អ្នកនេសាទ មនុស្ស
អ្នកទាំងអស់ណាដែលបានទទួលការហៅឲ្យដឹកនាំសាសនាចក្រ គឺបានទទួលការអញ្ជើញរបស់ព្រះអង្គសង្គ្រោះដើម្បីក្លាយជាអ្នកនេសាទមនុស្ស ។
ខណៈកំពុងបីបាច់ក្រុមគ្រួសារដ៏ក្មេងខ្ចីរបស់យើងនៅរដ្ឋ ហាវ៉ៃ នោះភរិយាខ្ញុំ និង ខ្ញុំបានមានអំណរគុណចំពោះពួកបរិសុទ្ធថ្ងៃចុងក្រោយដ៏ល្អៗដែលបានជួយយើង ។ សមាជិកដ៏ជាទីស្រឡាញ់ទាំងនេះបានឱបក្រសោបយើង ហើយប្រព្រឹត្តនឹងយើងដូចជាក្រុមគ្រួសាររបស់គេដែរ ។ ក្នុងឱកាសមួយចំនួន ពួកបុរសៗនៅក្នុងវួដយកកូនប្រុសខ្ញុំទៅកាន់ដំណើរផ្សងព្រេងស្ទូចត្រីនៅលើសមុទ្រ ។ ដំណើរកម្សាន្តទាំងនេះ មិនប្រើទូកទេ ប៉ុន្តែមានវិធីសាស្ត្រស្ទូចត្រីពីបុរាណ ដែលបង្កើតឡើងដោយពួកសាសន៍ហាវ៉ៃពីជំនាន់មុន ។
ដោយប្រើវិធីសាស្ត្រមួយបែបនោះ អ្នកនេសាទដ៏ជំនាញម្នាក់នឹងបត់សំណាញ់ចុះឡើងជាស្រទាប់យ៉ាងប្រុងប្រយ័ត្នបំផុត ដែលសំណាញ់នោះមានដុំទម្ងន់ភ្ជាប់ទៅនឹងជុំវិញជើងសំណាញ់ ។ បន្ទាប់មកគាត់នឹងស្ពាយសំណាញ់នោះយ៉ាងប្រុងប្រយ័ត្នទៅកាន់កន្លែងមួយនៅតាមបណ្ដោយច្រាំងសមុទ្រដែលមានថ្មនៅខាងលើថ្លុកដែលមានទឹកថ្លា ។ ពេលគាត់ឃើញត្រីចូលក្នុងថ្លុកនោះ នៅពេលវេលាដែលត្រឹមត្រូវ និង ជាមួយនឹងជំនាញយ៉ាងអស្ចារ្យ នោះគាត់នឹងបោះសំណាញ់ ដែលនឹងធ្វើឲ្យសំណាញ់នោះលាសន្ធឹងទាំងអស់ ហើយធ្លាក់ចុះទៅលើទឹកដែលនៅខាងក្រោមជារង្វង់មួយយ៉ាងធំ ហើយភ្លាមនោះវាលិចចូលទៅក្នុងទឹក ហើយសង្គ្រប់យកត្រីដែលប្រមូលផ្ដុំគ្នានោះ ។
ខណៈដែលជំនាញរបស់អ្នកនេសាទគួរឲ្យស្ងើចសរសើរ នោះគាត់នឹងជាមនុស្សទីមួយដែលប្រាប់អ្នកថា បើគ្មានសំណាញ់ល្អ ស្អាត ដែលបានប៉ះ និង បានជួសជុលទាំងស្រុងទេ នោះការខិតខំរបស់គាត់នឹងគ្មានប្រយោជន៍ឡើយ ។ អ្នកនេសាទដែលពោរពេញដោយបទពិសោធន៍ដឹងថា ជោគជ័យរបស់ពួកគាត់គឺទទួលបានដោយអាស្រ័យទៅលើភាពលេញលេញនៃសំណាញ់របស់ពួកគាត់ ហើយថា ការនេសាទដ៏មានប្រសិទ្ធិភាព និង បានផលច្រើនពុំអាចកើតមានទេ ទាល់តែសំណាញ់ត្រូវបានពិនិត្យពិច័យឃើញថាល្អសិន ។
