២០១៥
ខ្ញុំ​ស្រឡាញ់​អ្នក
June 2015


ខ្ញុំ​ស្រឡាញ់​អ្នក

ណាថាលី ធី ហ្វ្រីសត្រូប យូថាហ៍ ស.រ.អា

រូបភាព
illustration of a young Italian girl hugging a sister missionary.

ខ្ញុំ​បាន​បែរ​ខ្នង ហើយ​បាន​ឃើញ​ក្មេង​ស្រី​តូច​ដ៏​ស្រស់​ស្អាត​ម្នាក់ ហើយ​ខ្ញុំ​បាន​លុត​ជង្គង់​ចុះ​យឺតៗ​ទៅ​ក្បែរ​នាង​នៅ​លើ​ផ្លូវ​គ្រួស​នោះ ។

រចនា​ដោយ ប្រេដលី អេជ ខ្លាក

កាល​ដែល​សន្និសីទ​ហ្សូន​បេសកកម្ម​របស់​ខ្ញុំ​ជិត​មក​ដល់ នោះ​ខ្ញុំ​បាន​ឈរ​នៅ​ខាង​ក្រៅ​ដោយ​គិត​ថា « តើ​ខ្ញុំ​កំពុង​ធ្វើ​អ្វី​នៅ​ក្នុង​ប្រទេស​គេ​នេះ ? តើ​ខ្ញុំ​នឹង​ធ្វើ​អ្វីៗ​ទាំងអស់​ដែល​គេ​រំពឹង​ពី​ខ្ញុំ​ដោយ​របៀប​ណា​ទៅ ? »

ខ្ញុំ​បាន​មក​ដល់​ទីក្រុង ស៊ីស៊ីលី ប្រទេស អ៊ីតាលី ជាង​មួយ​សប្ដាហ៍ ប៉ុន្តែ​ខ្ញុំ​បាន​មាន​អារម្មណ៍​បាក់​ទឹក​ចិត្ត​បាត់​ទៅ​ហើយ ។ ពេល​វេលា​របស់​ខ្ញុំ​នៅក្នុង​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​អ្នក​ផ្សព្វផ្សាយ​សាសនា ហាក់​បី​ដូច​ជា​សុបិន​មួយ​ដ៏​អស្ចារ្យ ប៉ុន្តែ ដោយ​សារ​ភាព​មិន​ពេញលេញ​របស់​ខ្ញុំ ឥឡូវ​នេះ​ខ្ញុំ​បាន​មាន​អារម្មណ៍​ថា ខ្ញុំ​ដូច​ជា​នៅក្នុង​សុបិន​ដ៏​អាក្រក់​មួយ ។

ខ្ញុំ​បាន​អធិស្ឋាន​ថា « ព្រះវរបិតា​ជាទី​ស្រឡាញ់​អើយ កូន​ចង់​ក្លាយ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ដ៏​អស្ចារ្យ ។ ឥឡូវ​នេះ ដោយ​កូន​នៅ​ទី​នេះ នោះ​កូន​ដឹង​ថា កូន​ពុំ​មាន​ភាព​ប៉ិន​ប្រសប់ ជំនាញ ឬ ភាព​ឈ្លាសវៃ ដើម្បី​សម្រេច​បាន​នូវ​អ្វី​ដែល​កូន​ត្រូវ​បាន​បញ្ជូន​ឲ្យ​មក​ធ្វើ​នោះ​ទេ ។ កូន​បាន​គិត​ថា កូន​ចេះ​ភាសា​នេះ ប៉ុន្តែ​អ្នក​គ្រប់​គ្នា​និយាយ​លឿនៗ​ណាស់ ហើយ​ពាក្យ​ណា​ក៏​ដោយ​ដែល​កូន​ព្យាយាម​បញ្ចេញ​សម្លេង​ចេញ​ទៅ គឺ​ត្រូវ​បាន​ធ្វើ​ឲ្យ​ប្រទាក់​នឹង​អណ្ដាត​កូន ។ កូន​គិត​ថា ដៃគូ​របស់​កូន​មិន​ចូល​ចិត្ត​កូន​ទេ ។ ប្រធាន​បេសកកម្ម​របស់​កូន​និយាយ​ភាសា​អង់គ្លេស​បាន​តែ​បន្តិច​បន្តួច ។ កូន​គ្មាន​នរណា​នឹង​និយាយ​ជាមួយ​ទេ ។ សូម​ជួយ​កូន​ផង » ។

ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​ត្រូវ​ត្រឡប់​ចូល​ខាង​ក្នុងវិញ ប៉ុន្តែ​ខ្ញុំ​បាន​នៅ​បង្អែបង្អង់​នៅ​តាម​ផ្លូវ​ពីរ​បី​នាទី​ទៀត ។ រំពេច​នោះ មាន​នរណា​ម្នាក់​ទាញ​ខ្នង​អាវធំ​ខ្ញុំ​ពីរបី​ដង ។ ខ្ញុំ​បាន​បែរ​ខ្នង ហើយ​បាន​ឃើញ​ក្មេង​ស្រី​តូច​ដ៏​ស្រស់​ស្អាត​ម្នាក់ ហើយ​ខ្ញុំ​បាន​លុត​ជង្គង់​ចុះ​យឺតៗ​ទៅ​ក្បែរ​នាង​នៅ​លើ​ផ្លូវ​គ្រួស​នោះ ។ នាង​បាន​ដាក់​ដៃ​នាង​ជុំ​វិញ​ក​ខ្ញុំ ហើយ​ខ្សឹប​ទៅ​ត្រចៀក​ខ្ញុំ​ថា “Ti voglio bene” ។

« តើ​ប្អូន​និយាយ​ថា​ម៉េច ? » ខ្ញុំ​បាន​សួរ​ជា​ភាសា​អង់គ្លេស ដោយ​ដឹង​យ៉ាង​ច្បាស់​ថា នាង​ពុំ​យល់​នោះ​ទេ ។

នាង​បាន​សម្លឹង​ទៅ​ស្លាក​ឈ្មោះ​ខ្ញុំ ។ “Sorella Domenici,” នាង​បាន​អាន “ti voglio bene” ។

ខ្ញុំ​ស្គាល់​ពី​អត្ថន័យ​នៃ​ឃ្លា​នោះ ។ វា​ជា​ឃ្លា​ដំបូង​មួយ​ដែល​យើង​បាន​រៀន​ក្នុង​នាម​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា ។ វា​ជា​ឃ្លា​មួយ​ដែល​អាច​និយាយ​ដោយ​ផ្ទាល់​ទៅ​កាន់​ព្រលឹង ។ វា​មាន​ន័យ​ថា « ខ្ញុំ​ស្រឡាញ់​អ្នក » ។

ពាក្យ​ទាំង​នោះ​គឺ​ពិត​ជា​ពាក្យ​ដែល​ខ្ញុំ​ត្រូវការ​ឮ​នៅ​ពេល​នោះ​តែ​ម្ដង ។ ព្រះអង្គ​សង្គ្រោះ​បាន​បញ្ជូន​សារទូត​ដ៏​ពិសេស​ម្នាក់​ឲ្យ​បញ្ជូន​សារ​នោះ​ដល់​ខ្ញុំ ។ ខ្ញុំ​បាន​នាំ​ក្មេង​ស្រី​នោះ​ចូល​ទៅ​ក្នុង​អគារ ។

ខ្ញុំ​បាន​គិត​ថា « នាង​ប្រាកដ​ជា​កូន​របស់​សមាជិក » ។ ខ្ញុំ​បាន​ដើរ​ដោយ​ប្រុង​ប្រយ័ត្ន​កាត់​ក្រុម​អ្នក​ផ្សព្វផ្សាយ​សាសនា ដោយ​សង្ឃឹម​ថា ម្ដាយ​នាង​នឹង​ឃើញ​នាង ។

ពេល​ខ្ញុំ​រកឃើញ​ដៃគូ​ខ្ញុំ ខ្ញុំ​បាន​សួរ​ថា « តើ​ស៊ីស្ទើរ​ធ្លាប់​បាន​ឃើញ​ក្មេង​ស្រី​តូច​នេះ​ពី​មុន​មក​ទេ ? »

គាត់​បាន​ឆ្លើយ​តប ដោយ​ងឿង​ឆ្ងល់ « ក្មេងស្រី​តូច​អី​គេ ? »

ខ្ញុំ​បាន​ក្រឡេក​មើល​ទៅ​ចំហៀង​ខ្ញុំ ។ ក្មេង​ស្រី​តូច​នោះ​បាន​ទៅ​បាត់​ហើយ ។

ខ្ញុំ​បាន​ឈរ​នៅ​ទ្វារ​អគារ ហើយ​សម្លឹង​ចុះ​ឡើង​ទៅ​ផ្លូវ​ខ្សាច់​នោះ ។ ខណៈ​ដែល​ខ្ញុំ​ពិចារណា នោះ​សម្លេង​ខ្សឹប ដែល​ខ្ញុំ​មិន​ត្រឹម​តែ​បាន​ឮ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បន្ទរ​ចូល​ទៅ​ក្នុង​ព្រលឹង​ខ្ញុំ​ថា ៖ “Sorella Domenici, ti voglio bene” ។

ខ្ញុំ​ពុំ​បាន​ដឹង​ថា ក្មេង​ស្រី​តូច​នោះ​ជា​នរណា​ទេ ប៉ុន្តែ​ខ្ញុំ​បាន​ដឹង​ថា ព្រះអង្គ​សង្គ្រោះ​ទ្រង់​ស្រឡាញ់​ខ្ញុំ ។