២០១៥
ការបង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ​អំពី​ភាពជាសិស្ស
June 2015


ការបង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ​អំពី ភាពជាសិស្ស

នៅក្នុង​ដំណើរ​រឿង​របស់​លូកា​អំពី​ការ​ធ្វើ​ដំណើរ​ចុងក្រោយ​របស់​ព្រះយេស៊ូវគ្រីស្ទ​ទៅ​កាន់​ក្រុង​យេរូសាឡិម យើង​ឃើញ​ថា ព្រះអង្គ​សង្គ្រោះ​ប្រទាន​ដល់​យើង​នូវ​គំរូ​ដ៍​ច្បាស់លាស់​មួយ​អំពី​របៀប​ដើម្បី​ធ្វើ​តាម​ទ្រង់ ។

រូបភាព
The Savior's Teaching on Discipleship

គំនូរ ដោយ ចាស្ទីន ឃុនហ្ស៍

ត្រឹម​តែ​បួន​ខែ​មុន​ពេល​ការសុគត​របស់​ព្រះអង្គ​សង្គ្រោះ « កាល​ជិត​ដល់​កំណត់​ដែល​ទ្រង់​ត្រូវ​ឡើង​ទៅ​ស្ថានសួគ៌ នោះ​ទ្រង់​តម្រង់​ព្រះភក្ត្រ [ យ៉ាង​ម៉ឺងម៉ាត់ ] យាង​ឆ្ពោះ​ត្រង់​ទៅ​ឯ​ក្រុង​យេរូសាឡិម​តែ​ម្ដង » ( លូកា ៩:៥១ ) ។ នៅ​ប៉ុន្មាន​សប្ដាហ៍​មុន​នោះ ព្រះយេស៊ូវគ្រីស្ទ​បាន​រៀបចំ​​ពួក​សិស្ស​របស់​ទ្រង់​ដោយ​ព្រះទ័យ​ទុកដាក់ សម្រាប់​ភាពលំបាក និង ព្រឹត្តិការណ៍​ខាង​វិញ្ញាណ​ដែល​គិត​មិន​ដល់​ទាំងឡាយ ដែល​នឹង​មាន​នៅ​ខាង​មុខ ។

ឧទាហរណ៍ ភ្លាមៗ​បន្ទាប់​ពី​ពេត្រុស​បាន​ថ្លែង​បន្ទាល់​អំពី​ទេវភាព​របស់​ព្រះយេស៊ូវគ្រីស្ទ​នៅឯ​ខែសារៀ ភីលីពី នោះ​ព្រះអង្គ​សង្គ្រោះ​បាន​មាន​បន្ទូល​ទៅ​កាន់​ពួក​សិស្ស​របស់​ទ្រង់​អំពី​ការសុគត​របស់​ទ្រង់​ដែល​នឹង​មក​ដល់ និង ការ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​ជា​លើក​ដំបូង ដោយ​ទ្រង់​បាន​មាន​បន្ទូល​ក្នុង​ន័យ​យ៉ាង​ច្បាស់​ពិត​ប្រាកដ ( សូម​មើល ​ម៉ាថាយ ១៦:១៣–២១; ម៉ាកុស ៨:២៧–៣១; លូកា ៩:១៨–២២ ) ។ ព្រះយេស៊ូវ​ក៏​បាន​នាំ​ពេត្រុស យ៉ាកុប និង យ៉ូហាន ទៅ​ជាមួយ​នឹង​ទ្រង់ « ក៏​នាំ​ឡើង​ទៅ​លើ​ភ្នំ​ខ្ពស់ » ជា​កន្លែង​ដែល​ទ្រង់ « បាន​ផ្លាស់​ប្រែ​នៅ​មុខ​អ្នក​ទាំងនោះ » ( ម៉ាថាយ ១៧:១–២ ) ។ នៅ​ទី​នោះ ព្រះអង្គ​សង្គ្រោះ ម៉ូសេ និង អេលីយ៉ា បាន​ប្រគល់​កូនសោ​បព្វជិតភាព​ដល់​ពេត្រុស យ៉ាកុប និង យ៉ូហាន ។ ម៉ូសេ និង អេលីយ៉ា ក៏​បាន​ផ្ដល់​ការលួងលោម និង ការគាំទ្រ​ដល់​ព្រះយេស៊ូវ​ផងដែរ ពេល​ដែល​ពួកលោក​បាន​មាន​ប្រសាសន៍​ថា « ដែល​លេច​មក​ក្នុង​សិរី​ល្អ ទូល​ពី​ដំណើរ​ទ្រង់​សុគត ដែល​ត្រូវ​សម្រេច​នៅ​ក្រុង​យេរូសាឡិម » ( លូកា ៩:៣១ ) ។ អែលឌើរ ជេម អ៊ី ថាល់មេហ្គ ( ឆ្នាំ ១៨៦២–១៩៣៣ ) នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​សំដៅ​ដល់​បទពិសោធន៍​នៅ​លើ​ភ្នំ​នេះ​ថា​ជា « ការចាប់​ផ្ដើម​នៃ​ទី​បញ្ចប់ » របស់​ការ​បម្រើ​ក្នុង​ភាព​រមែង​ស្លាប់​របស់​ព្រះអង្គ​សង្គ្រោះ ។

