២០១៥
ការស្វែងរក​ការសង្គ្រោះ
June 2015


ការស្វែងរក ការសង្គ្រោះ

អ្នក​និពន្ធ​រស់​នៅ​ក្នុង​រដ្ឋ យូថាហ៍ ស.រ.អា ។

ដូច​ជា​បុរស ៣៣ នាក់ ដែល​ត្រូវ​ជាប់​ក្នុង​ការបាក់​រលំ​អណ្ដូង​រ៉ែ​នៅ​ប្រទេស​ឈីលី​ដែរ យើង​អាច​មាន​អារម្មណ៍​ថា​ត្រូវ​ជាប់​ដោយ​ការសាកល្បង និង ភាពទន់​ខ្សោយ​របស់​យើង ទោះ​យ៉ាង​ណា តាមរយៈ​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ នោះ​យើង​អាច​រកឃើញ​សេចក្ដី​សង្ឃឹម​នៃ​ការសង្គ្រោះ ។

រូបភាព
a cave with light showing through

រូបភាព​ចេញពី iStockphoto/Thinkstock

នៅ​ថ្ងៃ​ទី ៥ ខែ សីហា ឆ្នាំ ២០១០ អ្នក​រុករក​រ៉ែ​ជនជាតិ​ឈីលី ៣៣ នាក់ ត្រូវបាន​ជាប់​ដោយ​ការបាក់​រលំ​ភ្លាមៗ​យ៉ាង​សម្បើម បន្ទាប់​ពី​ថ្ម​នៅ​ខាង​ក្នុង​អណ្ដូង​រ៉ែ​នោះ​ត្រូវ​បាក់ ។ ពួកគេ​បាន​ជាប់​នៅ​នឹង​កន្លែង​សុវត្ថិភាព​តូច​មួយ តាម​ផ្លូវ​ចុះ​ទៅ​អណ្ដូង​រ៉ែ​ដែល​នៅ​ពីក្រោម​ចំនុច​បាក់រលំ​នោះ ដែល​មាន​ជម្រៅ​ប្រមាណ ៧០០ ម៉ែត្រ ទៅ​ក្រោម​ដី ។

វា​ជា​ស្ថានភាព​ដ៏​គួរ​ឲ្យ​អស់សង្ឃឹម ។ ពួកគេ​ត្រូវ​បាន​បំបែក​ចេញ​ពី​ផ្ទះ និង ក្រុមគ្រួសារ ដោយ​មាន​ថ្ម​ដែល​មិន​អាច​រំកិល​បាន​កំពស់​ប្រមាណ​ជិត​មួយ​គីឡូម៉ែត្រ​នៅ​ពី​លើ​ក្បាល ហើយ​ពួកគេ​មាន​ម្ហូប​អាហារ និង ទឹក​តែ​បន្តិច​បន្តួច​ប៉ុណ្ណោះ ។ ថ្វី​បើ​ពួកគេ​មាន​ឧបករណ៍ និង ចំណេះ​ដឹង​ក៏​ដោយ តែ​ដោយសារ​តែ​អណ្ដូង​រ៉ែនោះ​ពុំ​មាន​លំនឹង ​ពួកគេ​ពុំ​អាច​សង្គ្រោះ​ខ្លួន​ឯង​បាន​ទេ ។ ឱកាស​តែ​មួយ​គត់​របស់​ពួកគេ គឺ​ត្រូវបាន​គេ​រកឃើញ ហើយ​ត្រូវ​គេ​សង្គ្រោះ ។

