២០១៥
អ្នកនេសាទមនុស្ស
June 2015


អ្នកនេសាទ មនុស្ស

អ្នក​ទាំងអស់​ណា​ដែល​បាន​ទទួល​ការហៅ​ឲ្យ​ដឹកនាំ​សាសនាចក្រ គឺ​បាន​ទទួល​ការអញ្ជើញ​របស់​ព្រះអង្គ​សង្គ្រោះ​ដើម្បី​ក្លាយ​ជា​អ្នក​នេសាទ​មនុស្ស ។

រូបភាព

ខណៈ​កំពុង​បីបាច់​ក្រុមគ្រួសារ​ដ៏​ក្មេង​ខ្ចី​របស់​យើង​នៅ​រដ្ឋ ហាវ៉ៃ នោះ​ភរិយា​ខ្ញុំ និង ខ្ញុំ​បាន​មាន​អំណរគុណ​ចំពោះ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ដ៏​ល្អៗ​ដែល​បាន​ជួយ​យើង ។ សមាជិក​ដ៏​ជា​ទី​ស្រឡាញ់​ទាំងនេះ​បាន​ឱប​ក្រសោប​យើង ហើយ​ប្រព្រឹត្ត​នឹង​យើង​ដូច​ជា​ក្រុមគ្រួសារ​របស់​គេ​ដែរ ។ ក្នុង​ឱកាស​មួយ​ចំនួន ពួក​បុរសៗ​នៅក្នុង​វួដ​យក​កូន​ប្រុស​ខ្ញុំ​ទៅ​កាន់​ដំណើរ​ផ្សងព្រេង​ស្ទូច​ត្រី​នៅ​លើ​សមុទ្រ ។ ដំណើរ​កម្សាន្ត​ទាំងនេះ មិន​ប្រើ​ទូក​ទេ ប៉ុន្តែ​មាន​វិធីសាស្ត្រ​ស្ទូច​ត្រី​ពី​បុរាណ ដែល​បង្កើត​ឡើង​ដោយ​ពួក​សាសន៍​ហាវ៉ៃ​ពីជំនាន់​មុន ។

ដោយ​ប្រើ​វិធីសាស្ត្រ​មួយ​បែប​នោះ អ្នក​នេសាទ​ដ៏​ជំនាញ​ម្នាក់​នឹង​បត់​សំណាញ់​ចុះ​ឡើង​ជា​ស្រទាប់​យ៉ាង​ប្រុង​ប្រយ័ត្ន​បំផុត ដែល​សំណាញ់​នោះ​មាន​ដុំ​ទម្ងន់​ភ្ជាប់​ទៅ​នឹង​ជុំ​វិញ​ជើង​សំណាញ់ ។ បន្ទាប់​មក​គាត់​នឹង​ស្ពាយ​សំណាញ់​នោះ​យ៉ាង​ប្រុង​ប្រយ័ត្ន​ទៅ​កាន់​កន្លែង​មួយ​នៅ​តាម​បណ្ដោយ​ច្រាំង​សមុទ្រ​ដែល​មាន​ថ្ម​នៅ​ខាង​លើ​ថ្លុក​ដែល​មាន​ទឹក​ថ្លា ។ ពេល​គាត់​ឃើញ​ត្រី​ចូល​ក្នុង​ថ្លុក​នោះ នៅ​ពេល​វេលា​ដែល​ត្រឹមត្រូវ និង ជាមួយ​នឹង​ជំនាញ​យ៉ាង​អស្ចារ្យ នោះ​គាត់​នឹង​បោះ​សំណាញ់ ដែល​នឹង​ធ្វើ​ឲ្យ​សំណាញ់​នោះ​លា​សន្ធឹង​ទាំងអស់ ហើយ​ធ្លាក់​ចុះ​ទៅ​លើ​ទឹក​ដែល​នៅ​ខាងក្រោម​ជា​រង្វង់​មួយ​យ៉ាង​ធំ ហើយ​ភ្លាម​នោះ​វា​លិច​ចូល​ទៅ​ក្នុង​ទឹក ហើយ​សង្គ្រប់​យក​ត្រី​ដែល​ប្រមូល​ផ្ដុំ​គ្នា​នោះ ។