ព្រឹត្តិការណ៍​ទាំងនេះ​បង្ហាញ​ថា ពេល​ព្រះយេស៊ូវ​គ្រីស្ទ « តម្រង់​ព្រះភក្ត្រ​យាង​ឆ្ពោះ​ត្រង់​ទៅឯ​ក្រុង​យេរូសាឡិម​តែ​ម្ដង » នោះ​ទ្រង់​បាន​ត្រាស់​ដឹង​យ៉ាង​ច្បាស់​ថា ទ្រង់​កំពុង​ចាប់​ផ្ដើម​ដំណើរ​មួយ​ដែល​នឹង​បញ្ចប់​ព្រះជន្ម​របស់​ទ្រង់ ។ គម្ពីរ​លូកា ដែល​ផ្ដល់​នូវ​ព័ត៌មាន​ពិស្ដារ​បំផុត​ទាក់ទង​នឹង​ការធ្វើ​ដំណើរ​នេះ ចែង​ថា ពេល​ដែល​ព្រះអង្គ​សង្គ្រោះ « យាង​កាត់​អស់​ទាំង​ក្រុង អស់​ទាំង​ភូមិ ទាំង​បង្រៀន​បណ្ដើរ ហើយ​ចេះ​តែ​តម្រង់​ឆ្ពោះ​ទៅ​ឯ​ក្រុង​យេរូសាឡិម » ( លូកា ១៣:២២ ) នោះ​ពួក​សិស្ស​មួយ​ក្រុម — មាន​ទាំង​បរុស និង ស្ត្រី — បាន​ធ្វើ​ដំណើរ​ជាមួយ​ទ្រង់ ( លូកា ១១:២៧ ) ។ ខណៈ​កំពុង​ដើរ​ជាមួយ​គ្នា នោះ​ព្រះយេស៊ូវ​បាន​បង្រៀន​ពួក​អ្នក​ដើរ​តាម​ទ្រង់ អំពី​តម្រូវ​ការ​នៃ​ភាពជា​សិស្ស ។ កាលដែល​យើង​សិក្សា​ពី​ការបង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ​នៅក្នុង​បរិបទ​នៃ​ការ​ធ្វើ​ដំណើរ​នេះ នោះ​យើង​អាច​បង្កើន​នូវ​ការដឹងគុណ​កាន់តែ​ខ្លាំង​ឡើង​អំពី​របៀប​ដែល​ទ្រង់​បាន​ពង្រឹង​ការណែនាំ​របស់​ទ្រង់​អំពី​ភាព​ជា​សិស្ស ជាមួយ​នឹង​អំណាច​នៃ​គំរូ​របស់​ទ្រង់​ផ្ទាល់ ។

ការឆ្លើយ​តប​បី​ចំពោះ​ការបង្រៀន​របស់​ព្រះយេស៊ូវគ្រីស្ទ​ដែល​ឲ្យ « ចូរ​មក​តាម​ខ្ញុំ »

មិន​យូរ​ប៉ុន្មាន មុន​ពេល​ព្រះអង្គ​សង្គ្រោះ​បាន​ចាប់​ផ្ដើម​ការធ្វើ​ដំណើរ​ចុងក្រោយ​របស់ទ្រង់​ទៅ​កាន់​ក្រុង​យេរូសាឡិម នោះ​ទ្រង់​បាន​ប្រកាស​ថា ៖ « បើ​អ្នក​ណា​ចង់​មក​តាម​ខ្ញុំ ត្រូវ​ឲ្យ​អ្នក​នោះ​លះ​កាត់​ចិត្ត​ខ្លួន​ឯង ទាំង​ផ្ទុក​ឈើ​ឆ្កាង​ខ្លួន​រាល់​ថ្ងៃ ហើយ​មក​តាម​ខ្ញុំ​ចុះ » ( លូកា ៩:២៣ ) ។ ក្រោយ​មក ពេល​ព្រះយេស៊ូវ និង ពួក​សិស្ស​របស់​ទ្រង់​បាន​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ក្រុង​យេរូសាឡិម « នោះ​មាន​ម្នាក់​ទូល​ទ្រង់​ថា ព្រះអម្ចាស់​អើយ ទូលបង្គំ​នឹង​តាម​ទ្រង់ ទោះបើ​ទ្រង់​យាង​ទៅ​ក្នុង​ទីណា​ក៏​ដោយ » ( លូកា ៩:៥៧ ) ។ ព្រះអង្គ​សង្គ្រោះ​បាន​មាន​បន្ទូល​តប​ថា « កូន​មនុស្ស​គ្មាន​កន្លែង​ណា​នឹង​កើយ​ក្បាល​ទេ » ( លូកា ៩:៥៨ ) ប្រហែល​ជា​សំដៅ​ថា « ជីវិត​គឺ​មិន​មាន​ភាព​សុខស្រួល​ទេ​សម្រាប់​ទ្រង់ » ដូច​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន បាន​ប្រតិបត្តិ​តាម ហើយ​ថ្លែង​ថា « ជា​ញឹកញាប់ វា​នឹង​ដូច្នោះ » សម្រាប់​ពួក​អ្នក​ដែល​ជ្រើសរើស​ដើរ​តាម​ទ្រង់ ។

បន្ទាប់​មក ព្រះអម្ចាស់ « មាន​បន្ទូល​ទៅ​ម្នាក់​ទៀត​ថា ចូរ​មកតាម​ខ្ញុំ » ( លូកា ៩:៥៩ ) ប៉ុន្តែ​បុរស​នោះ​បាន​ស្នើ​សុំ​ទៅ​កប់​ខ្មោច​ឪពុក​គាត់​សិន ។ ព្រះយេស៊ូវ​បាន​មាន​បន្ទូល​តប​ថា ៖ « ទុក​ឲ្យ​ពួក​មនុស្ស​ស្លាប់​កប់​ខ្មោច​ពួកគេ​ចុះ ឯ​អ្នក ចូរ​ទៅ​ផ្សាយ​ដំណឹង​ពី​នគរ​ព្រះ​វិញ » ( លូកា ៩:៦០ ) ។ ព្រះបន្ទូល​របស់​ព្រះអង្គ​សង្គ្រោះ​ពុំ​បាន​មានន័យ​ថា វា​ជា​ការ​ខុស​ឆ្គង​ដែល​ទួញ​សោក​ចំពោះ​ការបាត់បង់​មនុស្ស​ជា​ទី​ស្រឡាញ់​នោះ​ទេ ( សូមមើល គ. និង ស. ៤២:៤៥ ) ។ ប៉ុន្តែ ព្រះបន្ទូល​នោះ​សង្កត់​ន័យ​ថា ភក្ដីភាព​ចំពោះ​ព្រះអម្ចាស់​គឺ​ជា​អាទិភាព​ខ្ពស់​បំផុត​របស់​សិស្ស​ម្នាក់ ។