ថ្វី​បើ​ដូច្នោះ​ក៏​ដោយ ក៏​ពួកគេ​បាន​ជ្រើសរើស​ដើម្បី​មាន​សង្ឃឹម ។ ពួកគេ​បាន​រៀបចំ​ខ្លួន ចែក​ចំណែក​ម្ហូប និង ទឹក ហើយ​បាន​រង់​ចាំ ។ ពួកគេ​បាន​មាន​សេចក្ដី​ជំនឿ​ថា ពួក​អ្នក​ដែល​នៅ​ខាង​លើ​កំពុង​តែ​ធ្វើ​អ្វីៗ​ដែល​ពួកគេ​អាច​ធ្វើ ដើម្បី​សង្គ្រោះ​ពួកគេ ។ ទោះបី​ដូច្នោះ​ក៏​ដោយ វា​ពិត​ជា​ពិបាក​ណាស់ ដែល​ត្រូវ​តោង​ជាប់​ទៅនឹង​សេចក្ដី​សង្ឃឹម​នោះ ពេល​ដែល​ពួកគេ​បាន​រង់ចាំ​នៅក្នុង​ទី​ងងឹត ។ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ចេះ​តែ​កន្លង​ទៅ រហូត​ដល់​រាប់​សប្ដាហ៍ ។ អាហារ​ដែល​គេ​ចែក​ចំណែក​ដោយ​ប្រុង​ប្រយ័ត្ន​នោះ​ក៏​អស់​ទៅ ។

ខ្ញុំ​បាន​រង​នូវ​ការ​រលំ​បាក់​យ៉ាង​ធំ​សម្បើម ក្នុង​ជីវិត​ខ្ញុំ​ផ្ទាល់ ។ កូន​ប្រុស​របស់​ខ្ញុំ​អាយុ​ប្រាំបី​ឆ្នាំ​ដែល​ពោរពេញ​ដោយ​ថាមពល កំប្លុក​កំប្លែង ហើយ​ស្រស់​ស្អាត បាន​ស្លាប់​ក្នុង​គ្រោះថ្នាក់​រថយន្ត​មួយ នៅ​ពី​មុខ​ភ្នែក​ខ្ញុំ ។ ខ្ញុំ​បាន​បី​ត្រកង​រូបកាយ​គាត់ ពេល​ដែល​ឈាម​របស់​គាត់​ហូរ​ស្រក់​ទៅ​លើ​ផ្លូវ ហើយ​វិញ្ញាណ​របស់​គាត់​ត្រូវ​បាន​បំបែក​ចេញ​ទៅ ហើយ​ត្រឡប់​ទៅ​ផ្ទះ​នៅ​ស្ថានសួគ៌​របស់​គាត់​វិញ ។ ខ្ញុំ​បាន​ទូល​អង្វរ​ដល់​ព្រះវរបិតាសួគ៌ ដើម្បី​ទុក​ឲ្យ​គាត់​រស់​នៅ ប៉ុន្តែ​ការណ៍​នោះ​មិន​នៅ​ក្នុង​ផែនការ​ជីវិត​របស់​កូន​ប្រុស​ខ្ញុំ​ទេ ។

ខ្ញុំ​បាន​វង្វេង​នៅ​ក្នុង​ភាពងងឹត ត្រូវ​បាន​សន្ធប់​ដោយ​បន្ទុក​នៃ​ទុក្ខ​ព្រួយ​របស់​ខ្ញុំ ។ ខ្ញុំ​គ្មាន​កម្លាំង​ពលំ មិន​អាច​សម្រាក​បាន ខណៈ​ដែល​បញ្ហា​នៃ​ភាព​រមែង​ស្លាប់​បាំង​គ្រប​ភ្នែក​ខ្ញុំ ។ ខ្ញុំ​បាន​ដឹង​ថា ដួង​ចិត្ត​សង្រែង​គឺ​ជា​អារម្មណ៍​ខាង​សាច់ឈាម​ដ៏​ពិត ។ ខ្ញុំ​ធ្លាប់​តែ​មាន​ដួងចិត្ត ឥឡូវ​នេះ​មាន​តែ​ភាព​ទទេ​ស្អាត​ដែល​ពោរពេញ​ដោយ​ភាពឈឺ​ចាប់ ។

ខ្ញុំ​បាន​ជឿ​ថា ខ្ញុំ​រឹង​មាំ​គ្រប់គ្រាន់​ដើម្បី​យក​ឈ្នះ​វា ។ មនុស្ស​ជា​ច្រើន​រង​ទុក្ខ​ច្រើន​ជាង​នោះ​ទៀត ។ ប៉ុន្តែ ដូច​ជា​ពួក​អ្នក​រុករក​រ៉ែ ដែល​ត្រូវ​ជាប់​ដោយ​ថ្ម​ដែល​មិន​អាច​រំកិល​ចេញ​បាន​ដែរ ខ្ញុំ​ពុំ​អាច​ដក​ចេញ​នូវ​បន្ទុក​នៃ​ទុក្ខ​ព្រួយ​របស់​ខ្ញុំ​បាន​ឡើយ ។

