចែកចាយពាក្យលួងលោមរបស់ព្រះជាមួយពួកគេ ។ ទោះបីមនុស្សមួយចំនួនពុំបានជ្រើសរើសទទួលបុណ្យជ្រមុជទឹកនៅពេលនោះក្ដី ក៏ខ្ញុំនឹងមិនដែលភ្លេចពីទឹកមុខដ៏ចែងចាំងរបស់ពួកគេ ឬ ពីរបៀបដែលព្រះវិញ្ញាណ និង សេចក្ដីស្រឡាញ់នៃព្រះបានធ្វើឲ្យរំជួលដល់ដួងចិត្តរបស់ពួកគេ — និង ដួងចិត្តខ្ញុំ ។
អ្វីដែលខ្ញុំបានរៀន
ខ្ញុំបានរៀនថា ព្រះអម្ចាស់ពិតជាត្រាស់ដឹងពីយើងម្នាក់ៗ ទ្រង់មិនបញ្ជូនពួកអ្នកផ្សព្វផ្សាយសាសនារបស់ទ្រង់ទៅកន្លែងនានាដោយពុំមានហេតុផលនោះទេ ។ ខ្ញុំបានរៀនថា ពេលយើងត្រូវបានចាត់ឲ្យទៅតំបន់មួយ ព្រះអម្ចាស់មានព្រះទ័យចង់ប្រើប្រាស់យើងនៅទីនោះ ជាឧបករណ៍ដើម្បីសម្រេចកិច្ចការរបស់ទ្រង់ ។ ពេលយើងដាក់ខ្លួនយើងនៅក្នុងព្រះហស្តទ្រង់ នោះអព្ភូតហេតុកើតមានឡើង ហើយដួងចិត្តនឹងទន់ សូម្បីពេលយើងមិនឃើញថាវាអាចកើតឡើងដោយរបៀបណាក៏ដោយ ។
ជាពិសេស ខ្ញុំបានរៀនថា ប្រធានបេសកកម្មរបស់ខ្ញុំ ក៏ដូចជាអ្នកដឹកនាំសាសនាចក្រផ្សេងៗទៀត គឺពិតជាត្រូវបានហៅពីព្រះដើម្បីធ្វើជាអ្នកបម្រើរបស់ទ្រង់ ។ ព្រះអម្ចាស់ធ្វើឲ្យអ្នកដឹកនាំរបស់យើងសក្តិសមនឹងទទួលវិវរណៈ និង ការបំផុសគំនិត ដែលយើងត្រូវការសម្រាប់សុខុមាលភាពនៃព្រលឹងយើង ។
ខ្ញុំមានអំណរគុណជារៀងរហូត សម្រាប់បទពិសោធន៍ទាំងឡាយដែលខ្ញុំទទួលបាន ដែលជាលទ្ធផលនៃ ការដែល មិន បានប្តូរតំបន់ ។