បុគ្គល​ទីបី​បាន​ទូល​ថា « ព្រះអម្ចាស់​អើយ ទូលបង្គំ​នឹង​តាម​ទ្រង់​ទៅ​ដែរ តែ​សូម​អនុញ្ញាត​ឲ្យ​ទូលបង្គំ​ទៅ​លា​ពួក​ផ្ទះ​ទូលបង្គំ​សិន » ( លូកា ៩:៦១ ) ។ ព្រះយេស៊ូវ​បាន​តប​ដោយ​ការប្រៀបធៀប​ទៅ​នឹង​អ្នក​អូស​នង្គ័ល ដែល​ការងារ​គឺ​តម្រូវ​ឲ្យ​គាត់​យក​ចិត្ត​ទុក​ដាក់​ទៅ​អ្វី​ដែល​នៅ​ខាង​មុខ ជាង​អ្វី​ដែល​នៅ​ពី​ក្រោយ ( សូមមើល លូកា ៩:៦២ ) ។ មេរៀន​សម្រាប់​បុរស​នេះ​គឺ​ថា គ្រាន់តែ​ធ្វើ​តាម​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ ដែល « តម្រង់​ព្រះភក្ត្រ​យាង​ឆ្ពោះ​ត្រង់​ទៅឯ​ក្រុង​យេរូសាឡិម » ( លូកា ៩:៥១ ) ហើយ​មិន​ក្រឡេក​មើល​ក្រោយ​ឡើយ ។

ផ្លូវ​ឆ្លងកាត់​សាម៉ារី

ពេល​ដែល​ព្រះយេស៊ូវ និង ពួក​សិស្ស​របស់​ទ្រង់​បាន​ឆ្លង​កាត់​សាម៉ារី នៅតាម​ផ្លូវ​ទៅ​កាន់​ក្រុង​យេរូសាឡិម នោះ​មាន​ពួក​សាសន៍​សាម៉ារី​មួយ​ចំនួន « មិន​ទទួល​ទ្រង់​ទេ » ( លូកា ៩:៥៣ ) — ទំនង​ជា​ពួកគេ​ស្គាល់​ថា ព្រះយេស៊ូវ និង ពួក​សិស្ស​ទ្រង់​គឺ​ជា​ពួក​សាសន៍​យូដា ។ ជា​ការ​ឆ្លើយ​តប​វិញ យ៉ាកុប និង យ៉ូហាន បាន​សូម​អនុញ្ញាត​ហៅ​ភ្លើង​ឲ្យ​ធ្លាក់​មក​ពី​លើ​មេឃ​មក​បញ្ឆេះ​ពួក​គេ ( សូមមើល លូកា ៩:៥២–៥៤ ) ។ ដោយ​ឃើញ​ភាពឆេវឆាវ​បែប​នេះ ព្រះអង្គ​សង្គ្រោះ​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​សេចក្ដី​អត់ធ្មត់ និង ស៊ូទ្រាំ ខណៈ​ដែល​ទ្រង់​ទូន្មាន​ដល់​ពួក​សិស្ស​របស់​ទ្រង់​ឲ្យ​ធ្វើ​ដូច​គ្នា​ដែរ ( សូម​មើល លូកា ៩:៥៥–៥៦ ) ។

មិន​យូរ​ប៉ុន្មាន​ក្រោយ​ពី​នោះ ព្រះអង្គ​សង្គ្រោះ​បាន​មាន​បន្ទូល​ប្រាប់​ពី​ការប្រៀបធៀប​នៃ​សាសន៍​សាម៉ារី​មួយ ( សូម​មើល លូកា ១០:២៥–៣៧ ) ។ បន្ថែម​លើ​ការធ្វើ​ឲ្យ​ស្កប់​ទៅ​នឹង​សំណួរ​របស់​អ្នក​ប្រាជ្ញ​ច្បាប់​ដែល​មិន​ទៀងត្រង់​ម្នាក់ នោះ​ការប្រៀបធៀប​នេះអាច​បាន​រំឭកដល់​ពួក​សិស្ស​របស់​ព្រះអង្គ​សង្គ្រោះ​ថា ពុំ​មាន​ការ​លើកលែង​ទេ​ចំពោះ​បទបញ្ញត្តិ​ទាំងឡាយ​ដែល​ថា « ត្រូវ … ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ខ្លួន​ឯង​ដែរ » ( លូកា ១០:២៧; សូមមើល​ផងដែរ ខ ២៥–២៩ ) ។

រូបភាព
Fine art depiction of the parable of the Good Samaritan.

ដូច​ជា​សាសន៍​សាម៉ារី​ដ៏​ល្អ​ដែរ ព្រះយេស៊ូវ​បាន​បម្រើ​ដល់​គ្រប់​ព្រលឹង​ដែល​មាន​របួស​ដែល​ទ្រង់​បាន​ជួប ។

រូបភាព​ពី សាសន៍​សាម៉ារី​ដ៏​ល្អ ដោយ ភីលីព រីឆាដ មូរីស © សារមន្ទីរ និង បន្ទប់​តាំង​វត្ថុ​​សិល្បៈ​ប្លាកបឺន UK/បណ្ណាល័យ​សិល្បៈ​អន្តរជាតិ​ប្រីដច៍មែន