ខណៈ​ដែល​ជំនាញ​របស់​អ្នក​នេសាទ​គួរ​ឲ្យ​ស្ងើច​សរសើរ នោះ​គាត់​នឹង​ជា​មនុស្ស​ទីមួយ​ដែល​ប្រាប់​អ្នក​ថា បើ​គ្មាន​សំណាញ់​ល្អ ស្អាត ដែល​បាន​ប៉ះ និង បាន​ជួសជុល​ទាំងស្រុង​ទេ នោះ​ការខិតខំ​របស់​គាត់​នឹង​គ្មាន​ប្រយោជន៍​ឡើយ ។ អ្នក​នេសាទ​ដែល​ពោរពេញ​ដោយ​បទពិសោធន៍​ដឹង​ថា ជោគជ័យ​របស់​ពួកគាត់​គឺ​ទទួល​បាន​ដោយ​អាស្រ័យ​ទៅ​លើ​ភាពលេញលេញ​នៃ​សំណាញ់​របស់​ពួកគាត់ ហើយ​ថា ការនេសាទ​ដ៏​មាន​ប្រសិទ្ធិភាព និង បាន​ផល​ច្រើន​ពុំ​អាច​កើត​មាន​ទេ ទាល់តែ​សំណាញ់​ត្រូវ​បាន​ពិនិត្យ​ពិច័យ​ឃើញ​ថា​ល្អ​សិន ។

យើង​ឃើញ​ពី​ការយល់​ដឹង​នៃ​គោលការណ៍​នេះ នៅក្នុង​ចំណោម​ពួក​សាវក​ដើម ដែល​ក្នុង​នោះ​មាន​អ្នក​នេសាទ​មួយ​ចំនួន​ដែរ ។ យើង​ត្រូវ​បាន​នាំ​ឲ្យ​ស្គាល់​ពួក​អ្នក​នេសាទ​ទាំង​នេះ​នៅ​ជំពូក​ទាំងឡាយ​ខាង​ដើម​គម្ពីរ​ម៉ាថាយ ម៉ាកុស និង លូកា ដែល​ពួក​លោក​កំពុង​តែ​បង់ ជួសជុល និង លាង​សម្អាត​សំណាញ់​របស់​ពួកលោក ពេល​ដែល​ពួកលោក​ជួប​នឹង​អនាគត​លោកគ្រូ​របស់​ពួកលោក​ដំបូង ( សូមមើល ម៉ាថាយ ៤:១៨, ២១; ម៉ាកុស ១:១៦, ១៩; លូកា ៥:២ ) ។ បុរស​ទាំងនេះ​បាន​ចិញ្ចឹម​ក្រុមគ្រួសារ​របស់​ពួកលោក និង ក្រុមគ្រួសារ​អ្នក​ផ្សេង​ទៀត ដោយ​ការ​ពុះពារ​រាល់ថ្ងៃ​ដើម្បី​ចាប់​ត្រី ។ ជោគ​វាសនា​របស់​ពួក​លោក និង ក្រុមគ្រួសារ​លោក​បាន​ពឹង​ផ្អែក​ទៅលើ​ការរៀបចំ និង ជំនាញ​របស់​ពួកលោក និង ភាព​ល្អ​ពេញលេញ​នៃ​សំណាញ់​របស់​ពួកលោក ។

ពេល​ព្រះយេស៊ូវ​បាន​អញ្ជើញ​ពួកលោក​ឲ្យ « ចូរ​មក​តាម​ខ្ញុំ ខ្ញុំ​នឹង​តាំង​អ្នក​ឲ្យ​ជា​អ្នក​នេសាទ​មនុស្ស​វិញ » « គេ​ក៏​ទុក​សំណាញ់​ចោល​ទៅ​តាម​ទ្រង់​ភ្លាម » « គេ​ទុក​របស់​ទាំង​អស់​ចោល ហើយ​ដើរតាម​ទ្រង់​ទៅ » ( ម៉ាថាយ ៤:១៩, ២០; លូកា ៥:១១; សូម​មើល​ផងដែរ ម៉ាកុស ១:១៧–១៨ ) ។