យើង​ទាំងអស់​គ្នា​អាច​មាន​អារម្មណ៍​ថា​ត្រូវ​ជាប់​នៅក្នុង​របៀប​ជាច្រើន ។ មនុស្ស​ខ្លះ​អាច​មាន​អារម្មណ៍​ថា​ត្រូវ​ជាប់ ដោយ​ការសាកល្បង​ផ្ទាល់ខ្លួន ភាពទន់ខ្សោយ ឬ កាលៈទេសៈ​លំបាក​នានា​ក្នុង​ជីវិត ។ យ៉ាង​ណា​ក៏​ដោយ មាន​នូវ​ការលួងលោម​ក្នុង​ការ​ដែល​ដឹង​ថា ជីវិត​រមែង​ស្លាប់​គឺ​ជា​ពេល​មួយ​ដែល​យើង​ត្រូវ​លូតលាស់​ឲ្យ​កាន់តែ​រឹងមាំ​ឡើង កាលដែល​យើង​ប្រឈម​នឹង​ទុក​ព្រួយ និង ភាពសោកសៅ​របស់​យើង ។ យើង​រកឃើញ​សេចក្ដី​សង្ឃឹម​ក្នុង​ព្រះយេស៊ូវគ្រីស្ទ ។

រស្មី​នៃ​សេចក្ដី​សង្ឃឹម

នៅ​ថ្ងៃ​ទី ១៧ នៃ​ការលំបាក​របស់​ពួកគេ នោះ​ចាប់​ផ្ដើម​មាន​សេចក្ដី​សង្ឃឹម​ឡើង​វិញ​សម្រាប់​ពួក​អ្នក​រុករក​រ៉ែ ពេល​ដែល​ពួកគេ​បាន​ប្រើ​ដែក​ខួង​ដើម្បី​ខួង​បំបែក​ថ្ម​ដែល​បាំង​គេ​នោះ​ដើម្បី​ធ្វើ​ជា​រន្ធ​បញ្ឈរ​តូច​មួយ ។

ដោយ​ចង់​ឲ្យ​ពួក​អ្នក​នៅ​ខាង​លើ​បាន​ដឹង​ថា​ពួកគេ​នៅ​រស់​នៅ​ឡើយ នោះ​ពួក​បុរស​ដែល​ជាប់​ក្នុង​អណ្ដូង​រ៉ែ​បាន​គោះ​ផ្លែ​ដែក​ខួង ហើយ​បាន​ចង​ក្រណាត់​ដែល​មាន​សរសេរ​ពណ៌​ក្រហម​នៅ​ចុង ។ ក្រណាត់​នោះ​សរសេរ​ថា “Estamos bien en el refugio, los 33” ( « ពួក​យើង​សុខ​សប្បាយ​ទេ​នៅ​ក្នុង​ជម្រក​នេះ ពី​ពួក​យើង​ទាំង ៣៣ នាក់ » ) ។ សេចក្ដី​សង្ឃឹម​បាន​មាន​ឡើង​វិញ ។ ពួកគេ​ត្រូវបាន​រកឃើញ ។

តាមរយៈ​ប្រហោង​តូច​មួយ ដែល​មាន​រង្វង់​ប្រហែល​ប៉ុន​ផ្លែ​ទំពាំង​បាយជូរ​មួយ​ប៉ុណ្ណោះ នោះ​ទំនាក់​ទំនង​មួយ​ត្រូវ​បាន​បង្កើត​ឡើង​ជាមួយ​អ្នក​នៅ​ខាង​លើ ។ ពួក​អ្នក​ជា​ទី​ស្រឡាញ់​របស់​អ្នក​រុករក​រ៉ែ​ទាំងនោះ​បាន​បញ្ជូន​ម្ហូប​អាហារ ទឹក ថ្នាំ​សង្កូវ និង សំបុត្រ ទៅ​ក្នុង​អណ្ដូង​រ៉ែ​នោះ ។