ជាង​នោះ​ទៅ​ទៀត ពួក​សិស្ស​របស់​ព្រះអង្គ​សង្គ្រោះ​អាច​បាន​ដឹង​ពី​ភាពស្រដៀង​គ្នា​រវាង​ទង្វើ​របស់​សាសន៍​សាម៉ារី​ដ៏​ល្អ និង ទង្វើ​ទាំងឡាយ​របស់​ព្រះយេស៊ូវ ។ សេចក្ដី​ស្រឡាញ់​ដែល​សាសន៍​សាម៉ារី​ដ៏​ល្អ​បាន​ធ្វើ​ដល់​សាសន៍​យូដា​ម្នាក់​នោះ បាន​បង្ហាញ​ពី​សេចក្ដី​សប្បុរស​ដែល​ព្រះយេស៊ូវ​ទើប​តែ​បាន​បង្ហាញ​ចំពោះ​ពួក​សាសន៍​សាម៉ារី​ដែល​ជា​សត្រូវ​នោះ ។ នៅ​ក្នុង​សប្ដាហ៍​ដែល​នឹង​ចូល​មក​ដល់​នោះ​ដែរ ពួក​សិស្ស​របស់​ព្រះអង្គ​សង្គ្រោះ​នឹង​បាន​ឃើញ​ព្រះយេស៊ូវ​ជួប​នឹង​ព្រលឹង​ដែល​មាន​របួស​ជា​ច្រើន​នាក់​នៅ​តាម​ផ្លូវ​ទៅ​កាន់​ក្រុង​យេរូសាឡិម ( សូមមើល លូកា ១៣:១០–១៧; ១៤:១–៦; ១៧:១១–១៩; ១៩:១–១០ ) ។ ដូច​ជា​សាសន៍​សាម៉ារី​ដ៏​ល្អ ដែល​បាន​ឈប់​នៅ​តាម​ផ្លូវ​ដែល​មាន​ចោរ​ប្លន់​ដ៏​គ្រោះថ្នាក់​មួយ ហើយ​បាន​សង្គ្រោះ​ដល់​មនុស្ស​ម្នាក់​ទៀត​មុន​ខ្លួន​គាត់ នោះ​ព្រះយេស៊ូវ​នឹង​បម្រើ​ដល់​ពួក​ព្រលឹង​ដែល​មាន​របួស​​ដែល​ទ្រង់​បាន​ជួប​ទាំងនោះ ដោយ​ពុំ​បាន​គិត​អំពី​ខ្លួន​អង្គ​ទ្រង់​ឡើយ សូម្បី​តែ​ទ្រង់​ជិត​នឹង​សុគត​ហើយ​ក៏​ដោយ ។

ព្រះអង្គ​សង្គ្រោះ​បង្រៀន​ដល់​ម៉ារា និង ម៉ាថា

អំឡុង​ការធ្វើ​ដំណើរ​របស់​ទ្រង់​ទៅ​កាន់​ក្រុង​យេរូសាឡិម ព្រះយេស៊ូវ​បាន​ឈប់​នៅ​ផ្ទះ​ម៉ាថា ( សូមមើល លូកា ១០:៣៨ ) ។ ខណៈ​ម៉ាថា « មាន​ការរវល់​ជាច្រើន » ( លូកា ១០:៤០ ) នោះ​ប្អូន​ស្រី​របស់​នាង​គឺ​ម៉ារា « បាន​អង្គុយ​ស្ដាប់​ព្រះបន្ទូល​នៅ​ទៀប​ព្រះបាទ​ព្រះអម្ចាស់ » ( ខ ៣៩ ) ។ ការទទួល​ភ្ញៀវ​គឺ​សំខាន់​ខ្លាំង​ណាស់​ក្នុង​សង្គម​ពួក​សាសន៍​យូដា ហើយ​វា​ហាក់​បី​ដូច​ជា​ម៉ាថា កំពុង​តែ​ព្យាយាម​បំពេញ​ការរំពឹង​ខាង​វប្បធម៌​យ៉ាង​ឧស្សាហ៍ ក្នុង​នាម​នាង​ជា​ម្ចាស់​ផ្ទះ ។

ថ្វី​បើ​ម៉ាថា​បាន​បង្ហាញ​នូវ​ភក្ដីភាព និង សេចក្ដី​ជំនឿ​យ៉ាង​អស្ចារ្យ​ចំពោះ​ព្រះអង្គ​សង្គ្រោះ​តាម​ទម្រង់​មួយ​ផ្សេង ( សូមមើល យ៉ូហាន ១១:១៩–២៩ ) ក៏​នាង​បាន​រអ៊ូរទាំ​ថា « ព្រះអម្ចាស់​អើយ តើ​ទ្រង់​មិន​គិត​ឃើញ​ថា ប្អូន​ខ្ញុំ​ម្ចាស់ វា​ទុក​ខ្ញុំ​ម្ចាស់​ឲ្យ​ខ្វល់ខ្វាយ​បម្រើ​តែ​ម្នាក់​ឯង​ទេ​ឬ​អី សូម​ទ្រង់​ប្រាប់​ឲ្យ​វា​មក​ជួយ​ខ្ញុំ​ម្ចាស់​ផង » ( លូកា ១០:៤០ ) ។ ដើម្បី​ជួយ​ដល់​សមាជិក​សាសនាចក្រ​ឲ្យ​រៀន​ពី​មេរៀន​សំខាន់​មួយ​ចេញ​ពី​រឿង​នេះ អែលឌើរ ដាល្លិន អេក អូក នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ដកស្រង់​សន្ទុរកថា​នៃ​ការប្រជុំធម្មនិដ្ឋាន​ដែល​ថ្លែង​ដោយ​សាស្ត្រាចារ្យ ខេធើរីន ខូមែន ផែរី ថា ៖

« ព្រះអម្ចាស់​ពុំ​បាន​ចូល​ទៅ​ក្នុង​ចង្ក្រាន ហើយ​ប្រាប់​ម៉ាថា​ឲ្យ​ឈប់​ចម្អិន​ម្ហូប ហើយ​មក​ស្ដាប់​ឡើយ ។ ជាក់​ស្ដែង ទ្រង់​សប្បាយ​ព្រះទ័យ​ទុក​ឲ្យ​នាង​បម្រើ​ទ្រង់​តាម​របៀប​ដែល​នាង​ចង់ រហូត​ទាល់តែ​នាង​បាន​វិនិច្ឆ័យ​ដល់​ការបម្រើ​របស់​មនុស្ស​ម្នាក់​ផ្សេងទៀត ។ … ភាពសំខាន់​ផ្ទាល់​ខ្លួន របស់​ម៉ាថា … បាន​បណ្ដាល​ឲ្យ​មាន​ការស្ដី​បន្ទោស​ពី​ព្រះអម្ចាស់ ពុំ​មែន​មក​ពី​ការរវល់​ធ្វើ​ម្ហូប​របស់​នាង​នោះ​ទេ ។១០

រូបភាព
Fine art depiction of Jesus Christ talking to Mary and Martha.

