២០១៥
ល្បែង​ផ្គុំ​រូប​ពេល​សិក្សា​ព្រះគម្ពីរ
June 2015


ល្បែង​ផ្គុំ​រូប ពេល​សិក្សា​ព្រះគម្ពីរ

អ្នក​និពន្ធ​រស់​នៅ​ក្នុង​រដ្ឋ យូថាហ៍ ស.រ.អា ។

ដូច​ជា​ការ​ដាក់​ផ្គុំ​ល្បែង​ផ្គុំ​រូប​ដែរ គ្រប់​ពេល​ដែល​អ្នក​សិក្សា​ព្រះគម្ពីរ អ្នក​ទទួល​បាន​គំហើញ​កាន់តែ​ធំ​ឡើងៗ​អំពី​សេចក្ដី​ពិត​នៃ​ព្រះ ។

រូបភាព
illustration of man and donkey in puzzle piece

បំណែក​រូប​ផ្គុំ ដោយ iStockphoto/Thinkstock; រចនា​រូបភាព​ដោយ ថាយ៉ា ម៉ូលី

នៅ​ក្នុង​ខែ កញ្ញា ឆ្នាំ ២០១១ ពួក​និសិត្ស​នៅ​សកលវិទ្យាល័យ​មួយ​នៅ​ប្រទេស​វៀតណាម​បាន​ទទួល​កំណត់​ត្រា​ពិភពលោក​ដោយ​បាន​ដាក់​ផ្គុំ​រូប​ដែល​ធំ​បំផុត​លើ​ពិភពលោក ។ មាន​និសិត្ស ១,៦០០ នាក់ ចំណាយ​ពេល ១៧ ម៉ោង ដើម្បី​ផ្គុំ​បំណែក​រូបភាព ៥៥១,២៣២ បញ្ចូល​គ្នា​ជា​រូប​មួយ ។

ពួក​គេ​បាន​បង្កើត​រូប​ផ្គុំ​មួយ​ដែល​មាន​ទំហំ ១៥ ម ២៣ ម ដែល​មាន​រូបភាព​ផ្កា​ឈូក​ដែល​មាន​ស្លឹក​ប្រាំមួយ​សន្លឹក​ជា​តំណាង​ឲ្យ​ប្រជាជន ភូមិសាស្ត្រ ប្រវត្តិសាស្ត្រ វប្បធម៌ ការអប់រំ និង សេដ្ឋកិច្ច ។ សូម​គិត​អំពី​វា—បំណែក​រូបភាព​ច្រើន​ជាង​កន្លះ​លាន​បំណែក​ចាក់​ស្រេះ​ដើម្បី​បង្កើត​ជា​រូបភាព​ដ៏​ធំ​មួយ ។ បំណែក​នីមួយៗ​នៃ​រូប​ផ្គុំ​ហាក់​បី​ដូច​ជា​មិន​សំខាន់ និង មិន​គួរ​ឲ្យ​ចាប់​អារម្មណ៍ ប៉ុន្តែ​រូប​ផ្គុំ​នោះ​នឹង​មិន​បញ្ចប់​ឡើយ​បើ​បាត់​តែ​បំណែក​ណា​មួយ​នោះ ។

ព្រះគម្ពីរ​គឺ​ដូច​ជា​រូប​ផ្គុំ​ដែរ ៖ អ្នក​កាន់តែ​ដាក់​បំណែក​រូបភាព​ចូល​គ្នា​ច្រើន​ប៉ុណ្ណា នោះ​អ្នក​ឃើញ​សេចក្ដី​ពិត​នៃ​ផែនការ​នៃ​ព្រះ​កាន់តែ​ច្បាស់​ដែរ ។ ពេល​ដែល​គំហើញ​របស់​អ្នក​អំពី​ផែនការ​នោះ​លូតលាស់​ឡើង អ្នក​នឹង​ឃើញ​ថា ព្រះគម្ពីរ​គឺ​គួរ​ឲ្យ​ចាប់​អារម្មណ៍ និង ទាក់ទង​ទៅ​នឹង​ជីវិត​អ្នក ។