វា​ប្រកដ​ជា​មាន​អារម្មណ៍​លាយឡំ​គ្នា ដែល​ពួក​អ្នក​រុករក​រ៉ែ​បាន​ដឹង​ពី​ស្ថានភាព​របស់​ខ្លួន ។ ទោះ​បី​ពួក​គេ​បាន​មាន​សេចក្ដី​អំណរ​ដ៏​លើសលប់ និង បាន​ធូរចិត្ត ដែល​ពួកគេ​ត្រូវ​បាន​រកឃើញ​ក្ដី ប៉ុន្តែ​ស្ថានភាព​របស់ពួកគេ​គឺ​ស្ថិត​ក្នុង​គ្រោះថ្នាក់​នៅ​ឡើយ ។ ថ្វី​បើ​ពួក​អ្នក​នៅ​ខាង​លើ​បាន​ដឹង​ថា​ពួកគេ​នៅ​កន្លែង​ណា​ក៏​ដោយ ក៏​វា​ត្រូវ​ការ​ពេល​វេលា​ដើម្បី​ដាក់​ផែនការ​សង្គ្រោះ ហើយ​ពួកគេ​គ្រាន់តែ​អាច​សង្ឃឹម​ថា ផែនការ​នោះ​នឹង​បាន​សម្រេច​ប៉ុណ្ណោះ ។

ពួក​អ្នក​សង្គ្រោះ​ស្ទាក់ស្ទើរ​នឹង​ប្រាប់​ដល់​ពួក​អ្នក​រុករក​រ៉ែ​ថា វា​នឹង​ត្រូវ​ចំណាយ​ពេល​រាប់​ខែ ទើប​អាច​យក​ពួកគេ​មក​ខាង​លើ​វិញ​បាន ។ ពួកគេ​សង្ឃឹម​ថា​នឹង​យក​ពួក​អ្នក​រុករក​រ៉ែ​មក​ជួប​នឹង​ក្រុមគ្រួសារ​ពួកគេ​វិញ​នៅ​ពេល​បុណ្យ​គ្រីស្ទម៉ាស មាន​ន័យ​ថា ពួក​អ្នក​រុករក​រ៉ែ​ត្រូវ​ប្រឈម​នឹង​ថ្ម​កប់​នោះ​រយៈ​ពេល​បួន​ខែ​បន្ថែម​ទៀត ។ ទោះ​ជា​យ៉ាង​ណា​ក៏​ឥឡូវ​នេះ​ពួក​គេ​បាន​រង់ចាំ​ជាមួយ​នឹង​ក្ដី​សង្ឃឹម ។

យើង​ក៏​មាន​រស្មី​នៃ​សេចក្ដី​សង្ឃឹម​ដែរ ។ តាំង​ពី​មុន​ផែនដី​ត្រូវ​បាន​បង្កើត មាន​ផែនការ​មួយ​ត្រូវ​បាន​ធ្វើ​ឡើង ដើម្បី​សង្គ្រោះ​យើង ។ ព្រះវរបិតាសួគ៌​បាន​ប្រទាន​ដល់​យើង​នូវ​ព្រះអង្គ​សង្គ្រោះ​មួយ​អង្គ ដែល​នឹង​សង្គ្រោះ​យើង​ចេញ​ពី​ភាពរមែង​ស្លាប់​របស់​យើង ពី​អំពើ​បាប​របស់​យើង ពី​ភាពទន់ខ្សោយ​របស់​យើង និង ពី​អ្វីៗ​ទាំងអស់​ដែល​យើង​រងទុក្ខ​ក្នុង​ជីវិត​នេះ ។ ទ្រង់​គឺ​ជា​អង្គ​ប្រទាន​នូវ​សេចក្ដី​សង្ឃឹម និង ជីវិត ។ ទ្រង់​ត្រាយ​ផ្លូវ​សម្រាប់​យើង​ដើម្បី​ត្រឡប់​ទៅ​ព្រះវរបិតាសួគ៌​យើង​វិញ និង ដើម្បី​បាន​ជួបជុំ​នឹង​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​យើង​ដែល​បាន​ស្លាប់​ទៅ​មុន​យើង ។ ទ្រង់​គង់​នៅ​ក្បែរ​យើង ដើម្បី​យក​ទម្ងន់​នៃ​បន្ទុក​ដែល​យើង​រែក ដើម្បី​ជូត​ទឹកភ្នែក​យើង និង ដើម្បី​ប្រទាន​សេចក្ដី​សុខសាន្ត​ដល់​យើង ។ ទ្រង់​បាន​យាង​មក​ដើម្បី​នាំ​យើង​ត្រឡប់​ទៅ​ផ្ទះ​វិញ ប្រសិន​បើ​យើង​ធ្វើ​តាម​ផែនការ​ដែល​ទ្រង់​បាន​ដាក់​ឲ្យ ។