ខ្ញុំ​បាន​គិត​អំពី​គំរូ​នេះ​ជា​ច្រើន​ដង ពេល​ខ្ញុំ​បាន​ពិចារណា​ថា ពួក​អ្នក​ដែល​ដឹកនាំ​សាសនាចក្រ​បាន​ឆ្លើយ​តប​ជាមួយ​នឹង​សេចក្ដី​ជំនឿ​ស្រដៀង​គ្នា​នេះ​ដែរ​ដល់​ការអញ្ជើញ​ឲ្យ « មក​តាម​ខ្ញុំ » ។ ដូច​ជា​សាសនាចក្រ​កាល​ពី​បុរាណ​ដែរ សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ត្រូវ​បាន​ដឹកនាំ​ដោយ​ពួក​ព្យាការី និង សាវក ដែល​បាន​ទុក​ចោល​សំណាញ់ និង ទ្រព្យសម្បត្តិ​របស់​ពួកលោក​ដែល​បាន​មក​ដោយ​ធ្វើ​ការ​យ៉ាង​លំបាក ហើយ​បាន​អភិវឌ្ឍ​ជំនាញ​ថ្មីៗ​ដើម្បី​បម្រើ និង ដើរ​តាម​លោកគ្រូ ។

អ្នក​ដឹកនាំ​មនុស្ស

តើ​ការក្លាយ​ជា « អ្នក​នេសាទ​មនុស្ស » មាន​ន័យ​ដូច​ម្ដេច ? ក្នុង​ព្រះបន្ទូល​ដ៏​សាមញ្ញ​នៃ​ការអញ្ជើញ​របស់​ទ្រង់​ទៅ​ដល់​ពួក​សាវក​ពី​បុរាណ ព្រះអង្គ​សង្គ្រោះ​បាន​នាំ​ឲ្យ​ស្គាល់​នូវ​អ្វី​ដែល​បាន​ក្លាយ​ជា​ទម្រង់​នៃ​ការបង្រៀន​ធម្មតា និង ដែល​ប្រកប​ដោយ​ព្រះចេស្ដា — គឺ​ការបង្រៀន​ដោយ​ការប្រៀបធៀប​ទាំងឡាយ ។ ទ្រង់​បាន​ដឹង​ថា ពួក​អ្នក​ដែល​ត្រូវ​បាន​ហៅ​ឲ្យ​ដើរ​តាម​ទ្រង់​នឹង​បាន​យល់ ត្រឹម​កម្រិត​មួយ នូវ​អ្វី​ដែល​ទ្រង់​មាន​ន័យ​ដល់​ពាក្យ​ថា « អ្នក​នេសាទ​មនុស្ស » ។

ប្រធាន ហារ៉ូលដ៍ ប៊ី លី ( ឆ្នាំ ១៨៩៩–១៩៧៣ ) បាន​បង្រៀន​ថា « ការក្លាយ​ជា ‹ អ្នក​នេសាទ​មនុស្ស › គឺ​គ្រាន់តែ​ជា​របៀប​ម្យ៉ាង​ទៀត​ក្នុង​ការនិយាយ​ថា ‹ អ្នក​ដឹកនាំ​មនុស្ស › ។ ដូច្នេះ នៅក្នុង​ភាសា​សម័យ​នេះ យើង​នឹង​និយាយ​ថា ៖ ‹ បើ​អ្នក​នឹង​រក្សា​បទបញ្ញត្តិ​ទាំងឡាយ​របស់​យើង នោះ​យើង​នឹង​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ជា​អ្នក​ដឹកនាំ​ក្នុង​ចំណោម​មនុស្ស​ទាំងឡាយ › » ។