នេះ​គឺ​ជា​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​មួយ​ចំនួន ដើម្បី​ជួយ​អ្នក​ឲ្យ​ឃើញ​រូបភាព​ធំ—និង ឃើញ​ផ្នែក​ពិស្ដារ​តូចៗ ។ ពេល​ដែល​អ្នក​ដាក់​បំណែក​ទាំងនេះ​បញ្ចូល​គ្នា អ្នក​នឹង​ឃើញ​សេចក្ដី​ពិត​ដ៏​អស្ចារ្យ​ដែល​រង់ចាំ​អ្នក​នៅ​ក្នុង​ព្រះគម្ពីរ ។

គោលលទ្ធិ ៖ បំណែក​ធំៗ​ដែល​បង្រៀន​សេចក្ដី​ពិត​ដ៏​អស់កល្ប​ជានិច្ច

ព្រះគម្ពីរ​បង្រៀន​ពី​គោលលទ្ធិ និង គោលការណ៍​ទាំងឡាយ​នៃ​ដំណឹងល្អ ។ « គ្រប់​ទាំង​បទគម្ពីរ​គឺជា​ព្រះទ្រង់​បាន​បញ្ចេញ​ព្រះវិញ្ញាណ​បណ្តាល​ឲ្យ​តែង​ទេ ក៏​មាន​ប្រយោជន៍​សម្រាប់​ការបង្រៀន ការរំឭក​ឲ្យ​ដឹង​ខ្លួន ការប្រដៅ​ដំរង់ និង ការបង្ហាត់​ខាង​ឯ​សេចក្តី​សុចរិត » ( ធីម៉ូថេ ទី២ ៣:១៦ ) ។ ដោយសារ​យើង​អាច​ត្រូវ​បាន​សង្គ្រោះ​តែ​តាម​រយៈ​ព្រះយេស៊ូវគ្រីស្ទ ( សូមមើល យ៉ូហាន ១៤:៦ ) នោះ​យើង​ត្រូវការ​រៀន​អំពី​ទ្រង់ និង គោលលទ្ធិ​របស់​ទ្រង់ ។ នោះ​ហើយ​ជា​មូលហេតុ​ដែល​ព្រះអម្ចាស់​បាន​ឲ្យ​យើង « ស្ទង់មើល​គម្ពីរ … គឺជា​គម្ពីរ​នោះឯង ដែល​ធ្វើ​បន្ទាល់​ពី​ខ្ញុំ » ( យ៉ូហាន ៥:៣៩ ) ។

មនុស្ស ៖ បំណែក​ដែល​មាន​ពណ៌​ចំរុះ​ដែល​បង្រៀន​មេរៀន​ទាំងឡាយ

មាន​មនុស្ស​រាប់​រយ​នាក់​នៅ​ក្នុង​ព្រះគម្ពីរ​ដែល​យើង​អាច​អាន​អំពី​ពួក​លោក ។ តើ​នរណា​ម្នាក់​ក្នុង​ចំណោម​ពួក​លោក​ដែល​អ្នក​មាន​ការ​កោត​សរសើរ​បំផុត ? ប្រហែល​អ្នក​សំឡឹង​ទៅ​អាំម៉ូន​សម្រាប់​ការគោរព​ប្រតិបត្តិ​ដ៏​អង់អាច​ក្លាហាន​របស់​លោក​នៅក្នុង​គ្រា​ដ៏​គ្រោះថ្នាក់ ។ ឬ ប្រហែល​អ្នក​គិត​អំពី​យ៉ូប និង សេចក្ដី​ជំនឿ និង សេចក្ដី​សុចរិត​ដ៏​ឥត​ងាករេ​របស់​លោក ។

តើ​អ្នក​ធ្លាប់​អាន​អំពី​សត្វ​លា​ដែល​និយាយ​ទៅ​កាន់​ម្ចាស់​វា​ទេ ( សូមមើល ជនគណនា ២២ ) ? ឬ​ស្ដេច​ទុច្ចរិត​ដែល​សុខ​ចិត្ត​លះបង់​នគរ​របស់​ទ្រង់​ដើម្បី​បាន​ការ​អត់ទោស​ដែរ​ឬ​ទេ ( សូមមើល អាលម៉ា ២២ ) ? ឬ ស្ត្រី​ដែល​ត្រូវ​បាន​គេ​ស្គាល់​ពេញ​ទាំង​ទីក្រុង​របស់​នាង​ថា​ជា​ស្ត្រី​ដ៏​មាន​គុណធម៌​នោះ ( សូមមើល នាងរស់ ១–៤ ) ?