ការសង្គ្រោះ

ថ្វី​បើ​មាន​ការព្យាយាម​ខុសៗ​គ្នា​ត្រូវ​បាន​ធ្វើ​ឡើង ដើម្បី​សង្គ្រោះ​ដល់​ពួក​អ្នក​រុករក​រ៉ែ ប៉ុន្តែ​មាន​តែ​ដែក​ខួង​មួយ​ប៉ុណ្ណោះ​ដែល​បាន​ខួង​តាម​ផ្លូវ​ត្រង់ តាម​រន្ធ​គំរូ​តូច​មួយ​ដែល​ត្រូវ​បាន​គេ​ខួង​ពី​មុន​មក​ដើម្បី​រក​មើល​កន្លែង​ដែល​ពួក​អ្នក​រុករក​រ៉ែ​នៅ ។

ពួក​អ្នក​រុករក​រ៉ែ​ពុំ​មែន​មិន​ធ្វើ​អ្វី​សោះ​នៅក្នុង​ការសង្គ្រោះ​នោះ​ទេ ។ ពេល​ដែល​ដែក​ខួង​ខួង​ថ្ម​ដើម្បី​សង្គ្រោះ នោះ​មាន​ថ្ម​ធ្លាក់​តាម​រន្ធ​តូចៗ ហើយ​គរ​ជា​គំនរ​នៅក្នុង​រូង​ថ្ម​ដែល​ពួក​អ្នក​រុករក​រ៉ែ​ទាំងនោះ​នៅ​ជាប់ ។ ពួកគេ​បាន​យក​ថ្ម​ចេញ​ពេល​ថ្ម​ធ្លាក់​មក ដើម្បី​ទុក​កន្លែង​សម្រាប់​ដែក​ខួង​ធំ ។

ពួក​អ្នក​សង្គ្រោះ​បាន​ធ្វើ​ឡាំង​មួយ​ដើម្បី​សម្រូត​ចុះ​ទៅ​ក្រោម​តាម​រន្ធ​អណ្ដូង​តូច​នោះ​ដោយ​ប្រើ​ខ្សែ​ពួរ ។ ឡាំង​សង្គ្រោះ​នោះ​គឺ​គ្រាន់តែ​ធំ​ល្មម​សម្រាប់​ដាក់​មនុស្ស​ម្នាក់​ប៉ុណ្ណោះ ។ ឡាំង​នោះមាន​ទំហំ​តូច​ជាង​រន្ធ​អណ្ដូង​តែ ១០ សង់ទីម៉ែត្រ​ប៉ុណ្ណោះ ដែល​ត្រូវ​សម្រូត​ចុះ​ទៅក្រោម​ប្រមាណ ៧០០ ម៉ែត្រ ឆ្លង​កាត់​ថ្ម​ដ៏​តាន់​នៅ​ជុំ​វិញ ។

