២០១៥
របៀប​ដែល​យើង « ផ្សាយ​អំពី​ព្រះគ្រីស្ទ » នៅក្នុង​គេហស្ឋាន​របស់​យើង
June 2015


របៀប​ដែល​យើង « ផ្សាយ​អំពី​ព្រះគ្រីស្ទ » នៅក្នុង​គេហដ្ឋាន​របស់​យើង

អ្នក​និពន្ធ​រស់​នៅ​រដ្ឋ យូថាហ៍ ស.រ.អា ។

« យើង​និយាយ​អំពី​ព្រះគ្រីស្ទ យើង​អរ​រីករាយ​ក្នុង​ព្រះគ្រីស្ទ យើង​ផ្សាយ​អំពី​ព្រះគ្រីស្ទ យើង​ព្យាករ​អំពី​ព្រះគ្រីស្ទ ហើយ​យើង​សរសេរ​ស្រប​តាម​ពាក្យ​ព្យាករណ៍​ទាំងឡាយ​របស់​យើង ដើម្បី​ឲ្យ​កូនចៅ​យើង​បាន​ដឹង​ថា តើ​ត្រូវ​ស្វែង​រក​ប្រភព​ណាមួយ​ដើម្បី​ឲ្យ​បាន​ផ្ដាច់​បាប​របស់​ពួកគេ » ( នីហ្វៃទី២ ២៥:២៦ ) ។

រូបភាព
A family in Brazil having family home evening

អំឡុង​ពេល​បុណ្យ​អ៊ីស្ទើរ​នៅ​ឆ្នាំ​មួយ ភរិយា​ខ្ញុំ​បាន​ផ្ដល់​យោបល់​ថា យើង​អាន​ជា​ក្រុមគ្រួសារ​នូវ​ដំណើរ​រឿង​ចេញ​ពី​ព្រះគម្ពីរ អំពី​សប្ដាហ៍​ចុងក្រោយ​របស់​ព្រះអង្គ​សង្គ្រោះ​ក្នុង​ជីវិត​រមែង​ស្លាប់ ។ រៀង​រាល់​យប់​ពេល​ចូល​គេង យើង​អាន​ព្រះគម្ពីរ​សញ្ញា​ថ្មី ហើយ​បង្ហាញ​កូនៗ​យើង​នូវ​វីដេអូ​ខ្លី​មួយ អំពី​ព្រឹត្តិការណ៍​នីមួយៗ ហើយ​បាន​ពិភាក្សា​អំពី​សំណួរ​ទាំងឡាយ​ដែល​មាន ។ ខ្ញុំ​មាន​ភាព​អស្ចារ្យ​នឹង​សំណួរ​ដែល​កូនៗ​យើង​មាន ក៏​ដូច​ជា​មាន​ភាព​អស្ចារ្យ​នឹង​ព្រះវិញ្ញាណ​ដែល​យាង​ចូល​ក្នុង​គេហដ្ឋាន​របស់​យើង អំឡុង​ពេល​យើង​អាន និង ពិភាក្សា ។

នៅ​ចុង​បញ្ចប់​នៃ​សប្ដាហ៍​នោះ ខ្ញុំ​បាន​មាន​អារម្មណ៍​នៃ​ការដឹង​គុណ និង សេចក្ដី​ស្រឡាញ់​ដែល​កាន់តែ​ជ្រាលជ្រៅ​ចំពោះ​ព្រះអង្គ​សង្គ្រោះ ដោយ​បាន​ឆ្លុះ​បញ្ចាំង​ជា​ច្រើន​ពី​ពលិកម្ម​របស់​ទ្រង់ និង លទ្ធផល​ដ៏​អស់កល្ប​ជានិច្ច ដែល​បាន​មក​ពី​អ្វីៗ​ទាំងអស់​ដែល​ទ្រង់​បាន​ឆ្លង​កាត់​សម្រាប់​យើង ។ ជាមួយ​នឹង​អារម្មណ៍​ដ៏​រំជួល​របស់​ខ្ញុំ នោះ​ខ្ញុំ​បាន​ដឹង​ថា ភរិយា​របស់​ខ្ញុំ​ត្រូវ​បាន​បំផុស​គំនិត ហើយ​ខ្ញុំ​បាន​ឃើញ​ពី​ការយល់​ដឹង និង សេចក្ដី​ស្រឡាញ់​ដែល​កាន់តែ​ជ្រាលជ្រៅ​ចំពោះ​ព្រះអង្គ​សង្គ្រោះ​នៅក្នុង​ចិត្ត​កូនៗ​យើង ក៏​ដូច​ជា​បំណង​ប្រាថ្នា​កាន់តែ​ធំធេង​ដើម្បី​បង្ហាញ​អកប្បកិរិយា​ដូច​ព្រះគ្រីស្ទ​ចំពោះ​គ្នា​ទៅវិញ​ទៅមក ។

