ពេលវេលាសម្រាប់ខគម្ពីរ
អ្នកគង្វាលល្អ
អ្នកនិពន្ធរស់នៅក្នុងរដ្ឋ យូថាហ៍ ស.រ.អា ។
រៀនអំពីព្រះគម្ពីរសញ្ញាថ្មីរួមគ្នានៅឆ្នាំនេះ !
ថ្ងៃមួយព្រះយេស៊ូវគ្រីស្ទបានប្រាប់រឿងមួយ ( ឬ រឿងប្រៀបធៀប ) អំពីអ្នកគង្វាលម្នាក់ដែលស្រឡាញ់ចៀមរបស់គាត់ខ្លាំងណាស់ ដែលគាត់នឹងប្រគល់សូម្បីតែជីវិតគាត់ដើម្បីការពារពួកវា ។ យើងគឺដូចជាចៀមនៅក្នុងរឿងនោះដែរ ។ ហើយអ្នកគង្វាលគឺដូចជាព្រះអង្គសង្គ្រោះរបស់យើង គឺព្រះយេស៊ូវគ្រីស្ទ ។ ពេលខ្លះទ្រង់ត្រូវបានហៅថាជាអ្នកគង្វាលដ៏ល្អ ។
ព្រះយេស៊ូវបានបង្ហាញសេចក្ដីស្រឡាញ់របស់ទ្រង់ នៅពេលឪពុកម្ដាយមួយចំនួនបាននាំកូនៗរបស់ពួកគេមកមើលទ្រង់ ។ ទ្រង់មានព្រះបន្ទូលថា « ទុកឲ្យ កូនក្មេងមកឯខ្ញុំចុះ កុំឃាត់វាឡើយ ដ្បិតនគរព្រះមានសុទ្ធតែមនុស្ស ដូចវារាល់គ្នាដែរ » ( លូកា ១៨:១៦ ) ។ បន្ទាប់មក ទ្រង់បាននាំពួកគេមកក្នុងរង្វង់ព្រះហស្តទ្រង់ ហើយប្រទានពរដល់ពួកគេ ។
សូមបិទភ្នែករបស់អ្នក ហើយស្រមៃថា ព្រះអង្គសង្គ្រោះកំពុងកាន់ដៃអ្នកនៅក្នុងព្រះហស្តទ្រង់ ហើយកំពុងប្រទានពរដល់អ្នក ។ អ្នកអាចទទួលអារម្មណ៍នៃសេចក្ដីស្រឡាញ់របស់ទ្រង់ ពេលអ្នករៀន ឬ គិតអំពីទ្រង់ ។ ព្រះវិញ្ញាណបរិសុទ្ធជួយអ្នកឲ្យទទួលអារម្មណ៍នៃសេចក្ដីស្រឡាញ់ពីអ្នកគង្វាលដ៏ល្អ គឺព្រះយេស៊ូវគ្រីស្ទ ។