យើងឃើញពីការយល់ដឹងនៃគោលការណ៍នេះ នៅក្នុងចំណោមពួកសាវកដើម ដែលក្នុងនោះមានអ្នកនេសាទមួយចំនួនដែរ ។ យើងត្រូវបាននាំឲ្យស្គាល់ពួកអ្នកនេសាទទាំងនេះនៅជំពូកទាំងឡាយខាងដើមគម្ពីរម៉ាថាយ ម៉ាកុស និង លូកា ដែលពួកលោកកំពុងតែបង់ ជួសជុល និង លាងសម្អាតសំណាញ់របស់ពួកលោក ពេលដែលពួកលោកជួបនឹងអនាគតលោកគ្រូរបស់ពួកលោកដំបូង ( សូមមើល ម៉ាថាយ ៤:១៨, ២១; ម៉ាកុស ១:១៦, ១៩; លូកា ៥:២ ) ។ បុរសទាំងនេះបានចិញ្ចឹមក្រុមគ្រួសាររបស់ពួកលោក និង ក្រុមគ្រួសារអ្នកផ្សេងទៀត ដោយការពុះពាររាល់ថ្ងៃដើម្បីចាប់ត្រី ។ ជោគវាសនារបស់ពួកលោក និង ក្រុមគ្រួសារលោកបានពឹងផ្អែកទៅលើការរៀបចំ និង ជំនាញរបស់ពួកលោក និង ភាពល្អពេញលេញនៃសំណាញ់របស់ពួកលោក ។
ពេលព្រះយេស៊ូវបានអញ្ជើញពួកលោកឲ្យ « ចូរមកតាមខ្ញុំ ខ្ញុំនឹងតាំងអ្នកឲ្យជាអ្នកនេសាទមនុស្សវិញ » « គេក៏ទុកសំណាញ់ចោលទៅតាមទ្រង់ភ្លាម » « គេទុករបស់ទាំងអស់ចោល ហើយដើរតាមទ្រង់ទៅ » ( ម៉ាថាយ ៤:១៩, ២០; លូកា ៥:១១; សូមមើលផងដែរ ម៉ាកុស ១:១៧–១៨ ) ។
ខ្ញុំបានគិតអំពីគំរូនេះជាច្រើនដង ពេលខ្ញុំបានពិចារណាថា ពួកអ្នកដែលដឹកនាំសាសនាចក្របានឆ្លើយតបជាមួយនឹងសេចក្ដីជំនឿស្រដៀងគ្នានេះដែរដល់ការអញ្ជើញឲ្យ « មកតាមខ្ញុំ » ។ ដូចជាសាសនាចក្រកាលពីបុរាណដែរ សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ត្រូវបានដឹកនាំដោយពួកព្យាការី និង សាវក ដែលបានទុកចោលសំណាញ់ និង ទ្រព្យសម្បត្តិរបស់ពួកលោកដែលបានមកដោយធ្វើការយ៉ាងលំបាក ហើយបានអភិវឌ្ឍជំនាញថ្មីៗដើម្បីបម្រើ និង ដើរតាមលោកគ្រូ ។
អ្នកដឹកនាំមនុស្ស
តើការក្លាយជា « អ្នកនេសាទមនុស្ស » មានន័យដូចម្ដេច ? ក្នុងព្រះបន្ទូលដ៏សាមញ្ញនៃការអញ្ជើញរបស់ទ្រង់ទៅដល់ពួកសាវកពីបុរាណ ព្រះអង្គសង្គ្រោះបាននាំឲ្យស្គាល់នូវអ្វីដែលបានក្លាយជាទម្រង់នៃការបង្រៀនធម្មតា និង ដែលប្រកបដោយព្រះចេស្ដា — គឺការបង្រៀនដោយការប្រៀបធៀបទាំងឡាយ ។ ទ្រង់បានដឹងថា ពួកអ្នកដែលត្រូវបានហៅឲ្យដើរតាមទ្រង់នឹងបានយល់ ត្រឹមកម្រិតមួយ នូវអ្វីដែលទ្រង់មានន័យដល់ពាក្យថា « អ្នកនេសាទមនុស្ស » ។
