២០១៥
តើ​យើង​បាន​ធ្វើ​ការណ៍​ដ៏​ត្រឹមត្រូវ​ឬ​ទេ ?
June 2015


តើ​យើង​បាន​ធ្វើ​ការណ៍​ដ៏​ត្រឹមត្រូវ​ឬ​ទេ ?

ខាឡូស ចាវៀ លេអន យូហ្កាតេ រដ្ឋធានី លីម៉ា ប្រទេស ពេរូ

ខ្ញុំ​គឺជា​អ្នក​សារព័ត៌មាន​ដ៏​ល្បី​ម្នាក់ ដែល​បាន​និពន្ធ​សម្រាប់​ទស្សនាវដ្ដី និង កាសែត​ល្អៗ​មួយ​ចំនួន​នៅ​រដ្ឋធានី លីម៉ា ប្រទេស ពេរូ ប៉ុន្តែ​វិថី​នៃ​ជីវិត​ខ្ញុំ — ឆ្ងាយ​ពី​ព្រះ — បាន​ធ្វើ​ទារុណកម្ម​ខ្ញុំ​កាន់​តែ​ខ្លាំង​ឡើងៗ​ជា​រៀង​រាល់​ថ្ងៃ ។ ដោយ​សារ​តែ​បែប​នេះ ខ្ញុំ​បាន​ទទួល​ការងារ​មួយ​ដោយ​ធ្វើ​ជា​អ្នក​អាន​កំណែ​សម្រាប់​ទស្សនាវដ្ដី​មួយ​នៅក្នុង​ស្រុក វិនថានីឡា ដែល​នៅ​ឆ្ងាយ​ពី​ផ្ទះ​ខ្ញុំ ។ ខ្ញុំ​បាន​ព្យាយាម​យ៉ាង​ខ្លាំង​ដើម្បី​ស្វែងរក​របៀប​មួយ ដើម្បី​នៅ​ឲ្យ​ឆ្ងាយ​ពី​ក្រុម​មិត្តភក្ដិ​របស់​ខ្ញុំ ។ នៅ​វិនថានីឡា ខ្ញុំ​បាន​ដឹង​នៅក្នុង​ដួងចិត្ត​ខ្ញុំ​ថា ជីវិត​ខ្ញុំ​នឹង​ផ្លាស់​ប្ដូរ ។

ពេល​ខ្លះ ខ្ញុំ​បាន​ទៅ​ព្រះវិហារ​ជាមួយ ម៉ារៀ គ្រីស្ទីណា ជា​មិត្ត​ស្រី​ខ្ញុំ ពេល​ដែល​អ្នក​ផ្សព្វផ្សាយ​សាសនា​រឹងក្បាល​ដ៏​ល្អ​ពីរនាក់​បាន​លួងលោម​ឲ្យ​ខ្ញុំ​សួរ​ដល់​ព្រះវរបិតាសួគ៌​នៅក្នុង​ការអធិស្ឋាន ថា​បើ​សាសនាចក្រ​គឺ​ជា​សាសនាចក្រ​ពិត ។ ខ្ញុំ​បាន​ធ្វើ​ដូច្នោះ ហើយ​អ្វី​ដែល​ខ្ញុំ​បាន​មាន​បទពិសោធន៍​គឺ​ពុំ​អាច​ពិពណ៌នា​បាន​ឡើយ ។ ខ្ញុំ​ពុំ​ដែល​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ​ខ្លាំង​ដូច​ជា​នៅ​ថ្ងៃ​ដែល​មិន​អាច​បំភ្លេច​បាន​នោះ​ឡើយ ។

ដោយ​បាន​រៀបការ និង ទទួល​បុណ្យ​ជ្រមុជ​ទឹក​មិន​យូរ​ប៉ុន្មាន​ក្រោយ​ពី​នោះ នោះ​ម៉ារៀ គ្រីស្ទីណា និង ខ្ញុំ​បាន​ជួល​បន្ទប់​ដ៏​តូច និង មិន​ស្រួល​រស់នៅ នៅ​វិនថានីឡា ។ ដោយសារ​តែ​ខ្ញុំ​ខំ​ធ្វើ​ការ នោះ​ខ្ញុំ​បាន​ឡើង​តំណែង​ពី​អ្នក​អាន​កំណែ ទៅ​ជា​អ្នក​បោះពុម្ព​ផ្សាយ​ប្រចាំ​ទស្សនាវដ្ដី និង កាសែត​របស់​ក្រុមហ៊ុន​នោះ ។ ខ្ញុំ​ពុំ​ដែល​ធ្លាប់​ធ្វើ​ជា​អ្នក​បោះពុម្ពផ្សាយ​ពីមុន​មកទេ ហើយ​ខ្ញុំ​សប្បាយ​ចិត្ត​នឹង​មុខ​តំណែង​ថ្មី​នោះ ។ ទោះបី​ដូច្នោះ​ក្ដី អ្វីៗ​ចាប់​ផ្ដើម​ប្រែប្រួល ពេល​ដែល​ការបោះពុម្ព​របស់​យើង​ចាប់ផ្ដើម​បន្ទាប​បទដ្ឋាន​របស់​ពួកគេ ដោយ​បោះពុម្ព​សម្ភារ​ដែល​អសីលធម៌ ។ ការផ្លាស់​ប្ដូរ​នេះ ត្រូវបាន​បញ្ជា​ដោយ​នាយក​របស់​យើង ដែល​ផ្ទុយ​ពី​គោលការណ៍ និង តម្លែ​នៃ​សាសនាចក្រ ។