នៅពេល​ដែល​ពេល​វេលា​មក​ដល់​ដើម្បី​សង្គ្រោះ​ពួក​អ្នក​រុករក​រ៉ែ​ទាំងនោះ នោះ​ពួកគេ​ម្នាក់ៗ​ត្រូវ​ប្រឈម​នឹង​ជម្រើស​មួយ ។ មនុស្ស​ម្នាក់​ម្ដងៗ​ចូល​ក្នុង​ឡាំង​នោះ ហើយ​នឹង​ត្រូវ​លើក​ឡើង​មក​លើ​តែ​ម្នាក់​ឯង ។ ខណៈ​ដែល​មនុស្ស​ម្នាក់ៗ​ជ្រើសរើស​ទុកចិត្ត​ផែនការ​នោះ នោះ​គាត់​ត្រូវ​តែ​មាន​សេចក្ដី​សង្ឈឹម​ថា ឡាំង​នោះ​នឹង​ត្រូវ​បាន​លើក​ឡើង​តាម​រន្ធ​អណ្ដូង​ដ៏​ចង្អៀត​ដោយ​ត្រង់ និង មិន​ផ្អៀង ហើយ​ជាប់​គាំង​នឹង​ថ្ម ។ ផែនការ​នោះ​ត្រូវតែ​បាន​សម្រេច ឬ ត្រូវ​បាត់​បង់​សេចក្ដី​សង្ឃឹម​ទាំងអស់​តែ​ម្ដង ។ ពួក​អ្នក​រុករក​រ៉ែ​ម្នាក់ៗ​បាន​ចូល​ក្នុង​ឡាំង ហើយ​ប្រគល់​ការ​តាំង​ចិត្ត​របស់​គាត់​ទៅលើ​ផែនការ និង ទៅ​លើ​ពួក​អ្នក​សង្គ្រោះ ។

ម្នាក់​ម្ដងៗ ពួក​អ្នក​រុករក​រ៉ែ​បាន​ធ្វើ​ដំណើរ​តែ​ម្នាក់ឯង​មក​ខាង​លើ ចេញ​ពី​ទី​ងងឹត​មក​កាន់​ពន្លឺ ។ ពួកគេ​ត្រូវ​បាន​ស្វាគមន៍​ដោយ​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​ពួកគេ ខណៈ​ដែល​ពិភពលោក​ទាំង​មូល​បាន​មើល និង សាទរ ។

ផែនការ​សង្គ្រោះ​បាន​ជោគជ័យ មិន​មាន​បុរស​ណា​ម្នាក់​ត្រូវ​បាត់បង់​ឡើយ ។ ពួកគេ​ត្រូវ​បាន​សង្គ្រោះ​នៅ​ថ្ងៃ​ទី ១៣ ខែ តុលា ឆ្នាំ ២០១០ — គឺ ៦៩ ថ្ងៃ បន្ទាប់​ពី​ការបាក់​រលំ​អណ្ដូង​រ៉ែ និង ៥២ ថ្ងៃ បន្ទាប់​ពី​ពួកគេ​ត្រូវ​បាន​រកឃើញ​ថា​នៅ​រស់រាន្ត​មាន​ជីវិត ។

ទុកចិត្ត​លើ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ

រូបភាព
Jesus Christ depicted kneeling at the base of a tree in the Garden of Gethsemane during the Atonement. Christ has His hands clasped as He prays.

យើង​ម្នាក់ៗ​ត្រូវតែ​ជ្រើសរើស​ប្រគល់​ឆន្ទៈ​របស់​យើង​ដើម្បី​ទុកចិត្ត​លើ​ព្រះអង្គ​សង្គ្រោះ​របស់​យើង គឺ​ព្រះយេស៊ូវគ្រីស្ទ ។ សម្រាប់​យើង មាន​ផែនការ​នៃ​ការសង្គ្រោះ​តែ​មួយ​គត់ វា​គឺ​នៅ​ក្នុង និង តាមរយៈ​ការលះបង់​ដ៏​ធួន​របស់​ទ្រង់ ។ ទ្រង់​បាន​យាង​ចុះ​មក​ក្រោម​អ្វីៗ​ទាំងអស់​ដើម្បី​សង្គ្រោះ​យើង ។

