២០១៥
មេរៀន​របស់​ខ្ញុំ​ស្ដីពី​សេចក្ដី​ស្រឡាញ់
June 2015


ការបម្រើ​នៅ​ក្នុង​សាសនាចក្រ

មេរៀន​របស់​ខ្ញុំ​ស្ដីពី​សេចក្ដី​ស្រឡាញ់

អ្នក​និពន្ធ​រស់​នៅ​រដ្ឋ កាលីហ្វូញ៉ា ស.រ.អា ។

ខ្ញុំ​មិន​រំពឹង​ទេ​ថា គម្រោង​នៃ​ការបម្រើ​ដ៏​សាមញ្ញ បង្រៀន​ខ្ញុំ​យ៉ាង​ច្រើន​អំពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះវរបិតាសួគ៌​ចំពោះ​បុត្រា​បុត្រី​ទ្រង់ ។

រូបភាព
Illustration depicting a woman talking to an elderly woman in a wheelchair.

ការរចនា​រូបភាព​ដោយ ដាក់ ហ្វេកខេល

ស្ដាប់​ទៅ​វា​ដូច​ជា​គម្រោង​នៃ​ការបម្រើ​ធម្មតា ៖ ប្រមូល​ផ្ដុំ​បងប្អូន​ស្ត្រី​ក្នុង​សមាគមន៍​សង្គ្រោះ ដើម្បី​រៀបចំ​កម្មវិធី​ចម្រៀង​ខ្លី​មួយ​នៅ​មជ្ឈមណ្ឌល​សម្រាក​ព្យាបាល​ក្នុង​មន្ទីរ​ពេទ្យ​មួយ​ក្នុង​មូលដ្ឋាន ទោះ​ជា​ពុំ​មាន​នរណា​ម្នាក់​ពី​វួដ​របស់​យើង​សម្រាក​ព្យាបាល​នៅ​ទី​នោះ​ក៏​ដោយ ។

យើង​បាន​ឃើញ​ថា ពួក​យើង​ប្រជ្រៀត​គ្នា​ក្នុង​បន្ទប់​តូច​មួយ ដែល​មាន​អ្នក​ជំងឺ​ចាស់ៗ​ប្រាំបួន​អ្នក​អង្គុយ​ក្នុង​រទេះ​រុញ​របស់​ពួកគាត់​នៅ​ទល់​មុខ​យើង ។ ទឹក​មុខ​របស់​ពួកគាត់​ហាក់​គ្មាន​ចំណាប់​អារម្មណ៍​អ្វី​សោះ ។ វា​ក្ដៅ ហើយ​ស្អុះ​ស្អាប់ ហើយ​ខ្ញុំ​គិត​ថា « សូម​ធ្វើ​កិច្ចការ​នេះ​ឲ្យ​ចប់​ចុះ » ។

ខ្ញុំ​ត្រូវ​ដឹកនាំ​តន្ត្រី ដូច្នេះ​ខ្ញុំ​បាន​បែរ​ខ្នង​របស់​ខ្ញុំ​ទៅ​អ្នក​ជំងឺ ហើយ​ផ្ដោត​ទៅ​លើ​កម្មវិធី ។ ពេល​យើង​បាន​ចាប់​ផ្ដើម ខ្ញុំ​បាន​ឮ​អ្នក​ជំងឺ​ម្នាក់​ហៅ « ម៉ាម៉ា ម៉ាម៉ា » ខណៈ​អ្នក​ជំងឺ​ម្នាក់​ទៀត​ទះដៃ ហើយ​ធ្វើ​សំឡេង ។ ខ្ញុំ​មាន​អារម្មណ៍​មិន​ស្រួល​ក្នុង​ចិត្ត ប៉ុន្តែ​ពីរបី​នាទី​ទៀត ប៉ុណ្ណោះ យើង​នឹង​បញ្ចប់ ហើយ​បាន​ទៅ​ផ្ទះ​ហើយ ។

កាល​ដែល​យើង​បាន​រៀបចំ​ច្រៀង​ទំនុក​តម្កើង​ចុង​ក្រោយ​របស់​យើង គឺ​បទ « ទ្រង់ធំណាស់ណា៎ ! » ( ទំនុក​តម្កើង លេខ ៣៨ ) នោះ​យើង​បាន​អញ្ជើញ​អ្នក​ជំងឺ និង បុគ្គលិក​នៅ​មន្ទីរ​ពេទ្យ​ឲ្យ​ចូលរួម​ច្រៀង​ជាមួយ​យើង ។ ខ្ញុំ​បែរ​ខ្លួន​ទៅ​ដឹកនាំ​ចម្រៀង​សម្រាប់​អ្នក​គ្រប់​គ្នា ហើយ​នៅ​ពេល​នោះ​ហើយ​ដែល​ខ្ញុំ​បាន​ឃើញ​គាត់ — ជា​ស្ត្រី​ម្នាក់​ដ៏​តូច​មាន​សក់​ស មុខ​ជ្រីវជ្រួញ មាន​ក្រដាស​ជូត​មុខ​សើម​ជោក​ដោយ​ទឹក​ភ្នែក​នៅ​លើ​ភ្លៅ​របស់​គាត់ ។

