២០១៥
ការសង្គ្រោះ​សត្វ​បក្សី
June 2015


ការចាំង​ត្រឡប់

ការសង្គ្រោះ​សត្វ​បក្សី

អ្នក​និពន្ធ​រស់​នៅ​រដ្ឋ កាលីហ្វូញ៉ា ស.រ.អា ។

ក្នុង​ការ​សង្គ្រោះ​សត្វ​បក្សី​មួយ យើង​បាន​រៀន​ពី​របៀប​ដើម្បី​ជួយ​អ្នក​ទន់ខ្សោយ​ខាង​វិញ្ញាណ ។

រូបភាព
Hummingbird on a color background

រូបថត​ដោយ Kojihirano/iStock/Thinkstock

នៅ​ឯ​ការ​បោះ​ជំរុំ​យុវនារី​នៅឯ​ភ្នំ​នៃ​រដ្ឋ កាលីហ្វូញ៉ា ពួក​យុវនារី និង អ្នក​ដឹកនាំ​បាន​រង់ចាំ​ទទួល​ទាន​អាហារ​ពេល​ល្ងាច​ក្នុង​ផ្ទះ​សំណាក់​រាង​ជា​អក្សរ A មួយ ។ ពេល​យើង​រង់ចាំ យុវនារី​មួយ​ចំនួន​បាន​កត់​សម្គាល់​ថា​មាន​អ្វី​មួយ​នៅ​ក្រោម​តុ ។ មិន​ដឹង​ថា​ដោយ​របៀប​ណា តែ​មាន​សត្វ​បក្សី​មួយ​បាន​ហើរ​ចូល​មក​ក្នុង​ផ្ទះ​សំណាក់ មិន​អាច​រក​ផ្លូវ​ចេញ​បាន ហើយ​នៅ​ទី​បំផុត​ក៏​បាន​ធ្លាក់​ចុះ​នៅ​លើ​ឥដ្ឋ ។ ពួកគេ​បាន​សូម​ឲ្យ​ខ្ញុំ​ជួយ​វា ។

បក្សី​នោះ មើល​ទៅ​ស្ទើរ​តែ​នឹង​ស្លាប់​ទៅ​ហើយ ចំពុះ​វា​ត្រូវ​រុំ​ដោយ​សំបុក​ពីងពាង ហើយ​ស្លាប​វា​ឡើង​វៀច ។ ខ្ញុំ​បាន​ដាក់​វា​ថ្នមៗ​ទៅក្នុង​ពែង​មួយ ហើយ​បាន​យក​វា​ទៅ​ខាង​ក្រៅ ។ ខ្ញុំ​សង្ឃឹម​ថា វា​នឹង​បាន​ជា​ដោយ​ខ្លួន​វា ប៉ុន្តែ​ខ្ញុំ​ជឿ​ភាព​ជាក់ស្ដែង ហើយក៏​រំពឹង​ថា វា​នឹង​ស្លាប់​ទៅ​តាម​បែប​ធម្មជាតិ ។ ទោះ​ជា​យ៉ាង​ណា នៅ​ពេល​ដែល​ខ្ញុំ​ផ្អៀង​ពែង​ថ្នមៗ​ដើម្បី​ចាក់​សត្វ​បក្សី​នោះ​ចេញ​ទៅ​លើ​ដី ស្រាប់​តែ​សត្វ​បក្សី​ដែល​កំពុង​តែ​រំកិល​ខ្លួន​ចេញ​មក នោះ​បែរ​ជា​វា​តោង​មាត់​ពែង​នោះ​ជាប់​ជាមួយ​នឹង​ក្រញ៉ាំ​វា​ទៅ​វិញ ។ ខ្ញុំ​បាន​កាន់​ពែង​ឲ្យ​ត្រង់​ឡើង​វិញ សត្វ​បក្សី​ទុំ​នៅ​នឹង​មាត់​ពែង ហើយ​ភ្នែក​វា​បិទ ។ ចុះ​ឥឡូវ​នេះ​យ៉ាង​ម៉េច​ដែរ ?