អ្នក​ដឹកនាំ​មនុស្ស​គឺជា​ម្នាក់​ដែល​ត្រូវបាន​ហៅ​ឲ្យ​ជួយ​អ្នក​ដទៃ​ក្លាយ​ទៅ​ជា « អ្នក​ដើរ​តាម​ដ៏​ពិត​នៃ … ព្រះយេស៊ូវគ្រីស្ទ » ( មរ៉ូណៃ ៧:៤៨ ) ។ ក្បួនខ្នាត​ភាគ ២ ៖ ការគ្រប់គ្រង​សាសនាចក្រ ប្រាប់​ថា « ដើម្បី​ធ្វើ​ដូចនេះ​បាន ដំបូង អ្នក​ដឹកនាំ​ត្រូវ​ព្យាយាម​ធ្វើ​ជា​ពួក​សិស្ស​ស្មោះត្រង់​របស់​ព្រះអង្គ​សង្គ្រោះ ដោយ​រស់នៅ​តាម​ជា​រៀងរាល់​ថ្ងៃ ដើម្បី​ពួកគាត់​អាច​ត្រឡប់​ទៅ​រស់​នៅ​ក្នុង​វត្តមាន​របស់​ព្រះ ។ បន្ទាប់​មក ពួកគាត់​អាច​ជួយ​អ្នក​ដទៃ​ឲ្យ​អភិវឌ្ឍ​ទីបន្ទាល់​រឹងមាំ និង ខិត​ទៅ​កាន់តែ​ជិត​ព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវគ្រីស្ទ » ។

អ្នក​ទាំងអស់​ណា​ដែល​បាន​ទទួល​ការហៅ​ឲ្យ​ដឹកនាំ​សាសនាចក្រ គឺ​បាន​ទទួល​ការអញ្ជើញ​របស់​ព្រះអង្គ​សង្គ្រោះ​ដើម្បី​ក្លាយ​ជា​អ្នក​នេសាទ​មនុស្ស ។

សំណាញ់ និង ក្រុមប្រឹក្សា

រូបភាព
Fishermen in their boat. They are casting a net into the water. Seven of the disciples are casting their fishing net into the sea. Outtakes include more of the disciples casting their nets into the ocean, trying to pull their nets filled with fish back into the boat, the filming cast and crew as well as the equipment used to film, and emptying their nets into the boat.

ពី​កម្រិត​ខ្ពស់​បំផុត​នៃ​ថ្នាក់​ដឹកនាំ​ក្នុង​សាសនាចក្រ​រហូត​ដល់​កូរ៉ុម​បព្វជិតភាព​អើរ៉ុន និង គណៈប្រធាន​ថ្នាក់​យុវនារី នោះ​ពួក​អ្នក​ដឹកនាំ​ត្រូវបាន​រៀបចំ​ឡើង​ទៅ​ជា​ក្រុម​ប្រឹក្សា​ទាំងឡាយ ។ ពួក​អ្នក​ដឹកនាំ​ត្រូវ​បាន​ណែនាំ​ឲ្យ​រៀបចំ​ខាង​វិញ្ញាណ ចូលរួម​ពេញលេញ​ក្នុង​ក្រុមប្រឹក្សា បម្រើ​អ្នក​ដទៃ បង្រៀន​ដំណឹង​ល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ និង គ្រប់គ្រង​បព្វជិតភាព និង អង្គការ​ជំនួយ​ទាំងឡាយ​របស់​សាសនាចក្រ ។ ជាង​នោះ​ទៀត ពួកគាត់​ត្រូវ​កសាង​សាមគ្គីភាព និង ភាព​ចុះសម្រុង​គ្នា​នៅក្នុង​សាសនាចក្រ រៀបចំ​អ្នក​ផ្សេង​ទៀត​ឲ្យ​ក្លាយ​ជា​អ្នក​ដឹកនាំ និង ជា​គ្រូ ផ្ទេរ​ការទទួល​ខុសត្រូវ​នានា និង ធានា​ឲ្យ​បាន​នូវ​ទំនួល​ខុសត្រូវ ។

