២០១៥
ទុក​វា​ចោល​មួយ​ឡែក​ទៅ
June 2015


លុះត្រា​ជួប​ទៀត

ទុក​វា​ចោល​មួយ​ឡែក​ទៅ

ដក​ស្រង់​ចេញ​ពី “Balm of Gilead,” Ensign, ខែ វិច្ឆិកា ឆ្នាំ ១៩៨៧ ទំព័រ ១៧–១៨ ។

ពិភព​របស់​មិត្ត​ខ្ញុំ​ត្រូវ​ខ្ទេច​ខ្ទាំ​អស់ ។ គាត់​បាន​បាត់បង់​ភរិយា​គាត់ ។

រូបភាព
illustration of young man at door with approaching elderly man

រចនា​រូបភាព​ដោយ ប៉ុល មេន

បើ​សិន​អ្នក​រងទុក្ខ​មក​ពី​ការព្រួយ ពី​ទុក្ខ​វេទនា ឬ ភាព​ខ្មាស់​អៀន ឬ ការ​ច្រណែន ឬ ការ​ខក​ចិត្ត ឬ ការ​ឃ្នានីស ពី​ការបន្ទោស​ខ្លួន​ឯង ឬ ការ​ដោះសា​ខ្លួន​ឯង នោះ​សូម​ពិចារណា​ពី​មេរៀន​នេះ ដែល​បាន​បង្រៀន​ដល់​ខ្ញុំ​ជា​ច្រើន​ឆ្នាំ​កន្លង​មក​ហើយ ដោយ​លោក​អយ្យកោ​ម្នាក់ ។ គាត់​ជា​បុរស​ដ៏​បរិសុទ្ធ​ខ្លាំង​ណាស់ ។ …

គាត់​បាន​ធំ​ឡើង​ក្នុង​សហគមន៍​តូច​មួយ ដោយ​មាន​បំណង​ប្រាថ្នា​ធ្វើ​អ្វីៗ​ដោយ​ខ្លួន​ឯង ។ គាត់​មាន​ការលំបាក​ក្នុង​ការ​ទទួល​បាន​ការអប់រំ​មួយ ។

គាត់​បាន​រៀបការ​នឹង​ស្ត្រី​ជា​ទី​ស្រឡាញ់​របស់​គាត់ ហើយ​អ្វីៗ​គឺ​ល្អ ។ គាត់​មាន​ការងារ​ល្អ ជាមួយ​នឹង​អនាគត​ដ៏​ភ្លឺ​ស្វាង ។ ពួកគាត់​ស្រឡាញ់​គ្នា​ខ្លាំង​ណាស់ ហើយ​នាង​កំពុង​មាន​ផ្ទៃ​ពោះ​កូន​ដំបូង​របស់​ពួកគាត់ ។

នៅ​យប់​ដែល​កូន​នោះ​ត្រូវ​កើត នោះ​មាន​ភាព​ស្មុគស្មាញ​ច្រើន​ក្នុង​ការ​សម្រាល​កូន ។ មាន​គ្រូពេទ្យ​តែ​ម្នាក់​គត់​កំពុង​នៅ​កន្លែង​ណា​មួយ​នៅ​ឯ​ជាយ​ក្រុង កំពុង​ថែទាំ​អ្នក​ជំងឺ ។ …

នៅ​ទីបំផុត គេ​រក​លោក​គ្រូពេទ្យ​ឃើញ ។ ដោយ​ស្ថិត​ក្នុង​ភាព​អាសន្ន នោះ​គាត់​បាន​ចាត់ចែង​យ៉ាង​ឆាប់​រហ័ស ហើយ​មិន​យូរ​ប៉ុន្មាន​អ្វីៗ​ដ៏​បាន​រៀបរយ ។ ទារក​បាន​កើត​មក ហើយ​ភាព​ស្មុគស្មាញ​ក្នុង​ការ​សម្រាល​ដែល​មាន​នោះ​ក៏​បាត់​ទៅ ។

ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក ម្ដាយ​វ័យ​ក្មេង​នោះ​ក៏​បាន​ស្លាប់​ដោយសារ​ឆ្លង​រោគ​ពី​អ្នក​ជំងឺ​នៅ​ផ្ទះ​ផ្សេង​ទៀត ដែល​គ្រូពេទ្យ​បាន​ព្យាបាល​ក្នុង​យប់​តែ​មួយ​នោះ ។

ពិភព​របស់​ចន​ត្រូវ​ខ្ទេច​ខ្ទាំ​អស់ ។ អ្វីៗ​មិន​ត្រឹមត្រូវ​ទេ​នៅ​ពេល​នោះ អ្វីៗ​ទាំងអស់​គឺ​ខុស ។ គាត់​បាន​បាត់បង់​ភរិយា​គាត់ ។ គាត់​ពុំ​មាន​របៀប​ណា​សោះ​ដើម្បី​ថែទាំ​ទាំង​កូន និង ការងារ​របស់​គាត់ ។

ពេល​វេលា​ចេះ​តែ​កន្លង​ទៅ ទុក្ខ​ព្រួយ​របស់​គាត់​កាន់តែ​ធំ​ឡើងៗ ។ គាត់​និយាយ​ថា « គ្រូពេទ្យ​នោះ​មិន​សម​នឹង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ព្យាបាល​គេ​ទេ » ។ « គាត់​បាន​នាំ​មេរោគ​នោះ​មក​ដល់​ភរិយា​ខ្ញុំ ។ បើ​គាត់​បាន​ប្រុង​ប្រយ័ត្ន នោះ​នាង​នឹង​នៅ​រស់ » ។