ដូច​ជា​ម៉ារា និង ម៉ាថា ដែរ យើង​ត្រូវតែ​រៀន​ដើម្បី​លះបង់​ខ្លួន​យើង​ទៅក្នុង​ដំណើរការ​នៃ​ការបម្រើ​ព្រះអម្ចាស់ និង ធ្វើ​តាម​ព្រះឆន្ទៈ​របស់​ទ្រង់ ។

រូបភាព​ពី ព្រះគ្រីស្ទ​នៅក្នុង​ផ្ទះ​របស់​ម៉ាថា និង ម៉ារា ដោយ ជេន (ចូអែន) វើមៀរ © នៅ​បន្ទប់​តាំង​វត្ថុ​សិល្បៈ​ជាតិ​ស្កត រូបភាព​អេឌីនប៊ើក/ប្រីដ៍មែន

កំហុស​ចម្បង​របស់​ម៉ាថា​នៅ​ពេល​នេះ ហាក់​បី​ដូច​ជា​ការផ្ដោត​ទៅ​លើ​ខ្លួន​ឯង — សូម្បី​ពេល​នាង​កំពុង​បម្រើ​អ្នក​ដទៃ ។ ព្រះអង្គ​សង្គ្រោះ​បាន​ជួយ​ម៉ាថា​ឲ្យ​យល់​ថា វា​មិន​ទាន់​គ្រប់គ្រាន់​ទេ​ដែល​គ្រាន់តែ​បម្រើ​ព្រះអម្ចាស់ និង អ្នក​នៅ​ជុំ​វិញ​ខ្លួន​នោះ ។ យើង​ត្រូវ​តែ​រៀន​លះបង់​ខ្លួន​យើង​ក្នុង​ដំណើរការ​នៃ​ការបម្រើ ហើយ​ស្វែង​រក​ព្រះឆន្ទៈ​របស់​ព្រះអម្ចាស់​ដើម្បី​ដឹកនាំ​បំណង​ប្រាថ្នា និង កត្តា​ជំរុញ ក៏​ដូច​ជា​សកម្មភាព​របស់​យើង​ផងដែរ ( សូមមើល លូកា ៩:២៤; គ. និង ស. ១៣៧:៩ ) ។ ពួក​សិស្ស​ត្រូវតែ​យក​ឈ្នះ​នូវ​ទំនោរ​ក្នុង​ការគិត​ពី​ខ្លួនឯង​មុន ហើយ​រៀន​បម្រើ​ដល់​ព្រះវរបិតាសួគ៌ និង បុត្រា​បុត្រី​របស់​ទ្រង់​ជាមួយ​នឹង​ភ្នែក « ស្មោះ​ស្ម័គ្រ​ទាំង​ស្រុង​ទៅ​ចំពោះ​សិរី​ល្អ [ របស់​ទ្រង់ ] » ( គ. និង ស. ៨៨:៦៧ ) ។ ក្រោយ​មក​ទៀត បន្ទាប់​ពី​ការស្លាប់​របស់​ប្អូន​ប្រុស​នាង ម៉ាថា​បាន​បង្ហាញ​ពី​សេចក្ដី​ជំនឿ​របស់​នាង ដោយ​បាន​ទម្លាក់​ចោល​អ្វីៗ​ទាំងអស់ ហើយ​បាន​ចេញ​ទៅ​ជួប​ព្រះអង្គ​សង្គ្រោះ ពេល​នាង​បាន​ឮ​ថា​ទ្រង់​យាង​មក ( សូមមើល យ៉ូហាន ១១:១៩–២០ ) ។

ព្រះអង្គ​សង្គ្រោះ​អធិប្បាយ​អំពី​ការតម្រូវ​នៃ​ភាព​ជា​សិស្ស

ក្រោយ​មក​ទៀត នៅ​ក្នុង​ការធ្វើ​ដំណើរ​របស់​ព្រះអង្គ​សង្គ្រោះ​ទៅ​កាន់​ក្រុង​យេរូសាឡិម មាន​បុរស​ម្នាក់​បាន​ស្នើ​ថា « លោកគ្រូ សូម​លោក​ប្រាប់​បង​ខ្ញុំ ឲ្យ​គាត់​ចែក​មរតក​មក​ខ្ញុំ​ផង » ( លូកា ១២:១៣ ) ។ ព្រះយេស៊ូវ​បាន​តប​ដោយ​ប្រាប់​ពី​ឫសគល់​នៃ​បញ្ហា​របស់​បុរស​នោះ​ថា ៖ « ចូរ​ប្រយ័ត្ន ហើយ​ខំ​ចៀស​ពី​សេចក្ដី​លោភ​ចេញ ដ្បិត​ជីវិត​នៃ​មនុស្ស​មិន​ស្រេច​នឹង​បាន​ទ្រព្យសម្បត្តិ​ជា​បរិបូរ​ទេ » ( លូកា ១២:១៥ ) ។ បន្ទាប់​មក ទ្រង់​បាន​ប្រទាន​ការប្រៀបធៀប​ពី​អ្នក​មាន​ល្ងីល្ងើ​ម្នាក់ ( សូម​មើល លូកា ១២:១៦–២១ ) ។