ក៏​មាន​មនុស្ស​នៅ​ក្នុង​ព្រះគម្ពីរ​ដែល​មិន​គួរ​ឲ្យ​សរសើរ​ផងដែរ ។ តើ​អ្នក​អាច​រៀន​អ្វី​ពី​ពួកគេ និង ជម្រើស​មិន​ល្អ​ដែល​ពួកគេ​បាន​ធ្វើ​ការ​ជ្រើសរើស ?

សូម​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​មនុស្ស​ដែល​អ្នក​អាន​នៅក្នុង​ព្រះគម្ពីរ ហើយ​សួរ​ខ្លួន​ឯង​ពី​របៀប​ដែល​អ្នក​អាច​ធ្វើ​តាម​គំរូ​ល្អៗ​របស់​ពួកគេ និង ចៀសវាង​ពី​កំហុស​របស់​ពួកគេ ។ បំណែក​រូប​ផ្គុំ​នៃ​ជីវិត​របស់​ពួកគេ​គឺ​ជា​បំណែក​មួយ​ចំនួន​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍ និង ចំរុះ​ពណ៌​បំផុត​ក្នុង​ចំណោម​បំណែក​ទាំងអស់ ។ បទពិសោធន៍​របស់​ពួកគេ​គឺជា​របៀប​ដ៏​គួរ​ឲ្យ​ចងចាំ​មួយ ដើម្បី​រៀន និង ចងចាំ​គោលការណ៍​ទាំងឡាយ​នៃ​ដំណឹងល្អ ។

និមិត្តរូប ៖ បំណែក​បិទបាំង​ដែល​លាត​ត្រដាង

ជួនកាល​ព្រះគម្ពីរ​ប្រើ​ប្រាស់​និមិត្តរូប​ដើម្បី​បង្រៀន​គោលការណ៍​ដំណឹងល្អ​ទាំងឡាយ ។ អ្នក​នឹង​បាត់បង់​បំណែក​នៃ​រូប​ផ្គុំ​ខ្លះៗ​ហើយ បើ​អ្នក​មើល​មិន​ឃើញ​មេរៀន​និមិត្តរូប​នោះ ។ បន្ថែម​លើ​ថ្នាក់​ទាំងឡាយ​នៅ​ព្រះវិហារ និង ថ្នាក់​សិក្ខាសាលា ជំនួយ​ការសិក្សា​ទាំងឡាយ​ដូច​ជា សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ឬ សៀវភៅ​ណែនាំ​ការសិក្សា​ថ្នាក់​សិក្ខាសាលា និង ថ្នាក់​វិទ្យាស្ថាន អាច​ជួយ​អ្នក​ឲ្យ​រក​ឃើញ​បំណែក​ដែល​បាត់​បង់​ទាំង​នោះ ។

ឧទាហរណ៍ រឿង​មួយ​អំពី​អ័ប្រាហាំ និង អ៊ីសាក ( សូមមើល លោកុប្បត្តិ ២២ ) គឺ​ជា​រឿង​ដ៏​បំផុត​គំនិត ប៉ុន្តែ​វា​មាន​អត្ថន័យ​កាន់តែ​ជ្រាលជ្រៅ​ទៅ​ទៀត ពេល​អ្នក​រកឃើញ​ថា វា​គឺ​ជា​និមិត្តរូប​អំពី​ការបូជា​របស់​ព្រះវរបិតាសួគ៌ និង អំពី​ការលះបង់​ដ៏​ធួន​របស់​ព្រះអង្គ​សង្គ្រោះ​សម្រាប់​យើង ( សូមមើល យ៉ាកុប ៤:៥ ) ។