ដោយ​បាន​ឃើញ​សត្វ​បក្សី នោះ​អ្នក​ដឹកនាំ​ម្នាក់​បាន​លាយ​ស្ករ និង ទឹក ហើយ​យក​មក​ឲ្យ​ខ្ញុំ ។ ដំបូង ខ្ញុំ​បបោស​សំបុក​ពីងពាង​ថ្នមៗ ចេញ​ពី​ចំពុះ​ស្រួច​ដូច​ម្ជុល ។ សត្វ​បក្សី​មិន​បាន​កម្រើក​ឡើយ ។ បន្ទាប់​មក ខ្ញុំ​បាន​ជ្រលក់​ម្រាម​ដៃ​ទៅក្នុង​ទឹក​ស្ករ ហើយ​បន្តក់​ទៅ​ចុង​ចំពុះ​វា ។ តំណក់​ទឹកស្ករ​បាត់អស់​រលីង ទោះ​ជា​សត្វ​បក្សី​មិន​បាន​កម្រើក​ក្ដី ។ ប្រហែល​ទឹកស្ករ​ហូរ​ចូល​ក្នុង​ចំពុះ ? ខ្ញុំ​បាន​ជ្រលក់​ម្រាម​ដៃ​ទៅក្នុង​ទឹក​ស្ករ​ម្ដង​ទៀត ហើយ​ដាក់​ទៅ​នឹង​ចំពុះ​វា ។ ម្ដង​នេះ អណ្ដាត​ដ៏​តូច ស្ដើង​ជាង​សរសៃ​សក់ បាន​លិត​ចុង​ម្រាម​ដៃ​ខ្ញុំ ។

សត្វ​បក្សី​បាន​ផឹក​ទឹក​ស្ករ​ពី​មួយ​តំណក់​ទៅ​មួយ​តំណក់ អស់​រយៈពេល ១០ ឬ ១៥ នាទី ។ មក​ដល់​ពេល​នោះ អ្នក​ដឹកនាំ​បួនប្រាំ​នាក់​ទៀត​បាន​ប្រមូល​គ្នា​មក​ជុំ​វិញ​ខ្ញុំ ហើយ​ខ្ញុំ​ឲ្យ​ពួកគាត់​សាក​ឲ្យ​ទឹក​ស្ករ​វា ។

រំពេច​នោះ សត្វ​បក្សី​បាន​បើក​ភ្នែក​វា ហើយ​រោម​ដ៏​រញ៉េរញ៉ៃ​របស់​វា​បាន​រៀបរយ​ឡើង​វិញ ។ បន្ទាប់​ពី​ផឹក​ទឹកស្ករ​ពីរបី​តំណក់​ថែម​ទៀត វា​ចាប់​ផ្ដើម​រលាស់ ហើយ​កម្ដៅ​ស្លាប​វា​មួយ​ភ្លែត ហើយ​បាន​ហើរ​ឡើង​ទៅ ។ វា​ឈប់​មួយ​សន្ទុះ​នៅ​ពី​លើ​យើង ហើយ​បាន​ហោះ​ចេញ​ទៅ ។

យើង​បាន​ឈរ​នៅ​ទី​នោះ ទាំង​ស្រឡាំងកាំង ។ ក្រោយ​ពី​សត្វ​បក្សី​ហើរ​ចេញ​ទៅ​ភ្លាម ក៏​មាន​នូវ​មេរៀន​ខាង​វិញ្ញាណ​មួយ​លេច​ឡើង ៖