គាត់​បាន​ហៅ​ខ្ញុំ​ឲ្យ​ទៅ​រក​គាត់ ។ ខ្ញុំ​បាន​ធ្វើ​ដូច្នោះ ហើយ​ពេល​ខ្ញុំ​ឱន​ក្បាល​ទៅ​ស្ដាប់ គាត់​បាន​ចាប់​ដៃ​ខ្ញុំ ។ ខ្លួន​គាត់​ទាំងមូល​ញ័រ​ចំប្រប់ ពេល​ដែល​គាត់​ខ្សឹប​ថា « ខ្ញុំ​ជា​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។ វា​អស្ចារ្យ​ណាស់​ដែល​មាន​បងប្អូន​ស្ត្រី​របស់​ខ្ញុំ​មក​ទី​នេះ » ។

ព្រលឹង​ខ្ញុំ​ពោរពេញ​ដោយ​ព្រះវិញ្ញាណ ហើយ​ខ្ញុំ​បាន​លត់​ជង្គង់​ចុះ​ក្បែរ​គាត់ ទាំង​ហូរ​ទឹក​ភ្នែក​ជោក​ថ្ពាល់ ។ គាត់​ដាក់​ដៃ​ដ៏​ទន់​ខ្សោយ​របស់​គាត់​អោប​ខ្ញុំ ហើយ​បាន​ទះ​ខ្នង​ខ្ញុំ ដោយ​គាត់​យល់​ពី​អារម្មណ៍​ខ្ញុំ ។ អ្នក​គ្រប់​គ្នា​បាន​ចាប់​ផ្ដើម​ច្រៀង​ទំនុក​តម្កើង ប៉ុន្តែ​ខ្ញុំ​មិន​អាច​ទាំង​ច្រៀង​វគ្គ​ទី​មួយ​ចេញ​ផង ។

ខណៈ​ដែល​ពួក​អ្នក​ជំងឺ និង បុគ្គលិក​ច្រៀង​ពី​ភាព​អស្ចារ្យ​របស់​ព្រះ នោះ​ព្រះវិញ្ញាណ​បាន​មក​សណ្ឋិត​ក្នុង​បន្ទប់​នោះ ហើយ​អ្នក​ទាំង​អស់​គ្នា​បាន​រំជួល​ចិត្ត ។ ទី​បំផុត​ខ្ញុំ​បាន​ប្រមូល​ការ​គ្រប់​គ្រង​អារម្មណ៍​ឡើង​វិញ ហើយ​បាន​ចូលរួម​ច្រៀង​ជាមួយ​អ្នក​ផ្សេង​ទៀត ៖

លុះ​ដល់​ព្រះគ្រីស្ទ​យាង​មក​លាន់​ឮសូរ​អឺងកង

ទាំង​ស្រង់​ខ្ញុំ​ឡើង ជាមួយ​ទ្រង់​ជា​វិសុទ្ធ

នោះ​ចិត្ត​ខ្ញុំ​អរ និង ក្រាប​ថ្វាយ​បង្គំ​ព្រះអង្គ

ទាំង​ថ្លែង​ទៅ​ថា « ព្រះ​ខ្ញុំ​​ទ្រង់​ធំ​បំផុត ! »

បន្ទាប់​ពី​កម្មវិធី​នោះ បងប្អូន​ស្ត្រី​ក្នុង​សមាគមន៍​សង្គ្រោះ​បាន​នៅ​និយាយ​លេង​ជាមួយ​នឹង​អ្នក​ជំងឺ និង បុគ្គលិក ។ បងស្រី​សក់ស​បាន​ប្រាប់​យើង​ថា គាត់​បាន​មាន​អារម្មណ៍​ឯកោ ហើយ​មាន​អារម្មណ៍​ថា​ត្រូវ​បាន​ហ៊ុំព័ទ្ធ​ដោយ​មនុស្ស​ចម្លែក​រហូត​ដល់​ពួក​យើង​បាន​មក​ទី​នោះ ។ យើង​ពុំ​បាន​ដឹង​ថា គាត់​នៅ​ទី​នោះ​ទេ ប៉ុន្តែ​ព្រះវរបិតា​ទ្រង់​ត្រាស់​ដឹង ។

ខ្ញុំ​ត្រូវ​បាន​រំឭក​ថា មនុស្ស​ទាំង​អស់​នេះ​ជា​បងប្អូន​ប្រុសស្រី​របស់​យើង ថា​ពួកគាត់​ត្រូវការ​សេចក្ដី​ស្រឡាញ់ និង ការលួងលោម ហើយ​ថា ថ្ងៃ​មួយ​ខ្ញុំ​អាច​នឹង​នៅ​កន្លែង​នេះ​ដែរ ។ ខ្ញុំ​មាន​ការរំជួល​ចិត្ត ដែល​យើង​អាច​ធ្វើ​ជា​ឧបករណ៍​នៃ​ព្រះវរបិតា​ដ៏​ពោរពេញ​ដោយ​ក្ដី​ស្រឡាញ់ ហើយ​ខ្ញុំ​មាន​អំណរ​គុណ​ដែល​គម្រោង​នៃ​ការបម្រើ​របស់​យើង​បាន​បង្រៀន​ខ្ញុំ​នូវ​មេរៀន​ដ៏​មាន​ចេស្ដា​មួយ​អំពី​សេចក្ដី​ស្រឡាញ់ ។