តាំង​ពី​ពេល​នោះ​មក យើង​បានរុករក​វិធី​ផ្សេងៗ​ទៀត ដើម្បី​យើង​អាច « និយាយ​អំពី​ព្រះគ្រីស្ទ » និង « ផ្សាយ​អំពី​ព្រះគ្រីស្ទ » ឲ្យ​បាន​កាន់តែ​ច្រើន​ថែម​ទៀត​នៅក្នុង​ការសន្ទនា និង មេរៀន​របស់​យើង ដោយ​ដឹង​ថា ដោយ​ការ​ស្ថាបនា​នៅ​លើគ្រឹះ​នៃ​ព្រះយេស៊ូវគ្រីស្ទ នោះ​យើង​ត្រូវ​បាន​សន្យា​ថា​នឹង​បាន​នូវ​ការតទល់​យ៉ាង​អស្ចារ្យ​ទាស់​នឹង​ព្យុះ​នៃ​ជីវិត ( សូមមើល ហេលេមិន ៥:១២ ) ។

យក​ព្រះអង្គ​សង្គ្រោះ​ធ្វើ​ជា​ការ​ផ្ដោត​ដ៏​សំខាន់​ក្នុង​ការបង្រៀន​របស់​អ្នក

រូបភាព
Family praying.

អ្វី​មួយ​ដែល​យើង​បាន​រកឃើញ គឺថា ពេល​យើង​នាំ​យក​គំរូ និង ការបង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ​ចូល​ក្នុង​ការពិភាក្សា និង ការ​ប្រាស្រ័យ​ទាក់ទង​របស់​ក្រុមគ្រួសារ​យើង នោះ​គំរូ និង ការបង្រៀន​ទាំងនោះ​កាន់តែ​មាន​ចេស្ដា និង កាន់តែ​ពោរពេញ​ដោយ​គោលបំណង ។ ដើម្បី​ប្រើប្រាស់​ការប្រៀបធៀប​ចេញពី​ព្រះអង្គ​សង្គ្រោះ​ផ្ទាល់ នោះ​ទ្រង់​បាន​បង្រៀន​ថា « ខ្ញុំ​ជា​គល់ អ្នក​រាល់​គ្នា​ជា​ខ្នែង អ្នក​ណា​ដែល​នៅ​ជាប់​នឹង​ខ្ញុំ ហើយ​ខ្ញុំ​នៅ​ជាប់​នឹង​អ្នក​នោះ នោះ​ទើប​នឹង​បង្កើត​ផល​ឡើង​ជាច្រើន » ( យ៉ូហាន ១៥:៥ ) ។ បើ​យើង​អនុវត្ត​ការប្រៀបធៀប​នេះ​ទៅ​នឹង​ការបង្រៀន​របស់​យើង នោះ​យើង​បង្រៀន​គោលការណ៍​ដំណឹងល្អ មិន​ត្រឹម​តែ​ជា​គំនិត​ដែល​ទាក់ទង​ទេ តែ​ជា​ផ្នែក​នៃ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ដូច​ជា​ព្យាការី យ៉ូសែប ស្ម៊ីធ បាន​ប្រកាស​ថា​វា​ដូច្នោះ ។ នេះ​ជា​របៀប​ដែល​យើង​យក​ព្រះអង្គ​សង្គ្រោះ​ជា​ការ​ផ្ដោត​ដ៏​សំខាន់​ក្នុង​ការណែនាំ​របស់​យើង មិន​មែន​គ្រាន់តែ​ជា​ស្លឹក​ដែល​យើង​ក្ដិច​ចេញ​ពី​គល់​ដ៏​ពិត​របស់​ទ្រង់​នោះ​ទេ ។