ប្រធាន ហារ៉ូលដ៍ ប៊ី លី ( ឆ្នាំ ១៨៩៩–១៩៧៣ ) បានបង្រៀនថា « ការក្លាយជា ‹ អ្នកនេសាទមនុស្ស › គឺគ្រាន់តែជារបៀបម្យ៉ាងទៀតក្នុងការនិយាយថា ‹ អ្នកដឹកនាំមនុស្ស › ។ ដូច្នេះ នៅក្នុងភាសាសម័យនេះ យើងនឹងនិយាយថា ៖ ‹ បើអ្នកនឹងរក្សាបទបញ្ញត្តិទាំងឡាយរបស់យើង នោះយើងនឹងធ្វើឲ្យអ្នកក្លាយជាអ្នកដឹកនាំក្នុងចំណោមមនុស្សទាំងឡាយ › » ។១
អ្នកដឹកនាំមនុស្សគឺជាម្នាក់ដែលត្រូវបានហៅឲ្យជួយអ្នកដទៃក្លាយទៅជា « អ្នកដើរតាមដ៏ពិតនៃ … ព្រះយេស៊ូវគ្រីស្ទ » ( មរ៉ូណៃ ៧:៤៨ ) ។ ក្បួនខ្នាតភាគ ២ ៖ ការគ្រប់គ្រងសាសនាចក្រ ប្រាប់ថា « ដើម្បីធ្វើដូចនេះបាន ដំបូង អ្នកដឹកនាំត្រូវព្យាយាមធ្វើជាពួកសិស្សស្មោះត្រង់របស់ព្រះអង្គសង្គ្រោះ ដោយរស់នៅតាមជារៀងរាល់ថ្ងៃ ដើម្បីពួកគាត់អាចត្រឡប់ទៅរស់នៅក្នុងវត្តមានរបស់ព្រះ ។ បន្ទាប់មក ពួកគាត់អាចជួយអ្នកដទៃឲ្យអភិវឌ្ឍទីបន្ទាល់រឹងមាំ និង ខិតទៅកាន់តែជិតព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវគ្រីស្ទ » ។២
អ្នកទាំងអស់ណាដែលបានទទួលការហៅឲ្យដឹកនាំសាសនាចក្រ គឺបានទទួលការអញ្ជើញរបស់ព្រះអង្គសង្គ្រោះដើម្បីក្លាយជាអ្នកនេសាទមនុស្ស ។
សំណាញ់ និង ក្រុមប្រឹក្សា
ពីកម្រិតខ្ពស់បំផុតនៃថ្នាក់ដឹកនាំក្នុងសាសនាចក្ររហូតដល់កូរ៉ុមបព្វជិតភាពអើរ៉ុន និង គណៈប្រធានថ្នាក់យុវនារី នោះពួកអ្នកដឹកនាំត្រូវបានរៀបចំឡើងទៅជាក្រុមប្រឹក្សាទាំងឡាយ ។ ពួកអ្នកដឹកនាំត្រូវបានណែនាំឲ្យរៀបចំខាងវិញ្ញាណ ចូលរួមពេញលេញក្នុងក្រុមប្រឹក្សា បម្រើអ្នកដទៃ បង្រៀនដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ និង គ្រប់គ្រងបព្វជិតភាព និង អង្គការជំនួយទាំងឡាយរបស់សាសនាចក្រ ។ ជាងនោះទៀត ពួកគាត់ត្រូវកសាងសាមគ្គីភាព និង ភាពចុះសម្រុងគ្នានៅក្នុងសាសនាចក្រ រៀបចំអ្នកផ្សេងទៀតឲ្យក្លាយជាអ្នកដឹកនាំ និង ជាគ្រូ ផ្ទេរការទទួលខុសត្រូវនានា និង ធានាឲ្យបាននូវទំនួលខុសត្រូវ ។៣
