លុះត្រាជួបទៀត
ទុកវាចោលមួយឡែកទៅ
ដកស្រង់ចេញពី “Balm of Gilead,” Ensign, ខែ វិច្ឆិកា ឆ្នាំ ១៩៨៧ ទំព័រ ១៧–១៨ ។
ពិភពរបស់មិត្តខ្ញុំត្រូវខ្ទេចខ្ទាំអស់ ។ គាត់បានបាត់បង់ភរិយាគាត់ ។
បើសិនអ្នករងទុក្ខមកពីការព្រួយ ពីទុក្ខវេទនា ឬ ភាពខ្មាស់អៀន ឬ ការច្រណែន ឬ ការខកចិត្ត ឬ ការឃ្នានីស ពីការបន្ទោសខ្លួនឯង ឬ ការដោះសាខ្លួនឯង នោះសូមពិចារណាពីមេរៀននេះ ដែលបានបង្រៀនដល់ខ្ញុំជាច្រើនឆ្នាំកន្លងមកហើយ ដោយលោកអយ្យកោម្នាក់ ។ គាត់ជាបុរសដ៏បរិសុទ្ធខ្លាំងណាស់ ។ …
គាត់បានធំឡើងក្នុងសហគមន៍តូចមួយ ដោយមានបំណងប្រាថ្នាធ្វើអ្វីៗដោយខ្លួនឯង ។ គាត់មានការលំបាកក្នុងការទទួលបានការអប់រំមួយ ។
គាត់បានរៀបការនឹងស្ត្រីជាទីស្រឡាញ់របស់គាត់ ហើយអ្វីៗគឺល្អ ។ គាត់មានការងារល្អ ជាមួយនឹងអនាគតដ៏ភ្លឺស្វាង ។ ពួកគាត់ស្រឡាញ់គ្នាខ្លាំងណាស់ ហើយនាងកំពុងមានផ្ទៃពោះកូនដំបូងរបស់ពួកគាត់ ។
នៅយប់ដែលកូននោះត្រូវកើត នោះមានភាពស្មុគស្មាញច្រើនក្នុងការសម្រាលកូន ។ មានគ្រូពេទ្យតែម្នាក់គត់កំពុងនៅកន្លែងណាមួយនៅឯជាយក្រុង កំពុងថែទាំអ្នកជំងឺ ។ …
នៅទីបំផុត គេរកលោកគ្រូពេទ្យឃើញ ។ ដោយស្ថិតក្នុងភាពអាសន្ន នោះគាត់បានចាត់ចែងយ៉ាងឆាប់រហ័ស ហើយមិនយូរប៉ុន្មានអ្វីៗដ៏បានរៀបរយ ។ ទារកបានកើតមក ហើយភាពស្មុគស្មាញក្នុងការសម្រាលដែលមាននោះក៏បាត់ទៅ ។
ប៉ុន្មានថ្ងៃក្រោយមក ម្ដាយវ័យក្មេងនោះក៏បានស្លាប់ដោយសារឆ្លងរោគពីអ្នកជំងឺនៅផ្ទះផ្សេងទៀត ដែលគ្រូពេទ្យបានព្យាបាលក្នុងយប់តែមួយនោះ ។
ពិភពរបស់ចនត្រូវខ្ទេចខ្ទាំអស់ ។ អ្វីៗមិនត្រឹមត្រូវទេនៅពេលនោះ អ្វីៗទាំងអស់គឺខុស ។ គាត់បានបាត់បង់ភរិយាគាត់ ។ គាត់ពុំមានរបៀបណាសោះដើម្បីថែទាំទាំងកូន និង ការងាររបស់គាត់ ។
ពេលវេលាចេះតែកន្លងទៅ ទុក្ខព្រួយរបស់គាត់កាន់តែធំឡើងៗ ។ គាត់និយាយថា « គ្រូពេទ្យនោះមិនសមនឹងត្រូវបានអនុញ្ញាតឲ្យព្យាបាលគេទេ » ។ « គាត់បាននាំមេរោគនោះមកដល់ភរិយាខ្ញុំ ។ បើគាត់បានប្រុងប្រយ័ត្ន នោះនាងនឹងនៅរស់ » ។