ដូច​ជា​ពួក​សាវក​ពី​បុរាណ​ដែល​បាន​អនុវត្ត​ការចេះ​ដឹង​របស់​ពួកលោក​អំពី​ការនេសាទ ឲ្យ​ក្លាយ​ជា​អ្នក​នេសាទ​មនុស្ស នោះ​យើង​អាច​អនុវត្ត​នូវ​គោលការណ៍​ទាំងឡាយ​ដែល​មាន​នៅក្នុង​ការប្រើប្រាស់​សំណាញ់​ចំពោះ​ក្រុមប្រឹក្សា​នៃ​សាសនាចក្រ​ផង​ដែរ ។ ដូច​ជា​សំណាញ់​មួយ​ដែរ ក្រុម​ប្រឹក្សា​ទាំង​នេះ​ត្រូវបាន​បង្កើត និង រៀបចំ​ឡើង​ឲ្យ​ប្រមូល​បុត្រា​បុត្រី​របស់​ព្រះវរបិតាសួគ៌ — សមាជិក​ម្នាក់ៗ​នៃ​ក្រុម​ប្រឹក្សា​ប្រៀប​បាន​ទៅ​នឹង​ខ្សែ​សំណាញ់​ដែល​សំខាន់​បំផុត ។ ដូច​ជា​សំណាញ់​មួយ​ដែរ វា​មាន​ប្រសិទ្ធិភាព​បាន​លុះត្រា​តែ​វា​ត្រូវ​បាន​ជួលជុល​យ៉ាង​ល្អ ក្រុមប្រឹក្សា​ទាំងឡាយ​ចុះ​ខ្សោយ ពេល​ដែល​សមាជិក​ទាំងឡាយ​នៃ​ក្រុមប្រឹក្សា​ពុំ​ត្រូវបាន​បង្កើត​ឡើង មិន​ផ្ដោត​ការ​យក​ចិត្ត​ទុកដាក់ និង មិន​ដំណើរ​ការ​ដូច​ដែល​ពួកគេ​គួរ​ធ្វើ ។

អ្នក​ដឹកនាំ​នៃ​ក្រុមប្រឹក្សា​ត្រូវ​ធ្វើ​តាម​គំរូ​នៃ​ពួក​សាវក​ពី​បុរាណ​ដែល​ជា​អ្នក​នេសាទ ដោយ​ការពិនិត្យ និង ជួសជុល « សំណាញ់ » ទាំងនេះ​ជា​ទៀងទាត់ ។ អ្នក​ដឹកនាំ​ក្រុមប្រឹក្សា​ធ្វើ​ដូច្នោះ ដោយ​ការ​ផ្ដល់​នូវ​ការហ្វឹកហ្វឺន​ជា​ទៀងទាត់ ដឹកនាំ​ក្នុង​ការប្រជុំ​ក្រុមប្រឹក្សា ផ្ដល់​យោបល់​ត្រឹមត្រូវ និង ទាន់ពេល​វេលា​ដល់​សមាជិក​ក្រុមប្រឹក្សា និង ផ្ដល់​សេចក្ដី​ស្រឡាញ់ ការលើក​ទឹកចិត្ត និង ការសរសើរ ។ ពុំ​មាន​អ្វី​មក​ជំនួស​កម្លាំង​ដ៏​មាន​ប្រសិទ្ធិភាព និង សមត្ថិភាព​នៃ​ការប្រមូល​ផ្ដុំ​នៃ​ក្រុមប្រឹក្សា​ដែល​ដំណើរការ​ត្រឹមត្រូវ​នោះ​ទេ ។

ក្រុមប្រឹក្សា​វួដ

ប្រហែល​ក្រុមប្រឹក្សា​ដែល​មាន​ឱកាស​ដ៏​ធំធេង​បំផុត​ក្នុង​ការ​ជះ​ឥទ្ធិពល​ដល់​សមាជិក​សាសនាចក្រ​ម្នាក់ៗ គឺ​ក្រុមប្រឹក្សា​វួដ ។ បុរស និង ស្ត្រី​ទាំងឡាយ​នៅក្នុង​ក្រុមប្រឹក្សា​នេះ គឺ​ពិត​ជា​ត្រូវបាន​ហៅ​ឲ្យ​ធ្វើ​ជា​អ្នក​នេសាទ​មនុស្ស ដោយ​មាន​ទំនួល​ខុស​ត្រូវ​ក្នុង​ការដឹកនាំ​កិច្ចការ​នៃ​សេចក្ដី​សង្គ្រោះ​នៅ​ក្នុង​វួដ ដូច​ដែល​ត្រូវ​បាន​ដឹកនាំ​ដោយ​ប៊ីស្សព ។ ពួកគេ​រស់នៅ និង បម្រើ​នៅក្នុង​វួដ​រៀងៗ​ខ្លួន ជា​កន្លែង​ដែល​ពួកគេ​អាច​ស្គាល់ និង ប្រាស្រ័យ​ទាក់ទង​នឹង​ពួក​អ្នក​ដែល​ពួកគេ​ត្រូវ​បាន​ហៅ​ឲ្យ​ដឹកនាំ​នោះ ។

