សារលិខិតគណៈប្រធានទីមួយ
ក្រុមគ្រួសារអាចរស់នៅជាមួយគ្នាជានិរន្តរ៍
អំណាចបព្វជិតភាពដែលចងភ្ជាប់ក្រុមគ្រួសារអស់កល្បជានិច្ចនោះ គឺជាអំណោយទានមួយក្នុងចំណោមអំណោយទានដ៏មហិមាបំផុតនានារបស់ព្រះ ។ មនុស្សគ្រប់គ្នាដែលយល់ពីផែនការនៃសេចក្ដីសង្គ្រោះ ចង់បានយ៉ាងខ្លាំងនូវពរជ័យដ៏និរន្តរ៍នោះ ។ មានតែនៅក្នុងពិធីផ្សារភ្ជាប់ ដែលធ្វើឡើងក្នុងព្រះវិហារបរិសុទ្ធដែលបានឧទ្ទិសហើយនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយប៉ុណ្ណោះ ទើបព្រះប្រទាននូវការសន្យាថា ក្រុមគ្រួសារអាចត្រូវបានចងភ្ជាប់ជាមួយគ្នាជានិរន្តរ៍ ។
កូនសោបព្វជិតភាពដែលធ្វើឲ្យការណ៍នោះអាចកើតឡើងបាន ត្រូវបានស្ដារឡើងវិញដល់ផែនដី ដោយព្យាការី អេលីយ៉ា ដល់ យ៉ូសែប ស្ម៊ីធ នៅក្នុងព្រះវិហារបរិសុទ្ធខឺតឡង់ ។ កូនសោបព្វជិតភាពទាំងនោះ ត្រូវបានប្រគល់បន្តមកតាមខ្សែបន្ទាត់ដ៏ឥតដាច់មួយ តាមរយៈពួកព្យាការីនៅរស់ក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ រហូតដល់ថ្ងៃបច្ចុប្បន្ន ។
ក្នុងការបម្រើក្នុងជីវិតរមែងស្លាប់របស់ទ្រង់ ព្រះអង្គសង្គ្រោះបានមានព្រះបន្ទូលទៅកាន់ពេត្រុស ជាប្រធានសាវករបស់ទ្រង់ អំពីអំណាចនៃការផ្សារភ្ជាប់ក្រុមគ្រួសារ ទ្រង់បានមានបន្ទូលថា « ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បើអ្នករាល់គ្នាចងទុកអ្វីៗនៅផែនដី នោះនឹងត្រូវចងទុកនៅស្ថានសួគ៌ដែរ ហើយបើស្រាយអ្វីៗនៅផែនដី នោះក៏នឹងត្រូវស្រាយនៅស្ថានសួគ៌ដែរ » ( ម៉ាថាយ ១៨:១៨ ) ។
មានតែនៅក្នុងនគរសេឡេស្ទាលប៉ុណ្ណោះ ទើបយើងអាចរស់នៅជាក្រុមគ្រួសារជានិរន្តរ៍ ។ នៅទីនោះ យើងអាចនៅជាក្រុមគ្រួសារក្នុងវត្តមាននៃព្រះវរបិតាសួគ៌ និង ព្រះអង្គសង្គ្រោះរបស់យើង ។ ព្យាការី យ៉ូសែប ស្ម៊ីធ បានពិពណ៌នាពីបទពិសោធន៍ដ៏ប្រពៃនោះនៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា តាមរបៀបនេះថា ៖
« កាលព្រះអង្គសង្គ្រោះទ្រង់លេចមក នោះយើងនឹងឃើញទ្រង់ដូចជាទ្រង់យ៉ាងនេះឯង ។ យើងនឹងឃើញថា ព្រះអង្គជាមនុស្សដូចរូបយើងរាល់គ្នា ។