ព្រះគ្រីស្ទ​នៅ​សួន​គែតសេម៉ានី ដោយ ហារី អែនឌើរសិន

ដូច​ជា​ពួក​អ្នក​រុករក​រ៉ែ​ទាំងនោះ​ដែរ ការសង្គ្រោះ​របស់​យើង​គឺ​ជា​ការសង្គ្រោះ​ម្នាក់ៗ ។ ទោះ​ជា​សេចក្ដី​សង្គ្រោះ​មាន​ដល់​មនុស្ស​គ្រប់​គ្នា​ក្ដី ក៏​ទំនាក់​ទំនង​របស់​យើង​ជាមួយ​នឹង​ព្រះអង្គ​សង្គ្រោះ គឺជា​ទំនាក់ទំនង​ផ្ទាល់​ខ្លួន​ដ៏​ជ្រាលជ្រៅ ។ យើង​ម្នាក់ៗ​ត្រូវតែ​ជ្រើសរើស​ប្រគល់​ឆន្ទៈ​របស់​យើង​ដើម្បី​ទុកចិត្ត​លើ​ព្រះអង្គ​សង្គ្រោះ​របស់​យើង គឺ​ព្រះយេស៊ូវគ្រីស្ទ ។

ដោយ​សារ​តែ​ភាពស័ក្ដិសិទ្ធិ​នៃ​សិទ្ធិ​ជ្រើសរើស​របស់​មនុស្ស​ដែល​ជីវិត​រមែង​ស្លាប់​នេះ​មាន នោះ​ព្រះអង្គ​សង្គ្រោះ​ពុំ​អាច​ដក​យក​ឆន្ទៈ​របស់​យើង​បាន​ឡើយ ។ យើង​មាន​សេរីភាព​ដើម្បី​ជ្រើសរើស ។ ព្រះអង្គ​សង្គ្រោះ​ទ្រង់​គង់​នៅ​ក្បែរ​យើង រង់ចាំ​ព្យាបាល​របួស​យើង និង លើក​យើង​ទៅ​ឯ​សេចក្ដី​សង្គ្រោះ​ដ៏​អស់កល្ប​ជានិច្ច ប៉ុន្តែ​ទ្រង់​អាច​ធ្វើ​ដូច្នោះ​បាន មាន​តែ​ដោយ​ការអញ្ជើញ​របស់​យើង​ប៉ុណ្ណោះ ។ យើង​ត្រូវតែ​ជ្រើសរើស​យក​ទ្រង់ ។ សម្រាប់​យើង មាន​ផែនការ​នៃ​ការសង្គ្រោះ​តែ​មួយ​គត់ វា​គឺ​នៅ​ក្នុង និង តាមរយៈ​ការលះបង់​ដ៏​ធួន​របស់​ទ្រង់ ។ ទ្រង់​បាន​យាង​ចុះ​មក​ក្រោម​អ្វីៗ​ទាំងអស់​ដើម្បី​សង្គ្រោះ​យើង ។

ការសង្គ្រោះ​របស់​ខ្ញុំ​បាន​មាន​ដល់​ខ្ញុំ ពេល​ខ្ញុំ​បាន​លុត​ជង្គង់​ចុះ​ក្នុង​ជម្រៅ​នៃ​ទុក្ខ​ព្រួយ​ចំពោះ​ការស្លាប់​របស់​កូន​ប្រុស​ខ្ញុំ ។ ដូច​ជា​ពួក​អ្នក​រុករក​រ៉ែ​ពេល​ដែល​ពួកគេ​ចូល​ក្នុង​ឡាំង​សង្គ្រោះ​ដែរ ខ្ញុំ​បាន​ស្ថិត​នៅក្នុង​ចំនុច​ស្នូល​មួយ ៖ តើ​ខ្ញុំ​គួរ​តែ​ព្យាយាម​យក​ឈ្នះ​ឧបសគ្គ​របស់​ខ្ញុំ ដោយ​កម្លាំង និង ការចេះដឹង​របស់​ខ្ញុំ​ផ្ទាល់ ឬ ខ្ញុំ​គួរ​តែ​ឈោង​ទៅ​ឯ​ព្រះវរបិតាសួគ៌ ហើយ​សូម​ជំនួយ ?

