តើយើងបានធ្វើការណ៍ដ៏ត្រឹមត្រូវឬទេ ?
ខាឡូស ចាវៀ លេអន យូហ្កាតេ រដ្ឋធានី លីម៉ា ប្រទេស ពេរូ
ខ្ញុំគឺជាអ្នកសារព័ត៌មានដ៏ល្បីម្នាក់ ដែលបាននិពន្ធសម្រាប់ទស្សនាវដ្ដី និង កាសែតល្អៗមួយចំនួននៅរដ្ឋធានី លីម៉ា ប្រទេស ពេរូ ប៉ុន្តែវិថីនៃជីវិតខ្ញុំ — ឆ្ងាយពីព្រះ — បានធ្វើទារុណកម្មខ្ញុំកាន់តែខ្លាំងឡើងៗជារៀងរាល់ថ្ងៃ ។ ដោយសារតែបែបនេះ ខ្ញុំបានទទួលការងារមួយដោយធ្វើជាអ្នកអានកំណែសម្រាប់ទស្សនាវដ្ដីមួយនៅក្នុងស្រុក វិនថានីឡា ដែលនៅឆ្ងាយពីផ្ទះខ្ញុំ ។ ខ្ញុំបានព្យាយាមយ៉ាងខ្លាំងដើម្បីស្វែងរករបៀបមួយ ដើម្បីនៅឲ្យឆ្ងាយពីក្រុមមិត្តភក្ដិរបស់ខ្ញុំ ។ នៅវិនថានីឡា ខ្ញុំបានដឹងនៅក្នុងដួងចិត្តខ្ញុំថា ជីវិតខ្ញុំនឹងផ្លាស់ប្ដូរ ។
ពេលខ្លះ ខ្ញុំបានទៅព្រះវិហារជាមួយ ម៉ារៀ គ្រីស្ទីណា ជាមិត្តស្រីខ្ញុំ ពេលដែលអ្នកផ្សព្វផ្សាយសាសនារឹងក្បាលដ៏ល្អពីរនាក់បានលួងលោមឲ្យខ្ញុំសួរដល់ព្រះវរបិតាសួគ៌នៅក្នុងការអធិស្ឋាន ថាបើសាសនាចក្រគឺជាសាសនាចក្រពិត ។ ខ្ញុំបានធ្វើដូច្នោះ ហើយអ្វីដែលខ្ញុំបានមានបទពិសោធន៍គឺពុំអាចពិពណ៌នាបានឡើយ ។ ខ្ញុំពុំដែលទទួលអារម្មណ៍ពីព្រះវិញ្ញាណខ្លាំងដូចជានៅថ្ងៃដែលមិនអាចបំភ្លេចបាននោះឡើយ ។
ដោយបានរៀបការ និង ទទួលបុណ្យជ្រមុជទឹកមិនយូរប៉ុន្មានក្រោយពីនោះ នោះម៉ារៀ គ្រីស្ទីណា និង ខ្ញុំបានជួលបន្ទប់ដ៏តូច និង មិនស្រួលរស់នៅ នៅវិនថានីឡា ។ ដោយសារតែខ្ញុំខំធ្វើការ នោះខ្ញុំបានឡើងតំណែងពីអ្នកអានកំណែ ទៅជាអ្នកបោះពុម្ពផ្សាយប្រចាំទស្សនាវដ្ដី និង កាសែតរបស់ក្រុមហ៊ុននោះ ។ ខ្ញុំពុំដែលធ្លាប់ធ្វើជាអ្នកបោះពុម្ពផ្សាយពីមុនមកទេ ហើយខ្ញុំសប្បាយចិត្តនឹងមុខតំណែងថ្មីនោះ ។ ទោះបីដូច្នោះក្ដី អ្វីៗចាប់ផ្ដើមប្រែប្រួល ពេលដែលការបោះពុម្ពរបស់យើងចាប់ផ្ដើមបន្ទាបបទដ្ឋានរបស់ពួកគេ ដោយបោះពុម្ពសម្ភារដែលអសីលធម៌ ។ ការផ្លាស់ប្ដូរនេះ ត្រូវបានបញ្ជាដោយនាយករបស់យើង ដែលផ្ទុយពីគោលការណ៍ និង តម្លែនៃសាសនាចក្រ ។