ដូចជាពួកសាវកពីបុរាណដែលបានអនុវត្តការចេះដឹងរបស់ពួកលោកអំពីការនេសាទ ឲ្យក្លាយជាអ្នកនេសាទមនុស្ស នោះយើងអាចអនុវត្តនូវគោលការណ៍ទាំងឡាយដែលមាននៅក្នុងការប្រើប្រាស់សំណាញ់ចំពោះក្រុមប្រឹក្សានៃសាសនាចក្រផងដែរ ។ ដូចជាសំណាញ់មួយដែរ ក្រុមប្រឹក្សាទាំងនេះត្រូវបានបង្កើត និង រៀបចំឡើងឲ្យប្រមូលបុត្រាបុត្រីរបស់ព្រះវរបិតាសួគ៌ — សមាជិកម្នាក់ៗនៃក្រុមប្រឹក្សាប្រៀបបានទៅនឹងខ្សែសំណាញ់ដែលសំខាន់បំផុត ។ ដូចជាសំណាញ់មួយដែរ វាមានប្រសិទ្ធិភាពបានលុះត្រាតែវាត្រូវបានជួលជុលយ៉ាងល្អ ក្រុមប្រឹក្សាទាំងឡាយចុះខ្សោយ ពេលដែលសមាជិកទាំងឡាយនៃក្រុមប្រឹក្សាពុំត្រូវបានបង្កើតឡើង មិនផ្ដោតការយកចិត្តទុកដាក់ និង មិនដំណើរការដូចដែលពួកគេគួរធ្វើ ។
អ្នកដឹកនាំនៃក្រុមប្រឹក្សាត្រូវធ្វើតាមគំរូនៃពួកសាវកពីបុរាណដែលជាអ្នកនេសាទ ដោយការពិនិត្យ និង ជួសជុល « សំណាញ់ » ទាំងនេះជាទៀងទាត់ ។ អ្នកដឹកនាំក្រុមប្រឹក្សាធ្វើដូច្នោះ ដោយការផ្ដល់នូវការហ្វឹកហ្វឺនជាទៀងទាត់ ដឹកនាំក្នុងការប្រជុំក្រុមប្រឹក្សា ផ្ដល់យោបល់ត្រឹមត្រូវ និង ទាន់ពេលវេលាដល់សមាជិកក្រុមប្រឹក្សា និង ផ្ដល់សេចក្ដីស្រឡាញ់ ការលើកទឹកចិត្ត និង ការសរសើរ ។ ពុំមានអ្វីមកជំនួសកម្លាំងដ៏មានប្រសិទ្ធិភាព និង សមត្ថិភាពនៃការប្រមូលផ្ដុំនៃក្រុមប្រឹក្សាដែលដំណើរការត្រឹមត្រូវនោះទេ ។
ក្រុមប្រឹក្សាវួដ
ប្រហែលក្រុមប្រឹក្សាដែលមានឱកាសដ៏ធំធេងបំផុតក្នុងការជះឥទ្ធិពលដល់សមាជិកសាសនាចក្រម្នាក់ៗ គឺក្រុមប្រឹក្សាវួដ ។ បុរស និង ស្ត្រីទាំងឡាយនៅក្នុងក្រុមប្រឹក្សានេះ គឺពិតជាត្រូវបានហៅឲ្យធ្វើជាអ្នកនេសាទមនុស្ស ដោយមានទំនួលខុសត្រូវក្នុងការដឹកនាំកិច្ចការនៃសេចក្ដីសង្គ្រោះនៅក្នុងវួដ ដូចដែលត្រូវបានដឹកនាំដោយប៊ីស្សព ។ ពួកគេរស់នៅ និង បម្រើនៅក្នុងវួដរៀងៗខ្លួន ជាកន្លែងដែលពួកគេអាចស្គាល់ និង ប្រាស្រ័យទាក់ទងនឹងពួកអ្នកដែលពួកគេត្រូវបានហៅឲ្យដឹកនាំនោះ ។
« សមាជិកនៃក្រុមប្រឹក្សាវួដព្យាយាមជួយដល់បុគ្គលម្នាក់ឲ្យស្ថាបនាទីបន្ទាល់ ទទួលពិធីបរិសុទ្ធនៃការសង្គ្រោះ រក្សាសេចក្ដីសញ្ញាទាំងឡាយ ហើយប្រែក្លាយជាអ្នកដើរតាមដែលបានតែងតាំងរបស់ព្រះយេស៊ូវគ្រីស្ទ ( សូមមើល មរ៉ូណៃ ៦:៤–៥ ) ។ សមាជិកនៃក្រុមប្រឹក្សាវួដទាំងអស់មានការទទួលខុសត្រូវជាទូទៅមួយចំពោះសុខុមាលភាពរបស់សមាជិកវួដ » ។៤