« សមាជិក​នៃ​ក្រុមប្រឹក្សា​វួដ​ព្យាយាម​ជួយ​ដល់​បុគ្គល​ម្នាក់​ឲ្យ​ស្ថាបនា​ទីបន្ទាល់ ទទួល​ពិធី​បរិសុទ្ធ​នៃ​ការសង្គ្រោះ រក្សា​សេចក្ដី​សញ្ញា​ទាំងឡាយ ហើយ​ប្រែក្លាយ​ជា​អ្នក​ដើរតាម​ដែល​បាន​តែងតាំង​របស់​ព្រះយេស៊ូវគ្រីស្ទ ( សូមមើល មរ៉ូណៃ ៦:៤–៥ ) ។ សមាជិក​នៃ​ក្រុមប្រឹក្សា​វួដ​ទាំងអស់​មាន​ការទទួល​ខុសត្រូវ​ជា​ទូទៅ​មួយ​ចំពោះ​សុខុមាលភាព​របស់​សមាជិក​វួដ » ។

សមាជិក​នៃ​ក្រុមប្រឹក្សា​វួដ​មាន​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​ពន្លឿន​កិច្ចការ​នៃ​សេចក្ដីសង្គ្រោះ ។ ពេល​ដែល​ក្រុមប្រឹក្សា​វួដ​ពុំ​ដំណើរ​ការ​ដូច​ដែល​ការគួរ នោះ​កិច្ចការ​នឹង​ដើរ​យឺត ។ សមត្ថិភាព​នៃ​ការប្រមូល​ផ្ដុំ​របស់ « សំណាញ់ » នឹង​ចុះ​ខ្សោយ ហើយ​កិច្ច​ប្រឹងប្រែង​របស់​ក្រុមប្រឹក្សា​នឹង​នាំ​មក​នូវ​លទ្ធផល​ដែល​មាន​កម្រិត ។ ប៉ុន្តែ ពេល​ក្រុមប្រឹក្សា​វួដ​ត្រូវ​បាន​បង្កើត​ឡើង ហើយ​យក​ចិត្ត​ទុកដាក់​លើ​ការពង្រឹង​បុគ្គល និង ក្រុមគ្រួសារ​ទាំងឡាយ នោះ​លទ្ធផល​អាច​ជា​ការ​ភ្ញាក់​ផ្អើល ។

ខ្ញុំ​ស្គាល់​ច្បាស់​ពី​វួដ​មួយ​ដែល​ជួប​ការលំបាក​ក្នុង​ការ​មាន​ក្រុមប្រឹក្សា​វួដ​ដ៏​មាន​ប្រសិទ្ធិភាព​មួយ ។ វា​ពិបាក​សម្រាប់​ប៊ីស្សព ក្នុង​ការ​ទទួល​យក​ការណែនាំ​ដែល​មាន​ក្នុង ក្បួនខ្នាត​ភាគ ២ ដោយ​សារ​គាត់​មាន​ភាពងាយស្រួល​នឹង​របៀប​របស់​គាត់ ហើយ​ចូល​ចិត្ត​របៀប​ចាស់​របស់​គាត់ ។ ទោះ​ជា​យ៉ាង​ណា ក្រោយ​ពី​ការប្រឹក្សា និង ការហ្វឹកហ្វឺន​យ៉ាង​ច្រើន​ពី​សំណាក់​ប្រធាន​ស្តេក​ដែល​ពោរពេញ​ដោយ​ក្ដី​ស្រឡាញ់​ម្នាក់ នោះ​ប៊ីស្សព​បាន​បន្ទន់​ចិត្ត​របស់​គាត់ បាន​ប្រែចិត្ត ហើយ​បាន​ចាប់ផ្ដើម​ដោយ​ស្មោះ​អស់​ពី​ចិត្ត​ដើម្បី​បង្កើត​ក្រុមប្រឹក្សា​វួដ​ឡើង​ដូច​ដែល​បាន​ណែនាំ ។ គាត់​បាន​មើល​វីដេអូ​បំពាក់បំប៉ន​ដែល​មាន​លើ​គេហទំព័រ LDS.org គាត់​បាន​អាន​ផ្នែក​ទី ៤ និង ៥ នៃ ក្បួនខ្នាត​ភាគ ២ ហើយ​គាត់​បាន​អនុវត្ត​នូវ​អ្វី​ដែល​គាត់​បាន​រៀន ។