នៅ​ក្នុង​ការប្រៀបធៀប​នោះ មូលហេតុ​មួយ​ដែល​ព្រះ​បាន​ចាត់ទុក​ថា​បុរស​អ្នក​មាន​នោះ​ជា​មនុស្ស​ល្ងីល្ងើ គឺ​អាច​មក​ពី​ភាពអាត្មានិយម​របស់​បុរស​នោះ ។ នៅក្នុង លូកា ១២:១៧–១៩ បុរស​អ្នក​មាន​ប្រើ​សព្វនាម ខ្ញុំ និង របស់​ខ្ញុំ ចំនួន ១១ ដង ដោយ​បាន​បង្ហាញ​ពី​កង្វល់​ចំពោះ​ខ្លួន​ឯង ។១១ បុរស​នោះ​មិនត្រឹម​តែ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ភាពអាត្មានិយម​ប៉ុណ្ណោះ​ទេ តែ​គាត់​ក៏​មិន​ដឹង​ពី​ប្រភព​នៃ​ភាពមាន​បាន​របស់​គាត់​ផងដែរ ។ គ្មាន​វិធី​ណា​បាន​ធ្វើ​ឲ្យ​បុរស​អ្នក​មាន​នោះ​ទទួល​ស្គាល់ ដូច​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ទទួល​ស្គាល់​ឡើយ​ថា វា​គឺ​ជា « ស្រែ​ចម្ការ » ដែល « បាន​កើត​ផល​ចម្រើន​ជា​បរិបូរ » ( លូកា ១២:១៦ ) ហើយ​គាត់​ក៏​មិន​បាន​អរព្រះគុណ​ដល់​ព្រះអម្ចាស់​ដែល​បាន​បង្កើត​ផែនដី​សម្រាប់​គាត់​ដាំ​ដំណាំ​ដែរ ។ នៅ​ទី​បំផុត បុរស​នោះ​ត្រូវ​បាន​ផ្ដន្ទា​ទោស មិន​មែន​ដោយសារ ការអនុវត្ត​ដ៏​ឈ្លាសវៃ​ក្នុង​ការទុក​ដាក់​ស្បៀង​ខាង​លោកិយ​នោះ​ទេ ប៉ុន្តែ​ដោយសារ​មិន​បាន​រៀបចំ​ខាង​វិញ្ញាណ​សម្រាប់​ពេល​ខាង​មុខ ។ ដោយ « ទុក​បម្រុង​តែ​ខ្លួនឯង តែ​ឥត​មាន​ខាង​ឯ​ព្រះ » ( លូកា ១២:២១ ) នៅ​ទី​បំផុត បុរស​នោះ​ត្រូវ​បាន​ដកហូត​អស់ មិន​ត្រឹម​តែ​ទ្រព្យសម្បត្តិ​ដែល​គាត់​មាន​នៅ​លើ​ផែន​ដី​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង « ទ្រព្យ​ដែល​មិន​ចេះ​អស់​នៅ​ឯ​ស្ថានសួគ៌ » ទៀត ( លូកា ១២:៣៣ ) ។ ជម្រើស​របស់​គាត់​នៅ​ក្នុង​ជីវិត បន្សល់​ទុក​ដល់​គាត់​នូវ​ភាពលិចលង់​នៅ​ក្នុង​ភាព​អស់កល្ប​ជានិច្ច ។

ផ្ទុយ​ស្រឡះ​ពី​អ្នក​មាន​ល្ងីល្ងើ​ដែល​ពូន​គរ​តែ​ទ្រព្យសម្បត្តិ​ខាង​សម្ភារ មុន​ពេល​នៃ​ការស្លាប់​ដោយ​មិន​បាន​រំពឹង​ទុក នោះ​ព្រះយេស៊ូវ​បាន​មាន​បំណង​យាង​ឆ្ពោះ​ទៅ​កាន់​សេចក្ដី​សុគត​របស់​ទ្រង់ ដោយ​មិន​រុញរា​នឹង​ថ្វាយ​ដល់​ព្រះ​នូវ​អ្វីៗ​ទាំងអស់​ដែល​ទ្រង់​មាន — រួម​ទាំង​ព្រះជន្ម​ទ្រង់​ផ្ទាល់ និង ព្រះឆន្ទៈ​ដ៏​ពេញ​រង្វាល់​របស់​ទ្រង់ ( សូមមើល លូកា ២២:៤២; ម៉ូសាយ ១៥:៧ ) ។ ទ្រង់​បាន​ប្រកាស​ថា « ខ្ញុំ​ត្រូវ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​មួយ​សិន ហើយ​ខ្ញុំ​ត្រូវ​ចង្អៀត​ចង្អល់​យ៉ាង​ដូច​ម្ដេច​ទៅ​ហ្ន៎ ទម្រាំ​បុណ្យ​នោះ​បាន​សម្រេច » ( លូកា ១២:៥០ ) ។ ដោយសារ​ទ្រង់​បាន​ទទួល​បុណ្យ​ជ្រមុជ​ដោយ​ទឹក​រួច​ហើយ នោះ​ព្រះយេស៊ូវ​ចង់​សំដៅ​ដល់​ដង្វាយ​ធួន​របស់​ទ្រង់ ។ មិន​យូរ​ទៀត​ទេ ទ្រង់​នឹង​យាង​ចុះ​ទៅ​ក្រោម​អ្វីៗ​ទាំងអស់ ហើយ​ព្រះកាយ​របស់​ទ្រង់​នឹង​ត្រូវ​ស្រោចស្រប់​ដោយ​ព្រះលោហិត និង ញើស កាលដែល​ទ្រង់​រងទុក្ខ​សម្រាប់​អំពើ​បាប​របស់​យើង ហើយ​ទទួល​នូវ​ការឈឺចាប់ និង សេចក្ដី​វេទនា​របស់​យើង ។១២

ក្រោយ​មក នៅពេល​ដែល​ពួក​ផារិស៊ី​បាន​ព្រមាន​ព្រះយេស៊ូវ​ថា ស្ដេច​ហេរ៉ូឌ អាន់ទីផាស នឹង​ព្យាយាម​ធ្វើ​គត​ទ្រង់ នោះ​ព្រះអង្គ​សង្គ្រោះ​គ្រាន់តែ​បាន​បញ្ចាក់​ថា ទ្រង់​នឹង​បន្ត​ចាប់​យក​គ្រប់​ឱកាស​ដែល​ទ្រង់​មាន​ដើម្បី​បង្រៀន ប្រទាន​ពរ និង ព្យាបាល​អ្នក​ដទៃ ( សូមមើល លូកា ១៣:៣១–៣៣ ) ។ ទ្រង់​ចំណាយ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នៃ​ជីវិត​រមែង​ស្លាប់​របស់​ទ្រង់ — ដូចជា​ថ្ងៃ​ទាំងឡាយ​របស់​ទ្រង់​ពីមុន​មក​ដែរ — ក្នុង​ការ​បម្រើ​អ្នក​ដទៃ ។

