២០១៥
ផែនការ​រត់គេច​ដោយ​តន្ត្រី​របស់​ខ្ញុំ
June 2015


ផែនការ​រត់គេច​ដោយ​តន្ត្រី​របស់​ខ្ញុំ

អេឡិចហ្សា ប៊ី ប្រទេស ហូឡង់

រូបភាព
Girl listening to headphones

រូបភាពលំអរ​ដោយ ប៊ែន ស៊ីម៉ុនសិន

ខណៈ​កំពុង​ជិះ​ឡាន​ក្រុង​ក្នុង​ដំណើរ​កម្មសិក្សា​សាលា ខ្ញុំ​បាន​អង្គុយ​នៅ​ពី​មុខ​ក្មេង​ស្រី​ម្នាក់​ដែល​ចេះ​តែ​និយាយ និង កំប្លែង​ដោយ​ប្រើ​ពាក្យ​មិន​សមរម្យ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​មិន​ស្រួស​ក្នុង​ចិត្ត ។ គ្រូៗ​របស់​ខ្ញុំ និង សិស្ស​ដទៃ​ទៀត​បាន​ប្រាប់​នាង​ឲ្យ​ឈប់ ប៉ុន្តែ​នាង​នៅ​តែ​និយាយ​បែប​នោះ ។ ខ្ញុំ​មិន​ដឹង​ត្រូវ​ធ្វើ​យ៉ាង​ណា ដូច្នេះ​ខ្ញុំ​បាន​សម្រេច​ចិត្ត​ទាញ​យក​ម៉ាស៊ីន MP3 របស់​ខ្ញុំ ហើយ​ស្ដាប់​បទចម្រៀង​ដែល​ខ្ញុំ​ចូល​ចិត្ត ។

ខ្ញុំ​បាន​បើក​វា​ឲ្យ​លេង​ឆ្លាស់​បទ ហើយ​បទ​ដំបូង​គេ​មួយ​គឺ​ជា​បទ​ដែល​មក​ពី youth.lds.org/music ។ ខ្ញុំ​ហៀប​នឹង​ចុច​ឲ្យ​រំលង​បទ​នោះ​ទៅ​ហើយ ពេល​ដែល​មាន​អ្វី​មួយ​នៅ​ខាង​ក្នុង​ចិត្ត​បាន​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​គួរ​តែ​ស្ដាប់​បទ​នោះ ។ ខ្ញុំ​បាន​បន្ត​ស្ដាប់​បទ​ចម្រៀង​ដែល​ពោរពេញ​ដោយ​ការបំផុស​គំនិត​អស់​រយៈពេល ២០ នាទី​បន្ទាប់​ទៀត ។ ពាក្យ​ពេចន៍​ក្នុង​បទ​ចម្រៀង​ទាំងនោះ​បាន​លើក​ទឹក​ចិត្ត​ខ្ញុំ​ឲ្យ​តោង​ជាប់ ហើយ​រំឭក​ខ្ញុំ​ថា ខ្ញុំ​ជា​បុត្រី​ជា​ទី​ស្រឡាញ់​របស់​ព្រះវរបិតាសួគ៌ ។

ក្រោយ​មក​នៅ​ក្នុង​សប្ដាហ៍​នោះ សាលា​របស់​ខ្ញុំ​រៀបចំ​ការរាំ​កម្សាន្ត​មួយ ។ ថ្វីបើ​ពួកគេ​បាន​ប្រើ​បទកំណែ​ថ្មី​ដែល​មាន​ពាក្យពេចន៍​ល្អៗ​ដែល​មាន​ទំនុក​ភ្លេង​របស់​បទ​ចម្រៀង​ល្បី​ក៏​ដោយ ក៏​ពួក​សិស្សៗ​នៅ​ថ្នាក់​ខ្ញុំ​បាន​ចាប់ផ្ដើម​ស្រែក​បន្ទរ​នូវ​ពាក្យ​ពេចន៍​មិន​ល្អ​ដែល​គេ​ដក​ចេញ​ពី​បទ​ចម្រៀង​មួយ ។

ជា​ថ្មី​ម្ដងទៀត ខ្ញុំ​មាន​អារម្មណ៍​មិន​ស្រួល​ក្នុង​ចិត្ត​ទេ ។ គ្រូៗ​អង្គុយ​នៅ​ជិត​នោះ តែ​ហាក់​ដូច​ជា​មិន​ចាប់​អារម្មណ៍​ទេ ។ ខ្ញុំ​បាន​ក្រឡេក​ទៅ​កដៃ​ខ្ញុំ ។ ខ្ញុំ​បាន​ឃើញ​ខ្សែ​ដៃ​របស់​ខ្ញុំ​ដែល​បាន​មក​ពី​សន្និសីទ​យុវវ័យ​ដែល​ថា « ចូរ​អ្នក​រាល់​គ្នា​ឈរ​នៅ​ក្នុង​ទី​បរិសុទ្ធ​ទាំងឡាយ ហើយ​ចូរ​កុំ​រើ​ឡើយ ( គ. និង ស. ៨៧:៨ ) » ។

ខ្ញុំ​បាន​ដឹង​ថា កន្លែង​ដែល​ខ្ញុំ​កំពុង​ឈរ​ពុំ​មែន​ជា​ទី​បរិសុទ្ធ​ទេ ដូច្នេះ​ខ្ញុំ​បាន​ចាកចេញ​ទាល់តែ​ដល់​បទ​ថ្មី ។

ខ្ញុំ​ដឹង​ថា តន្ត្រី​អាច​មាន​ឥទ្ធិពល​ដ៏​ជ្រាលជ្រៅ​នៅ​ក្នុង​ជីវិត​យើង ។ ខ្ញុំ​ដឹង​ថា ការស្ដាប់​តន្ត្រី​ដែល​ពោរពេញ​ដោយ​ការ​បំផុស​គំនិត​នៅ​ក្នុង​ម៉ាស៊ីន MP3 របស់​ខ្ញុំ​កាលពី​ពីរ​ថ្ងៃ​មុន បាន​ជួយ​ផ្ដល់​ដល់​ខ្ញុំ​នូវ​ភាពក្លាហាន​ដែល​ខ្ញុំ​ត្រូវការ​ដើម្បី​ចាកចេញ​ពី​ការរាំ​នោះ ។ បទពិសោធន៍​ទាំងនេះ​បាន​ជួយ​ខ្ញុំ​ឲ្យ​ខិត​កាន់តែ​ជិត​ព្រះវរបិតាសួគ៌ ។