បើ​យើង​ធ្វើ​ឲ្យ​ទ្រង់​ជា​ចំនុច​សំខាន់​បំផុត​នៃ​ការបង្រៀន​របស់​យើង នោះ​យើង​ត្រូវបាន​សន្យា​ថា​នឹង​បាន​នូវ​ការចិញ្ចឹម​បីបាច់ កម្លាំង និង ការលូតលាស់ រួម​ទាំង​មែក​សាខា​ពេញ​ដោយ​ផល​ផ្លែ — និយាយ​ម្យ៉ាង​ទៀត គឺ​ថា ការពិភាក្សា និង មេរៀន​របស់យើង​នឹង​កាន់​តែ​មាន​នូវ​ចេស្ដា​នៃ​ការប្រែ​ចិត្ត​ជឿ និង ជា​លទ្ធផល​ដ៏​យូរ​អង្វែង ។ របៀប​មួយ​ដែល​យើង​ធ្វើ គឺ​បង្រៀន​គោលការណ៍​ដំណឹង​ល្អ​មួយ រួច​ហើយ​សួរ​កូនៗ​យើង​សំណួរ​មួយ ដូចជា « តើ​ព្រះយេស៊ូវគ្រីស្ទ​បង្ហាញ​ពី​គោលការណ៍ ឬ ការបង្រៀន​នេះ​យ៉ាង​ដូច​ម្ដេច​ដែរ ? » ឬ « តើ​ព្រះអម្ចាស់​បាន​បង្រៀន​អ្វី អំពី​ការណ៍​នេះ ? »

គំរូមួយ​ពី​ការ​បង្រៀន​អំពី​ការអធិស្ឋាន

ឧទាហរណ៍ អ្នក​កំពុង​បង្រៀន​ពី​សារៈសំខាន់​នៃ​ការអធិស្ឋាន ។ អ្នក​អាច​ប្រើ គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០:៥ ដែល​យើង​ត្រូវបាន​ណែនាំ​ឲ្យ « អធិស្ឋាន​ជានិច្ច » ឬ ការទូន្មាន​របស់​នីហ្វៃ​ដែល​ថា « អារក្សអសោចិ៍​មិន​បង្រៀន​មនុស្ស​ណា​មួយ​ឲ្យ​អធិស្ឋាន​ទេ ប៉ុន្តែ​បង្រៀន​គេ​មិន​ឲ្យ​អធិស្ឋាន​វិញ » ( នីហ្វទី២ ៣២:៨ ) ។ បទគម្ពីរ​ទាំងនេះ​បង្រៀន​ពី​គោលលទ្ធិ​នៃ​ការអធិស្ឋាន​ប្រកប​ដោយ​ចេស្ដា ។ ពេល​អ្នក​ពិភាក្សា​ពី​បទគម្ពីរ​ទាំងនេះ ឧបមា​ថា អ្នក​សួរ​សំណួរ​ដូច​ជា « តើ​ព្រះអង្គ​សង្គ្រោះ​បាន​អធិស្ឋាន​ដោយ​របៀប​ណា ? » ឬ « តើ​ការអធិស្ឋាន​របស់​ព្រះអង្គ​សង្គ្រោះ​មាន​លក្ខណៈ​យ៉ាង​ណា​ដែរ ? » បើ​អ្នក​មាន​ក្មេង​តូចៗ អ្នក​អាច​សួរ​ថា « តើ​កូន គិត ថា ការអធិស្ឋាន​របស់​ព្រះអង្គ​សង្គ្រោះ​មាន​លក្ខណៈ​យ៉ាង​ណា​ដែរ ? »