ខ្ញុំ​តែងតែ​ចង់​ធ្វើ​ជា​អ្នក​បោះពុម្ពផ្សាយ ប៉ុន្តែ​ស្ថានភាព​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​មិន​ស្រួល​ក្នុង​ចិត្ត​សោះ ។ ប៊ីស្សព​របស់​យើង​បាន​ផ្ដល់​យោបល់​ថា បើ​យើង​ធ្វើ​អ្វីៗ​ដែល​សព្វ​ព្រះទ័យ​ដល់​ព្រះវរបិតាសួគ៌​យើង នោះ​ទ្រង់​នឹង​ប្រទាន​ពរ​យើង ។ បន្ទាប់​ពី​ភរិយា​ខ្ញុំ និង ខ្ញុំ​បាន​គិត​ហើយ​គិត​ទៀត ហើយ​បាន​អធិស្ឋាន​អំពី​វា យើង​ទទួល​ការបំផុស​ថា ខ្ញុំ​គួរ​តែ​ឈប់​ពី​ការងារ​ខ្ញុំ ។

ពីរ​បី​ថ្ងៃ​ក្រោយ​មក ខ្ញុំ​ចាប់ផ្ដើម​មាន​ការថប់​អារម្មណ៍ ហើយ​ឆ្ងល់​ថា តើ​ខ្ញុំ​បាន​ធ្វើ​រឿង​ត្រឹមត្រូវ​ដែរ​ឬ​ទេ ។ បន្ទាប់​ពី​ការសុំ​លាលែង​ពី​ការងារ ខ្ញុំ​បាន​ដាក់​ពាក្យ​រក​ការងារ​ទៅ​ក្រុមហ៊ុន​មួយ​ចំនួន ប៉ុន្តែ​ពុំ​បាន​ឮ​អ្វី​ឡើយ ។ ម៉ារៀ គ្រីស្ទីណា បាន​ផ្ដល់​យោបល់​ថា យើង​អធិស្ឋាន​ម្ដង​ទៀត ហើយ​យើង​បាន​ធ្វើ​ដូច្នោះ ។ យើង​បាន​អធិស្ឋាន​ថា អ្វីៗ​នឹង​ប្រសើរ​ឡើង ហើយ​ថា​យើង​នឹង​មិន​បាត់បង់​សេចក្ដី​ជំនឿ​ទេ ទោះ​ជា​មាន​វិក័យប័ត្រ​ច្រើន​ដែល​យើង​ត្រូវ​បង់​ក៏​ដោយ ។

ពីរ​បី​ម៉ោង​ក្រោយ​មក ភរិយា​ខ្ញុំ​បាន​លើក​ទឹកចិត្ត​ខ្ញុំ​ឲ្យ​ទូរស័ព្ទ​ទៅ​ក្រុមហ៊ុន​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​ទាំង​នោះ ។ ដោយ​មិនគួរ​ឲ្យ​ជឿ ខ្ញុំ​បាន​ទូរស័ព្ទ​ទៅ ។ ខ្ញុំ​បាន​ស្រឡាំងកាំង ពេល​មន្ត្រី​នៅ​ទី​នោះ​បាន​និយាយ​ថា គាត់​រៀប​នឹង​ទូរស័ព្ទ​មក​ខ្ញុំ ។ គាត់​ចង់​ដឹង​ថា​បើ​ខ្ញុំ​អាច​ចាប់​ផ្ដើម​ធ្វើ​ការ​ថ្ងៃ​ស្អែក !

ពួក​យើង​បាន​យំ​ដោយ​សេចក្ដី​អំណរ ។ ព្រះវរបិតាសួគ៌​យើងបាន​ឆ្លើយ​តប​ការអធិស្ឋាន​របស់​យើង ។

យើង​ត្រូវតែ​ចាកចេញ​ពី​វួដ និង មិត្តភក្ដិ​ល្អៗ​របស់​យើង​ជា​ច្រើន​សម្រាប់​ការងារ​ថ្មី​របស់​ខ្ញុំ ប៉ុន្តែ​យើង​បាន​ចាកចេញ​ជាមួយ​នឹង​ទីបន្ទាល់​ដែល​កាន់តែ​រឹង​មាំ ។ ឥឡូវ​នេះ ខ្ញុំ​មាន​ការងារ​ដ៏​គួរ​ឲ្យ​គោរព និង មាន​ប្រាក់ខែ​ល្អ ហើយ​យើង​រស់នៅ​ក្នុង​កន្លែង​ល្អ​មួយ ។ លើស​អស់​អ្វីៗ​ទាំងអស់ យើង​ត្រូវបាន​ប្រទានពរ​ជាមួយ​នឹង​ភាពប្រាកដ​ប្រជា​ថា ពេល​យើង​ធ្វើ​អ្វីៗ​ដែល​សព្វព្រះទ័យ​ព្រះ នោះ​យើង​ទទួល​បាន​ពរជ័យ​របស់​ទ្រង់ ។