« ហើយទំនាក់ទំនងដែលមាននៅក្នុងចំណោមពួកយើងនៅទីនេះយ៉ាងណា នោះក៏នឹងមាននៅក្នុងចំណោមយើងនៅទីនោះយ៉ាងនោះដែរ គ្រាន់តែរួបរួមដោយសិរីល្អដ៏នៅអស់កល្បជានិច្ច គឺជាសិរីល្អដែលយើងពុំមានការពិសោធន៍នៅពេលឥឡូវនេះប៉ុណ្ណោះ ។ » ( គ. និង ស. ១៣០:១–២ ) ។
បទគម្ពីរនេះប្រាប់ថា យើងអាចសម្រេចបានដោយមានទំនុកចិត្តនូវបទដ្ឋានស្ថានសួគ៌នៅក្នុងទំនាក់ទំនងក្នុងក្រុមគ្រួសាររបស់យើង ។ យើងអាចខ្វល់ខ្វាយពីសមាជិកគ្រួសារយើង ទាំងនៅរស់ និង ស្លាប់ទៅហើយ ខ្លាំងរហូតដល់ធ្វើអ្វីៗទាំងអស់ដែលយើងអាចធ្វើបាន ដើម្បីផ្ដល់ដល់ពួកគេនូវពិធីបរិសុទ្ធនៃបព្វជិតភាព ដែលនឹងចងភ្ជាប់យើងនៅស្ថានសួគ៌ ។
អ្នករាល់គ្នាជាច្រើន ទាំងក្មេង ទាំងចាស់ កំពុងតែធ្វើការណ៍នោះ ។ អ្នកបានរកមើលឈ្មោះរបស់បុព្វការីជនដែលពុំទាន់បានទទួលពិធីបរិសុទ្ធដែលអាចផ្សារភ្ជាប់អ្នកជាមួយគ្នា ។
អ្នកទាំងអស់គ្នាស្ទើរតែទាំងអស់ មានសាច់ញាតិដែលនៅរស់ដែលពុំទាន់បានផ្សារភ្ជាប់ក្នុងក្រុមគ្រួសារដោយអំណាចបព្វជិតភាព ។ មនុស្សជាច្រើនមានសាច់ញាតិដែលនៅរស់ដែលបានទទួលពិធីបរិសុទ្ធនៃបព្វជិតភាពហើយ ប៉ុន្តែពុំរក្សាសេចក្ដីសញ្ញាដែលពួកគេបានធ្វើនឹងព្រះ ។ ព្រះនឹងប្រទានពរអ្នក ថាអ្នកនឹងអាចឈោងជួយដល់សាច់ញាតិទាំងអស់នោះ នៅក្នុងសេចក្ដីជំនឿ ។ អ្នកមាននូវការសន្យាមួយ ដែលព្រះអម្ចាស់សន្យាដល់ពួកសិស្សទ្រង់ដែលនាំអ្នកផ្សេងទៀតមករកទ្រង់ ៖
« ហើយអស់អ្នកណាដែលទទួលអ្នក នោះយើងក៏នឹងនៅទីនោះដែរ ដ្បិតយើងនឹងទៅពីមុខអ្នក ។ យើងនឹងនៅខាងស្ដាំដៃអ្នក ហើយខាងឆ្វេងដៃអ្នក ហើយព្រះវិញ្ញាណរបស់យើងនឹងសណ្ឋិតនៅក្នុងដួងចិត្តរបស់អ្នក ហើយពួកទេវតារបស់យើងនៅព័ទ្ធជុំវិញអ្នក ដើម្បីទ្រអ្នកឡើង » ( គ. និង ស. ៨៤:៨៨ ) ។
