២០១៥
ថ្ងៃ​បុណ្យ​អនាគត​ឪពុក​លើក​ទីមួយ​របស់​ស្ទីវិន
June 2015


ថ្ងៃ​បុណ្យ​អនាគត​ឪពុក លើក​ទីមួយ​របស់​ស្ទីវិន

អ្នក​និពន្ធ​រស់​នៅ​ក្នុង​រដ្ឋ ឃ្វីនស៍ឡិន ប្រទេស អូស្ត្រាលី ។

ស្ទីវិន​បាន​មូរ​ក្រវាត់​ក​របស់​គាត់​ឡើង​រហូត​ដល់​ក្រោម​ចង្កា ពេល​ដែល​កុមារ​ផ្សេង​ទៀត​នៅក្នុង​ថ្នាក់​កុមារ​ហាត់​បទចម្រៀង​ថ្មី ។ ទេ គ្មាន​ផ្លូវ​ទេ​ដែល​គាត់​នឹង​ច្រៀង​បទ​នេះ​នោះ ។

ឪពុក​ក្នុង​ផ្ទះ​យើង​ដឹកនាំ​គ្រួសារ​យើង …

ស្ទីវិន​បាន​មើល​ទៅ​ក្រៅ​បង្អួច ហើយ​មើល​ទៅ​ពិដាន ។ គាត់​កម្រើក​ចុះ​ឡើង​រហូត​នៅ​លើ​កៅអី​គាត់ ដែល​គាត់​ស្ទើរ​តែ​ដូច​ជា​កំពុង​រាំ ។ គាត់​មិន​អាច​ច្រៀង​ទេ សូម្បី​តែ​គាត់​ចង់​ច្រៀង​ក៏​ដោយ ។ មាន​អ្វី​ម្យ៉ាង​យ៉ាង​ធំ និង ដែល​ធ្វើ​ឲ្យ​គាត់​អួល​ដើមក ។ កុមារ​ផ្សេង​ទៀត​ក្នុង​ថ្នាក់​កុមារ​ចេះ​តែ​បន្ត​ច្រៀង​ទៅ​មុខ រៀន​ពាក្យ​ថ្មីៗ​មួយ​បន្ទាត់​ម្ដងៗ ។

ដោយ​ពន្លឺ​ប្រាជ្ញា​គ្រប់​អ្វី​ដែល​ត្រូវ

ឪពុក​ខ្ញុំ​ល្អ​ចំពោះ​ខ្ញុំ ( “Fathers,” Children’s Songbook, ទំព័រ ២០៩ ) ។

ស្ទីវិន​មាន​អារម្មណ៍​ថា​មាន​គេ​ទះ​ដៃ​គាត់​តិចៗ ។ ម្ដាយ​គាត់​ដែល​បាន​មើល​តាម​ទ្វារ​ថ្នាក់​កុមារ​ដោយ​ស្ងៀមស្ងាត់ បាន​ទាញ​ដៃ​គាត់​ថ្នមៗ ។ នាង​បាន​នាំ​គាត់​ទៅ​ផ្លូវ​ដើរ ។ ពេល​ចេញ​ឆ្ងាយ​ពី​មិត្តភក្ដិ​របស់​គាត់​ដែល​នៅ​ក្នុង​ថ្នាក់​កុមារ ស្ទីវិន​មិន​អាច​ទប់​ទឹក​ភ្នែក​កុំ​ឲ្យ​ហូរ​បាន​ឡើយ ។ ម្ដាយ​បាន​ទាញ​គាត់​មក​ឱប​យ៉ាង​ណែន ។

ម្ដាយ​បាន​និយាយ​ថា « វា​មិន​អី​ទេ​ដែល​កូន​មិន​សប្បាយ​ចិត្ត » ទាំង​អង្អែល​ខ្នង​គាត់​ផង ។ « ម៉ាក់​ដឹង​ថា ការ​ឮ និង ច្រៀង​បទ​នោះ​គឺ​ពិបាក​ណាស់ » ។

ស្ទីវិន​ងក់​ក្បាល បន្ទាប់​មក​ជូត​ទឹក​ភ្នែក ។ « ខ្ញុំ​មិន​ចង់​ច្រៀង​នៅ​ថ្ងៃ​បុណ្យ​ឪពុក​ទេ ព្រោះ​ខ្ញុំ​អត់​មាន​ប៉ា​ផង » ។ ភ្នែក​ស្ទីវិន​ឡើង​ក្រហម ហើយ​គាត់​ខាំ​បបូរ​មាត់​គាត់ ។ « ខ្ញុំ​មិន​ចង់​ហៅ​គាត់​ថា ប៉ា​ទៀត​ទេ ។ ខ្ញុំ​មិន​បាន​ឃើញ​គាត់​ជា​ច្រើន​ឆ្នាំ​ហើយ គាត់​ក៍​មិន ចង់ ធ្វើ​ជា​ប៉ា​របស់​ខ្ញុំ​ដែរ » ។

