២០១៥
ការចែកចាយ​ដំណឹងល្អ​ដូចជា​យ៉ូហាន បាទីស្ទ
June 2015


ការចែកចាយ ដំណឹងល្អ ដូចជា យ៉ូហាន បាទីស្ទ

អ្នក​អាច​ជួយ​រៀបចំ​មនុស្ស​សម្រាប់​ការយាង​មក​ជា​លើក​ទីពីរ​របស់​ព្រះអង្គ​សង្គ្រោះ ដូច​ជា​យ៉ូហាន បាទីស្ទ បាន​ធ្វើ​សម្រាប់​ការយាង​មក​ជា​លើក​ទី​មួយ​របស់​ព្រះអង្គ​សង្គ្រោះ​ដែរ ។

រូបភាព
John the Baptist preaching.

យ៉ូហាន បាទីស្ទ កំពុង​ផ្សាយ​ក្នុង​ទីរហោស្ថាន ដោយ រ៉ូប៊ឺត ធី បារែត

អ្វី​ដែល​មិន​ដូច​យ៉ូហាន បាទីស្ទ គឺ​អ្នក​នឹង​មិន​បម្រើ​បេសកកម្ម​នៅក្នុង « ទីរហោស្ថាន​ស្រុក​យូដា » នោះ​ទេ ( ម៉ាថាយ ៣:១ ) ។ សំលៀកបំពាក់​របស់​អ្នក​មិន​ត្រូវបាន​ធ្វើ​ឡើង​ពី « រោម​អូដ្ឋ » នោះ​ទេ ( ម៉ាថាយ ៣:៤ ) ។ អ្នក​នឹង​មិន​បរិភោគ « កណ្ដូប និង ទឹកឃ្មុំ​ព្រៃ » នោះ​ទេ ( ម៉ាថាយ ៣:៤ ) ។ ប៉ុន្តែ​គោលបំណង​របស់​អ្នក​ក្នុង​ការចែកចាយ​ដំណឹងល្អ គឺ​ដូច​គ្នា​នឹង​យ៉ូហាន បាទីស្ទ ដែរ ៖ អ្នក​រៀបចំ​មនុស្ស​សម្រាប់​ការយាង​មក​របស់​ព្រះយេស៊ូវ ដោយ​ការប្រកាស​ថា « ចូរ​ឲ្យ​ប្រែចិត្ត​ចុះ ដ្បិត​នគរ​ស្ថានសួគ៌​ជិត​ដល់​ហើយ » ( ម៉ាថាយ ៣:២ ) ។

បេសកកម្ម​របស់​យ៉ូហាន បាទីស្ទ គឺ​ច្បាស់លាស់ ៖ « មក​មុន​ព្រះមេស៊ី ដើម្បី​រៀបចំ​ផ្លូវ​ថ្វាយ​ព្រះអម្ចាស់ » ( នីហ្វៃទី១ ១០:៧ ) ។ ប៉ុន្តែ​បេសកកម្ម​របស់​លោក​គឺ​មិន​ងាយ​ស្រួល​ទេ ។ ព្យាការី​ពី​មុន​លោក​គឺ ម៉ាឡាគី គឺ​ជាង ៤០០ ឆ្នាំ ពីមុន​នោះ ។ « ដោយ​ពុំ​មាន​ព្យាការី នោះ​ប្រជាជន​នៅ​ក្នុង​ដែនដី​បាន​ចាប់​ផ្ដើម​បែងចែក​ទៅ​ជា​ក្រុម​ទាំងឡាយ ដោយ​ក្រុម​នីមួយៗ​ប្រកាស​ថា​មាន​សិទ្ធិ​បកស្រាយ​ព្រះគម្ពីរ និង ដឹកនាំ​ប្រជាជន ។ ការយល់​ដឹង​ដ៏​ពិត​អំពី​ព្រះយេហូវ៉ា ត្រូវ​ថមថយ​ក្នុង​ចំណោម​ក្រុម​ទាំង​នេះ » ។

ថ្វីបើ​មាន​ឧបសគ្គ​នៅក្នុង​ជំនាន់​របស់​យ៉ូហាន​ក្ដី ដ៏​ពួក​បណ្ដាជន​បាន​ចូល​ទៅ​ក្នុង​ទីរហោស្ថាន​ដើម្បី​ស្ដាប់​លោក​ផ្សាយ ហើយ​លោក​បាន​ជ្រមុជ​ទឹក​ឲ្យ​មនុស្ស​ជាច្រើន ។ អនាគត​សាវក​ពីនាក់ គឺ​យ៉ូហាន​ជា​ទី​ស្រឡាញ់ និង អនទ្រេ បាន​ស្គាល់​ព្រះយេស៊ូវ​តាម​រយៈ​យ៉ូហាន ( សូមមើល យ៉ូហាន ១:៤០ ) ។