សមាជិកនៃក្រុមប្រឹក្សាវួដមានតួនាទីយ៉ាងសំខាន់នៅក្នុងការពន្លឿនកិច្ចការនៃសេចក្ដីសង្គ្រោះ ។ ពេលដែលក្រុមប្រឹក្សាវួដពុំដំណើរការដូចដែលការគួរ នោះកិច្ចការនឹងដើរយឺត ។ សមត្ថិភាពនៃការប្រមូលផ្ដុំរបស់ « សំណាញ់ » នឹងចុះខ្សោយ ហើយកិច្ចប្រឹងប្រែងរបស់ក្រុមប្រឹក្សានឹងនាំមកនូវលទ្ធផលដែលមានកម្រិត ។ ប៉ុន្តែ ពេលក្រុមប្រឹក្សាវួដត្រូវបានបង្កើតឡើង ហើយយកចិត្តទុកដាក់លើការពង្រឹងបុគ្គល និង ក្រុមគ្រួសារទាំងឡាយ នោះលទ្ធផលអាចជាការភ្ញាក់ផ្អើល ។
ខ្ញុំស្គាល់ច្បាស់ពីវួដមួយដែលជួបការលំបាកក្នុងការមានក្រុមប្រឹក្សាវួដដ៏មានប្រសិទ្ធិភាពមួយ ។ វាពិបាកសម្រាប់ប៊ីស្សព ក្នុងការទទួលយកការណែនាំដែលមានក្នុង ក្បួនខ្នាតភាគ ២ ដោយសារគាត់មានភាពងាយស្រួលនឹងរបៀបរបស់គាត់ ហើយចូលចិត្តរបៀបចាស់របស់គាត់ ។ ទោះជាយ៉ាងណា ក្រោយពីការប្រឹក្សា និង ការហ្វឹកហ្វឺនយ៉ាងច្រើនពីសំណាក់ប្រធានស្តេកដែលពោរពេញដោយក្ដីស្រឡាញ់ម្នាក់ នោះប៊ីស្សពបានបន្ទន់ចិត្តរបស់គាត់ បានប្រែចិត្ត ហើយបានចាប់ផ្ដើមដោយស្មោះអស់ពីចិត្តដើម្បីបង្កើតក្រុមប្រឹក្សាវួដឡើងដូចដែលបានណែនាំ ។ គាត់បានមើលវីដេអូបំពាក់បំប៉នដែលមានលើគេហទំព័រ LDS.org គាត់បានអានផ្នែកទី ៤ និង ៥ នៃ ក្បួនខ្នាតភាគ ២ ហើយគាត់បានអនុវត្តនូវអ្វីដែលគាត់បានរៀន ។
សមាជិកនៃក្រុមប្រឹក្សាវួដបានទទួលយកការផ្លាស់ប្ដូរនេះយ៉ាងឆាប់រហ័ស ហើយវិញ្ញាណនៃសេចក្ដីស្រឡាញ់ និង សាមគ្គីភាពបានសណ្ឋិតលើពួកគេ កាលដែលពួកគេបានផ្ដោតលើការពង្រឹងបុគ្គល និង ក្រុមគ្រួសារទាំងឡាយ ។ នៅក្នុងគ្រប់ការប្រជុំ ពួកគេបាននិយាយយ៉ាងច្រើនអំពីសាសនាគន់ការី អ្នកប្រែចិត្តជឿថ្មី សមាជិកមិនសូវសកម្ម និង សមាជិកដែលត្រូវការជំនួយ ។ ដួងចិត្តរបស់ពួកគេបានចាប់ផ្ដើមមានសេចក្ដីសប្បុរសចំពោះបងប្អូនប្រុសស្រីទាំងនេះ ហើយអព្ភូតហេតុបានចាប់ផ្ដើមកើតឡើង ។