យក​ពេល​មួយ​ភ្លែត​គិត​អំពី​របៀប​ដែល​អ្នក​អាច​នឹង​ឆ្លើយ​សំណួរ​នេះ​ដោយ​ផ្ទាល់​ខ្លួន ដោយ​ពិចារណា​ពី​ដំណើរ​រឿង​ក្នុង​ព្រះគម្ពីរ​ដែល​អ្នក​នឹកឃើញ ។ ខ្ញុំ​បាន​គិត​ភ្លាម​អំពី​កាល​ដែល​ព្រះអង្គ​សង្គ្រោះ​យាង​មក​ទ្វីប​អាមេរិក ពេល​ដែល « ទ្រង់​បាន​អធិស្ឋាន​ទៅ​ព្រះវរបិតា ហើយ​អ្វីៗ​ដែល​ទ្រង់​បាន​អធិស្ឋាន​នោះ​ពុំ​អាច​យក​មក​សរសេរ​បាន​ឡើយ ។ … ភ្នែក​មិន​ដែល​ឃើញ​សោះ ឯ​ត្រចៀក​ក៏​មិន​ដែល​បាន​ឮ​រឿង​ដ៏​មហិមា និង អស្ចារ្យ ដូច​ដែល​យើង​បាន​ឃើញ ហើយ​បាន​ឮ​ព្រះយេស៊ូវ​ទ្រង់​មាន​ព្រះបន្ទូល​ទៅ​កាន់​ព្រះវរបិតា​ឡើយ » ( នីហ្វៃទី៣ ១៧:១៥–១៦ ) ។

ក្រោយ​មក​នៅក្នុង​ដំណើរ​រឿង​នេះ យើង​ឃើញ​ថា ប្រជាជន​បាន​ព្យាយាម​យក​គំរូ​តាម​ការអធិស្ឋាន​របស់​ទ្រង់ ហើយ​ជា​លទ្ធផល « មិន​ត្រូវបាន​បន្ថែម​ពាក្យ​ច្រើន​ឡើយ ដ្បិត ត្រូវ​បាន​ប្រទាន​ដល់​ពួកគេ នូវ​អ្វី​ដែល​ពួកគេ​ត្រូវ​អធិស្ឋាន​ហើយ ហើយ​ពួកគេ បាន​ពោរពេញ​ទៅ​ដោយ​សេចក្ដី​ប្រាថ្នា »នីហ្វៃទី៣ ១៩:២៤ ការសង្កត់​ន័យ​ត្រូវបាន​បន្ថែម ) ។ មក​ដល់​ត្រឹម​នេះ អ្នក​អាច​អញ្ជើញ​កូនៗ​របស់​អ្នក​ឲ្យ​ចែកចាយ​ពេល​មួយ​ដែល​ពួក​គេ​បាន​ពោរពេញ​ដោយ​សេចក្ដី​ប្រាថ្នា​ដើម្បី​អធិស្ឋាន ឬ អ្នក​អាច​ចែកចាយ​ពី​ពេល​មួយ​ដែល​អ្នក​ត្រូវបាន​ប្រទាន​ឲ្យ​នូវ​ពាក្យ​ទាំងឡាយ​ដើម្បី​និយាយ​ខណៈ​កំពុង​អធិស្ឋាន ។ បន្ទាប់​មក អ្នក​អាច​ថ្លែង​ទីបន្ទាល់​ថា ការអធិស្ឋាន​មាន​ភាព​ខុស​ប្លែក​គ្នា​យ៉ាង​ណា ពេល​យើង​អធិស្ឋាន​តាម​របៀប​នេះ គឺ​ដូច​ជា​ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន ។

