២០១៥
ត្រូវបាន​ភ្ជាប់​ជាមួយ​ក្រុមគ្រួសារ​របស់​ខ្ញុំ​អស់កល្ប​ជានិច្ច
June 2015


យុវវ័យ

ត្រូវបាន​ភ្ជាប់​ជាមួយ​ក្រុមគ្រួសារ​របស់​ខ្ញុំ​អស់កល្ប​ជានិច្ច

អ្នក​និពន្ធ​រស់​នៅ រដ្ឋ យូថាហ៍ ស.រ.អា ។

ពេល​ខ្ញុំ​ត្រូវបាន​យក​មក​ចិញ្ចឹម​នៅ​អាយុ​បី​ឆ្នាំ ម្ដាយ​បង្កើត​របស់​ខ្ញុំ​បាន​អនុញ្ញាត​ឲ្យ​ការចិញ្ចឹម​នោះ​សម្រេច​បាន លើកលែង​តែ​ឪពុក​ម្ដាយ​ខ្ញុំ​យល់ព្រម​ឲ្យ​ខ្ញុំ​ទទួល​ពិធី​បរិសុទ្ធ​ទាំងឡាយ​នៃ​សាសនាចក្រ​បន្ទាប់​ពី​ខ្ញុំ​ចូល​ដល់​អាយុ ១២ ឆ្នាំ ហើយ​ប៉ុណ្ណោះ ។ គាត់​បាន​គិត​ថា ខ្ញុំ​ត្រូវតែ​មាន​អាយុ​ធំ​ល្មម​ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ត​សម្រាប់​ខ្លួន​ឯង​សិន ប៉ុន្តែ វា​ពិបាក​នឹង​ចាំ​ណាស់ ។

មែនហើយ វា​ពិបាក​ដែល​ឃើញ​មិត្តភក្ដិ​ខ្ញុំ​ជា​ច្រើន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​នៅ​ពេល​ពួកគេ​មាន​អាយុ​ប្រាំបី​ឆ្នាំ ប៉ុន្តែ​អ្វី​ដែល​ពិបាក​ជាង​នោះ​ទៅ​ទៀត គឺ​ការ​ដឹង​ថា ខ្ញុំ​ពុំ​អាច​ផ្សារ​ភ្ជាប់​ជាមួយ​ឪពុក​ម្ដាយ​ចិញ្ចឹម និង បងៗ​ចិញ្ចឹម​ប្រាំ​នាក់​របស់​ខ្ញុំ​បាន ទាល់​តែ​ខ្ញុំ​មាន​អាយុ ១២ ឆ្នាំ ។ ខ្ញុំ​ខ្លាច​ថា បើ​មាន​អ្វី​កើត​ឡើង​ចំពោះ​ខ្ញុំ នោះ​ខ្ញុំ​នឹង​ពុំ​អាច​ផ្សារ​ភ្ជាប់​ជាមួយ​នឹង​ពួកគាត់​បាន ។

កាល​ដែល​ខ្ញុំ​ជិត​ចូល​ដល់​អាយុ ១២ ឆ្នាំ នោះ​យើង​បាន​ចាប់​ផ្ដើម​ដាក់​ផែនការ​សម្រាប់​បុណ្យ​ជ្រមុជ​ទឹក និង ការផ្សារ​ភ្ជាប់​ជាមួយ​ក្រុមគ្រួសារ​ខ្ញុំ ។ ឪពុក​ម្ដាយ​ខ្ញុំ​បាន​អនុញ្ញាត​ឲ្យ​ខ្ញុំ​ជ្រើសរើស​ព្រះវិហារ​បរិសុទ្ធ​ដែល​យើង​នឹង​ទៅ​ផ្សារ​ភ្ជាប់ ។ ខ្ញុំ​តែង​តែ​គិត​ថា ព្រះវិហារ​បរិសុទ្ធ សាន់ឌីអាហ្គូ កាលីហ្វូញ៉ា ជា​ព្រះវិហារ​បរិសុទ្ធ​ដ៏​ស្រស់​ស្អាត​បំផុត ដូច្នេះ​ក្រុមគ្រួសារ​ខ្ញុំ​ទាំង​មូល​បាន​យល់​ស្រប​បើក​ឡាន​ទៅ​កាលីហ្វូញ៉ា សម្រាប់​ការ​ផ្សារ​ភ្ជាប់ ។

ខ្ញុំ​ពុំ​អាច​រង់​ចាំ​ដើម្បី​ក្លាយ​ជា​ក្រុមគ្រួសារ​ដ៏​អស់កល្ប​ជានិច្ច​ជាមួយ​នឹង​ឪពុក​ម្ដាយ និង បងៗ​ខ្ញុំ​នោះ​ទេ ។ អំឡុង​ពេល​នៃ​ការ​ផ្សារ​ភ្ជាប់​របស់​ខ្ញុំ ខ្ញុំ​បាន​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ​យ៉ាង​ខ្លាំង ដែល​ពិបាក​នឹង​ពន្យល់ ។ ឥឡូវ​នេះ ដោយ​ខ្ញុំ​បាន​ផ្សារ​ភ្ជាប់​ជាមួយ​នឹង​ក្រុមគ្រួសារ​ខ្ញុំ​នៅ​ទីបំផុត នោះ​អារម្មណ៍​ព្រួយ​បារម្ភ​ដែល​ខ្ញុំ​បាន​មាន ត្រូវបាន​ជំនួស​ដោយ​ការលួងលោម និង អារម្មណ៍​សុខសាន្ត ដោយ​ដឹង​ថា ឥឡូវ​នេះ ខ្ញុំ​ត្រូវ​បាន​ភ្ជាប់​នឹង​ពួកគាត់​អស់កល្ប​ជានិច្ច ។