ខ្ញុំតែងតែចង់ធ្វើជាអ្នកបោះពុម្ពផ្សាយ ប៉ុន្តែស្ថានភាពនេះធ្វើឲ្យខ្ញុំមិនស្រួលក្នុងចិត្តសោះ ។ ប៊ីស្សពរបស់យើងបានផ្ដល់យោបល់ថា បើយើងធ្វើអ្វីៗដែលសព្វព្រះទ័យដល់ព្រះវរបិតាសួគ៌យើង នោះទ្រង់នឹងប្រទានពរយើង ។ បន្ទាប់ពីភរិយាខ្ញុំ និង ខ្ញុំបានគិតហើយគិតទៀត ហើយបានអធិស្ឋានអំពីវា យើងទទួលការបំផុសថា ខ្ញុំគួរតែឈប់ពីការងារខ្ញុំ ។
ពីរបីថ្ងៃក្រោយមក ខ្ញុំចាប់ផ្ដើមមានការថប់អារម្មណ៍ ហើយឆ្ងល់ថា តើខ្ញុំបានធ្វើរឿងត្រឹមត្រូវដែរឬទេ ។ បន្ទាប់ពីការសុំលាលែងពីការងារ ខ្ញុំបានដាក់ពាក្យរកការងារទៅក្រុមហ៊ុនមួយចំនួន ប៉ុន្តែពុំបានឮអ្វីឡើយ ។ ម៉ារៀ គ្រីស្ទីណា បានផ្ដល់យោបល់ថា យើងអធិស្ឋានម្ដងទៀត ហើយយើងបានធ្វើដូច្នោះ ។ យើងបានអធិស្ឋានថា អ្វីៗនឹងប្រសើរឡើង ហើយថាយើងនឹងមិនបាត់បង់សេចក្ដីជំនឿទេ ទោះជាមានវិក័យប័ត្រច្រើនដែលយើងត្រូវបង់ក៏ដោយ ។
ពីរបីម៉ោងក្រោយមក ភរិយាខ្ញុំបានលើកទឹកចិត្តខ្ញុំឲ្យទូរស័ព្ទទៅក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនទាំងនោះ ។ ដោយមិនគួរឲ្យជឿ ខ្ញុំបានទូរស័ព្ទទៅ ។ ខ្ញុំបានស្រឡាំងកាំង ពេលមន្ត្រីនៅទីនោះបាននិយាយថា គាត់រៀបនឹងទូរស័ព្ទមកខ្ញុំ ។ គាត់ចង់ដឹងថាបើខ្ញុំអាចចាប់ផ្ដើមធ្វើការថ្ងៃស្អែក !
ពួកយើងបានយំដោយសេចក្ដីអំណរ ។ ព្រះវរបិតាសួគ៌យើងបានឆ្លើយតបការអធិស្ឋានរបស់យើង ។
យើងត្រូវតែចាកចេញពីវួដ និង មិត្តភក្ដិល្អៗរបស់យើងជាច្រើនសម្រាប់ការងារថ្មីរបស់ខ្ញុំ ប៉ុន្តែយើងបានចាកចេញជាមួយនឹងទីបន្ទាល់ដែលកាន់តែរឹងមាំ ។ ឥឡូវនេះ ខ្ញុំមានការងារដ៏គួរឲ្យគោរព និង មានប្រាក់ខែល្អ ហើយយើងរស់នៅក្នុងកន្លែងល្អមួយ ។ លើសអស់អ្វីៗទាំងអស់ យើងត្រូវបានប្រទានពរជាមួយនឹងភាពប្រាកដប្រជាថា ពេលយើងធ្វើអ្វីៗដែលសព្វព្រះទ័យព្រះ នោះយើងទទួលបានពរជ័យរបស់ទ្រង់ ។