ការចែកចាយ​ដំណឹងល្អ​នៅ​សព្វ​ថ្ងៃ​នេះ​ក៏​មាន​ឧបសគ្គ​ដែរ ។ ជីវិត​នៅ​សម័យ​ទំនើប​នេះ​មាន​នូវ​ការរំខាន​ជា​ច្រើន ។ ទស្សនវិជ្ជា​ខាង​លោកិយ​ដឹកនាំ​មនុស្ស​ឲ្យ​វង្វេង ។ មនុស្ស​កាន់តែ​ច្រើន​ឡើងៗ មិន​បាន​រស់​នៅ​តាម​បទដ្ឋាន​ខាង​សីលធម៌​ឲ្យ​បាន​ខ្ពស់​នោះ​ទេ ។ មនុស្ស​ខ្លះ​ពុំ​បាន​ឃើញ​ពី​សេចក្ដី​ត្រូវការ​ខាង​សាសនា​នោះ​ទេ ។

រូបភាព
Young man talking to people

ក្នុង​កាលៈទេសៈ​ទាំង​នេះ តើ​អ្នក​អាច​មាន​ភាព​ជោគជ័យ​ក្នុង​ការចែកចាយ​ដំណឹងល្អ​ដូច​ជា​យ៉ូហាន បាទីស្ទ បាន​ដោយ​របៀប​ណា​ទៅ ? នេះ​ជា​មេរៀន​មួយ​ចំនួន​ចេញ​ពី​ជីវិត​របស់​លោក​ដែល​អាច​ជួយ​បាន ។

យ៉ូហាន​បាន​ដឹង​ថា​បេសកកម្ម​របស់​លោក​ជា​អ្វី ។ លោក​បាន​ដឹង​ថា លោក​ត្រូវ​បាន​ហៅ​ឲ្យ​ជួយ​មនុស្ស​មក​រក​ព្រះគ្រីស្ទ ( សូមមើល លូកា ១:១៦ ) ។ ពេល​លោក​បាន​ឃើញ​ព្រះអង្គ​សង្គ្រោះ យ៉ូហាន​បាន​ថ្លែង​ទីបន្ទាល់​ថា « នុះ​ន កូន​ចៀម​នៃ​ព្រះ ដែល​ដោះ​បាប​មនុស្ស​លោក » ( យ៉ូហាន ១:២៩ ) ។ ជាជាង​ការ​លើក​ទឹកចិត្ត​ប្រជាជន​ឲ្យ​ដើរ​តាម​លោក នោះ​យ៉ូហាន​បាន​ជួយ​ពួកគេ​ឲ្យ​ក្លាយ​ជា​សិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ ។ យ៉ូហាន​បាន​មាន​ប្រសាសន៍​ពី​ព្រះអង្គ​សង្គ្រោះ​ថា « ព្រះអង្គ​នោះ​បាន​ចម្រើន​ឡើង ហើយ​ខ្ញុំ​ត្រូវ​ថយ​វិញ​ចុះ » ( យ៉ូហាន ៣:៣០ ) ។

យ៉ូហាន​បាន​បង្រៀន​គោលការណ៍​មូលដ្ឋាន​នៃ​ដំណឹង​ល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។ លោក​បាន​បង្រៀន​ប្រជាជន​អំពី​សេចក្ដី​យុត្តិធម៌ សេចក្ដី​មេត្តា​ករុណា ភាពស្មោះត្រង់ សីលធម៌ ការតមអាហារ ការអធិស្ឋាន ការប្រែចិត្ត និង ការសារភាព​អំពើ​បាប បុណ្យ​ជ្រមុជ​ទឹក​ដោយ​ពន្លិច ដំណើរ​រស់​ឡើង​វិញ និង ការជំនុំ​ជម្រះ ( សូមមើល ម៉ាថាយ ៣; លូកា ៣ ) ។ ការបង្រៀន​របស់​លោក​អាច​ត្រូវបាន​ពិពណ៌នា​ថា​ដូច​ការបង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ ៖ « គេ​នឹក​ប្លែក​ក្នុង​ចិត្ត​ពី​សេចក្ដី​បង្រៀន​របស់​ទ្រង់ ដ្បិត​ទ្រង់​បង្រៀន​ដូច​ជា​មាន​អំណាច មិន​ដូច​ពួក​អាចារ្យ​ទេ » ( ម៉ាកុស ១:២២ ) ។