សូម​គិត​អំពី​ការ​ផ្លាស់​ប្ដូរ​ដែល​អ្នក​អាច​មាន​លើ​កូនៗ​អ្នក បើ​សិន​ពួកគេ​ត្រូវ​អនុវត្ត​លើ​គោលការណ៍​នៃ​ការ​អធិស្ឋាន ដែល​មាន​ក្នុង​ខ​ទាំងនេះ និង នៅក្នុង​ទីបន្ទាល់​ដែល​អ្នក និង ពួកគេ​បាន​ថ្លែង ។ សូម​គិត​ពី​របៀប​ដែល​ការណ៍​នេះ អាច​អភិវឌ្ឍ​សមត្ថភាព​ក្នុង​ការ​ទទួល​អារម្មណ៍ និង ស្គាល់​ព្រះវិញ្ញាណ លើក​តម្កើង​ការហៅ​បម្រើ​របស់​ពួកគេ ផ្ដល់​ពរជ័យ​បព្វជិតភាព ហើយ​ក្រោយ​មក​ចិញ្ចឹម​បីបាច់​ក្រុម​គ្រួសារ​របស់​គេ​ផ្ទាល់ ត្រូវបាន​ដឹកនាំ​ដោយ​ព្រះវិញ្ញាណ​ដដែល ដែល « បង្រៀន​មនុស្ស​ឲ្យ​អធិស្ឋាន » ( នីហ្វៃទី២ ៣២:៨ ) ។

បើ​យើង​មិន​បាន​បញ្ចូល​គំរូ និង ការបង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ​ក្នុង​ការបង្រៀន​នេះ​ទេ នោះ​យើង​អាច​នៅ​តែ​មាន​ការពិភាក្សា​ដ៏​ល្អ​មួយ​អំពី​ការអធិស្ឋាន ប៉ុន្តែ​ការបញ្ចូល​គំរូ និង ការ​បង្រៀន​របស់​ទ្រង់ កាន់តែ​បន្ថែម​នូវ​ភាព​ស៊ី​ជម្រៅ និង ព្រះចេស្ដា ។

សិល្បៈ​ដែល​ផ្ដោត​លើ​ដំណឹង​ល្អ

រូបភាព
A family sits around a table studying the scriptures. Some have books and some have IPads - in Florida.

អ្វី​មួយ​ទៀត​ដែល​យើង​បាន​ព្យាយាម​ធ្វើ ដើម្បី​ស្ថាបនា​គេហដ្ឋាន​ដែល​ផ្ដោត​លើ​ព្រះគ្រីស្ទ គឺ​ការ​មាន​រូបភាព​ព្រះគ្រីស្ទ ព្រះវិហារ​បរិសុទ្ធ និង អ្វីៗ​ដែល​ទាក់ទង​នឹង​ដំណឹងល្អ នៅ​កន្លែង​ដែល​អាច​ងាយ​នឹង​មើល​ឃើញ ហើយ​ដែល​កូនៗ​យើង​អាច​ដឹង​ថា អ្វី​ដែល​ពិត​ជា​សំខាន់​សម្រាប់​យើង ។