ពីបង្អួចបន្ទប់ការិយាល័យរបស់ខ្ញុំ ខ្ញុំមើលឃើញកូនក្រមុំ និង កូនកំឡោះទាំងឡាយជារៀងរាល់ថ្ងៃ ថតរូបជាមួយផ្កាដ៏ស្រស់ស្អាត និង ទឹកដែលបាញ់ឡើង ។ ជាញឹកញាប់ កូនកំឡោះបីកូនក្រមុំក្នុងដៃគាត់ យ៉ាងហោចណាស់ក៏ដើរពីរបីជំហានដែរ ពេលដែលជាងថតរូបអាពាហ៍ពិពាហ៍ ។ រាល់ពេលខ្ញុំឃើញបែបនោះ ខ្ញុំនឹកឃើញពីគូស្វាមីភរិយាមួយគូដែលខ្ញុំបានស្គាល់ ដែលត្រូវតែបីត្រកងគ្នាទៅវិញទៅមកក្នុងរបៀបផ្សេងទៀត ពេលជីវិតជួបការលំបាក — ជួនកាល គឺនៅមិនយូរប៉ុន្មានសោះពីថ្ងៃរៀបអាពាហ៍ពិពាហ៍ ។ ការងារអាចបាត់បង់ ។ កូនៗអាចកើតមកជាមួយនឹងឧបសគ្គយ៉ាងធំ ។ អាចកើតមានជំងឺ ។ បន្ទាប់មក ទម្លាប់នៃការប្រព្រឹត្តចំពោះអ្នកដទៃ ដូចដែលយើងចង់ឲ្យគេប្រព្រឹត្តចំពោះយើង — វាងាយស្រួលនឹងធ្វើដូច្នោះ — នឹងធ្វើឲ្យយើងក្លាយជាវីរបុរស និង វីរនារីក្នុងអំឡុងពេលដ៏លំបាកទាំងនោះ ដែលការប្រព្រឹត្តល្អចំពោះអ្នកដទៃតម្រូវឲ្យមានការខិតខំខ្លាំងជាងដែលយើងគិតថាយើងមានក្នុងខ្លួនយើង ។
យើងជំពាក់ក្រុមគ្រួសារយើងនូវទំនាក់ទំនងបែបនោះ ជាទំនាក់ទំនងដែលយើងអាចយកទៅក្នុងវត្តមាននៃព្រះ ។ យើងត្រូវតែព្យាយាម កុំធ្វើឲ្យមានការអាក់អន់ចិត្ត ឬ កុំអាក់អន់ចិត្ត ។ យើងអាចប្ដេជ្ញាអត់ទោសឆាប់ៗ និង ទាំងស្រុង ។ យើងអាចព្យាយាមស្វែងរកសុភមង្គលរបស់អ្នកដទៃពីមុនសុភមង្គលផ្ទាល់ខ្លួនយើង ។ យើងអាចមានចិត្តល្អ ក្នុងការនិយាយរបស់យើង ។ នៅពេលយើងព្យាយាមធ្វើការណ៍ទាំងអស់នេះ យើងនឹងអញ្ជើញព្រះវិញ្ញាណបរិសុទ្ធឲ្យចូលក្នុងក្រុមគ្រួសារ និង ជីវិតរបស់យើង ។
ការអះអាងរបស់ខ្ញុំចំពោះអ្នកគឺថា ដោយមានជំនួយពីព្រះអម្ចាស់ និង ដួងចិត្តដែលមានការកែប្រែ នោះយើងអាចស្រម៉ៃឃើញពីជីវិតបែបនេះ ជាជីវិតដែលយើងចង់បានជារៀងរហូត ។ ព្រះវរបិតាសួគ៌ស្រឡាញ់យើង ។ ទ្រង់ចង់ឲ្យយើងត្រឡប់ទៅនៅជាមួយទ្រង់វិញ ។ តាមរយៈដង្វាយធួនរបស់ទ្រង់ ព្រះអង្គសង្គ្រោះធ្វើឲ្យមានឡើងនូវការផ្លាស់ប្ដូរក្នុងដួងចិត្តយើង ជាការផ្លាស់ប្ដូរដែលយើងត្រូវការធ្វើ ដើម្បីបានចូលក្នុងព្រះវិហារបរិសុទ្ធ ធ្វើសេចក្ដីសញ្ញាដែលយើងអាចរក្សាបានក្រោយពីនោះ ហើយនៅទីបំផុត បានរស់នៅជាក្រុមគ្រួសារជានិរន្តរ៍ក្នុងសិរីល្អសេឡេស្ទាល — ជាគេហដ្ឋាននោះម្ដងទៀត ។