២០១៥
ផ្លែ​ប៉ែស​ដែល​ផ្ទុះ​របស់​ខ្ញុំ
June 2015


ផ្លែ​ប៉ែស​ដែល​ផ្ទុះ​របស់​ខ្ញុំ

ម៉ារី ប៊ីស៊ីងហ្ក័រ រដ្ឋ យូថាហ៍ ស.រ.អា

រូបភាព
illustration of canning jars breaking

ខ្ញុំ​បាន​រត់​ចូល​ទៅ​ក្នុង​ផ្ទះ​បាយ ហើយ​បាន​ឃើញ​អំបែង​កែវ​ខ្ចាត់​ខ្ចាយ និង ដំណាប់​ផ្លែ​ប៉ែស​ស្អិតៗ​រាយ​ប៉ាយ​ពេញ​ផ្ទះ​បាយ ។

រចនា​ដោយ ប្រេដលី អេជ ខ្លាក

ខ្ញុំ​បាន​គិត​ថា ខ្ញុំ​គឺ​ជា​ម្ដាយ​ដ៏​ល្អ​ឥត​ខ្ចោះ​ម្នាក់ … រហូត​ទាល់​តែ​ដល់​ពេល​ខ្ញុំ​មាន​កូន ។

សម្រាប់​ខ្ញុំ ភាព​ជា​ម្ដាយ​គឺ​ជា​ភ្លើង​របស់​ជាង​សំរង ។ ភាពទន់​ខ្សោយ​របស់​ខ្ញុំ​ហាក់​លេច​ចេញ​មក នៅពេល​ដែល​ខ្ញុំ​ថប់​អារម្មណ៍ មិន​បាន​គេង​គ្រប់​គ្រាន់ ព្រួយ​បារម្ភ ឬ អន់ចិត្ត ។ ពិតណាស់ ពរជ័យ​នៃ​ភាព​ជា​ម្ដាយ​ទូទាត់​សង​វិញ​ចំពោះ​គ្រា​ទាំងនោះ ប៉ុន្តែ​ខ្ញុំ​បាន​ឃើញ​ថា ខ្ញុំ​មាន​ចិត្ត​ឆេវឆាវ ។ វា​គួរ​ឲ្យ​អាម៉ាស់​ណាស់​ដែល​ត្រូវ​សារភាព ប៉ុន្តែ​ខ្ញុំ​ធ្លាប់​ស្រែក ឬ គប់​របស់​របរ​ដើម្បី​ទាញ​យក​ចំណាប់​អារម្មណ៍​របស់​កូនៗ​ខ្ញុំ ។

ខ្ញុំ​តាំង​ចិត្ត​ជា​ច្រើន​ដង​ណាស់​ដើម្បី​កុំ​ឲ្យ​ចិត្ត​ឆេវឆាវ ប៉ុន្តែ​ខ្ញុំ​នៅតែ​មាន​ចិត្ត​ឆេវឆាវ​នៅ​ពេល​ខ្ញុំ​ថប់​អារម្មណ៍ ។ ព្រះវរបិតាសួគ៌​បាន​ដឹង​ថា ខ្ញុំ​ត្រូវការ​អ្វី​មួយ​ដែល​អស្ចារ្យ​ក្រៃលែង​ដើម្បី​ជួយ​ខ្ញុំ ។

នៅ​ល្ងាច​មួយ បន្ទាប់​ពី​ធ្វើ​ដំណាប់​ផ្លែ​ប៉ែស​អស់​ពេញ​មួយ​ថ្ងៃ ខ្ញុំ​បាន​ដាក់​ចំហុយ​ដំណាប់​ប៉ុន្មាន​កែវ​ចុងក្រោយ ហើយ​សម្រេច​ចិត្ត​ទៅ​គេង​សម្រាក​មួយ​ភ្លែត ។ ខ្ញុំ​មាន​ភាព​ប្រាកដ​ថា ខ្ញុំ​នឹង​ភ្ញាក់​ទាន់​ពេល ដើម្បី​យក​កែវ​ទាំងនោះ​ចេញ​ពី​ឆ្នាំង​ចំហុយ ។

ខ្ញុំ​មិន​បាន​ភ្ញាក់​ទេ ។

ឃ្វីន ជា​ស្វាមី​ខ្ញុំ និង ខ្ញុំ​ត្រូវ​បាន​ដាស់​ឲ្យ​ភ្ញាក់​ឡើង ដោយ​សារ​សំឡេង​នៃ​កែវ​ដែល​ផ្ទុះ ។ ខ្ញុំ​បាន​រត់​ចូល​ទៅ​ក្នុង​ផ្ទះ​បាយ ហើយ​បាន​ឃើញ​អំបែង​កែវ​ខ្ចាត់​ខ្ចាយ និង ផ្លែ​ប៉ែស​ស្អិតៗ​ប្រឡាក់​ពេញ​ផ្ទះ​បាយ ។ ជាក់​ស្ដែង ទឹក​ក្នុង​ឆ្នាំង​ចំហុយ​នោះ​រីង​ហួត​អស់ ហើយ​កម្ដៅ និង សម្ពាធ​កើន​ខ្លាំង​ឡើង គម្រប​ឆ្នាំង​បាន​ខ្ទាត​ប៉ើង​ឡើង ហើយ​កែវ​ប្រាំមួយ​ក្នុង​ចំណោម​ប្រាំពីរ​ត្រូវ​ផ្ទុះ ។