ដោយ​ត្រូវ​បាន​សង្កត់​សង្កិន​ដោយ​ទម្ងន់​នៃ​ទុក្ខព្រួយ​របស់​ខ្ញុំ នោះ​ខ្ញុំ​បាន​សម្រេច​ចិត្ត​បែរ​ទៅ​រក​ព្រះ ។ កាលដែល​ខ្ញុំ​អំពាវនាវ​ដល់​ព្រះវរបិតា​របស់​ខ្ញុំ​ដែល​គង់​នៅ​ស្ថានសួគ៌ នោះ​ខ្ញុំ​បាន​ទូល​ទ្រង់​ថា ខ្ញុំ​ទន់ខ្សោយ​យ៉ាង​ណា ហើយ​ខ្ញុំ​បាន​សូម​ទ្រង់​មេត្តា​លើក​បន្ទុក​នៃ​ទុក្ខ​ព្រួយ​របស់​ខ្ញុំ​ចេញ ។ មុន​ពេល​ដែល​ខ្ញុំ​បាន​ក្រោកឈរ​ម្ដង​ទៀត នោះ​ទម្ងន់​នៃ​ទុក្ខព្រួយ​របស់​ខ្ញុំ​ត្រូវ​បាន​លើក​ចេញ​ពី​ស្មា​របស់​ខ្ញុំ ។ ខ្ញុំ​នៅ​តែ​ត្រូវ​ខំ​ចេញ​ឲ្យ​ផុត​ពី​ការឈឺចាប់ និង ការបាត់បង់​នោះ ប៉ុន្តែ​បន្ទុក​ដែល​មិន​អាច​ទ្រាំទ្រ​បាន​នោះ​ត្រូវបាន​យក​ចេញ​ពី​ខ្ញុំ ។

នៅ​ពេល​នោះ​ហើយ ដែល​ខ្ញុំ​បាន​ដឹង​ថា ព្រះអង្គ​សង្គ្រោះ​ទ្រង់​គង់​នៅ​ក្បែរ​យើង រង់​ចាំ​លើក​យើង​ឡើង រង់ចាំ​ឲ្យ​យើង​គ្រាន់តែ​សូម​ដល់​ទ្រង់ រង់ចាំ​ឲ្យ​យើង​ដាក់​បន្ទុក​របស់​យើង​លើ​ស្មា​ទ្រង់ រង់ចាំ​យើង​ឲ្យ​ដាក់​ដៃ​យើង​ក្នុង​ព្រះហស្ត​ទ្រង់ ដើម្បី​ទ្រង់​អាច​សង្គ្រោះ​យើង ។

យើង — ដូច​ជា​ពួក​អ្នក​រុករក​រ៉ែ ដែល​ត្រូវតែ​ទាញ​ទ្វារ​ឡាំង​បិទ ហើយ​ទុកចិត្ត​លើ​ពួក​អ្នក​សង្គ្រោះ​របស់​ពួកគេ​ដែរ — ត្រូវតែ​ដាក់​ចុះ​នូវ​ឆន្ទៈ​របស់​យើង​ចំពោះ​ព្រះអង្គ​សង្គ្រោះ ហើយ​ទុកចិត្ត​លើ​ផែនការ​សង្គ្រោះ​របស់​ទ្រង់​សម្រាប់​យើង ។

វា​ជា​សេចក្ដី​សង្ឃឹម​របស់​ខ្ញុំ​ថា ពេល​ខ្ញុំ​ធ្វើ​ដំណើរ​តែ​ម្នាក់​ឯង​ចេញ​ពី​ជីវិត​នេះ​ទៅ​ឯ​ជីវិត​បន្ទាប់​ទៀត នោះ​នឹង​មាន​នូវ​សេចក្ដី​អំណរ កាល​ដែល​ខ្ញុំ​បាន​ជួបជុំ​គ្នា​វិញ​ជាមួយ​ពួក​អ្នក​ដែល​បាន​ធ្វើ​ដំណើរ​ទៅ​មុន​ខ្ញុំ ! នៅ​ចន្លោះ​ពី​ពេល​នេះ​ទៅ​ពេល​នោះ នោះ​ខ្ញុំ​ដឹង​ថា ព្រះអង្គ​សង្គ្រោះ​របស់​ខ្ញុំ​មាន​ព្រះជន្ម​រស់​នៅ ហើយ​ស្រឡាញ់​ខ្ញុំ ហើយ​គង់​នៅ​ក្បែរ​ខ្ញុំ ។