ពីរបី​ឆ្នាំ​កន្លង​ទៅ​ហើយ ខណៈ​កំពុង​អង្គុយ​ជាមួយ​កូនៗ​យើង​ពេល​ទូទាត់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ នោះ​ប៊ីស្សព​របស់​យើង​បាន​អញ្ជើញ​កូន​ប្រុស​អាយុ ១០ ឆ្នាំ របស់​យើង ឲ្យ​យក​រូប​ព្រះអង្គ​សង្គ្រោះ​ដ៏​តូច​មួយ ហើយ​ឲ្យ​គាត់​សម្រេច​ចិត្ត​ថា​ត្រូវ​ដាក់​វា​នៅ​កន្លែង​ណា​នៅ​ផ្ទះ​របស់​យើង ជា​កន្លែង​ដែល​វា​នឹង​ក្លាយ​ជា​ការរំឭក​អំពី​ការតាំង​ចិត្ត​របស់​ក្រុមគ្រួសារ​យើង​ដើម្បី​ធ្វើ​តាម​ទ្រង់ ។ បន្ទាប់​ពី​ត្រឡប់​មក​ផ្ទះ​វិញ គាត់​បាន​ដាក់​រូប​នៅ​ទ្វារ​ខាង​មុខ ជា​កន្លែង​ដែល​កូនប្រុស​យើង​និយាយ​ថា « យើង​ម្នាក់ៗ​នឹង​ឃើញ​វា​ច្រើន​បំផុត » ។ វា​ជា​ពរជ័យ​មួយ​ដ៏​មហិមា និង ជា​ការរំឭក​ដ៏​ខ្ជាប់​ខ្ជួន​ដល់​យើង​ទាំងអស់​គ្នា​រៀងរាល់​ថ្ងៃ នៅក្នុង​របៀប​តូច​មួយ ប៉ុន្តែ​ប្រកប​ដោយ​ចេស្ដា អំពី​ការ​សន្យា​របស់​យើង​ក្នុង​ការ​ធ្វើ​តាម​ព្រះយេស៊ូវគ្រីស្ទ ។

ដោយ​មិន​គិត​ពី​ទីកន្លែង​ដែល​ដាក់​រូបភាព​ក្នុង​គេហដ្ឋាន​របស់​អ្នក នោះ​វា​សម​នឹង​តម្លៃ​នៃ​ការខំ​យក​ចិត្ត​ទុកដាក់​លើ​រូបភាព​ទាំងឡាយ​ដែល​នៅ​លើ​ជញ្ជាំង និង សារលិខិត​ដែល​អ្នក​នឹង​ផ្ដល់​ដល់​កូនៗ​អ្នក ។ តើ​រូបភាព​សិល្បៈ​នៅក្នុង​គេហដ្ឋាន​របស់​អ្នក បង្ហាញ​ពី​សារ​ដែល​ថា អ្នក​មាន​ការតាំង​ចិត្ត​ក្នុង​ការ​ធ្វើ​តាម​ព្រះគ្រីស្ទ​ដែរ​ឬ​ទេ ?

របៀប​ផ្សេងៗ​ទៀត​ក្នុង​ការបង្រៀន​ពី​ព្រះគ្រីស្ទ

ខ្ញុំ​ទទួល​ស្គាល់​ថា ខ្ញុំ​បាន​សើច​ច្រើន​ជាង​ម្ដង ពេល​កូន​របស់​ខ្ញុំ​ម្នាក់​បាន​សួរ​ខ្ញុំ បើ​សិន​ជា​ព្រះយេស៊ូវ​រាំងមាំ​ជាង​វីរបុរស​ក្នុង​រឿង​តុក្កតា ទោះ​យ៉ាង​ណា​ខ្ញុំ​បាន​ឃើញ​ថា សំណួរ​របស់​កូន​ខ្ញុំ​តែងតែ​បង្កើត​នូវ​ការពិភាក្សា​ដ៏​ប្រសើរ​អំពី​អ្វី​ដែល​ធ្វើ​ឲ្យ​ព្រះអង្គ​សង្គ្រោះ​ខ្ពង់​ខ្ពស់​ឧត្ដុង្គ​ឧត្តម​ជាង​វីរបុរស​នោះ ។ ទន្ទឹម​នឹង​ការសន្ទនា​ប្រចាំ​ថ្ងៃ​បែប​នេះ នេះ​ជា​គំនិត​មួយ​ចំនួន​បន្ថែម​ទៀត ដែល​អ្នក​អាច​ពិចារណា ដើម្បី​ធ្វើ​ឲ្យ​គេហដ្ឋាន​របស់​អ្នក​កាន់តែ​ផ្ដោត​លើ​ព្រះគ្រីស្ទ ។