ស្ទីវិន​បាន​ព្យាយាម​យ៉ាង​ខ្លាំង​ដើម្បី​កុំ​ឲ្យ​យំ — ប៉ុន្តែ គាត់​នៅ​តែ​អាច​ឮ​ពួកគេ​កំពុង​ច្រៀង ។ បទ​ចម្រៀង​នោះ​បាន​ធ្វើ​ឲ្យ​គាត់​ឈឺចាប់​យ៉ាង​ខ្លាំង​នៅ​ក្នុង​ចិត្ត ។ គឺ​ដូច​ជា​ពេល​ដែល​ឪពុក​គាត់​បាន​សរសេរ​សំបុត្រ​ប្រាប់​ថា គាត់ និង ភរិយា​ថ្មី​របស់​គាត់​បាន​សម្រេច​ចិត្ត​ថា​គាត់​នឹង​មិន​ជួប​ស្ទីវិន និង ប្អូន​ប្រុស​របស់​ស្ទីវិន​ទៀត​ឡើយ ។

ម្ដាយ​បាន​ទាញ​គាត់​មក​ឱប​ម្ដង​ទៀត ហើយ​ស្ទីវិន​បាន​យំ​ទៀត​ទាល់​តែ​ទឹក​ភ្នែក​ជោក​អាវ​ម្ដាយ​គាត់ ។ « ម៉ាក់​នឹង​និយាយ​ជាមួយ​ប្រធាន​ថ្នាក់​កុមារ ។ កូន​មិន​បាច់​ចាំ​ច្រៀង​ទេ បើ​កូន​មិន​ចង់ ។ ប៉ុន្តែ ម៉ាក់​មាន​គំនិត​មួយ » ។ ម្ដាយ​បាន​សំឡឹង​ទៅ​ក្នុង​ភ្នែក​របស់​គាត់ ។ « ឆ្នាំ​នេះ​យើង​នឹង​មិន​ប្រារព្ធ​ថ្ងៃ​បុណ្យ​ឪពុក​ទេ — តែ​យើង​នឹង​ប្រារព្ធ​ថ្ងៃ​បុណ្យ អនាគត ឪពុក​វិញ ! » នាង​ញញឹម ហើយ​គាត់​សំឡឹង​ទៅ​វិញ ។

« ថា​ម៉េច ? ប្រារព្ធ អី​គេ? »« 

ថ្ងៃ​បុណ្យ​អនាគត​ឪពុក — យើង​នឹង​ប្រារព្ធ​អបអរ​ថា កូន និង ប្អូន​ប្រុស​កូន​នឹង​ក្លាយ​ជា​ឪពុក​ដ៏​អស្ចារ្យ​នៅ​ថ្ងៃ​មួយ ។ យើង​នឹង​មាន​អំណោយ ហើយ​នំ​ខេក និង ភេសជ្ជៈ​ដែល​កូន​ចូល​ចិត្ត ! »

ម្ដាយ​បាន​ថើប​ថ្មាស​គាត់ ហើយ​ព្យាយាម​រៀបរយ​ក្រវាត់​ក​ដែល​ខ្ទេច​ខ្ទី​របស់​គាត់ ។ « ស្ទីវិន កូន​នឹង​ក្លាយ​ជា​ឪពុក ដ៏​អស្ចារ្យ — ម៉ាក់​អាច​មើល​ដឹង ។ ព្រោះ​កូន​កំពុង​គិត​រួច​ទៅ​ហើយ​នូវ​អ្វី​ដែល​កូន​នឹង​ធ្វើ​ជាមួយ​កូនៗ​របស់​កូន ហើយ​ដាក់​ផែនការ​ថា​កូន​ចង់​ក្លាយ​ជា​ឪពុក​របៀប​ណា » ។

ស្ទីវិន​កាន់តែ​គិត​អំពី​រឿង​នោះ គាត់​កាន់តែ​មាន​ស្នាម​ញញឹម​កាន់តែ​ធំ ។ គាត់​បាន​ឱប​ម្ដាយ​គាត់ ហើយ​បាន​ចូល​ទៅ​ក្នុង​ថ្នាក់​កុមារ​វិញ ដោយ​មាន​អារម្មណ៍​ល្អ​ជាង​មុន​ច្រើន​ណាស់ ។

ពីរ​សប្ដាហ៍​ក្រោយ​មក ស្ទីវិន​បាន​ឈរ​នៅ​មុខ​កញ្ចក់ រៀបរយ​បូ​អាវ​ថ្មី​ដ៏​ឡូយ​របស់​គាត់ ។ ម្ដាយ​បាន​ឲ្យ​វា​ទៅ​គាត់​នៅ​ព្រឹក​នោះ សម្រាប់​ថ្ងៃ​បុណ្យ​អនាគត​ឪពុក​លើក​ដំបូង​បំផុត​របស់​គាត់ ! ស្ទីវិន​បាន​យក​ព្រះគម្ពីរ​របស់​គាត់ ហើយ​បាន​ដើរ​ទៅ​ទ្វារ​ខាង​មុខ​ដើម្បី​ទៅ​កាន់​ព្រះវិហារ ។

គាត់​ញញឹម​ដាក់​ម្ដាយ​គាត់ ។

« រីករាយ​ថ្ងៃ​បុណ្យ​ឪពុក ម៉ាក់ » ។

ម្ដាយ​ញញឹម​ពព្រាយ ។ « រីករាយ​ថ្ងៃ​បុណ្យ​អនាគត​ឪពុក ស្ទីវិន » ។