គាត់ស្ទើរតែមិនបានគិតពីអ្វីផ្សេងទៀតសោះ ហើយនៅក្នុងភាពល្វីងជូរចត់របស់គាត់ គាត់បានក្លាយជាមនុស្សគួរឲ្យខ្លាច ។ …
ថ្ងៃមួយមានគេគោះទ្វារគាត់ ។ ក្មេងស្រីតូចមួយបាននិយាយយ៉ាងសាមញ្ញថា « ប៉ាចង់ឲ្យលោកមកជួប ។ គាត់ចង់និយាយជាមួយលោក » ។
« ប៉ា » គឺជាប្រធានស្តេក ។ …
អ្នកគង្វាលខាងវិញ្ញាណនេះបានមើលថែហ្វូងចៀមរបស់គាត់ ហើយមានរឿងត្រូវនិយាយជាមួយចន ។
ដំបូន្មានមកពីអ្នកបម្រើដ៏ឆ្លាតវៃនោះ គឺសាមញ្ញ « ចន ទុកវាចោលមួយឡែកទៅ ។ គ្មានអ្វីដែលអ្នកធ្វើអាចនាំនាងឲ្យត្រឡប់មកវិញនោះទេ ។ អ្វីដែលអ្នកធ្វើគឺមានតែធ្វើឲ្យវាកាន់តែយ៉ាប់យ៉ឺនឡើងៗប៉ុណ្ណោះ ។ ចន ទុកវាចោលមួយឡែកទៅ » ។ …
គាត់មានការលំបាកក្នុងទុក្ខព្រួយ ដែលធ្វើឲ្យគាត់ពិបាកនឹងគ្រប់គ្រងអារម្មណ៍ខ្លួនឯង ។ ហើយនៅទីបំផុត គាត់បានប្ដេជ្ញាចិត្តថា មិនថាមានបញ្ហាអ្វីផ្សេងទៀតឡើយ គាត់គប្បីគោរពប្រតិបត្តិ ។
ការគោរពប្រតិបត្តិគឺជាឱសថខាងវិញ្ញាណដ៏មានអំណាច ។ វាស្ទើរតែជាថ្នាំដែលព្យាបាលគ្រប់ជំងឺទាំងអស់ ។
គាត់បានប្ដេជ្ញាចិត្តធ្វើតាមដំបូន្មានរបស់អ្នកដឹកនាំខាងវិញ្ញាណដ៏ឆ្លាតវៃនោះ ។ គាត់នឹងទុកវាចោលមួយឡែក ។
បន្ទាប់មកគាត់បានប្រាប់ខ្ញុំថា « … ទាល់តែខ្ញុំចាស់ ទើបខ្ញុំអាចបានជួបគ្រូពេទ្យស្រុកស្រែដ៏កំសត់នោះ—ធ្វើការហួសកម្រិត បានកម្រៃទាប រត់ទៅរត់មកទាំងអស់កម្លាំងពីអ្នកជំងឺម្នាក់ទៅអ្នកជំងឺម្នាក់ទៀត ដោយមានថ្នាំតែបន្តិចបន្តួច ពុំមានមន្ទីរពេទ្យ មានឧបករណ៍តែបន្តិចបន្តួច ពុះពារសង្គ្រោះជីវិតទាំងឡាយ ហើយបានជោគជ័យភាគច្រើនបំផុត ។
« គាត់បានជួបនឹងគ្រាវិបត្តិមួយ ពេលមានជីវិតពីរកំពុងស្ថិតក្នុងគ្រោះថ្នាក់ដូចគ្នា ហើយបានចាត់ចែងធ្វើការភ្លាមៗមិនបង្អង់ ។
គាត់បាននិយាយដដែលៗថា « ខ្ញុំចាស់ហើយ ខ្ញុំទើបតែយល់ នៅទីបំផុត ! ខ្ញុំអាចនឹងបំផ្លាញជីវិតខ្ញុំ និង ជីវិតអ្នកផ្សេងៗទៀត » ។
គាត់បានលុតជង្គង់អរព្រះគុណដល់ព្រះអម្ចាស់ជាច្រើនដង ចំពោះអ្នកដឹកនាំខាងវិញ្ញាណដ៏ឆ្លាតវៃម្នាក់ ដែលបានផ្ដល់ដំបូន្មានយ៉ាងសាមញ្ញដល់គាត់ថា « ចន ទុកវាចោលមួយឡែកទៅ » ។