សមាជិក​នៃ​ក្រុមប្រឹក្សា​វួដ​បានទទួល​យក​ការផ្លាស់​ប្ដូរ​នេះ​យ៉ាង​ឆាប់​រហ័ស ហើយ​វិញ្ញាណ​នៃ​សេចក្ដី​ស្រឡាញ់ និង សាមគ្គីភាព​បាន​សណ្ឋិត​លើ​ពួក​គេ កាលដែល​ពួកគេ​បាន​ផ្ដោត​លើ​ការពង្រឹង​បុគ្គល និង ក្រុមគ្រួសារ​ទាំងឡាយ ។ នៅក្នុង​គ្រប់​ការប្រជុំ ពួកគេ​បាន​និយាយ​យ៉ាង​ច្រើន​អំពី​សាសនា​គន់ការី អ្នក​ប្រែ​ចិត្ត​ជឿ​ថ្មី សមាជិក​មិន​សូវ​សកម្ម និង សមាជិក​ដែល​ត្រូវការ​ជំនួយ ។ ដួង​ចិត្ត​របស់​ពួកគេ​បាន​ចាប់ផ្ដើម​មាន​សេចក្ដី​សប្បុរស​ចំពោះ​បងប្អូន​ប្រុស​ស្រី​ទាំងនេះ ហើយ​អព្ភូតហេតុ​បាន​ចាប់ផ្ដើម​កើត​ឡើង ។

ប៊ីស្សព​បាន​ប្រាប់​ថា ស្ទើរ​តែ​ភ្លាមៗ​ក្រោយ​ពី​ការផ្លាស់​ប្ដូរ​ទាំងនេះ​ត្រូវបាន​ធ្វើ​ឡើង​ទាក់ទង​នឹង​ក្រុមប្រឹក្សា​វួដ នោះ​មាន​សមាជិក​ដែល​មិន​សូវ​សកម្ម​ពី​មុនៗ​ដែល​យើង​មិន​បាន​ស្គាល់ បាន​ចាប់ផ្ដើម​មក​ព្រះវិហារ ។ សមាជិក​ទាំងនេះ​បាន​និយាយ​ថា ពួក​គេ​បាន​មាន​អារម្មណ៍​ភ្លាមៗ​ថា​ត្រូវ​ត្រឡប់​មក​ព្រះវិហារ​វិញ ។ ពួកគេ​បាន​និយាយ​ថា ពួកគេ​បាន​ទទួល​ចំណាប់​អារម្មណ៍​យ៉ាង​ច្បាស់​ថា ពួកគេ​ត្រូវ​ប្រាស្រ័យ​ទាក់ទង​នឹង​ពួក​បរិសុទ្ធ​ឡើង​វិញ ។ ពួកគេ​បាន​ដឹង​ថា ពួកគេ​នឹង​ទទួល​សេចក្ដី​ស្រឡាញ់ ហើយ​ថា ពួកគេ​ត្រូវការ​ការគាំទ្រ​ដែល​សមាជិក​ផ្ដល់​ឲ្យ ។

ប៊ីស្សព​បាន​ចែកចាយ​ជាមួយ​ខ្ញុំ​ថា គាត់​ប្រាកដ​ណាស់​ថា ព្រះវរបិតា​បាន​រង់ចាំ​ឲ្យ​គាត់​ធ្វើ​តាម​ដំបូន្មាន​ដែល​គាត់​បាន​ទទួល ហើយ​បង្កើត​ក្រុម​ប្រឹក្សា​វួដ​ដូច​ដែល​បាន​ណែនាំ មុន​នឹង​ទ្រង់​អាច​ដាក់​បំណង​ប្រាថ្នា​ចូល​ទៅ​ក្នុង​ដួងចិត្ត និង គំនិត​របស់​ពួក​សមាជិក​ដែល​មិន​សូវ​សកម្ម​ទាំង​នេះ ឲ្យ​ត្រឡប់​មក​សកម្ម​ក្នុង​ព្រះវិហារ​វិញ ។ ប៊ីស្សព​បាន​ដឹង​ថា គាត់​ត្រូវការ​បង្កើត​នូវ​បរិយាកាស​នៃ​ក្ដី​ស្រឡាញ់ និង ចញ្ចឹម​បីបាច់ ដែល​សមាជិក​ទាំង​នេះ​ត្រូវ​ការ មុន​នឹង​ព្រះវិញ្ញាណ​នឹង​ដឹកនាំ​ពួកគេ​ឲ្យ​ត្រឡប់​មក​វិញ ។ ពាក្យ​សម្ដី​របស់​គាត់​រំឭក​ខ្ញុំ​អំពី​បទពិសោធន៍​របស់​ពេត្រុស​ជា​អ្នក​នេសាទ ៖