គាត់​ស្ទើរ​តែ​មិន​បាន​គិត​ពី​អ្វី​ផ្សេង​ទៀត​សោះ ហើយ​នៅ​ក្នុង​ភាពល្វីង​ជូរចត់​របស់​គាត់ គាត់​បាន​ក្លាយ​ជា​មនុស្ស​គួរ​ឲ្យ​ខ្លាច ។ …

ថ្ងៃ​មួយ​មាន​គេ​គោះ​ទ្វារ​គាត់ ។ ក្មេង​ស្រី​តូច​មួយ​បាន​និយាយ​យ៉ាង​សាមញ្ញ​ថា « ប៉ា​ចង់​ឲ្យ​លោក​មក​ជួប ។ គាត់​ចង់​និយាយ​ជាមួយ​លោក » ។

« ប៉ា » គឺ​ជា​ប្រធាន​ស្តេក ។ …

អ្នក​គង្វាល​ខាង​វិញ្ញាណ​នេះ​បាន​មើល​ថែ​ហ្វូង​ចៀម​របស់​គាត់ ហើយ​មាន​រឿង​ត្រូវ​និយាយ​ជាមួយ​ចន ។

ដំបូន្មាន​មក​ពី​អ្នក​បម្រើ​ដ៏​ឆ្លាត​វៃ​នោះ គឺ​សាមញ្ញ « ចន ទុក​វា​ចោល​មួយ​ឡែក​ទៅ ។ គ្មាន​អ្វី​ដែល​អ្នក​ធ្វើ​អាច​នាំ​នាង​ឲ្យ​ត្រឡប់​មក​វិញ​នោះ​ទេ ។ អ្វី​ដែល​អ្នក​ធ្វើ​គឺ​មាន​តែ​ធ្វើ​ឲ្យ​វា​កាន់តែ​យ៉ាប់​យ៉ឺន​ឡើងៗ​ប៉ុណ្ណោះ ។ ចន ទុក​វា​ចោល​មួយ​ឡែក​ទៅ » ។ …

គាត់​មាន​ការលំបាក​ក្នុង​ទុក្ខព្រួយ ដែល​ធ្វើ​ឲ្យ​គាត់​ពិបាក​នឹង​គ្រប់គ្រង​អារម្មណ៍​ខ្លួន​ឯង ។ ហើយ​នៅ​ទីបំផុត គាត់​បាន​ប្ដេជ្ញា​ចិត្ត​ថា មិន​ថា​មាន​បញ្ហា​អ្វី​ផ្សេង​ទៀត​ឡើយ គាត់​គប្បី​គោរព​ប្រតិបត្តិ ។

ការគោរព​ប្រតិបត្តិ​គឺជា​ឱសថ​ខាង​វិញ្ញាណ​ដ៏​មាន​អំណាច ។ វា​ស្ទើរ​តែ​ជា​ថ្នាំ​ដែល​ព្យាបាល​គ្រប់​ជំងឺ​ទាំង​អស់ ។

គាត់​បាន​ប្ដេជ្ញា​ចិត្ត​ធ្វើ​តាម​ដំបូន្មាន​របស់​អ្នក​ដឹកនាំ​ខាង​វិញ្ញាណ​ដ៏​ឆ្លាតវៃ​នោះ ។ គាត់​នឹង​ទុក​វា​ចោល​មួយ​ឡែក ។

បន្ទាប់​មក​គាត់​បាន​ប្រាប់​ខ្ញុំ​ថា « … ទាល់​តែ​ខ្ញុំ​ចាស់ ទើប​ខ្ញុំ​អាច​បាន​ជួប​គ្រូពេទ្យ​ស្រុកស្រែ​ដ៏​កំសត់​នោះ—ធ្វើ​ការ​ហួស​កម្រិត បាន​កម្រៃ​ទាប រត់​ទៅ​រត់​មក​ទាំង​អស់​កម្លាំង​ពី​អ្នក​ជំងឺ​ម្នាក់​ទៅ​អ្នក​ជំងឺ​ម្នាក់​ទៀត ដោយ​មាន​ថ្នាំ​តែ​បន្តិច​បន្តួច ពុំ​មាន​មន្ទីរ​ពេទ្យ មាន​ឧបករណ៍​តែ​បន្តិច​បន្តួច ពុះពារ​សង្គ្រោះ​ជីវិត​ទាំងឡាយ ហើយ​បាន​ជោគជ័យ​ភាគ​ច្រើន​បំផុត ។

« គាត់​បាន​ជួប​នឹង​គ្រា​វិបត្តិ​មួយ ពេល​មាន​ជីវិត​ពីរ​កំពុង​ស្ថិត​ក្នុង​គ្រោះថ្នាក់​ដូច​គ្នា ហើយ​បាន​ចាត់ចែង​ធ្វើ​ការ​ភ្លាមៗ​មិន​បង្អង់ ។

គាត់​បាន​និយាយ​ដដែលៗ​ថា « ខ្ញុំ​ចាស់​ហើយ ខ្ញុំ​ទើប​តែ​យល់ នៅ​ទីបំផុត ! ខ្ញុំ​អាច​នឹង​បំផ្លាញ​ជីវិត​ខ្ញុំ និង ជីវិត​អ្នក​ផ្សេងៗ​ទៀត » ។

គាត់​បាន​លុត​ជង្គង់​អរព្រះគុណ​ដល់​ព្រះអម្ចាស់​ជាច្រើន​ដង ចំពោះ​អ្នក​ដឹកនាំ​ខាង​វិញ្ញាណ​ដ៏​ឆ្លាតវៃ​ម្នាក់ ដែល​បាន​ផ្ដល់​ដំបូន្មាន​យ៉ាង​សាមញ្ញ​ដល់​គាត់​ថា « ចន ទុក​វា​ចោល​មួយ​ឡែក​ទៅ » ។