យ៉ូហាន​បាន​រស់នៅ​ខុស​ពី​មនុស្ស​លោក ។ ព្រះយេស៊ូវ​បាន​បង្ហាញ​ពី​ភាពខុស​គ្នា​រវាង​យ៉ូហាន និង គ្រូបង្រៀន​ខាង​លោកិយ​ថា ៖ យ៉ូហាន​មិន​មែន​ជា « មនុស្ស​ស្លៀកពាក់​អាវ​ទន់ភ្លន់ … ស្លៀកពាក់​ល្អ​ប្រសើរ … នៅក្នុង​ដំណាក់​ស្ដេច​ទេ » ( លូកា ៧:២៥ ) ។ លោក​មិន​ផឹក « ស្រា​ទំពាំង​បាយជូរ ឬ គ្រឿង​ស្រវឹង​ទេ » ( លូកា ១:១៥ ) ។ យ៉ូហាន​មាន « សំឡេង​នៃ​មនុស្ស​ម្នាក់​កំពុង​តែ​ស្រែក​នៅ​ទីរហោស្ថាន​ថា ឲ្យ​រៀបចំ​ផ្លូវ​ទទួល​ព្រះអម្ចាស់ » ( ម៉ាកុស ១:៣ ) ។ ដោយ​សារ​លោក​បាន​បង្រៀន​ដោយ​ព្រះចេស្ដា​នៃ​ព្រះ នោះ​ប្រជាជន​បាន​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ ហើយ​បាន​ប្រែចិត្ត​ជឿ ។

យ៉ូហាន​បានមាន​ការលះបង់​ខ្ពស់​ណាស់ ។ អ្នក​ប្រាជ្ញ​ម្នាក់​បាន​សង្ខេប​ពី​គុណសម្បត្តិ​របស់​យ៉ូហាន​ថា ៖ « គោលបំណង​តែ​មួយ​ឥត​ល្អៀង​របស់​លោក ការលះបង់​ទាំងស្រុង​ចំពោះ​ការហៅ​បម្រើ​ដ៏​ពិសេស​របស់​លោក និង ភក្ដីភាព​ដ៏​ពេញលេញ​របស់​លោក​ចំពោះ​ព្រះរាជ​បុត្រា​នៃ​ព្រះ ។ លក្ខណៈ​ទាំងនេះ រួម​ជាមួយ​នឹង​សិទ្ធិអំណាច​បព្វជិតភាព​ដ៏​ទេវភាព​របស់​លោក បុគ្គលិក​លក្ខណៈ​ដែល​មិន​ចេះ​ភ័យ​ខ្លាច​របស់​លោក និង សេចក្ដី​សុចរិត​ផ្ទាល់​ខ្លួន​របស់​លោក ធ្វើ​ឲ្យ​លោក​ក្លាយ​ជា​តួអង្គ​ដ៏​ស្ចារ្យ​បំផុត​មួយ​ក្នុង​ចំណោម​តួអង្គ​ទាំង​អស់​ក្នុង​ព្រះគម្ពីរ » ។

ពេល​អ្នក​សិក្សា​ពី​ជីវិត​របស់​យ៉ូហាន បាទីស្ទ អ្នក​ឃើញ​ថា លោក​គឺ​លើស​ពី​គ្រាន់តែ​ជា​មនុស្ស​ម្នាក់​ដែល​មាន​ពរជ័យ​ពិសេស​នៃ​ការដែល​បាន​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ឲ្យ​ព្រះយេស៊ូវគ្រីស្ទ​ទៅ​ទៀត ។ អ្នក​ឃើញ​ថា ជីវិត និង បេសកកម្ម​របស់​លោក​គឺ​អំពី​ការរៀបចំ​មនុស្ស​សម្រាប់​ការយាង​មក​របស់​ព្រះអង្គ​សង្គ្រោះ គឺ​ដូច​ជា​បេសកកម្ម​របស់​អ្នក​ដែរ ។

កំណត់​ចំណាំ

  1. S. Kent Brown និង Richard Neitzel Holzapfel, “The Lost 500 Years: From Malachi to John the Baptist,” លីអាហូណា, ខែ ធ្នូ ឆ្នាំ ២០១៤ ទំព័រ ៣០ ។

  2. Robert J. Matthews, “John the Baptist: A Burning and a Shining Light,” Ensign, ខែ កញ្ញា ឆ្នាំ ១៩៧២ ទំព័រ ៧៩ ។