  • ប្រើ​ព្រះគម្ពីរ​មរមន​ដើម្បី​បង្រៀន​កូនៗ​អ្នក​អំពី​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ ពាក្យ ដង្វាយធួនធួន មាន​លេច​ឡើង ៣៩ ដង​ក្នុង​ព្រះគម្ពីរ​មរមន ។

  • ប្រើ​វីដេអូ Mormon Messages វីដេអូ​ព្រះគម្ពីរ​ប៊ីប និង ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេងៗ​ទៀត​របស់​សាសនាចក្រ ដែល​បង្រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ ដើម្បី​ធ្វើ​ឲ្យ​មេរៀន​រាត្រី​ជួបជុំ​ក្រុមគ្រួសារ និង ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​កាន់តែ​ប្រសើរ​ឡើង ។

  • រៀន និង ច្រៀង​ទំនុក​តម្កើង​អំពី​ព្រះអង្គ​សង្គ្រោះ​ជាមួយ​គ្នា ហើយ​ពិភាក្សា​ការបង្រៀន និង អត្ថន័យ​នៃ​ទំនុក​តម្កើង​នោះ ។

  • ស្វែងរក​របៀប​ដើម្បី​សង្កត់​ន័យ​ថា ពួក​ព្យាការី​គឺ​ជា​ពួក​សាក្សី​របស់​ព្រះយេស៊ូវគ្រីស្ទ​ដែល​ប្រកប​ដោយ​ព្រះចេស្ដា ។

  • ព្យាយាម​ជានិច្ច​ដើម្បី​អភិវឌ្ឍ​ទំនាក់ទំនង​របស់​អ្នក​ផ្ទាល់​ជាមួយ​នឹង​ព្រះអង្គ​សង្គ្រោះ ។

ខ្ញុំ​បាន​ដឹង​តាមរយៈ​ការសិក្សា​ដ៏​យក​ចិត្ត​ទុកដាក់ និង ការអធិស្ឋាន​ដ៏​ក្លៀវក្លា​ថា ព្រះយេស៊ូវគ្រីស្ទ​មាន​ព្រះជន្ម​រស់ ហើយ​ថា​អំណោយ​ដ៏​ធំធេង​របស់​ទ្រង់ គឺ​ដង្វាយធួន គឺ​មាន​ពិត​មែន ហើយ​ផ្ដល់​ជីវិត​ដល់​យើង និង ជីវិត​របស់​ពួក​អ្នក​ទាំងឡាយ​ដែល​យើង​ស្រឡាញ់ ផ្ដល់​នូវ​អត្ថន័យ និង គោលបំណង ជាមួយ​នឹង​សេចក្ដី​សង្ឃឹម​ដ៏​រុងរឿង និង ធំ​មហិមា ដែល​ក្រុមគ្រួសារ​យើង​អាច​បាន ហើយ​នឹង​ក្លាយ​ជា​របស់​យើង​អស់កល្ប​ជានិច្ច ។ សូម​ឲ្យ​យើង​ម្នាក់ៗ​បាន​ដឹង​ពី​សារៈសំខាន់​ដ៏​ធំធេង​នៃ​ការ​ស្ថាបនា​គេហដ្ឋាន​ដែល​ផ្តោត​លើ​ព្រះគ្រីស្ទ និង ទទួល​ស្គាល់​ថា « គ្មាន​ផ្លូវ ឬ មធ្យោបាយ​ឯណា​ផ្សេង​ទៀត​ទេ ដែល​នាំ​ឲ្យ​មនុស្ស​បាន​សង្គ្រោះ មាន​តែ​ដោយ និង តាម​រយៈ​ព្រះគ្រីស្ទ​មួយ​ប៉ុណ្ណោះ » ( អាលម៉ា ៣៨:៩ ) ។

កំណត់​ចំណាំ

  1. សូមមើល ការ​បង្រៀន​របស់​ប្រធាន​សាសនាចក្រ ៖ យ៉ូសែប ស្ម៊ីធ ( ឆ្នាំ ២០០៧ ) ទំព័រ ៤៩-៥០ ។