ខ្ញុំ​បាន​និយាយ​ថា « ខ្ញុំ​គិត​ថា ខ្ញុំ​នឹង​សម្អាត​វា​នៅ​ពេល​ព្រឹក » ។

ជា​គំនិត​មិន​ល្អ​សោះ ។

ដល់​ពេល​ព្រឹក ផ្លែ​ប៉ែស​ដែល​ខ្ចាត់ខ្ចាយ​ដ៏​ស្មោគគ្រោក​នោះ​បាន​កក​រឹង អំបែង​កែវ​នៅ​ជាប់​ពេញ​ផ្ទះ​បាយ និង កន្លែង​ញ៉ាំ​អាហារ ។ កម្ទេច​តូចៗ​របស់​កែវ​ផ្លែ​ប៉ែស​ដែល​ខ្ទាត​ខ្ចាយ​នោះ ថែម​ទាំង​ខ្ទាត​ទៅ​លើ​ប្រដាប់​ប្រដា​ប្រើប្រាស់​ដែល​នៅ​លើ​តុ និង ខ្ទាត​ចូល​ទៅ​ក្នុង​គ្រប់​ជ្រុងជ្រោយ គ្រប់​រន្ធ​តូចៗ រួម​ទាំង​ពីក្រោយ​ទូរទឹកកក​ទៀត​ផង ។

ត្រូវ​ចំណាយ​ពេល​បួនប្រាំ​ម៉ោង​ក្នុង​ការ​សម្អាត​វា ។ ខ្ញុំ​ត្រូវ​ជ្រលក់​ក្រដាស​ឲ្យ​សើម​ហើយ​ដាក់​នៅ​លើ​អំបែង​កែវ​ដែល​កក​នោះ ហើយ​ព្យាយាម​កោស​ជូត​វា​ដោយ​ប្រយ័ត្ន​កុំ​ឲ្យ​វា​មុត​ដៃ​ខ្ញុំ ។

ពេល​ខ្ញុំ​ធ្វើ​ការ​សម្អាត នោះ​មាន​សំឡេង​ដែល​ខ្ញុំ​ស្គាល់​បាន​ខ្សឹប​ប្រាប់​ខ្ញុំ​ថា ៖ « ម៉ារី ពេល​អារម្មណ៍​អ្នក​ផ្ទុះ​ឡើង គឺ​វា​ដូច​ជា​កែវ​ទាំង​នេះ​អញ្ចឹង អ្នក​មិន​អាច​ជួសជុល​វា​ដោយ​ងាយ​ស្រួល​នោះ​ទេ ។ អ្នក​មិន​អាច​មើល​ឃើញ​ពី​កន្លែង និង របៀប​ដែល​កំហឹង​របស់​អ្នក​ធ្វើ​ឲ្យ​កូនៗ​អ្នក និង អ្នក​ដទៃ​ទៀត​ឈឺ​ចាប់​​នោះ​ទេ ។ ដូច​ជា​ភាពរាយប៉ាយ​នេះ​ដែរ ភាពឈឺចាប់​នោះ​កករឹង​យ៉ាង​ឆាប់ ហើយ​វា​ឈឺ​ខ្លាំង​ណាស់ » ។

ភ្លាម​នោះ ខ្ញុំ​បាន​យល់​ថា​ការសម្អាត​នោះ​អាច​ជា​និមិត្តរូប​អំពី​ជីវិត​ខ្ញុំ ។ មេរៀន​នោះ​ជា​មេរៀន​ដ៏​ពោរពេញ​ដោយ​ចេស្ដា ។ ដូច​ជា​កំហឹង​របស់​ខ្ញុំ​ដែរ ការសម្អាត​មិន​មែន​ធ្វើ​តែ​មួយ​ភ្លែត​ហើយ​នោះ​ទេ ។ ប៉ុន្មាន​សប្ដាហ៍​ក្រោយ​មក ខ្ញុំ​នៅ​តែ​ឃើញ​មាន​ដុំ​ផ្លែ​ប៉ែស​កក​ជាប់​នឹង​អំបែង​កែវ​ខ្លះៗ ។

ខ្ញុំ​អធិស្ឋាន​ថា ថ្ងៃ​មួយ​ការអត់ធ្មត់​របស់​ខ្ញុំ​នឹង​ក្លាយ​ជា​កម្លាំង​ដ៏​អស្ចារ្យ ដូច​ជា​ភាព​ទន់​ខ្សោយ​ដែរ ។ សម្រាប់​ពេល​នេះ ខ្ញុំ​មាន​អំណរ​គុណ​ដែល​ដង្វាយធួន​របស់​ព្រះអម្ចាស់​កំពុង​ជួយ​ខ្ញុំ​ឲ្យ​គ្រប់គ្រង​អារម្មណ៍​របស់​ខ្ញុំ​បាន​កាន់តែ​ប្រសើរ ដើម្បី​ខ្ញុំ​អាច​ការពារ​កុំ​ឲ្យ​អ្នក​ដែល​ខ្ញុំ​ស្រឡាញ់​ត្រូវ​ទទួល​រង​នូវ​ភាពរាយប៉ាយ​ដែល​បណ្ដាល​មក​ពី​ការផ្ទុះ​កំហឹង​របស់​ខ្ញុំ ។