ខណៈ​ដែល​ខិត​កាន់តែ​ជិត​ដល់​ក្រុង​យេរូសាឡិម នោះ​ព្រះយេស៊ូវ​បាន​ណែនាំ​ពួក​សិស្ស​របស់​ទ្រង់​ឲ្យ​រាប់​ចំនួន​ពួក​សិស្ស — ដើម្បី​ឲ្យ​ពួកគេ​គិត​ជាមុន​ឲ្យ​បាន​ដិតដល់​មុន​នឹង​សម្រេច​ចិត្ត​ដើរ​តាម​ទ្រង់ ( សូមមើល លូកា ១៤:២៥–២៨ ) ។ ទ្រង់​មិន​បាន​ព្យាយាម​បំផ្លៃ​ស្ថានភាព​លំបាក​ដែល​ពួកគេ​អាច​នឹង​ជួប​ប្រទះ​នៅ​ខាង​មុខ​នោះ​ទេ ​បើ​សិន​ពួក​គេ​បន្ត​ធ្វើ​ជា​សិស្ស​ទ្រង់​នោះ ។ ផ្ទុយ​ទៅ​វិញ ទ្រង់​បាន​ប្រកាស​យ៉ាង​ម៉ឺងម៉ាត់​ថា ៖ « អស់​អ្នក​ណា​ក្នុង​ចំណោម​ពួក​អ្នក​រាល់គ្នា ដែល​មិន​លះ​អាល័យ​ពី​របស់​ទ្រព្យ​ខ្លួន​ទាំងអស់ នោះ​ធ្វើ​ជា​សិស្ស​ខ្ញុំ​មិន​បាន​ទេ » ( លូកា ១៤:៣៣ ) ។ ប៉ុន្តែ ព្រះអង្គសង្គ្រោះក៏​បាន​សន្យា​ផងដែរ​ថា ពេល​ដែល​យើង​បំភ្លេច​ខ្លួន​យើង​នៅ​លើ​មាគ៌ា​នៃ​ភាព​ជា​សិស្ស នោះ​យើង​នឹង​ទទួល​បាន​មក​វិញ ច្រើន​ជាង​នេះ​ទៅ​ទៀត ( សូមមើល លូកា ៩:២៤ ) ។ ពរជ័យ​ដែល​ទ្រង់​បាន​សន្យាដល់​សិស្ស​របស់​ទ្រង់ រួម​មាន « សេចក្ដី​សុខសាន្ត នៅ​លោកិយ​នេះ និង​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច នៅ​បរលោក​នាយ » ( គ និង ស ៥៩:២៣ ) ។

ទោះ​បី​យើង​ពុំ​បាន​មាន​ឱកាស​ដើរ​ជាមួយ​នឹង​ព្រះយេស៊ូវគ្រីស្ទ​ទៅ​ក្រុង​យេរូសាឡិម តែ​យើង​អាច​បង្ហាញ​ពី​ឆន្ទៈ​របស់​យើង​ក្នុង​ការ​ធ្វើ​តាម​ការធ្វើ​ដំណើរ​នោះ​នៅក្នុង​ជីវិត​យើង​ផ្ទាល់ ។ ការចងចាំ​ពី​ព្រះឆន្ទៈ​ផ្ទាល់​របស់​ព្រះអង្គ​សង្គ្រោះ​ដើម្បី​លះបង់ និង បម្រើ​ឲ្យ​ស្រប​ទៅ​នឹង​ព្រះទ័យ​របស់​ព្រះវរបិតាសួគ៌ អាច​ផ្ដល់​កម្លាំង​ដល់​យើង​ដើម្បី « ទៅ ហើយ … ប្រព្រឹត្ត​បែប​យ៉ាង​ដូច្នោះ​ដែរ » ( លូកា ១០:៣៧ ) ។

កំណត់​ចំណាំ

  1. សូម​មើល A. B. Bruce, The Training of the Twelve ( ឆ្នាំ ១៩៧១ ) ទំព័រ ២៤០ ។

  2. សេចក្ដី​យោង​ដែល​បាន​ថ្លែង​សំដៅ​ដល់​ការរងទុក្ខ និង ការសុគត​របស់​ព្រះអង្គ​សង្គ្រោះ តាំងពី​ការកើត​មាន​ពី​មុន​មក​នៅក្នុង​ការបម្រើ​របស់ទ្រង់​ដែល​រួម​មាន ម៉ាថាយ ៩:១៥; ១៦:៤; យ៉ូហាន ២:១៩; ៣:១៤ ។

  3. សូមមើល James E. Talmage, Jesus the Christ, 3rd ed. ( ឆ្នាំ ១៩៣៦ ) ទំព័រ ៣៧៣ ។

  4. James E. Talmage, Jesus the Christ, ទំព័រ ៣៧៣ ។

  5. ផ្ទុយ​ពី ម៉ាកុស និង ម៉ាថាយ ដែល​គ្រាន់តែ​មាន​ការ​លើកឡើង​ត្រួសៗ​អំពី​ការ​យាង​ចេញ​ពី​ស្រុក​កាលីឡេ ជា​ចុងក្រោយ​បង្អស់​នៅក្នុង​ជីវិត​រមែង​ស្លាប់ និង ការធ្វើ​ដំណើរ​របស់​ទ្រង់​ទៅ​កាន់​ក្រុង​យេរូសាឡិម ( សូមមើល ម៉ាថាយ ១៩:១–២; ម៉ាកុស ១០:១ ) នោះ លូកា បាន​ផ្ដោត​យកចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ទៅ​លើ​ការធ្វើ​ដំណើរ​របស់ទ្រង់ ( សូមមើល លូកា ៩:៥១–៥៣; ១៣:២២, ៣៤; ១៧:១១; ១៨:៣១; ១៩:១១ ) ។ នៅក្នុង​មាតិកា​នៃ​ដំណឹងល្អ​របស់​យ៉ូហាន​មាន​ភាព​ខុស​គ្នា​យ៉ាង​ច្រើន​គួរសម​ពី​ដំណឹងល្អ​សង្ខេប​នៃ ម៉ាថាយ ម៉ាកុស និង លូកា ហើយ​ពុំ​បាន​មាន​ចែង​ពី​ការយាង​ចេញ​ចុងក្រោយ​របស់​ព្រះអង្គ​សង្គ្រោះ​ពី​ស្រុក​កាលីឡេ​ទៅ​ក្រុង​យេរូសាឡិម​នោះ​ទេ ។