ប៊ីស្សពបានប្រាប់ថា ស្ទើរតែភ្លាមៗក្រោយពីការផ្លាស់ប្ដូរទាំងនេះត្រូវបានធ្វើឡើងទាក់ទងនឹងក្រុមប្រឹក្សាវួដ នោះមានសមាជិកដែលមិនសូវសកម្មពីមុនៗដែលយើងមិនបានស្គាល់ បានចាប់ផ្ដើមមកព្រះវិហារ ។ សមាជិកទាំងនេះបាននិយាយថា ពួកគេបានមានអារម្មណ៍ភ្លាមៗថាត្រូវត្រឡប់មកព្រះវិហារវិញ ។ ពួកគេបាននិយាយថា ពួកគេបានទទួលចំណាប់អារម្មណ៍យ៉ាងច្បាស់ថា ពួកគេត្រូវប្រាស្រ័យទាក់ទងនឹងពួកបរិសុទ្ធឡើងវិញ ។ ពួកគេបានដឹងថា ពួកគេនឹងទទួលសេចក្ដីស្រឡាញ់ ហើយថា ពួកគេត្រូវការការគាំទ្រដែលសមាជិកផ្ដល់ឲ្យ ។
ប៊ីស្សពបានចែកចាយជាមួយខ្ញុំថា គាត់ប្រាកដណាស់ថា ព្រះវរបិតាបានរង់ចាំឲ្យគាត់ធ្វើតាមដំបូន្មានដែលគាត់បានទទួល ហើយបង្កើតក្រុមប្រឹក្សាវួដដូចដែលបានណែនាំ មុននឹងទ្រង់អាចដាក់បំណងប្រាថ្នាចូលទៅក្នុងដួងចិត្ត និង គំនិតរបស់ពួកសមាជិកដែលមិនសូវសកម្មទាំងនេះ ឲ្យត្រឡប់មកសកម្មក្នុងព្រះវិហារវិញ ។ ប៊ីស្សពបានដឹងថា គាត់ត្រូវការបង្កើតនូវបរិយាកាសនៃក្ដីស្រឡាញ់ និង ចញ្ចឹមបីបាច់ ដែលសមាជិកទាំងនេះត្រូវការ មុននឹងព្រះវិញ្ញាណនឹងដឹកនាំពួកគេឲ្យត្រឡប់មកវិញ ។ ពាក្យសម្ដីរបស់គាត់រំឭកខ្ញុំអំពីបទពិសោធន៍របស់ពេត្រុសជាអ្នកនេសាទ ៖
« [ ព្រះយេស៊ូវ ] យាងចុះទូកមួយនោះ ជាទូករបស់ស៊ីម៉ូន ក៏សូមឲ្យគាត់ចេញទូកពីដីបន្តិចទៅ ។ រួចទ្រង់គង់បង្រៀនដល់បណ្ដាមនុស្សពីក្នុងទូកវិញ ។
« លុះឈប់អធិប្បាយហើយ នោះទ្រង់មានបន្ទូលទៅស៊ីម៉ូនថា ឲ្យចេញទូកទៅឯកន្លែងទឹកជ្រៅទម្លាក់អួនចាប់ត្រីចុះ ។
« ស៊ីម៉ូនទូលឆ្លើយថា លោកគ្រូអើយ យប់មិញ យើងខ្ញុំបានខំដឹកអួនទាល់តែភ្លឺ គ្មានបានអ្វីសោះ តែខ្ញុំនឹងទម្លាក់អួនតាមពាក្យលោកមើល ។
« កាលទម្លាក់ទៅ នោះក៏ជាប់បានត្រីសន្ធឹកដល់ម៉្លេះបានជាអួនចាប់តាំងធ្លាយ » ( លូកា ៥:៣–៦ ) ។
ពេលយើងស្ដាប់ និង ធ្វើតាមដំបូន្មានដែលត្រូវបានផ្ដល់ដល់យើងដោយពួកព្យាការី អ្នកមើលឆុត និង អ្នកទទួលវិវរណៈសម័យទំនើប — « អ្នកនេសាទមនុស្ស » ដ៏ពិត — ហើយពេលយើងពិនិត្យ និង ជួសជុលសំណាញ់របស់យើង ខណៈកំពុងបម្រើ នោះសមត្ថភាពរបស់យើងក្នុងការពន្លឿនកិច្ចការនៃសេចក្ដីសង្គ្រោះ នឹងកើនឡើងយ៉ាងខ្លាំង ហើយយើងនឹងក្លាយជាឧបករណ៍នៅក្នុងព្រះហស្តនៃព្រះវរបិតាសួគ៌ដើម្បីប្រមូលបុត្រាបុត្រីរបស់ទ្រង់ ។