« [ ព្រះយេស៊ូវ ] យាង​ចុះ​ទូក​មួយ​នោះ ជា​ទូក​របស់​ស៊ីម៉ូន ក៏​សូម​ឲ្យ​គាត់​ចេញ​ទូក​ពី​ដី​បន្តិច​ទៅ ។ រួច​ទ្រង់​គង់​បង្រៀន​ដល់​បណ្ដា​មនុស្ស​ពី​ក្នុង​ទូក​វិញ ។

« លុះ​ឈប់​អធិប្បាយ​ហើយ នោះ​ទ្រង់​មាន​បន្ទូល​ទៅ​ស៊ីម៉ូន​ថា ឲ្យ​ចេញ​ទូក​ទៅ​ឯ​កន្លែង​ទឹក​ជ្រៅ​ទម្លាក់​អួន​ចាប់​ត្រី​ចុះ ។

« ស៊ីម៉ូន​ទូល​ឆ្លើយ​ថា លោកគ្រូ​អើយ យប់មិញ យើង​ខ្ញុំ​បាន​ខំ​ដឹក​អួន​ទាល់​តែ​ភ្លឺ គ្មាន​បាន​អ្វី​សោះ តែ​ខ្ញុំ​នឹង​ទម្លាក់​អួន​តាម​ពាក្យ​លោក​មើល ។

« កាល​ទម្លាក់​ទៅ នោះ​ក៏​ជាប់​បាន​ត្រី​សន្ធឹក​ដល់​ម៉្លេះ​បាន​ជា​អួន​ចាប់​តាំង​ធ្លាយ » ( លូកា ៥:៣–៦ ) ។

ពេល​យើង​ស្ដាប់ និង ធ្វើ​តាម​ដំបូន្មាន​ដែល​ត្រូវ​បាន​ផ្ដល់​ដល់​យើង​ដោយ​ពួក​ព្យាការី អ្នក​មើល​ឆុត និង អ្នក​ទទួល​វិវរណៈ​សម័យ​ទំនើប — « អ្នក​នេសាទ​មនុស្ស » ដ៏​ពិត — ហើយ​ពេល​យើង​ពិនិត្យ និង ជួសជុល​សំណាញ់​របស់​យើង ខណៈ​កំពុង​បម្រើ នោះ​សមត្ថភាព​របស់​យើង​ក្នុង​ការពន្លឿន​កិច្ចការ​នៃ​សេចក្ដី​សង្គ្រោះ នឹង​កើន​ឡើង​យ៉ាង​ខ្លាំង ហើយ​យើង​នឹង​ក្លាយ​ជា​ឧបករណ៍​នៅ​ក្នុង​ព្រះហស្ត​នៃ​ព្រះវរបិតាសួគ៌​ដើម្បី​ប្រមូល​បុត្រា​បុត្រី​របស់​ទ្រង់ ។

កំណត់​ចំណាំ

  1. ហារ៉ូល ប៊ី លី នៅក្នុង Conference Report ខែ តុលា ឆ្នាំ ១៩៦០ ទំព័រ ១៥ ។

  2. ក្បួន​ខ្នាត​ភាគ ២ ៖ ការគ្រប់គ្រង​សាសនាចក្រ ( ឆ្នាំ ២០១០ ) ចំណុច ៣.១ ។

  3. សូមមើល ក្បួន​ខ្នាត​ភាគ ២ ចំណុច ៣.២.១–៥; ៣.៣.២–៤ ។

  4. ក្បួន​ខ្នាត​ភាគ ២ ចំណុច ៤.៤ ។