  6. ជែហ្វ្រី អ័រ ហូឡិន “The Inconvenient Messiah,” Ensign, ខែ កុម្ភៈ ឆ្នាំ ១៩៨៤ ទំព័រ ៦៨ ។

  7. ការគោរព​ដល់​ឪពុក​ម្ដាយ​គឺ​សំខាន់​ខ្លាំង​ណាស់​នៅក្នុង​វប្បធម៌​ពួក​សាសន៍​យូដា រួម​ទាំង​ការទទួល​ខុសត្រូវ​ក្នុង​ការ​ផ្ដល់​កិច្ច​បញ្ចុះ​សព​យ៉ាង​ត្រឹម​ត្រូវ​សម្រាប់​ពួកគាត់ ។ បន្ទាប់​ពី​ការរៀបចំ​សាកសព​សម្រាប់​បញ្ចុះ និង ដាក់​ក្នុង​ផ្នូរ នោះ​សមាជិក​ក្រុមគ្រួសារ​ត្រឡប់​មក​វិញ​ក្នុង​ពេល​មួយ​ឆ្នាំ​ក្រោយ​មក ដើម្បី​រើស​ឆ្អឹង​ដាក់​ក្នុង​ប្រអប់​ថ្ម​មួយ​ដែល​ហៅ​ថា​គំនរ​ឆ្អឹង ដែល​ជា​ឆ្អឹង​ដែល​នៅ​សេសសល់​ក្នុង​ផ្នូរ ដោយ​ចាត់​ទុក​ថា​នោះ​ជា​ការបញ្ចុះ​លើក​ទីពីរ​ក្នុង​ចំណោម​ឆ្អឹង​សេសសល់​របស់​សមាជិក​គ្រួសារ​ដែល​ស្លាប់​ហើយ​ផ្សេងទៀត ។ ( សូមមើល Richard Neitzel Holzapfel, Eric D. Huntsman, and Thomas A. Wayment, Jesus Christ and the World of the New Testament [ ឆ្នាំ ២០០៦ ] ទំព័រ ៧៨–៧៩ ) ។ នៅក្នុង​ករណី​នេះ ប្រសិន​បើ​សិស្ស​នោះ​និយាយ​អំពី​ការបញ្ចុះ​លើក​ទី​ពីរ ជាជាង​សេចក្ដី​ត្រូវការ​បន្ទាន់​ក្នុង​ការថែទាំ​សាកសព​ឪពុក​គាត់​ដែល​ទើប​ស្លាប់​ថ្មីៗ នោះ​សំណើរ​របស់​គាត់​បាន​បង្ហាញ​ពី​បំណង​ប្រាថ្នា​ក្នុង​ការ​ផ្ដល់​អាទិភាព​ដល់​ទំនៀមទម្លាប់​ខាង​វប្បធម៌ ឲ្យ​ខ្ពស់​ជាង​ឱកាស​តែ​មួយ​គត់​ក្នុង​ការដើរ​ទៅ​ក្រុង​យេរូសាឡិម​ជាមួយ​ព្រះរាជបុត្រា​នៃ​ព្រះ ហើយ​និង​ត្រូវបាន​បង្រៀន​ពី​ទ្រង់ ។

  8. មាន​នូវ​សម្អប់​យ៉ាង​ច្រើន​រវាង​ពួក​សាសន៍​យូដា និង ពួក​សាសន៍​សាម៉ារី​នៅក្នុង​ជំនាន់​របស់​ព្រះយេស៊ូវគ្រីស្ទ ។ ក្រុម​ទាំង​ពីរ​នេះ​ចៀសវាង​ពី​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា ។ ក្នុង​ករណី​នេះ ពួក​សាសន៍​សាម៉ារី​បាន​បដិសេធ​ព្រះយេស៊ូវ និង ពួក​សិស្ស​របស់​ទ្រង់​យ៉ាង​ជាក់ស្ដែង ដោយ​មិន​ផ្ដល់​នូវ​ទម្លាប់​នៃ​ការទទួល​ភ្ញៀវ ដូចជា​មិន​ផ្ដល់​ស្បៀង​អាហារ និង ផ្ទះ​ឲ្យ​ស្នាក់ ។ ( សូមមើល Richard Neitzel Holzapfel and Thomas A. Wayment, Making Sense of the New Testament [ ឆ្នាំ ២០១០ ] ទំព័រ ១៤០ Ralph Gower, The New Manners and Customs of Bible Times [ ឆ្នាំ ១៩៨៧ ] ទំព័រ ២៤១–៤២ ) ។

  9. សូមមើល Gower, New Manners and Customs of Bible Times, 244–45; Fred H. Wight, Manners and Customs of Bible Lands ( ឆ្នាំ ១៩៥៣ ) ទំព័រ ៦៩–៧៧ ។

  10. នៅក្នុង Dallin H. Oaks, “‘Judge Not’ and Judging,” Ensign, ខែ សីហា ឆ្នាំ ១៩៩៩ ទំព័រ ១២–១៣ ការសង្កត់​ន័យ​ត្រូវបាន​បន្ថែម ។

  11. សូម​មើល Jay A. Parry and Donald W. Parry, Understanding the Parables of Jesus Christ ( ឆ្នាំ ២០០៦ ) ទំព័រ ១២២ ។

  12. សូម​មើល លូកា ២២:៤៤; អាលម៉ា ៧:១១–១៣; គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៩:១៨; ៨៨:៦ ។