  • ជា​ញឹកញាប់ ពេល​យើង​ឈោង​ទៅ​ជួយ​សមាជិក​អសកម្ម ការខិតខំ​របស់​យើង​ហាក់ដូច​ជា​មិនឃើញ​ធ្វើ​ឲ្យ​មាន​ការផ្លាស់​ប្ដូរ​អ្វី​សោះ ។ ប៉ុន្តែ សេចក្ដី​ស្រឡាញ់​ដែល​យើង​ផ្ដល់​ឲ្យ​ពិតជា​ចូល​ទៅ​ក្នុង​ចន្លោះ​ដែល​ប្រេះស្រាំ — ដូច​ជា​ទឹក​អម្រិត​ដែល​ចូល​ទៅក្នុង​ចំពុះ​ដែល​មិន​កម្រើក​នៃ​សត្វ​បក្សី​នោះ​ដែរ — ជា​ការ​ផ្ដល់​នូវ​ការ​ចិញ្ចឹម​បីបាច់​ខាង​វិញ្ញាណ ដែល​អាច​នឹង​បង្កើត​ជា​ផល​ផ្លែ​នៅ​ថ្ងៃ​ណាមួយ ។

  • ពេល​ខ្លះ យើង​ពុំ​អាច​ទៅ​បាន​ឆ្ងាយ​ជាង​នេះទៀត ដោយ​ខ្លួន​ឯង​ទេ យើង​ត្រូវការ​ដៃ​ដែល​ខ្វល់ខ្វាយ និង ករុណា ។

  • ជួនកាល​មនុស្ស​ត្រូវ​ជំពាក់​ជាប់​ក្នុង​សំបុក​ពីងពាង​នៃ​អំពើបាប ឬ ការញៀន ហើយ​ត្រូវការ​ជំនួយ​ពី​មិត្តភក្ដិ ឬ អ្នក​ដឹកនាំ​បព្វជិតភាព​ម្នាក់ និង ជំនួយ​របស់​ព្រះអង្គ​សង្គ្រោះ​ដើម្បី​ទទួល​បាន​សេរីភាព ។

  • យើង​ត្រូវការ​ចំណី​អាហារ​ចិញ្ចឹម​ខាង​វិញ្ញាណ​ជា​ប្រចាំ ដើម្បី​ស៊ូទ្រាំ បើ​មិន​ដូច្នោះ​ទេ​យើង​នឹង​អស់​កម្លាំង​ខាង​វិញ្ញាណ ហើយ​ធ្លាក់​ទៅ​ជា​ជន​រងគ្រោះ​ចំពោះ​ឥទ្ធិពល​នៃ​អារក្ស ។

  • សត្វ​បក្សី​នោះ​នៅ​បន្ត​តោង​ជាប់ ។ ពិតណាស់ ។ ការ​តោង​ជាប់​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ទាំងអស់ ។ ពេល​ខ្លះ យើង​ត្រូវតែ​ស៊ូទ្រាំ​ប៉ុណ្ណោះ គឺ​ស៊ូទ្រាំ​នៅក្នុង​សេចក្ដី​ជំនឿ កាលដែល​យើង​ប្រឈម​នឹង​ឧបសគ្គ​ដ៏​ឈឺចាប់ ហើយ​ពេល​ខ្លះ​គឺ​ជា​ឧបសគ្គ​ដ៏​គួរ​ឲ្យ​រន្ធត់​ក្នុង​ជីវិត ។

ព្រះគម្ពីរ​សញ្ញា​ថ្មី​ចែង​ថា ព្រះអម្ចាស់​ទ្រង់​ត្រាស់​ដឹង​សូម្បី​តែ​សត្វ​ចាប​មួយ​ធ្លាក់ ( សូមមើល ម៉ាថាយ ១០:២៩–៣១ ) ។ ឥឡូវ​នេះ​ខ្ញុំ​ដឹង​ថា ទ្រង់​ក៏​ត្រាស់​ដឹង​ពី​ការ​ធ្លាក់​របស់​សត្វ​បក្សី​នេះ​ដែរ ។ ហើយ​ទ្រង់​ត្រាស់​ដឹង​ពី​អ្នក ។