ព្រះវិញ្ញាណ​បរិសុទ្ធ ៖ ការស្វែង​រក​បំណែក​ទាំងឡាយ​ដែល​ភ្ជាប់​គ្នា

បំណែក​រូប​ផ្គុំ​មួយ​ចំនួន​មើល​ទៅ​ដូច​ជា​អាច​ដាក់​ផ្គុំ​ជាមួយ​គ្នា​បាន ប៉ុន្តែ​វា​ផ្គុំ​គ្នា​មិន​បាន​ទេ ។ ព្រះវិញ្ញាណ​អាច​ជួយ​អ្នក​ឲ្យ​ឃើញ​ថា បំណែក​ណា​មួយ​ដែល​ពិត​ជា​អាច​ដាក់​ផ្គុំ​គ្នា​បាន ។ ពេល​អ្នក​សុំ​ជំនួយ​ពី​ទ្រង់​តាម​រយៈ​ការអធិស្ឋាន និង ការ​សញ្ជឹង​គិត នោះ​ព្រះវិញ្ញាណ​នឹង​ជួយ​អ្នក​ឲ្យ​ឃើញ​ពី​របៀប​ដែល​ខ​ទាំងឡាយ​ដែល​អ្នក​បាន​សិក្សា​ពីមុន ភ្ជាប់​ទៅ​នឹង​អ្វី​ដែល​អ្នក​កំពុង​សិក្សា​ឥឡូវ​នេះ ក៏​ដូច​ជា​ពី​របៀប​ដែល​ការបង្រៀន​ទាំងនោះ​ភ្ជាប់​ទៅ​នឹង​ជីវិត​អ្នក ។ ជាក់​ស្ដែង អ្នក​នឹង​ទទួល​ការបំផុស​គំនិត​ពី​ព្រះបន្ទូល​ទាំងឡាយ​នៅ​ក្នុង​ព្រះគម្ពីរ ប៉ុន្តែ​អ្នក​ក៏​នឹង​ទទួល​ការ​បំផុស​គំនិត​ពី​ព្រះវិញ្ញាណ​ផងដែរ ពេល​ដែល​អ្នក​សញ្ជឹង​គិត​លើ​អ្វី​ដែល​អ្នក​អាន ។

ការអនុវត្ត ៖ ការ​ដាក់​បំណែក​ទាំងឡាយ​បញ្ចូល​គ្នា

រូបភាព
illustration of man and donkey in puzzle piece

អ្នក​នឹង​មើល​មិន​ឃើញ​ថា​វា​ជា​រូបភាព​អ្វី​នោះ​ទេ បើ​អ្នក​មិន​ផ្គុំ​បំណែក​ទាំងនោះ​ចូល​គ្នា ។ ស្រដៀង​គ្នា​នេះ​ដែរ គោលលទ្ធិ គោលការណ៍ និង ព្រះបញ្ញត្តិ​ទាំងឡាយ​ដែល​អ្នក​រៀន​ចេញ​ពី​ព្រះគម្ពីរ​នឹង​មិន​ជួយ​អ្វី​ច្រើន​ដល់​អ្នក​នោះ​ទេ លើកលែង​តែ​អ្នក​រស់នៅ​តាម​អ្វី​ដែល​អ្នក​រៀន ( សូមមើល យ៉ូហាន ៧:១៧ ) ។ ពេល​ដែល​អ្នក​ព្យាយាម​រាល់​ថ្ងៃ ដើម្បី​រស់​នៅ​តាម​គោលការណ៍​ទាំងឡាយ​នៃ​ដំណឹងល្អ ដែល​មាន​បង្រៀន​នៅក្នុង​ព្រះគម្ពីរ នោះ​សេចក្ដី​ជំនឿ និង ទីបន្ទាល់​របស់​អ្នក​នឹង​កាន់តែ​រឹង​មាំ​ឡើងៗ ហើយ​ការសិក្សា​ព្រះគម្ពីរ​នឹង​ក្លាយ​ទៅ​ជា​ផ្នែក​ដ៏​សំខាន់​នៅ​ក្នុង​ជីវិត​អ្នក ។